ឆ្នាំ ២០១០-២០១៩
ចូរ​បង្ហាញ​សេចក្ដីជំនឿ​អ្នក
ខែ មេសា 2014


ចូរ​បង្ហាញសេចក្ដីជំនឿ​អ្នក

ពី​មួយ​ថ្ងៃទៅមួយ​ថ្ងៃ សូម​ឲ្យ​ក្ដីជំនឿ​កើន​ឡើង​នៅ​លើ​ផ្លូវ​ឆ្ពោះទៅ​កាន់​ជោគវាសនាអស់កល្ប​របស់​អ្នក។ សូម​ប្រកាសពី​ក្ដីជំនឿ​អ្នក! ចូរ​បង្ហាញ​​ក្ដីជំនឿ​អ្នក!

បងប្អូនប្រុស​ស្រី​ជាទីស្រឡាញ់ យើង​សូម​សម្ដែង​នូវ​ក្ដីស្រឡាញ់​ និងការដឹង​គុណដ៏ជ្រាល​ជ្រៅ​​​ចំពោះ​អ្នក ។ យើង​មានអំណរ​គុណ​​ដោយ​បាន​ធ្វើ​ការ​ក្នុង​ចំណោម​អ្នក​រាល់គ្នា ។

ក្នុង​ការ​ដំណើរ​តាមអាកាស​ថ្មីៗនេះ នាវិក​របស់​យើង​ប្រកាស​ថា យើង​នឹង​មាន​ភាពរលាក់អំឡុង​ពេល​ចុះ​ចត ហើយ​សុំ​ឲ្យ​អ្នក​ធ្វើដំណើរ​ទាំងអស់ពាក់​ខ្សែ​ក្រវ៉ាត់សុវត្ថិភាព ។ ដូចបាន​គិតទុក វា​បាន​កើត​ឡើងមែន ។ វា​រលាក់​ខ្លាំងណាស់ ។ មាន​ស្ត្រី​ម្នាក់ដែល​អង្គុយក្រោយខ្ញុំ​ពីរបីកៅអី មាន​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ។ នាង​បាន​ស្រែក​យ៉ាង​ខ្លាំង ពេល​កង់យន្តហោះ​បះ​​ទៅនឹង​ដី ហើយ​គ្មាន​លំនឹង​ម្ដងៗ ។ ស្វាមី​នាង​បាន​ព្យាយាម​លួ​ង​​ចិត្តនាង តែ​ឥតប្រយោជន៍ឡើយ ។ ការ​ស្រែក​ខ្លាំង​ៗ​របស់​នាង​ បាន​បន្ត​រហូត​យើងបាន​ឆ្លង​ផុត​តំបន់​រលាក់នោះ ហើយ​ចុះចត​ដោយ​សុវត្ថិភាព ។ ក្នុងពេល​ដែល​នាង​ភ័យ​ខ្លាចនោះ ខ្ញុំ​អាណិត​នាង​ណាស់ ។ ដោយ​សារ​ក្ដីជំនឿជាការការពារ​ចំពោះ​ការ​ភ័យ​ខ្លាច ខ្ញុំបាន​សង្ឃឹម​ក្នុង​ចិត្ត​ថា ខ្ញុំអាច​ពង្រឹង​សេច​ក្ដីជំនឿ​នាង​បាន ។

ក្រោយ​មកទៀត ពេល​អ្នកដំណើរ​ចាកចេញពី​យន្តហោះនោះ ស្វាមី​របស់​ស្ត្រី​នេះ បាន​និយាយ​នឹង​ខ្ញុំ ។ គាត់ពោលថា « ឲ្យ​ខ្ញុំ​សុំ​ទោស​ដែល​ភរិយាខ្ញុំ​ខ្លាច​ខ្លាំងពេក ។ វិធី​តែ​មួយ​គត់​ដែល​ខ្ញុំអាច​​លួង​លោម​ដល់​នាង​ គឺប្រាប់នាង​ថា ‹អែលឌើរ ណិលសិន នៅ​លើ​យន្ត​នេះ សូម​អូន​​កុំ​ព្រួយ​អី›» ។

ខ្ញុំ​មិន​ប្រាកដ​ថា វត្តមាន​ខ្ញុំ​នៅ​លើ​យន្តហោះ​បាន​ផ្ដល់​ការ​លួងលោមណាមួយដល់គាត់​នោះទេ តែ​ខ្ញុំ​សូម​និយាយ​ថា កត្តាពិត​មួយ​នៃ​ជីវិត​រមែងស្លាប់គឺថា ​សេច​ក្ដីជំនឿ​យើង​នឹង​រង​ការ​សាក​ល្បង និង ឧបសគ្គ ។ ពេល​ខ្លះ​ការ​សាល្បង​ទាំងនោះ​ កើត​មាន​ពេល​យើង​ជួបអ្វី ដែល​ទំនង​ជា​​ឱកាស​ស្លាប់រស់ ។ ចំពោះ​ស្ត្រី​ដែល​ភ័យ​ខ្លាច​រូបនេះ យន្តហោះ​ដ៏​រលាក់​មួយ​ បាន​បង្ហាញពី​គ្រា​មួយ ពេល​យើង​ត្រូ​វបាន​សាកល្បង​​ភាពរឹងមាំ​នៃ​សេចក្ដីជំនឿ​យើង ។

ពេល​យើង​និយាយ​ពីសេច​ក្ដីជំនឿ---ជាសេចក្ដី​ជំនឿ​ដែល​អាច​រំកិល​ភ្នំបាន---យើង​ពុំមែន​និយាយ​ពី​សេចក្ដីជំនឿជាទូទៅ​ទេ តែ​ជាសេចក្ដីជំនឿ​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ។ ក្ដីជំនឿ​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ អាច​ត្រូវបាន​ពង្រឹង​ ពេល​យើង​រៀន​ពីទ្រង់ ហើយ​រស់​នៅ​តាម​សាសនា​យើង ។ គោលលទ្ធិ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ ត្រូវ​បាន​រៀបចំឡើង​ដោយ​ព្រះអម្ចាស់ ​ដើម្បី​​បង្កើន​សេច​ក្ដីជំនឿ​យើង ។ តែ​នៅ​ក្នុង​ភាសា​សព្វថ្ងៃ ពាក្យ​ថា សាសនា អាច​មាន​ន័យ​ខុសៗគ្នា​ចំពោះ​មនុស្ស​ផ្សេង​ៗគ្នា ។

ពាក្យ​ថា សាសនា គឺ​មាន​ន័យ​ថា «ការ​ភ្ជាប់ជាថ្មី» ឬ «ការ​ចងភ្ជាប់» ទៅនឹងព្រះ ។1 សំណួរ​ដែល​យើង​អាច​សួរ​ខ្លួន​ឯង​គឺ​ថា តើ​យើង​បាន​ចងភ្ជាប់​ទៅនឹងព្រះដែរទេ ដើម្បី​ឲ្យ​សេចក្ដីជំនឿ​យើង​បាន​ឃើញ ឬ​តើយើង​ពិត​ជា​បាន​ចងភ្ជាប់នឹង​អ្វីមួយ​ផ្សេងមែនទេ? ឧទាហរណ៍ ខ្ញុំ​ធ្លាប់ឮ​ការ​សន្ទនា​ជាច្រើន​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ​ស្ដីពី​ការ​ប្រកួតអត្តពលកម្ម​អាជីព ​ដែលបាន​កើត​ឡើងកាល​ពី​ថ្ងៃអាទិត្យ ។​ ចំពោះ​ពួ​កអ្នកគាំទ្រ​ទាំងនេះ​មួយ​ចំនួន ខ្ញុំ​ចង់ដឹង​ថា​តើ «សាសនា» ពួកគេ «ចងភ្ជាប់​ពួកគេ» តែទៅនឹង​ប្រភេទកីឡា​មួយ​ចំនួន​ទេឬអី ។

យើង​ម្នាក់ៗ​អាច​សួរ​ខ្លួន​ឯង​ថា តើសេច​ក្ដី​ជំនឿ​យើង​នៅឯណា ? ​វា​នៅ​ក្នុង​ក្រុម​មួយ​មែនទេ? នៅ​ក្នុងយីហោ​មួយ​មែនទេ? លើ​តារា​ម្នាក់​មែនទេ? សូម្បី​តែ​ក្រុមល្អបំផុត ក៏​​​ចាញ់ការ​ប្រកួតដែរ​ ។ រីឯពួក​តារា​ល្បីៗ ក៏អាច​បាត់បង់​ប្រជាប្រិយភាព​​ដែរ ។ មាន​អង្គ​តែ​មួយ​គត់​ដែលសេច​​ក្ដីជំនឿ​យើង​តែង​មាន​សុវត្ថិភាព គឺ​លើ​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ។​ ហើយ​អ្នក​ត្រូវបង្ហាញ​សេច​ក្ដីជំនឿ​អ្នក!

ព្រះបានប្រកាស​ក្នុង​ក្រិត្យវិន័យ​ទីមួយ​នៃ​ក្រិត្យវិន័យទាំងដប់ប្រការ​ថា « កុំ​ឲ្យ​មាន​ព្រះ​ឯណាទៀត​នៅ​ចំពោះ​យើង​ឲ្យ​សោះ» ។2 ទ្រង់​មាន​បន្ទូល​ផងដែរ​ថា «ចូរ​មើល​មក​ឯ​យើង​ដោយ​​នូវ​គ្រប់​ទាំង​គំនិត ចូរ​កុំ​សង្ស័យ​ កុំ​ខ្លាច​ឡើយ»។3 តែ​មាន​មនុស្ស​ជាច្រើន​ មើល​លើ​តែតុល្យភាព​ប្រាក់​ក្នុង​ធនាគារ​របស់​ពួកគេ​សម្រាប់ជា​ភាពកក់ក្តៅ ឬយក​មិត្តភក្ដិ​ធ្វើ​ជាគំរូប៉ុណ្ណោះ ។

ពួក​គ្រូពេទ្យ ពួក​បណ្ឌិតសភា និងអ្នកនិយោបាយ​ជា​ញឹកញាប់​ ត្រូវ​បាន​សាកល្បង​សេចក្ដីជំនឿ ។ ដើម្បី​សម្រេច​គោលដៅ​ខ្លួន តើសាសនា​ពួកគេ​នឹង​មាន​ភាពច្បាស់​លាស់ ឬ​លាក់កំបាំង? តើ​ពួក​គេត្រូវបាន​ចងភ្ជាប់​ទៅនឹងព្រះ ឬ​មនុស្ស?

ប៉ុន្មានឆ្នាំ​​មុន ខ្ញុំ​មាន​ការ​សាកល្បង​មួយ​បែបនេះ​ ពេល​បុគ្គលិក​ពេទ្យ​ខ្ញុំ​ម្នាក់​បាន​កែតម្រូវ​ខ្ញុំចំពោះ​ការបែង​ចែក​ឲ្យ​​ដាច់រវាង​ចំណេះដឹង​ខា​ងអាជីព​ការងារ​ខ្ញុំ និង ជំនឿ​ខាង​សាសនា​ខ្ញុំ ។ គាត់​ប្រាប់​ថា ខ្ញុំ​មិន ត្រូវ​ដាក់​រឿងទាំងពីរនេះ​ចូល​គ្នា​នោះទេ ។ តើ​ខ្ញុំ​អាច​ធ្វើ​រឿង​នោះបាន​បែបណាទៅ? ការ​ពិត​ វា​នៅតែជាការពិត! វា​មិន​អាចបំបែក ឬ​ទុក​ផ្នែក​ណាមួយចោល​​បាន​ឡើយ ។

ទោះជា​​សេចក្ដីពិត​កើត​ចេញ​ពី​មន្ទីរ​ពិសោធន៍វិទ្យាសាស្ត្រ ឬតាម​វិវរណៈក្ដី រាល់សេចក្ដីពិត​កើត​ចេញពី​ព្រះ ។ រាល់​សេចក្ដីពិត​ជា​ផ្នែក​មួយ​នៃ​ដំណឹងល្អនៃព្រះយេស៊ូវ​គ្រីស្ទ ។4 តែ​ខ្ញុំ​ត្រូវ​បាន​សុំ​ឲ្យ​លាក់បាំ​ងសេច​ក្ដីជំនឿ​ខ្ញុំ ។ ខ្ញុំ​មិន​បាន​ធ្វើ​តាម​ការ​ស្នើសុំ​របស់​បុគ្គលិក​រួម​ការងារ​​ខ្ញុំ​ឡើយ ។ តែខ្ញុំ​បាន​បង្ហាញសេចក្ដីជំនឿខ្ញុំ​​!

នៅរាល់​សកម្មភាពផ្នែក​​អាជីព ​គឺ​តម្រូវ​ឲ្យ​មាន​បទដ្ឋាន​ដ៏លំបាក​បំផុត​នៃភាព​​ត្រឹម​ត្រូវ ។ ពួក​អ្នកប្រាជ្ញឲ្យ​តម្លៃ​ទៅ​លើ​សេរីភាពនៃ​ការបញ្ចេញ​មតិ​របស់​ពួកគេ ។ តែ​សេរីភាព​ពេញលេញ​មិន​អាច​មាន​ឡើយ បើចំណេះ​មួយ​ផ្នែក​របស់​បុគ្គល​ម្នាក់​ « មិន​បានទទួល​យក » ដោយ​ច្បាប់​របស់​មនុស្សនោះ ។

សេចក្ដីពិត​ខាង​វិញ្ញាណ​ មិនអាច​បដិសេធ​បាន​ទេ---ជាពិសេស​ គឺ​ព្រះបញ្ញត្តិ ។ ការ​គោរពព្រះបញ្ញត្តិ​នាំ​មក​នូវពរជ័យ​គ្រប់​ពេល! ការ​រំលង​ព្រះបញ្ញត្តិ​ នាំ​មក​នូវការ​បាត់បង់ពរជ័យ​គ្រប់ពេល!5

មាន​បញ្ហាជា​ច្រើន​ក្នុង​ពិភពលោកនេះ ដោយសារវា​​មនុស្ស​មិន​ល្អឥតខ្ចោះ ។ គោលបំណង និងសេច​ក្ដីប្រាថ្នារបស់​ពួកគេ ​ត្រូវរងឥទ្ធិពល​យ៉ាងខ្លាំង ​ដោយសារ​​សេច​ក្ដីជំនឿ ឬ​ការ​ខ្វះ​សេច​ក្ដីជំនឿរបស់​ពួកគេ ។ មាន​មនុស្ស​ជាច្រើន​ដាក់អាទិភាពអ្វីផ្សេង​ខ្ពស់​ជាងព្រះ ។ អ្នក​ខ្លះ​ប្រឈម​នឹង​ការ​មាន​សាសនា​នៅ​ក្នុង​ជីវិត​សម័យ​ទំនើប ។ ដូចនៅ​គ្រប់​ជំនាន់ដែរ សព្វថ្ងៃ​មាន​អ្នកចំអក ឬ​រិះគន់ដល់​ការអនុវត្ត​សាសនាដោយ​សេរី ។ អ្នក​ខ្លះ​ថែមទាំង​ស្ដីបន្ទោស​សាសនាចំពោះ​បញ្ហាជា​ច្រើន​ក្នុង​ពិភពលោកទៀតផង ។ ពិតណាស់ ពេល​ខ្លះ​ ​មាន​អំពើ​អាក្រក់ឃោរឃៅ​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ប្រើ​ឈ្មោះ​សាសនា ។ តែ​ការ​រស់នៅ​តាម​សាសនា​ពិត​របស់​ព្រះអម្ចាស់ ​មាន​ន័យ​ថា ការ​ព្យាយាម​ប្រែក្លាយ​ជា​សិស្ស​ដ៏ពិត​ម្នាក់​របស់​ព្រះយេស៊ូវគ្រីស្ទ ជា​ផ្លូវ​ជីវិត​មួយ​ ហើយ​ការ​តាំងចិត្ត​រាល់ថ្ងៃ​ ​នឹង​ផ្ដល់​ការ​ដឹកនាំ​ដ៏ទេវភាព ។ ពេល​អ្នក​អនុវត្ត​សាសនា​របស់​អ្នក អ្នក​កំពុង​អនុវត្តសេច​ក្ដីជំនឿ​អ្នក ។ អ្នក​កំពុង​បង្ហាញ​ពី​សេចក្ដីជំនឿ​ហើយ ។

ព្រះអម្ចាស់​បាន​ជ្រាប​ថា កូនចៅ​ទ្រង់​ នឹងត្រូវរៀន​ពី​របៀប​ស្វែងរកទ្រង់ ។ ទ្រង់​មាន​បន្ទូ​លថា « ត្បិត​ទ្វារ​នោះតូច ហើយ​ផ្លូវ​ដែល​នាំ​ទៅ​ឯភាពដំកើង​ឡើង … ហើយ​មាន​មនុស្ស​តិចណាស់ដែល​រក​ផ្លូវ​នោះ​ឃើញ» ។6

បទគម្ពីរ​នេះ​ផ្ដល់​ជា​ផ្លូវ​ដ៏ល្អបំផុត​មួយដើម្បី​ស្វែងរកទិសដៅ​យើង ហើយស្និត​នៅលើវា ។ ចំណេះដឹង​បទគម្ពីរ​ក៏​ផ្ដល់​នូវការ​ការពារ​ដ៏​មាន​តម្លៃផងដែរ ។ ឧទាហរណ៍ នៅ​ក្នុង​ប្រវត្តិសាស្ត្រ រោគឆ្លង​ដូចជា « ជំងឺ​គ្រុនក្ដៅ​ពេល​សម្រាល​កូន» បាន​ឆក់​យក​ជីវិត​ម្ដាយ និង ទារក​ស្លូតត្រង់​ជា​ច្រើន ។ តែព្រះគម្ពីរសញ្ញា​ចាស់​ មាន​នូវ​គោលការណ៍​ត្រឹមត្រូវចំពោះ​ការ​ព្យាបាលអ្នក​ជំងឺ​ដែលរងទុក្ខ ដែល​បាន​សរសេរទុក​ច្រើន​ជាង 3,000 ឆ្នាំ​មុន!7 មាន​មនុស្ស​ជាច្រើន​បាន​​បរាជ័យ ​ដោយសារ​ការ​ស្វែងរក​ចំណេះដឹង​របស់​មនុស្ស ​បង្អាក់​ដល់​ការ​ស្ដាប់តាម​ព្រះបន្ទូល​នៃព្រះ!

បងប្អូន​ប្រុសស្រី​ជាទីស្រឡាញ់ តើ​យើង​នឹង​បាត់បង់អ្វីខ្លះ​ក្នុង​ជីវិតយើង បើ​យើង​ «រៀន​ជានិច្ច [តែ] ពុំ​អាច​នឹង​ចេះ​ដល់​កម្រិត​​នៃ​សេចក្ដីពិត» នោះ?7 យើង​អាចទទួល​បាន​ចំណេះ​ដឹង​អស្ចារ្យ​ពី​ព្រះគម្ពីរ ហើយ​មាន​ការ​បំផុសគំនិត​ តាមរយៈការ​អធិស្ឋាន​ដោយសេច​ក្ដីជំនឿ ។

ការ​ធ្វើ​បែបនេះ​នឹង​ជួយ​យើង​ ពេល​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ប្រចាំថ្ងៃ ។ ជាពិសេស​ពេល​ច្បាប់​របស់​មនុស្ស​ ត្រូវ​បាន​ប​ង្កើត ហើយ​ប្រតិបត្តិ នោះ​ក្រិត្យ​វិន័យ​របស់​ព្រះ​ ត្រូវ​តែ​ជា​បទដ្ឋាន​របស់​យើង​ជានិច្ច ។ ក្នុង​ការ​ប្រឈម​នឹង​បញ្ហា​ចម្រូង​ចម្រាស់ ដំបូង​យើង​គួរ​ស្វែង​រក​ការដឹកនាំ​ពីព្រះជាមុន​សិន ។

យើង​គួរ « ប្រៀបធៀប​បទគម្ពីរ...ទៅ​នឹង​ខ្លួន​យើង ដើម្បីទុក​ជា​ប្រយោជន៍ និង​​ការ​ចេះដឹង​ដល់​យើង»។9 ​គ្រោះថ្នាក់នឹង​នៅ​​ចាំឆ្មក់ បើ​យើង​ព្យាយាមបែង​ចែក​ខ្លួន​យើង​ជាមួយ​នឹង​ពាក្យ​ថា «ជីវិត​ផ្ទា​ល់ខ្លួន​ខ្ញុំ» ឬ​ក៏ « ជា​ឥរិយាបថ​ដ៏​ល្អបំផុត​របស់​ខ្ញុំ» នោះ។ បើ​ជន​ម្នាក់​ព្យាយាម​ច្រៀក​ជីវិត​ខ្លួន​ទៅជា​ធាតុ​តូចៗ ជន​នោះ​នឹងមិន​អាច​ឈាន​ទៅដល់​កម្រិត​ពេញ​លេញ​នៃ​ភាព​ទៀងត្រង់​ផ្ទាល់​ខ្លួន​ឡើយ---នឹង​មិន​​អាចឃើញ​ពី​សមត្ថភាព​ពិត​របស់​ខ្លួន​បាន​ឡើយ ។

ការល្បួងចង់ឲ្យ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី អាច​ផ្ដល់​អាទិភាពឲ្យ​ទស្សនៈទូទៅ ​លើសពី​បន្ទូល​នៃ​ព្រះ ។ យុទ្ធនាការ​នយោបាយ និង​យុទ្ធសាស្ត្រ​ទីផ្សារ ប្រើ​ការ​ស្ទង់មតិទូទៅ ​ដើម្បី​អភិវឌ្ឍ​ផែនការ​ពួកគេ ។ លទ្ធផល​នៃ​ការ​ស្ទង់មតិ​ទាំងនោះ​ គឺជាព័ត៌មាន ។ តែ វា​ពិបាក​យក​មក​ប្រើ​ ដើម្បី​ធ្វើ​ជា​ភស្ដុតាង​​បង្ហាញ​ពី​ភាពត្រឹមត្រូវ​ចំពោះ​ការ​មិន​គោរព​តាម​ព្រះបញ្ញត្តិ​ណាស់! ទោះជា​ «​មនុស្ស​គ្រប់គ្នាកំពុង​ធ្វើបែបនេះ​ក្ដី» រឿង​ខុស​នៅ​តែ​ខុស ។ អំពើ​អាក្រក់ កំហុស និង​ភាពងងឹត​ នឹង​មិនអាច​​ក្លាយ​ជាសេចក្ដីពិត​ឡើយ ទោះ​ជា​វា​ល្បីល្បាញ​ក្ដី ។ ការ​ព្រមាន​មួយ​ក្នុង​ព្រះគម្ពីរ​ បាន​ប្រកាស​យ៉ាង​ច្បាស់ថា ៖ «វេទនា​ដល់​ពួក​អ្នក​ដែល​រាប់​សេចក្ដីអាក្រក់ថា​ជា​ល្អ ហើយ​សេចក្ដីល្អ​ថា​ជាអាក្រក់​វិញ ជាពួក​អ្នក​ដែល​យក​សេចក្ដីងងឹត​ជាពន្លឺ ហើយ​យក​ពន្លឺ​ជា​ងងឹត» ។10

ក្រោយ​ពី​សង្គ្រាម​លោក​លើក​ទី​មួយ ចម្រៀង​អាសគ្រាម​មួយ​បទ ​បាន​ទទួល​ការ​ពេញ​និយម ។ ដោយ​​លើក​កម្ពស់​ដល់​រឿង​អសីលធម៌ វា​សន្យា​ថា មនុស្ស​ 50 លាន​នាក់ ​មិន​អាច​ខុស​ទេ ។ តែការពិត មនុស្ស 50 លាននាក់​ អាច​ខុស​បាន---គឺខុសយ៉ាងពិត ។ រឿង​អសីធម៌​នៅ​តែ​ជារឿងអសីលធម៌​នៅ​ក្នុងព្រះនេត្រ​ព្រះ ជាអង្គ​ដែល​​នៅ​ថ្ងៃ​មួយ​នឹង​កាត់​សេចក្ដីរាល់​ទង្វើ និង ក្ដីប្រាថ្នា​យើង​គ្រប់​គ្នា ។11

ផ្ទុយ​ពី​ការ​ភ័យ​ខ្លាច និង​ ការ​ខ្វះ​សេចក្ដីជំនឿ​​ក្នុងពិភពលោក​សព្វថ្ងៃ​នេះ កូនស្រី​ជាទីស្រឡាញ់​របស់​ខ្ញុំ​ឈ្មោះ អិមមីលី ដែល​ឥឡូវ​បាន​រស់​នៅ​ក្នុង​ភព​ម្ខាងទៀត មាន​សេចក្ដីជំនឿ ហើយមានភាព​​ក្លាហាន ។ កាល​ជីវិតរមែងស្លាប់​ ហៀប​នឹង​​ចាកចេញ​ពីរូបកាយ​ ​ដែល​មាន​ជំងឺ​មហារីក នោះ​នាង​ស្ទើរ​តែ​និយាយ​មិន​រួច ។ តែ​នាង​បាន​និយាយមក​កាន់ខ្ញុំ​ ទាំង​ស្នាម​ញញឹម​ថា « ប៉ា កុំ​បារម្ភ​ពី​កូន​អី ។ កូន​​ដឹ​ងថា កូន​នឹង​មិន​អីទេ!» សេចក្ដី​ជំនឿរបស់​ អិមមីលី​ បាន​បង្ហាញ​ឲ្យ​ឃើញ---យ៉ាង​ច្បាស់---នៅ​ក្នុង​គ្រាដ៏​កក់ក្ដៅនោះ ចំពេល​ដែល​យើង​ត្រូវការ​វា​បំផុត ។

ម្ដាយវ័យ​ក្មេង​ដ៏ស្រស់ស្អាតម្នាក់នេះ ដែល​មាន​កូន​ប្រាំនាក់ បាន​ពោរពេញដោយ​ក្ដីជំនឿ​លើ​ព្រះវរបិតា​នាង លើ​ផែនការទ្រង់ និង លើសុខុ​មាល​ភាពដ៏​អស់កល្ប​នៃគ្រួសារ​យើង ។ នាង​បាន​ចងភ្ជាប់​ទៅនឹង​ព្រះ​ដោយ​មាន​សុវត្ថិភាព ។ នាងពិត​ជាស្មោះត្រង់​ចំពោះ​សេចក្ដីសញ្ញា​ ដែលនាង​​បាន​ធ្វើ​ជាមួយ​នឹង​ព្រះអម្ចាស់ និង​ជាមួយ​ស្វាមី​នាង ។ នាង​ស្រឡាញ់​កូន​ៗ ទោះ​ជា​នាង​នឹងត្រូវ​បែក​ចេញ​ពី​ពួក​គេ​បន្ដិច​ទៀត​ក្ដី តែ​នាងមាន​សេចក្ដីសុខ ។ នាង​មាន​សេចក្ដីជំនឿ​លើ​អនាគត​នាង និង​អនាគតពួកគេ​ផងដែរ នោះ​ដោយសារ​នាង​មាន​សេចក្ដីជំនឿ​លើ​ព្រះវរបិតា​យើង និងព្រះរាជបុត្រា​ទ្រង់ ។

ក្នុង​ឆ្នាំ 1986 ប្រធាន ថូម៉ាស អេស ម៉នសុន បានថ្លែង​ថា ៖ «ពិតណាស់​ យើង​នឹង​ជួប​ការភ័យខ្លាច ការ​ចំអក និង រឿង​ផ្ទុយ ។ ចូរ​យើង​មាន​ចិត្ត​ក្លាហាន​តតាំង​នឹង​មតិទូទៅ ហើយការពារគោលការណ៍​របស់​យើង ។ សូម​ក្លាហានជានិច្ច ដើម្បី​នាំមក​នូវ​​ស្នាម​ញញឹម​នៃ​ការអនុញ្ញាត​របស់​ព្រះ។ …​សូម​ចាំ​ថា មនុស្ស​គ្រប់រូប​ មាន​ការ​ភ័យ​ខ្លាច​ផ្ទាល់ខ្លួន តែ​អ្នក​ដែល​ប្រឈម​នឹង​ការ​ភ័យ​របស់ខ្លួនដោយ [សេចក្ដីជំនឿ] នឹង​មានភាព​ក្លាហាន​ផងដែរ»។12

ការ​ប្រឹក្សា​របស់​ប្រធាន​ម៉នសុន ​គឺ​ពិត​ជានិច្ច! ដូច្នេះ​ខ្ញុំ​អង្វរ​ដល់​អ្នក ឱ! បងប្អូនប្រុស​ស្រី​របស់​ខ្ញុំ​អើយ​ថា ៖ ពី​មួយ​ថ្ងៃទៅមួយ​ថ្ងៃ សូម​ឲ្យសេច​ក្ដីជំនឿ​អ្នក​កើន​ឡើង​នៅ​លើ​ផ្លូវ​ឆ្ពោះទៅ​កាន់​ជោគវាសនាដ៏​អស់កល្ប​របស់​អ្នក ។ សូម​ប្រកាសពីសេច​ក្ដីជំនឿ​អ្នក! ចូរ​បង្ហាញ​សេច​ក្ដីជំនឿ​អ្នក!13

ខ្ញុំ​សូម​អធិស្ឋាន​ថា អ្នក​នឹង​ចងភ្ជាប់ទៅនឹង​ព្រះ​ដោយ​សុវត្ថិភាព ថា​សេចក្ដីពិតដ៏​អស់កល្ប​របស់ទ្រង់​ នឹង​រឹងមាំក្នុង​ចិត្តអ្នក​ជារៀងរហូត ។ ហើយ​ខ្ញុំ​អធិស្ឋាន​ថា អ្នក​នឹងបង្ហាញសេច​ក្ដីជំនឿ​អ្នក​ពេញមួយ​ជីវិត​អ្នក! ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. ពេល​ទារក​ចាប់កំណើត ទងផ្ចិតត្រូវបានចងខ្វែងគ្នា ហើយ​កាត់​ចេញរវាង​តំណទាំងពីរ។ តំណ​ គឺជាការ​ចង---ជាការ​ចង​ដ៏​មាំ​មួយ ។ ពាក្យ religion (សាសនា) ក្លាយ​មក​ពី​ភាសា​ឡាតាំង​ re មាន​ន័យ​ថា «ម្ដងទៀត» ឬ «​ត្រឡប់ទៅ» ហើយពាក្យ ligare មានន័យថា «ចង» ​ឬ «ភ្ជាប់»។ ដូច្នេះ យើង​យល់ថា សាសនាចក្រ «ចងភ្ជាប់ពួក​អ្នកជឿ​ទៅនឹង​ព្រះ» ។

  2. និក្ខមនំ 20:3។ លើសពីនេះទៀត ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា «ចូរ​វិល​មក​វិញ ចូរ​បែរចេញ​ពីរូបព្រះ​របស់​អ្នករាល់គ្នាទៅ ហើយ​ងាក​មុខ​ពី …​អស់​ទាំង​ការ​គួរ​ស្អប់ខ្ពើម​របស់​អ្នករាល់គ្នាចុះ» (អេសេគាល 14:6) ។

  3. គោលលទ្ធិ និង​សេចក្ដី​សញ្ញា 6:36 ។

  4. សូមមើល ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល The Teachings of Spencer W. Kimball រៀបរៀងដោយ Edward L. Kimball (ឆ្នាំ 1982) ទំព័រ 391។

  5. សូមមើល ម៉ូសាយ 2:41, គោលលទ្ធិ និង សេចក្តីសញ្ញា 58:30--33, 82:10។ គោលការណ៍​នេះ​ពិត​ចំពោះ​មនុស្ស​គ្រប់គ្នា ត្បិត​ «ព្រះ​មិន​រើស​មុខ​អ្នកណាទេ» (កិច្ចការ 10:34) សូមមើល​ផងដែរ មរ៉ូណៃ 8:12 ។

  6. គោលលទ្ធិ និង​សេចក្ដី​សញ្ញា 132:22 ។

  7. សូមមើល​ លេវីវិន័យ 15:13 ។

  8. ធីម៉ូថេទី 2 3:7 ។

  9. នីហ្វៃទី 1 19:23 ។

  10. អេសាយ 5:20 ។

  11. ព្រះគម្ពីរបង្រៀន​ថា ៖ «ចូរ​មក​រក​ព្រះអម្ចាស់ គឺជាព្រះ​ដ៏បរិសុទ្ធ​ចុះ។ សូម​នឹកចាំ​ថា ផ្លូវ​ទាំងឡាយ​របស់ទ្រង់​សុទ្ធ​តែ​សុចរិត ។ មើលចុះ ផ្លូវ​សម្រាប់មនុស្ស​គឺ​ចង្អៀត ប៉ុន្តែ​សន្ធឹង​ត្រង់​នៅ​ចំពោះ​មុខ​គេ ហើយ​អ្នក​ឆ្មាំទ្វារ គឺជាព្រះដ៏បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ហើយ​ទ្រង់​មិន​ជួល​បាវ​បម្រើ​នៅ​ទីនោះឡើយ ហើយ​គ្មាន​ផ្លូវ​ឯណា​ផ្សេង​ទៀតទេ ក្រៅពី​តាមទ្វារ​នោះ ត្បិត​គ្មាន​នរណា​អាច​បន្លំ​បាន​ឡើយ ព្រោះ​ព្រះអម្ចាស់​ដ៏ជាព្រះ គឺជាព្រះនាម​ទ្រង់» (នីហ្វៃទី 2 9:41) ។

  12. ថូម៉ាស អេស ម៉នសុន «Courage Counts» Ensign ខែ វិច្ឆិកា ឆ្នាំ 1986 ទំព័រ 41។ មានពេល​មួយ​ទៀត ប្រធាន​ម៉នសុនបាន​ផ្ដល់​ការ​ទូន្មាន​ដ៏បំផុសគំនិត​នេះ​ថា ៖ «ដើម្បី​រស់​នៅ​ក្នុង​ជីវិត​មួយ​ដ៏អស្ចារ្យ យើង​ត្រូវ​អភិវឌ្ឍសមត្ថភាព​ប្រឈម​មុខ​នឹង​ឧបសគ្គ​ដោយ​ភាព​ក្លាហាន ការ​ខកចិត្ត​ដោយភាពរីករាយ និងភាព​ជោគជ័យ​ដោយ​ភាព​រាបសា។ … យើង​ជាបុត្រាបុត្រី​នៃ​ព្រះ​ដ៏​មាន​ព្រះជន្មរស់ ដែល​យើង​ត្រូវបាន​បង្កើត​ឡើង​តាម​រូបភាពទ្រង់។ … យើងមិន​អាច​បន្ត​មាន​ការ​ជឿជាក់​នេះ​បាន​ឡើយ បើ​គ្មានការ​ជួប​នូវ​អារម្មណ៍ថ្មី​អស្ចារ្យ​នៃ​កម្លាំង និង អំណាច​ រួមទាំង​កម្លាំង​ដើម្បី​រស់នៅ​តាម​ព្រះបញ្ញត្តិ​ ដែល​ជា​អំណាច​ដើម្បី​តតាំង​នឹង​ការ​ល្បួង​របស់​សាតាំង​ផងដែរ» («Yellow Canaries with Gray on Their Wings» Ensign ខែ កក្កដា ឆ្នាំ1973 ទំព័រ 43) ។

  13. «ចូរ​លះបង់ចោល​នូវ​អស់​ទាំង​អំពើ​ដ៏ឥតសុចរិត» (មរ៉ូណៃ 10:32)។ សូម​កុំ​ខ្លាច​មនុស្ស​ជាងព្រះ (សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា 3:7; 59:5) ។