បានកើតនៅថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ១៩២៤ ប្រធាន ណិលសុន គឺជាកូនប្រុសរបស់ ម៉ារ៉ុន ស៊ី និង អែឌណា អាន់ឌើរសុន ណិលសុន ។ លោក និងភរិយាដើមរបស់លោក ដាន់សិល វ៉ាយ មានកូនដប់នាក់ ។ ស៊ីស្ទើរ ណិលសុន បានទទួលមរណភាពនៅក្នុងខែ កុម្ភៈ ឆ្នាំ ២០០៥ ។ នៅខែ មេសា ឆ្នាំ ២០០៦ លោកបានរៀបការនឹង វែនឌី អិល វ៉តសុន ។
មុនពេលការបម្រើរបស់លោកជាប្រធានសាសនាចក្រ ប្រធានណិលសុនបានបម្រើជាប្រធានកូរ៉ុមនៃពួកសាវកដប់ពីរនាក់តាំងពីថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០១៥ រហូតដល់ការហៅរបស់លោកជាអ្នកដឹកនាំសាសនាចក្រនេះ ។ លោកបានបម្រើជាសមាជិកម្នាក់ក្នុងកូរ៉ុមនោះតាំងពីថ្ងៃទី ៧ ខែ មេសា ឆ្នាំ ១៩៨៤ ។
ជាវេជ្ជបណ្ឌិតផ្នែកវះកាត់ និងអ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្ដ្រដ៏មានកិត្តិនាមក្នុងឆាកអន្តរជាតិមួយរូប វេជ្ជបណ្ឌិត ណិលសុន បានទទួលបរិញ្ញបត្រនិង វេជ្ជបណ្ឌិតផ្នែកវេជ្ជសាស្ដ្ររបស់លោកពីសាកលវិទ្យាល័យ យូថាហ៍ ( ឆ្នាំ ១៩៤៥ ក្នុងវ័យ ៤៧ ឆ្នាំ ) ។ ទទួលមេដាយកិត្តិយសផ្នែកវេជ្ជសាស្រ្តដែលមានរួមទាំង ពានរង្វាន់ ភី ប៊ែតា ខាផា និង អាលហ្វា អូមេហ្កា អាលហ្វា ។ លោកបានបំពេញនិវាសដ្ឋានផ្នែកវះកាត់ក្នុងវគ្គសិក្សារបស់លោកនៅមន្ទីរពេទ្យជំងឺទូទៅ ម៉ាស្សាឈូសេត នៅទីក្រុង បូស្តុន និង នៅសាកលវិទ្យាល័យ មីនីសូតា ដែលនៅទីនោះលោកបានបញ្ចប់ផ្នែកបណ្ឌិតរបស់លោកក្នុងឆ្នាំ ១៩៥៤ ។ លោកក៏ទទួលបានសញ្ញាបត្រកិត្តិយសបណ្ឌិតផ្នែកវិទ្យាសាស្ត្រពីសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ក្នុងឆ្នាំ ១៩៧០ បណ្ឌិតផ្នែកឱសថសាស្ត្រពីសាកលវិទ្យាល័យ រដ្ឋយូថាហ៍ ក្នុងឆ្នាំ ១៩៨៩ និង បណ្ឌិតផ្នែកអក្សរសាស្ត្រ និងមនុស្សសាស្ត្រពីមហាវិទ្យាល័យ ស្នូ ក្នុងឆ្នាំ ១៩៩៤ផងដែរ ។
កាងារអាជីពរបស់លោករួមមានមុខតំណែងជាសាស្ត្រាចារ្យស្រាវជ្រាវផ្នែកវះកាត់ និងជានាយកផ្នែកនិវាសដ្ឋានវះកាត់ដើមទ្រូងនៅសាកលវិទ្យាល័យ យូថាហ៍ និងជាប្រធាននៃក្រុមវះកាត់ដើមទ្រូងនៅមន្ទីរពេទ្យ អិល.ឌី.អេស នៅទីក្រុង សលត៍ លេក ។
ក្នុងនាមជាអ្នកនិពន្ធការបោះពុម្ពផ្សាយ និងជំពូកនានាក្នុងសៀវភៅវេជ្ជសាស្ដ្រជាច្រើន នោះប្រធាន ណិលសុន បានបង្រៀន និងពិគ្រោះប្រកបដោយវិជ្ជាជីវៈនៅទូទាំងសហរដ្ឋ និងប្រទេសដទៃជាច្រើនទៀត ពីមុនពេលលោកត្រូវបានហៅឲ្យបម្រើជាអ្នកមានសិទ្ធិអំណាចទូទៅ ។ លោកបានទទួលពានរង្វាន់ និងកិត្តិយសជាច្រើនលើកច្រើនសារ មានរួមទាំងជ័យលាភីអតីតនិស្សិតកិត្តិយស ពីសាកលវិទ្យាល័យ យូថាហ៍ ជ័យលាភីបេះដូងមាស ពីសមាគមបេះដូងអាមេរិក បណ្ណសរសើរសម្រាប់សេវាកម្មអន្តរជាតិ ពីសមាគមបេះដូងអាមេរិក និងជ័យលាភីផ្ទាំងមាស ដែលបានប្រគល់ដោយ ស្នាដៃឧត្តមសិក្សាអាមេរិក ។ លោកបានទទួលពានរង្វាន់សាស្ត្រាចារ្យកិត្តិយសពីសាកលវិទ្យាល័យចំនួនបីនៅសាធារណរដ្ឋប្រជាមានិតចិន ។
វេជ្ជបណ្ឌិត ណិលសុន បានបម្រើការជាប្រធានសមាគមវះកាត់សសៃឈាម នាយកក្រុមប្រឹក្សាអាមេរិកនៃផ្នែកវះកាត់ទ្រូង ប្រធានក្រុមប្រឹក្សាផ្នែកវះកាត់បេះដូងសម្រាប់សមាគមបេះដូងអាមេរិក និងជាប្រធានសមាគមពេទ្យ រដ្ឋ យូថាហ៍ ។
លោកត្រូវបានគេចុះឈ្មោះនៅក្នុង Who’s Who in the World, Who’s Who in America, និង Who’s Who in Religion ។
ប្រធាន ណិលសុន បានកាន់មុខតំណែងទទួលខុសត្រូវជាច្រើននៅក្នុងសាសនាចក្រ ។ លោកបានបម្រើជាប្រធានស្តេក ប៊ុន្នីវីល ពីឆ្នាំ ១៩៦៤ ដល់ ខែ មិថុនា ឆ្នាំ ១៩៧១ ពេលលោកត្រូវបានហៅជាប្រធានថ្នាក់សាលាថ្ងៃអាទិត្យទូទៅ ។ ពីមុនការហៅរបស់លោកនៅក្នុងកូរ៉ុមនៃពួកដប់ពីរនាក់ លោកបានបម្រើជាអ្នកតំណាងភូមិភាគ ដែលត្រូវបានចាត់តាំងឲ្យទៅភូមិភាគ ឃើនស៍ រដ្ឋ យូថា ។ ពីមុននោះ លោកបានបម្រើជាអ្នកតំណាងភូមិភាគសម្រាប់សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ។