ថ្នាក់​សិក្ខាសាលា
ពាក្យ​សម្តី​នៃ​មរមន ៖ « ដើម្បី​ប្រយោជន៍​មួយ​ដ៏​សំខាន់ »


« ពាក្យ​សម្តី​នៃ​មរមន ៖ ‹ ដើម្បី​ប្រយោជន៍​មួយ​ដ៏​សំខាន់ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ពាក្យ​សម្តី​នៃ​មរមន » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ពាក្យ​សម្ដី​នៃ​មរមន

« ដើម្បី​ប្រយោជន៍​មួយ​ដ៏​សំខាន់ »

រូបភាព
បុរស​កំពុង​សរសេរ​នៅលើ​ផ្ទាំង​​មាស

តើ​អ្នក​ធ្លាប់​បាន​ទទួល​ពរ​ដោយ​ការរៀបចំ​ទុក​ជា​មុន​របស់​បុគ្គល​ម្នាក់​ផ្សេង​ទៀត​ដែរ​ឬ​ទេ ? តើ​ការរៀបចំ​របស់​ពួកគេ​ជះ​ឥទ្ធិពល​ដល់​បទពិសោធន៍​របស់​អ្នក​យ៉ាង​ដូចម្តេច ? មរមន​បាន​រកឃើញ​ផ្ទាំង​តូចៗ​របស់​នីហ្វៃ បន្ទាប់ពី​លោក​បាន​ធ្វើ​ការសង្ខេប​មួយ​ដែល​ជា​ផ្នែក​នៃ​បញ្ជី​របស់​សាសន៍​នីហ្វៃ ។ ដោយ​ត្រូវបាន​ដឹកនាំ​ពី​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ មរមន​បាន​បញ្ចូល​ផ្ទាំង​តូច​ទាំង​នោះ « ដើម្បី​ប្រយោជន៍​មួយ​ដ៏​សំខាន់ » ស្របតាម​ព្រះទ័យ​របស់​ព្រះអម្ចាស់ ( សូម​មើល ពាក្យ​សម្ដី​នៃ​មរមន ១:៣–៧ ) ។ មេរៀន​នេះ​អាច​ជួយ​អ្នក​មាន​អារម្មណ៍​ជឿជាក់​ថា ព្រះអម្ចាស់​ជ្រាប​គ្រប់​ការណ៍​ទាំងអស់ ហើយ​ថា​កិច្ចការ​របស់​ទ្រង់​នឹង​ត្រូវបាន​សម្រេច ។

ជំនឿ​អំពី​ព្រះ

ដោយ​ប្រើ​រង្វាស់​ពី ០–៥ ( ០ = ខ្ញុំ​មិន​ជឿ ៥ = ខ្ញុំ​មាន​ជំនឿ​ខ្លាំង ) សូម​ចំណាយ​ពេល​បន្តិច ដើម្បី​វាយ​តម្លៃ​កម្រិត​នៃ​ជំនឿ​របស់​អ្នក​ដោយ​ស្មោះត្រង់​សម្រាប់​សេចក្តីថ្លែង​ការណ៍​នីមួយៗ​ខាង​ក្រោម ៖

  • ខ្ញុំ​ជឿ​លើ​ព្រះ ។

  • ខ្ញុំ​ជឿ​ថា ទ្រង់​ជ្រាប​គ្រប់​ការណ៍​ទាំងអស់ ហើយ​មាន​ព្រះចេស្តា​គ្រប់​យ៉ាង ។

  • ខ្ញុំ​ជឿ​ថា ទ្រង់​រៀបចំ​ផ្លូវ​សម្រាប់​ខ្ញុំ​ដើម្បី​ជោគជ័យ​ក្នុង​ជីវិត​របស់​ខ្ញុំ ។

  • ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​អាច​ទុក​ចិត្ត​លើ​ព្រះ​ឱវាទ និង​ការបំផុស​គំនិត​ដែល​ទ្រង់​ប្រទាន​ឲ្យ​ខ្ញុំ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

វា​អាច​មាន​ប្រយោជន៍​ក្នុង​ការសញ្ជឹង​គិត​អំពី​មូលហេតុ​ដែល​អ្នក​ជឿ​លើ​របៀប​ដែល​អ្នក​ធ្វើ ។

នៅពេល​អ្នក​សិក្សា​ថ្ងៃ​នេះ សូម​រកមើល​សេចក្តីពិត​ដែល​អាច​នឹង​បង្កើន ឬ​ធានា​ដល់​អ្នក​អំពី​ជំនឿ និង​ការទុក​ចិត្ត​របស់​អ្នក​លើ​ព្រះ ព្រះចេស្តា​របស់​ទ្រង់ និង​របៀប​ដែល​ទ្រង់​សម្រេច​កិច្ចការ​របស់​ទ្រង់ ។

ការសង្ខេប​នៃ​ផ្ទាំង​​របស់​មរមន

រូបភាព
មរមន​សរសេរ​លើ​ផ្ទាំង​​មាស

សូម​ស្រមៃ​គិត​ថា តើ​វា​មាន​សភាព​បែប​ណា ដើម្បី​រស់នៅ​ដូច​ព្យាការី​មរមន​បាន​រស់នៅ ក្រោយ​ពី​គ្រួសារ​របស់​លីហៃ​បាន​ចាកចេញ​ពី​ក្រុង​យេរូសាឡិម​ជិត ១០០០ ឆ្នាំ​នោះ ។ លោក​គឺ​ជា​អ្នក​រក្សា​បញ្ជី​ចុង​ក្រោយ​របស់​សាសន៍​នីហ្វៃ ហើយ​បាន​ធ្វើការ​ដើម្បី​បង្រួម​ប្រវត្តិសាស្ត្រ​មួយ​សហស្សវត្សរ៍​នៃ​សាសន៍​នីហ្វៃ​ទៅ​ជា​ផ្ទាំង​​តែ​មួយ​ឈុត ។ តើ​អ្នក​នឹង​សម្រេច​ចិត្ត​ថា ត្រូវ​បញ្ចូល ឬ​លុបចោល​ព្រឹត្តិការណ៍​ណា​មួយ​យ៉ាង​ដូចម្តេច ?

នៅពេល​កិច្ចការ​របស់​លោក​ក្នុង​ការសង្ខេប​ផ្ទាំង​នីហ្វៃ​ដល់​សម័យ​ស្តេច​បេនយ៉ាមីន នោះ​មរមន​បាន​រកឃើញ​អ្វី​មួយ​ដ៏​សំខាន់ ។ លោក​បាន​បញ្ចូល​ការពន្យល់​ខ្លី​មួយ​អំពី​បទពិសោធន៍​របស់​លោក​នៅក្នុង​គម្ពីរ​ដែល​មាន​ចំណង​ជើង​ថា ពាក្យ​សម្តី​នៃ​មរមន ។

សូម​អាន ពាក្យ​សម្ដី​នៃ​មរមន ១:៣–៦ ដោយ​រកមើល​អ្វី​ដែល​មរមន​បាន​រកឃើញ និង​អ្វី​ដែល​លោក​បាន​ធ្វើ​ដោយសារ​តែ​ការរកឃើញ​នោះ ។

វា​អាច​ជា​ប្រយោជន៍​ដើម្បី​ដឹង​ថា​ឃ្លា « ផ្ទាំង​ទាំង​នេះ » ( ពាក្យ​សម្ដី​នៃ​មរមន ១:៣–៤ ) សំដៅ​ទៅលើ​ផ្ទាំង​តូច​ដែល​នីហ្វៃ​ត្រូវបាន​បញ្ជា​ឲ្យ​ធ្វើ ( សូម​មើល នីហ្វៃ​ទី​១ ៩:២–៤ ) ។ ផ្ទាំង​តូចៗ​បាន​រាប់​ពី​រយៈពេល​ដូចគ្នា​នឹង​ផ្ទាំង​ធំៗ​នៃ​នីហ្វៃ ដែល​មរមន​បាន​សង្ខេប​រួច​ហើយ ប៉ុន្តែ​ផ្ទាំង​ទាំង​នោះ​បាន​ផ្តោតលើ​ព្រឹត្តិការណ៍​ខាង​វិញ្ញាណ​ដែល​បាន​កើត​ឡើង ។ ប្រសិនបើ​អ្នក​ចង់​យល់​បន្ថែម​អំពី​បញ្ជី​ទាំង​នេះ សូម​ពិចារណា​អាន « ការអធិប្បាយ​ដ៏​ខ្លី​អំពី​ព្រះគម្ពីរ​មរមន » ដែល​មាន​នៅដើម​ព្រះគម្ពីរ​មរមន ។

ទាំង​មរមន និង​នីហ្វៃ​បាន​ទទួល​ការបំផុស​គំនិត​ជាក់លាក់​ពី​ព្រះអម្ចាស់​ទាក់ទង​នឹង​ផ្ទាំង​តូចៗ ។ សូម​អាន នីហ្វៃ​ទី​១ ៩:៥–៦ និង ពាក្យ​សម្ដី​នៃ​មរមន ១:៧–៨ ដោយ​រកមើល​ភាពស្រដៀង​គ្នា​រវាង​អ្វី​ដែល​ព្យាការី​ទាំងពីរ​នេះ​បាន​ជួប​ប្រទះ ។

  • តើ​ពាក្យ ឬ​ឃ្លា​ណា​មួយ​ដែល​អ្នក​ចាប់​អារម្មណ៍ ?

  • តើ​ខគម្ពីរ​ទាំង​នេះ​ប្រាប់​យើង​អ្វី​ខ្លះ​អំពី​នីហ្វៃ និង​មរមន ?

  • តើ​សេចក្ដីពិត​អ្វី​ខ្លះ​ដែល​ពាក្យ​សម្ដី​របស់​ពួកគេ​អាច​បង្រៀន​យើង​អំពី​ព្រះអម្ចាស់ ?

ក្នុង​ចំណោម​សេចក្តីពិត​ផ្សេង​ទៀត អ្នក​ប្រហែល​ជា​បាន​កត់​សម្គាល់​ថា ព្រះអម្ចាស់​ជ្រាប​គ្រប់​ការណ៍​ទាំង​អស់ មាន​ព្រះចេស្តា​គ្រប់​យ៉ាង ហើយ​រៀបចំ​ផ្លូវ​ដើម្បី​សម្រេច​កិច្ចការ​របស់​ទ្រង់ ។

រូបភាព
រូបតំណាង, កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ពីរ​នៃ​សំណួរ​ខាង​ក្រោម​នេះ ៖

    • ហេតុអ្វី​វា​សំខាន់​សម្រាប់​អ្នក​ដើម្បី​ដឹង​ថា​ព្រះអម្ចាស់​ជ្រាប​គ្រប់​ការណ៍​ទាំងអស់ ហើយ​មាន​ព្រះចេស្តា​ទាំង​អស់ ?

    • តើ​ចំណេះ​ដឹង​នេះ​អាច​ជួយ​អ្នក​ក្នុង​ជីវិត​របស់​អ្នក​យ៉ាង​ដូចម្តេច ?

    • តើ​ការយល់​ដឹង​អំពី​សេចក្តីពិត​ទាំង​នេះ​អាច​ជះ​ឥទ្ធិពល​លើឆន្ទៈ​របស់​អ្នក​ក្នុង​ការធ្វើ​តាម​ការបំផុស​គំនិត​របស់​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ?

ព្រះអម្ចាស់​បាន​រៀបចំ​ផ្លូវ

ភស្តុតាង​នៃ​ការដឹង​ជា​មុន និង​ព្រះចេស្តា​របស់​ព្រះអម្ចាស់​អាច​ឃើញ​នៅក្នុង​ការបញ្ជា​របស់​ទ្រង់​ឲ្យ​នីហ្វៃ​រៀបចំ​ផ្ទាំង​តូចៗ និង​បំផុស​គំនិត​ឲ្យ​មរមន​បញ្ចូល​បញ្ជី​ទាំង​នោះ​នៅក្នុង​ការសង្ខេប​របស់​លោក ។

រាប់​រយ​ឆ្នាំ​ក្រោយ​មក នៅពេល យ៉ូសែប ស្ម៊ីធ កំពុង​បកប្រែ​ផ្ទាំង​នៃ​ព្រះគម្ពីរ​មរមន នោះ​លោក​បាន​ចាប់ផ្ដើម​ជាមួយ​ការសង្ខេប​របស់​មរមន​អំពី​ផ្ទាំង​ធំៗ​របស់​នីហ្វៃ ។ ម៉ាទិន ហារីស ដែល​កំពុង​ជួយ​ក្នុង​នាម​ជា​អ្នក​កត់ត្រា​របស់​យ៉ូសែប បាន​ស្នើ​ម្ដង​ហើយ​ម្ដង​ទៀត ឲ្យ​បង្ហាញ​ទំព័រ​ដែល​បាន​បកប្រែ​ដល់​ភរិយា និង​សមាជិក​ផ្សេង​ទៀត​នៃ​គ្រួសារ​របស់​លោក ។ ទោះបី​ជា​ព្រះអម្ចាស់​បាន​បដិសេធ​សំណើ​របស់​ម៉ាទិន​ក៏​ដោយ ក៏​យ៉ូសែប​បាន​បន្ត​ទូលសុំ​ការអនុញ្ញាត​ពី​ព្រះអម្ចាស់​ដែរ ។ ទីបំផុត ជាមួយ​នឹង​ការណែនាំ និង​ការព្រមាន​ដ៏​តឹងរ៉ឹង នោះ​ម៉ាទិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​យក​សំណេរ​ដោយ​ដៃ​ចំនួន ១១៦ ទំព័រ ត្រឡប់​ទៅ​ផ្ទះ​របស់​លោក​នៅ ប៉ាល់មីរ៉ា ទីក្រុង​នូវ​យ៉ោក វិញ ។ លោក​បាន​តាំងចិត្ត​ប្រគល់​សំណេរ​ដោយ​ដៃ​ទៅ​យ៉ូសែប​នៅទីក្រុង ហាម៉ូនី រដ្ឋ ផែនស៊ីវ៉ានញ៉ា ក្នុង​រយៈពេល​ពីរ​សប្តាហ៍ ។

អ្នក​ប្រហែល​ជា​ចង់​មើល​វីដេអូ « The Work of God » ពី​នាទី​ទី ៦:៥២–១១:៣០ ដោយ​រកមើល​របៀប​ដែល​ព្រះអម្ចាស់​បាន​រៀបចំ​ផ្លូវ​មុន​ពេល​ព្រឹត្តិការណ៍​ទាំង​នេះ​បាន​កើត​ឡើង ។ វីដេអូ​អាច​រក​បាន​នៅលើ ChurchofJesusChrist.org ។, ឬ​អ្នក​អាច​អាន​ចំណុច​ខាង​ក្រោម​ដែល​ពិពណ៌នា​អំពី​អ្វី​ដែល​យ៉ូសែប និង​ម៉ាទិន​បាន​ជួប​ប្រទះ ។ ( សូមមើល​ផងដែរ ពួក​បរិសុទ្ធ៖ ដំណើរ​រឿង​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៅ​ថ្ងៃ​ចុង​ក្រោយ ភាគ ១ បទដ្ឋាន​នៃ​សេចក្តីពិត ឆ្នាំ ១៨១៥–១៨៤៦ [ ឆ្នាំ ២០១៨ ] ទំព័រ ៥១–៥៣ ) ។

  1. អិមម៉ា​ភរិយា​របស់​យ៉ូសែប​បាន​សម្រាល​កូន​ដំបូង​របស់​ពួកលោក ហើយ​កូន​នោះ​បាន​ស្លាប់​ក្រោយ​ពី​កើត​បាន​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ។ យ៉ូសែប​បាន​ចំណាយ​ពេល​ពីរ​សប្តាហ៍​មើល​ថែ​អិមម៉ា បន្ទាប់មក​បាន​ធ្វើ​ដំណើរ​ទៅក្រុង ប៉ាល់មីរ៉ា ខណៈ​ដែល ម៉ាទិន មិន​បាន​ត្រឡប់​ទៅ​ទីក្រុង ហាម៉ូនី វិញ ។

  2. ម៉ាទិន​បាន​សារភាព​ថា លោក​បាន​ធ្វើ​ឲ្យ​បាត់​ព្រះគម្ពីរ​មរមន​ដែល​បាន​សរសេរ​ដោយ​ដៃ​នោះ ។ យ៉ូសែប​ត្រូវបាន​ព្រះអម្ចាស់​វាយ​ផ្ចាល ហើយ​មិនត្រូវ​បាន​អនុញ្ញាត​ឲ្យ​បន្ត​ការបកប្រែ​នោះ​ទេ ។

  3. បន្ទាប់​ពី​យ៉ូសែប​បាន​បញ្ចប់​ការប្រែចិត្ត​ដោយ​ស្មោះសរ​មួយ​រយៈពេល ហើយ​បាន​ទូល​អង្វរ​សុំ​ការអភ័យ​ទោស នោះ​ព្រះអម្ចាស់​បាន​អនុញ្ញាត​ឲ្យ​យ៉ូសែប​បន្ត​ការបកប្រែ​ផ្ទាំង​ទាំង​នោះ​ទៀត ។ ទោះ​ជា​យ៉ាង​ណា លោក​ត្រូវបាន​ណែនាំ​មិន​ឲ្យ​បកប្រែ​ឡើង​វិញ​នូវ​ចំណែក​ដែល​បាន​បាត់​នោះ​ទេ ។

  4. ព្រះអម្ចាស់​បាន​បើក​សម្ដែង​ថា ក្រោម​ឥទ្ធិពល​របស់​សាតាំង មនុស្ស​ទុច្ចរិត​បាន​លួច​ទំព័រ​ដែល​បាន​សរសេរ​ដោយ​ដៃ​នោះ ។ ពួកគេ​មាន​បំណង​ផ្លាស់ប្តូរ​ពាក្យ​ពេចន៍ ហើយ​បង្ហាញ​ថា យ៉ូសែប​គ្រាន់តែ​ធ្វើ​ពុត​ជា​បកប្រែ ដូច្នេះ​វា​នឹង​បំផ្លាញ​កិច្ចការ​របស់​ព្រះអម្ចាស់ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១០:១០–១៩, ២៩–៣៣ ) ។

  5. ព្រះអម្ចាស់​បាន​បញ្ជា​ដល់​យ៉ូសែប​ឲ្យ​បកប្រែ​បញ្ជី​របស់​នីហ្វៃ​នៅលើ​ផ្ទាំង​តូចៗ ដែល​មរមន​បាន​បញ្ចូល​ជាមួយ​នឹង​ការសង្ខេប​របស់​លោក ហើយ​បាន​រៀបរាប់​ពី​រយៈពេល​ដូច​គ្នា និង​ព្រឹត្តិការណ៍​ជាច្រើន​នៅក្នុង​ផ្នែក​ដែល​បាន​បាត់បង់ ។ ព្រះអម្ចាស់​បាន​ថ្លែង​ទីបន្ទាល់​ថា « ប្រាជ្ញា​របស់​យើង​មហិមា​ជាង​កល​ល្បិច​នៃ​អារក្ស​ទៅ​ទៀត » ( គោលលទ្ធិ និង សេចក្តីសញ្ញា ១០:៤៣ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ពីរ ៖

    • តើ​គំរូ​ចេញ​ពី​ប្រវត្តិសាសនាចក្រ​នេះ​បង្ហាញ​ពី​ចំណេះ​ដឹង និង​ព្រះចេស្ដា​របស់​ព្រះអម្ចាស់​តាម​របៀប​ណា​ខ្លះ ?

    • តើ​ហេតុការណ៍​នេះ​អាច​ធានា​ដល់​អ្នក​ថា ព្រះអម្ចាស់​អាច​រៀបចំ​ផ្លូវ​ក្នុង​ជីវិត​អ្នក​ដោយ​របៀប​ណា ?

    • តើ​នៅពេល​ណា​ដែល​ការឆ្លើយតប​ទៅ​នឹង​ការបំផុស​គំនិត​ខាង​វិញ្ញាណ​បាន​ជួយ​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​ឲ្យ​សម្រេច​កិច្ចការ​របស់​ព្រះអម្ចាស់ ?

    • តើ​សេចក្ដីពិត​ដែល​អ្នក​បាន​រៀន​ថ្ងៃ​នេះ​អាច​មាន​ឥទ្ធិពល​លើ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​នឹង​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

ការធ្វើ​តាម​ការបំផុស​គំនិត

រាល់​សំណេរ​ដែល​អ្នក​បាន​សិក្សា​រហូត​មក​ដល់​ពេល​នេះ​ក្នុង​ឆ្នាំ​នេះ​នៅក្នុង​ព្រះគម្ពីរ​មរមន ( នីហ្វៃ​ទី​១អោមណៃ ) មាន​សម្រាប់​អ្នក គឺ​ដោយ​សារ​មរមន​បាន​ជឿ​ថា ព្រះអម្ចាស់​ជ្រាប​ដឹង​គ្រប់​ការណ៍​ទាំងអស់ ហើយ​លោក​បាន​ធ្វើ​តាម​ការបំផុស​គំនិត​ខាង​វិញ្ញាណ ដើម្បី​បញ្ចូល​ផ្ទាំង​តូចៗ ។

ដូច​នីហ្វៃ​ដែរ អ្នក​ប្រហែល​ជា​ចង់​បង្កើត​ផ្នែក​មួយ​នៃ « ផ្ទាំង​តូច » នៅក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​អ្នក ដើម្បី​កត់ត្រា​បទពិសោធន៍​ដែល​ពិសិដ្ឋ​ចំពោះ​អ្នក ។ អ្នក​អាច​នឹង​ចង់​សញ្ជឹង​គិត និង​កត់ត្រា​នូវ​អ្វី​ដែល​អ្នក​ដឹង និង​ជឿ​អំពី​ព្រះ និង​របៀប​ដែល​ទ្រង់​អាច​ជួយ​អ្នក​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ ដើម្បី​សម្រេច​កិច្ចការ​របស់​ទ្រង់ ។