២០១៣
ទំនួល​ខុសត្រូវ​របស់​យើង​ដើម្បី​ជួយសង្គ្រោះ
Oct 2013


សារលិខិត​គណៈប្រធាន​ទីមួយ

ទំនួលខុសត្រូវ​របស់​យើង ដើម្បី​ជួយ​សង្គ្រោះ

រូបភាព
ប្រធាន ថូម៉ាស អេស. ម៉នសុន

ចំពោះពួកបរិសុទ្ធថ្ងៃចុងក្រោយ សេចក្តីត្រូវការដើម្បីស្រោចស្រង់បងប្អូនប្រុសស្រីរបស់យើង ដែល ដោយព្រោះតែមូលហេតុណាមួយ បានបែរចេញពីសកម្មភាពនៃសាសនាចក្រ គឺជាសារសំខាន់ដ៏អស់ កល្បជានិច្ច ។ តើ​យើងស្គាល់មនុស្សបែបនោះ ដែលធ្លាប់ឱបក្រសោបដំណឹងល្អពីមុនឬទេ ? ប្រសិនបើដូច្នេះមែន តើទំនួល​ខុសត្រូវ​របស់​យើង​ដើម្បី​ជួ​យសង្គ្រោះ​ពួកគេគឺជាអ្វី ?

សូម​ពិចារណា​ពី​ជន​ដែល​ត្រូវ​ការ​ជំនួយ​ក្នុង​ចំណោម​មនុស្ស​ចាស់​ជរា ស្ត្រី​មេម៉ាយ និង​អ្នក​ជំងឺ ។ ជា​ញឹកញាប់ ពួកគេ​ត្រូវ​បាន​រក​ឃើញ​នៅ​ទីរហោស្ថាន​ដ៏​ស្ងួត​ហែង ហើយ​ស្វិត​ស្រពោន​នៃ​ភាព​ដាច់​ឆ្ងាយ​ពី​គេ​ដែល​ហៅ​ថា​ភាព​ឯកា ។ នៅ​ពេល​​យុវវ័យ​កន្លង​ផុត​ទៅ ​សុខភាព​​ទ្រុឌទ្រោម កាយ​សម្បទា​ចុះ​ខ្សោយ ហើយ​ពន្លឺ​នៃ​សេចក្ដី​សង្ឃឹម​ភ្លឺ​ភ្លឹបភ្លែត ពួកគេ​អាច​ជួយ ហើយ​គាំទ្រ​ដោយ​ដៃ​ដែល​ជួយ និង​ដួង​ចិត្ត​ដែល​មាន​សេចក្ដី​អាណិត​អាសូរ ។

ពិតណាស់ មាន​ជនទាំងឡាយ​ផ្សេងទៀត​ដែល​ត្រូវការ​ការស្រោចស្រង់ ។ ជន​ខ្លះជួប​បញ្ហា​នឹង​អំពើ​បាប ខណៈដែល​ជន​ផ្សេងទៀត​វង្វេង​ក្នុង​ភាព​ភ័យ​ខ្លាច ឬ​ភាព​ព្រងើយ​កន្តើយ ឬ​ភាព​ល្ងង់ខ្លៅ ។ ចំពោះ​ហេតុផល​អ្វី​ក៏ដោយ ពួក​គេ​បាន​ដក​ខ្លួន​ឯង​ចេញ​ពី​សកម្មភាព​ក្នុង​សាសនាចក្រ ។ ហើយ​ប្រាកដណាស់​ពួកគេ​នឹង​បន្ត​ស្ទើរ​តែ​វង្វេងបាត់ ដរាបណា​មាន​​ការក្រើន​រំឭក ពីសំណាក់យើងដែលជាសមាជិកសកម្ម—​ជា​សមាជិក​សាសនាចក្រ​សកម្ម—ហើយមាននូវ​ប្រាថ្នា​មួយ​ដើម្បី​ជួយ ហើយ​សង្គ្រោះ ។

មនុស្ស​ម្នាក់​ដើម្បី​បង្ហាញ​ផ្លូវ

ខ្ញុំ​ធ្លាប់​បាន​ទទួល​សំបុត្រ​មួយ​​ពី​បុរស​ម្នាក់​ដែល​​បាន​វង្វេង​ចេញ​សាសនាចក្រ ។ វា​គូស​បញ្ជាក់​ពី​សមាជិក​របស់​យើង​ជា​ច្រើន ។ បន្ទាប់​ពី​រៀបរាប់​នូវ​របៀប​ដែល​គាត់​បាន​ក្លាយ​ខ្លួនទៅជាអសកម្ម នោះ​គាត់បាន​សរសេរ​ថា ៖

« ខ្ញុំ​ធ្លាប់​មាន​ពរជ័យយ៉ាង​​ច្រើន ប៉ុន្តែ​ឥឡូវ​នេះ​ខ្ញុំ​មាន​តិចតួច​ណាស់ ។ ខ្ញុំពិបាក​ចិត្ត ហើយ​មាន​អារម្មណ៍​ថា​ដូចជា​ខ្ញុំ​កំពុង​តែ​បរាជ័យ​នៅ​គ្រប់​រឿង​ទាំងអស់ ។ ដំណឹងល្អ​ពុំ​ដែល​ឃ្លាត​ចេញ​ពី​ដួងចិត្ត​របស់​ខ្ញុំ​ឡើយ ទោះ​ជា​វា​ឃ្លាត​ចេញ​ពី​ជីវិត​ខ្ញុំ​ក្ដី ។ ខ្ញុំ​ស្នើសុំ​ការអធិស្ឋាន​របស់​អ្នក ។

« សូម​កុំ​ភ្លេច​ពួក​យើង​ដែល​នៅ​ខាង​ក្រៅ​នេះ—ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដែល​វង្វេង​ផ្លូវ ។ ខ្ញុំ​ស្គាល់​ពី​ទីកន្លែង​របស់​សាសនាចក្រ ប៉ុន្តែ​ពេល​ខ្លះ​ខ្ញុំ​គិត​ថា​ខ្ញុំ​ត្រូវ​ការ​នរណា​ម្នាក់​ផ្សេង​ទៀត​ឲ្យ​បង្ហាញ​​ផ្លូវ​ដល់​ខ្ញុំ លើក​ទឹកចិត្ត​ខ្ញុំ ដក​យក​ភាព​ភ័យ​ខ្លាច​របស់​ខ្ញុំ ហើយ​ថ្លែង​ទីបន្ទាល់​មក​កាន់​ខ្ញុំ » ។

ខណៈ​ពេល​ខ្ញុំ​អាន​សំបុត្រ​នេះ គំនិត​របស់​ខ្ញុំ​បែរ​ទៅ​រក​កាល​ដែល​ខ្ញុំ​បាន​ទៅ​មើល​រូប​គំនូរ​ដ៏​អស្ចារ្យ​មួយ​ក្នុង​ពិភពលោក—ដែល​បាន​តាំង​នៅ​សារមន្ទីរ​វិកទ័ររីយ៉ា និង​អាល់ប៊ឺត ក្នុង​ទីក្រុង​ឡុងដ៏​ ប្រទេស​អង់គ្លេស ។ រូបគំនូរ​ដ៏ធំ​នោះ​ត្រូវ​បាន​គេ​គូរ​នៅ​ឆ្នាំ 1831 ដោយ យ៉ូសែប ម៉ាឡ័ដ វិល្លាម ថឺនើរ ។ រូបគំនូរ​នោះឆ្លុះបញ្ចាំង​ពី​​ពពក​ដ៏​ខ្មៅ​ងងឹង និង​ព្យុះ​សមុទ្រ​ដ៏​កំណាច​ដោយ​បង្ហាញ​​ឲ្យ​ឃើញ​ពី​គ្រោះថ្នាក់ និង​សេចក្ដីស្លាប់ ។ មាន​ពន្លឺ​ចេញ​ពី​វានា​ភ្លឺ​ព្រឹមៗ​ពី​ចម្ងាយ ។ នៅ​ពី​មុខ​ទឹក​រលក​ដ៏​ខ្ពស់​ដែល​កំពុង​បក់​បោក​គឺ​មាន​ទូក​ជួយ​សង្គ្រោះ​មួយ​ដ៏​ធំ ។ បុរស​ទាំងនោះ​បានខំ​អុំទូក​យ៉ាងខ្លាំង​​ខណៈ​ដែល​ទូក​ជួយ​សង្គ្រោះ​នោះ​ស្ថិត​នៅ​ក្នុង​ព្យុះ​សង្ឃរា ។ រីឯ​នៅ​លើ​ឆ្នេរ​វិញ​មាន​ភរិយា និង​កូន​ពីរ​នាក់​នៅ​ឈរ​កណ្ដាល​ភ្លៀងធា្លក់ ហើយ​ត្រូវ​ខ្យល់​បោក​បក់​យ៉ាង​ខ្លាំង ។ ពួកគេ​បាន​សម្លឹង​ទៅ​លំហ​សមុទ្រ​ដោយ​ក្ដី​អន្ទៈសា ។ នៅ​ក្នុង​គំនិត​របស់ខ្ញុំ ខ្ញុំ​បាន​សង្ខេប​នូវ​អត្ថន័យ​នៃ​រូបភាព​គំនូរ​នេះ ។ ចំពោះ​ខ្ញុំ​វា​គឺ​ជាការ​ជួយ​សង្គ្រោះ ។1

នៅ​ក្នុង​ព្យុះភ្លៀង​នៃ​ជីវិត តែង​មាន​គ្រោះថ្នាក់​នៅ​ក្បែរ​នោះ ។ បុរស​ស្ត្រី ក្មេង​ប្រុស​ក្មេង​ស្រី​រក​ឃើញ​ថា​ខ្លួន​ឯង​​បាន​ជាប់​ផុង ហើយ​កំពុង​ប្រឈម​មុខ​នឹង​ការ​បំផ្លិចបំផ្លាញ ។ តើ​នរណា​នឹង​ដឹកនាំ​ទូក​ជួយ​ស្រោចស្រង់ ដោយ​ទុក​ចោល​នូវ​ការ​លួងលោម​ចិត្ត​ដល់​គ្រួសារ ហើយ​ទៅជួយ​សង្គ្រោះនោះ ?

កិច្ចការ​របស់​យើង​គឺ​ពុំ​មែន​ធំហួសហេតុនោះទេ ។ យើង​កំពុង​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ យើង​នឹង​ទទួល​បាន​ជំនួយ​របស់​ទ្រង់ ។

អំឡុង​ពេល​ការ​បម្រើ​របស់​លោក​ចៅហ្វាយ ទ្រង់​បាន​ហៅ​ពួក​អ្នក​នេសាទ​ត្រី​នៅ​ស្រុក​កាលីឡេ​ឲ្យ​បោះបង់​ចោល​សំណាញ់​របស់​ពួកគេ ហើយ​ដើរ​តាម​ទ្រង់ ដោយ​​ប្រកាស​ថា « ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​ជា​អ្នក​​នេសាទ​មនុស្សវិញ » ។2 សូម​ឲ្យ​យើង​ចូល​រួម​ក្នុង​នាម​ជា​អ្នក​នេសាទ​បុរស​និងស្ត្រី ដើម្បី​យើង​អាច​ផ្ដល់​នូវ​​ជំនួយ​អ្វី​ក៏​ដោយ​ដែល​យើង​អាច​ធ្វើ​បាន ។

កាតព្វកិច្ច​របស់​យើង​គឺ​ការ​ជួយ​ស្រោចស្រង់​ដល់​ជន​ទាំងឡាយ ​ដែល​បាន​ចាក​ចេញ​ពី​សុវត្ថិភាព​នៃ​ភាព​សកម្ម ដើម្បី​ឲ្យ​អ្នក​ទាំងនោះ​អាច​នាំ​មក​ឯ​តុ​របស់​ព្រះអម្ចាស់ ​ដើម្បី​ទទួល​ទាន​នូវ​ព្រះបន្ទូល​របស់​ទ្រង់ ដើម្បី​រីករាយ​នឹង​ភាព​ជា​ដៃ​គូ​នៃ​ព្រះវិញ្ញាណ​របស់​ទ្រង់ និង​ដើម្បីកុំ​ឲ្យ​ក្លាយ​ « ជា​អ្នក​ដទៃ ឬ​ជា​អ្នក​គ្រាន់​តែ​សំណាក់​នៅ​ទៀត​ទេ គឺ​ជា​ជាតិ​តែ​មួយ​នឹង​ពួក​បរិសុទ្ធ ជា​ពួក​ដំណាក់​ព្រះវិញ » ។ 3

គោលការណ៍​នៃ​សេចក្ដី​ស្រឡាញ់

ខ្ញុំ​បាន​រកឃើញ​ថា មាន​ហេតុផល​សំខាន់​ពីរ​យ៉ាង​ចំពោះ​ការ​ត្រលប់​មក​សកម្ម​វិញ និង​ការ​ផ្លាស់​ប្ដូរ​ឥរិយាបថ ទម្លាប់ និង​សកម្មភាព ។ ទី​មួយ បុគ្គល​ទាំងឡាយ​ត្រលប់​មក​វិញ​ដោយ​សារ​មាន​នរណា​ម្នាក់​បាន​បង្ហាញ​ដល់​ពួកគេ​ពី​សក្ដានុពល​ដ៏​នៅ​អស់​កល្ប​ជានិច្ច​របស់​ពួកគេ ហើយ​បាន​ជួយ​ពួកគេ​ឲ្យ​សម្រេច​ចិត្ត​ដើម្បី​សម្រេច​បាន​កិច្ចការ​ទាំងនោះ ។ អ្នក​អសកម្មពុំ​អាច​រីករាយ​បាន​យូរ​អង្វែង​ជាមួយ​នឹង​ភាព​ទន់ខ្សោយ ពេល​ពួកគេ​មើល​ឃើញសេចក្ដី​ល្អ​ដែល​ពួកគេ​អាច​តោង​ចាប់​យក​បាន​នោះ​ឡើយ ។

ទីពីរ មនុស្ស​ផ្សេងទៀត​បាន​ត្រលប់​មក​វិញ​ដោយសារ​មនុស្ស​ជា​ទី​ស្រឡាញ់ ឬ « ជាតិ​តែ​មួយ​នឹង​ពួក​បរិសុទ្ធ » បាន​ធ្វើ​តាម​​ពាក្យ​ណែនាំ​របស់​ព្រះអង្គ​សង្គ្រោះ ​បាន​ស្រឡាញ់​អ្នក​ជិត​ខាង​ខ្លួន​ដូច​ខ្លួន​ឯង,​4 ហើយ​បាន​ជួយ​ដល់​អ្នក​ដទៃ​ដើម្បី​បំពេញ​សេចក្ដី​ស្រមៃ​ពួកគេ ហើយ​ធ្វើ​ឲ្យ​ក្ដី​ប្រាថ្នា​ពួកគេ​ក្លាយ​ជា​ការ​ពិត ។

ការ​លើក​ទឹក​ចិត្ត​​នៅ​ក្នុង​ដំណើរ​ការ​នេះ​បាន​កើត​ឡើង—ហើយ​នឹង​បន្ត​ក្លាយ​ជា—គោលការណ៍​នៃ​សេចក្ដីស្រឡាញ់ ។

នៅ​ក្នុង​អារម្មណ៍​ពិត​មួយ បុគ្គល​ទាំងនោះ​ដែល​បាន​​ជាប់​ផុង​នៅ​ក្នុង​ព្យុះសមុទ្របោកបក់​នៃ​រូបគំនូរ​របស់​ថឺនើរ​ប្រៀប​បាន​នឹងសមាជិក​យើង​ជា​ច្រើន ​ដែល​បាន​មិនសូវសកម្ម ដែល​កំពុង​រង់ចាំ​ការជួយស្រោចស្រង់ ដោយ​អ្នក​ដែល​ដឹកនាំ​ទូក​ជួយស្រោចស្រង់ នោះដូច្នោះ​ដែរ ។ ដួងចិត្ត​របស់​ពួកគេ​ដង្ហោយ​ហៅ​រក​ជំនួយ ។ ឪពុក​ម្ដាយ​ទាំងឡាយ​បាន​អធិស្ឋាន​សម្រាប់​កូន​ប្រុស​ស្រី​របស់​ខ្លួន ។ ភរិយា​ទាំងឡាយទូល​អង្វរ​ដល់​ស្ថានសួគ៌ ឲ្យ​ស្វាមី​ខ្លួន​នឹង​ទទួល​បាន​ការ​សង្គ្រោះ ។ ពេល​ខ្លះ កូន​បាន​អធិស្ឋាន​សម្រាប់​ឪពុក​ម្ដាយ​របស់​ខ្លួន ។

ខ្ញុំ​សូម​អធិស្ឋាន​ថា យើង​នឹង​មាន​ក្ដី​ប្រាថ្នា​មួយ​ដើម្បី​ស្រោចស្រង់ដល់​អ្នក​អសកម្ម ហើយ​នាំ​ពួកគេ​ត្រលប់​មក​រក​សេចក្ដី​អំណរ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ដើម្បីឲ្យ​ពួកគេ​អាចចូលរួម​ជាមួយ​នឹង​ពួកយើង​នូវ​រាល់​ការរាប់អាន​ដ៏​ពេញ​លេញ​ដែល​មាន ។

សូម​ឲ្យ​យើង​ទៅ​ជួយ​ស្រោចស្រង់​ដល់​ជន​ដែល​វង្វេង​នៅ​ជុំវិញ​ខ្លួន​យើង ៖ ចាស់​ជរា ស្ត្រី​មេម៉ាយ អ្នក​ជំងឺ ជន​ពិការ អ្នក​អសកម្ម និង​ជន​ដែល​ពុំ​បាន​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ។ សូម​ឲ្យ​យើង​ផ្ដល់​ដល់​ពួក​គេ​នូវ​ដៃ​ដែល​ចាំ​ជួយ និង​ដួងចិត្ត​ដែល​ចេះ​អាណិតអាសូរ ។ តាមរយៈការ​ធ្វើ​បែបនេះ យើង​នឹង​នាំ​សេចក្ដី​អំណរ​ចូល​ទៅ​ក្នុង​ដួង​ចិត្ត​ពួកគេ ហើយ​យើង​នឹង​ទទួល​បាននូវ​ភាព​រីករាយ​ដ៏​លើស​លប់​ដែល​កើត​ឡើង​ចំពោះ​យើង ពេល​យើង​ជួយ​ដល់​អ្នក​ដទៃ​ទៀត​នៅ​តាម​ផ្លូវ​ទៅ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។

កំណត់​ចំណាំ

  1. ចំណង​ជើង​ពេញ​នៃ​រូបគំនូរ​នោះ​គឺ ក្រុម​ជួយ​ស្រោចស្រង់​បាន​ជិះ​ទូក​សំដៅ​ទៅ​រក​នាវា​ដែល​ជាប់​ផុង​ក្នុង​ភាព​ទុក្ខព្រួយ​ដោយ​បញ្ចេញ​សញ្ញា ( ភ្លើង​ពណ៌ខៀវ ) ។

  2. ម៉ាថាយ4:19 ។

  3. អេភេសូរ 2:19 ។

  4. សូមមើល ម៉ាថាយ 22:39 ។

ការបង្រៀន​ចេញ​ពី​សារលិខិត​នេះ

សូម​ពិចារណា​សួរ​ដល់​សមាជិក​ដែល​អ្នក​សួរ​សុខ​ទុក្ខ ប្រសិនបើ​ពួកគេ​ស្គាល់​នរណា​ម្នាក់​ដែល​មាន​ការ​លំបាក​ក្នុង​ការ​ទៅ​ព្រះវិហារ ។ អ្នក​អាច​ជ្រើស​យក​មនុស្ស​ម្នាក់ ហើយ​ពិភាក្សា​ពី​របៀប​ដើម្បី​បង្ហាញ​សេចក្ដីស្រឡាញ់ ដូចជា​ការ​អញ្ជើញ​គាត់​ឲ្យ​ចូល​រួម​នៅ​ក្នុង​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ ឬ​មក​ទទួល​ទាន​អាហារ ។

ក្រុម​ជួយ​ស្រោចស្រង់​បាន​ជិះ​ទូក​សំដៅ​ទៅ​រក​នាវា​ដែល​ជាប់​ផុង​ក្នុង​ភាព​ទុក្ខព្រួយ​ដោយ​បញ្ចេញ​សញ្ញា ភ្លើង​ពណ៌ខៀវ ដោយ យ៉ូសែប ម៉ាឡ័ដ វិល្លាម ថឺនើរ © សារមន្ទីរ​វិកទ័ររីយ៉ា និង​អាល់ប៊ឺត ក្នុង​ទីក្រុង​ឡុង www.vandaimages.com ។