ថ្នាក់​សិក្ខាសាលា
អាលម៉ា ៣៧ ⁠៖ « ដោយ​កិច្ចការ​តូចតាច និង​ងាយ »


« អាលម៉ា ៣៧ ៖ ‹ ដោយ​កិច្ចការ​តូចតាច និង​ងាយ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« អាលម៉ា ៣៧ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

អាលម៉ា ៣៧

« ដោយ​កិច្ចការ​តូចតាច និង​ងាយ »

រូបភាព
យុវជន​ម្នាក់​កំពុង​សិក្សា​ព្រះគម្ពីរ

នៅពេល​ខ្លះ​⁠បញ្ហា​របស់យើង​ហាក់​ដូចជា​ធំ និង​ស្មុគស្មាញ​ខ្លាំងណាស់​រហូតដល់​យើង​សន្មត​ថា ⁠ដំណោះស្រាយ​នានា​ក៏​ត្រូវតែ​ធំ និង​ស្មុគស្មាញ​ផងដែរ ។⁠ ទោះជាយ៉ាងណា អាលម៉ា បានបង្រៀន​កូនប្រុស​លោក ហេលេមិន ថា ជាញឹកញាប់​ព្រះអម្ចាស់​ប្រើ​កិច្ចការ​តូចតាច និង​ងាយ​ដើម្បី​ដោះស្រាយ​កិច្ចការ​ធំៗ​ដែល​មាន​ដូចជា ការអនុញ្ញាត​ឲ្យ​បទគម្ពីរ​ចង្អុល​ប្រាប់ « ផ្លូវ​ដែល [ យើង ] ត្រូវ​ទៅ » នៅក្នុង​ជីវិត​យើង ( អាលម៉ា ៣៧:៤០ ) ។⁠ មេរៀន​នេះ​មាន​គោលបំណង​ជួយ​ឲ្យ​អ្នក​អនុវត្ត​បាន​នូវ​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​ដែល​អ្នក​សិក្សា​ព្រះបន្ទូល​របស់​ទ្រង់​នៅក្នុង​ព្រះគម្ពីរ ។

ភាពអស្ចារ្យ​នៃ​កិច្ចការ​តូចតាច និង​ងាយ

  • តើ​មាន​កិច្ចការ​តូចតាច ⁠និង​ងាយ​អ្វីខ្លះ ដែល​ធ្វើ​ឲ្យ​ជីវិត​អ្នក​មាន​ភាពខុសគ្នា​ខ្លាំង ⁠?

រូបភាព
យុវនារី​កំពុងធ្វើ​លំហាត់ប្រាណ
រូបភាព
ទូរសព្ទដៃ
រូបភាព
ច្រាស​ដុស​ធ្មេញ
រូបភាព
យុវវ័យកំពុង​សម្អាត​នៅ​ខាងក្រៅ​អគារ

ដូច​ដែល​បានកត់ត្រា​ទុក​នៅក្នុង អាលម៉ា ៣៧ អាលម៉ា បាន​ប្រគល់​ឲ្យ​⁠ហេលេមិន​⁠នូវ​ទំនួល​ខុសត្រូវ​ដ៏​សំខាន់​មួយ​ដែល​ព្រះអម្ចាស់​បាន​ប្រើ​ដើម្បី​ឲ្យ​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ដល់​បុត្រា​បុត្រី​របស់ព្រះ ។⁠ សូម​អាន អាលម៉ា ៣៧:១–២, ៥–៧ ដើម្បី​មើល​ថា​វា​ជា​អ្វី និង​មូលហេតុ​ដែល​វា​សំខាន់ខ្លាំង ។

បើ​អ្នក​ចង់មើល​វីដេអូ​ដែល​បង្ហាញ​ពី​ខគម្ពីរ​ទាំងនេះ សូម​មើល « Alma Counsels His Sons » ចាប់ពី​នាទី​ទី ៣:១៥ ដល់​នាទី​ទី ៥:០៥ ដែលមាន​នៅ​លើ​គេហទំព័រ ChurchofJesusChrist.org ។​ សូម​ធ្វើ​តាម​ដំណើររឿង​នៅក្នុង​បទគម្ពីរ​របស់អ្នក ។

សេចក្ដីពិត​មួយ​ដែល​យើង​អាច​ស្វែងយល់​នៅក្នុង អាលម៉ា ៣៧ នោះ​គឺថា ព្រះអម្ចាស់​បានប្រើ​ព្រះគម្ពីរ​ដើម្បី​នាំមក​នូវ​សេចក្ដីសង្គ្រោះ​ដល់​មនុស្ស​ជាច្រើន ។

  • ហេតុអ្វី​បានជា​អ្នកគិត​ថា ព្រះអម្ចាស់​បានប្រើ​ព្រះគម្ពីរ​ដើម្បី​ជួយ​មនុស្ស​ឲ្យ​ស្ថាបនា​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​មករក​ទ្រង់​ដើម្បី​ទទួល​បាន​សេចក្តីសង្គ្រោះ ?⁠

នៅពេល​អ្នក​បន្ត​ការសិក្សា​របស់អ្នក សូម​សញ្ជឹងគិត​ពី​សំណួរ​ទាំងនេះ ៖ តើ​ព្រះគម្ពីរ​ជួយនាំ​មនុស្ស​ឲ្យ​មករក​ព្រះយេស៊ូវគ្រីស្ទ និង​សេចក្ដី​សង្គ្រោះ​របស់ទ្រង់​តាម​របៀប​ណា ?⁠ ដើម្បី​ទទួល​បាន​ពរជ័យ​ដ៏​មហិមា​ទាំងនេះ តើ​ខ្ញុំ​គួរតែ​សិក្សា​យ៉ាងដូចម្ដេច ?⁠

បើ​អ្នក​មិន​មានអារម្មណ៍​ថា អ្នក​ទទួល​បាន​ពរជ័យ​ដ៏​មហិមា​តាមរយៈ​ការសិក្សា​ព្រះគម្ពីរ​ទេ​នោះ សូម​ស្វះស្វែង​រក​សេចក្ដីណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ដឹង​អំពី​អ្វី​ដែល​អ្នក​អាច​នឹង​ត្រូវការ​ដើម្បី​ស្គាល់ ឬ​ផ្លាស់ប្តូរ ។⁠

អានុភាព​ដ៏​មហិមា​នៃ​ព្រះគម្ពីរ

រូបភាព
អាលម៉ា​កំពុង​បង្រៀន​កូនប្រុស​របស់លោក

អាលម៉ា​បាន​រំឭក​⁠ហេលេមិន​⁠អំពី​របៀប​ដែល​ព្រះគម្ពីរ​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​លើ​ពួកសាសន៍​នីហ្វៃ និង​ពួកសាសន៍​លេមិន ។⁠ សូម​អាន អាលម៉ា ៣៧:៨–១០, ១៤ ដោយ​រកមើល​អព្ភូតហេតុ​នៃ​ពរជ័យ​ដែល​ព្រះអម្ចាស់​បាននាំ​មក​តាមរយៈ​ព្រះគម្ពីរ ។ សូម​ពិចារណា​គូសចំណាំ​ពរជ័យ​ទាំងនេះ ឬ​សរសេរ​វា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ។⁠

  • តើ​ពរជ័យ​មួយណា​ក្នុងចំណោម​ពរជ័យ​ទាំងនេះ​ដែល​ធ្វើ​ឲ្យ​អ្នក​ចាប់អារម្មណ៍ ? ហេតុអ្វី ?

អាលម៉ា​បានបង្រៀន​ថា ព្រះគម្ពីរ « បាន​ពង្រីក​ស្មារតី​របស់​ប្រជាជន​នេះ » ( អាលម៉ា ៣៧:៨ ) ។⁠ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ពី​ពរជ័យ​នេះ ៖

ព្រះគម្ពីរ​ពង្រីក​ការចងចាំ​របស់យើង ដោយ​ជួយ​យើងឲ្យ​ចងចាំ​ព្រះអម្ចាស់ ទំនាក់ទំនង​របស់យើង​ជាមួយ​ទ្រង់ និង​ព្រះវរបិតា​ជានិច្ច ។⁠ វា​រំឭក​យើង​ពី​អ្វី​ដែល​យើង​បាន​ដឹង​នៅក្នុង​ជីវិត​មុន​មុន​ឆាកជីវិត​នេះ​របស់​យើង ។ ហើយ​វា​ពង្រីក​ការចងចាំ​របស់យើង​ក្នុង​ន័យ​មួយ​ផ្សេងទៀត​តាមរយៈ​ការបង្រៀន​យើង​អំពី​សម័យកាល មនុស្ស និង​ព្រឹត្តិការណ៍​នានា​ដែល​យើង​មិន​បាន​ដកពិសោធន៍​ដោយ​ផ្ទាល់ ។ ( ឌី ថត គ្រីស្តូហ្វឺសិន « The Blessing of Scripture » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៣៣ )

រូបភាព
រូបតំណាង​កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    • តើ​នៅពេល​ណា​ដែល​អ្នក ឬ​អ្នក​ផ្សេងៗ​ទៀត​ដែល​អ្នក​ស្គាល់ បាន​ដកពិសោធន៍​ពរជ័យ​មួយ​ក្នុង​ចំណោម​ពរជ័យ​ទាំងនេះ​មកពី​ការសិក្សា​ព្រះគម្ពីរ ?⁠

    • តើ​អ្នក​គិត​ថា ព្រះគម្ពីរ​នាំឲ្យ​យើង « ស្គាល់​ព្រះអម្ចាស់ … ហើយ​ដើម្បី​អរ​រីករាយ​នៅ​ក្នុង​ព្រះយេស៊ូវ​គ្រីស្ទ » ដោយ​របៀប​ណា ? ( អាលម៉ា ៣៧:៩ )

លីអាហូណា និង​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ

បន្ទាប់ពី​ការផ្តល់​ដំបូន្មាន​បន្ថែម​ដល់​ហេលេមិន អាលម៉ា​បានប្រដូច​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ​ទៅ​នឹង​កិច្ចការ​តូចតាច និង​ងាយ​មួយចំនួន ដែល​លីហៃ និង​គ្រួសារ​របស់​លោក​បាន​ប្រើ ៖ លីអាហូណា ។ សូម​គិត​ពិចារណា​ពី​អ្វី​ដែល​អ្នក​ដឹង​អំពី​លីអាហូណា ។

រូបភាព
លីហៃ និង​គ្រួសារ​របស់​លោក​កំពុង​មើល​លីអាហូណា

សូម​អាន អាលម៉ា ៣៧:៣៨–៤៦ ដោយ​រកមើល​កិច្ចការ​តូចតាច និង​ងាយ​ដែល​គ្រួសារ​របស់​លីហៃ​ត្រូវ​ធ្វើ​ដើម្បី​ឲ្យ​លីអាហូណា​អាច​ដឹកនាំ​ពួកគេ​បាន ។

  1. សូមបំពេញ​ចំណុច​ដូចតទៅនេះ ៖

    ដើម្បី​ជួយ​ឲ្យ​អ្នក​គិត​ពី​របៀប​ដែល​ការបង្រៀន​របស់​អាលម៉ា​អំពី លីអាហូណា អនុវត្ត​ចំពោះ​ការសិក្សា​ព្រះគម្ពីរ សូម​ចំណាយ​ពេល​មួយភ្លែត​ដើម្បី​ពិពណ៌នា​អ្វី​ដូច​ខាងក្រោម ៖

    1. ការសិក្សា​ព្រះគម្ពីរ​ដោយ​មាន​សេចក្ដី​ជំនឿ​លើ​ព្រះ ( សូមមើល អាលម៉ា⁠ ៣៧:៤០ ) ។⁠ តើ​អ្វី​ដែល​ធ្វើឲ្យ​ការសិក្សា​នេះ​មាន​លក្ខណៈ​ខុសគ្នា​ពី​ប្រភេទ​នៃ​ការសិក្សា​ផ្សេងៗ​ទៀត ?⁠

    2. ការប្រែក្លាយ​ទៅជា « ខ្ជិល​ច្រអូស » ហើយ​ភ្លេច « អនុវត្ត​សេចក្ដី​ជំនឿ និង​សេចក្ដី​ព្យាយាម » តាមរយៈ​ការសិក្សា​ព្រះគម្ពីរ ( អាលម៉ា ៣៧:៤១ ) ។⁠

    បើ​អាច សូម​កត់ត្រា​បទពិសោធន៍​ទាំងឡាយ​ដែល​អ្នក​ធ្លាប់​មាន ដែល​បានជួយ​ឲ្យ​អ្នក​មើលឃើញ​ពី​របៀប​ដែល​ព្រះគម្ពីរ​ដើរតួ​ជា​អ្នក « ប្រាប់​ផ្លូវ » ដើម្បី « ចង្អុល​ប្រាប់​ផ្លូវ ដែល [ យើង ] ត្រូវ​ទៅ » នៅក្នុង​ជីវិត​យើង ( អាលម៉ា ៣៧:៣៨, ៤០ ) ។⁠

ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

សូម​គិតពិចារណា​ពី​គោលដៅ​នៃ​ការសិក្សា​ព្រះគម្ពីរ ទម្លាប់ និង​បទពិសោធន៍​ផ្ទាល់ខ្លួន​បច្ចុប្បន្ន​របស់អ្នក ។⁠ សូម​កត់ត្រា​ចូលក្នុង​សៀវភៅ​កំណត់ហេតុ​របស់អ្នក​អំពី​ការកែប្រែ​តូចតាច​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​អនុញ្ញាត​ឲ្យ​ព្រះអម្ចាស់​ប្រទានពរ​ដល់​អ្នក​តាម​របៀប​ដ៏​អស្ចារ្យ ។⁠ ខាងក្រោមនេះ​គឺជា​ការណែនាំ​ពីរបី ៖

សូម​សិក្សា​ព្រះគម្ពីរ​ដោយ​ការស្វែងរក « ឲ្យ​ស្គាល់ ព្រះ​អម្ចាស់ » ឬ « អរ​រីករាយ​នៅ​ក្នុង​ព្រះ​យេស៊ូវ​គ្រីស្ទ » ( អាលម៉ា ៣៧:៩ ) ។⁠

  • ការណ៍នេះ​អាច​មាន​ជាអាទិ៍⁠ ការរកមើល​សេចក្តីយោង​ទៅកាន់​ព្រះយេស៊ូវគ្រីស្ទ តួនាទី និង​បេសកកម្ម​របស់ទ្រង់ ។⁠ នៅពេល​ដែល​អ្នក​រកឃើញ​សេចក្ដីយោង​ទាំងនេះ​ហើយ អ្នក​អាច​គិត​អំពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បំពេញ​តួនាទី​ស្រដៀងគ្នា​នេះ​នៅក្នុង​ជីវិតអ្នក ។⁠ អ្នក​អាច​កត់ត្រា​ចំណាប់​អារម្មណ៍​នៃ​ការដឹងគុណ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា ឬ​នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ កាល​ដែល​អ្នក​រកឃើញ​វា ។

សូម​បង្ហាញ​សេចក្ដីជំនឿ​លើ​ព្រះ នៅពេល​ដែល​អ្នក​សិក្សា ( សូមមើល អាលម៉ា ៣៧:៤០ ) ។⁠

  • ការណ៍នេះ​អាច​រួមមាន​⁠ការរកមើល​ពី​របៀប​ធ្វើតាម​អ្វី​ដែល​អ្នក​កំពុងសិក្សា ហើយ​មករក​ព្រះគ្រីស្ទ ។⁠ អ្នក​អាច​ខិតខំ​ឆ្លើយ​សំណួរ​ជា​ធម្មតាៗ « តើ​អ្វី​ដែល​ខ្ញុំ​កំពុង​សិក្សា​អាច​ជួយ​ឲ្យ​ខ្ញុំ​មករក​ព្រះគ្រីស្ទ ដើម្បី​ទទួល​បាន​ពរជ័យ​របស់ទ្រង់ ហើយ​ធ្វើតាម​គំរូ​របស់ទ្រង់​បាន​យ៉ាង​ដូចម្ដេច ? »⁠ អ្នក​អាច​កត់ត្រា​ចម្លើយ​របស់អ្នក​ចូល​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា ។

សូម​កំណត់​អំពី​របៀប​ដែល​អ្នក​អាច​ចៀសវាង​ភាព « ខ្ជិល​ច្រអូស » ហើយ​ភ្លេច « អនុវត្ត​សេចក្ដី​ជំនឿ និង​សេចក្ដី​ព្យាយាម​របស់ [ អ្នក ] » នៅក្នុង​ការសិក្សា​របស់អ្នក ( អាលម៉ា ៣៧:៤១ ) ។⁠

  • ការណ៍នេះ​អាច​រួមបញ្ចូល​ទាំង​ការជ្រើសរើស​ពេល​ជា​ទៀងទាត់​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​សិក្សា​ព្រះគម្ពីរ​របស់អ្នក ។⁠ លើសពី​នេះ អ្នក​អាច​អញ្ជើញ​សមាជិក​គ្រួសារ ឬ​មិត្តភក្តិ​ម្នាក់​ឲ្យ​តាមដាន​ជាមួយ​អ្នក​ជាទៀងទាត់​អំពី​ការខិតខំ​សិក្សា​ព្រះគម្ពីរ​របស់អ្នក​ផងដែរ ។⁠ បើ​មាន អ្នក​ប្រហែល​ជា​អាច​ដាក់​កំណត់​សាររំឭក​លើ​ប្រតិទិន​នៅលើ​ទូរសព្ទ ឬ​ឧបករណ៍​ឌីជីថល​ផ្សេងៗទៀត​ជារៀង​រាល់ថ្ងៃ ។⁠