តើអ្នកកំពុងតែគេងលង់លក់ ក្នុងអំឡុងពេលនៃការស្តារឡើងវិញដែរឬទេ?
វាមានសារៈសំខាន់ខ្លាំងណាស់ចំពោះយើង ជាបុគ្គល ក្រុមគ្រួសារ និង ជាសាសនាចក្រនៃព្រះគ្រីស្ទ ដើម្បីផ្ដល់ការប្រឹងប្រែងមួយផ្នែកចំពោះកិច្ចការដ៏ពិសិដ្ឋនេះ។
ជិត 200 ឆ្នាំកន្លងផុតទៅ មានរឿងនិទានអាមេរិកខ្លីមួយឈ្មោះ « រិភ វណ្ណ វីងខល » បានទៅក្លាយទៅជារឿងដ៏ល្បីល្បាញមួយ ។ តួឯកឈ្មោះ រិភ គឺជាបុរសដែលគ្មានមហិច្ឆតា ដែលពូកែខាងគេចចេញពីរឿងចំនួនពីរគឺ ៖ ការងារ និង ភរិយារបស់គាត់ ។
ថ្ងៃមួយ កាលកំពុងវង្វេងផ្លូវក្នុងជួរភ្នំជាមួយឆ្កែរបស់គាត់ គាត់បានប្រទះនឹងក្រុមមនុស្សដែលស្លៀកពាក់ចម្លែកៗ កំពុងផឹកស៊ី និង លេងល្បែង ។ បន្ទាប់ពីបានក្រេបស្រាពួកគេបានមួយក្រេប រិភ បែរជាងងុយគេង ហើយបានបិទភ្នែកសំងំមួយស្របក់ ។ ពេលគាត់ដឹងខ្លួនឡើងវិញ គាត់ភ្ញាក់ផ្អើលដោយឃើញថា ឆ្កែរបស់គាត់បានបាត់ កាំភ្លើងគាត់ត្រូវច្រែះស៊ី ហើយពេលនេះគាត់មានពុកចង្កាដុះយ៉ាងវែងស្រមូមស្រមាម ។
រិភ បានត្រឡប់ទៅក្នុងភូមិវិញ ដោយឃើញថា អ្វីគ្រប់យ៉ាងបានផ្លាស់ប្ដូរ ។ ភរិយាគាត់បានស្លាប់ មិត្តភក្ដិក៏បាត់អស់ទៅ ព្រះឆាយាល័ក្ខណ៍ព្រះបាទ ចច ទី 3 ដែលតាំងនៅតៀមស្រា ត្រូវបានជំនួសដោយដោយគំនូររូបនៃជនផ្សេងទៀតដែលពុំគាត់ស្គាល់មុខ — គឺជាឧត្ដមសេនីយ ចច វ៉ាស៊ីនតោន ។
រិភ វណ្ណ វីងខល បានដេកលង់លក់អស់រយៈពេល 20 ឆ្នាំ ! ហើយដោយហេតុនេះ គាត់បានខកខានមិនបានឃើញរយៈពេលដ៏រំភើបបំផុតក្នុងប្រវត្តិសាស្ត្រប្រទេសរបស់គាត់ — ព្រោះគាត់បានគេងលង់លក់ក្នុងសម័យកាលបដិវត្តរបស់អាមេរិក ។
ក្នុងខែ ឧសភា ឆ្នាំ 1966 បណ្ឌិត ម៉ាទិន លូធើរ ឃីង ជុញ្ញ័រ បានលើករឿងនិទាននេះឡើងជាការចង្អុលបង្ហាញក្នុងសុន្ទរកថារបស់លោកថា « សូមកុំគេងលង់លក់ក្នុងអំឡុងសម័យកាលបដិវត្តឲ្យសោះ » ។1
ថ្ងៃនេះ ខ្ញុំសូមលើកប្រធានបទដូចគ្នានេះឡើង ហើយចោទជាសំណួរដល់យើងទាំងអស់គ្នា ដែលកាន់បព្វជិតភាពរបស់ព្រះថា តើអ្នកកំពុងតែគេងលង់លក់ក្នុងអំឡុងពេលនៃការស្តារឡើងវិញដែរឬទេ ?
យើងកំពុងតែរស់នៅក្នុងសម័យនៃការស្ដារឡើងវិញ
ពេលខ្លះ យើងចាត់ទុកការស្ដារឡើងវិញនៃដំណឹងល្អថាជាអ្វីមួយដែលពេញលេញ — ព្រោះ យ៉ូសែប ស្ម៊ីធ បានបកប្រែព្រះគម្ពីរមរមន គាត់បានទទួលកូនសោបព្វជិតភាព សាសនាចក្រត្រូវបានរៀបចំឡើងវិញ ។ តាមពិតទៅ ការស្ដារឡើងវិញ គឺជាដំណើរការគ្មានទីបញ្ចប់ ដ្បិតពេលនេះយើងកំពុងរស់នៅក្នុងសម័យនៃការស្ដារឡើងវិញហើយ ។ វារួមមាន « ការណ៍ទាំងអស់ដែលព្រះបានសម្ដែង ការណ៍ទាំងអស់ទ្រង់នឹងសម្ដែងនាពេលឥឡូវនេះ » និង « ការណ៍ដ៏ធំ ហើយសំខាន់ជាច្រើន » ដែលទ្រង់មិនទាន់សម្ដែងនៅឡើយ ។2 បងប្អូនប្រុសអើយ ភាពលូតលាស់ដ៏គួរឲ្យចាប់អារម្មណ៍នាពេលសព្វថ្ងៃនេះ គឺជាផ្នែកនៃការព្យាករចំពោះការត្រៀមខ្លួនទុកជាមុនយ៉ាងយូរ សម្រាប់ការយាងមកជាលើកទីពីរដ៏រុងរឿងរបស់ព្រះអង្គសង្គ្រោះរបស់យើងគឺ ព្រះយេស៊ូវគ្រីស្ទ ។
នេះគឺជារយៈពេលដ៏គួរស្ញប់ស្ញែងបំផុត នៅក្នុងប្រវត្តិសាស្ត្រពិភពលោក ! ពួកព្យាការីបុរាណបានទន្ទឹងចាំជំនាន់របស់យើង ។
កាលចាកចេញពីជីវិតរមែងស្លាប់នេះទៅ តើមានបទពិសោធន៍អ្វីខ្លះដែលយើងអាចចែកចាយពីការរួមចំណែកនៅក្នុងរយៈពេលដ៏សំខាន់នៃជីវិតយើង ហើយជំរុញកិច្ចការរបស់ព្រះអម្ចាស់ឲ្យទៅមុខ ? តើយើងនឹងអាចមូរដៃអាវឡើង ហើយធ្វើការដោយអស់ពីចិត្ត ពលំ គំនិត និង កម្លាំងដែរឬទេ ? ឬ តើយើងត្រូវតែសារភាពថា តួនាទីរបស់យើង គឺគ្រាន់តែជាអ្នកឱបដៃឈរមើលគេធ្វើការ ?
ឧបមាថា មានមូលហេតុជាច្រើន ដែលថា វាងាយដើម្បីងងុយងងក់ចំពោះការស្ថាបនានគរព្រះ ។ ខ្ញុំសូមលើកចំណុចសំខាន់ទាំងបីឡើង ។ ពេលខ្ញុំលើកឡើង ខ្ញុំសូមអញ្ជើញឲ្យអ្នកពិចារណាថា តើមានចំណុចណាមួយដែលអ្នកត្រូវអនុវត្ត ។ បើអ្នកឃើញថា មានអ្វីដែលត្រូវពង្រឹង សូមអ្នកពិចារណាពីអ្វីដែលអាចធ្វើ ដើម្បីកែប្រែឲ្យកាន់តែប្រសើរឡើង ។
ភាពអាត្មានិយម
ទីមួយ ភាពអាត្មានិយម ។
អ្នកដែលអាត្មានិយមស្វែងរកចំណាប់អារម្មណ៍ផ្ទាល់ខ្លួន និង ការសប្បាយផ្ទាល់ខ្លួន ខ្ពស់ជាងអ្វីៗទាំងអស់ ។ សំណួរសំខាន់សម្រាប់បុគ្គលអាត្មានិយមគឺ « តើវាមានប្រយោជន៍អ្វីសម្រាប់ខ្ញុំ » ?
បងប្អូនប្រុសអើយ ខ្ញុំប្រាកដថា អ្នកអាចឃើញថាឥរិយាបថនេះពិតជាផ្ទុយទៅនឹងចំណេះដឹងដែលតម្រូវឲ្យស្ថាបនានគរព្រះ ។
ពេលយើងព្យាយាមបំពេញតម្រូវការខ្លួនឯង ជាជាងតម្រូវការអ្នកដទៃ នោះអាទិភាពរបស់យើងផ្ដោតទៅលើមុខមាត់ល្បីល្បាញ និង ភាពរីករាយផ្ទាល់ខ្លួនហើយ ។
មនុស្សជំនាន់ដើមពុះពារនឹងភាពអាត្មានិយមគ្រប់ប្រភេទ និង ការស្រឡាញ់តែខ្លួនឯង ប៉ុន្តែ សព្វថ្ងៃនេះ ខ្ញុំគិតថាយើងកំពុងតែពុះពារនឹងរឿងដូចគ្នានេះដែរ ។ តើវាពុំគាប់ជួនទេឬអី ដែលថ្មីៗនេះវចនានុក្រម អុកស្វដ បានចេញពាក្យ « Selfie » ដែលមានន័យថា « ថតរូបខ្លួនឯង » ជាពាក្យប្រចាំឆ្នាំ ?3
តាមធម្មតា យើងគ្រប់គ្នាចង់បានមុខមាត់ល្បីល្បាញ ហើយការសម្រាក និង ការរីករាយចំពោះអាត្មាខ្លួន ពុំមែនជាការខុសឆ្គងអ្វីទេ ។ ប៉ុន្តែ នៅពេលស្វែងរក « កម្រៃ និង ការសរសើរតម្កើងពីមនុស្សលោក »4 គឺជាចំនុចកណ្ដាលនៃការជំរុញចិត្តយើង នោះយើងនឹងខកខាននឹងបទពិសោធន៍នៃការប្រោសលោះ និង ការរីករាយដែលកើតឡើង ពេលយើងថ្វាយខ្លួនដោយចិត្តទូលំទូលាយចំពោះកិច្ចការរបស់ព្រះ ។
តើដំណោះស្រាយ គឺជាអ្វី ?
ចម្លើយតែងតែមាននៅក្នុងព្រះបន្ទូលនៃព្រះគ្រីស្ទ ៖
« អ្នកណាដែលចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯងចោល ទាំងផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ ។
« ដ្បិតអ្នកណាដែលចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបានបាត់ជីវិតដោយព្រោះយល់ដល់ខ្ញុំ ហើយនឹងដំណឹងល្អ នោះនឹងបានជីវិតវិញ » ។5
អស់អ្នកណាដែលថ្វាយជីវិតខ្លួនទាំងស្រុងដល់ព្រះអង្គសង្គ្រោះ ហើយបម្រើព្រះ និង មនុស្សដទៃ នឹងរកឃើញភាពសម្បូរស្តុកស្តម និង ភាពពេញលេញនៃជីវិត ដែលមនុស្សអាត្មានិយម ឬ មនុស្សកំណាញ់ មិនដែលមាន ។ បុគ្គលចិត្តទូលាយ លះបង់ខ្លួន ។ ទាំងនេះអាចជាទង្វើសប្បុរសធម៌ដ៏តូចដែលមានឥទ្ធិពលយ៉ាងធំមួយ សម្រាប់ផលផ្លែដូចជា ៖ ស្នាមញញឹម ការចាប់ដៃ ការឱប ចំណាយពេលស្ដាប់ ពាក្យពេចន៍លើកទឹកចិត្តទន់ភ្លន់ ឬ ទង្វើនៃការខ្វាយខ្វល់ពីគ្នា ។ ទង្វើនៃសន្ដានចិត្តទាំងនេះអាចផ្លាស់ប្ដូរចិត្ត និង ជីវិតមនុស្សជាច្រើន ។ ពេលយើងឆ្លៀតឱកាសដើម្បីស្រឡាញ់ ហើយបម្រើមនុស្សដទៃ បូករួមទាំង ភរិយា និង គ្រួសារយើង នោះសមត្ថភាពដើម្បីស្រឡាញ់ព្រះ ហើយបម្រើមនុស្សដទៃនឹងកើនឡើងយ៉ាងរហ័ស ។
អស់អ្នកដែលបម្រើមនុស្សដទៃ នឹងពុំគេងលង់លក់ក្នុងអំឡុងពេលនៃការស្ដារឡើងវិញឡើយ ។
ការញៀន
រឿងមួយទៀតដែលបណ្ដាលឲ្យយើងដើរដោយងងុយងងក់ក្នុងរយៈពេលដ៏ពិសេសនៃពិភពលោកនេះគឺ ការញៀន ។
ការញៀនជាញយៗចាប់ផ្ដើមឡើងបន្តិចម្តងៗ ។ ការញៀនគឺជាសរសៃរអំបោះតូចៗនៃទម្លាប់ ដែលចងប្រទាក់គ្នាយ៉ាងក្រាស់ ។ ទម្លាប់អាក្រក់ មានសក្ដានុពលនាំទៅការញៀនហិនវិនាសទាំងឡាយ ។
ចំណងច្រវាក់នៃការញៀន អាចមានទម្រង់ជាច្រើនប្រភេទដូចជា ការណ៍អាសគ្រាម គ្រឿងស្រវឹង កាមគុណ គ្រឿងញៀន ថ្នាំជក់ ល្បែងស៊ីសង អាហារ ការងារ អ៊ិនធើរណិត ឬ បញ្ហាគុណធម៌ ។ សាតាំងដែលជាមារសត្រូវយើង មានវិធីច្រើនយ៉ាង ដែលវាប្រើដើម្បីដកទាញសក្តានុពលដ៏ទេវភាពរបស់យើង ដើម្បីបំពេញបេសកកម្មក្នុងនគរព្រះចេញ ។
វាធ្វើឲ្យព្រះវរបិតាសួគ៌យើងព្រួយព្រះទ័យ ដើម្បីនឹងទតឃើញនូវទំហំឆន្ទៈនៃបុត្រាដ៏ក្លាហានរបស់ទ្រង់មានទំនោរចិត្តទៅរកការជាប់អន្ទាក់ក្នុងការញៀនដ៏មហន្តរាយនានា ។
បងប្អូនប្រុសអើយ យើងកាន់បព្វជិតភាពដ៏អស់កល្បរបស់ព្រះដ៏មានព្រះចេស្ដា ។ យើងពិតជាបុត្រានៃព្រះដ៏ខ្ពស់បំផុត ដែលបានប្រទានដល់យើងនូវលទ្ធភាព ដែលគ្មានអ្វីអាចប្រៀបផ្ទឹមបានឡើយ ។ យើងត្រូវបានបង្កើតឡើងឲ្យមានលទ្ធភាពខ្ពស់បំផុត ។ យើងមិនត្រូវបណ្តោយខ្លួនយើងឲ្យជាប់ច្រវាក់លោកិយ ដែលឃុំយើងជាប់ដោយព្រោះតែការញៀននៃទង្វើរបស់យើងឡើយ ។
តើដំណោះស្រាយគឺជាអ្វី ?
កត្តាដំបូងដែលយើងត្រូវតែយល់នោះគឺថា ការញៀនគឺងាយស្រួលដើម្បីនឹងបង្ការជាជាងព្យាបាល ។ ព្រះអង្គសង្គ្រោះមានព្រះបន្ទូលថា « ចូរកុំឲ្យអ្នករាល់គ្នាទ្រាំបណ្ដោយឲ្យអ្វីមួយនៃសេចក្ដីទាំងនេះចូលទៅក្នុងចិត្តរបស់អ្នកបានឡើយ » ។6
ប៉ុន្មានឆ្នាំកន្លងទៅ ប្រធាន ថូម៉ាស អេស ម៉នសុន និង ខ្ញុំ ទទួលបានឱកាសទៅទស្សនាយន្តហោះ Air Force One — ដែលជាយន្តហោះដ៏ប្រណិតមួយសម្រាប់ដឹកប្រធានាធិបតីសហរដ្ឋអាមេរិក ។ មានការត្រួតពិនិត្យផ្នែកសន្តិសុខយ៉ាងដិតដល់ដោយភ្នាក់ងារអង្គរក្សប្រធានាធិបតី ហើយខ្ញុំបានញញឹមបន្តិច ពេលភ្នាក់ងារឆែកពិនិត្យព្យាការីដ៏ជាទីស្រឡាញ់របស់យើងពីមុនឡើងយន្តហោះ ។
បន្ទាប់មក អ្នកបើកយន្តហោះបានអញ្ជើញខ្ញុំឲ្យអង្គុយនៅកៅអីមេបញ្ជាការ ។ វាជាបទពិសោធន៍អស្ចារ្យមួយដែលបានអង្គុយកាន់ដៃចង្កូតបញ្ជារម៉ាស៊ីនយន្តហោះដ៏ប្រណិតម្ដងទៀត ដែលខ្ញុំធ្លាប់បានបើកបរជាច្រើនឆ្នាំមកហើយ ។ អនុស្សាវរីយ៍នៃការហោះហើរឆ្លងកាត់មហាសមុទ្រ និង ទ្វីបនានាបានដក់ជាប់ពេញអារម្មណ៍ និង គំនិតរបស់ខ្ញុំ ។ ខ្ញុំបានគិតពីការបង្ហោះវាឡើង ហើយចុះចតនៅលើព្រលានយន្តហោះពាសពេញពិភពលោក ។
ខ្ញុំស្ទើរតែភ្លេចខ្លួន ខ្ញុំបានដាក់ដៃលើឈ្នាន់បួននៃយន្តហោះ 747 នោះ ។ ភ្លាមនោះមានសំឡេងមួយគួរឲ្យស្រឡាញ់ និង ច្បាស់ៗបានបន្លឺនៅពីខាងក្រោយខ្នងខ្ញុំ — គឺជាសំឡេងរបស់លោក ថូម៉ាស អេស ម៉នសុន ។
លោកបន្លឺថា « ឌៀថើរ កុំគិតចង់បើកវាឲ្យសោះ » ។
ខ្ញុំពុំបានសារភាពទេ ប៉ុន្តែ ប្រហែលជាប្រធាន ម៉នសុន ដឹងពីគំនិតរបស់ខ្ញុំហើយ ។
ពេលយើងត្រូវបានល្បួងឲ្យធ្វើអ្វីដែលពុំគួរធ្វើ ចូរយើងស្ដាប់តាមការដាស់តឿនពីគ្រួសារ និង មិត្តភក្ដិ ដែលគួរឲ្យទុកចិត្ត ព្យាការីជាទីស្រឡាញ់ និង ព្រះអង្គសង្គ្រោះជានិច្ច ។
ការតយុទ្ធនឹងការញៀនដ៏ល្អបំផុត គឺ កុំចាប់ផ្ដើមវាឲ្យសោះ ។
ចុះអ្នកដែលបានធ្លាក់ខ្លួនទៅក្នុងការញៀនហើយវិញនោះ ?
សូមដឹងថា ជំហានដំបូងបំផុត គឺត្រូវមានសេចក្ដីសង្ឃឹម ។ សូមស្វែងរកជំនួយពីមនុស្សជាទីស្រឡាញ់ ថ្នាក់ដឹកនាំសាសនាចក្រ និង អ្នកប្រឹក្សាដ៏ជំនាញ ។ សាសនាចក្រផ្ដល់កម្មវិធីព្យាបាលការញៀន ជួយតាមរយៈថ្នាក់ដឹកនាំសាសនាចក្រ តាមមូលដ្ឋាន អ៊ិនធើរណិត7 និង ក្នុងវិស័យខ្លះៗ ដូចជា LDS Family Services ( សេវាកម្មគ្រួសារ អិល.ឌី.អេស ) ។
សូមចាំជានិច្ចថា ដោយមានជំនួយពីព្រះអង្គសង្គ្រោះ អ្នកអាចផ្តាច់ការញៀនបាន ។ វាអាចត្រូវការពេលវេលាយ៉ាងយូរ ផ្លូវលំបាកយ៉ាប់យ៉ឺន ប៉ុន្តែ ព្រះអម្ចាស់នឹងពុំបោះបង់អ្នកចោលឡើយ ។ ទ្រង់មានព្រះទ័យស្រឡាញ់អ្នក ។ ព្រះយេស៊ូវគ្រីស្ទ ទទួលដង្វាយធួនដើម្បីជួយអ្នកឲ្យកែប្រែ ដើម្បីឲ្យអ្នកអាចរួចផុតពីទាសករនៃអំពើបាប ។
រឿងដែលសំខាន់ជាងគេនោះ គឺត្រូវខំព្យាយាម — ព្រោះពេលខ្លះមនុស្សត្រូវការការសាកល្បងមួយចំនួន មុនពេលពួកគេទទួលបានជោគជ័យ ។ ដូច្នេះ សូមកុំចុះចាញ់ ។ សូមកុំបាត់បង់សេចក្ដីជំនឿ ។ សូមបង្វែរចិត្តទៅជិតព្រះអម្ចាស់ ហើយទ្រង់នឹងប្រទានអំណាចនៃការដោះលែង ។ ទ្រង់នឹងធ្វើឲ្យអ្នកមានសេរីភាព ។
បងប្អូនប្រុសរបស់ខ្ញុំអើយ សូមចៀសឲ្យផុតជានិច្ចពីទម្លាប់ ដែលអាចនាំអ្នកឲ្យញៀន ។ អ្នកដែលធ្វើដូច្នេះ នឹងអាចថ្វាយចិត្ត ពលំ គំនិត និង កម្លាំងទៅក្នុងការបម្រើព្រះ ។
ពួកគេនឹងពុំគេងលង់លក់ក្នុងអំឡុងពេលនៃការស្ដារឡើងវិញឡើយ ។
អាទិភាពប្រកួតប្រជែង
ឧបសគ្គទីបីដែលរារាំងអ្នកមិនឲ្យរួមចំណែកនឹងកិច្ចការនេះ គឺជាអាទិភាពប្រកួតប្រជែងដែលយើងប្រឈមមុខ ។ ពួកយើងខ្លះជាប់រវល់ពន់ពេក ដែលយើងមានអារម្មណ៍ថា រទេះត្រូវបានទាញដោយសត្វជាច្រើន — ដែលសត្វនីមួយៗអូសទាញទៅទិសដៅខុសៗគ្នា ។ កម្លាំងជាច្រើនត្រូវបានចំណាយ ប៉ុន្តែ រទេះពុំអាចទៅដល់ទីណាមួយបានឡើយ ។
ជារឿយៗ យើងដាក់ការប្រឹងប្រែងដ៏ល្អបំផុតរបស់យើងទៅខំតោងចាប់ សកម្មភាពកំសាន្តកីឡា ការចាប់អារម្មណ៍ខាងអាជីព និង បញ្ហាសង្គម ឬ នយោបាយ ។ រឿងទាំងនេះអាចជារឿងល្អ និង មានកិត្តិស័ព្ទ ប៉ុន្តែ តើវាទុកឲ្យអ្នកមានពេល និង កម្លាំងសម្រាប់អ្វីដែលគួរតែជាអាទិភាពដ៏ខ្ពស់បំផុតរបស់យើងដែរឬទេ ?
តើដំណោះស្រាយគឺជាអ្វី ?
ជាថ្មីម្តងទៀត វាចេញពីព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះដែលមានព្រះបន្ទូលថា ៖
« ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង ។
« នៃជាបញ្ញត្តិយ៉ាងសំខាន់ទីមួយ ។
« ហើយបញ្ញត្តិទីពីរក៏បែបដូចគ្នាគឺថា ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង » ។8
អ្វីផ្សេងទៀតក្នុងជីវិតគួរតែជាអាទិភាពបន្ទាប់បន្សំពីអទិភាពដ៏ធំទាំងពីរនេះ ។
សូម្បីតែការបម្រើក្នុងសាសនាចក្រ វាងាយស្រួលដើម្បីនឹងបណ្តោយខ្លួនតាមទឹកហូរ ដោយគ្មានសន្តានចិត្ត ឬ ខ្លឹមសារនៃភាពជាសិស្ស ។
បងប្អូនប្រុសអើយ ក្នុងនាមយើងជាអ្នកកាន់បព្វជិតភាព យើងតាំងចិត្តធ្វើជាមនុស្សដែលស្រឡាញ់ព្រះ និង អ្នកជិតខាងរបស់យើង និងជាអ្នកដែលចង់សម្ដែងចេញសេចក្ដីស្រឡាញ់នោះ តាមរយៈពាក្យពេចន៍ និង ទង្វើ ។ នោះហើយជាខ្លឹមសាររបស់យើងក្នុងនាមជាសិស្សរបស់ ព្រះយេស៊ូវគ្រីស្ទ ។
អ្នកដែលអនុវត្តតាមគោលការណ៍ទាំងនេះ នឹងពុំគេងលង់លក់ក្នុងអំឡុងពេលនៃការស្ដារឡើងវិញឡើយ ។
ការអំពាវនាវឲ្យក្រោកឡើង
សាវកប៉ុលបានចែងថា « ឯងដែលដេកលក់អើយ ចូរភ្ញាក់ឡើង ឲ្យក្រោកពីពួកមនុស្សស្លាប់ឡើង នោះព្រះគ្រីស្ទនឹងភ្លឺមកលើឯង » ។9
មិត្តជាទីស្រឡាញ់របស់ខ្ញុំអើយ សូមដឹងថាអ្នកជាបុត្រានៃពន្លឺ ។
សូមកុំបណ្ដោយខ្លួនឲ្យអាត្មានិយមឡើយ ! សូមកុំបណ្ដោយឲ្យទម្លាប់ នាំអ្នកទៅជាការញៀនឡើយ ! សូមកុំបណ្ដោយឲ្យអាទិភាពប្រកួតប្រជែង នាំអ្នកទៅរកភាពព្រងើយកន្តើយ ឬ ការដកខ្លួនចេញពីភាពជាសិស្សដ៏មានពរ និង ការបម្រើខាងបព្វជិតភាពឡើយ !
វាមានសារៈសំខាន់ខ្លាំងណាស់ចំពោះយើងជាបុគ្គល ក្រុមគ្រួសារ និង ជាសាសនាចក្រនៃព្រះគ្រីស្ទ ដើម្បីផ្ដល់ការប្រឹងប្រែងមួយផ្នែកចំពោះកិច្ចការដ៏ពិសិដ្ឋនេះ ។
ការធ្វើជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទពុំមែនជាការប្រឹងប្រែងមួយសប្ដាហ៍ម្ដងៗ ឬ មួយថ្ងៃម្ដងៗនោះទេ ។ វាគឺជាការខ្នះខ្នែងជារៀងរហូត ។
ការសន្យារបស់ព្រះអម្ចាស់ចំពោះអ្នកកាន់បព្វជិតភាពដ៏ពិតរបស់ទ្រង់ វាស្ទើរតែមហិមាពេកដើម្បីយល់ទាំងស្រុងបាននោះ ។
អ្នកដែលស្មោះត្រង់ចំពោះបព្វជិតភាពអើរ៉ុន និង មិលគីស្សាដែក ហើយតម្កើងការហៅរបស់ពួកគេ « នោះត្រូវបានញែកជាបរិសុទ្ធ ដោយសារព្រះវិញ្ញាណចំពោះការសាងរូបកាយរបស់ពួកគេជាថ្មី » ។ ហេតុដូច្នេះហើយ គ្រប់អ្វីៗទាំងអស់ដែលព្រះវរបិតាយើងមាននោះ នឹងត្រូវបានប្រទានដល់អ្នកនោះដែរ ។10
ខ្ញុំសូមថ្លែងទីបន្ទាល់អំពីព្រះចេស្ដានៃការលាងសម្អាតរបស់ដង្វាយនៃព្រះយេស៊ូវគ្រីស្ទ និង ព្រះចេស្ដានៃការផ្លាស់ប្តូររបស់ព្រះវិញ្ញាណបរិសុទ្ធ អាចព្យាបាល និង សង្គ្រោះមនុស្សលោកបាន ។ វាជាឯកសិទ្ធិ ករណីយកិច្ចដ៏ពិសិដ្ឋ និង សេចក្ដីអំណរយើង ដែលស្ដាប់តាមការដង្ហោយហៅនៃព្រះអង្គសង្គ្រោះ ឲ្យដើរតាមទ្រង់ដោយចិត្តប្រាថ្នា និង គោលបំណង ។ ចូរយើង « រលាស់ចោលនូវច្រវាក់ដែលចង [ យើង ] ហើយចូរចេញពីទីអាប់អួរមក ហើយចូរក្រោកពីធូលីដីឡើង » ។11
ចូរយើងក្រោកឡើង ហើយកុំនឿយណាយចិត្តក្នុងការធ្វើល្អឡើយ ដ្បិតយើង « កំពុងតែដាក់គ្រឹះនៃកិច្ចការដ៏ធំ »12 ថែមទាំងត្រៀមខ្លួនសម្រាប់ការយាងមកវិញរបស់ព្រះអង្គសង្គ្រោះ ។ បងប្អូនប្រុសអើយ កាលណាយើងបន្ថែមពន្លឺនៃគំរូរបស់យើងជាសាក្សីដល់ភាពរុងរឿង និង អំណាចនៃការពិតដែលបានស្ដារឡើងវិញ នោះយើងនឹងពុំគេងលង់លក់ក្នុងអំឡុងពេលនៃការស្ដារឡើងវិញឡើយ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ពីការណ៍នេះ ហើយសូមបន្សល់ទុកនូវការប្រសិទ្ធពរជ័យរបស់ខ្ញុំ នៅក្នុងព្រះនាម ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។