២០១៧
ឥទ្ធិពល​នៃ​ចម្រៀង​បុណ្យ​គ្រីស្ទម៉ាស់
December 2017


ឥទ្ធិពលនៃ​ចម្រៀង​បុណ្យ​គ្រីស្ទម៉ាស់

យុវវ័យ​ទាំងនេះ​ពុំ​បាន​ដឹង​ពី​ទំហំ​នៃ​ភាព​រីករាយ​ដែល​ពួកគេ​អាច​នាំ​មកនូវជាមួយ​នឹង​ចម្រៀង​ដ៏​សាមញ្ញ​ពីរ​បី​បទ​នោះ​ឡើយ ។

ចម្រៀង​បុណ្យ​គ្រីស្ទម៉ាស់​មួយ​ចំពោះ​ចាគ្វីន

រូបភាព
singing Christmas carols

រចនា​រូបភាព​ដោយ ម៉ៃឃល មូឡាន

ការ​ច្រៀង​ចម្រៀង​បុណ្យ​គ្រីស្ទម៉ាស់​ពុំ​មែន​ជា​ទំនៀម​ទម្លាប់​សម្រាប់បុណ្យ​គ្រីស្ទម៉ាស់​នៅ​ប្រទេស​អាហ្សង់ទីន​នោះ​ទេ ។ ពិតណាស់ បុណ្យគ្រីស្ទម៉ាស់​នៅ​ទីនេះ​គឺ​ខុស​ប្លែក​ពី​ទិដ្ឋភាព​មាន​ព្រិល​ធ្លាក់​តាម​ទម្លាប់​ដែល​អ្នក​អាច​គិត​ឃើញ ។ ដោយសារ​យើង​រស់​នៅ​អឌ្ឍគោល​ទិសអាគ្នេយ៍ បុណ្យគ្រីស្ទម៉ាស់​ធ្វើ​ឲ្យ​ខ្ញុំគិត​ពី​សាឡាត់​​ផ្លែឈើ​យ៉ាងច្រើន !

ដូច្នេះ​ ពេល​ឪពុក​ម្ដាយ​របស់​ខ្ញុំ​ផ្ដល់​យោបល់​ឲ្យ​យើង​សាក​ច្រៀង​ចម្រៀង​បុណ្យ​គ្រីស្ទ​ម៉ាស់​ជា​គ្រួសារ បងប្អូន​របស់​ខ្ញុំ និង​ខ្ញុំ​មាន​អារម្មណ៍​ច្របូក​ច្របល់​គ្នា​រវាង​ភាព​ភាន់​ច្រឡំ និង​ការ​រំភើប​ចិត្ត ។ យើង​ពុំ​ប្រាកដ​ពី​សមត្ថភាព​ខាង​តន្ត្រី​របស់​យើង​នោះ​ទេ ដូច្នេះ​យើង​បាន​សម្រេច​ចិត្ត​ធ្វើ​នំ​ឃុក​ឃី​មួយ​ចំនួន ហើយ​យក​វា​ទៅ​ឲ្យ​មនុស្ស​ដែល​យើង​ទៅ​លេង ដែល​យ៉ាងហោច​ណាស់​វា​អាច​ធ្វើ​ឲ្យ​ពួកគេ​ញញឹម​បាន ។

មាន​បុរស​ម្នាក់​ឈ្មោះ ចាគ្វីន ជា​សមាជិក​នៅ​ក្នុង​វួដ​របស់​យើង​យូរ​ហើយ ។ ក្នុង​ខែ​ធ្នូ​នោះ គាត់​បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ហើយ​ពុំ​អាច​ចូល​រួម​ការ​ប្រជុំ​សាក្រាម៉ង់​បាន​ទៀត​ឡើយ ។ ឪពុក និង​បងប្អូន​ប្រុស​របស់​ខ្ញុំ​គឺ​នៅ​ក្នុង​ចំណោម​អ្នក​ដែល​យក​សាក្រាម៉ង់​ទៅ​ឲ្យ​គាត់​នៅ​ឯ​មន្ទីរ​ពេទ្យ បន្ទាប់​ពី​ព្រះវិហារ​នៅ​ថ្ងៃ​អាទិត្យ ។

នៅ​ថ្ងៃ​អាទិត្យ​មួយ ​ពីមុន​បុណ្យ​គ្រីស្ទម៉ាស់ គ្រួសារ​របស់​យើង​ទាំង​មូល​បាន​ជិះ​រថយន្ត​ទៅ​សួរ​សុខ​ទុក្ខ​ចាគ្វីន ដោយ​សង្ឃឹម​ថា យើង​នឹង​នាំ​យកមក​ជាមួយ​នូវ​វិញ្ញាណ​​បុណ្យ​គ្រីស្ទម៉ាស់​ដ៏​កក់​ក្ដៅ​មួយ ។ ពេល​យើង​បាន​មក​ដល់ គិលានុប្បដ្ឋាយិកា​បាន​នាំ​យើង​ទៅ​បន្ទប់​សម្រាក​របស់​គាត់ ។ គាត់​មាន​ព្រះគម្ពីរ និង​សៀវភៅ​ទំនុក​តម្កើង​នៅ​ក្បែរ​គ្រែ​របស់​គាត់ ហាក់​ដូចជា​គាត់​កំពុង​រង់​ចាំ​យើង​ដូច្នោះ​ដែរ ។

គាត់​ពិត​ជា​មាន​ចិត្ត​រីករាយ​ខ្លាំង​ណាស់ ដោយ​ឃើញ​យើង​នៅ​ទីនោះ ហើយ​រំពេច​នោះ​យើង​ទាំងអស់​គ្នា​បាន​មាន​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​ជា​ខ្លាំង​​ចំពោះ​គាត់ ។ បងប្អូន​ប្រុស​របស់​ខ្ញុំ​បាន​រៀបចំ​ប្រសិទ្ធពរ ហើយ​ចែក​សាក្រាម៉ង់ ។ ពី​មុនយើង​បាន​​ចាក​ចេញ យើង​បាន​ច្រៀង​ទំនុក​ច្រៀង​នៅ​ក្នុង​ « ឆ្ងាយ ឆ្ងាយ​នៅ​លើ​ទីវាល​ទំនាប​​យូដា » ៖ « សរសើរ​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត សូម​ក្ដី​សុខ​មាន​ដល់​មនុស្ស​លោក » ( ទំនុក​តម្កើង ល.រ. ១៣២ ) ។

ពិត​ណាស់​ វា​គឺជា​សេចក្ដី​សុខ​ និង​ឆន្ទៈល្អ ដែល​បាន​ចូល​មកក្នុង​ដួង​ចិត្ត​របស់​យើង ពេល​គាត់​បាន​ហៅ​យើង​ថា « ពួក​ទេវតា » ហើយ​បាន​អរគុណ​យើង​ចំពោះ​ការ​មក​សួរ​សុខ​ទុក្ខ ពេល​យើង​ទាំងអស់​គ្នា​ចង់​នាំ​យក​អារម្មណ៍​ទាំងនោះ​មក​ឲ្យ​គាត់ ។

ជូលា ជី ប៊ុយណូស៊ែ អាហ្សង់ទីន

ផ្ទះ​ចុង​ក្រោយ​នា​រាត្រី​នោះ

រូបភាព
singing carols

វា​គឺជា​ថ្ងៃ​ឆ្លង​បុណ្យ​គ្រីស្ទម៉ាស់ ហើយ​ខ្ញុំ ​ពុំ ចង់​ចេញ​ទៅ​ច្រៀង​ចម្រៀង​ទេ ។

ប៉ុន្តែ​ម្ដាយ​របស់​ខ្ញុំ​បាន​គិត​ថា វា​គឺជា​រឿង​ដ៏​សប្បាយ​រីករាយ​មួយ​ ប្រសិន​បើ​គ្រួសារ​របស់​​យើង​ប្រជ្រៀតគ្នា​ជិះ​ក្នុង​រថយន្ត​ដ៏​ចាស់​របស់​​យើង ហើយ​បើក​ទៅតាម​ផ្លូវ​សង្កាត់ដែល​មាន​សុទ្ធ​តែ​ព្រិល ដើម្បី​ច្រៀង​ចម្រៀង​បុណ្យ​គ្រីស្ទម៉ាស់​ដល់​ស្ត្រី​មេម៉ាយ​បី​នាក់​នៅ​ក្នុង​វួដ​របស់​យើង ហើយ​ប៉ា​របស់​ខ្ញុំ​គាំទ្រ​យោបល់​របស់​អ្នក​ម្ដាយ​ខ្ញុំ​​នេះ​ដោយ​ក្ដី​រីករាយ ។

ខ្ញុំ​មាន​អារម្មណ៍​មិន​ស្រួល​ចិត្ត​សោះ ។ តើ​នរណា​ចង់​ស្ដាប់​យើង​ទៅ ? ខ្ញុំ​នឹង​មាន​ការ​អៀន​ខ្មាស់​មិន​ខាន​ ប្រសិន​បើ​ខ្ញុំ​បាន​ឃើញ​មនុស្ស​ដែល​ខ្ញុំ​ស្គាល់​នោះ ។ ដោយ​រអ៊ូរទាំ ហើយ​មិន​និយាយ​ស្ដី​អ្វី​សោះ ខ្ញុំ​បាន​លូន​ចូល​ទៅ​អង្គុយ​នៅ​កៅ​អី​ខាង​ក្រោយ​ជាមួយ​នឹង​បងប្អូន​ប្រុស​ស្រី​របស់​ខ្ញុំ ។

ការ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​ទីមួយ​គឺ​មាន​ចម្ងាយ​តែ​ពីរ​បី​ផ្លូវ​ជិតៗ​នោះ​ប៉ុណ្ណោះ ។ គ្មាន​នរណា​ម្នាក់​បើក​ទ្វារ​ទេ ។ យើង​បាន​បើក​រថយន្ត​ទៅ​ផ្ទះ​ទី​ពីរ ។ គ្មាន​មនុស្ស​បើក​ទ្វារ​ទៀត ។ អារម្មណ៍​របស់​ខ្ញុំ​បាន​ធូរ​ស្រាល ។

ពេល​យើង​បាន​បើក​ចូល​ទៅ​ផ្លូវ​តូច​មួយ​នៃ​ផ្ទះ​ចុង​ក្រោយ​របស់​យើង ខ្ញុំ​បាន​គិត​ថា « សូម​កុំ​ឲ្យ​មាន​មនុស្ស​នៅ​ផ្ទះ​អី » ។

ពេល​នេះ នៅ​ខាង​ក្រៅ​មាន​ភាព​ងងឹត ។ ពេល​អ្នក​ម្ដាយ​របស់​ខ្ញុំបាន​គោះ​ទ្វារ ហើយ​បាន​រង់​ចាំ​នៅ​ខាង​មុខ​មាត់​ទ្វារ​ផ្ទះ​នៅ​តែ​មាន​ភាព​ងងឹត ។ ល្អ ។ មិន​យូរ​ទេ យើង​នឹង​ទៅ​ផ្ទះ​វិញ​ហើយ ជា​កន្លែង​ដែល​ខ្ញុំ​អាច​គេច​ខ្លួន​ចូល​ទៅ​បន្ទប់​ដេក​របស់​ខ្ញុំ ។

រំពេច​នោះ ភ្លើង​នៅ​មាត់​ទ្វារ​បាន​ភ្លឺ​ឡើង ហើយ​ទ្វារ​ក៏​បើក ។ ខ្ញុំ​មាន​ភាព​អាម៉ាស់​ខ្លាំង​ណាស់ ។ ខ្ញុំ​មាន​អារម្មណ៍​ថា យើង​បាន​មក​រំខាន​ដល់​គាត់ ។

ស្ត្រី​មាឌ​តូច​ស្គមរូប​នោះ​បាន​និយាយ​ថា « សូម​ចូល​មក​ក្នុង​ផ្ទះ​មក » ។ គាត់​​បាន​ចង្អុល​ទៅ​ព្យាណូ​បញ្ឈរ​ចំណាស់​របស់​គាត់ ។

គាត់​បាន​សួរ​អ្នក​ម្ដាយ​ខ្ញុំ​ថា « តើ​អ្នក​ស្រី​ចេះ​លេង​ព្យាណូ​ទេ ? » « តោះ យើង​ឈរ​ច្រៀង​ជុំ​វិញ​ព្យាណូ​នេះ » ។

ភាព​រាក់​ទាក់ និង​ភាព​រីករាយ​របស់​គាត់​បាន​បន្ទន់​ចិត្ត​ខ្ញុំ ។ ប្រហែល​ជា​គាត់​មិន​ប្រកាន់​ទេ ដែល​យើង​បាន​នៅទី​នោះ ។ យើង​បាន​ច្រៀង​ចម្រៀង​ពីរ​បី​បទ ពេល​គាត់​បាន​ធ្វើ​ទឹក​សូកូឡា​ក្ដៅៗ​សម្រាប់​យើង ។

គាត់បាន​សួរ​ខ្ញុំ​ថា « តើ​ក្មួយ​អាច​មក​ជួយ​អ៊ំ​បាន​ទេ ? » ពេល​យើង​ចូល​ទៅ​ក្នុង​ផ្ទះ​បាយ ខ្ញុំ​មាន​ចិត្ត​ភ្ញាក់​ផ្អើល​ដោយ​ឃើញ​តុ​ដ៏​ស្រស់​ស្អាត​មួយ​ដែល​បាន​តុបតែង​​យ៉ាង​ស្រស់​បំព្រង​សម្រាប់​បុណ្យ​គ្រីស្ទម៉ាស់ ។ វា​មើល​ទៅ​​សប្បាយ​ខ្លាំងណាស់ ! នៅ​កន្លែង​នីមួយៗ​មាន​នូវ​កញ្ចប់​តូចៗ​ដែល​បាន​វេច​ខ្ចប់​យ៉ាង​ប្រុង​ប្រយ័ត្ន ។

ខ្ញុំ​បាន​សួរថា « តើ​កញ្ចប់​នេះ​សម្រាប់​នរណា ? » ខ្ញុំ​បាន​ដឹង​ថា គាត់​រស់​នៅ​តែ​ម្នាក់​ឯង ។

គាត់​បាន​ពន្យល់​ថា « សម្រាប់​អ្នក​ជិត​ខាង​របស់​អ៊ុំ » ។ « រាល់​បុណ្យ​គ្រីស្ទម៉ាស់ អ៊ុំ​អញ្ជើញ​ស្ត្រី​មេម៉ាយ​ដូច​ជា​អ៊ុំ — អ្នក​ដែល​គ្មាន​គ្រួសារ​នៅ​ក្បែរ — ឲ្យ​មក​បរិភោគ​អាហារ​ពេល​ព្រឹក និង​បង្អែម​បន្តិច​បន្តួច​សម្រាប់​បុណ្យ​គ្រីស្ទម៉ាស់ » ។

គំនិត​នោះ​បាន​ផុស​ឡើង​ក្នុង​គំនិត​ខ្ញុំ​ដែល​មាន​វ័យ​ ១៣ ឆ្នាំ ។ ការ​ស្ងប់​ស្ងែង​បាន​គ្រប់​ដណ្ដប់​ដួង​ចិត្ត​រឹង​រូស​របស់​ខ្ញុំ ។ បន្ទប់​នេះមាន​ភាព​ស្រស់​ស្អាត​ណាស់ ។ អ៊ុំ​ស្រី​មាឌ​តូច​វ័យ​ចំណាស់​ម្នាក់​នេះ​ស្រស់​ស្អាត​ណាស់ ។ កាល​ដែល​ម្ដាយ​របស់​ខ្ញុំ​នាំ​យើង​មក​ទី​នេះ​គឺជា​រឿង​ដ៏​រីករាយ​ណាស់ ។ នៅ​ទី​បំផុត​ខ្ញុំ​បាន​មាន​ចិត្ត​រីករាយ ។

លុះ​មួយ​ខែ​ក្រោយ​មក នៅ​ឯ​ព្រះវិហារ​អ៊ុំ​ស្រី​រូប​នេះបាន​អរគុណ​យើង​ម្ដង​ទៀត​ដែល​បាន​ទៅ​សួរ​សុខ​ទុក្ខ​គាត់ ។ គាត់​បាន​ប្រាប់​យើង​ថា យើង​គឺជា​គ្រួសារ​តែ​មួយ​គត់​នៅ​ឆ្នាំ​នោះ ដែល​បាន​ចងចាំ​ដល់ ​រូបគាត់ ។ ពីរ​បី​ខែ​ក្រោយ​មក គាត់​បាន​ចែក​ឋាន​ទៅ​ដោយ​​ពុំ​បាន​រំពឹង​ទុក ។

ខ្ញុំ​គិត​ត្រឡប់​ទៅ​វិញ​ពី​បុណ្យ​គ្រីស្ទម៉ាស់​ពេល​នោះ ហើយ​មាន​នូវ​អំណរ​គុណ​ចំពោះ​ឪពុក​ម្ដាយ​ដ៏​ល្អ និង​ចំពោះ​អ៊ុំ​ស្រី​ចំណាស់​រូប​នេះ ដែល​ពួកគាត់​ម្នាក់ៗ​ចង់​នាំ​យក​ភាព​រីករាយ​នៃ​បុណ្យ​គ្រីស្ទ​ម៉ាស់​ទៅ​ដល់​មនុស្ស​ដទៃ ។

ប្រ៊ូក ឃេ រដ្ឋយូថាហ៍ ស.រ.អា.