២០២០
ពេល​ខ្ញុំ​មាន​អារម្មណ៍​ថា​ត្រូវបាន​បំភាន់​អំពី​សាសនាចក្រ
ខែ កក្កដា ឆ្នាំ ២០២០


ពេល​ខ្ញុំ​មាន​អារម្មណ៍​ថា​ត្រូវបាន​បំភាន់​អំពី​សាសនាចក្រ

ហេតុអ្វី​ខ្ញុំ​បាន​ចាកចេញ ។ ហើយ​មូលហេតុ​អ្វី​ខ្ញុំ​បាន​ត្រឡប់​មកវិញ ។

រូបភាព
man coming and going from church

រចនា​រូបភាព​ដោយ ម៉ាក ស្ម៊ីធ

ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ខ្ញុំ​បាន​តាមដាន​ការសន្ទនា​មួយ​នៅលើ​បណ្ដាញ​សង្គម​រវាង​ដៃគូ​ពីរ​នាក់​ពី​ក្នុង​បេសកកម្ម​របស់​ខ្ញុំ ។ ពួកគេ​ជា​បុរស​ដែល​ខ្ញុំ​ស្រឡាញ់ និង​គោរព ។

ពួកគេ​បាន​ពិភាក្សា​​ពី​សំណួរ​ដែល​ពួកគេ​មាន​អំពី​​សាសនាចក្រ និង​គោលលទ្ធិ​របស់​វា ។ មិន​យូរ​ប៉ុន្មាន វា​បង្ហាញ​យ៉ាង​ច្បាស់​​ថា ពួកគេ​បាន​ចាកចេញ​ពី​ព្រះវិហារ​ហើយ ។ វា​ធ្វើ​ឲ្យ​ខ្ញុំ​តក់ស្លុត ហើយ​រំខាន​ដល់​ចិត្ត​ខ្ញុំ​ណាស់ ។ ខ្ញុំ​ពុំ​ដែល​បាន​ឮ​ពី​អ្វី​មួយ​ចំនួន​ដែល​ពួកគេ​បាន​កំពុង​ពិភាក្សា​នោះ​ទេ ។ ខ្ញុំ​បាន​មាន​អារម្មណ៍​ថា ខ្ញុំ​ត្រូវតែ​ដឹង​ថា​បើ​រឿង​ទាំង​នេះ​ពិត​ឬ​ទេ ។ ដូច្នេះ​ខ្ញុំ​បាន​ចាប់ផ្ដើម​មើល​ទៅក្នុង​ការជជែក​វែកញែក​របស់​ពួក​អ្នក​ដែល​មាន​កង្វល់​អំពី​សាសនាចក្រ ។

រឿងរ៉ាវ​មួយ​ចំនួន​ដែល​បាន​អាន​ពីរ​ឆ្នាំ​បន្ទាប់​ពី​នោះ បាន​ដឹកនាំ​ខ្ញុំ​ឲ្យ​សង្ស័យ​អ្វីៗ​គ្រប់​យ៉ាង​អំពី​សាសនាចក្រ ។ អ្នកខ្លះ​ដែល​ឆ្លងកាត់​រឿង​នេះ មាន​អារម្មណ៍​សោកសៅ ។ ពួកគេ​កើត​ទុក្ខ​យ៉ាង​ខ្លាំង​ចំពោះ​ការបាត់បង់​សេចក្ដី​ជំនឿ​របស់​ពួកគេ ។ ខ្ញុំ​មាន​ចិត្ត​ខឹង​សម្បារ ។ ខ្ញុំ​បាន​មាន​អារម្មណ៍​ថា សាសនាចក្រ​បាន​បោក​បញ្ឆោត​ខ្ញុំ ។ ខ្ញុំ​ពុំ​ដឹង​ប្រាកដ​ថា អ្វី​ជា​ការពិត ហើយ​នរណា​ដែល​ខ្ញុំ​អាច​ទុកចិត្ត​បាន​ទៀត​ឡើយ ។

ខ្ញុំ​មាន​ការពិបាក​ក្នុង​ការ​​ទៅ​ព្រះវិហារ ។ ខ្ញុំ​បាន​សូម​ដោះលែង​​ពី​ការហៅ​បម្រើ​របស់​ខ្ញុំ ។ ចំណង​ទាក់ទង​ជាមួយ​ភរិយា​ខ្ញុំ ឈែរី និង​គ្រួសារ​ខ្ញុំ​មាន​ភាពតានតឹង​ណាស់ ។ ខ្ញុំ​បាន​បន្ត​ទៅ​ព្រះវិហារ ប៉ុន្តែ​វា​គ្រាន់តែ​ដើម្បី​បង្ហាញ​គេ និង​ដើម្បី​ព្យាយាម ហើយ​រក្សា​ក្រុមគ្រួសារ​ខ្ញុំ​ឲ្យ​ជុំ​គ្នា​ប៉ុណ្ណោះ ។ ជីវិត​​គឺ​ច្របូក​ច្របល់​ណាស់ ។ ខ្ញុំ​ពុំ​អាច​មាន​ព្រះវិញ្ញាណ​ទេ ហើយ​សង្ស័យ​ថា​តើ​ខ្ញុំ​ធ្លាប់​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​ដែល​ឬ​ទេ ។

ពេល​ដែល​កូនច្បង​របស់​ខ្ញុំ ខេសុន បាន​ចាកចេញ​ទៅ​បេសកកម្ម​របស់​គាត់ ខ្ញុំ​បាន​បង្កើត​បរិយាកាស​អវិជ្ជមាន​ទៅលើ​អ្វី​ដែល​គួរតែ​ជា​ឱកាស​ដ៏​ពោរពេញ​ដោយ​អំណរ​មួយ ។ បន្ទាប់​ពី​ពីរ​ឆ្នាំ ភាគច្រើន​បំផុត​នៅក្នុង​គ្រួសារ​ខ្ញុំ​បាន​ដឹង​ពី​អ្វី​ដែល​ខ្ញុំ​កំពុង​ឆ្លងកាត់ ។ ពេល​ដែល​ពួកគេ​ទាំងអស់​គ្នា​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​ខេសុន​ជាលើក​ដំបូង​សម្រាប់​គាត់ ខ្ញុំ​ពុំ​បាន​នៅ​ទីនោះ​ទេ ។

ខ្ញុំ​មាន​អារម្មណ៍​ឯកោ​ណាស់​ឆ្លងកាត់​បទពិសោធន៍​ទាំងអស់​នេះ ។

ការគាំទ្រ​នៅ​ជុំ​វិញ​ខ្លួន​ខ្ញុំ

ថ្ងៃ​មួយ​បងប្អូន​ប្រុស​របស់​ខ្ញុំ​បាន​មក​ជុំ​គ្នា​ដើម្បី​និយាយ​ពី​អ្វី​ដែល​ខ្ញុំ​កំពុង​ឆ្លងកាត់ ។ ខ្ញុំ​ពិត​ជាមិន​ចាំ​ពី​អ្វី​ដែល​ពួកគេ​និយាយ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​បាន​ដឹង​ថា​វា​ត្រូវបាន​ធ្វើ​ឡើង​ដោយ​សារ​សេចក្ដី​ស្រឡាញ់ ។ កាលដែល​ពួកយើង​បាន​និយាយ​គ្នា ខ្ញុំ​បាន​ចាប់ផ្ដើម​ដឹង​ពី​អ្វី​ដែល​ខ្ញុំ​កំពុង​ខកខាន ។ វា​បាន​ក្លាយ​ជា​ការជំរុញ​ឲ្យ​ផ្លាស់​ប្ដូរ ។ វា​គួរតែ​ជា​រូបខ្ញុំ​ដែល​ត្រូវ​តែងតាំង​ខេសុន​ជា​អែលឌើរ​ម្នាក់ ។ វា​គួរតែ​ជា​ខ្ញុំ​ដែល​អម​ដំណើរ​គាត់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ ។ វា​គួរតែ​ជា​ខ្ញុំ​ដែល​ជា​អ្នក​ផ្ដល់​ពរជ័យ​ឪពុក​ដល់​គាត់​មុន​គាត់​ចាកចេញ ។ ហេតុការ​ដ៏​សំខាន់​បំផុត​ទាំងនោះ​នៅក្នុង​ជីវិត​គាត់​គឺ​សម្រាប់​ខ្ញុំ​ដើម្បី​នៅ​ទីនោះ មិនមែន​នរណា​ម្នាក់​ផ្សេង​ទៀត​ទេ ។ ខ្ញុំ​ចាំ​ពី​ការសួរ​ខ្លួន​ឯង​ថា « តើ​ខ្ញុំ​កំពុង​ធ្វើ​អ្វី ? »

មិន​យូរ​បន្ទាប់​មក មិត្ត​ដ៏​ល្អ​ម្នាក់​បាន​ទទួល​ការបំផុស​គំនិត​​ណែនាំ​ខ្ញុំ​ឲ្យ​ស្គាល់​សមាជិក​ម្នាក់​ក្នុង​គណៈប្រធាន​ស្តេក​របស់​គាត់ ។ បុរស​ដ៏​ចិត្ត​ល្អ​នេះ​បាន​ស្ដាប់​ដល់​រឿងរ៉ាវ​របស់​ខ្ញុំ​ដោយ​ចេតនា​ពិត ហើយ​ហាក់ដូច​ជា​ដឹង​ពី​អ្វី​ដែល​ខ្ញុំ​កំពុង​និយាយ​ពី​មុន​ខ្ញុំ​និយាយ​វា​ទៀត ។ យើង​បាន​និយាយ​គ្នា​រាប់​ម៉ោង ។ រឿង​របស់​ខ្ញុំ សំណួរ​របស់​ខ្ញុំ ភាពសម​ហេតុផល​ដែល​ខ្ញុំ​បាន​ជួប គឺ​ស្រដៀង​គ្នា​ណាស់​ទៅ​នឹង​អ្វី​ដែល​អ្នក​ផ្សេង​ទៀត​បាន​ចែកចាយ​នឹង​គាត់ ។ ខ្ញុំ​បាន​ចាប់ផ្ដើម​ដឹង​ថា មិន​មាន​ចម្លើយ​សម​ហេតុផល​នានា​សម្រាប់​កង្វល់​ភាគច្រើន​របស់​ខ្ញុំ​ទេ ហើយ​ថា​សំណួរ​ភាគច្រើន​របស់​ខ្ញុំ ទោះជា​វា​ជា​សំណួរ​ដ៏​ស្មោះត្រង់​ក្ដី ក៏​វា​បាន​កើតឡើង​ដោយ​មក​ពី​មនុស្ស​ដទៃ​ទៀត​ដែល​មាន​បំណង​បំផ្លាញ​សេចក្ដី​ជំនឿ ។

តើ​សំណួរ និង​កង្វល់​ទាំងឡាយ​របស់​ខ្ញុំ​ត្រូវបាន​ដោះស្រាយ​ភ្លាមៗ​ឬ ? អត់ទេ ពិត​ជា​អត់​ទេ ។ ប៉ុន្តែ​ដួងចិត្ត​របស់​ខ្ញុំ​ត្រូវបាន​បន្ទន់​គ្រប់គ្រាន់​ធ្វើឲ្យ​ខ្ញុំ​ដឹង​ពី​សេចក្ដីពិត​ដ៏​អស្ចារ្យ​មួយ ៖ សំណួរ​គឺ​ល្អ ប៉ុន្តែ​សំណួរ​មួយ​ចំនួន​សំខាន់​ជាង​មួយ​ចំនួន​ផ្សេង​ទៀត ។ តើ​ការបាត់បង់​គ្រួសារ​របស់​ខ្ញុំ ហើយ​ការឈរ​នៅ​ចំពោះ​ព្រះ​សម​នឹង​តម្លៃ​នៃ​សំណួរ​ដែល​មិន​មាន​ចម្លើយ​មួយ​ចំនួន​នោះ​ឬ ? ពេល​ដែល​ខ្ញុំ​ផ្ដោត​ជា​ដំបូង​ទៅលើ​សំណួរ​ទាំងឡាយ​ដែល​សំខាន់​បំផុត ហើយ​ដាក់​ព្រះ​ជា​ទី​មួយ​វិញ​នៅក្នុង​ដួងចិត្ត​ខ្ញុំ នោះ​ខ្ញុំ​បាន​ចាប់ផ្ដើម​រកឃើញ​ចម្លើយ​ទាំងឡាយ​ដែល​បាន​បញ្ជាក់​ដល់​ខ្ញុំ​ម្ដង​ទៀត​ថា ខ្ញុំ​កំពុង​តែ​ស្ថិត​នៅលើ​ផ្លូវ​ដ៏​ត្រឹមត្រូវ ។

ប្រធាន​ស្តេក និង​ប៊ីស្សព​របស់​ខ្ញុំ​ក៏​បាន​ឈោង​មក​ជួយ​ខ្ញុំ​ផងដែរ ។ ពួកគាត់​ជា​ជំនួយ​ដ៏​អស្ចារ្យ​ដល់​ខ្ញុំ និង​ឈែរី​អំឡុង​គ្រា​ដ៏​ងងឹង​ទាំងឡាយ​នេះ ។ ពួកគាត់​មិន​ដែល​បោះបង់​ចោល​ទេ ។ ពួកគាត់ និង​គ្រួសារ​ខ្ញុំ​នៅ​ទាំង​សងខាង​នៃ​វាំងនន​គឺជា​ឧបករណ៍​នៅក្នុង​ការជួយ​ខ្ញុំ ។ ខ្ញុំ​ដឹង​ថា ព្រះវរបិតាសួគ៌​ស្គាល់ ហើយ​ស្រឡាញ់​ខ្ញុំ ។ ទ្រង់​ដាក់​មនុស្ស​នៅ​តាម​ផ្លូវ​របស់​យើង​ពេល​យើង​ត្រូវការ​ពួកគេ ។ យើង​គ្រាន់តែ​ត្រូវ​មាន​ឆន្ទៈ​ដើម្បី​​ទទួល​យក​ជំនួយ​របស់​ពួកគេ​ប៉ុណ្ណោះ ។

តើ​នឹង​ធ្វើ​អ្វី​ប្រសិន​បើ​ជា​បងប្អូនវិញ​នោះ

ខ្ញុំ​ដឹង​ថា​មាន​មនុស្ស​ផ្សេង​ទៀត​ដែល​អាច​នឹង​កំពុង​ឆ្លងកាត់​រឿងរ៉ាវ​ស្រដៀង​គ្នា​នេះ ។ វា​អាច​ជា​បងប្អុន ឬ​នរណា​ម្នាក់​ដែល​បងប្អូន​ស្គាល់ ។

ខ្ញុំ​ដឹង​ថា​ព្រះអង្គ​សង្គ្រោះ​បាន​ស្ថាបនា​សាសនាចក្រ​របស់​ទ្រង់​ជាមួយ​នឹង​សិទ្ធិអំណាច​ដើម្បី​ផ្ដល់​នូវ​ពិធី​បរិសុទ្ធ និង​សេចក្ដី​សញ្ញា​ទាំងឡាយ ដែល​យើង​ត្រូវការ​ដើម្បី​វិល​ត្រឡប់​ទៅកាន់​ទ្រង់​វិញ ។ សាតាំង​កំពុង​ធ្វើការ​បន្ថែម​ម៉ោង​ដើម្បី​បង្ខូច​​សាសនាចក្រ​របស់​ព្រះអម្ចាស់ ដោយ​ប្រើ​គ្រប់​មធ្យោបាយ​ណា​ដ៏​ដោយ​ដែល​វា​អាច​ធ្វើ​បាន ។ ការមាន​សំណួរ និង​បង្កើត​ជា​ការសង្ស័យ​គឺ​ងាយស្រួល​ណាស់ ។ ការធ្លាក់​ចូល​ទៅក្នុង​អន្ទាក់​របស់​វា​គឺ​អាច​កើតឡើង​ដល់​មនុស្ស​គ្រប់​គ្នា ។ ការពឹង​ផ្អែក​លើ​ព័ត៌មាន និង​ចម្លើយ​ដែល​អ្នក​ផ្សេង​ទៀត​ផ្ដល់​ឲ្យ​អាច​ជា​ការងាយ​ស្រួល​ជាង​ការធ្វើ​កិច្ចការ​ស្វែងរក​សេចក្ដី​ពិត​ដោយ​ខ្លួនឯង « ដោយ​សារ​ការ​សិក្សា និង​ដោយ​សារ​សេចក្ដី​ជំនឿ​ផង » នោះ​ខ្លាំង​ណាស់ ( គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១១៨ ការសង្កត់ន័យ​ត្រូវបាន​បន្ថែម ) ។ ប៉ុន្តែ​នៅទី​បំផុត នោះ​ជា​អ្វី​ដែល​ព្រះ​តម្រូវ​ឲ្យ​ធ្វើ ។

ប្រសិន​បើ​បងប្អូនកំពុង​ជួប​ការលំបាក​ជាមួយ​នឹង​សំណួរ និង​ការសង្ស័យ​ទាំងឡាយ​អំពី​សាសនាចក្រ ឬ​ពី​សេចក្ដី​ជំនឿ​របស់​បងប្អូន បងប្អូននឹង​មិន​រកឃើញ​សេចក្ដី​ពិត​ដោយ​ការអាន​តាម​អ៊ិនធើរណិត ឬ​ការស្ដាប់​ការផ្សាយ​តាម​វិទ្យុ ឬ​តាម​អ៊ិនធើរណិត​ពី​មនុស្ស​ដែល​មិន​យល់​ស្របនឹង​សាសនាចក្រ ឬ​ដែល​បាន​ចាកចេញ​ពី​សាសនាចក្រ​ឡើយ ។ ប៉ុន្តែ​បងប្អូនក៏​ប្រហែល​ជា​នឹង​មិន​បាន​ស្កប់ស្កល់​នឹង​ចម្លើយ​រាក់កំផែលដែរ ហើយ​បងប្អូនក៏​ប្រហែល​ជា​មិន​ពេញចិត្ត​​ចំពោះ​ការផ្ដល់​យោបល់​ឲ្យ « ទុក​សំណួរ​របស់​បងប្អូននៅ​លើ​ធ្នើរ​សិន​នោះ​ដែរ » ។

ខ្ញុំ​បាន​រៀន​ថា យើង​មិន​អាច​តែងតែ​រស់នៅ​ដោយ​ផ្អែក​លើ​ពន្លឺ​ដែល​ខ្ចី​ពី​គេ​នោះដែរ ប៉ុន្តែ​ផ្ទុយ​ទៅវិញ យើង​ត្រូវតែ​ងាក​ទៅ​រក​ព្រះ​ដែល​ជា​ប្រភព​នៃ​ពន្លឺ និង​សេចក្ដី​ពិត​ទាំងអស់ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:២៦ ) ។ យើង​ត្រូវតែ​សិក្សាវា​នៅក្នុង​គំនិត​របស់​យើង​ផ្ទាល់ ប៉ុន្តែ​យើង​ក៏​ត្រូវ​សួរ​ដល់​ព្រះ​ផងដែរ ថា​បើ​អ្វី​ដែល​យើង​កំពុង​គិត​នោះ​ជា​ការត្រឹមត្រូវ​ឬ​ទេ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩:៨ ) ។ យើង​ត្រូវតែ​រៀន​ដោយ​ខ្លួនឯង​ផ្ទាល់ ដូចជា​យ៉ូសែប ស្ម៊ីធ​បាន​ធ្វើ ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២០ ) ហើយ​មាន​ការអត់ធ្មត់​នៅក្នុង​ការស្រាវជ្រាវ​របស់​យើង ( សូមមើល អាលម៉ា ៣២:៤១ ) ។ ប៉ុន្តែ​ការរៀន​ដោយ​សេចក្ដី​ជំនឿ​មានន័យ​ថា យើង​ត្រូវតែ​បង្ហាញ​ពី​សេចក្ដី​ពិត​ដោយ​ការរស់នៅ​តាម​វា ( សូមមើល យ៉ូហាន ៧:១៧; ថែស្សាឡូនីច​ទី​១ ៥:២១ ) ។

ពេល​ខ្ញុំ​កំពុង​សិក្សា​អ្វីៗ​ដែល​ប្រឆាំង​នឹង​សាសនាចក្រ នោះ​ខ្ញុំ​បាន​មាន​អារម្មណ៍​ដូច​ជា​ខ្ញុំ​ពិត​ជា​កំពុង​ស្ថិត​នៅក្នុង​អ័ព្ទ​នៃ​សេចក្ដី​ងងឹង ( សូមមើល នីហ្វៃទី១ ៨:២៣–២៤; ១២:១៧ ) ។ ពេល​ខ្ញុំ​ឱប​ក្រសោប​កិច្ចការ​របស់​ព្រះ ហើយ​បោះ​ជំហាន​ដំបូង​នោះ​ឆ្ពោះ​ទៅកាន់​ទ្រង់ នោះ​ហើយ​ជា​អ្វី​ទាំងអស់​ដែល​ទ្រង់​ត្រូវការ​ដើម្បី​បញ្ជូន​ព្រះវិញ្ញាណ​របស់​ទ្រង់​ឲ្យ​ប៉ះ​ដួងចិត្ត​ខ្ញុំ ។

រូបភាព
man holding light

តើ​សេចក្ដី​សង្ឃឹម​គ្រប់គ្រាន់​ទេ ?

ពីរបី​សប្ដាហ៍​បន្ទាប់​ពី​ខេសុន​បាន​ចាកចេញ​ទៅ​បេសកកម្ម​របស់​គាត់ ប្រធាន​ស្តេក​របស់​ខ្ញុំ​បាន​មក​សួរ​សុខទុក្ខ​ខ្ញុំ ។ ខ្ញុំ​បាន​ប្រាប់​គាត់​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​អំឡុង​ប៉ុន្មាន​សប្ដាហ៍​នោះ បន្ទាប់​ពី​បងប្អូន​ប្រុស​ខ្ញុំ​បាន​និយាយ​ជាមួយ​ខ្ញុំ ។ ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​ចង់​ទទួល​បាន​បណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ថ្មី​មួយ ។ គាត់​បាន​សួរ​ថា តើ​ខ្ញុំ​អាច​ឆ្លើយ​នឹង​សំណួរ​សម្រាប់​បណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដោយ​ត្រឹមត្រូវ​បាន​ទេ ។ ខ្ញុំ​បាន​សារភាព​ថា « ប្រធាន ខ្ញុំ​មិន​គិត​ថា ខ្ញុំ​អាច​និយាយ​ថា ខ្ញុំ​ដឹង​ថា​សាសនាចក្រ​ពិត​នៅឡើយ​ទេ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​សង្ឃឹម​ដោយ​អស់​ពី​ដួងចិត្ត​ខ្ញុំ​ថា​វា​ពិត ។ ហើយ​ខ្ញុំ​នឹង​រស់នៅ​ស្រប​នឹង​សេចក្ដី​សង្ឃឹម​នោះ ។ តើ​វា​គ្រប់គ្រាន់​ទេ ? »

គាត់​បាន​ផ្អាក​មួយ​សន្ទុះ​ហើយ​និយាយ​ថា « ត្រាវីស ការណ៍​នោះ​តែងតែ​គ្រប់គ្រាន់​ជានិច្ច » ។

នៅតែ​មាន​អ្វី​មួយ​ចំនួន​ដែល​ខ្ញុំ​នៅតែ​រង់ចាំ​ដើម្បី​យល់ ប៉ុន្តែ​​រឿងរ៉ាវ​មួយ​ចំនួន​បាន​ក្លាយ​ជា​ច្បាស់​ក្រឡែត​ដល់​ខ្ញុំ ។ ខ្ញុំ​ដឹង​ថា​ព្រះវរបិតាសួគ៌​ស្រឡាញ់​ខ្ញុំ ។ ខ្ញុំ​ដឹង​ថា យើង​អាច​នឹង​វង្វេង ហើយ​មាន​ការលំបាក​អស់​មួយ​ពេល ។ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា តាមរយៈ​ព្រះគ្រីស្ទ ដង្វាយធួន​របស់​ទ្រង់ និង​សេចក្ដី​សង្ឃឹម​ដែល​វា​នាំ​មក នោះ​វា​អាច​ទៅរួច​ដើម្បី​ត្រឡប់​មក​លើ​ផ្លូវ​ដែល​ដឹកនាំ​ទៅកាន់​ទ្រង់​វិញ ។

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​យូថាហ៍ ស.រ.អា. ។

កំណត់​ចំណាំ

  1. សូមមើល លរ៉េនស៍ អ៉ី ឃរប្រ៊ីជ « Stand Forever » ( ការប្រជុំ​ធម្មនិដ្ឋាន​សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃ​ទី ២២ ខែ មករា ឆ្នាំ ២០១៩ ) នៅលើ​គេហទំព័រ speeches.byu.edu ។