ថ្នាក់​សិក្ខាសាលា
នីហ្វៃទី ១ ១ ៖ « មាន​ពួក​ព្យាការី​ជា​ច្រើន »


« នីហ្វៃទី ១ ១ ៖ ‹ មាន​ពួក​ព្យាការី​ជា​ច្រើន › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី ១ ១ ៖ ‹ មាន​ពួក​ព្យាការី​ជា​ច្រើន › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី ១ ១

« មាន​ពួក​ព្យាការី​ជា​ច្រើន »

រូបភាព
លីហៃ​ផ្សព្វផ្សាយ​នៅក្រុង​យេរូសាឡិម

ព្យាការី​មិន​តែងតែ​ចែកចាយ​សារលិខិត​ដែល​ពេញ​និយម​ជាមួយ​ពិភពលោក​នោះ​ទេ ប៉ុន្តែ​ការបង្រៀន និង​ការព្រមាន​របស់​ពួកលោក​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះអម្ចាស់​ចំពោះ​រាស្ដ្រ​របស់​ទ្រង់ ។ លីហៃ​ត្រូវ​បាន​ព្រះហៅ​ឲ្យ​ផ្សាយ​ពី​ការប្រែចិត្ត​ដល់​ប្រជាជន​នៅ​ក្រុង​យេរូសាឡិម ។ ទោះបី​ជា​មាន​ការអង្វរ​ករ និង​ការព្រមាន​របស់​លោក​ក៏​ដោយ ក៏​ពួកគេ​បាន​បដិសេធ​ពាក្យ​សម្ដី​របស់​លោក ហើយ​បាន​រក​សម្លាប់​លោក​ផងដែរ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទទួល​អារម្មណ៍​ពី​សារៈសំខាន់​នៃ​ការទទួល និង​ការធ្វើ​តាម​ព្យាការី​របស់​ព្រះ ។

ការព្រមាន

សូម​ស្រមៃ​ថា​មាន​ឱកាស​បណ្តែត​ខ្លួន ឬ​ជិះទូក​នៅលើ​ទន្លេ​នេះ ។

  • តើ​អ្នក​មាន​ការព្រួយ​បារម្ភ​ដែរ​ឬ​ទេ ? ហេតុ​អ្វី​ព្រួយ​បារម្ភ ឬ​ហេតុអ្វី​មិន​ព្រួយ​បារម្ភ ?

រូបភាព
ទន្លេ​ស្ងប់​ខ្យល់

កាល​អ្នក​ហៀបនឹង​ចាប់ផ្តើម​ដំណើរ​កំសាន្ត​របស់​អ្នក មាន​បុគ្គល​ម្នាក់​ព្រមាន​អ្នក​ថា ទឹក​ទន្លេ​នេះ​ស្ងប់​ខ្យល់​ទេ ប៉ុន្តែ​ផ្នែក​មួយ​នឹង​បង្ហាញ​ពី​គ្រោះថ្នាក់ និង​គំរាមកំហែង​ដល់​អាយុ​ជីវិត ។

  • តើ​នឹង​អ្នក​ទុកចិត្ត អ្នក​ដែល​បាន​ព្រមាន​អ្នកដែរ​ឬ​ទេ ? ហេតុ​អ្វី​ព្រួយ​បារម្ភ ឬ​ហេតុអ្វី​មិន​ព្រួយ​បារម្ភ ?

រូបភាព​ខាង​ក្រោម​គឺជា​រូបភាព​នៃទន្លេ​ដូចគ្នា​នេះ ដោយ​មាន​ផ្នែក​ដែល​អ្នក​បាន​ឃើញ​ពីមុន​គឺ​ទម្រង់​ខាង​ក្រៅ​នៃ​ទន្លេ​ ៖

រូបភាព
ទន្លេ​ស្ងប់ស្ងាត់មុន​ពេល​ទឹកជ្រោះ​ធ្លាក់​មក
  • តើ​ឥឡូវ​នេះ​អ្នក​ដឹង និង​ទទួល​អារម្មណ៍​អ្វី​ខ្លះ​​អំពី​បុគ្គល​ដែល​បានផ្តល់​ការ​ព្រមាន​នេះ ?

  • តើ​ស្ថានភាព​ស្រមើស្រមៃ​នេះ​អាច​បង្រៀន​យើង​អ្វីខ្លះ​អំពី​តួនាទី​របស់​ព្យាការី​របស់​ព្រះ ?

សូម​ផ្អាក​មួយ​សន្ទុះ ហើយ​ពិចារណា​ដូចខាង​ក្រោម ៖

  • គ្រោះថ្នាក់​ដែល​ព្យាការី​ទាំងឡាយ​បានព្រមាន​យើង​នៅសម័យ​របស់យើង

  • ពរជ័យ​នៃ​ការគោរពតាម និង​ផលវិបាក​ដែល​អាច​កើត​មាន​ពី​ការ​ព្រងើយ​កន្កើយ​ដល់​ការព្រមាន​របស់​ពួកលោក

  • អារម្មណ៍​របស់អ្នក​អំពី​ការធ្វើ​តាម​ការព្រមាន​របស់​ពួកលោក

  • ហេតុអ្វី​បាន​ជា​អ្នក​ត្រូវការ​ការព្រមាន​របស់​ព្រះ​តាមរយៈ​ព្យាការី​របស់ទ្រង់

កាល​អ្នកសិក្សា សូម​រកមើល​សេចក្ដីពិត​ដែល​អាច​ជួយ​អ្នក​មាន​អារម្មណ៍​ចង់​ធ្វើតាម​ព្យាការី​របស់ព្រះ​កាន់តែ​ខ្លាំងឡើង ។

« មាន​ពួក​ព្យាការី​ជា​ច្រើន »

គម្ពីរ​នីហ្វៃទី ១ បាន​ចាប់ផ្តើម​នៅប្រហែល​ឆ្នាំ ៦០០ មុន​គ.ស នៅក្រុង​យេរូសាឡិម ។ នៅគ្រា​នោះ ពួក​យូដា​ជាច្រើន​នាក់​បាន​បោះបង់​ចោល​ព្រះ ហើយ​ថ្វាយ​បង្គំ​ព្រះ​បាល​ក្លែងក្លាយ ដោយ​ជឿលើ​ពាក្យ​របស់​ព្យាការី​ភូតកុហក និង​ប្រព្រឹត្ត​អំពើ​បាប ដូចជា​ការលួច ឃាតកម្ម និង​អំពើ​អសីលធម៌​ដ៏​ធ្ងន់ធ្ងរ ( សូមមើល យេរេមា ២ ) ។ សូម​គិត​អំពី​របៀប​ដែល​កាលៈទេសៈ​ទាំងនេះ​ស្រដៀង​នឹង​ពិភព​លោក​សព្វថ្ងៃ ។

សូម​អាន នីហ្វៃទី ១ ១:១–៤ ដោយ​រកមើល​ពី​របៀប​ដែល​នីហ្វៃ បាន​ចាប់ផ្តើម​បញ្ជី​របស់លោក ។

  • តើ​អ្នក​គិត​ថា​អ្វី​ដែល​សំខាន់​ដើម្បី​យល់ពី​ខគម្ពីរ​ទាំងនេះ ? ហេតុអ្វី ?

ព្យាការី​ទាំងឡាយ​ដែល​បាន​លើកឡើង​នៅក្នុង ខទី ៤ អាច​រួមបញ្ចូល​ព្យាការី​ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់​ដូចជា យេរេមា ហាបាគុក អូបាឌា ណាហ៊ុម សេផានា និង​ព្យាការី​ដទៃ​ទៀត ។

សូម​អាន នីហ្វៃទី ១ ១:៥–១៥ ហើយ​រកមើល​ព័ត៌មាន​លម្អិត​អំពី​ការហៅ​របស់​លីហៃ​ឲ្យ​ធ្វើ​ជាព្យាការី ។ អ្នក​ប្រហែល​ជា​ចង់មើល « The Lord Commands Lehi’s Family to Leave Jerusalem » ចាប់ពី​នាទី​ទី ០:៣៩ ដល់​នាទី​ទី ៥:៥៣ ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  • តើ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ចាប់​អារម្មណ៍​បំផុត​អំពី​បទពិសោធន៍​របស់​លីហៃ ? ហេតុអ្វី ?

  • តើ​លីហៃ​បាន​រៀន​អ្វី​ខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ពី​អ្វី​ដែល​លោក​បាន​ឃើញ ?

  • ហេតុអ្វី​សេចក្ដីពិត​ទាំងនេះ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​សំខាន់​ដើម្បី​ដឹង​នៅក្នុង​ស្ថានភាព​របស់​អ្នក ?

សូម​អាន នីហ្វៃទី ១ ១:១៨–២០ ដើម្បី​មើល​ពី​អ្វី​ដែល​លីហៃ​បាន​បង្រៀន និង​របៀប​ដែល​ប្រជាជន​ក្រុង​យេរូសាឡិម​បាន​ឆ្លើយតប ។ អ្នក​ប្រហែលជា​ចង់មើល « The Lord Commands Lehi’s Family to Leave Jerusalem » ចាប់ពី​នាទី​ទី ៥:៥៣ ដល់​នាទី​ទី ៧:២៦ ។

  • នៅក្នុង​ការខិតខំ​របស់លោក តើ​លីហៃ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​អំពី​ព្យាការី​ទាំងឡាយ​ចេញពី​បទពិសោធន៍​របស់​លីហៃ ?

សេចក្តី​ពិត​មួយ​ដែល​យើង​អាច​រៀន​ពី​គំរូ​របស់​លីហៃ​គឺថា ព្រះ​ត្រាស់​ហៅ​ព្យាការី​ទាំងឡាយ​ឲ្យ​ព្រមាន​អំពី​ផលវិបាក​នៃ​អំពើបាប និង​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

  • តើ​អ្នក​បាន​ឃើញ​ព្យាការី​ទាំងឡាយ​បំពេញ​ការទទួល​ខុសត្រូវ​ទាំងនេះ​នៅ​សម័យ​របស់យើង​ដោយ​របៀប​ណា ?

  • តើ​មនុស្ស​ខ្លះ​នៅ​សព្វថ្ងៃ​នេះ​បង្ហាញ​ការខឹង​សម្បារ​ចំពោះ​ព្យាការី​ទាំងឡាយ ឬ​បដិសេធ​ពាក្យ​សម្តី​របស់​ពួកលោក​ដោយ​របៀបណា ? តើ​អ្នក​គិត​ថា ហេតុអ្វី​​ពួកគេ​បាន​ឆ្លើយតប​តាម​របៀប​នេះ​ទៅវិញ ?

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវកដប់​ពីរនាក់​បាន​ពន្យល់​ពីសារៈ​សំខាន់​នៃ​អ្វី​ដែល​ព្យាការី​ទាំងឡាយ​របស់​​ព្រះ​បង្រៀន ៖

រូបភាព
អែលឌើរ នែល អិល អាន់ឌើរសិន

ការបោះ​យុថ្កា​នៃ​ព្រលឹង​យើង​ចំពោះ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ តម្រូវ​ឲ្យ​ស្តាប់​ដល់​អស់​អ្នក​ដែល​ទ្រង់​បញ្ជូន​មក ។ …

ខណៈ​ដែល​​សំឡេង​របស់​ព្យាការី​ថ្លែង​ដោយ​ស្រទន់ ជារឿយៗ​វា​ជា​សំឡេង​ដែល​សុំ​ឲ្យ​យើង​ផ្លាស់ប្តូរ ប្រែចិត្ត និង​ត្រឡប់​ទៅ​កាន់​ព្រះអម្ចាស់​វិញ ។ នៅពេល​ណា​មាន​ការកែតម្រូវ​ចាំបាច់ ចូរ​កុំ​បង្អង់​ពេល​ឡើយ ។ ហើយ​ចូរ​កុំ​ភ្ញាក់ផ្អើល នៅពេល​សំឡេង​ព្រមាន​របស់​ព្យាការី​ប្រឆាំង​ទាស់​នឹង​គំនិត​ពេញ​និយម​នៃ​ជំនាន់​នេះ ។ ការសើច​ចំអក​មក​ពី​ពួក​អ្នក​មិន​ជឿ​តែងតែ​កើត​មាន នៅពេល​ព្យាការី​ចាប់ផ្តើម​និយាយ ។ នៅពេល​បងប្អូន​បន្ទាប​ខ្លួន​ក្នុងការ​ធ្វើតាម​ការទូន្មាន​របស់​ព្យាការី​នៃ​ព្រះអម្ចាស់ នោះ​ខ្ញុំ​សូម​សន្យា​នឹង​បងប្អូន​ថា ពរជ័យ​នៃ​សុវត្ថិភាព និង​ភាពសុខសាន្ត​នឹង​ត្រូវ​បាន​បន្ថែម​ឲ្យ​ដល់​បងប្អូន ។

… ការទទួល​ខុសត្រូវ​ដ៏​ធំ​មហិមា និង​អំណោយ​ទាន​ដ៏​មាន​តម្លៃ​បំផុត​របស់​ព្យាការី​ចំពោះ​យើង​គឺ សាក្សី​ដ៏​រឹងមាំ​របស់​លោក ចំណេះដឹង​ពិតប្រាកដ​របស់​លោក ដែល​ថា​ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ។ ( នែល អិល អាន់ឌើរសិន « The Prophet of God » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ២៦–២៧ )

  • ហេតុអ្វី​អ្នក​គិត​ថា​ទំនួលខុស​ត្រូវ​ដ៏​ធំ​បំផុត​របស់​ព្យាការី​ទាំងឡាយ​គឺ​ការចែកចាយ​ទីបន្ទាល់​របស់​លោក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើអ្វី​ដែល​អាច​ជួយ​អ្នក​ឆ្លើយតប​ដោយ​ស្មោះត្រង់​ចំពោះ​ដំបូន្មាន និង​ការព្រមាន​របស់​ព្យាការី​ទាំងឡាយ​របស់​ព្រះ​នៅ​សម័យ​យើង ?

តួនាទី​របស់​ព្យាការី​ទាំងឡាយ និង​សារៈសំខាន់​នៃ​ការធ្វើ​តាម​ពួកលោក

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូម​បំពេញ​ចំណុច​ដូច​តទៅ​នេះ ៖

    សូម​ស្រមៃ​ថា​មិត្តភក្តិ​របស់​អ្នក​ដែល​មិនមែន​ជា​សមាជិក​នៃ​សាសនាចក្រ​ផ្ញើ​សារ​មក​កាន់​អ្នក​ដូច​ខាងក្រោម​នេះ ៖

    « ខ្ញុំ​ចាំ​ថា​ឯង​បាននិយាយ​អ្វីមួយ​អំពី​របៀប​ដែល​ព្រះវិហារ​របស់​ឯង​មាន​ពួកព្យាការី ។ តើ​វា​ពិត​ជា​ត្រឹមត្រូវ​ទេ ? តើ​ពួក​ព្យាការី​ធ្វើ​អ្វី​ខ្លះ ? តើ​ពួកលោក​ដូចជា​ព្យាការី​ក្នុង​ព្រះគម្ពីរ​ប៊ីប​ឬ​ទេ ? »

    អ្នក​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា​សំណួរ​របស់​ពួកគេ​ត្រូវបាន​ឆ្លើយ​យ៉ាងច្បាស់​លាស់ ។ សូម​រៀបចំ​ចម្លើយ​ដោយ​ប្រើ​វិធី​នីមួយៗ​ដូច​ខាងក្រោម ៖

    1. វគ្គបទគម្ពីរ និង​ឧទាហរណ៍​ពី នីហ្វៃទី ១ ១ ( និង​វគ្គ​បទគម្ពីរ​ផ្សេង​ទៀត​អំពី​ព្យាការី​ទាំងឡាយ​ដែល​អ្នក​ប្រហែល​ជា​ដឹង ) ដែល​អាច​ជួយ​ពួកគេ​ឲ្យ​យល់​អំពី​តួនាទី​របស់​ព្យាការី ។

    2. ឧទាហរណ៍​អំពី​របៀប​ដែល​ព្យាការី​ទាំងឡាយ​នៅ​សម័យ​ទំនើប​បាន​ជួយ​អ្នក​ចូល​មក​ជិត​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ពិចារណា​អំពី​ការចែកចាយ​ឧទាហរណ៍​ដែល​ព្យាការី​បានមាន​ឥទ្ធិពល​លើ​អ្នក​មកពី​សុន្ទរកថា​សន្និសីទ​ទូទៅ​ថ្មីៗ​នេះ អត្ថបទ​ទស្សនាវដ្ដី​របស់​សាសនាចក្រ ឬ​កូន​សៀវភៅ ដើម្បី​កម្លាំង​យុវជន ។

    3. ឧទាហរណ៍​ចេញពី​ជីវិត​របស់​អ្នក ឬ​ជីវិត​របស់​អ្នក​ដទៃ​ដែល​បង្ហាញ​ពី​ផលវិជ្ជមាន​នៃ​ការស្តាប់​តាមព្យាការី ។ សូម​ពិចារណា​បន្ថែម​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​អ្នក​អំពី​ព្យាការី ។

សូម​សញ្ជឹងគិត​ពី​របៀប​ដែល​អ្នក​បាន​ឆ្លើយតប​ទៅនឹង​ការព្រមាន​ថ្មីៗ​របស់​ព្យាការី​ទាំងឡាយ ។ សូម​ស្វែងរក​ជំនួយ​ពី​ព្រះវរបិតាសួគ៌ តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ស្វែងរក​របៀប​ដែល​អ្នក​អាច​ស្តាប់តាម​ការទូន្មាន​របស់​ពួកលោក​កាន់តែ​ប្រុងប្រយ័ត្ន ។ សូម​សរសេរ​គំនិត​ទាំងនោះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់អ្នក ហើយ​អធិស្ឋាន​ជ្រើសរើស​យក​គំនិតមួយ​ដើម្បី​អនុវត្ត​ក្នុង​ជីវិត​របស់អ្នក ។