ថ្នាក់​សិក្ខាសាលា
វាយតម្លៃ​ការរៀនសូត្រ​របស់អ្នក​ទី ៣ ៖ នីហ្វៃ​ទី​២ ២៦–យ៉ាកុប ៧


« វាយតម្លៃ​ការរៀនសូត្រ​របស់អ្នក​ទី ៣ ៖ នីហ្វៃ​ទី​២ ២៦–យ៉ាកុប ៧ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« វាយតម្លៃ​ការរៀនសូត្រ​របស់អ្នក​ទី ៣ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

វាយតម្លៃ​ការរៀនសូត្រ​របស់អ្នក​ទី ៣

នីហ្វៃ​ទី​២ ២៦យ៉ាកុប ៧

រូបភាព
យុវនារី​កំពុង​សរសេរ​ក្នុង​សៀវភៅ​កត់ត្រា

គោលបំណង​នៃ​មេរៀន​នេះ​គឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​មើល​ឃើញ​ពី​របៀប​ដែល​អ្នក​បាន​រីកចម្រើន ឬ​ផ្លាស់ប្តូរ​ក្នុង​អំឡុង​ពេល​ការសិក្សា​របស់​អ្នក​អំពី នីហ្វៃ​ទី​២ ២៦យ៉ាកុប ៧ ។

បាន​ប្រសើរ​ឡើង​បន្តិច​ម្តងៗ​ជា​រៀង​រាល់​ថ្ងៃ

ប្រធាន ឡូរែនសូ ស្នូ ( ឆ្នាំ ១៨១៤–១៩០១ ) ប្រធាន​ទីប្រាំ​នៃ​សាសនាចក្រ​បាន​បង្រៀន ៖

កុំ​រំពឹង​ថា​នឹង​បាន​ល្អ​ឥតខ្ចោះ​ក្នុង​ពេល​តែ​ម្តង​ឡើយ ។ ប្រសិនបើ​អ្នក​រំពឹង​ដូច្នោះ នោះ​អ្នក​នឹង​ខក​ចិត្ត​ជា​មិន​ខាន ។ ថ្ងៃ​នេះ​ចូរ​អ្នក​ធ្វើ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​កាលពី​ម្សិលមិញ ហើយ​ថ្ងៃស្អែក​សូម​ធ្វើ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​ថ្ងៃ​នេះ ។ ការល្បួង​ដែល​វា​ប្រហែល​ជា​បាន​យក​ឈ្នះ​លើ​យើង​ខ្លះៗ​នៅ​ថ្ងៃ​នេះ ចូរ​កុំ​ឲ្យ​វា​យក​ឈ្នះ​លើ​យើង​នៅ​ថ្ងៃ​ស្អែក​ឡើយ ។ ដូច្នេះ សូម​បន្ត​មាន​ភាពប្រសើរ​បន្តិចបន្តួច​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​កុំ​បណ្តោយឲ្យ​ជីវិត​របស់​អ្នក​បន្ត​ទៅ ដោយ​មិន​បាន​ធ្វើ​ល្អ​ដល់​អ្នកដទៃ​ក៏​ដូចជា​ខ្លួន​យើង​ដែរ ។ ( Teachings of Presidents of the Church: Lorenzo Snow [ ឆ្នាំ ២០១២ ] ទំព័រ ១០៣ )

  • តើ​ធ្វើ​ដូចម្តេច​ទើប​ដឹង​ថា​ថ្ងៃ​នេះ​អ្នក​បាន​ល្អ​ជាង​ថ្ងៃ​ម្សិលមិញ ?

  • តើ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​អ្នក​ក្នុង​ការខិតខំ​របស់​អ្នក ដើម្បី​ឲ្យ​ថ្ងៃស្អែក​អ្នក​មាន​ភាពល្អ​ប្រសើរ​ជាង​ថ្ងៃនេះ​ដោយ​របៀប​ណា ?

គោលបំណង​នៃ​មេរៀន​នេះ​គឺ​ជួយ​អ្នក​ឲ្យ​គិត​អំពី​ការរីក​ចម្រើន​របស់​អ្នក ក្នុង​នាម​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ រួមទាំង​សមត្ថភាព​របស់​អ្នក​ក្នុង​ការពន្យល់​គោលលទ្ធិ​ដែល​អ្នក​បាន​រៀន​នៅក្នុង​ព្រះគម្ពីរ​ផងដែរ ។ សូម​គិត​អំពី​របៀប​ដែល​ការសិក្សា​ព្រះគម្ពីរ​មរមន​របស់​អ្នក បាន​ជួយ​អ្នក​ឲ្យ​រីកចម្រើន​ក្នុង​នាមជា​សិស្ស​របស់​ព្រះគ្រីស្ទ ។ នៅពេល​អ្នក​សិក្សា​ថ្ងៃនេះ សូម​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ជួយ​អ្នក​មើល​ពី​របៀប ដែល​ការសិក្សា​ព្រះគម្ពីរ​មរមន​របស់​អ្នក​កំពុង​ជះ​ឥទ្ធិពល​លើ​សមត្ថភាព​រស់នៅ និង​ចែកចាយ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

រូបភាព
រូបតំណាង, កំណត់ត្រា
  1. សូម​បំពេញ​សកម្មភាព ក ឬ ខ ។

សកម្មភាព ក ៖ ពន្យល់​គោលលទ្ធិ​របស់​ព្រះយេស៊ូវ​គ្រីស្ទ

នីហ្វៃ​បាន​បង្រៀន​ពី​អ្វី​ដែល​យើង​ត្រូវធ្វើ ដើម្បី​ទទួល​បាន​ជីវិត​អស់​កល្ប​ជានិច្ច ។ គោលការណ៍ និង​ពិធី​បរិសុទ្ធ​ទាំងនេះ​ត្រូវបាន​ហៅ​ថា គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ( សូមមើល នីហ្វៃ​ទី​២ ៣១:២, ២១ ) ។ គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ « គឺជា​ផ្លូវ ហើយ​គ្មាន​ផ្លូវ​ឯណា​ទៀត​ទេ ឬ​ក៏​ឈ្មោះ​ណា​ទៀត​នៅ​ក្រោម​មេឃ​នេះ ដែល​មនុស្ស​អាច​បាន​សង្គ្រោះ​នៅ​ក្នុង​នគរ​នៃ​ព្រះ​ឡើយ » ( នីហ្វៃ​ទី​២ ៣១:២១ ) ។ សូម​រំឭក​អំពី នីហ្វៃ​ទី​២ ៣១:១០–១២, ១៧, ២០–២១ ដោយ​រកមើល​គោលការណ៍ និង​ពិធី​បរិសុទ្ធ​ដែល​ជា​ផ្នែក​នៃ​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ ។

ប្រសិនបើ​អ្នក​បាន​ជ្រើសរើស​សកម្មភាព​នេះ សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

  • តើ​អ្នក​អាច​ពន្យល់​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ដល់​នរណា​ម្នាក់​ដោយ​របៀប​ណា​ដោយ​ប្រើ​អ្វី​ដែល​នីហ្វៃ​បាន​កត់ត្រា​នៅក្នុង នីហ្វៃ​ទី​២ ៣១ ?

  • តើ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ជួយ​យើង​ឲ្យ​ពឹងផ្អែក​លើ​ទ្រង់​សម្រាប់​សេចក្ដីសង្គ្រោះ​របស់​យើង​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​មាន​ពរតាមរយៈ​ការធ្វើតាម​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

សកម្មភាព ខ ៖ ពន្យល់​តួនាទី​នៃ​ព្រះគម្ពីរ​មរមន​នៅក្នុង​ការស្ដារ​ឡើង​វិញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ

សូម​ស្រមៃ​ពី​ស្ថានភាព​ខាង​ក្រោម​នេះ ៖

លូកា​កំពុង​រៀបចំ​ខ្លួន​ដើម្បី​ធ្វើជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង ។ ប្រធាន​ស្តេក​របស់​គាត់​បាន​ផ្ញើ​សារ​ដូច​ខាង​ក្រោម មួយ​សប្តាហ៍​មុន​ពេល​ពួកគេ​បាន​ជួប​គ្នា​ធ្វើ​ការសម្ភាសន៍ ៖

« លូកា​ខ្ញុំ​រំភើប​ណាស់​ដែល​បាន​ជួប​ប្អូន ។ ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​ការប្រជុំ​របស់​យើង សូម​ប្អូន​រៀបចំ​ប្រើ​ព្រះគម្ពីរ​មរមន ដើម្បី​ឆ្លើយ​សំណួរ​នេះ ៖ តើ​អ្វី​ជា​តួនាទី​នៃ​ព្រះគម្ពីរ​មរមន​នៅក្នុង​ការស្ដារ​ឡើង​វិញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ? ( សូមមើល នីហ្វៃ​ទី​២ ៣:១១–១២; នីហ្វៃ​ទី​២ ២៧:២៥–២៦; នីហ្វៃ​ទី​២ ២៩:៧–១១ ) » ។ 

ប្រសិនបើ​អ្នក​បាន​ជ្រើសរើស​សកម្មភាព​នេះ សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

  • តើ​លូកា​អាច​ចែកចាយ​អ្វី​ខ្លះ​ពី​ព្រះគម្ពីរ​មរមន អំពី​តួនាទី​របស់​គម្ពីរ​នេះ​នៅក្នុង​ការស្ដារ​ឡើង​វិញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ?

  1. បំពេញ​សកម្មភាព គ ឬ ឃ ។

សកម្មភាព គ ៖ ទប់ទល់​នឹង​អារក្ស​ដោយ​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ

នៅក្នុង នីហ្វៃ​ទី​២ ២៨:២០–២២ នីហ្វៃ​បាន​បង្រៀន​អំពី​យុទ្ធសាស្ត្រ​ដែល​សាតាំង​នឹង​ប្រើ ដើម្បី​ទាញ​មនុស្ស​ចេញ​ពី​ព្រះ​នៅ​ថ្ងៃ​ចុង​ក្រោយ ។ ទាំង​នេះ​រួម​បញ្ចូល​ការចាក់រុក​ចិត្ត​មនុស្ស​ឲ្យ​ខឹង​នឹង​អ្វី​ដែល​ល្អ បង្ក្រាប​មនុស្ស​ឲ្យ​បាន​សុខ ហើយ​បំពេរ​ពួកគេ​ឲ្យ​បាន​ខុស​ខាង​រូបកាយ ហើយ​ប្រាប់​មនុស្ស​ថា គ្មាន​ស្ថាន​នរក និង​គ្មាន​អារក្ស​ទេ ។ ជា​ផ្នែក​មួយ​នៃ​ការសិក្សា​របស់​អ្នក​ក្នុង​មេរៀន « នីហ្វៃ​ទី​២ ២៨:១–២៦ » អ្នក​ប្រហែល​ជា​បាន​បង្កើត​ផែនការ​មួយ ដើម្បី​ការពារ​ខ្លួន​អ្នក​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ប្រឆាំង​នឹង​កល​ល្បិច​របស់​សាតាំង ។ សូម​ពិនិត្យ​ឡើង​វិញ​នូវ​អ្វី​ដែល​អ្នក​បាន​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក​ពី​មេរៀន​នោះ ។

ប្រសិនបើ​អ្នក​បាន​ជ្រើសរើស​សកម្មភាព​នេះ សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ យ៉ាង​តិច​ឲ្យ​បាន​ពីរ ៖

  • តើ​អ្នក​បាន​អនុវត្ត​ផែនការ​របស់​អ្នក​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​កម្រិត​ណា ? ហេតុអ្វី ?

  • តើ​ផែនការ​របស់​អ្នក​បាន​ជួយ​អ្នក​ទទួល​បាន​ការការពារ​របស់​ព្រះអង្គ​សង្គ្រោះ​ប្រឆាំង​នឹង​កលល្បិច​របស់​សាតាំង​តាម​របៀប​ណា​ខ្លះ ?

  • តើ​អ្នក​បាន​រៀន ឬ​ជួប​ប្រទះ​អ្វី​ខ្លះ​ដែល​អាច​ជួយ​អ្នក​បន្ថែម​ទៅលើ​ផែនការ​របស់​អ្នក ?

សូម​ពិចារណា​វិធី​ផ្សេងៗ​ដើម្បី​ប្តេជ្ញា​ចិត្ត​ឡើង​វិញ​ចំពោះ​ផែនការ​របស់​អ្នក ។ ត្រូវ​ប្រាកដ​ថា ស្វែងរក​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​ព្រមាន​អ្នក​អំពី​គ្រោះថ្នាក់ ហើយ​ប្រទាន​អំណាចឲ្យ​អ្នក​គេច​ចេញ ឬ​យក​ឈ្នះ​លើ​ការខិតខំ​របស់​សាតាំង ( សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ១០:៥ ) ។

សកម្មភាព ឃ ៖ ចូលរួម​ក្នុង​ការប្រមូល​សាសន៍​អ៊ីស្រាអែល

ទាំង​នីហ្វៃ និង​យ៉ាកុប​បាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅនឹង​ការប្រមូល​សាសន៍​អ៊ីស្រាអែល ។ ប្រហែល​នេះ​ជាផ្នែក​ខ្លះៗ​ដោយសារ​ព្រះអម្ចាស់​បាន​បង្ហាញ​នីហ្វៃ នូវ​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​កូនចៅ​របស់​ពួកគេ ( សូមមើល នីហ្វៃ​ទី​១ ១២–១៣ ) ។

អ្នក​ប្រហែលជា​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ការប្រមូល​សាសន៍​អ៊ីស្រាអែល​ជា​ផ្នែក​មួយ​នៃ​ការសិក្សា​របស់​អ្នក នីហ្វៃ​ទី​១ ១៩–២២; នីហ្វៃ​ទី​២ ៦ ឬ យ៉ាកុប ៥:៥២–៧៧; ៦:១–១៣ ។ ប្រសិនបើ​ដូច្នេះមែន សូម​ពិនិត្យ​មើល​ការប្តេជ្ញា​ចិត្ត ឬ​ផែនការ​ណា​មួយ​ដែល​អ្នក​បាន​ធ្វើ ឬ​ឥរិយាបថ និង​ឆន្ទៈ​របស់​អ្នក​ក្នុង​ការចូលរួម​ក្នុង​ការងារ​នេះ ។

ប្រសិនបើ​អ្នក​បាន​ជ្រើសរើស​សកម្មភាព​នេះ សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ យ៉ាង​តិច​ឲ្យ​បាន​ពីរ ៖

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ក្នុង​ការសិក្សា​របស់​អ្នក​អំពី​ការប្រមូល​សាសន៍​អ៊ីស្រាអែល​ដែល​អ្នក​រកឃើញ​ថា មាន​ការលើក​ទឹក​ចិត្ត ឬ​មាន​ប្រយោជន៍ ?

  • តើ​អ្នក​បាន​ប្រឹងប្រែង​ធ្វើ​អ្វី​ខ្លះ​ដែល​អ្នក​មិន​ធ្លាប់​បាន​សាកល្បង​ពីមុន​មក ? តើ​អ្នក​បាន​ជោគជ័យ​ដែរ​ឬ​ទេ ? ហេតុអ្វី​ជោគជ័យ ឬ​ហេតុអ្វី​មិន​ជោគជ័យ ?

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ដែល​ព្រះអង្គ​សង្គ្រោះ​ដឹកនាំ ឬ​ពង្រឹង​អ្នក នៅពេល​អ្នក​ចូលរួម​ក្នុង​កិច្ចការ​របស់​ទ្រង់ ?

  • តើ​អ្នក​បាន​ឃើញ​ពរជ័យ​អ្វី​ខ្លះ​ពី​ការចូលរួម​ក្នុង​កិច្ចការ​នេះ ?