ចុះសេចក្ដីសញ្ញាជាមួយព្រះដើម្បីពង្រឹង ការពារ និងរៀបចំយើងសម្រាប់ជីវិតដ៏នៅអស់កល្បជានិច្ច
នៅពេលយើងជ្រើសរើសចុះ និងរក្សាសេចក្ដីសញ្ញាជាមួយទ្រង់ទាំងទ្វេ នោះយើងនឹងកាន់តែទទួលបានពរជ័យកាន់តែច្រើន ក្នុងជីវិតនេះនិងជីវិតដ៏រុងរឿងអស់កល្បជានិច្ចនៅឯបរលោក ។
ឱ បងប្អូនស្រីអើយគួរឲ្យរីករាយណាស់ដែលបានជួបជុំគ្នាក្នុងភាពជាបងប្អូនស្រីនៅទូទាំងពិភពលោក ។ ក្នុងនាមជាស្រ្តីដែលចុះនិងរក្សាសេចក្តីសញ្ញាជាមួយព្រះ យើងចែករំលែកចំណងខាងវិញ្ញាណ ដែលជួយយើងឆ្លងកាត់ការប្រឈមនៃសម័យរបស់យើង ហើយរៀបចំយើងសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។ ហើយការរក្សាសេចក្ដីសញ្ញាទាំងនោះអនុញ្ញាតឲ្យយើងក្លាយជាស្ត្រីដែលមានឥទ្ធិពលដែលអាចជួយអ្នកដទៃចូលមកជិតព្រះអង្គសង្គ្រោះបាន ។
អស់អ្នកដែលបានទទួលបុណ្យជ្រមុជទឹក បានចុះសេចក្តីសញ្ញានៅក្នុងថ្ងៃដែលមិនអាចបំភ្លេចបាននោះ ដើម្បីលើកដាក់មកលើខ្លួនពួកគេនូវព្រះនាមព្រះយេស៊ូវគ្រីស្ទដើម្បីចងចាំទ្រង់ជានិច្ច កាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ និងបម្រើទ្រង់ដល់ទីបំផុត ។ នៅពេលយើងធ្វើកិច្ចការទាំងនេះ ព្រះវរបិតាសួគ៌សន្យាថា នឹងអភ័យទោសដល់អំពើបាបរបស់យើង ហើយប្រទានភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធ ។ ពរជ័យទាំងនេះបានធ្វើឲ្យយើងចាប់ផ្តើមនៅលើផ្លូវដែលថា បើយើងឈានទៅមុខដោយខ្ជាប់ខ្ជួន ហើយស៊ូទ្រាំដល់ទីបញ្ចប់នោះ នឹងអនុញ្ញាតឲ្យយើងរស់នៅជាមួយទ្រង់ និង ព្រះរាជបុត្រាទ្រង់គឺព្រះយេស៊ូវគ្រីស្ទ នៅក្នុងនគរសេឡេស្ទាល ។ មនុស្សគ្រប់រូបដែលបានទទួលបុណ្យជ្រមុជទឹក បានទទួលសេចក្តីសន្យា នៃពរជ័យ និងឯកសិទ្ធិទាំងនេះប្រសិនបើពួកគេរក្សាសេចក្តីសញ្ញាដែលពួកគេបានធ្វើនៅថ្ងៃពិសេសនោះ ។
អស់អ្នកដែលចុះសេចក្តីសញ្ញាបន្ថែមទៀតនៅក្នុងព្រះវិហារបរិសុទ្ធ ទទួលការសន្យាដ៏មានអានុភាព ដែលអាស្រ័យលើ ភាពស្មោះត្រង់ផ្ទាល់ខ្លួន ។ យើងសន្យាយ៉ាងមុតមាំថានឹងគោរពតាមព្រះបញ្ញត្តិរបស់ព្រះ រស់នៅតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ មានភាពស្អាតស្អំខាងសីលធម៌ ហើយលះបង់ពេលវេលា និងទេពកោសល្យរបស់យើងចំពោះការបម្រើរបស់ព្រះអម្ចាស់ ។ ជាសំណងមកវិញ ព្រះសន្យានូវពរជ័យដ៏អស្ចារ្យនៅក្នុងជីវិតនេះ និងឱកាសដើម្បីត្រឡប់ទៅរស់នៅជាមួយនឹងទ្រង់វិញ ។១ នៅក្នុងដំណើរការនោះ យើងត្រូវបានប្រទានឲ្យ ឬទទួលអំណោយទាន ពិសិដ្ឋ ជាមួយនឹង អំណាចដើម្បីចេះសង្កេតរវាងសេចក្តីពិត និងកំហុសឆ្គង រវាងត្រូវ និងខុស នៅក្នុងសំឡេងច្របូកច្របល់ និងអវិជ្ជមានជាច្រើន ដែលវាយប្រហារយើង ។ ឱ នេះគឺជាអំណោយដ៏មហិមាណាស់ !
ដើម្បីរៀបចំខ្លួនសម្រាប់ដំណើរដំបូងរបស់ខ្ញុំ ទៅព្រះវិហារបរិសុទ្ធ នោះ ម្តាយរបស់ខ្ញុំ និងបងប្អូនស្រ្តីនៅក្នុងសមាគមសង្គ្រោះដែលធ្លាប់មានបទពិសោធន៍បានជួយខ្ញុំជ្រើសរើសរបស់របរដែលខ្ញុំត្រូវការ រួមទាំងសម្លៀកបំពាក់ដ៏ស្រស់ស្អាត សម្រាប់ធ្វើពិធីការផងដែរ ។ ប៉ុន្តែការរៀបចំដ៏សំខាន់បំផុតគឺ ត្រូវរៀបចំខ្លួនជាមុន មុនពេលដឹងពីអ្វីដែលត្រូវស្លៀកពាក់ ។ បន្ទាប់ពីការសម្ភាសន៍ខ្ញុំដើម្បីបញ្ជាក់ថាតើខ្ញុំមានភាពស័ក្ដិសមឬអត់នោះ ប៊ីស្សពរបស់ខ្ញុំបានពន្យល់អំពីសេចក្ដីសញ្ញានានាដែលខ្ញុំនឹងត្រូវធ្វើ ។ ការពន្យល់ដ៏យកចិត្តទុកដាក់របស់លោកផ្តល់ឱកាសឲ្យខ្ញុំគិតអំពីរឿងនេះ ហើយបានរៀបចំខ្លួន ដើម្បីទទួលយកសេចក្តីសញ្ញាទាំងនោះ ។
ពេលថ្ងៃនោះមកដល់ ខ្ញុំបានចូលរួមជាមួយនឹងអារម្មណ៍ដឹងគុណ និងសេចក្តីសុខសាន្ត ។ ទោះបីជាខ្ញុំមិនយល់ទាំងស្រុងពីសារៈសំខាន់នៃសេចក្តីសញ្ញាដែលខ្ញុំបានធ្វើនៅថ្ងៃនោះក្តី ប៉ុន្តែខ្ញុំដឹងថា ខ្ញុំបានជាប់នឹងព្រះ តាមរយៈសេចក្តីសញ្ញាទាំងនោះ និងពរជ័យដែលបានសន្យាថា ខ្ញុំអាចយល់ដឹងពីគ្រប់ការណ៍ដែលមិនងាយយល់ទាំងឡាយបើ ខ្ញុំរក្សាសេចក្តីសញ្ញា ។ ចាប់តាំងពីបទពិសោធន៍លើកដំបូងនៅក្នុងដំណាក់នៃព្រះអម្ចាស់មក ខ្ញុំបានទទួលនូវការអះអាងជាបន្តបន្ទាប់ថា ការរក្សាសេចក្ដីសញ្ញាដែលយើងបានធ្វើជាមួយព្រះ អនុញ្ញាតឲ្យយើងខិតទៅជិត ព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះ ដែលពង្រឹងយើងនៅក្នុងការសាកល្បងដែលនឹងកើតឡើងរបស់យើង ផ្តល់នូវការការពារពីឥទ្ធិពលរបស់មារសត្រូវ និងរៀបចំ យើងសម្រាប់សិរីល្អដ៏អស់កល្ប ។
បទពិសោធន៍ជីវិតអាចមានទាំងភាពរីករាយ និងការខូចចិត្តធ្ងន់ធ្ងរ ទាំងក្ដីរន្ធត់ និងភាពរុងរឿង ។ បទពិសោធន៍នីមួយៗជួយយើងឲ្យយល់កាន់តែច្បាស់អំពីសេចក្ដីស្រឡាញ់ដ៏ធំធេងរបស់ព្រះបិតានៃយើង និងសមត្ថភាពរបស់យើងដើម្បីផ្លាស់ប្តូរតាមរយៈអំណោយទាននៃព្រះគុណរបស់ព្រះអង្គសង្គ្រោះ ។ ការរក្សាសេចក្ដីសញ្ញារបស់យើងអនុញ្ញាតឲ្យព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះសម្អាតយើង កាលយើងរៀនតាមរយៈបទពិសោធន៍—មិនថាជាការវិនិច្ឆ័យខុសបន្តិចបន្តួច ឬធំដុំនោះទេ ។ ព្រះដ៏ប្រោសលោះរបស់យើងគង់នៅទីនោះ ដើម្បីចាប់យើងពេលយើងដួលចុះ ប្រសិនបើ យើងងាកទៅរកទ្រង់ ។
តើអ្នកធ្លាប់ឈរនៅលើចំណោទថ្មដ៏ខ្ពស់ដោយម្រាមជើងរបស់អ្នកជាន់លើគែមរបស់វា ហើយបែរខ្នងទៅរកជ្រោះជ្រៅដែរឬទេ ? នៅក្នុងការចុះពីលើភ្នំទោះបីជាអ្នកដឹងថាអ្នកមានប្រព័ន្ធខ្សែពួរសុវត្ថិភាពដ៏រឹងមាំ និងឧបករណ៍ដែលអាចដាក់អ្នកចុះដោយសុវត្ថិភាពក៏ដោយ ដ៏ការឈរនៅលើគែមចំណោទថ្មនោះនៅតែជាបទពិសោធន៍ដ៏គួរឲ្យរន្ធត់មួយដែរ ។ ការបោះជំហានថយក្រោយពីចំណោតថ្ម និងសម្រូតខ្លួនមកក្រោម តម្រូវឲ្យមានការទុកចិត្តលើយុថ្កា ដែលបោះជាប់ទៅនឹងវត្ថុដ៏រឹងមាំ ។ វាទាមទារឲ្យ ទុកចិត្តលើបុគ្គលដែលគ្រប់គ្រងខ្សែពួរ នៅពេលបងប្អូនចុះមកក្រោម ។ ហើយទោះបីជាគ្រឿងបរិក្ខារនោះផ្តល់លទ្ធភាពខ្លះឲ្យបងប្អូនដើម្បីគ្រប់គ្រងពេលវេលានៃការចុះមកក្រោមរបស់បងប្អូនក្ដី ក៏បងប្អូនត្រូវតែមានភាពជឿជាក់ថា ដៃគូរបស់បងប្អូននឹងមិនបណ្តោយឲ្យបងប្អូនធ្លាក់ចុះឡើយ ។
ខ្ញុំចាំយ៉ាងច្បាស់ពីការហក់ចុះជម្រាលភ្នំជាមួយយុវនារីមួយក្រុម ។ ខ្ញុំ គឺជាមនុស្សដំបូងដែលត្រូវហក់ចុះ ។ ពេលខ្ញុំឈានថយក្រោយចុះតាមជម្រាលថ្មខ្ញុំបានចាប់ផ្ដើមធ្លាក់ចុះដោយមិនអាចគ្រប់គ្រងបាន ។ សំណាងល្អដែលខ្សែពួរនោះបានកន្ត្រាក់ ហើយការធ្លាក់ចុះយ៉ាងលឿនរបស់ខ្ញុំត្រូវបានបញ្ឈប់ ។ កាលខ្ញុំសំយុងចុះ ពាក់កណ្ដាលនៃ ផ្ទាំងថ្មស្រួចៗ នៃចំណោតថ្មដ៏ខ្ពស់ ខ្ញុំបានអធិស្ឋានយ៉ាងក្លៀវក្លាសូមឲ្យនរណាម្នាក់ ឬអ្វីក៏បានសូមការពារខ្ញុំកុំឲ្យធ្លាក់លើថ្ម ។
ក្រោយមកខ្ញុំបានដឹងថាខ្សែយុថ្កានោះមិនបានដាក់ដោយសុវត្ថិភាពទេ ហើយនៅពេលខ្ញុំឈានជើងចុះពីមាត់ច្រាំងថ្មនោះ អ្នកដែលកំពុងទប់ខ្សែពួរបានកន្ត្រាក់ ខ្នងរបស់គាត់ហើយទាញសំដៅទៅមាត់ច្រាំងថ្មនោះ ។ មិនដឹងយ៉ាងម៉េចទេ គាត់បានស៊កជើងរបស់គាត់ទប់ថ្មមួយចំនួន ។ ដោយមានភាពនឹងនរនៅត្រង់នោះ គាត់អាចសម្រូតខ្ញុំចុះយ៉ាងពិបាកបន្តិចម្ដងៗដោយប្រើខ្សែពួរនោះ ។ ទោះបីខ្ញុំមិនឃើញគាត់ក្ដី ក៏ខ្ញុំបានដឹងថា គាត់កំពុងខិតខំអស់ពីលទ្ធភាពជួយសង្គ្រោះ ។ មិត្តម្នាក់ទៀតដែលនៅខាងក្រោមច្រាំងថ្មចោតនោះ បានត្រៀមចាប់ខ្ញុំ បើខ្សែពួរនោះរបូតមក ។ កាលខ្ញុំជិតទៅដល់គាត់បានចាប់ខ្សែសុវត្ថិភាពរបស់ខ្ញុំ ហើយបានសម្រូតខ្ញុំចុះបន្តិចម្តងៗរហូតដល់ដី ។
ដោយមានព្រះយេស៊ូវគ្រីស្ទជាយុថ្កា និងជាដៃគូដ៏ល្អឥតខ្ចោះរបស់យើង នោះ យើងត្រូវបានធានាដោយ កម្លាំងគួរឲ្យស្រឡាញ់របស់ទ្រង់នៅគ្រានៃការសាកល្បង និងដោយការ រំដោះនៅទីបំផុតតាមរយៈទ្រង់ ។ ដូច ប្រធាន អិម រ័សុល បាឡឺដ បានបង្រៀនថា « សេចក្តីជំនឿលើព្រះ និងលើ ព្រះបុត្រាទ្រង់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ គឺជា … យុថ្កាដែលយើងត្រូវមាន នៅក្នុងជីវិតរបស់យើង ដើម្បីទប់យើងឲ្យជាប់ក្នុងគ្រាមានភាពចលាចល និងអំពើទុច្ចរិតក្នុងសង្គម ។ … សេចក្តីជំនឿរបស់យើង … ត្រូវតែផ្តោតលើព្រះយេស៊ូវគ្រីស្ទ ព្រះជន្មរបស់ទ្រង់ និងដង្វាយធួនរបស់ទ្រង់ ហើយលើការស្តារឡើងវិញនៃដំណឹងល្អរបស់ទ្រង់ » ។២
ឧបករណ៍ខាងវិញ្ញាណដែលការពារយើងមិនឲ្យខ្ទេចខ្ទាំដោយសារតែថ្មនៃទុក្ខលំបាក គឺជាទីបន្ទាល់របស់យើងអំពីព្រះយេស៊ូវគ្រីស្ទ និងសេចក្ដីសញ្ញាដែលយើងបានធ្វើ ។ យើងអាចពឹងផ្អែកលើការគាំទ្រទាំងនេះ ដើម្បីណែនាំ និងដឹកនាំយើងទៅកាន់ទីសុវត្ថិភាព ។ ក្នុងនាមជាដៃគូដែល មានព្រះឆន្ទៈរបស់យើង ព្រះអង្គសង្គ្រោះនឹងមិនបណ្តោយឲ្យយើងធ្លាក់ចុះ ផុតព្រះហស្ថរបស់ទ្រង់ឡើយ ។ សូម្បីគ្រាដែលយើងមានទុក្ខលំបាក និង ភាពសោកសៅក្តីក៏ទ្រង់គង់នៅទីនោះដើម្បីលើកស្ទួយ និងលើកទឹកចិត្ត ។ ព្រះចេស្ដារបស់ទ្រង់ក៏ជួយយើងឲ្យជាសះស្បើយងើបចេញពីផលប៉ះពាល់ដែលបំផ្លិចបំផ្លាញ ជារឿយៗដោយសារជម្រើសរបស់អ្នកដទៃផងដែរ ។ ទោះយ៉ាងណា យើងម្នាក់ៗត្រូវតែពាក់ខ្សែសុវត្ថិភាព ហើយត្រូវប្រាកដថា ចំណងត្រូវបានចងដោយសុវត្ថិភាព ។ យើងត្រូវតែជ្រើសរើសដើម្បី បានបោះយុថ្កាទៅនឹងព្រះអង្គសង្គ្រោះ ដើម្បីចងភ្ជាប់ជាមួយទ្រង់ដោយសេចក្តីសញ្ញារបស់យើង ។៣
តើយើងពង្រឹងយុថ្កានោះរបៀបណា ? យើងអធិស្ឋានដោយដួងចិត្តរាបសា សិក្សា និងពិចារណាបទព្រះគម្ពីរ ទទួលទានសាក្រាម៉ង់រាល់សប្តាហ៍ដោយស្មារតីនៃការប្រែចិត្ត និងគារវភាព ខិតខំរក្សាព្រះបញ្ញត្តិ ហើយធ្វើតាមការប្រឹក្សារបស់ព្យាការី ។ ហើយកាលយើងបំពេញកាព្វកិច្ចប្រចាំថ្ងៃរបស់យើងតាម របៀប« ខ្ពស់ជាង និងបរិសុទ្ធជាង »៤នោះយើងអាចកាន់តែមានទំនាក់ទំនងជាមួយព្រះអង្គសង្គ្រោះ ហើយក្នុងពេលតែមួយ យើងអាចជួយអ្នកដទៃមករកទ្រង់ ។
តើ វិធី« ដ៏ខ្ពស់ជាង និងបរិសុទ្ធជាង »មានសភាពបែបណា ? យើងព្យាយាមរស់នៅតាមដំណឹងល្អ នៅក្នុងគ្រប់ការប្រាស្រ័យទាក់ទងរបស់យើង ។ យើងមើលថែដល់ជនទុរគ៌តតាមរយៈការធ្វើការងារបម្រើពិតប្រាកដ ដោយ បង្ហាញសេចក្ដីស្រឡាញ់តាមរយៈការបម្រើដ៏សាមញ្ញ ។ យើងចែកចាយដំណឹងល្អនៃព្រះសិក្ខាបទជាមួយអ្នកដែលត្រូវការសេចក្ដីសុខសាន្ត និងកម្លាំងហើយ « មិនដឹងជាទៅរកសេចក្តី ពិតឯណាទេ » ។៥ យើងធ្វើការដើម្បីបង្រួបបង្រួមក្រុមគ្រួសារនៅសងខាងនៃវាំងននសម្រាប់ភាពអស់កល្បជានិច្ច ។ ប្រធាន រ័សុល អិម ណិលសុន បានពន្យល់ថាចំពោះអស់អ្នកដែលបានចុះសេចក្តីសញ្ញា ក្នុងដំណាក់នៃព្រះអម្ចាស់« មជ្ឈិមវ័យ ដែលបានចូលរួមក្នុងព្រះវិហារបរិសុទ្ធម្នាក់ៗ នឹងត្រូវស្លៀកសម្លៀកបំពាក់ពិសិដ្ឋនៃបព្វជិតភាព [ ដែល ] … ជាការរំឭកដល់យើង … ឲ្យដើរនៅលើផ្លូវនៃសេចក្តីសញ្ញាជារៀងរាល់ថ្ងៃ នៅលើផ្លូវដ៏ខ្ពស់ជាង និងបរិសុទ្ធជាង » ។៦ សកម្មភាពទាំងនេះមិនគ្រាន់តែជាអ្វីដែលត្រូវធ្វើម្តងម្កាលនោះទេ ប៉ុន្តែវាមានសារៈសំខាន់ចំពោះសុភមង្គលប្រចាំថ្ងៃ—និងអំណរដ៏អស់កល្បរបស់យើង ។
គ្មានអ្វីសំខាន់ចំពោះការរីកចម្រើនដ៏អស់កល្បរបស់យើង ជាងការរក្សាសេចក្តីសញ្ញារបស់យើងជាមួយព្រះទេ ។ នៅពេលសេចក្ដីសញ្ញាដ៏ពិសិដ្ឋរបស់យើងក្នុង ព្រះវិហារបរិសុទ្ធបានចុះជាធរមាន នោះយើងអាចទុកចិត្តលើការជួបជុំដ៏រីករាយជាមួយមនុស្សជាទីស្រឡាញ់ដែលនៅផ្នែកម្ខាងទៀតនៃ វាំងនន ។ កូន ឬឪពុកម្តាយ ឬស្វាមីភរិយាដែលបានចាកចេញពីជីវិតរមែងស្លាប់ទៅហើយនោះ បានសង្ឃឹមអស់ពីចិត្តថា បងប្អូននឹងមានភក្ដីភាពចំពោះសេចក្តីសញ្ញាដែល ចងភ្ជាប់ បងប្អូនរួមគ្នាជារៀងរហូត ។ ប្រសិនបើយើងមិនគោរព ឬមិនយកចិត្តទុកដាក់ ចំពោះសេចក្ដីសញ្ញារបស់យើងជាមួយនឹងព្រះ នោះយើងកំពុងធ្វើឲ្យចំណងទំនាក់ទំនងដ៏អស់កល្បធ្លាក់ក្នុងគ្រោះថ្នាក់ហើយ ។ ឥឡូវនេះគឺជាពេលដែលត្រូវប្រែចិត្តកែលម្អ និងព្យាយាមម្តងទៀត ។
សុភមង្គលនឹងគ្មានន័យ បើយើងដោះដូរពរជ័យនៃអំណរដ៏អស់កល្បជានិច្ចជាមួយភាពសុខស្រួលរយៈពេលខ្លី ។ មិនថាយើងអាយុប៉ុន្មានទេសេចក្តីពិតទាំងស្រុងនោះ គឺ ៖ គន្លឹះនៃសុភមង្គលដ៏យូរអង្វែង គឺការរស់នៅតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ និងការរក្សាសេចក្តីសញ្ញាដែល យើងបានធ្វើ ។ ព្យាការីរបស់យើង ប្រធាន ណិលសុន បានអះអាងថា « សុវត្ថិភាពដ៏ធំបំផុតរបស់យើង និង សុភមង្គលដ៏យូរអង្វែងតែមួយគត់របស់យើង គឺអាស្រ័យ ទៅលើការកាន់ដំបងដែកនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញ ហើយបំពេញជាមួយសេចក្ដីសញ្ញា និងពិធីបរិសុទ្ធរបស់ វា ។ ពេលយើងធ្វើដូច្នេះ យើងអាចធ្វើដំណើរលើទឹកដ៏ ពិបាកដោយសុវត្ថិភាពដោយសារយើងមានព្រះចេស្ដារបស់ព្រះ » ។៧
យើងភាគច្រើនកំពុងជួបប្រទះដំណើរជីវិតដ៏ពិបាក ។ នៅពេលយើងត្រូវបក់បោកដោយរលកនៃសេចក្តីវេទនា ហើយពេលខ្លះ បានបាំងបិទដោយដំណក់ទឹកភ្នែកដ៏ជោគជាំដែលហូរស្រក់មកនៅគ្រាលំបាកទាំងនោះ ហើយយើងប្រហែលជាមិនដឹងថាត្រូវចែវទូកនៃជីវិតរបស់យើងទៅ ទិសដៅណាទេ ។ យើងប្រហែលមិនគិតថាយើងគ្មានកម្លាំងដើម្បីទៅដល់ច្រាំងបានឡើយ ។ ដោយចងចាំថាបងប្អូនជានរណា—គឺបុត្រជាទីស្រឡាញ់របស់ព្រះ—ហេតុផលដែលបងប្អូន មកលើផែនដីនេះ និង គោលដៅនៃការរស់នៅរបស់បងប្អូនជាមួយនឹងព្រះ និងមនុស្សជាទីស្រឡាញ់របស់បងប្អូន នៅក្នុងពិភពសេឡេស្ទាល អាចជួយធ្វើឲ្យបងប្អូនមានទស្សនៈវិស័យច្បាស់លាស់ និងចង្អុលបង្ហាញបងប្អូនទៅកាន់ទិសដៅដែលត្រឹមត្រូវ ។ សូម្បីតែនៅកណ្ដាលព្យុះភ្លៀងក៏មានពន្លឺបំភ្លឺបង្ហាញផ្លូវយើងដែរ ។ ព្រះយេស៊ូវបានប្រកាសថា « យើងជាពន្លឺដែលភ្លឺមកក្នុងសេចក្ដីងងឹត » ។៨ យើងត្រូវបានធានាថាមានសុវត្ថិភាពពេលយើងមើលទៅពន្លឺរបស់ទ្រង់ ហើយរក្សាសេចក្ដីទៀងត្រង់ចំពោះនៃសេចក្ដីសញ្ញារបស់យើង ។
វាជាឯកសិទ្ធិមួយដើម្បីជួបស្ត្រីគ្រប់វ័យមកពីជុំវិញពិភពលោកដែលរស់នៅក្នុងកាលៈទេសៈខុសៗគ្នាដែលកំពុងតែរក្សាសេចក្ដីសញ្ញារបស់ពួកគេ ។ រាល់ថ្ងៃពួកគេមើលទៅព្រះអម្ចាស់ និងព្យាការីរបស់ទ្រង់ ដើម្បីសូមការដឹកនាំ ជាជាងមើលទៅប្រព័ន្ធផ្សព្វផ្សាយដ៏ពេញនិយម ។ ថ្វីបើឧបសគ្គផ្ទាល់ខ្លួន និងទស្សនវិជ្ជាខុសឆ្គង នៃពិភពលោកព្យាយាមឃាត់ឃាំង ពួកគេពីការរក្សាសេចក្តីសញ្ញារបស់ពួកគេក៏ដោយ ក៏ពួកគេបានប្តេជ្ញាចិត្តបន្តនៅលើផ្លូវនៃសេចក្តីសញ្ញា ។ ពួកគេពឹងផ្អែកលើការសន្យានៃ« គ្រប់អ្វីទាំងអស់[ ដែល ] ព្រះវរបិតា យើងមាន » ។៩ ហើយមិនថាបងប្អូនមានអាយុប៉ុន្មានទេ ក្នុងនាមជាស្ត្រីដែលបានចុះសេចក្ដីសញ្ញាជាមួយព្រះបងប្អូនម្នាក់ៗមានសមត្ថភាពដើម្បីលើកពន្លឺរបស់ព្រះអម្ចាស់ឡើង ហើយដឹកនាំអ្នកដទៃទៅកាន់ទ្រង់ ។ ១០ តាមរយៈការរក្សាសេចក្ដីសញ្ញារបស់បងប្អូន ទ្រង់នឹងប្រទានពរដល់បងប្អូនជាមួយនឹងអំណាចបព្វជិតភាពរបស់ទ្រង់ ហើយអាចធ្វើឲ្យបងប្អូន មានឥទ្ធិពលដ៏ខ្លាំងក្លាចំពោះមនុស្សដែលបងប្អូនប្រាស្រ័យទាក់ទងជាមួយ ។ ដូចដែលប្រធានណិលសុនបានប្រកាសថាបងប្អូនគឺជាស្ត្រីដែលនឹងបំពេញតាមការព្យាករដែលបានទាយទុកជាមុន !១១
បងប្អូនស្រីជាទីស្រឡាញ់ អ្វីដែលសំខាន់បំផុតចូរបន្តដើរនៅលើផ្លូវនៃសេចក្តីសញ្ញា ទៅរកព្រះយេស៊ូវគ្រីស្ទ ! យើងមានពរដែលបានកើតមកលើ ផែនដីនេះនៅគ្រាដែលមានព្រះវិហារបរិសុទ្ធពេញផែនដី ។ ការចុះ និងការរក្សាសេចក្ដីសញ្ញានៃ ព្រះវិហារបរិសុទ្ធ គឺមានសម្រាប់សមាជិកសាសនាចក្រគ្រប់រូបដែលស័ក្ដិសម ។ មជ្ឈិមវ័យវ័យក្មេង កុំចាំបាច់រង់ចាំរហូតដល់ប្អូនរៀបអាពាហ៍ពិពាហ៍ ឬបម្រើបេសកកម្ម ទើបកំណត់ពីពេលវេលាដែលប្អូននឹងចុះសេចក្ដីសញ្ញាដ៏ពិសិដ្ឋទាំងនោះ ។ ប្អូនអាចរៀបចំខ្លួនក្នុងនាមជាយុវនារី ដើម្បីប្អូនអាចទទួលបានការការពារ និងកម្លាំងមកពីសេចក្តីសញ្ញានៃព្រះវិហារបរិសុទ្ធនៅពេលប្អូនឈានចូលអាយុ១៨ ឆ្នាំភ្លាម ដរាបណាប្អូនបានត្រៀមខ្លួន ហើយមានបំណងប្រាថ្នាដើម្បីគោរពតាមសេចក្ដីសញ្ញាពិសិដ្ឋនៃព្រះវិហារបរិសុទ្ធទាំងនោះ ។១២ ចំពោះបងប្អូនដែលបានទទួលពរជ័យនៃព្រះវិហារបរិសុទ្ធរួច សូមកុំបណ្តោយឲ្យអ្នករិះគន់ឬការរំខានទាញបងប្អូនឲ្យឃ្លាតចេញពីសេចក្ដីពិតដ៏អស់កល្បទាំងនេះឡើយ ។ សូមសិក្សា និងសួរដល់ប្រភពដែលទុកចិត្តសម្រាប់ការយល់ដឹងកាន់តែច្រើនអំពីសារៈសំខាន់ដ៏ពិសិដ្ឋ និងពរជ័យនៃសេចក្ដីសញ្ញាដែលបងប្អូនបានធ្វើ ។ សូមទៅព្រះវិហារបរិសុទ្ធឲ្យញឹកញាប់តាមដែលអាចធ្វើបាន ហើយស្តាប់តាមព្រះវិញ្ញាណ ។ បងប្អូននឹងទទួលអារម្មណ៍ដ៏ផ្អែមល្ហែម ថាបងប្អូននៅលើមាគ៌ារបស់ព្រះអម្ចាស់ ។ បងប្អូននឹងរកឃើះ សេចក្តីក្លាហានដើម្បីបន្តក៏ដូចជានាំអ្នកដទៃមកជាមួយ បងប្អូនផងដែរ ។
ខ្ញុំថ្លែងទីបន្ទាល់ថា នៅពេលយើងជ្រើសរើសចុះសេចក្ដីសញ្ញាជាមួយព្រះវរបិតាសួគ៌ ហើយទទួលបានព្រះចេស្ដានៃព្រះអង្គសង្គ្រោះដើម្បីរក្សាសេចក្តីសញ្ញាទាំងឡាយ នោះយើងនឹងទទួលបានពរជ័យដោយមានសុភមង្គលនៅក្នុងជីវិតនេះច្រើនជាងអ្វីដែលយើងអាចស្រមៃឃើញនៅពេលបច្ចុប្បន្ននេះ និងជីវិតដ៏រុងរឿងអស់កល្បជានិច្ចនៅឯបរលោក ។១៣ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕