ថ្នាក់​សិក្ខាសាលា
យ៉ាកុប ៥:៥៤–៧៧; ៦:១–១៣ ៖ « មាន​ពរ​ហើយ ដល់​ពួក​អ្នក​ណា​ដែល​បាន​ធ្វើ​ការ​យ៉ាង​ព្យាយាម​នៅ​ក្នុង​ចម្ការ​របស់​ទ្រង់ »


« យ៉ាកុប ៥:៥៤–៧៧; ៦:១–១៣ ៖ ‹ មាន​ពរ​ហើយ ដល់​ពួក​អ្នក​ណា​ដែល​បាន​ធ្វើ​ការ​យ៉ាង​ព្យាយាម​នៅ​ក្នុង​ចម្ការ​របស់​ទ្រង់ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« យ៉ាកុប ៥:៥៤–៧៧; ៦:១–១៣ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

យ៉ាកុប ៥:៥៤–៧៧; ៦:១–១៣

« មាន​ពរ​ហើយ ដល់​ពួក​អ្នក​ណា​ដែល​បាន​ធ្វើ​ការ​យ៉ាង​ព្យាយាម​នៅ​ក្នុង​ចម្ការ​របស់​ទ្រង់ »

រូបភាព
មនុស្ស​កំពុង​អាន​ព្រះគម្ពីរ​មរមន

តើ​រូបាធិដ្ឋាន​នៃ​ដើម​អូលីវ​ដែល​បាន​កត់ត្រា​នៅក្នុង យ៉ាកុប ៥ ទាក់ទង​នឹង​អ្នក​របៀប​ណា ? ផ្នែក​ចុងក្រោយ​នៃ​រូបាធិដ្ឋាន​នេះ​តំណាង​ឲ្យ​កិច្ចការ​របស់​ព្រះអម្ចាស់​នៅក្នុង​ថ្ងៃ​ចុងក្រោយ រួមទាំង​កិច្ចខិតខំ​ដែល​ទ្រង់ និង​អ្នកបម្រើ​របស់​ទ្រង់​បានធ្វើ ដើម្បី​ប្រមូល​ព្រលឹង​ទាំងឡាយ​ទៅរក​ទ្រង់​ជាគ្រា​ចុងក្រោយ ។ គោលបំណង​នៃមេរៀន​នេះ​គឺ​ដើម្បី​ជួយ​សិស្ស​ឲ្យទទួល​អារម្មណ៍​ថា មាន​បំណង​ប្រាថ្នា​កាន់តែ​ខ្លាំង​ក្នុង​ការធ្វើការ​ជាមួយ​នឹង​ព្រះអម្ចាស់ ក្នុង​ការជួយ​បុត្រាបុត្រី​របស់​ព្រះវរបិតា​សួគ៌​ឲ្យ​មក​រក​ទ្រង់ ។

កិច្ចការ​អស្ចារ្យ

សូម​ស្រមៃ​ពី​ស្ថានភាព​ខាង​ក្រោម​នេះ ៖

ថ្មីៗ​នេះ​ប៊ីស្សព​បាន​ស្នើសុំ​ឲ្យ អានីកា​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន អំពី​វិធី​ដែល​នាង​អាច​ឈោង​ទៅ​ជួយ​យុវនារី​ម្នាក់​ក្នុង​វួដ​របស់​នាង ដែល​មិន​បាន​ចូល​ក្នុង​សាសនាចក្រ ។ អានីកា​មាន​អារម្មណ៍​ភ័យ​បន្តិច ហើយ​ងឿង​ឆ្ងល់​ថា « ហេតុអ្វី​ប៊ីស្សព​ឲ្យ​ខ្ញុំ​ធ្វើ​រឿងនេះ ? គាត់​ប្រហែល​ជា​មាន​ប្រសិទ្ធភាព​ច្រើន​ក្នុង​ការជួយ​នាង​ជាង​ខ្ញុំ » ។

  • តើ​អ្វី​អាច​ជា​ហេតុផល​មួយ​ចំនួន​ដែល​ប៊ីស្សព​របស់​អានីកា អាច​អញ្ជើញ​នាង​ឲ្យឈោង​ទៅ​ជួយ​យុវនារី​នោះ ជាជាង​គាត់​ឈោង​ទៅ​ជួយ​នាង​ដោយ​ខ្លួន​ឯង ?

ថ្ងៃនេះ អ្នក​នឹង​សិក្សា​ពី​ផ្នែក​ចុង​ក្រោយ​នៃ​រូបាធិដ្ឋាន​នៃ​ដើម​អូលីវ​ដែល​បាន​កត់ត្រា​នៅក្នុង យ៉ាកុប ៥ ។ ផ្នែក​នៃ​រូបាធិដ្ឋាន​នេះ​តំណាងឲ្យ​ថ្ងៃ​ចុងក្រោយ​បង្អស់ ។ សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​បាន​ពី​ផ្នែក​នៃ​រូបាធិដ្ឋាន​នេះ​គឺ​ថា ព្រះអម្ចាស់​អញ្ជើញ​អ្នកបម្រើ​នៅ​ថ្ងៃ​ចុង​ក្រោយ​របស់​ទ្រង់​ឲ្យ​ធ្វើការ​នៅក្នុង​ចម្ការ​របស់​ទ្រង់ ដោយ​ចូលរួម​ក្នុង​ការប្រមូល​សាសន៍​អ៊ីស្រាអែល ។

មុន​ពេល​អ្នក​ចាប់ផ្តើម​សិក្សា សូម​ពិចារណា​ពី​អារម្មណ៍​របស់​អ្នក​អំពី​ការត្រូវ​បាន​អញ្ជើញ​ដោយ​ព្រះអម្ចាស់​ឲ្យ​ជួយ​ប្រមូល​មនុស្ស​មក​រក​ទ្រង់ ។ តើ​អ្នក​ធ្លាប់​ឆ្ងល់​ថា ហេតុអ្វី​ទ្រង់​អញ្ជើញ​អ្នក​ឲ្យជួយ​ទ្រង់​ក្នុង​កិច្ចការ​របស់​ទ្រង់​អំពី​ការសង្គ្រោះ​ព្រលឹង​ទាំងឡាយ​ដែរ​ឬ​ទេ ? នៅពេល​អ្នក​សិក្សា សូម​រកមើល​ការបង្រៀន​ដែល​អាច​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់ អំពី​ព្រះរាជ​បំណង​របស់​ព្រះអម្ចាស់ សម្រាប់​ការអញ្ជើញ​យើង​ឲ្យ​ចូលរួម​ជាមួយ​ទ្រង់ ក្នុង​ការប្រមូល​សាសន៍​អ៊ីស្រាអែល ។

ម្ចាស់​ចម្ការ​អញ្ជើញ​អ្នក​បម្រើ​ឲ្យ​ធ្វើការ​ជាមួយ​គាត់

ផ្នែក​ចុងក្រោយ​នៃ​រូបាធិដ្ឋាន​នេះ​ចាប់ផ្តើម​ដោយ​ការសន្ទនា ដែល​កើតឡើង​រវាង​ម្ចាស់ចម្ការ​ដែល​តំណាងឲ្យ​ព្រះយេស៊ូវ​គ្រីស្ទ និង​អ្នកបម្រើ​របស់ទ្រង់​ដែល​តំណាងឲ្យ​ព្យាការី​របស់​ព្រះអម្ចាស់ ។

សូម​អាន យ៉ាកុប ៥:៦១–៦២, ៧០ ដោយ​រកមើល​អ្វី​ដែល​ម្ចាស់​ចម្ការ​បាន​បង្គាប់​អ្នកបម្រើ​របស់​គាត់​ឲ្យ​ធ្វើ និង​មូលហេតុដែល​គាត់​សុំ​ឲ្យ​អ្នក​បម្រើ​នោះ​ធ្វើ​កិច្ចការ​នេះ ។

  • តើ​នរណា​នៅក្នុង​ខគម្ពីរ​ទាំងនេះ​អាច​តំណាង​ឲ្យ​អ្នក និង​សមាជិក​ផ្សេង​ទៀត​នៃ​សាសនាចក្រ ?

ប្រធាន រ័សុល អិម ណិលសុន បាន​ពិភាក្សា​អំពី​កិច្ចការ​ដែល​ព្រះអម្ចាស់ និង​អ្នកបម្រើ​ទ្រង់​ធ្វើ​នៅ​ថ្ងៃ​ចុង​ក្រោយ ៖

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ប្រាប់​ព្យាការី យ៉ូសែប ស្ម៊ីធ ថា ឥឡូវ​នេះ មាន​ន័យ​ថា ជំនាន់​របស់​យើង គឺ​ជា​ម៉ោង​ទីដប់​មួយ និង​ជា​ពេល​ចុងក្រោយ​ដែល​ទ្រង់​នឹង​ហៅ​ពួកអ្នក​ធ្វើការ​ចូល​ក្នុង​ចម្ការ​របស់​ទ្រង់​ក្នុង​គោលបំណង​ប្រមូល​អ្នក​រើសតាំង​ពី​ទិស​ទាំង​បួន​នៃ​ផែនដី [ សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៣:៣, ៦ ] ។…

តើ​អ្នក​ចង់​ជួយ​ប្រមូល​សាសន៍​អ៊ីស្រាអែល អំឡុង​ថ្ងៃ​ចុងក្រោយ​ដ៏​មាន​តម្លៃ​នេះ​ឬ​ទេ ?…

… ចូរ​គិត​ពី​ចំណុច​នេះ !  ក្នុង​ចំណោម​មនុស្ស​ទាំងអស់​ដែល​ធ្លាប់​រស់នៅ​លើ​ផែនដី​នេះ ពួកយើង​គឺ​ជា​មនុស្ស​ដែល​បាន​ចូលរួម​នៅក្នុង​ព្រឹត្តការណ៍​នៃ​ការប្រមូលផ្ដុំ​ដ៏​អស្ចារ្យ​ចុង​ក្រោយ​នេះ ។ ឱ នោះ​ជា​រឿង​រំភើប​ណាស់ !

ព្រះវរបិតា​សួគ៌​របស់​យើង​បាន​រក្សា​ទុក​វិញ្ញាណ​ដ៏​អស្ចារ្យៗ​បំផុត​ជាច្រើន—ប្រហែល​ជា​ខ្ញុំ​អាច​និយាយ​ថា ជា​ក្រុម​ដ៏​ល្អ​បំផុត​របស់​ទ្រង់—សម្រាប់​ដំណាក់កាល​ចុងក្រោយ​នេះ ។ ពួក​វិញ្ញាណ​ដ៏​អស្ចារ្យៗ ជា​វីរបុរស​ទាំងនោះ—អ្នក​ដែល​សំខាន់​បំផុត​ទាំងនោះ—គឺជា​អ្នក !  ( ប្រធាន រ័សុល អិម ណិលសុន និង វិនឌី ដបុលយូ ណិលសុន « Hope of Israel » [ ការប្រជុំ​ធម្មនិដ្ឋាន​សម្រាប់​យុវវ័យ​ទូទាំង​ពិភពលោក ថ្ងៃ​ទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ] បន្ថែម​ទៅនឹង New Era និង Ensign ទំព័រ ៨ ChurchofJesusChrist.org )

  • តើ​សេចក្ដីថ្លែងការណ៍​របស់​ប្រធាន ណិលសុន បាន​ជួយ​អ្នក​ឲ្យ​រៀន ឬ​ទទួល​អារម្មណ៍​អ្វី​ខ្លះ​អំពី​ព្រះ ?

  • តើ​វា​បាន​បង្រៀន​អ្នក​អ្វី​ខ្លះ​អំពី​ខ្លួន​អ្នក និង​តួនាទី​ដែល​អ្នក​ត្រូវ​ធ្វើ​នៅក្នុង​ការប្រមូលសាសន៍​អ៊ីស្រាអែល ?

  • តើ​អ្នក​គិត​ថា​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​ព្រះអម្ចាស់​អញ្ជើញ​យើង​ឲ្យ​ជួយ​ប្រមូល​មនុស្ស​មក​រក​ទ្រង់ ?

ផ្នែក​របស់​អ្នក​នៃ​ចម្ការ​របស់​ព្រះ‌អម្ចាស់

  1. សូម​បំពេញ​ចំណុច​ដូច​ត​ទៅ​នេះ ៖

    នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ឬ​នៅលើ​ក្រដាស​មួយ​សន្លឹក​ផ្សេង​ទៀត សូម​គូរ​រូបភាព​នៃ​ចម្ការ ឬ​វាល​ដែល​តំណាងឲ្យ​ចម្ការ​របស់​ព្រះអម្ចាស់ ។ បន្ទាប់​មក​គូរ ឬ​សរសេរ​អ្វី​មួយ​ចំនួន​ដែល​តំណាង​ឲ្យ​ចំណុច​ដូច​ខាង​ក្រោម ៖

    1. ឱកាស​ដែល​អ្នក​ត្រូវ​ធ្វើការ​ក្នុង​ចម្ការ​របស់​ព្រះអម្ចាស់ ហើយ​ជួយ​ប្រមូល​សាសន៍​អ៊ីស្រាអែល ។ឧទាហរណ៍​ខ្លះៗ អាច​រួមបញ្ចូល​រូបភាព ឬ​ពាក្យ​ដែល​តំណាង​ឲ្យ​មនុស្ស​ដែល​អ្នក​អាច​ជួយឲ្យ​ខិត​ទៅ​ជិត​ព្រះអង្គ​សង្គ្រោះ សកម្មភាព​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​ចែកចាយ​ដំណឹងល្អ​ដោយ​ផ្ទាល់ ឬ​តាម​អ៊ីនធឺណិត ឬ​កិច្ចខិតខំ​ដើម្បី​ផ្តល់ពរ​ដល់​មនុស្ស​នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​វាំងនន​តាមរយៈ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ។

    2. ឧបសគ្គ​ដែល​អ្នក​ប្រឈមមុខ​ក្នុង​ការខិតខំ​របស់​អ្នក​ក្នុង​ការធ្វើការ​ក្នុង​ចម្ការ​របស់​ព្រះអម្ចាស់ ។ឧទាហរណ៍​ខ្លះៗ អាច​រួមបញ្ចូល​រូបភាព ឬ​ពាក្យ​ដែល​តំណាងឲ្យ​ឧបសគ្គ​នានា ដូចជា​ការភ័យខ្លាច ការមិន​ប្រាកដប្រជា​អំពី​អ្វី​ដែល​ត្រូវ​ធ្វើ ឬ​មាន​អារម្មណ៍​មមាញឹក​នឹង​កិច្ចការ​ផ្សេងទៀត ។

សូម​សិក្សា​ខគម្ពីរ​ខាង​ក្រោម​នេះ ដោយ​រកមើល​ការបង្រៀន​ដែល​អាច​ជួយ​អ្នក​យកឈ្នះ​លើ​ឧបសគ្គ​ដែល​អ្នក​បាន​រកឃើញ ។ សូម​ពិចារណា​បន្ថែម​រូបភាព ឬ​ពាក្យ​ទៅលើ​គំនូរ​ចម្ការ​របស់​អ្នក ដោយ​ផ្អែក​លើ​អ្វី​ដែល​អ្នក​បាន​រៀន ។

  • តើ​យើង​បាន​រៀន​អ្វី​ខ្លះ​អំពី​ព្រះអម្ចាស់​ក្នុង​ខគម្ពីរ​ទាំងនេះ ?

  • តើ​ពាក្យ ឬ​ឃ្លា​អ្វីខ្លះ​ពី​ខគម្ពីរ​ទាំងនេះ​អាច​ជួយ​នរណា​ម្នាក់​ដែល​ស្ទាក់ស្ទើរ​ក្នុង​ការចូលរួម​ក្នុង​ការប្រមូល​សាសន៍​អ៊ីស្រាអែល ?

  • តើ​ពរជ័យ​អ្វី​ខ្លះ​ដែល​អ្នក​បានឃើញ ឬ​ទទួល​បទពិសោធន៍​សម្រាប់​ការចូលរួម​ជាមួយ​ព្រះអម្ចាស់ ក្នុង​ការធ្វើការ​ដើម្បី​នាំ​ព្រលឹង​ទាំងឡាយ​មក​កាន់​ទ្រង់ ?

សូម​ចំណាយ​ពេល​មួយ​ភ្លែត​ដើម្បី​គិត​អំពី​ជំហាន​បន្ទាប់​របស់​អ្នក សម្រាប់​ការចូលរួម​ជាមួយ​ព្រះអម្ចាស់​ក្នុង​ការប្រមូល​សាសន៍​អ៊ីស្រាអែល ។ សូម​កត់ត្រា​គោលដៅ​ដែល​ទាក់ទង​នឹង​បញ្ហា​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ឬ​បង្កើត​គោលដៅ​ដែល​អ្នក​បាន​កំណត់​សម្រាប់​ខ្លួន​អ្នក​រួចហើយ ។ អ្នក​ក៏​អាច​បញ្ចូល​ពាក្យ ឬ​រូបភាព​នានា​ដែល​តំណាង​ឲ្យ​គោលដៅ​របស់​អ្នក​នៅលើ​គំនូរ​ចម្ការ​របស់​អ្នក ។ សូម​ពិចារណា​មើល « ចម្រៀង​បាវចនា​យុវវ័យ​ឆ្នាំ ២០២១ ៖ ‹ A Great Work › » ( ៤:០៦ ) ដែល​មាន​នៅ ChurchofJesusChrist.orgនៅពេល​អ្នក​គិត​អំពី​អ្វី​ដែល​អ្នក​ចង់ឲ្យ​គោលដៅ​របស់​អ្នក​បាន​សម្រេច ។