ថ្នាក់​សិក្ខាសាលា
យ៉ាកុប ៧ ៖ សេចក្តីជំនឿ​ឥត​ញាប់​ញ័រ​លើ​ព្រះយេស៊ូវគ្រីស្ទ


« យ៉ាកុប ៧ ៖ សេចក្តីជំនឿ​ឥត​ញាប់​ញ័រ​លើ​ព្រះយេស៊ូវគ្រីស្ទ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« យ៉ាកុប ៧ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

យ៉ាកុប ៧

សេចក្តីជំនឿ​ឥត​ញាប់​ញ័រ​លើ​ព្រះយេស៊ូវគ្រីស្ទ

រូបភាព
ជំនួស

ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា​មនុស្ស​មួយ​ចំនួន​សព្វ​ថ្ងៃ​នេះ​កំពុង​ព្យាយាម​ដោយ​ចេតនា ដើម្បី​អង្រួន​សេចក្តីជំនឿ​របស់​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ នោះ​អ្នក​គិត​ត្រូវ​ហើយ ។ វា​មិនមែន​ជា​រឿង​ថ្មី​ទេ ។ ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ មាន​បុរស​ម្នាក់​ឈ្មោះ សេរេម « បាន​ខិតខំ​ធ្វើ​ការ​ដោយ​ព្យាយាម ក្រែង​គាត់​អាច​បង្វែរ​ចិត្ត​ប្រជាជន​ចេញ » ( យ៉ាកុប ៧:៣ ) ។ មេរៀន​នេះ​អាច​ជួយ​អ្នក​រៀបចំខ្លួន​ដើម្បី​យក​ឈ្នះ​លើ​ឧបសគ្គ​ចំពោះ​សេចក្តីជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។

ការរៀបចំ​សម្រាប់​បញ្ហា​ប្រឈម​នាពេល​អនាគត

ប្រធាន រ័សុល អិម ណិលសុន បាន​ចែកចាយ​ដូច​តទៅ​នេះ​អំពី​បញ្ហា​លំបាក​មួយ​ដែល​យើង​នឹង​ប្រឈម​មុខ ៖

ថ្ងៃ​ដ៏​ពិបាក​មាន​នៅ​ខាង​មុខ ។ នៅក្នុង​ពេល​អនាគត​វា​កម្រ​ថា នឹង​មាន​ភាពងាយ​ស្រួល ឬ​មាន​ប្រជាប្រិយភាព​ក្នុង​ការធ្វើ​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដ៏​ស្មោះត្រង់​ម្នាក់ ។ យើង​ម្នាក់ៗ​នឹង​ត្រូវបាន​សាកល្បង ។ សាវក​ប៉ុល​បាន​ព្រមាន​ថា នៅក្នុង​ថ្ងៃ​ចុងក្រោយ អ្នក​ដែល​ធ្វើតាម​ព្រះអម្ចាស់​ដោយ​ឧស្សាហ៍​ព្យាយាម « នឹង​ត្រូវ​មាន​សេចក្ដីបៀតបៀន​ដែរ » [ ធីម៉ូថេ​ទី ២ ៣:១២ ] ។ ការបៀតបៀន​នោះ​អាច​សង្កត់​អ្នក​ទៅ​ក្នុង​ភាពខ្សោយ​ដោយ​ស្ងៀមស្ងាត់ ឬ​ក៏​អាច​ជំរុញ​អ្នក​ឲ្យ​កាន់តែ​ប្រែក្លាយ​ជា​គំរូ និង​មាន​សេចក្តីក្លាហាន​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក ។ ( រ័សុល អិ មណិលសុន « Face the Future with Faith » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៣៥–៣៦ )

  • ប្រធាន​ណិលសុន​បាន​ថ្លែង​សុន្ទរកថា​នេះ​ក្នុង​ឆ្នាំ ២០១១ ។ តើ​អ្នក​បាន​ជួប​ប្រទះ ឬ​ឃើញ​អ្វី​ដែល​លោក​បាន​រៀបរាប់​មក​នេះ​តាម​របៀប​ណា​ខ្លះ ?

  • ហេតុអ្វី​វា​អាច​នឹង​កាន់តែ​មិនសូវ​មាន​ប្រជាប្រិយភាព​នៅ​ពេល​អនាគត ដើម្បី​រក្សា​ភាពស្មោះត្រង់​ចំពោះ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ? ហេតុអ្វី​អ្នក​គិត​ថា វា​នៅតែ​មាន​តម្លៃ ?

  • ហេតុអ្វី​អ្នក​គិត​ថា ព្រះអម្ចាស់​ប្រាប់​យើង​អំពី​ការលំបាក​ទាំងនេះ​បាន​មុន​ពេលវេលា ?

សូម​សញ្ជឹង​គិត​មួយ​នាទី​អំពី​ភាពរឹងមាំ​នាពេល​បច្ចុប្បន្ន​នេះ ពី​ទីបន្ទាល់​របស់​អ្នក​អំពី​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ និង​របៀប​ដែល​អ្នក​បាន​រៀបចំ​ខ្លួន​ដើម្បី​បន្ត​ស្មោះត្រង់​ចំពោះ​ទ្រង់​ក្នុង​ថ្ងៃ​ដ៏​លំបាក​ខាង​មុខ ។ នៅពេល​អ្នក​សិក្សា យ៉ាកុប ៧ សូម​រកមើល​ពី​របៀប​ដែល​យ៉ាកុប​បាន​រៀបចំ​ខ្លួន ដើម្បី​បន្ត​ស្មោះត្រង់​នៅពេល​ដែល​បុរស​ទុច្ចរិត​ម្នាក់​ឈ្មោះ​សេរេម ព្យាយាម​ធ្វើ​ឲ្យ​ជំនឿ​របស់​លោក​ញាប់ញ័រ ។

សេរេម​ប្រកាស​ប្រឆាំង​នឹង​ព្រះគ្រីស្ទ

សូម​អាន យ៉ាកុប ៧:១–៧ ឬ​មើល​វីដេអូ « Sherem Denies Christ » ចាប់​ពី​នាទី​ទី ០:៣៣ ដល់​នាទី​ទី ២:២១ ។ វីដេអូ​នេះ​មាន​នៅ ChurchofJesusChrist.org។, សូម​រកមើល​អ្វី​ដែល​សេរេម បាន​បង្រៀន​ដើម្បី​ព្យាយាម​ធ្វើ​ឲ្យ​សេចក្តីជំនឿ​របស់​ពួកសាសន៍​នីហ្វៃ​លើ​ព្រះគ្រីស្ទ​ញាប់ញ័រ ។

  • តើ​សេរេម​បាន​បង្រៀន​អ្វី​ខ្លះ ដើម្បី​ព្យាយាម​ធ្វើ​ឲ្យ​សេចក្តីជំនឿ​របស់​សាសន៍​នីហ្វៃ​ញាប់ញ័រ ?

  • តើ​មាន​វិធី​អ្វី​ខ្លះ​ដែល​មនុស្ស​អាច​ប្រជែង​នឹង​សេចក្ដីជំនឿ​ដល់​សិស្ស​របស់​ព្រះគ្រីស្ទ​សព្វ​ថ្ងៃ​នេះ ?

សូម​ពិចារណា ប្រសិនបើ​អ្នក​បាន​ឃើញ​នរណា​ម្នាក់​នៅ​ជុំវិញ​អ្នក​ចាប់ផ្តើម​សង្ស័យ​លើ​សេចក្តីជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ទ្រង់ ដោយសារ​ឥទ្ធិពល​របស់​អ្នក​ដទៃ ។ តើ​អ្នក​បាន​កត់​សម្គាល់​ឃើញ​នរណា​ម្នាក់​ប្រជែង​នឹង​ជំនឿ​របស់​អ្នក​លើ​ទ្រង់​ទេ ?

ជំនឿ​របស់​យ៉ាកុប​មិន​អាច​ញាប់ញ័រ​បាន​ទេ ។

សូម​អាន យ៉ាកុប ៧:៥, ៨–១២ ដោយ​រកមើល​អ្វី​ដែល​បាន​ជួយ​យ៉ាកុប​បដិសេធ​ការបង្រៀន​របស់​សេរេម ។

គោលការណ៍​មួយ​ដែល​យើង​អាច​រៀន​ពី ខទី ៥ គឺ​ថា យើង​អាច​យក​ឈ្នះ​លើ​ឧបសគ្គ​ចំពោះ​សេចក្ដីជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ ដោយ​ការចងចាំ​ពី​បទពិសោធន៍​ខាង​វិញ្ញាណ​ពី​អតីតកាល​ដែល​ពង្រឹង​សេចក្ដីជំនឿ​របស់​យើង ។

  • តើ​យ៉ាកុប​បាន​ចងចាំ​រឿង​ជាក់លាក់​អ្វី​ខ្លះ​ក្នុង​អំឡុងពេល​ប្រឈម​មុខ​គ្នា​នេះ​ដែល​បាន​ជួយ​លោក ?

  • ហេតុអ្វី​ការចងចាំ​បទពិសោធន៍​ខាង​វិញ្ញាណ​ពី​អតីតកាល​របស់​យើង​អាច​ពង្រឹង​យើង នៅពេល​យើង​ប្រឈម​មុខ​នឹង​ការប្រជែង​នឹង​សេចក្ដីជំនឿ​របស់​យើង ?

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

ទន្ទឹម​នឹង​ការណែនាំ​ដ៏​សុខសាន្ដ​ដែល​យើង​បាន​ទទួល​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ពី​មួយ​គ្រា​ទៅ​មួយ​គ្រា ព្រះ​ដ៏​ប្រកប​ដោយ​អានុភាព បាន​អះអាង​ដល់​យើង​ម្នាក់ៗ​ដោយ​ផ្ទាល់​ថា ទ្រង់​ស្គាល់​យើង ហើយ​ស្រឡាញ់​យើង ហើយ​ទ្រង់​នឹង​ប្រទានពរ​ជាក់លាក់ និង​បើក​ចំហ​ដល់​យើង ។ បន្ទាប់មក នៅក្នុង​គ្រាលំបាក​របស់​យើង ព្រះអង្គ​សង្គ្រោះ​បាន​រំឭក​យើង​ពី​បទពិសោធន៍​ទាំងនោះ​មក​ក្នុង​គំនិត​យើង ។ …

សូម​ឱប​ក្រសោប​អនុស្សាវរីយ៍​ដ៏​ពិសិដ្ឋ​របស់​អ្នក ។ សូម​ជឿ​បទពិសោធន៍​ទាំង​នោះ ។ សូម​សរសេរ​វា​ទុក ។ … ខ្ញុំ​សូម​សន្យា​ថា កាល​អ្នក​មាន​ឆន្ទៈ​ចង់​ដឹង និង​ថែ​រក្សា​ព្រឹត្តិការណ៍​ខាង​វិញ្ញាណ​ដ៏​មាន​អត្ថន័យ​ទាំង​នោះ​នៅក្នុង​ជីវិត​របស់​អ្នក​ដោយ​ប្រុងប្រយ័ត្ន នោះ​អ្នក​នឹង​កាន់តែ​ទទួល​បាន​ច្រើន​ថែម​ទៀត ។ ព្រះវរបិតា​សួគ៌​ស្គាល់ និង​ស្រឡាញ់​អ្នក !  ( នែល អិល អាន់ឌើរសិន « Spiritually Defining Memories » EnsignLiahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ១៩, ២១–២២ )

សូម​ចំណាយ​ពេល​ខ្លះ​ដើម្បី​ចងចាំ​ពី​អារម្មណ៍ និង​បទពិសោធន៍​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​អ្នក ដើម្បី​ធានា​ដល់​អ្នក​ថា ទ្រង់​ស្គាល់ និង​ស្រឡាញ់​អ្នក ។ សូម​កត់ត្រា​អារម្មណ៍ និង​បទពិសោធន៍​ទាំងនោះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ឬ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។ ប្រសិនបើ​អ្នក​ត្រូវការ​ជំនួយ​ក្នុង​ការចងចាំ​បទពិសោធន៍​បែប​នេះ សូម​ទូល​សុំ​ព្រះវរបិតា​សួគ៌​ដោយ​ការអធិស្ឋាន​ដើម្បី​ជួយ​អ្នក​ឲ្យ​ស្គាល់ ឬ​ចងចាំ​បទពិសោធន៍​ខ្លះ​ដើម្បី​បន្ត​ទៅមុខ​ទៀត ។ ទ្រង់​នឹង​ធ្វើ​ដូច្នេះ​តាម​ពេលវេលា និង​របៀប​របស់​ទ្រង់ ។

អ្នក​ប្រហែល​ជា​ចង់​មើល​វីដេអូ « Spiritually Defining Memories » ចាប់​ពី​នាទី​ទី ១៣:៤០ ដល់​នាទី ១៤:៤៦ ។ សូម​រកមើល​របៀប​ដែល​រឿង​ប្រៀបប្រដូច​របស់​អែលឌើរ អាន់ឌើរសិន បង្ហាញ​ថា ការចងចាំ​ខាង​វិញ្ញាណ​របស់​យើង​អាច​បំភ្លឺ​ផ្លូវ​ទាំង​សម្រាប់​យើង និង​សម្រាប់​អ្នក​ដទៃ​ក្នុង​អំឡុងគ្រាលំបាក ។ វីដេអូ​នេះ​មាន​នៅ ChurchofJesusChrist.org។,

សូម​សញ្ជឹងគិត​អំពី​អ្នក​ណា​ដែល​អ្នក​ដឹង​ថា អាច​ត្រូវបាន​ពង្រឹង​ដោយ​ការស្តាប់​បទពិសោធន៍​របស់​អ្នក ។ សូម​ពិចារណា​រក​មើល​របៀប​ចែកចាយ​បទពិសោធន៍​ជាមួយ​ពួកគេ ។

សូម​គិត​ផងដែរ​អំពី​មនុស្ស​ជាទីស្រឡាញ់ និង​ថ្នាក់ដឹកនាំ​សាសនាចក្រ​ដែល​សេចក្ដីជំនឿ និង​បទពិសោធន៍​របស់​ពួកគាត់​អាច​ពង្រឹង​ដល់​អ្នក​ផ្ទាល់ ។ សូម​ពិចារណា​ឈោង​ទៅ​រកពួកគេ​ដើម្បី​រក​ជំនួយ ។

ទីសម្គាល់​មកពី​ព្រះ

សូម​អាន យ៉ាកុប ៧:១៣–២៣ ឬ​មើល​វីដេអូ « Sherem Denies Christ » ចាប់​ពី​នាទី​ទី ២:២២ ដល់​នាទី​ទី ៧:១៦ ដើម្បី​ស្វែងយល់​ពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​សេរេម ។

  1. សូម​ឆ្លើយ​សំណួរ​មួយ​ខាង​ក្រោម​នេះ ៖

    • ហេតុអ្វី​អ្នក​គិត​ថា យ៉ាកុប​នឹង​កត់ត្រា​រឿង​នេះ​សម្រាប់​មនុស្ស​នៅ​សម័យ​របស់​យើង ?

    • តើ​អ្នក​គិត​ថា ព្រះវរបិតា​សួគ៌​នឹង​ឲ្យ​អ្នក​អនុវត្ត​អ្វី​ដែល​អ្នក​បាន​រៀន​ថ្ងៃ​នេះ​នៅក្នុង​ស្ថានភាព​មួយ​ដែល​អ្នក​កំពុង​ប្រឈម​មុខ​ដោយ​របៀប​ណា ?