ថ្នាក់​សិក្ខាសាលា
អាលម៉ា ៣៤:១៧–៤១ ⁠៖ ជីវិតនេះ​គឺជា​ពេល​ប្រុងប្រៀប​ខ្លួន​ទៅ​ជួប​នឹង​ព្រះ


« អាលម៉ា ៣៤:១៧–៤១ ⁠៖ ជីវិតនេះ​គឺជា​ពេល​ប្រុងប្រៀប​ខ្លួន​ទៅ​ជួប​នឹង​ព្រះ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« អាលម៉ា ៣៤:១៧–៤១ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

អាលម៉ា ៣៤:១៧–៤១

ជីវិត​នេះ​គឺជា​ពេល​ប្រុងប្រៀប​ខ្លួន​ទៅ​ជួប​នឹង​ព្រះ

រូបភាព
នាឡិកា​ខ្សាច់

តើ​អ្នក​ធ្លាប់​ឆ្ងល់​ដែរ​ឬ​ទេ​ថា⁠ តើ​ការជួប​ព្រះវរបិតាសួគ៌​បន្ទាប់​ពី​ជីវិត​នេះ​មាន​សភាព​បែប​ណា​ទៅ ? អាមូលេក បានរំឭក​ពួកសាសន៍​សូរាំ​ថា « ជីវិត​នេះ​គឺជា​ពេល​វេលា … ប្រុង​ប្រៀប​ខ្លួន​ទៅ​ជួប​នឹង​ព្រះ » ( អាលម៉ា ៣៤:៣២ ) និង​បានអង្វរ​កុំ​ឲ្យ​ពួកគេ​ពន្យារ​ពេល​ប្រែចិត្ត​របស់​ពួកគេ​ឡើយ ។ មេរៀន​នេះ​មាន​គោលបំណង​ជួយ​អ្នក​ឲ្យ​ខិតខំ​ដើម្បី​ប្រុងប្រៀប​ខ្លួន​ទៅ​ជួប​នឹង​ព្រះ ។

សារៈសំខាន់​នៃ​ការប្រុងប្រៀប​ខ្លួន

សូម​គិត​អំពី​អ្វីមួយ​ដែល​អ្នក​ត្រូវ​ប្រុងប្រៀប​ខ្លួន​សម្រាប់​ការណ៍​នោះ​នៅក្នុង​ជីវិត​របស់​អ្នក ដូចជា​ការប្រឡង ការសម្ដែង ឬ​ព្រឹត្តិការណ៍​កីឡា​អត្តពលកម្ម​ជាដើម ។

  • តើ​មាន​យុទ្ធសាស្ត្រ​អ្វីខ្លះ​ដែល​អ្នក​ធ្លាប់​ប្រើ​ដើម្បី​ជួយ​អ្នក​​ឲ្យ​ប្រុងប្រៀប​ខ្លួន ?

  • តើ​មាន​អ្វីខ្លះ​ដែល​បានធ្វើ ឬ​អាច​នឹង​ធ្វើ​ឲ្យ​ការប្រុងប្រៀប​ខ្លួន​មាន​ការលំបាក ?

សូម​រំឭក​ថា អាលម៉ា និងអាមូលេក​បានផ្សព្វផ្សាយ​ទៅ​កាន់​ពួកសាសន៍​សូរាំ​មួយក្រុម ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​សាលា​ប្រជុំ​ដោយសារ​តែ​ភាព​ក្រីក្រ​របស់​ពួកគេ ។ ពួកសាសន៍​សូរាំ​ទាំងនេះ​មិន​ធ្លាប់​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ពីមុន​មក​ទេ ( សូមមើល អាលម៉ា ៣១:១៦ ) ដូច្នេះ​ទើប អាលម៉ា និង អាមូលេក បាន​ទូន្មាន​ពួកគេ​ឲ្យ​បង្កើត​ឲ្យ​មាន​កន្លែង​នៅក្នុង​ចិត្ត​ពួកគេ ដើម្បី​ឲ្យ​ទីបន្ទាល់​អំពី​ព្រះអង្គ​សង្គ្រោះ​រីកចម្រើន​ឡើង ( សូមមើល អាលម៉ា ៣២:២៧–២៨; ៣៤:៤–៦ ) ។ ពេល​កំពុង​បង្រៀន​មនុស្ស​ទាំងនេះ អាមូលេក​បានចែកចាយ​អ្វីមួយ​ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​ប្រុងប្រៀប​ខ្លួន ។

សូមអាន អាលម៉ា ៣៤:៣២ ដោយ​រកមើល​អ្វី​ដែល​អាមូលេក បានបង្រៀន ។

ផ្ដើមចេញ​ពី​ការបង្រៀន​របស់​អាមូលេក យើង​ដឹង​ថា ជីវិត​នេះ​គឺជា​ពេល​សម្រាប់​យើង​ប្រុងប្រៀប​ខ្លួន​ទៅ​ជួប​នឹង​ព្រះ ។

  • តើ​អាកប្បកិរិយា និង​ឥរិយាបថ​អ្វីខ្លះ​ដែល​អ្នក​រំពឹង​ចង់​បាន​ពី​នរណា​ម្នាក់​ដែល​កំពុង​ប្រុងប្រៀប​ខ្លួន​ដើម្បី​ទៅជួប​នឹង​ព្រះ ?

សូម​ចំណាយ​ពេល​មួយ​ភ្លែត​ដើម្បី​សញ្ជឹងគិត​អំពី​អារម្មណ៍​របស់​អ្នក​អំពី​ការត្រឡប់​ទៅកាន់​ទីវត្តមាន​របស់​ព្រះ​វិញ ។ សូម​ពិចារណា​ថា តើ​អ្នក​កំពុង​ព្យាយាម​មានភាព​ស័ក្តិសម​ដើម្បី​ត្រឡប់​ទៅ​ទីវត្តមាន​របស់​ទ្រង់​វិញ​ដែរ​ឬទេ និង​ថាតើ​អ្វី​ទៅ​ដែល​អាច​បង្វែរ​អ្នក​ពី​គោលដៅ​នោះ​បាន ។ នៅពេល​អ្នកបន្ត​សិក្សា សូម​គិត​អំពី​របៀប​ដែល​អ្នក​អាច​អនុវត្ត​តាម​ការបង្រៀន​នៅក្នុង អាលម៉ា ៣៤ ដើម្បី​ជួយ​ឲ្យ​អ្នក​ប្រុងប្រៀប​ខ្លួន​ទៅ​ជួបព្រះ​បាន​កាន់តែ​ប្រសើរ ។

របៀប​នានា​ដែល​យើង​អាច​ប្រុងប្រៀប​ខ្លួន​ទៅ​ជួប​នឹង​ព្រះ

ការបង្រៀន​ជាច្រើន​របស់​អាមូលេក នៅក្នុង អាលម៉ា ៣៤ ជួយ​យើង​ឲ្យ​យល់​ពី​របៀប​ដែល​យើង​អាច​ប្រុងប្រៀប​ខ្លួន​ឥឡូវ​នេះ​ដើម្បី​ទៅជួប​នឹង​ព្រះ ។

សូម​ជ្រើសរើស​យ៉ាងហោចណាស់​ខគម្ពីរ​បី​សំណុំ​ខាងក្រោម​ដើម្បី​សិក្សា ដោយ​រកមើល​ការបង្រៀន​នានា​ដែល​អាច​ជួយ​យើង​ឲ្យ​ប្រុងប្រៀប​ខ្លួន​ទៅ​ជួប​នឹង​ព្រះ​បាន ។

រូបភាព
រូបតំណាង​កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​ចំពោះ​ខគម្ពីរ​បី​សំណុំ​ដែល​អ្នក​បាន​ជ្រើស​រើស​យក​មក​សិក្សា ៖

    • តើ​អាមូលេក​បានបង្រៀន​អ្វីខ្លះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ដែល​អាច​នឹង​ជួយ​អ្នក​ឲ្យ​ប្រុងប្រៀប​ខ្លួន​ទៅ​ជួប​នឹង​ព្រះ​បាន ?

    • តើ​ការអនុវត្ត​តាម​របៀប​នៃ​ការបង្រៀន​ទាំងនេះ​អាច​ជួយ​យើង​ឲ្យ​ប្រុងប្រៀប​ខ្លួន​ឲ្យ​មាន​ភាព​ស័ក្តិសម​ដើម្បី​ត្រឡប់​ទៅ​ទីវត្តមាន​នៃ​ព្រះ​វិញ​ដោយ​របៀប​ណា ?

    • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​អំពី​បុគ្គលិក​លក្ខណៈ និង​ព្រះរាជបំណង​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ចេញពី​ខគម្ពីរ​ដែល​អ្នក​បាន​សិក្សា​ហើយ​នោះ ?

កុំ​បង្អង់​នូវ​ពេល​វេលា​ចំពោះ​ការប្រែចិត្ត ។

សូម​មើល​សេចក្តី​ថ្លែងការណ៍​របស់​អាមូលេក នៅក្នុង ខទី ៣៣ ៖ « កុំ​បង្អង់​នូវ​ពេល​វេលា​ចំពោះ​ការ​ប្រែ​ចិត្ត​ទុក​ដល់​ទី​អវសាន​នោះ​ឡើយ » ។ សូម​ពិចារណា​គូស​ចំណាំ​ខគម្ពីរ​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់អ្នក ។

  • ហេតុអ្វី​មនុស្ស​ខ្លះ​ព្យាយាម​បង្អង់​នូវ​ពេល​វេលា​ចំពោះ​ការ​ប្រែ​ចិត្ត ?

សូម​អាន អាលម៉ា ៣៤:៣៣–៣៥⁠ ដោយ​រកមើល​មូលហេតុ​ដែល​អាមូលេក បាន​ដាស់តឿន​ថា ⁠យើង​មិន​ត្រូវ​បង្អង់​នូវ​ពេល​វេលា​ចំពោះ​ការ​ប្រែ​ចិត្ត​ឡើយ ។

យើង​ត្រូវ​បាន​បង្រៀន​ថា ការប្រែចិត្ត​អាច​ធ្វើឡើង​ក្នុង​ពិភព​វិញ្ញាណ ( សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ១៣៨:៣១, ៣៣, ៥៨ ) ។ ប៉ុន្តែ ព្យាការី​ក្នុង​ព្រះគម្ពីរ និង​នៅ​ថ្ងៃ​ចុងក្រោយ​បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការ​ដែល​យើង​ប្រែចិត្ត​ក្នុង​ជីវិត​រមែងស្លាប់​នេះ ។ អែលឌើរ មែលវិន ជេ បាឡឺដ [ ឆ្នាំ ១៨៧៣–១៩៣៩ ] ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់បាន​បង្រៀន ៖

វា​ងាយ​ស្រួល​ជាង​ដើម្បី​យក​ឈ្នះ​អំពើបាប ហើយ​បម្រើ​ព្រះអម្ចាស់ នៅពេល​សាច់ និង​វិញ្ញាណ​នៅ​ផ្គុំ​គ្នា​តែ​មួយ ។ នេះ​គឺជា​ពេល​ដែល​មនុស្ស​អាច​សម្រប​ខ្លួន ហើយ​ទទួល​ឥទ្ធិពល​បាន​ច្រើន ។ … ជីវិត​នេះ​គឺ​ជា​ពេលវេលា​ដើម្បី​ប្រែចិត្ត ។ ( មែលវិន ជេ បាឡឺដ ៖ Crusader for Righteousness ( ឆ្នាំ ១៩៩៦ ) ទំព័រ ២១២–២១៣ បាន​ដកស្រង់​នៅក្នុង​សម្រង់​របស់ ដាល្លិន អេក អូក « Cleansed by Repentance » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៩៤ )

  • តើ ខទី ៣៣–៣៥ និង​សេចក្តី​ថ្លែងការណ៍​នេះ​ជួយ​ឲ្យ​អ្នក​យល់​អ្វីខ្លះ អំពី​មូលហេតុ​ដែល​យើង​មិន​ត្រូវ​បង្អង់​នូវ​ពេល​វេលា​ចំពោះ​ការ​ប្រែ​ចិត្ត​របស់​យើង ?

ការប្រែចិត្ត​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការប្រុងប្រៀប​ខ្លួន​ត្រឡប់​ទៅ​កាន់​ទីវត្តមាន​របស់​ព្រះ​វិញ ។ សូម​ចាំ​ថា ព្រះអម្ចាស់​ប្រទាន​សេចក្តីមេត្តា​ករុណា​ពេញ​ដោយ​ក្តីស្រឡាញ់​ដល់​អស់​អ្នក​ដែល​ខិតខំ​ប្រែចិត្ត សូម្បីតែ​នៅពេល​ដែល​ពួកគេ​ពិបាក​យកឈ្នះ​លើ​អំពើបាប​ក៏ដោយ ។

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

ពេលខ្លះ​នៅក្នុង​ការប្រែចិត្ត​យើង នៅក្នុង​ការខិតខំ​ប្រចាំ​ថ្ងៃ​របស់យើង​ដើម្បី​ក្លាយខ្លួន​ឲ្យ​កាន់តែ​ដូចជា​ព្រះគ្រីស្ទ យើង​ឃើញ​ថា​ខ្លួន​យើង​កំពុង​តស៊ូ​ជំនះ​ម្តងហើយ​ម្តងទៀត​ជាមួយនឹង​ការលំបាក​ដដែលៗ ។ …. សូម​កុំ​បាក់ទឹកចិត្ត​ឡើយ ។ បើ​អ្នក​កំពុង​ខិតខំ និង​ធ្វើការ​ដើម្បី​ប្រែចិត្ត នោះ​អ្នក​កំពុង​ស្ថិត​ក្នុង​ដំណើរការ​នៃ​ការប្រែចិត្ត​ហើយ ។ ( នែល អិល អាន់ឌើរសិន « Repent …. That I May Heal You » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៤១ )

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    • តើ​អ្នក​អាច​នឹង​ចែកចាយ​អ្វីខ្លះ ចេញ​ពី​ការបង្រៀន​របស់​អាមូលេក​នៅក្នុង អាលម៉ា ៣៤:៣០–៣៨ ដែល​អាច​នឹង​ជួយ​នរណា​ម្នាក់​ដែល​មាន​ការល្បួង​ឲ្យ​រង់ចាំ​រហូត​ដល់​ពេលក្រោយ​នៃ​ជីវិត​ដើម្បី​ប្រែចិត្ត និង​ផ្លាស់ប្តូរ ?

    • ហេតុអ្វី​បានជា​អ្នក​គិត​ថា ការប្រែចិត្ត​មាន​តម្លៃ បើ​ទោះបីជា​មាន​ហេតុផល​ជាច្រើន​ដែល​បុគ្គល​នេះ​ប្រហែលជា​មាន ដើម្បី​មិន​ធ្វើ​ការប្រែចិត្ត​ក៏​ដោយ​នោះ ?

    • តើ​អ្នក​ដឹង​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​អាច​នឹង​លើក​ទឹកចិត្ត​បុគ្គល​នេះ​ឲ្យ​ប្រែចិត្ត​ក្នុងពេល​ឆាប់ៗ និង​ញឹកញាប់ ?

សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​បានរៀន​ហើយ និង​ទទួល​អារម្មណ៍​នៅ​ថ្ងៃនេះ​ដើម្បី​ប្រុងប្រៀប​ខ្លួន​ទៅ​ជួប​នឹង​ព្រះ និង​មិន​បង្អង់​ពេល​ដើម្បី​ប្រើចិត្ត ។ សូម​គិត​អំពី​សកម្មភាព​ដែល​អ្នក​ចង់ធ្វើ ដោយសារតែ​អ្វី​ដែល​អ្នក​បានសិក្សា​នៅថ្ងៃនេះ ។ សូម​កត់ត្រា​គំនិត និង​ចំណាប់​អារម្មណ៍​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។