២០១៧
ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ៖ ជម្រក និង​ការ​ការពារ​មួយ
December 2017


ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ជម្រក និង​ការ​ការពារ​មួយ

អ្នក​និពន្ធ​រស់នៅ ទីក្រុង កឺរីទីបា ប្រទេស​ប្រេស៊ីល ។

ការ​បង្រៀន​នៅ​ក្នុង​គោលលទ្ធិ និង សេចក្តី​សញ្ញា​អាច​ការ​ពារ​យើង​ពី​ការ​លំបាក​ដែល​យើង​នឹង​ជួប​ប្រទះ កាល​យើង​រៀបចំ​ខ្លួន​សម្រាប់​ការ​យាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះអម្ចាស់ ។

រូបភាព
image of Savior and stormy shores

ព្រះអង្គ​សង្គ្រោះ​របស់​យើង​មក​ពី​SuperStock/Getty Images​, ផ្ទៃ​ខាង​ក្រោយ​ដោយ ​David Clapp/Getty Images

ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ចង់​ការពារ​រាស្ត្រ​របស់​ទ្រង់ ។ អំឡុងគ្រានៃ​ការ​បៀតបៀន​ដ៏​ធំ​មួយ​នៅ​ក្នុង​សាសនាចក្រ ទ្រង់​បាន​សង្កត់​ធ្ងន់​អំពីសារៈសំខាន់​នៃ​ការ​ប្រមូល​ផ្ដុំ​ទៅ​កាន់​ក្រុង​ស៊ីយ៉ូន ​« ជា ​ទី​ការពារ និង​ជា ទី​ជម្រក ពី​ព្យុះ​សង្ឃរា » ​( គ. និង ស. ១១៥:៦ ការ​គូស​បញ្ជាក់​បាន​បន្ថែម ) ។

ទីជម្រក និង​ការ​ការពារ​នេះ​កើត​ មាន​តាមរយៈ​​ការ​រស់​នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ពេល​យើង​ « ពិចារណា​មើល​ព្រះបញ្ញត្តិ​ទាំង​នេះ »​ ( គ. និង ស. ១:៣៧ ) ។ ហេតុដូច្នេះ​ហើយ ចូរ​យើង​ត្រួតពិនិត្យ​អំពីគោលការណ៍​មួយ​ចំនួន​ដែល​មាន​នៅ​ក្នុង​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ​ដរាបណា​យើង​យល់ ហើយ​អនុវត្តតាម​ វា​នឹង​នាំ​មក​ឲ្យ​យើង​នូវ​ការ​ការពារ ហើយ​វា​នឹង​ក្លាយ​ជា​ទីជម្រក​មួយ​ពី​ការល្បួង អំពើ​អាក្រក់ និង​គ្រោះថ្នាក់​ផ្សេង​ទៀត​ដែល​​យើង​ជួប​ប្រទះ​សព្វ​ថ្ងៃ​នេះ ។

យើង​ត្រូវ​បាន​ការពារ ពេល​យើង​ស្វែងរក​ព្រះវិញ្ញាណ​បរិសុទ្ធ

ការ​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​គង់​ជាមួយ​យើង​អាច​ក្លាយ​ជា​ទីជម្រក និង​ការ​ការពារ​មួយ​ពី​លោកិយ​នេះ ។ ព្រះអម្ចាស់​បាន​សន្យា​ថា ប្រសិន​បើ​ អូលីវើរ ខៅឌើរី​ « អនុវត្ត » ​តាម​អំណោយទាន​នៃ​វិវរណៈ​នោះ « ​អំណោយទាន​នេះ​នឹង​ដោះ​លែង​អ្នក​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំងសត្រូវ​របស់​អ្នក ម្ល៉ោះ​ហើយ បើ​សិន​ជា​ពុំ​នោះ​សោត​ទេ ពួក​គេ​នឹង​ប្រហារ​អ្នក​បង់ ហើយ​នាំ​ព្រលឹង​របស់​អ្នក​ទៅ​រក​សេចក្ដី​បំផ្លិចបំផ្លាញ » ( គ. និង ស ៨:៤ ) ។ តាមរយៈ​ការ​ស្ដាប់​តាម​ព្រះសូរសៀង​នៃ​ព្រះវិញ្ញាណ នោះ​អូលីវើរ ខៅឌើរី​ អាច​ត្រូវ​បាន​ការពារ​ពី​សេចក្ដី​ស្លាប់ និង​អំពើបាប ។

ការ​ទទួល​បាន​សេចក្ដី​ពិត​តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ក៏​នឹង​ការពារ​យើង​ពី​គំនិត​របស់​មនុស្ស ព្រមទាំង​ការ​កុហក និង​ការ​បោក​បញ្ឆោត​នានា​របស់​សាតាំង​ផង​ដែរ ។ ព្រះអម្ចាស់​បាន​សន្យា​ថា ​« ដ្បិត​ពួក​អ្នក​ណា​ដែល​មាន​ប្រាជ្ញា ហើយ​បាន​ទទួល​សេចក្ដី​ពិត ហើយ​បាន​ទទួល​យក​ព្រះវិញ្ញាណ​បរិសុទ្ធ​ទុក​ជា​អ្នក​ណែនាំ​របស់​ខ្លួន ហើយ​ដែល​ពុំ​ត្រូវ​បាន​គេ​បញ្ឆោត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ពួកគេ​នឹង​ពុំ​ត្រូវ​កាប់​បោះ​ចោល​ទៅ​ក្នុង​ភ្លើង​ឡើយ ប៉ុន្តែ​នឹង​ធន់​នៅ​ថ្ងៃ​នោះ »​( គ. និង ស. ៤៥:៥៧​​ ការ​គូស​បញ្ជាក់​បាន​បន្ថែម ) ។ ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​សរសេរ​សេចក្ដី​ពិត​ក្នុង​ដួង​ចិត្ត​របស់​យើង ហើយ​ការពារ​យើង​ពី​ការ​បោក​បញ្ឆោត ។

ប៉ុន្តែ​ការ​ស្ដាប់​តាម​ការ​បំផុស​គំនិត​ពី​ព្រះវិញ្ញាណ​ពុំ​មែន​មាន​ន័យ​ថា យើង​នឹង​ត្រូវ​បាន​ការពារ​ពី​រាល់​ការ​សាកល្បង​នោះ​ឡើយ ។ កណ្ឌ ១២២ ក្នុង​គោលលទ្ធិ និង សេចក្តីសញ្ញា បង្ហាញ​ថា សូម្បី​តែ​នៅ​ពេល​យើង​មាន​ភាពសក្ដិសម​ក្ដី ក៏​យើង​អាច​ជួបប្រទះ​នឹង​ទុក្ខ​សោក និង​ឧបសគ្គ​ដែរ ។ នៅ​ក្នុង​ព្រះតំរិះ និង​ព្រះប្រាជ្ញាញាណ​របស់​ព្រះ​ដែល​ទ្រង់ ​« ​ជ្រាប​សព្វ​គ្រប់ »​ ( គ. និង ស. ១២៧:២ ) « គ្រប់​ការណ៍​ទាំង​នេះ នឹង​ផ្ដល់​ការ​ពិសោធន៍​ដល់ ​[ យើង ] ហើយ​នឹង​ទៅ​ជា​ការ​ល្អ​ដល់​ [ យើង ] ​ទៅ​វិញ »​ ( គ. និង ស. ១២២:៧ ) ។

យើង​ត្រូវ​បាន​ការ​ពារ ​ពេល​យើង​ធ្វើ​តាម​ពួក​ព្យាការី​នៅ​រស់

នៅ​ថ្ងៃ​ដែល​សាសនាចក្រ​ត្រូវ​បាន​រៀបចំ​ឡើង ព្រះអម្ចាស់​បាន​បង្គាប់​ពួក​បរិសុទ្ធ​របស់​ទ្រង់​ឲ្យ​ស្ដាប់​តាម​ព្យាការី ៖

« អ្នកត្រូវស្តាប់តាម​គ្រប់អស់​ទាំងពាក្យ​សម្ដី និង​បញ្ញត្តិ​ទាំងឡាយ​របស់​លោក ដែល​លោក​នឹង​ឲ្យ​ដល់​អ្នក នៅ​ពេល​លោក​បាន​ទទួល​ពាក្យ​ទាំងនោះ ដើរ​ដោយ​បរិសុទ្ធ​នៅ​ចំពោះ​មុខ​យើង ។

« ដ្បិត​ពាក្យ​សម្ដី​របស់ [ ​ប្រធាន​សាសនាចក្រ ]​ នោះហើយ អ្នក​នឹង​បាន​ទទួល ហាក់​ដូចជា​បាន​មក​ពី​ព្រះឱស្ឋ​របស់​យើង​ផ្ទាល់ ដោយ​សេចក្ដី​អត់ធន់ និង​សេចក្ដី​ជំនឿ​គ្រប់​យ៉ាង ។

« ដ្បិត​ដោយ​សារ​ការ​ធ្វើ​ការ​ទាំង​នេះ​ហើយ ទ្វារ​ស្ថាន​នរក​នឹង​ពុំ​ដែល​ឈ្នះ​អ្នក​ឡើយ មែន​ហើយ ហើយ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​កម្ចាត់​អំណាច​នៃ​សេចក្ដី​ងងឹត​ចេញ​ពី​អ្នក​ទៅ ហើយ​នឹង​បណ្ដាល​ឲ្យ​ផ្ទៃ​មេឃ​ញាប់​ញ័រ ដើម្បី​សេចក្ដី​ល្អ​ដល់​អ្នក និង​សិរី​ល្អ​ដល់​ព្រះ​នាម​របស់​ទ្រង់ » ( គ. និង ស. ២១:៤–៦ ) ។

ព្រះអម្ចាស់​ប្រាប់​យើង​នៅ​ក្នុង​គោលលទ្ធិ និង សេចក្តីសញ្ញា​ថា ជន​ដែល ​« ​លែង​ឮ​សំឡេង​នៃ​ព្រះ​អម្ចាស់ ឬ​សំឡេង​នៃ​ពួក​អ្នក​បម្រើ​របស់​ទ្រង់ ឬ​មិន​ស្ដាប់​តាម​ ពាក្យ​សម្ដី​នៃ​ពួក​ព្យាការី និង ពួក​សាវក នោះ​នឹង​ត្រូវ​កាត់​ចេ​ញ​ពី​ចំណោម​ប្រជាជន » ( គ. និង ស. ១:១៤; ការ​គូស​បញ្ជាក់​បាន​បន្ថែម ) ។

ការ​ស្ដាប់ និង​ការ​អនុវត្ត​តាម​ការ​បង្រៀន​របស់​ពួក​ព្យាការី​នៅ​រស់​នឹង​នាំ​មក​នូវ​ការ​ការពារ និង​សន្តិសុខ ពីព្រោះ​ពួក​លោក​ថ្លែង​អំពីបញ្ហា​នា​ពេល​បច្ចុប្បន្ន​របស់​យើង ហើយ​ប្រាប់​យើង​អំពីអ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​យក​ឈ្នះ​លើ​ឧបសគ្គ​ទាំងនេះ ។ ឱ​ ជា​ពរជ័យ​មួយ​ដ៏​អស្ចារ្យ​អ្វី​ម្ល៉េះ​ ដែល​យើង​មាន​ថ្នាក់​ដឹកនាំ​បច្ចុប្បន្ន​របស់​ព្រះអម្ចាស់ ។

នៅ​ក្នុង​គោលលទ្ធិ និង​ សេចក្ដី​សញ្ញា ១០១:៤៣–៦២ ព្រះអម្ចាស់​ប្រើ​រឿង​ប្រៀប​ប្រដូច​មួយ​អំពី​ចម្ការ​ដើម​អូលីវ​មួយ​ដើម្បី​បង្ហាញ​អំពីសារៈសំខាន់​នៃ​ការ​ស្ដាប់តាម​​ព្យាការីមួយ​រូប​នាពេល​បច្ចុប្បន្ន ។ រឿង​ ប្រៀប​ប្រដូច​នោះ​ប្រៀបធៀប​ព្យាការី​ទៅ​នឹង​អ្នក​យាម​នៅ​លើ​ប៉ម​ម្នាក់ ។ កាល​ពី​បុរាណ មនុស្ស​សង់​ប៉ម​ទុក​ជា​កន្លែង​ដែល​អ្នក​យាម​ម្នាក់​អាច​មើល​ឃើញ​ហួស​ពី​ទីក្រុង ហើយ​ព្រមាន​ប្រជាជន ពេល​មាន​សត្រូវ​សំដៅចូលមក ។

រឿង​ប្រៀបប្រដូចនេះ​ចាប់ផ្ដើម​ថា ៖ ​« សង់​ប៉ម​មួយ ប្រយោជន៍​ឲ្យ​នរណា​មួយ​អាច​សម្លឹង​មើល​ជុំវិញ​ដែនដី ដើម្បី​ឲ្យ​ធ្វើ​ជា ​អ្នក​យាម​នៅ​លើ​ប៉ម ប្រយោជន៍​កុំ​ឲ្យ​ដើម​អូលីវ​ទាំង​ឡាយ​របស់​យើង​ត្រូវ​បាក់​ចុះ​ក្នុង​កាល​ខ្មាំងសត្រូវ​មក​បង្ខូច ហើយ​បេះ​យក​ដល់​ខ្លួន នូវ​ផ្លែ​នៃ​ចម្ការ​របស់​យើង​ឡើយ » ​( ខ​ទី ៤៥; ការ​គូស​បញ្ជាក់​បាន​បន្ថែម ) ។

អែលឌើរ អិម រ័សុល បាឡឺដ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​អំពី​ការ​ការពារ និង​ពរជ័យ​ដែល​កើត​ចេញ​ពី​ការ​ធ្វើ​តាម​ពាក្យ​ទូន្មាន​របស់​ព្យាការី​បច្ចុប្បន្ន ៖​ « បងប្អូន​ប្រុស​ស្រី​របស់​ខ្ញុំ​អើយ​វា​ពុំ​មែន​ជា​រឿង​តូចតាច​ទេ ដើម្បី​មាន​ព្យាការី​ម្នាក់​របស់​ព្រះ ក្នុង​ចំណោម​ពួក​យើង​នោះ ។ នៅពេល​យើង​ស្ដាប់​តាម​ការ​ទូន្មាន​របស់​ព្រះអម្ចាស់ ដែល​បង្ហាញ​តាមរយៈ​ពាក្យសម្ដី​របស់​ប្រធាន​នៃ​សាសនាចក្រ នោះ​ការ​ឆ្លើយ​តប​របស់យើង​គួរ​តែ​​វិជ្ជមាន និងទៀងទាត់ ។ ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ថា មាន​សុវត្ថិភាព សន្ដិភាព ភាពរុងរឿង និង​សុភមង្គល នៅក្នុង​ការ​ធ្វើតាម​ដំបូន្មាន​របស់​ព្យាការី » ។

អ្វី​ដែល​សំខាន់​ជាង​ការ​ការពារ​ខាង​រូបកាយ​ដែល​​ចេញ​មកពី​ការ​ស្ដាប់​តាម​ពួក​ព្យាការី​គឺ​ការ​ការ​ពារ​ខាង​វិញ្ញាណ ។ វា​គឺជា​រឿង​ដ៏​ចាំបាច់​ពីព្រោះ ​« អារក្ស​សាតាំង​ក៏​បាន​ព្យាយាម​បោក​បញ្ឆោត​អ្នក ដើម្បី​វា​អាច​បាន​ឈ្នះ​លើ​អ្នក​ដែរ » ​( គ. និង ស. ៥០:៣ ) ។ ការ​ស្ដាប់​តាម​ពួក​ព្យាការី​ការពារ​យើង​ពី​ទស្សន​លោកិយ និង ​« ឧបាយកល​ដ៏​ប្រសប់​នៃ​មនុស្ស ម្ល៉ោះ​ហើយ ទើប​ពួក​គេ​ពួន​ចាំ​បញ្ឆោត » ( គ. និង ស. ១២៣:១២ ) ។

យើង​ត្រូវ​បាន​ការពារ​ ពេល​យើង​ស្មោះ​ត្រង់​នៅ​ក្នុង​អាពាហ៍ពិពាហ៍

រូបភាព
strong marriage and stormy weather

រឿង​លម្អិត​មក​ពី ការ​ជ្រើស​យក​អ្វីៗ​គ្រប់​យ៉ាង ដោយ ប្រាយអិន ឃើឈីស្នីក ត្រូវ​បាន​ហាម​ថត​ចម្លង, ផ្ទៃ​ខាង​ក្រោយ​ដោយ Claudio Contreras/naturepl.com/Getty Images

ព្រះអម្ចាស់​សន្យា​យើង​ថា សេចក្តី​សញ្ញា​ថ្មី ហើយ​អស់​កល្ប​អស់​កាល​ជានិច្ច​នៃ​អាពាហ៍ពិពាហ៍​អាច​មាន​ភាព​អស់​កល្ប​ជានិច្ច ​( សូម​មើល គ. និង ស. ១៣២:១៩ ) ។ គោលលទ្ធិ​នៃ​ភាពតម្កើង​ឡើង​នេះ​គឺជា​ទី​ជម្រក​មួយ​ពី​ទំនាក់​ទំនង​ខុសឆ្គង​ដែល​បំផ្លាញ​ពិភពលោក​របស់​យើង ។ ទោះ​ជា​មាន​សំឡេង​ខាង​លោកិយ​ជាច្រើន​ប្រកាសអះអាង​ថា អាពាហ៍ពិពាហ៍​គឺ​ជា​រឿង​ហួស​សម័យ មិន​ស្រួល ឬ​ពុំ​ចាំបាច់ក្ដី ​ក៏សំឡេង​របស់​ព្រះអម្ចាស់​បាន​ប្រកាស​ថា « អស់​អ្នក​ណា​ដែល​ហាមប្រាម​មិន​ឲ្យ​រៀបការ នោះ​ពុំ​មែន​បាន​តែងតាំង​ពី​ព្រះ​ទេ ដ្បិត​អាពាហ៍ពិពាហ៍​ត្រូវ​បាន​តែងតាំង​មក​ពី​ព្រះ​ដល់​មនុស្ស » ( គ. និង ស. ៤៩:១៥ ) ។

ព្រះអម្ចាស់​បង្រៀន​យើងអំ​ពី​របៀប​ការពារ​អាពាហ៍ពិពាហ៍​របស់​យើង ៖ « ត្រូវ​ស្រឡាញ់​ប្រពន្ធ​ខ្លួន​ឲ្យ​អស់​ពី​ចិត្ត ហើយ​ត្រូវ​នៅ​ជាប់​នឹង​នាង ហើយ​គ្មាន​នរណា​ទៀត​ឡើយ »​ ( គ. និង ស. ៤២:២២ ) ។

ប្រធាន​ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល​ ( ១៨៩៥–១៩៨៥ ) ​បាន​ពន្យល់​អំពី​លក្ខណៈ​យ៉ាងពេញលេញទាំងអស់​នៃ​បទបញ្ញត្តិ​នេះ ៖

« ពេល​ព្រះអម្ចាស់​មាន​បន្ទូល​ថា អស់​ពី ដួង​ចិត្ត​របស់​អ្នក វា​គ្មាន​ការ​ចែក​រំលែក ឬ​បែង​ចែក ឬ​ក៏​ការ​ដក​ហូត​ឡើយ ។ ហើយ​ចំពោះ​ស្ត្រី វា​ត្រូវ​បាន​ថ្លែង​ប្រយោគ​ថា ​‹ ត្រូវ​ស្រឡាញ់​ប្ដី​ខ្លួន​ឲ្យ ​អស់​ពី ចិត្ត ហើយ​ត្រូវ​នៅ​ជាប់​នឹង​គាត់ ហើយ​គ្មាន​នរណា​ទៀត​ឡើយ › ។

« ពាក្យ​ថាគ្មាន​នរណា​ទៀត​ឡើយ​គឺ ដក​យក​មនុស្ស​គ្រប់គ្នា និង​អ្វីៗ​គ្រប់​យ៉ាង ។ បន្ទាប់​មក​ស្វាមី និង​ភរិយា​ក្លាយ​ជា​ទៅ​អាទិភាព​នៅ​ក្នុង​ជីវិត​របស់​ស្វាមី ឬ​ភរិយា ហើយ​មិនថា​ជា​ជីវិត​សង្គម ឬ​ជីវិត​ការងារ ឬ​ជីវិត​នយោបាយ ឬ​ចំណាប់​អារម្មណ៍​ណា​មួយ​ផ្សេង​ទៀត ឬ​បុគ្គល ឬ​វត្ថុ​ឡើយ វា​ពុំ​ត្រូវ​មាន​អាទិភាព​ជាង​គូ​ស្វាមី​ភរិយា​ឡើយ » ។

អ្វី​ដែល​យើង​មើល​ឃើញ​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​យើង​សម្រាប់​សេចក្ដី​ល្អ ឬ សេចក្ដី​អាក្រក់ ។ ខ្ញុំ​គិត​ថា នោះ​ជា​ហេតុផល​ដែល​ព្រះអម្ចាស់​ព្រមាន​យើង​នៅ​ក្នុង​ខគម្ពីរ​ដូច​តទៅ​នេះ​ថា « អ្នកណា​ដែល ​ក្រឡេក​ឃើញ​ ស្ត្រី ហើយ​មាន​តម្រេក​សម្រើប​ចង់​បាន នោះ​នឹង​បោះបង់​ចោល​សេចក្ដី​ជំនឿ ហើយ​នឹង​មិន​ត្រូវ​មាន​ព្រះ​វិញ្ញាណ​ឡើយ ហើយ​បើ​សិន​ជា​អ្នក​នោះ​មិន​ប្រែ​ចិត្ត​ទេ នោះ​នឹង​ត្រូវ​បណ្ដេញ​ចេញ »​ ( គ. និង ស. ៤២:២៣; ការ​គូស​បញ្ជាក់​បាន​បន្ថែម ) ។

ដើម្បី​ទទួល​បាន​ការ​ការពារ​ពី​ការ​វាយ​ប្រហារ​ពី​សំណាក់​​មារសត្រូវ ភ្នែក និង​ដួង​ចិត្ត​របស់​យើង​គួរ​ងាក​តែ​ទៅ​រក​ស្វាមី​ភរិយា​របស់​យើង និង​ព្រះអម្ចាស់​ប៉ុណ្ណោះ ។ យើង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ភ្នែក​របស់​យើង​វង្វេង ឬ​ចង់​បាន​មនុស្ស​ម្នាក់​ទៀត​ក្រៅ​ពី​ស្វាមី​ភរិយា​របស់​យើង​ឡើយ ។ យើង​ត្រូវ​បិទដួង​​ចិត្ត និង​គំនិត​របស់​យើង​ដើម្បី​ទទួល​បាន​ការ​ការពារ​ពី​ការ​ល្បួង​នោះ ។ នេះ​គឺជា​រូបមន្ត​របស់​ព្រះអម្ចាស់​សម្រាប់​ភាព​ជោគជ័យ​នៅ​ក្នុង​អាពាហ៍ពិពាហ៍ ។

យើង​ត្រូវ​បាន​ការ​ពារ​ ពេល​យើង​បម្រើ​បេសកកម្ម

យើង​មាន​ឱកាស​ជាច្រើន​ដើម្បី​បម្រើ​នៅ​ក្នុង​សាសនាចក្រ ហើយ​ព្រះអម្ចាស់ ​« សព្វ​ព្រះ​ហឫទ័យ​នឹង​ឲ្យ​កិត្តិយស​ដល់​អស់​អ្នក​ណា​ដែល​បម្រើ ​[ ទ្រង់ ] » ​( គ. និង ស. ៧៦:៥ ) ។ គោលការណ៍​ដ៏​អស្ចារ្យ​ទាំងឡាយ​អំពី​ការ​បម្រើ​បេសកកម្ម​ត្រូវ​បាន​បង្រៀន​នៅ​ក្នុង​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ។

ព្រះអម្ចាស់​សន្យា​ថា « មនុស្ស​ណា​មួយ​ដែល​នឹង​ទៅ ហើយ​ផ្សាយ​ដំណឹង​ល្អ​នេះ​ពី​នគរ ហើយ​មិន​ខកខាន ដើម្បី​មាន​ចិត្ត​ស្មោះត្រង់​រហូត​ត​ទៅ​ក្នុង​គ្រប់​ទាំង​អស់ នោះ​នឹង​ពុំ​មាន​ភាព​ទន់​ខ្សោយ​ខាង​គំនិត ឬ​ក៏​ងងឹត​ដែរ ឬ​ខាង​រូប​កាយ ខាង​ដៃ​ជើង ឬ​ខាង​សន្លាក់​ឆ្អឹង​ដែរ ហើយ​​សក់​ក្បាល​មួយ​សរសៃ​របស់​អ្នក​នោះ ក៏​នឹង​មិន​ជ្រុះ​ទៅ​ដល់​ដី​ដោយ​មិន​ដឹង​នោះ​ឡើយ ។ ហើយ​ពួក​គេ​នឹង​ពុំ​ឃ្លាន ឬ​ស្រេក​ឡើយ »​ ( គ. និង ស. ៨៤:៨០ ) ។ សូម​កត់​ចំណាំ​ថា ព្រះអម្ចាស់​ពុំ​បាន​លើក​លែង​ឲ្យ​ផុត​ពី​ភាព​លំបាក​នោះ​ទេ ប៉ុន្តែ​សន្យា​ថា យើង​នឹង​ស្ថិត​នៅ​ក្នុង​ការ​​ថែទាំ​របស់​ទ្រង់ ។

ទ្រង់​បាន​បន្ថែម​ថា « យើង​នឹង​នៅ​ខាង​ស្ដាំ​ដៃ​អ្នក ហើយ​ខាង​ឆ្វេង​ដៃ​អ្នក ហើយ​ព្រះវិញ្ញាណ​របស់​យើងនឹង​សណ្ឋិត​នៅក្នុង​ដួងចិត្ត​របស់​អ្នក ហើយ​ពួក​ទេវតារបស់​យើង​នៅ​ព័ទ្ធ​ជុំ​វិញ​អ្នក ដើម្បី​ទ្រ​អ្នក​ឡើង » ( គ. និង ស. ៨៤:៨៨ ) ។ ប្រសិន​បើ​យើង​បម្រើ​ទ្រង់ « ​ហេតុការណ៍​នឹង​កើត​ឡើង​ថា អំណាច​នឹង​ស្ថិត​នៅ​លើ​អ្នក អ្នក​នឹង​ត្រូវ​មាន​សេចក្ដី​ជំនឿ​ដ៏​ធំ ហើយ​យើង​នឹង​នៅ​ជាមួយ​អ្នក ហើយ​ទៅ​ពីមុខ​អ្នក » ​( គ. និង ស. ៣៩:១២ ) ។ អស់​អ្នក​ដែល​បម្រើ​បេសកកម្ម​ដោយ​អស់​ពី​ដួង​ចិត្ត​របស់​ពួកគេ​មាន​នូវ​ការ​សន្យា​ថា ពួកគេ​ « នឹង​បាន​ពរ​ទាំង​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម »​ ( គ. និង ស. ១៤:១១ ) ។

ព្រះអម្ចាស់​ក៏​ពង្រីក​ការ​ការពារ​ដល់​ក្រុម​គ្រួសារ​របស់​អស់អ្នក​ដែល​បម្រើ​ដែរ ៖​ « យើង​ជា​ព្រះ​អម្ចាស់ ប្រទាន​ដល់​ពួក​គេ​នូវ​សេចក្ដី​សន្យា​មួយ​ថា យើង​នឹង​ផ្គត់ផ្គង់​ដល់​ក្រុម​គ្រួសារ របស់​ពួក​គេ ហើយ​ទ្វារ​ដ៏​មាន​ផល​ប្រយោជន៍​នឹង​ត្រូវ​បាន​បើកចំហ​ដល់​ពួក​គេ ចាប់​ពី​ពេល​នេះ​ត​ទៅ » ​( គ. និង ស. ១១៨:៣ ) ។

ហើយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​ស្មោះ​ត្រង់​ត្រូវ​បាន​សន្យា​ថា « បាប​ទាំង​ឡាយ​របស់​អ្នក ត្រូវ​បាន​អត់​ទោស​ឲ្យ​ហើយ ហើយ​អ្នក​នឹង​បាន​ផ្ទុក​កណ្ដាប់​ស្រូវ​ពីលើ​ខ្នង​របស់​អ្នក » ( គ. និង ស. ៣១:៥ ) ។ ពរជ័យ​នេះ​គឺជា​ទីជម្រក​មួយ​សម្រាប់​ព្រលឹង​របស់​យើង ។

យើង​ត្រូវ​បាន​ការពារ​ ពេល​យើង​គោរព​តាម​ច្បាប់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់

នៅ​ក្នុង​គោលលទ្ធិ និង សេចក្តីសញ្ញា​យើង​រក​ឃើញ​ការ​បង្រៀន​ដូច​ត​ទៅ​នេះ ទាក់​ទង​នឹង​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ៖​ « មើល​ចុះ ឥឡូវ​ត្រូវ​បាន​ហៅថា​ថ្ងៃ​នេះ​រហូត​ដល់​ការ​យាង​មក​នៃ​កូន​មនុស្ស ហើយ​ប្រាកដ​មែន គឺជា​ថ្ងៃ​នៃ​ការ​បូជា និង​ជា​ថ្ងៃ​សម្រាប់​ដង្វាយ ១ ​ភាគ​ ១០ នៃ​រាស្ត្រ​របស់​យើង » ​( គ. និង ស. ៦៤:២៣ ) ។

ខ្ញុំ​ចង់​និយាយ​ថា ច្បាប់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​គឺ​ផ្ទុយ​ពី​គណិតវិទ្យា ដោយសារ ៩០ នឹង​ធំ​ជាង ​១០០ ។ ពេល​យើង​ថ្វាយ​ព្រះអម្ចាស់​ ១០ ភាគរយ​នៃ​ប្រាក់​ចំណូល​របស់​យើង ទ្រង់​សន្យា​នឹង​ « បើក​ទ្វារ​ស្ថានសួគ៌ ដើម្បី​ចាក់​ព្រះពរ​មក​លើ​ឯង ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ » ​( ម៉ាឡាគី ៣:១០, សូម​មើល​ផង​ដែរ​នីហ្វៃទី ៣ ២៤:១០ ) ។

ដើម្បី​វាយ​តម្លៃ​ថាតើ​សេចក្ដី​ជំនឿ​របស់​យើង​ខ្លាំង​ដល់​កម្រិត​ណា យើង​អាច​ក្រឡេក​មើល​ទៅ​ឥរិយាបថ​របស់​យើង​ចំពោះ​ច្បាប់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។ ការ​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​គឺ​ពុំមែនជា​បញ្ហា​ខាងប្រាក់កាស​នោះ​ទេ វា​គឺជា​បញ្ហា​នៃ​សេចក្ដី​ជំនឿ ។

ប្រធាន ហិនរី ប៊ី អាវរិង ទីប្រឹក្សា​ទីមួយ​ក្នុង​គណៈប្រធាន​ទីមួយ បង្រៀន​យើង​ថា « តាម​រយៈ​ការ​សម្រេច​ចិត្ត​របស់​យើង​នៅ​ពេល​នេះ​ដើម្បី​ធ្វើ​ជា​អ្នក​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពេញ​លេញ និង​ការ​ខិតខំ​ដ៏​ខ្ជាប់​ខ្ជួន​របស់​យើង​ដើម្បី​គោរព​តាម នោះ​យើង​នឹង​ទទួល​បាន​ការ​ពង្រឹង​នៅ​ក្នុង​សេចក្ដី​ជំនឿ​របស់​យើង ហើយ​នៅ​ពេល​នោះ​ដែរ​ ដួង​ចិត្ត​របស់​យើង​នឹង​មាន​ភាព​ទន់​ភ្លន់ ។ វា​គឺជា​ការ​ផ្លាស់​ប្ដូរ​ដួង​ចិត្ត​របស់​យើង​តាមរយៈ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូ​វ​គ្រីស្ទ គឺ​លើស​ពី​ការ​ថ្វាយ​ប្រាក់ ឬ​សម្ភារ​របស់​យើង​ទៅទៀត ដែល​អាច​ធ្វើ​ឲ្យ​ព្រះអម្ចាស់​សន្យា​ដល់​ពួក​អ្នក​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពេញ​លេញ​នូវ​ការ​ការពារ​នៅ​ថ្ងៃ​ចុង​ក្រោយនោះ ​[ សូម​មើល ​គ. និង ស. ៦៤:២៣ ] ។ យើង​អាច​មាន​ទំនុក​ចិ្ត​ថា យើង​នឹង​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ទទួល​បាន​ពរជ័យ​នៃ​ការ​ការ​ពារ​នោះ ប្រសិន​បើ​យើង​តាំង​ចិត្ត​នៅ​ពេល​នេះ​ដើម្បី​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពេញ​លេញ ហើយ​ខ្ជាប់​ខ្ជួន​ក្នុង​ការ​គោរព​តាម​វា » ។

យើង​ត្រូវ​បាន​ការពារ​ ពេល​យើង​គោរព​តាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាង​វៃ

យើង​រស់​នៅ​ក្នុង​គ្រា​មួយ​ដែល​សុខភាព​របស់​យើង​អាចត្រូវបាន​គម្រាម​កំហែង​ដោយ​សារធាតុ​គ្រោះ​ថ្នាក់​ជា​ច្រើន ។ ដោយ​ត្រាស់​ដឹង​អំពី​អ្វី​ដែល​យើង​ជួប​ប្រទះ ព្រះអម្ចាស់​បាន​បង្រៀន​ដល់​ព្យាការី យ៉ូសែប ស៊្មីធ នៅ​ឆ្នាំ​ ១៨៣៣ ថា « ពី​ព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ឡាយ និង​ផែនការ​ទាំង​ឡាយ​ដែល​មាន ហើយ​នឹង​មាន​នៅ​ក្នុង​ដួង​ចិត្ត​មនុស្ស ដែល​រួម​គំនិត​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ ទើប​យើង​បាន​ព្រមាន​ដល់​អ្នក ហើយ​ហាម​អ្នក​ទុកជាមុន ដោយ​ប្រទាន​ដល់​អ្នក​នូវ​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ​នេះ » ( គ. និង ស. ៨៩:៤ ) ។

ជន​ដែល​គោរព​តាម​ច្បាប់​សុខភាព​របស់​ព្រះអម្ចាស់​មាន​នូវ​ការ​សន្យា​ថា ពួកគេ​ « នឹង​បាន​ទទួល​សេចក្ដី​សុខ​ស្រួល​ដល់​ផ្ចិត​ពួក​គេ ហើយ​ជា​ខួរ​ដល់​ឆ្អឹង​ពួក​គេ ​[ សុខភាព​ខាង​រូបកាយ ]​ ហើយ​នឹង​រក​ឃើញ​ប្រាជ្ញា និង​ផល​ថ្លៃ​វិសេស​នៃ​ចំណេះវិជ្ជា គឺជា​សម្បត្តិ​ដែល​លាក់​ទុក​ [ ពរជ័យ​ខាង​ប្រាជ្ញា និង​ខាង​វិញ្ញាណ ] ​ហើយ​នឹង​រត់​ទៅ​ឥត​ដែល​ហត់ ហើយ​នឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ​ [ សុខភាព​ខាង​រូបកាយ ] » ។

ហើយ​ព្រះអម្ចាស់​សន្យា​នូវ​សុវត្ថិភាព​ដល់​អស់​អ្នក​ណា​ដែល​គោរព​តាម​ច្បាប់​នេះ ៖​ « ហើយ​យើង​ជា​ព្រះ​អម្ចាស់​ប្រទាន​ដល់​ពួក​គេ​នូវ​សេចក្ដី​សន្យា​មួយ​ថា ទេវតា​ដែល​បំផ្លាញ​នឹង​បង្ហួស​ពួក​គេ ដូច​ជា​កូន​ចៅ​អ៊ី​ស្រា​អែល​ដែរ ហើយ​មិន​ប្រហារ​ពួក​គេ​ឡើយ » ​( គ. និង ស. ៨៩:១៨–២១ ) ។

ការ​សន្យា​នេះ​ពុំ​មែន​មាន​ន័យ​ថា យើង​នឹង​ពុំ​ស្លាប់​នោះទេ ដោយសារ​សេចក្ដី​ស្លាប់​គឺជា​ផ្នែក​មួយ​នៃ​ផែនការ​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។ ប៉ុន្តែ​ « ទេវតា​បំផ្លិច​បំផ្លាញ ដែល​វា​មក​ដើម្បី​ដាក់​ទោស​ដល់​មនុស្ស​ទុច្ចរិត​សម្រាប់​អំពើ​បាប​របស់​ពួកគេ ពេល​ដូច​ដែល​វា​បាន​ធ្វើ​កាល​ពី​បុរាណ​ដល់​ពួក​សាសន៍​អេស៊ីព្ទ​ដែល​ពួក​រលួយ​នៅ​ក្នុង​សេចក្ដី​ទុច្ចរិត​របស់​ពួកគេ ​[ សូម​មើលនិក្ខមនំ ១២:២៣, ២៩ ] នឹង​ដើរ​កាត់​ពួក​បរិសុទ្ធ » ។

យើង​ត្រូវ​បាន​ការពារ ពេល​យើង​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ

រូបភាព
watchtower and temple

រូបភាព​ប៉ម​មក​ពី Getty Images, ព្រះវិហារបរិសុទ្ធ​សាក្រាម៉ង់តូ កាលីហ្វូញ៉ា​ដោយ ​សានដ្រា រ៉ាស្ត

ព្រះអម្ចាស់​បង្គាប់​យើង​ជា​ថ្មី​ម្ដង​ទៀត​ឲ្យ​ « នៅ​ក្នុង​ទី​បរិសុទ្ធ » ​( សូម​មើល គ. និង ស. ៤៥:៣២, ៨៧:៨, ១០១:២២ ) ។ ពិតណាស់ ព្រះវិហារបរិសុទ្ធ​របស់​យើង​គឺជា​ទី​បរិសុទ្ធ ។ ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ ( ១៨៧៦–១៩៧២ ) បាន​បង្រៀន ៖

« បើ​យើង​ដឹង​អំពី​អ្វី​ដែល​យើង​កំពុង​ធ្វើ នោះ​អំណោយទាន​ដ៏​ពិសិដ្ឋ​នឹង​ក្លាយ​ទៅ​ជា​ការការពារ​​ដល់​យើង​អស់​មួយ​ជីវិត​យើង — ជា​ការការពារ​ដែល​មនុស្ស​ម្នាក់​ដែល​មិន​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ​ពុំ​មាន ។

« ខ្ញុំ​ធ្លាប់​បាន​ឮ​ឪពុក​របស់​ខ្ញុំ [ ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ ] មាន​ប្រសាសន៍​ថា នៅ​ក្នុង​គ្រា​នៃ​ការសាកល្បង នៅក្នុង​គ្រា​នៃ​ការល្បួង លោក​នឹង​គិត​អំពី​សេចក្ដី​សន្យា សេចក្ដី​សញ្ញា​ដែល​លោក​បាន​ធ្វើ​នៅក្នុង​ព្រះដំណាក់​នៃ​ព្រះអម្ចាស់ ហើយ​វា​ជា​ការការពារ​មួយ​ដល់​លោក » ។

រួម​ជាមួយ​នឹង​ព្រះវិហារ​បរិសុទ្ធ រោង​ថ្វាយ​បង្គំ និង​ថ្នាក់​រៀន​នៅ​ក្នុង​សាលាប្រជុំ​របស់​សាសនាចក្រ និង​ផ្ទះ​របស់​យើង​ត្រូវ​បាន​ឧទ្ទិស​ឆ្លង​ជា​ទី​បរិសុទ្ធ ។ កន្លែង​ទាំង​នេះ​បរិសុទ្ធ ប្រសិន​បើ​មនុស្ស​ដែល​នៅ​ក្នុង​នោះ​មាន​ចិត្ត​បរិសុទ្ធ ហើយ​រស់​នៅ​តាម​បទបញ្ញត្តិ​របស់​ព្រះ ។ ពេល​យើង​គោរព​បទបញ្ញត្តិ យើង​រីករាយ​នឹង​ភាព​ជា​ដៃ​គូ ការ​ដឹកនាំ និង​ការ​លួង​លោម​ចិត្ត​​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ប្រសិន​បើ​ទ្រង់​អាច​ក្លាយ​ជា​ដៃ​គូ​ដ៏​ខ្ជាប់​ខ្ជួន នោះ​ យើងពិតជា​នឹង​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ ។

សេចក្ដី​បញ្ចប់

យើង​ធ្លាប់​ឃើញ​នៅ​ក្នុង​គោលលទ្ធិ និង សេចក្តី​សញ្ញា​នូវ​ទម្រង់​ខុសៗ​គ្នា​នៃ​ការ​ការ​ពារ​ដែល​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ប្រទាន​ឲ្យ​យើង ពេល​យើង​ខិត​ខំ​រៀន​សូត្រ ហើយ​រស់​នៅ​តាម​គោលការណ៍​ទាំងនេះ ។ យើង​អាច​នឹង​សួរ​ថាតើ​ត្រូវ​រក​ការ​ការពារ​នេះ​នៅ​ឯណា ។

ដោយ​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់​ដល់​ពួក​បរិសុទ្ធ ព្រះអម្ចាស់​បាន​សន្យា​ថា ទ្រង់​នឹង​គង់​ជាមួយ​យើង ៖ ​« ចូរ​សង្ឃឹម​ឡើង កូន​ក្មេង​តូច​អើយ ត្បិត​យើង​នៅ​កណ្ដាល​ពួក​អ្នក ហើយ​យើង​ពុំ​បាន​បោះបង់​ចោល​អ្នក​ឡើយ » ​( គ. និង ស. ៦១:៣៦ ) ។ « ចូរ​ប្រុង​ស្ដាប់ … ព្រះ​អម្ចាស់​ជា​ព្រះ​របស់​អ្នក ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ គឺជា​ព្រះ​គ្រីស្ទ ជា​ព្រះ​គាំទ្រ​របស់​អ្នក ដែល​ជ្រាប​នូវ​សេចក្ដី​កម្សោយ​នៃ​មនុស្ស និង​ចេះ​ជួយ​ពួក​គេ​ដែល​ត្រូវ​ល្បួង » ​( គ. និង ស. ៦២:១ ) ។

ពេល​យើង​អនុវត្ត​ដង្វាយធួន និង​ការ​បង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​ជីវិត​របស់​យើង នោះ​យើង​​អាច​ទទួល​ការ​ការពារ និង​ទី​ជម្រក​ដែល​ផ្ដល់​កម្លាំង​ដល់​យើង​ដើម្បី​សម្រាល​បន្ទុក​របស់​យើង យក​ឈ្នះ​លើ​អំពើ​បាប និង​ការ​លំបាក​ទាំងឡាយ​​របស់​យើង ហើយ​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​ពួក​បរិសុទ្ធ ។

កំណត់​ចំណាំ

  1. អិម រ័សុល បាឡឺដ « His Word Ye Shall Receive » Liahona, ខែ​ កក្កដា ឆ្នាំ​ ២០០១ ទំព័រ ៨០ ។

  2. Teachings of Presidents of the Church: Spencer W. Kimball ( ឆ្នាំ ២០០៦ ) ទំព័រ ១៩៩ ។

  3. ហិនរី ប៊ី អាវរិង « Spiritual Preparedness: Start Early and Be Steady »Liahona, ខែ​ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៤០ ។

  4. ជេ រ៉ូប៊ីន ក្លាក ជុញ្ញ័រ នៅ​ក្នុង Conference Report ខែ​តុលា ឆ្នាំ​ ១៩៤០ ទំព័រ ១៧, សូម​មើល​ផង​ដែរ Doctrine and Covenants Student ManualChurch Educational System manual ឆ្នាំ​២០០១ ) ទំព័រ​ ២១១ ។

  5. យ៉ូសែប ហ្វីលឌិង ស៊្មីធ « The Pearl of Great Price » Utah Genealogical and Historical Magazine, ខែ កក្កដា ឆ្នាំ​ ១៩៣០ ទំព័រ​ ១០៣, សូម​មើល​ផង​ដែរ Doctrine and Covenants Student Manual ទំព័រ ២៥៩ ។