រែកបន្ទុករបស់ពួកគេយ៉ាងងាយ
បន្ទុកពិសេសនៅក្នុងជីវិតរបស់យើងម្នាក់ៗ ជួយឲ្យយើងពឹកផ្អែកទៅលើគុណបំណាច់ សេចក្តីមេត្តាករុណា និងព្រះគុណរបស់ព្រះមេស៊ីដ៏បរិសុទ្ធ។
ខ្ញុំមានសម្លាញ់ម្នាក់ ក្នុងឆ្នាំដំបូងនៃអាពាហ៌ពិពាហ៌គាត់ គាត់ជឿថា គាត់ និងគ្រួសារ ត្រូវការឡានមួយបាំងកន្លះមួយគ្រឿង ។ តែភរិយាគាត់ ជឿថា គាត់មិនត្រូវការឡាននោះទេ តែគាត់ចង់បានឡានថ្មីវិញ។ ការសន្ទនាលេងរបស់ស្វាមី និងភរិយានេះ បានផ្តើមនូវគិតពីគុណសម្បត្តិ និងគុណវិបត្តិនៃការទិញនោះ។
« អូនអើយ យើងត្រូវការឡានមួយបាំងកន្លះមួយគ្រឿង » ។
នាងសួរថា «ហេតុអ្វីបងគិតថា យើងត្រូវការឡានដឹកទំនិញថ្មី ?»
គាត់បានឆ្លើយសំណួរនាង ដែលគាត់ជឿថា ជាចម្លើយដ៏ល្អឥតខ្ចោះថា ៖ « ចុះបើយើងត្រូវការទឹកដោះគោសម្រាប់កូនៗ អំឡុងពេលមានព្យុះដ៏ធំមួយ ហើយមធ្យោបាយតែមួយគត់ ដែលអាចទៅផ្សារទិញបាន គឺតាមរយៈឡានមួយបាំងកន្លះនេះវិញ ? »
ភរិយាគាត់បានតបដោយញញឹមថា « បើយើងទិញឡានមួយបាំងកន្លះថ្មី នោះយើងនឹងគ្មានលុយទិញទឹកដោះគោទេ—ហេតុអ្វីក៏ខ្វល់ខ្វាយ នឹងការបើកឡានទៅផ្សារក្នុងគ្រាអាសន្នធ្វើអី !»
ពួកគេនៅបន្តប្រឹក្សាគ្នា ហើយទីបំផុត បានសម្រេចចិត្តថា នឹងទិញឡានមួយបាំងកន្លះ ។ មិនយូរប៉ុន្មាន បន្ទាប់ពីការទទួលបានរថយន្តថ្មីមក មិត្តខ្ញុំចង់បង្ហាញនូវអត្ថប្រយោជន៍នៃឡាននោះ ហើយបញ្ជាក់អំពីមូលហេតុដែលគាត់ ចង់ទិញវា ។ ដូច្នេះ គាត់បានសម្រេចចិត្ត កាប់អុស ហើយដឹកមកដាក់ផ្ទះពួកគេ ។ ពេលនោះ គឺជារដូវស្លឹកជ្រុះឈើ រួចមានទឹកកកធ្លាក់តាមតំបន់ភ្នំខ្លះហើយ ជាកន្លែងដែលគាត់ចង់ទៅរកអុសនោះ។ ពេលគាត់បើកឡានឡើងតាមជើងភ្នំ នោះទឹកកក បានធ្លាក់ចុះមកកាន់តែច្រើនឡើងៗ។ មិត្តខ្ញុំ បានដឹងថា ស្ថានភាពថ្នល់រអិល អាចបណ្ដាលឲ្យមានគ្រោះថ្នាក់ ប៉ុន្តែដោយមានទំនុកចិត្តយ៉ាងខ្លាំងចំពោះឡានថ្មី នោះគាត់នៅតែបើកទៅមុខ។
ជាអកុសល មិត្តខ្ញុំបានបើកយ៉ាងឆ្ងាយលើផ្លូវទឹកកកនោះ ។ ពេលគាត់កាច់ចង្កូតឡានចុះពីផ្លូវ ត្រង់កន្លែងដែលគាត់ចង់កាប់អុស ឡានគាត់ជាប់ផុង។ កង់ឡានទាំងបួនរបស់ឡានថ្មីនោះ បានកប់ទៅក្នុងពំនូកទឹកកក ។ គាត់ទទួលស្គាល់ភ្លាមថា គាត់មិនដឹងតើត្រូវធ្វើយ៉ាងណា ដើម្បីឆ្លងផុតពីស្ថានភាពគ្រោះថ្នាក់នេះបានទេ ។ គាត់ខ្មាស់ ហើយបារម្ភ។
មិត្តខ្ញុំសម្រេចចិត្តថា «ខ្ញុំនឹងមិនអង្គុយចាំត្រង់នេះទេ» ។ គាត់បានចុះពីឡាន ហើយចាប់ផ្តើមកាប់អុស។ គាត់ បានកាប់អូសដាក់ពេញកន្ទុយឡានខាងក្រោយ ។ រួចហើយ មិត្តខ្ញុំបានប្តេជ្ញាចិត្តថា គាត់នឹងសាកបើកចេញពីទឹកកកនោះម្តងទៀត ។ ពេលគាត់បញ្ឆេះឡានបើកទៅមុខ គាត់ចាប់ផ្តើមបើកទៅមុខសន្សឹមៗ ។ ឡាន បានបើកទៅមុខចេញពីទឹកកកយឺតៗ ត្រឡប់ឡើងទៅលើផ្លូវវិញ ។ ទីបំផុត គាត់បានត្រឡប់ទៅផ្ទះវិញ ដោយរីករាយ និងរាបសារ ។
បន្ទុករបស់យើងម្នាក់ៗ
ខ្ញុំអធិស្ឋានសុំជំនួយពីព្រះវិញ្ញាណ ពេលខ្ញុំគូសបញ្ជាក់អំពីមេរៀនដ៏សំខាន់ ដែលយើងអាចរៀនពីរឿងនេះ អំពីមិត្តរបស់ខ្ញុំ ឡាន និងអុស។ វាគឺជាបន្ទុក ។ គឺទម្ងន់នៃអុសនោះហើយ ដែលផ្ដល់លំនឹងដ៏សំខាន់ដើម្បីជួយគាត់ឲ្យចេញផុតពីទឹកកក រួចឡើងទៅលើផ្លូវបាន ហើយបន្ដដំណើរទៅមុខទៀត។ វាគឺជាបន្ទុក ដែលជួយគាត់ឲ្យត្រឡប់ទៅរកគ្រួសារ និងផ្ទះរបស់គាត់វិញ។
យើងម្នាក់ៗ ក៏រែកបន្ទុកមួយផងដែរ ។ បន្ទុករបស់យើងម្នាក់ៗ មានទាំង តម្រូវការ និងឱកាស, ទំនួលខុសត្រូវ និងឯកសិទ្ធិ, ការឈឺចាប់ និង ពរជ័យ, ជម្រើស និងការដាក់កំហិត ។ មានសំណួរដ៏សំខាន់ពីរ ដែលអាចជួយយើង ពេលយើងវាយតម្លៃបន្ទុករបស់យើង ដោយការអធិស្ឋាន និងជាញឹកញាប់គឺ ៖ «តើបន្ទុកខ្ញុំ បង្កើតនូវលំនឹងខាងវិញ្ញាណ ដែលនឹងជួយខ្ញុំឲ្យឆ្ពោះទៅមុខ ដោយសេចក្តីជំនឿលើព្រះគ្រីស្ទ តាមផ្លូវតូច និងចង្អៀត ហើយជៀសពីការជាប់ផុងដែរឬទេ? តើបន្ទុកដែលខ្ញុំកំពុងតែរែក បានបង្កើតលំនឹងខាងវិញ្ញាណពេញលេញ ដើម្បីឲ្យខ្ញុំអាចត្រឡប់ទៅដំណាក់ព្រះវរបិតាសួគ៌ឬទេ?»
ពេលខ្លះ យើងអាចជឿខុសថា សុភមង្គល គឺជាការគ្មានបន្ទុក។ ប៉ុន្តែការរែកបន្ទុក គឺជាផ្នែកមួយយ៉ាងសំខាន់ និងចាំបាច់នៃផែនការនៃសុភមង្គល។ ព្រោះតែយើងម្នាក់ៗ ចាំបាច់ត្រូវមានបន្ទុក ដើម្បីវាបង្កើតលំនឹងខាងវិញ្ញាណ នោះយើងគួរតែប្រុងប្រយ័ត្នកុំដាក់នូវរឿងល្អៗ តែមិនចាំបាច់ក្នុងជីវិតយើងច្រើនពេក ដែលវានឹងរំខាន និងបង្វែរយើងចេញពីអ្វីៗដែលពិតជាសំខាន់បំផុតនោះ។
ការបង្កើននូវអំណាចនៃដង្វាយធួន
ព្រះអង្គសង្គ្រោះបានបន្ទូលថា ៖
« អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក» ។
« ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ត្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្តីសំរាកដល់ព្រលឹង » ។
« ពីព្រោះនឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល » ( ម៉ាថាយ 11:28–30 ) ។
នឹម គឺជាធ្នឹមឈើមួយ ដែលតាមធម្មតា គេដាក់វានៅចន្លោះគោ ឬសត្វដទៃទៀតមួយនឹម ដើម្បីឲ្យវាអាចទាញបន្ទុកទាំងអស់គ្នា ។ នឹម គឺដាក់ទឹមសត្វនឹងគ្នា ដើម្បីវាអាចទាញជាមួយគ្នា ឲ្យសម្រេចកិច្ចការមួយ ។
ចូរពិចារណាអំពីការអញ្ជើញដ៏ពិសេសរបស់ព្រះអម្ចាស់ដល់យើងម្នាក់ៗថា « ចូរទទួលនឹមខ្ញុំ » ។ ការចុះ និងការរក្សាសេចក្តីសញ្ញាពិសិដ្ឋ គឺជាការទឹមយើងជាមួយនឹងព្រះអម្ចាស់ព្រះយេស៊ូវ គ្រីស្ទ។ មានន័យថា ព្រះអង្គសង្គ្រោះ កំពុងតែអញ្ជើញយើង ឲ្យពឹងផ្អែក និងទាញជាមួយនឹងទ្រង់ ទោះជាសមត្ថភាពល្អបំផុតរបស់យើង មិនស្មើរ ឬអាចប្រៀបទៅទ្រង់ក៏ដោយ ។ កាលណាយើងទុកចិត្ត ហើយទាញបន្ទុកយើងជាមួយទ្រង់ ក្នុងដំណើរនៃជីវិតរមែងស្លាប់នេះ នោះនឹមទ្រង់នឹងងាយ ហើយស្រាលជាប្រាកដ។
យើងពុំដែលនៅម្នាក់ឯងឡើយ ។ យើងអាចឆ្ពោះទៅមុខក្នុងជីវិតប្រចាំថ្ងៃយើង ដោយមានជំនួយពីស្ថានសួគ៌។ តាមរយៈដង្វាយធួនរបស់ព្រះអង្គសង្រ្គោះ នោះយើងអាចទទួលបានសមត្ថភាព និង « កម្លាំង » « ហួសពីកម្លាំង [របស់យើង] » (« Lord I Would Follow Thee,» Hymns, no. 220)។ ដូចព្រះអម្ចាស់បានប្រកាសថា « ហេតុដូច្នេះហើយ ចូរបន្តដំណើររបស់អ្នក ហើយចូរឲ្យចិត្តអ្នកបានសប្បាយរីករាយចុះ ត្បិតមើលចុះ និងមើលន៍ យើងគង់នៅជាមួយអ្នក រហូតដល់ចុងបំផុត » (គ និង ស 100:12)។
សូមគិតអំពីឧទាហរណ៍ក្នុងព្រះគម្ពីរមរមន ពេលអាមូឡុន បានបៀតបៀនដល់អាលម៉ា និងប្រជាជនគាត់ ។ សំឡេងព្រះអម្ចាស់ បានបន្លឺមកកាន់សិស្សទាំងនេះ ក្នុងគ្រាលំបាកថា ៖ « ចូរងើបក្បាលឡើង ហើយក្សាន្តចិត្តចុះ ព្រោះយើងដឹងនូវសេចក្តីសញ្ញា ដែលអ្នករាល់គ្នាបានធ្វើជាមួយនឹងយើងហើយ --យើងនឹងធ្វើសេចក្តីសញ្ញាជាមួយនឹងរាស្ត្រយើង ហើយនឹងដោះពួកគេឲ្យរួចផុតពីសេវកភាព» (ម៉ូសាយ 24:13)។
សូមចំណាំថា សេចក្តីសញ្ញា គឺជាផ្នែកសំខាន់ចំពោះសេចក្តីសន្យានៃការរំដោះឲ្យរួច។ សេចក្តីសញ្ញា ដែលបានទទួល និងគោរពដោយស្មោះត្រង់ ហើយពិធីបរិសុទ្ធ ដែលបានធ្វើឡើងដោយសិទ្ធិអំណាចបព្វជិតភាពត្រឹមត្រូវ គឺចាំបាច់ណាស់ ដើម្បីទទួលបាននូវពរជ័យ ដែលមានមក តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ ត្បិតនៅក្នុងពិធីបរិសុទ្ធនៃបព្វជិតភាព អំណាចនៃព្រះ ត្រូវបានបើកបង្ហាញដល់បុរស និងស្ត្រីខាងសាច់ឈាម រួមមានទាំងពរជ័យនៃដង្វាយធួនទៀតផង (សូមមើល គ និង ស 84:20–21)។
សូមចាំនូវព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះថា « ពីព្រោះនឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល » (ម៉ាថាយ 11:30) ពេលយើងគិតអំពីវគ្គបន្ទាប់ នៅក្នុងដំណើររឿងរបស់អាលម៉ា និងរាស្ត្ររបស់លោក។
« ហើយយើងនឹងសម្រាលបន្ទុកទាំងឡាយ ដែលដាក់នៅស្មាអ្នកផង ហើយសូម្បីតែរូបអ្នកមិនអាចចាប់អារម្មណ៍ថា មានបន្ទុកទាំងនោះនៅលើខ្នងអ្នកឡើយ » (ម៉ូសាយ 24:14) ។
យើងរាល់គ្នាជាច្រើន អាចនឹងសន្និដ្ឋានថា វគ្គគម្ពីរនេះ កំពុងតែប្រាប់យើងថា បន្ទុកមួយ នឹងត្រូវបានដកចេញមួយរំពេច និងដោយអចិន្ត្រៃយ៍ហើយ ។ ប៉ុន្តែវគ្គបន្ទាប់ ពិពណ៌នាអំពីរបៀបដែលបន្ទុកត្រូវបានសម្រាល។
« ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា បន្ទុកទាំងឡាយដែលដាក់នៅលើអាលម៉ា និងបងប្អូនលោក ត្រូវបានសម្រាលទៅ មែនហើយ ព្រះអម្ចាស់ទ្រង់បានចម្រើនកម្លាំងឲ្យគេ ដើម្បីឲ្យគេអាចទ្របន្ទុកទាំងឡាយរបស់គេបានងាយ ហើយពួកគេបានធ្វើតាមអស់ទាំងព្រះហឫទ័យនៃព្រះអម្ចាស់» (ម៉ូសាយ 24:15; បានគូសបញ្ជាក់បន្ថែម) ។
ឧបសគ្គ និងទុក្ខលំបាក មិនត្រូវបានដកចេញពីប្រជាជនមួយរំពេចនោះទេ ។ ប៉ុន្តែ អាលម៉ា និង បងប្អូនលោក ត្រូវបានចម្រើនកម្លាំង ហើយបង្កើនសមត្ថភាពពួកគេ ដែលធ្វើឲ្យបន្ទុកបានស្រាលឡើង។ មនុស្សល្អទាំងនេះ ត្រូវបានចម្រើនកម្លាំង តាមរយៈដង្វាយធួន ដើម្បី អនុវត្ត ជាភ្នាក់ងារ (សូមមើល គ និង ស 58:26–29) ហើយផ្លាស់ប្តូរ កាលៈទេសៈរបស់ពួកគេ។ ហើយនៅក្នុង « កម្លាំងរបស់ព្រះអម្ចាស់» (ពាក្យសំដីនៃមរមន 1:14; ម៉ូសាយ 9:17; 10:10; អាលម៉ា 20:4), អាលម៉ា និងរាស្ត្រលោក ត្រូវបាននាំទៅកាន់ទីសុវត្ថិភាព ក្នុងដែនដីសារ៉ាហិមឡា។
ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ មិនត្រឹមតែយកឈ្នះលើឥទ្ធិពលនៃការធ្លាក់របស់អ័ដាម ហើយអាចផ្តាច់បាប និងអំពើរំលងរបស់យើងម្នាក់ៗប៉ុណ្ណោះទេ ប៉ុន្តែដង្វាយធួនរបស់ទ្រង់ ក៏អាចជួយយើងឲ្យធ្វើល្អ និងកាន់តែល្អ តាមរបៀបដែលហួសពីសមត្ថភាពនៃជីវិតរមែងស្លាប់របស់យើងទៀតផង។ យើងភាគច្រើនដឹងថា នៅពេលយើងធ្វើអ្វីខុស ហើយត្រូវការជំនួយយកឈ្នះលើឥទ្ធិពលនៃអំពើបាបក្នុងជីវិតយើង នោះព្រះអង្គសង្គ្រោះ អាចជួយយើងបានស្អាត តាមរយៈអំណាចស្រោចស្រង់របស់ទ្រង់។ ប៉ុន្តែ តើយើងយល់ដែរឬទេថា ដង្វាយធួន គឺមានសម្រាប់បុរស និងស្ត្រីស្មោះត្រង់ ដែលគោរពប្រតិបត្តិ មានភាពសក្តិសម ហើយយកចិត្តទុកដាក់គោរព និងសម្រាប់អស់អ្នកដែលព្យាយាមកាន់តែល្អ និងបម្រើកាន់តែស្មោះស្ម័គ្រនោះ? ខ្ញុំងឿងឆ្ងល់ថា តើយើងពុំបានទទួលស្គាល់ពេញលេញនូវការចម្រើនកម្លាំងរបស់ដង្វាយធួននេះ នៅក្នុងជីវិតយើង ហើយជឿដោយខុសឆ្គងថា យើងត្រូវតែរែកបន្ទុកតែម្នាក់ឯង—ដោយការតាំងចិត្ត ការដោះស្រាយ និងការដាក់វិន័យ និងដោយសមត្ថភាពដែលមានកំណត់របស់យើងនោះឬ។
មានរឿងមួយត្រូវដឹងថា ព្រះយេស៊ូវគ្រីស្ទ បានយាងមកលើផែនដី ដើម្បីសុគតសម្រាប់យើង។ ប៉ុន្តែយើងក៏គួរតែមានអំណរគុណចំពោះ ព្រះរាជបំណងព្រះអម្ចាស់ តាមរយៈដង្វាយធួន និងដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ ដើម្បី ផ្ដល់ជីវិតឲ្យយើង មិនត្រឹមតែដឹកនាំយើងប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីពង្រឹង និងប្រោសយើងផងដែរ ។
ព្រះអង្គសង្គ្រោះជួយរាស្ត្រទ្រង់
អាលម៉ា ពន្យល់អំពីមូលហេតុ និងរបៀបដែលព្រះអង្គសង្គ្រោះ អាចជួយយើងថា ៖
« ហើយទ្រង់នឹងយាងទៅដោយរងការឈឺចាប់ និងទុក្ខវេទនា និងការល្បួងគ្រប់បែបយ៉ាង ហើយទ្រង់ធ្វើយ៉ាងនេះក៏ដើម្បីឲ្យបានបំពេញនូវពាក្យទាំងឡាយដែលបានចែងទុកមកថា ទ្រង់នឹងលើកដាក់មកលើខ្លួនទ្រង់ នូវការឈឺចាប់និងជម្ងឺទាំងឡាយរបស់រាស្ត្រទ្រង់។
« ហើយទ្រង់នឹងមកដាក់លើរូបអង្គទ្រង់នូវសេចក្តីស្លាប់ ដើម្បីទ្រង់អាចស្រាយចំណងទាំងឡាយនៃសេចក្តីស្លាប់ ដែលចងរាស្ត្រទ្រង់ហើយទ្រង់នឹងដាក់រូបអង្គទ្រង់នូវជំងឺឈឺចាប់របស់ពួកគេ ដើម្បីឲ្យព្រះហឫទ័យទ្រង់ បានពោរពេញទៅដោយសេចក្តីមេត្តាករុណាស្របតាមសាច់ឈាម ដើម្បីទ្រង់អាចដឹងស្របតាមសាច់ឈាមថា តើត្រូវជួយរាស្ត្រទ្រង់បែបណាតាមជំងឺរបស់គេ» (អាលម៉ា 7:11–12)។
ដូច្នេះហើយ ព្រះសង្គ្រោះបានរងទុក្ខ មិនត្រឹមតែសម្រាប់អំពើបាប និងអំពើទុច្ចរិតយើងប៉ុណ្ណោះទេ —តែក៏សម្រាប់ការឈឺចាប់ខាងរូបកាយ និងការឈឺចិត្ត ភាពកម្សោយ និងការខ្វះខាត ភាពភ័យខ្លាច ការធុញថប់ ការបាក់ទឹកចិត្ត ការអស់សង្ឈឹម ការស្តាយក្រោយ វិប្បដិសារី ការធ្លាក់ចុះ ការខកចិត្ត ភាពអយុត្តិធម៌ និងភាពលំអៀង ដែលយើងជួប ហើយនឹងសម្ពាធខាងផ្លូវចិត្ត ដែលរារាំងយើងផងដែរ។
គ្មានការឈឺចាប់ខាងសាច់ឈាម ការរបួសខាងវិញ្ញាណ និងការឈឺចិត្តក្នុងព្រលឹង ការចុកចាប់ ជំងឺ ឬភាពកម្សោយណា ដែលអ្នក ឬខ្ញុំ ជួបក្នុងជីវិតនេះ ដែលព្រះអង្គសង្គ្រោះមិនបានជួបបទពិសោធន៍រួចជាមុននោះទេ។ ក្នុងគ្រានៃភាពទន់ខ្សោយ យើងប្រហែលជាស្រែកទួញថា «គ្មាននរណាយល់ឡើយ។ គ្មាននរណាយល់ឡើយ»។ ប៉ុន្តែព្រះរាជបុត្រានៃព្រះ ដឹង និងយល់ដ៏ឥតខ្ចោះ ត្បិតទ្រង់បានដឹង និងរែកបន្ទុករបស់យើងម្នាក់ៗ ។ ហើយព្រោះតែពលិកម្មដ៏គ្មានទីបញ្ចប់ និងអស់កល្បជានិច្ចរបស់ទ្រង់ (សូមមើលអាលម៉ា 34:14) ។ ទ្រង់មានការយល់ដឹងដ៏ឥតខ្ចោះ ហើយអាចលាតព្រះហស្ថនៃសេចក្តីមេត្តាកុរណាមករកយើង។ ទ្រង់អាចឈោងព្រះហស្ថ ប៉ះ ជួយសង្គ្រោះ ប្រោស និងពង្រឹងយើង ហួសពីអ្វីៗដែលអាចជួយយើង ធ្វើនូវអ្វីដែលយើងមិនអាចធ្វើ បើយើងពឹងទៅលើអំណាចយើងផ្ទាល់នោះ។ ពិតហើយ នឹមទ្រង់ងាយ ហើយបន្ទុកទ្រង់ស្រាល។
ការអញ្ជើញ ការសន្យា និងទីបន្ទាល់មួយ
ខ្ញុំអញ្ជើញអ្នកឲ្យសិក្សា អធិស្ឋាន ពិចារណា និងខិតខំរៀនថែមទៀតអំពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ពេលអ្នកវាយតម្លៃពីបន្ទុករបស់អ្នករៀងៗខ្លួន ។ មានអ្វីៗជាច្រើន អំពីដង្វាយធួន ដែលយើងមិនអាចយល់ ដោយគំនិតមតៈរបស់យើងបានឡើយ។ ប៉ុន្តែមានទិដ្ឋភាពជាច្រើននៃដង្វាយធួន ដែលយើងអាច និងចាំបាច់ត្រូវយល់។
ឯមិត្តខ្ញុំ បន្ទុកនៃឈើនោះ បានផ្ដល់លំនឹងជួយសង្គ្រោះជីវិតគាត់ ។ ឡានទទេ ពុំអាចបើកទៅមុខកាត់ទឹកកកបានឡើយ ទោះជាវាបំពាក់ដោយកាឡេពីរក៏ដោយ ។ បន្ទុកធ្ងន់មួយ គឺសំខាន់ដើម្បីបង្កើតជាលំនឹង ។
បន្ទុកគឺសំខាន់ណាស់ ។ គឺជាបន្ទុកនោះហើយ ដែលផ្ដល់នូវលំនឹង ដើម្បីជួយមិត្តខ្ញុំ ឲ្យរួចពីការជាប់ផុង បើកឡើងទៅលើផ្លូវ បើកឆ្ពោះទៅមុខ ហើយត្រឡប់ទៅរកគ្រួសារគាត់វិញ ។
បន្ទុកជាក់លាក់មួយក្នុងជីវិតយើងម្នាក់ៗ ជួយយើងឲ្យពឹងផ្អែកទៅលើគុណបំណាច់ សេចក្តីមេត្តាករុណា និងព្រះគុណនៃព្រះមេស៊ីដ៏បរិសុទ្ធ (សូមមើលនីហ្វៃទី 2 2:8)។ ខ្ញុំសូមថ្លែងទីបន្ទាល់ និងសន្យាថា ព្រះអង្គសង្គ្រោះនឹងជួយយើង ឲ្យរែកបន្ទុកដោយងាយ (សូមមើល ម៉ូសាយ 24:15 ) ។ ពេលយើង ត្រូវបានទឹមជាមួយទ្រង់ តាមរយៈសេចក្តីសញ្ញាពិសិដ្ឋ ហើយទទួលអំណាចដ៏មានអនុភាព នៃដង្វាយធួនរបស់ទ្រង់ក្នុងជីវិត នោះយើងនឹងព្យាយាមយល់ ហើយរស់នៅតាមឆន្ទៈរបស់ទ្រង់កាន់តែខ្លាំង ។ យើងក៏នឹងអធិស្ឋានសុំកម្លាំង ដើម្បីរៀន ផ្លាស់ប្តូរ ឬទទួលយកស្ថានភាពយើង ជាជាងអធិស្ឋានមិនចេះឈប់ឈរ ទូលសូមព្រះឲ្យផ្លាស់ប្ដូរស្ថានភាពយើង ស្របតាមចិត្តយើងនោះ ។ យើងនឹងក្លាយទៅជាភ្នាក់ងារ ដែលធ្វើសកម្មភាព ជាជាងជាកម្មវត្ថុដែលត្រូវរងអំពើ (សូមមើល នីហ្វៃទី 2 2:14)។ យើងនឹងទទួលពរជ័យនូវលំនឹងខាងវិញ្ញាណ ។
សូមឲ្យយើងម្នាក់ៗអនុវត្ត ហើយបានល្អប្រសើរ តាមរយៈដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ។ ថ្ងៃនេះ គឺថ្ងៃទី 6 ខែមេសា ។ យើងដឹងតាមវិវរណៈថា ថ្ងៃនេះគឺជាថ្ងៃនៃកំណើតរបស់ព្រះអង្គសង្គ្រោះ ពិតត្រឹមត្រូវ ។ ថ្ងៃទី 6 ខែមេសា ក៏ជាថ្ងៃដែលសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ត្រូវបានរៀបចំឡើង ។ ( សូមមើល គ&ស 20:1; ហារ៉ូល ប៊ី. លី, « Strengthen the Stakes of Zion, » Ensign, ខែកក្កដា ឆ្នាំ 1973, 2; ស្ពែនស៊ើរ ដបុលយូ. ឃឹមបឹល, « “Why Call Me Lord, Lord, and Do Not the Things Which I Say?” Ensign, May 1975, 4; ស្ពែនស៊ើរ ដបុលយូ. ឃឹមបឹល « Remarks and Dedication of the Fayette, New York, Buildings, » Ensign, ខែឧសភា ឆ្នាំ 1980, 54; Discourses of President Gordon B. Hinckley, វ៉ុលទី 1: 1995–1999 [2005], 409) ។ នៅថ្ងៃឈប់សម្រាកដ៏ពិសេស និងពិសិដ្ឋនេះ ខ្ញុំសូមប្រកាសជាសាក្សីថា ព្រះយេស៊ូវព្រះគ្រីស្ទ គឺជាព្រះប្រោសលោះរបស់យើង ។ ទ្រង់មានព្រះជន្មរស់ ហើយទ្រង់នឹងសំអាត ប្រោសឲ្យជា ដឹកនាំ ការពារ និងពង្រឹងយើង ។ ខ្ញុំថ្លែងទីបន្ទាល់ដោយរីករាយអំពីរឿងទាំងនេះ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។