២០១៧
ផាវ
December 2017


ផាវ

ពេល​អែលឌើរ ឌែល ជី រេនឡាន់ មាន​អាយុ​១២ ឆ្នាំ គ្រួសារ​របស់​លោក​បាន​រស់​នៅ​ក្នុង​ប្រទេស​ស៊ុយអែត ។ នៅ​ថ្ងៃ​អាទិត្យ​មួយ មិត្ត​របស់​ឌែល ឈ្មោះ ស្តេហ្វាន បាន​យក​ផាវដ៏​ធំ​មួយ និង​ឈើ​គូស ចូល​ទៅ​ក្នុង​អគារ​សាសនាចក្រ ។ ឌែល រំភើប​ចិត្ត​ណាស់ ។ ឌែល បាន​យក ផាវនោះ​មក ហើយ​ដុត​ឆ្នួន​របស់​វា ។ លោក​ចង់​ពន្លត់​ឆ្នួន​នោះ ប៉ុន្តែ​លោក បាន​ធ្វើ​ឲ្យ​​រលាក​ម្រាម​ដៃ ហើយ​ក៏​ជ្រុះ ផាវ​នោះ​ទៅ​នឹង​ឥដ្ឋ ! ឌែល និង​ស្តេហ្វាន បាន​មើល​ដោយ​ការ​ភ័យ​ស្លុត ពេល​ឆ្នួន​នោះ​បន្ត​ឆេះ ។

ផាវនោះ​ក៏​បាន​ផ្ទុះ​ឡើង ! ក្លិន​ដ៏​អាក្រក់​មួយ​បាន សាយ​ភាយ​ពេញ​សាល​ប្រជុំ ។ រំពេច​នោះ ​ឌែល និង​ស្តេហ្វាន បាន​រើស​កម្ទេច​ផាវ​នោះ ហើយ​បាន​បើក​បង្អួច​ឲ្យ​ក្លិន​ហើរ​ចេញ ។ ពួកគាត់ បាន សង្ឃឹម​ថា នឹង​គ្មាន​នរណា​ម្នាក់​កត់ សម្គាល់​ពួកគាត់​ឡើយ ។

ពេល​មនុស្ស​បាន​មក​ការ​ប្រជុំ​សាក្រាម៉ង់ ពួកគេ បាន ដឹង ។ ក្លិន​នោះ​ខ្លាំង​ណាស់​រហូត​ធ្វើ​មនុស្ស​ទាំងនោះ​ពុំ​អាច​ផ្ដោត​អារម្មណ៍​លើ​ការ​ប្រជុំ​បាន​ឡើយ ។ ឌែល មាន​អារម្មណ៍​ខ្មាស់​អៀន និង​អាម៉ាស់​ជា​ខ្លាំង ។ លោក​បាន​ដឹង​ថា អ្វី​ដែល​លោក​បាន​ធ្វើ​នោះ​គឺ​ធ្វើ​ឲ្យ​ព្រះវរបិតា​សួគ៌​អាក់​អន់​ព្រះទ័យ ។

បន្ទាប់​ពី​ម៉ោង​ព្រះវិហារ ប្រធាន លីនប៊ឺក ជា​ប្រធាន​សាខា​បាន​សុំ​ឲ្យ​ឌែល​ទៅ​ការិយាល័យ​របស់​គាត់ ដោយសារ គាត់ ដឹង​ថា​មាន​រឿង​អ្វី​មួយ​ដែល​មិន​ប្រក្រតី ។ ឌែល បាន​ប្រាប់​ប្រធាន លីនប៊ឺក ពី​ការ​សោកស្ដាយ​ដែល​គាត់​មាន​ចំពោះ​រឿង​ផាវ​នោះ ។

ប្រធាន លីនប៊ឺក ជា​មនុស្ស​មាន​សណ្ដាន​ចិត្ត​ល្អ ។ គាត់​បាន​បើក​ព្រះគម្ពីរ ហើយ​បាន​សុំ​ឲ្យ​ឌែល​អាន​ខគម្ពីរ​មួយ​ចំនួន​ដែល​មាន​គូស​បន្ទាត់​ពី​ក្រោម ។ ឌែល បាន​អានថា « មើលចុះ អ្នកណា​ដែល​ប្រែចិត្ត​ពី​អំពើ បាប​ទាំងឡាយ​របស់ខ្លួន អ្នក​ឈ្មោះ​ថា​បាន​អត់ទោស​ឲ្យ​ហើយ ហើយ​យើង​ជា​ព្រះអម្ចាស់​មិន​ចាំ​ពី​អំពើ​បាប​ទាំង​នោះ​ទៀត​ទេ ។ តាម​របៀប​នេះ​អ្នក​រាល់​គ្នា​អាច​ដឹង​បើ​សិន​ជា​មនុស្ស​ណា​ម្នាក់​ប្រែចិត្ត ពី​អំពើ​បាប​ទាំងឡាយ​របស់​ខ្លួន​មែន ឬ​អត់ — មើល​ចុះ​អ្នក​នោះ​នឹង​សារភាព​អំពី​អំពើ​បាប​ទាំងឡាយ ហើយ​លះបង់​ចោល​អំពើ​បាប​ទាំងនោះ » ( គ. និង ស. ៥៨:៤២–៤៣ ) ។

ពេល​ឌែលបាន​បញ្ចប់​ការ​អាន លោក​បាន​ឃើញ​ប្រធាន លីនប៊ឺក ញញឹម ។ ពេល ឌែល បាន​ចាកចេញ​ពី​ការិយាល័យ​នោះ លោក​បាន​មាន​ចិត្ត​រីករាយ ។ លោក​បាន​ទទួល​អារម្មណ៍​ថា លោក​ទទួល​បាន​ការ​អភ័យទោស​ឲ្យ ។

អែលឌើរ រេនឡាន់ បាន​រៀន​ថា លោក​អាច​ទទួល​បាន​ការ​អភ័យទោស ពេល​លោក​បាន​ធ្វើ​អ្វី​មួយ​ខុស​ឆ្គង ។ លោក​អាច​មាន​ចិត្ត​រីករាយ ពេល​លោក​បាន​ប្រែចិត្ត ហើយ​គោរព​បទបញ្ញត្តិ​របស់​ព្រះវរបិតា​សួគ៌ ។