២០២០
ជម្រើស​របស់​លីឡា
ខែ កក្កដា ឆ្នាំ ២០២០


ជម្រើស​របស់​លីឡា

អ្នក​និពន្ធ​រស់​នៅ​ទីក្រុង​កូរីនទេស ប្រទេស​អាហ្សង់ទីន ។

« ព្រះបាន​ប្រទាន​វិហារ​ឲ្យ​ខ្ញុំ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៧៣ ) ។

លីឡា​ចង់​ជ្រើសរើស​ត្រូវ ។

រូបភាព
Lilas Choice

« ដល់​ពេល​អាន​ព្រះគម្ពីរ​ហើយ ! » លីឡា​បាន​និយាយ ។

លីឡា​ចូលចិត្ត​អាន​ឲ្យ​អានីកា​ជា​ប្អូនស្រី​នាង និង​ស្វេថាន​ជា​ប្អូនប្រុស​នាង​ស្ដាប់ ។ មិន​យូរ​ទៀត​ទេ​លីឡា​នឹង​ទទួល​បុណ្យ​ជ្រមុជ​ទឹក ! ដើម្បី​ត្រៀមខ្លួន​ជា​ស្រេច នាង​ចង់​អាន​ព្រះគម្ពីរ​ជា​រៀងរាល់​ថ្ងៃ ។

លីឡា​បាន​បើក​សៀវភៅ​រឿង​ព្រះគម្ពីរ​ទៅ​ទំព័រ​ទីមួយ ។ អានីកា និង​ស្វេថាន​បាន​ខិត​មក​ជិត​ដើម្បី​ពួកគេ​អាច​មើល​ឃើញ​រូបភាព ។

លីឡា​បាន​និយាយ​ថា « ចូរ​ស្ដាប់​ដោយ​ប្រុង​ប្រយ័ត្ន ព្រោះ​បង​នឹង​សួរ​សំណួរ​ដល់​ប្អូនៗ​បន្ទាប់​ពី​អាន​ហើយ » ។ បន្ទាប់​មក​នាង​បាន​ចាប់ផ្ដើម​អាន​ជំពូក​ទីមួយ ។

លីឡា​បាន​អាន​ថា « មុនពេល​យើង​កើត​មក យើង​បាន​រស់នៅ​ឯ​ស្ថានសួគ៌ » ។ « យើង​ពុំ​ទាន់​មាន​រូបកាយ​នៅឡើយ​ទេ ។ យើង​គឺ​ជា​វិញ្ញាណ » ។

លីឡា អានីកា និង​ស្វេថាន បាន​មើល​ទៅ​រូបភាព​ដែល​មាន​មនុស្ស​ស្លៀកពាក់​ពណ៌ស ។

« ត្រៀម​សម្រាប់​សំណួរ​ទីមួយ​ហើយ​ឬ​នៅ ? » លីឡា​បាន​ងាក​ទៅ​អានីកា ។ « តើ​ប្អូន​បាន​មក​ពី​ណា​មុន​ប្អូន​កើត​មក ? »

អានីកា​បាន​ទះដៃ​នាង ។ « ស្ថានសួគ៌ ! »

លីឡាបាន​និយាយ​ថា « ត្រឹមត្រូវ​ហើយ » ។ « ហើយ​តើ​ស្វេថាន​បាន​មក​ពី​ណា​ដែរ ? »

អានីកា​បាន​និយាយ​ថា « គាត់​បាន​មក​ពី​ស្ថានសួគ៌​ផងដែរ » ។ ស្វេថាន​បាន​សើច​កក្អឹក ហើយ​បាន​ដាក់​ដៃ​ចូល​មាត់​គាត់ ។ លីឡា និង​អានីកា​បាន​សើច ។ ស្វេថាន​គឺជា​ក្មេង​អាយុ​មួយ​ឆ្នាំ​ដែល​គួរ​ឲ្យ​ស្រឡាញ់​បំផុត​នៅ​ក្នុង​ប្រទេស​អាហ្សង់ទីន !

លីឡា​បាន​និយាយ​ថា « គ្រួសារ​យើង​ទាំងមូល​បាន​មក​ពី​ស្ថានសួគ៌ » ។ « ព្រះយេស៊ូវ​ផងដែរ ។ ទ្រង់​បាន​យាង​មក​ដើម្បី​ជួយ​យើង ដើម្បី​យើង​អាច​រស់នៅ​ជាមួយ​ព្រះវរបិតាសួគ៌​ម្តងទៀត » ។ លីឡា​បាន​ចង្អុល​ទៅ​រូបភាព​ព្រះយេស៊ូវ​នៅក្នុង​ទំព័រ​នោះ ។

បន្ទាប់​ពី​នាង​បាន​អាន​ចប់​ហើយ លីឡា​បន្ត​គិត​ថា​វា​មាន​សភាព​បែបណា​ដើម្បី​រស់នៅ​ជាមួយ​ព្រះយេស៊ូវ​នៅក្នុង​ស្ថានសួគ៌​នោះ ។ នាងចង់ក្លាយដូចជាទ្រង់ ។ នាង​ចង់​ជ្រើសរើស​ត្រូវ​ជានិច្ច !

នៅ​ថ្ងៃ​បន្ទាប់​នៅ​សាលា​រៀន លីឡា​កូរពោះ​ពេល​នាង​ឈរ​ក្នុង​ជួរ​រង់ចាំ​អាហារ​ពេលព្រឹក ។ នាង​ស្ទើរតែ​អាច​ភ្លក់​រសជាតិ​នំ​អិមផាញ៉ាដាស​បាន ពេល​ដែល Señora Ruiz បាន​ដាក់​វា​ក្នុង​ចាន​នាង ។ វា​ឈ្ងុយ​ខ្លាំង​ណាស់ !

បន្ទាប់​មក Señora Ruiz បាន​ចាក់​ទឹកដោះគោ​មួយ​កែវ​ឲ្យ​លីឡា ។ លីឡា​បាន​គិត អូ ។ ទឹកដោះគោ​មើល​ទៅ​មាន​ពណ៌​ក្រមៅ​ជាង​សព្វដង ។ ជួនកាល​សាលា​នាង​បាន​ថែម​កាហ្វេ ឬ​តែ​ទៅក្នុង​ភេសជ្ជៈ ។

« តើ​មាន​កាហ្វេ ឬ​តែ​នៅក្នុង​ទឹកដោះគោ​ទេ​ថ្ងៃ​នេះ ? » លីឡា​បាន​សួរ ។

Señora Ruiz បាន​គ្រវី​ដៃ​គាត់ ។ គាត់​បាន​និយាយ​ថា « មាន​កាហ្វេ​បន្តិច » ។ « ក្មួយ​នឹង​មិន​អាច​ដឹង​រស់ជាតិ​វាផង » ។

លីឡា​បាន​គិត​បន្តិច ។ នាង​ចងចាំ​ថា​នាង​ចង់​ក្លាយ​ដូច​ជា​ព្រះយេស៊ូវ ហើយ​ជ្រើសរើស​ត្រូវ ។ នាង​បានដឹង​ថា ការផឹក​កាហ្វេ​ជា​អ្វី​ដែល​ពួក​ព្យាការី​បាន​ប្រាប់​ថា​មិន​ឲ្យ​ធ្វើ ។

លីឡា​បាន​និយាយ​ថា « ទេ អរគុណ​ហើយ ។ ខ្ញុំ​នឹង​មិន​ញ៉ាំ​ទឹកដោះគោ​ទេ​ថ្ងៃ​នេះ » ។ នាង​បាន​ញញឹម​ដាក់ Señora Ruiz ។ បន្ទាប់​មក​នាង​បាន​អង្គុយ​ចុះ​ដើម្បី​ញ៉ាំ ។

នៅ​យប់​នោះ លីឡា​បាន​ជួយ Papi លាង​ចាន​នៅក្នុង​ផ្ទះបាយ ។ នាង​នៅតែ​គិត​អំពី​រឿង​ក្នុង​ព្រះគម្ពីរ ។ នាង​ក៏​បាន​គិត​អំពី​ទឹកដោះគោ​ផងដែរ ។

« Papi ? »

« បាទ ! » Papi បាន​តប ។

« ហេតុអ្វី​ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​យើង​មាន​រូបកាយ ? »

Papi បាន​គិត​ពេល​គាត់​លាង​ចាន​មួយ​ទៀត ។ គាត់​បាន​និយាយ​ថា « មែនហើយ ទ្រង់​ប្រទាន​រូបកាយ​ដល់​យើង ដើម្បី​យើង​អាច​ក្លាយ​ដូចជា​ទ្រង់ » ។ « រូបកាយ​របស់​កូន​ជា​ផ្ទះ​សម្រាប់​វិញ្ញាណ​កូន ។ នោះ​ជា​អត្ថន័យ​របស់​វា ពេល​យើង​និយាយ​ថា រូបកាយ​យើង​ជា​ព្រះវិហារ​បរិសុទ្ធ » ។

លីឡា​បាន​ងក់ក្បាល ។ នាង​បាន​ច្រៀង​ចម្រៀង​មួយ​អំពី​រឿង​នោះ​នៅក្នុង​ថ្នាក់​កុមារ​នា​ពេលខ្លះ ! « ដូច្នេះ​ហើយ​បាន​ជា​ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​ថែរក្សា​រូបកាយ​របស់​យើង មែនទេ ? »

Papi បាន​តប​ថា « មែនហើយ » ។

លីឡា​បាន​និយាយ​ថា « ថ្ងៃ​នេះ​នៅ​ឯ​សាលា គេ​បាន​ដាក់​កាហ្វេ​នៅក្នុង​ទឹកដោះគោ ។ « ខ្ញុំ​អត់​បាន​ផឹក​វា​ទេ ។ ខ្ញុំ​ព្យាយាម​ដើម្បី​ថែទាំ​ព្រះវិហារ​បរិសុទ្ធ​របស់​ខ្ញុំ » ។

Papi បាន​និយាយ​ថា « ប៉ា​មាន​មោទនភាព​ចំពោះ​កូន​ណាស់ » ។ គាត់​ជូត​ដៃ​គាត់​នឹង​កន្សែង ហើយ​បាន​ឱប​លីឡា ។

លីឡា​បាន​ឱប Papi យ៉ាង​ណែន ។ នាង​សប្បាយ​ចិត្ត​ដែល​បាន​ថែរក្សា​រូបកាយ​ដែល​ព្រះវរបិតាសួគ៌​បាន​ប្រទាន​ដល់​នាង ។