២០២២
សាលា​ថ្មី មិត្ត​ថ្មី
ខែ កក្កដា/ខែ​សីហា ឆ្នាំ​២០២២


សាលាថ្មី មិត្តថ្មី

តើ អាដា អាច​បង្កើត​មិត្ត​ច្រើន នៅពេល​នាង​ពុំចេះ​និយាយ​ភាសា​ចិន​ដោយ​របៀប​ណា ?

រូបភាព
Mom hugging young girl wearing backpack

អាដា បាន​និយាយ​ថា « ខ្ញុំ​ខ្លាច » ។ ថ្ងៃ​ដំបូង​របស់នាង​នៅ​សាលារៀន​នៅក្នុង​កោះតៃវ៉ាន់ ។ ប៉ុន្តែ​នាង​ពុំ​និយាយ​ភាសា​ចិន​ដូចជា​សិស្ស​ដទៃទេ ។ តើ​នាង​អាច​បង្កើត​មិត្ត​ច្រើន​ដោយ​របៀប​ណា ? តើ​នរណា​នឹង​លេង​ជាមួយ​នាង​ពេល​ម៉ោង​ចេញលេង ?

ម្ដាយ​របស់ អាដា បាន​ឱប​នាង​យ៉ាងណែន ។ « វា​មិនអី​ទេ កុំ​ខ្លាចអី » ។

អាដា ធ្វើ​មុខ​ស្រពោន ។ « ខ្ញុំ​អត់​ដឹងថា​ត្រូវ​បង្កើត​មិត្ត​ច្រើន​នៅទីនេះ​ដោយរបៀបណាទេ » ។

ម្ដាយ​របស់​នាង បាន​ឱបនាង​ម្ដងទៀត ។ « បើ​កូន​ភ័យខ្លាច ប្រហែលជា​កូនអាច​គិតអំពី​ចម្រៀង​ថ្នាក់​កុមារ​មួយបទ ។ តើ​វា​នឹង​ជួយ​ឬ​ទេ ? »

អាដា បាន​ងក់​ក្បាល ។ បន្ទាប់មក នាង​បាន​ដើរ​ទៅ​ថ្នាក់រៀន​ជាមួយ​ម្ដាយនាង ។ គ្រូបង្រៀន​កំពុង​រង់ចាំ​នាង ។ « នី ហោ ! » អ្នកគ្រូ​និយាយ ។ អាដា ព្យាយាម​ញញឹម ។ នាង​ពុំដឹងថា​ពាក្យនោះ​មានន័យ​យ៉ាងណាទេ ។

អាដា បាន​លា​ម្ដាយនាង ។ បន្ទាប់មក នាងទៅ​អង្គុយ​នៅតុ​មួយ ។

នាង​បានមើល​ទៅ​កុមារ​ផ្សេងទៀត ។ ពួកគេ​មួយចំនួន​កំពុង​និយាយ​គ្នា ។ អ្នកផ្សេងទៀត អង្គុយ​ដោយស្ងាត់ស្ងៀម​ដូចជា អាដា ដែរ ។ អាដា ភ័យ​ណាស់ ។ នាង​មាន​អារម្មណ៍ថា​ដូចជា​មាន​សត្វឃ្មុំ​កំពុងយំ​នៅក្នុង​ពោះនាង​អញ្ជឹង ។

បន្ទាប់មក អាដា បានឃើញ​ក្មេង​ស្រី​ម្នាក់​កំពុងយំ ។ អាដា ចង់​ជួយនាង ។ ប៉ុន្តែ​តើ​នាង​អាច​ជួយ​បាន​ដោយ​របៀបណា បើ​នាង​ពុំអាច​និយាយ​ភាសាចិន​ផងហ្នឹង ? ចុះបើ​ក្មេង​នោះ​ពុំត្រូវការ​ជំនួយ​វិញ​ធ្វើ​ម៉េចទៅ ?

ប៉ុន្តែ​អាដា បាន​ធ្វើនូវ​អ្វី​ដែល​ម្ដាយនាង​បាន​និយាយ ។ នាង​បាន​គិត​អំពី​ទំនុក​បទកុមារ​ដែលនាង​ចូលចិត្ត ៖ « ចូរ​ស្រឡាញ់​គ្នាទៅវិញ​ទៅមក​ដូចជា​ព្រះយេស៊ូវ​ស្រឡាញ់​អ្នក » ។ អាដា បាន​ដឹងថា ព្រះ​វិញ្ញាណ​បរិសុទ្ធ​កំពុង​សុំ​ឲ្យ​នាង​ជួយ ។

រូបភាព
girl comforting other child who is crying

អាដា បាន​ទៅ​អង្គុយជិត​ក្មេង​ស្រីនោះ ។ នាង​បាន​ដាក់ដៃ​ឱបក្មេង​ស្រីនោះ ។ បន្ទាប់មក នាង​បាន​អង្អែល​ខ្នង​ក្មេង​ស្រីនោះ ដូចជា​ម្ដាយនាង បានធ្វើ នៅពេល​នាង​មាន​អារម្មណ៍​សោកសៅ ។ ក្មេង​ស្រី​នោះឈប់យំ ! នាង​បាន​ឱប អាដា វិញ ។

អាដា ចង្អុល​មក​ខ្លួនឯង ។ « អាដា » ។

ក្មេង​ស្រីនោះ​ចង្អុល​ទៅខ្លួនឯង ។ នាង​បាន​និយាយ​ថា « ម៉ី » ។

អាដា បាន​ញញឹម ។ នាង​បាន​អង្គុយ​ជិត ម៉ី ពេញ​មួយថ្ងៃ ។ ទោះជា​ពួកគេ​ពុំ​ចេះនិយាយ​ភាសា​ដូចគ្នា​ក្ដី ក៏​ពួកគេ​បាន​រីករាយ​ជាមួយគ្នា​ដែរ ។ ពួកគេ​បាន​ញ៉ាំ​អាហារ​ថ្ងៃត្រង់​ជាមួយគ្នា ។ ពួកគេ​បានលេង​ជាមួយគ្នា​នៅម៉ោង​សម្រាក ។ ហើយ ម៉ី បានជួយ​អាដា រៀនពាក្យ​ថ្មី​ជាភាសា​ចិន !

រូបភាព
two girls jumping rope together

អាដា អន្ទះសារ​ចង់ប្រាប់​ម្ដាយនាង​អំពី​មិត្ត​ថ្មី​របស់នាង ។ នាង​បាន​ដឹង​ថា បើ​នាង​ធ្វើតាម​ព្រះយេស៊ូវ នោះ​នាង​នឹង​មិន​ខ្លាច​អ្វីឡើយ ។

រូបភាព​ដោយ ឆ័រណា ជេ. ស៊ី. ធេននី