ការភ្ញាក់ពីដំណេកដោយមិនរំពឹងទុក

តើបងប្អូនធ្លាប់មានបទពិសោធន៍ភ្ញាក់ពីដំណេកនៅកណ្តាលអាធាត្រដោយមានគំនិត ឬ ចំណាប់អារម្មណ៍ប្លែកដែរឬទេ ? ចាប់តាំងពីចាប់ផ្តើមការងារបម្រើរបស់ខ្ញុំជាប្រធាននៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយមក ខ្ញុំបានក្រោកពីដំណេកដែលមិនបានរំពឹងទុក ។ ភាគច្រើននៃការភ្ញាក់ពីដំណេកនេះបានបង្ហាញថាជាពេលពិសេស ហើយពិសិដ្ឋមកពីព្រះ ។ ខ្ញុំចង់ចែកចាយបទពិសោធន៍បែបនេះមួយដែលទាក់ទងនឹងសារលិខិតជាវីដេអូពិសេសនេះ ដែលបានចេញផ្សាយនៅថ្ងៃនេះ ថ្ងៃទី ២០ខែ វិច្ឆិកា ឆ្នាំ ២០២០ ។

កាលពីពីរបីសប្តាហ៍មុន ខ្ញុំបានភ្ញាក់ពីដំណេកនៅពាក់កណ្តាលអាធាត្រដោយមានគំនិតថា ខ្ញុំគួរតែអធិស្ឋានថ្លែងអំណរគុណដល់ព្រះសម្រាប់បុត្រាបុត្រីរបស់ទ្រង់នៅជុំវិញពិភពលោកទាំងអស់ ។ គំនិតជាច្រើនបានធ្វើឲ្យខ្ញុំគិតនៅក្នុងខួរក្បាលរបស់ខ្ញុំពីអ្វីៗទាំងអស់ដែលយើងគួរតែមានអំណរគុណចំពោះ និងរបៀបដែលបានបង្ហាញការដឹងគុណនោះអាចក្លាយជាការព្យាបាលមួយខាងវិញ្ញាណនៅក្នុងជីវិតរបស់យើង ។ នៅពេលដែលការបំផុសគំនិតនេះកើតឡើងសេចក្តីលម្អិតដ៏ច្បាស់លាស់ រួមទាំងថា តើនៅពេលណា ហើយតាមរបៀបណាដែលខ្ញុំគួរតែចែកចាយសារលិខិតនេះ បានផុសឡើងនៅក្នុងគំនិត និងដួងចិត្តរបស់ខ្ញុំ ។ សារលិខិតជាវីដេអូដែលបានចែកចាយនៅថ្ងៃនេះមិនមែនមកដោយភាពចៃដន្យនោះទេ សារលិខិតនេះមកពីស្ថានសួគ៌ ។

អំណោយទានមួយដ៏មហិមាបំផុតរបស់ព្រះ

ចាប់តាំងពីការបម្រើរបស់ខ្ញុំជាប្រធាននៃសាសនាចក្រនេះក្នុងឆ្នាំ ២០១៨ មក រឿងមួយដែលព្រះវិញ្ញាណបានបំផុសគំនិតខ្ញុំម្តងហើយម្តងទៀត គឺថាតើព្រះអម្ចាស់ស្ម័គ្រព្រះទ័យប៉ុណ្ណាក្នុងការបើកសម្តែងព្រះតម្រិះ និងព្រះឆន្ទៈរបស់ទ្រង់ ។ ឯកសិទ្ធិដ៏អស្ចារ្យនៃការទទួលបានវិវរណៈគឺជាអំណោយទានមួយក្នុងចំណោមអំណោយទានដ៏ធំបំផុតដែលព្រះប្រទានឲ្យបុត្រាបុត្រីរបស់ទ្រង់—ដែលមានសម្រាប់យើងគ្រប់គ្នា ។

មិនថាបងប្អូនជាអ្នកណានោះទេ បងប្អូនអាចអធិស្ឋានទៅព្រះវរបិតាសួគ៌ទូលសូមការណែនាំ និងការដឹកនាំនៅក្នុងជីវិតរបស់បងប្អូន ។ ប្រសិនបើបងប្អូនរៀនស្តាប់ព្រះអម្ចាស់តាមរយៈការបំផុសរបស់ទ្រង់ នោះបងប្អូនអាចទទួលបានការដឹកនាំដ៏ទេវភាពទាំងក្នុងរឿងធំ និងរឿងតូច ។

ខ្ញុំមានអំណរគុណចំពោះការភ្ញាក់ពីដំណេក ដែលខ្ញុំបានទទួលនៅក្នុងជីវិតរបស់ខ្ញុំ ដែលបានជួយខ្ញុំឲ្យដឹងថា ស្ថានសួគ៌ពិតជាបានបើកនៅសព្វថ្ងៃនេះប្រាកដមែន ។ ព្រះអង្គសង្រ្គោះ ព្រះយេស៊ូវ គ្រីស្ទរបស់យើងគឺជាគំរូដ៏អស្ចារ្យជាងគេបំផុតអំពីការស្តាប់តាមព្រះហឫទ័យរបស់ព្រះវរបិតារបស់ទ្រង់ និងការថ្លែងអំណរគុណចំពោះគ្រប់អ្វីៗទាំងអស់ ។

ចូរអរព្រះគុណក្នុងគ្រប់ការទាំងអស់

ដូចដែលខ្ញុំបាននិយាយនៅក្នុងសារលិខិតជាវីដេអូរបស់ខ្ញុំ ខ្ញុំបានសន្និដ្ឋានថា ការរាប់ពរជ័យរបស់យើងគឺប្រសើរជាងការរាប់បញ្ហារបស់យើងឆ្ងាយណាស់ ។ មិនថាស្ថានភាពរបស់យើងយ៉ាងណាទេ ការបង្ហាញការដឹងគុណចំពោះឯកសិទ្ធិរបស់យើង គឺជាឱសថដ៏ពិសេសខាងវិញ្ញាណឲ្យឆាប់បានជាសះស្បើយ និងយូរអង្វែង ។ ការនិយាយសាមញ្ញថា « ចូរ អរព្រះគុណក្នុងគ្រប់ការទាំងអស់ » ( ថែស្សាឡូនីច ទី ១ ៥:១៨ ) ។

សូមពិចារណាទទួលយកការអញ្ជើញរបស់ខ្ញុំឲ្យបង្ហោះពេញប្រព័ន្ធ ផ្សព្វផ្សាយសង្គមនៅក្នុងរយៈពេលប្រាំពីរថ្ងៃ ទៀតជាមួយនឹងកំណត់ហេតុផ្ទាល់ខ្លួនរបស់បងប្អូននៃការដឹងគុណដោយប្រើ #ដឹងគុណ ។ ហើយសូមចូលរួមជាមួយខ្ញុំ និងអ្នកដទៃទៀតក្នុងការថ្លែងអំណរគុណដល់ព្រះតាមរយៈការអធិស្ឋានជារៀងរាល់ថ្ងៃ ។ ការអធិស្ឋានអាចនាំមកនូវអព្ភូតហេតុជាច្រើន ។ សូមឲ្យយើងទាំងអស់គ្នាងាកទៅរកព្រះ ហើយកាន់តែទុកចិត្តលើទ្រង់ទាំងស្រុង ។

ទាញយកឯកសារ PDF


ចែកចាយអានុភាពនៃការដឹងគុណ

អំណាចព្យាបាលនៃការដឹងគុណគឺជាសារលិខិតសម្រាប់មនុស្សគ្រប់គ្នា ។ យើងសូមលើកទឹកចិត្តបងប្អូនឲ្យចែកចាយវីដេអូនេះ ហើយនឹងការអញ្ជើញជាមួយក្រុមគ្រួសារ និងមិត្តភក្តិឲ្យបង្ហោះពេញប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងរយៈពេលប្រាំពីរថ្ងៃ ទៀតជាមួយនឹងរលកនៃការដឹងគុណ ។

ការបញ្ចេញ​មតិ
0