២០១៧
អំណោយ​ជា​គ្រួសារ​មួយ​សម្រាប់​ថ្វាយ​ព្រះអង្គ​សង្គ្រោះ
December 2017


សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

អំណោយ​ជា​គ្រួសារ​មួយ​សម្រាប់​ថ្វាយ​ព្រះអង្គ​សង្គ្រោះ

កាល​ខែ​ធ្នូ​បាន​ជិត​ឈាន​ចូល​មក​ដល់ ខ្ញុំ​បាន​​​រវល់​រៀបចំ​សម្រាប់​កិច្ចការ​ដ៏​មមាញឹក​នា​រដូវ​បុណ្យ​គ្រីស្ទម៉ាស់ ។ បុណ្យគ្រីស្ទម៉ា​ស់​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ផ្ទះ​របស់​យើងអស់​រយៈពេល​បួន​ឆ្នាំហើយ ប៉ុន្តែ​​ឆ្នាំនេះ​ ខ្ញុំ​មាន​ការ​បារម្ភ​ច្រើន ។ ពេល​ខ្ញុំ​បាន​ពិភាក្សា​នឹង​ស្វាមី​របស់​ខ្ញុំ​អំពីអ្វីៗ​គ្រប់​យ៉ាង​ដែល​យើង​ត្រូវ​ធ្វើ — ដូចជា​ទិញ​អំណោយ រៀបចំ​អាហារ និង​ធ្វើ​រឿង​ជាច្រើន​ផ្សេង​ទៀត — យើង​បាន​សម្រេច​ចិត្ត​លុប​ចោល​ពិធី​ជប់​លៀង​បុណ្យ​គ្រីស្ទម៉ាស់ ហើយ​ធ្វើ​រឿង​មួយ​ផ្សេង​នៅ​បុណ្យ​គ្រីស្ទ​ម៉ាស់​នេះ ។ យើង​ចង់​ធ្វើ​អ្វី​មួយ​ដែល​យើង​អាច​ថ្វាយ​ជា​អំណោយ​មួយ ជូន​​ដល់​ព្រះអង្គ​សង្គ្រោះ ។

មួយ​ខែ ធ្នូ​ពេញ យើង​បាន​ធ្វើ​រាត្រី​ជួប​ជុំ​ក្រុម​គ្រួសារ​អំពី​ព្រះជន្ម​របស់​ព្រះយេស៊ូវ​គ្រីស្ទ បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ ហើយ​បាន​ដាក់​ផែន​ការ​ធ្វើ​គម្រោង​បម្រើ​ជា​គ្រួសារ ។ ស្វាមី​របស់​ខ្ញុំ​គឺជា​ប៊ីស្សព​នៅ​ពេល​នោះ ហើយ​យើង​បាន​សម្រេច​ចិត្ត​ថា នៅ​ថ្ងៃបុណ្យ​គ្រីស្ទ​ម៉ាស់ យើង​នឹង​ច្រៀង​ទៅ​កាន់​ស្ត្រី​មេម៉ាយ​ទាំង​អស់​នៅ​ក្នុង​វួដ ។ យើង​បាន​ចាប់ផ្ដើម​ហាត់​ច្រៀង​ទំនុកតម្កើង​មួយ​ចំនួន​ដែល​យើង​នឹង​ច្រៀង​ជា​គ្រួសារ ។ កូនៗ​របស់​ខ្ញុំ​ចូល​ចិត្ត​ច្រៀង​បទ « ផ្ទុំ​នៅ​ក្នុង​ស្នូក​ទី​ឆ្ងាយ » ( ទំនុកតម្កើង ល.រ. ១២៧ ) ។

នៅ​ថ្ងៃ​ឆ្លង​បុណ្យ​គ្រីស្ទម៉ាស់ យើង​បាន​ធ្វើ​ប័ណ្ណ​ដោយ​មាន​ដាក់​នូវ​សារលិខិត​ពិសេស​អំពី​បុណ្យ​គ្រីស្ទម៉ាស់ ហើយ​បាន​រៀបចំ​នំ​ចំណី​យក​ទៅ​ជាមួយ​នឹង​យើង ។ យើង​មាន​ចិត្ត​រីករាយ​ដោយ​ឃើញ​គ្រួសារ​របស់​យើង​មាន​សាមគ្គីភាព​ជា​ខ្លាំង ហើយ​រីករាយ​ដើម្បី​បម្រើ​ដោយ​សេចក្ដី​ស្រឡាញ់​បែប​នេះ​ដល់​មនុស្ស​ដទៃ ។ ខ្ញុំ​អាច​ទទួល​អារម្មណ៍​ពីអត្ថន័យ​នៃ​បុណ្យ​គ្រីស្ទម៉ាស់ ។

នៅ​ថ្ងៃបុណ្យ​គ្រីស្ទម៉ាស់ កូនៗ​របស់​យើង​បាន​មាន​ចិត្ត​រីករាយចង់​ទៅ​ធ្វើ​ការ​សួរ​សុខ​ទុក្ខ​ទាំង​នោះណាស់ ។ នៅ​ផ្ទះ​នីមួយៗ​ដែល​យើង​បាន​ទៅ​សួរ​សុខ​ទុក្ខ យើង​មាន​ចិត្ត​រីករាយ ហើយ​វា​ហាក់ដូច​ជា​ ទំនុកតម្កើង​ទាំងនោះ​ឮ​កាន់​តែ​ពីរោះ​​រណ្ដំ​ឡើង រាល់​ពេល​ដែល​យើង​ច្រៀង​វា ។ ពេល​យើង​បាន​មក​ដល់​ផ្ទះ​ចុង​ក្រោយ វា​ទំនង​ដូច​ជា​គ្មាន​មនុស្ស​នៅ​ទេ ។ យើង​បាន​រង់ចាំ​ពីរ​បី​នាទី ហើយ​កូនៗ​របស់​យើង​បាន​ចាប់ផ្ដើម​អន្ទះសារ ។ នៅ​ទីបំផុត មាន​ស្ត្រីមេម៉ាយ​វ័យ​ចំណាស់​ម្នាក់​បាន​ចេញ​មក​​ជួប​យើងដោយ​ស្លៀក​ពាក់​សម្លៀក​​បំពាក់​ថ្ងៃ​អាទិត្យ​របស់​គាត់ ហើយ​គាត់​បាន​សឹត​សក់​យ៉ាង​ស្អាត ។ ពេល​គាត់​​បាន​ឃើញ​យើង គាត់​បាន​សម្រក់​ទឹក​ភ្នែក ។ ខ្ញុំ​បាន​ចាប់ផ្ដើម​ក្ដុកក្ដួល​ក្នុង​ចិត្តដូចគ្នា ហើយ​ច្រៀង​ស្ទើរ​តែ​ពុំ​រួច ។

ពេល​យើង​ត្រឡប់​មក​ផ្ទះវិញ កូន​ស្រី​របស់​យើង​អាយុ​ប្រាំ​ឆ្នាំ​បាន​ប្រាប់​យើង​ថា នាង​ពុំ​ចង់​ទៅ​ផ្ទះ​ទេ ប៉ុន្តែ​នាង​ចង់​បន្ត​ច្រៀង​ទៀត ។ ពីមុន​ខ្ញុំ​តប ស្រាប់​តែ​កូន​របស់​ខ្ញុំ​អាយុ​ប្រាំបួន​ឆ្នាំ​បាន​និយាយ​ថា « មិន​អី​ទេ ចាំ​ធ្វើ​វា​ម្ដង​ទៀត​​នៅ​ឆ្នាំ​ក្រោយ ! »

ចំពោះ​គ្រួសារ​របស់​យើង នេះ​គឺជា​បុណ្យ​គ្រីស្ទ​ម៉ាស់​​ដែល​ពុំ​អាច​បំភ្លេច​បាន ដោយសារ​យើង​បាន​លើក​ស្ទួយ​ដល់​មនុស្ស​ដទៃ ហើយ​បាន​បង្ហាញ​សេចក្ដីស្រឡាញ់​របស់​​យើង​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ ។ ពេល​ខ្ញុំ​ត្រិះរិះ​អំពី​ព្រឹត្តិការណ៍​នៅ​ថ្ងៃ​នោះ ខ្ញុំ​ទទួល​បាន​សេចក្ដី​ស្រឡាញ់​របស់​ព្រះអម្ចាស់ ហើយ​បាន​ចងចាំ​អំពីបន្ទូល​របស់​ទ្រង់​ថា « ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ទាំងនេះ​ដល់​អ្នក​តូច​បំផុតក្នុង​ពួក​បងប្អូន​យើង​នេះ នោះ​ឈ្មោះ​ថា​បាន​ធ្វើ​ដល់​យើង​ដែរ » ( ម៉ាថាយ ២៥:៤០ ) ។