ជំពូកទី ៤
(មិថុនា–តុលា ១៨៣០)
របៀបដែលសាតាំងក្លាយទៅជាអារក្ស — វាល្បួងនាងអេវ៉ា — លោកអ័ដាម ហើយនាងអេវ៉ាបានធ្លាក់ ហើយសេចក្ដីស្លាប់ចូលមកក្នុងពិភពលោក។
១ហើយយើងជាព្រះអម្ចាស់ដ៏ជាព្រះបានមានបន្ទូលទៅម៉ូសេថា ៖ សាតាំងនោះដែលអ្នកបានបញ្ជា ដោយនូវព្រះនាមនៃព្រះរាជបុត្រាបង្កើតតែមួយរបស់យើង គឺជាអ្នកដដែល ដែលមានតាំងពីដើមដំបូងមក ហើយវាបានមកចំពោះយើងដោយទូលថា — មើលចុះ ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ ទូលបង្គំនឹងធ្វើជាព្រះរាជបុត្រារបស់ព្រះអង្គ ហើយទូលបង្គំនឹងប្រោសលោះមនុស្សលោកទាំងអស់ ប្រយោជន៍កុំឲ្យព្រលឹងណាមួយត្រូវបាត់ឡើយ ហើយទូលបង្គំនឹងប្រព្រឹត្តការនោះជាមិនខាន ហេតុដូច្នោះហើយ សូមប្រទានដល់ទូលបង្គំនូវកិត្តិយសរបស់ព្រះអង្គចុះ។
២ប៉ុន្តែមើលចុះ ព្រះរាជបុត្រាបង្កើតតែមួយរបស់យើង ដែលជាទីស្ងួនភ្ងា និងជាទីជម្រើសរបស់យើងចាប់តាំងពីដើមដំបូងមក បានទូលដល់យើងថា — ព្រះវរបិតាអើយ សូមឲ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេច ហើយសូមឲ្យសិរីល្អរបស់ព្រះអង្គបានជារបស់ផងព្រះអង្គរហូត។
៣ហេតុដូច្នោះហើយ មកពីសាតាំងបានបះបោរទាស់នឹងយើង ហើយបានខំរកបំផ្លាញសិទ្ធិជ្រើសរើសរបស់មនុស្ស ដែលយើងជាព្រះអម្ចាស់ដ៏ជាព្រះបានប្រទានដល់មនុស្ស ហើយក៏មកពីវាបានចង់ឲ្យយើងប្រទានដល់វានូវព្រះចេស្ដារបស់យើងផ្ទាល់ គឺដោយសារព្រះចេស្ដានៃព្រះរាជបុត្រាបង្កើតតែមួយរបស់យើង នោះយើងបានបណ្ដាលឲ្យវាត្រូវបណ្ដេញចុះ។
៤ហើយវាក្លាយទៅជាសាតាំង មែនហើយ គឺជាអារក្ស ជាបិតានៃអស់ទាំងការកុហក ដើម្បីបញ្ឆោត ហើយដើម្បីធ្វើឲ្យមនុស្សខ្វាក់ ហើយដើម្បីដឹកពួកគេយកទៅជាឈ្លើយ តាមចិត្តរបស់វា គឺមនុស្សជាច្រើនណាដែលមិនព្រមស្ដាប់តាមសំឡេងរបស់យើងនោះហើយ។
៥ហើយឥឡូវនេះ ពស់ជាសត្វមានឧបាយកលលើសជាងអស់ទាំងសត្វព្រៃ ដែលយើងជាព្រះអម្ចាស់ដ៏ជាព្រះបានធ្វើឡើង។
៦ហើយសាតាំងបានដាក់ទៅក្នុងចិត្តពស់ (ត្បិតវាបានទាញមនុស្សជាច្រើនឲ្យទៅតាមវា) ហើយវាក៏ខំល្បួងបញ្ឆោតនាងអេវ៉ា ត្បិតវាមិនស្គាល់គំនិតនៃព្រះទេ ហេតុដូច្នោះហើយ បានជាវាខំរកបំផ្លាញពិភពលោកចោល។
៧ហើយវានិយាយទៅស្ត្រីថា ៖ មែនហើយ តើព្រះទ្រង់បានមានព្រះបន្ទូលថា — អ្នកមិនត្រូវបរិភោគផ្លែឈើគ្រប់មុខនៅក្នុងសួនច្បារមែនឬ? (ហើយវាបាននិយាយតាមមាត់ពស់)។
៨ហើយស្ត្រីបាននិយាយទៅពស់ថា ៖ យើងអាចបរិភោគអស់ទាំងផ្លែឈើនៅក្នុងសួនច្បារបាន
៩ប៉ុន្តែចំពោះផ្លែដើមឈើមួយ ដែលអ្នកឃើញនៅកណ្ដាលសួនច្បារ នោះព្រះទ្រង់បានមានព្រះបន្ទូលថា — អ្នកមិនត្រូវបរិភោគផ្លែនោះឡើយ ថែមទាំងមិនត្រូវពាល់ប៉ះផង ក្រែងលោអ្នកត្រូវស្លាប់។
១០ហើយពស់បាននិយាយទៅស្ត្រីថា ៖ អ្នកប្រាកដជាមិនស្លាប់ទេ
១១ត្បិតព្រះទ្រង់ជ្រាបថា នៅថ្ងៃណាដែលអ្នកបរិភោគផ្លែឈើនោះ នោះភ្នែកអ្នកនឹងបានភ្លឺឡើង ហើយអ្នកនឹងបានដូចជាពួកព្រះដែរ ដោយដឹងខុសត្រូវ។
១២ហើយកាលស្ត្រីបានឃើញថា ផ្លែឈើនោះជាផ្លែល្អសម្រាប់ធ្វើជាអាហារ ហើយថាផ្លែនោះក្លាយទៅជាទីគាប់ដល់ភ្នែក ហើយជាដើមដែលល្មមគួរនឹងចង់បាន ដើម្បីឲ្យនាងបានប្រាជ្ញា នាងក៏យកផ្លែបរិភោគ ហើយព្រមទាំងចែកឲ្យដល់ប្ដីនាងដែលនៅជាមួយនាងដែរ ហើយគាត់ក៏បរិភោគតាម។
១៣ហើយស្រាប់តែភ្នែករបស់អ្នកទាំងពីរបានភ្លឺឡើង ហើយគេដឹងថាខ្លួននៅអាក្រាត។ ហើយគេក៏យកស្លឹកល្វាមកក្លាស់ធ្វើជាប្រដាប់ប៉ឹង។
១៤ហើយគេបានឮសំឡេងនៃព្រះអម្ចាស់ដ៏ជាព្រះ កាលគេកំពុងតែដើរក្នុងសួនច្បារនៅពេលថ្ងៃល្ហើយ ហើយអ័ដាមនិងប្រពន្ធគាត់ ក៏ទៅពួនពីវត្តមាននៃព្រះអម្ចាស់ដ៏ជាព្រះនៅកណ្ដាលដើមឈើក្នុងសួនច្បារ។
១៥ហើយយើងជាព្រះអម្ចាស់ដ៏ជាព្រះបានហៅទៅអ័ដាម ដោយមានបន្ទូលទៅគាត់ថា ៖ អ្នកទៅឯណា?
១៦ហើយគាត់បានទូលថា ៖ ទូលបង្គំបានឮសំឡេងទ្រង់នៅក្នុងសួនច្បារ ហើយទូលបង្គំនឹកភ័យខ្លាច ពីព្រោះទូលបង្គំឃើញថាទូលបង្គំនៅខ្លួនអាក្រាតទទេ ហើយទូលបង្គំក៏រត់ទៅពួន។
១៧ហើយយើងជាព្រះអម្ចាស់ដ៏ជាព្រះបានមានបន្ទូលទៅអ័ដាមថា ៖ តើអ្នកណាប្រាប់ឲ្យអ្នកដឹងថា អ្នកនៅខ្លួនអាក្រាតទទេដូច្នេះ? តើអ្នកបានបរិភោគផ្លែឈើដែលយើងបញ្ជាដល់អ្នកថា អ្នកមិនត្រូវបរិភោគផ្លែនោះ បើសិនជាអ្នកបរិភោគ នោះអ្នកច្បាស់ជានឹងត្រូវស្លាប់ជាមិនខានឡើយនោះឬអី?
១៨ហើយបុរសទូលឆ្លើយថា ៖ ស្ត្រីដែលទ្រង់បានប្រទានដល់ទូលបង្គំ ហើយបានបញ្ជាថា នាងត្រូវនៅជាមួយនឹងទូលបង្គំ នាងឲ្យផ្លែឈើនោះមកទូលបង្គំ ហើយទូលបង្គំក៏ទទួលទានទៅ។
១៩ហើយយើងជាព្រះអម្ចាស់ដ៏ជាព្រះ បានមានបន្ទូលទៅស្ត្រីថា ៖ តើនេះជាអ្វីទៅដែលនាងបានប្រព្រឹត្ត? ហើយស្ត្រីបានទូលឆ្លើយថា ៖ ពស់វាមកល្បួងបញ្ឆោតខ្ញុំម្ចាស់ ហើយខ្ញុំម្ចាស់បានទទួលទានទៅ។
២០ហើយយើងជាព្រះអម្ចាស់ដ៏ជាព្រះបានមានបន្ទូលទៅពស់ថា ៖ ដោយព្រោះឯងបានធ្វើដូច្នេះ ឯងនឹងត្រូវបណ្ដាសាធ្ងន់ជាងអស់ ទាំងពួកសត្វស្រុក សត្វព្រៃ គឺឯងត្រូវលូនតែនឹងពោះ ហើយត្រូវស៊ីធូលីដីអស់១ជីវិត
២១ហើយយើងនឹងដាក់សេចក្ដីខ្មាំងរវាងឯងនិងស្ត្រី គឺរវាងពូជឯងនិងពូជនាង ហើយគេនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងគេ។
២២ទៅស្ត្រី នោះយើងជាព្រះអម្ចាស់ដ៏ជាព្រះបានមានបន្ទូលថា ៖ យើងនឹងចម្រើនឲ្យនាងមានសេចក្ដីព្រួយលំបាកជាច្រើនឡើងក្នុងវេលាដែលមានផ្ទៃពោះ។ នាងនឹងបង្កើតកូនដោយឈឺចាប់ ហើយចិត្តនាងនឹងប្រាថ្នាខាងឯប្ដីនាង ហើយគាត់នឹងត្រួតត្រាលើនាង។
២៣ហើយទៅអ័ដាម នោះយើងជាព្រះអម្ចាស់ដ៏ជាព្រះបានមានបន្ទូលថា ៖ ដោយព្រោះអ្នកបានស្ដាប់តាមសំឡេងនៃប្រពន្ធអ្នក ហើយបានបរិភោគផ្លែនៃដើមឈើនោះ ដែលយើងបានបញ្ជាដល់អ្នកថា — អ្នកមិនត្រូវបរិភោគផ្លែនោះឡើយ នោះដីត្រូវបណ្ដាសាដោយព្រោះអ្នក អ្នកត្រូវរកស៊ីពីដីដោយនឿយហត់អស់១ជីវិត។
២៤ដីនឹងដុះជាបន្លា ហើយនឹងអញ្ចាញឲ្យអ្នក ហើយអ្នកត្រូវបរិភោគអស់ទាំងតិណជាតិដែលដុះនៅស្រែចម្ការ។
២៥អ្នកនឹងបានអាហារបរិភោគដោយការបែកញើស ដរាបដល់អ្នកត្រឡប់ទៅជាដីវិញ — ត្បិតច្បាស់ជានឹងស្លាប់ជាមិនខានឡើយ — ពីព្រោះអ្នកត្រូវបានយកចេញពីដីមក ត្បិតអ្នកជាធូលីដី ក៏ត្រូវត្រឡប់ទៅជាធូលីដីវិញ។
២៦ហើយអ័ដាមបានឲ្យឈ្មោះប្រពន្ធគាត់ថា « អេវ៉ា » ពីព្រោះនាងជាម្ដាយនៃជីវិតទាំងអស់ ត្បិតយើងជាព្រះអម្ចាស់ដ៏ជាព្រះបានហៅស្ត្រីទី១ថាដូច្នោះហើយ ដែលមានជាច្រើន។
២៧ចំពោះអ័ដាម ហើយព្រមទាំងប្រពន្ធគាត់ផង នោះយើងជាព្រះអម្ចាស់ដ៏ជាព្រះ បានធ្វើអាវពីស្បែកឲ្យពាក់បិទបាំងកាយ។
២៨ហើយយើងជាព្រះអម្ចាស់ដ៏ជាព្រះបានមានបន្ទូលទៅព្រះរាជបុត្រាបង្កើតតែមួយរបស់យើងថា ៖ មើលចុះ មនុស្សបានត្រឡប់ដូចជាយើងមួយដែរ ទាំងដឹងខុសត្រូវផង ហើយឥឡូវនេះ ខ្លាចក្រែងគេលូកដៃគេទៅ ហើយបេះផ្លែពីដើមជីវិតផង ហើយបរិភោគ ហើយរស់ជារៀងដរាបទៅ
២៩ហេតុដូច្នេះហើយ យើងជាព្រះអម្ចាស់ដ៏ជាព្រះ នឹងបណ្ដេញគាត់ចេញពីសួនច្បារអេដែន ឲ្យទៅភ្ជួររាស់ដីដែលបានយកគាត់ចេញមក
៣០ព្រោះដរាបណាយើងជាព្រះអម្ចាស់ដ៏ជាព្រះមានព្រះជន្មរស់នៅ នោះព្រះបន្ទូលទាំងឡាយរបស់យើងក៏នឹងមិនផ្ដល់ផលដែលឥតប្រយោជន៍ដែរ ត្បិតកាលណាព្រះបន្ទូលយើងចេញពីព្រះឱសយើងទៅ នោះនឹងបានសម្រេច។
៣១ម្ល៉ោះហើយ យើងក៏បណ្ដេញមនុស្សចេញ ហើយយើងបានដាក់ចេរូប៊ីននៅខាងកើតសួនច្បារអេដែន និងដាវដែលជាអណ្ដាតភ្លើងរេបែរគ្រប់ទិស ដើម្បីនឹងរក្សាផ្លូវទៅឯដើមជីវិត។
៣២(នេះហើយជាព្រះបន្ទូលដែលយើងបានមានបន្ទូលទៅម៉ូសេ ជាអ្នកបម្រើរបស់យើង ហើយព្រះបន្ទូលទាំងនោះសុទ្ធតែពិត ដូចដែលយើងសព្វព្រះហឫទ័យ ហើយយើងបានមានបន្ទូលទៅអ្នក។ ចូរមើលឲ្យឃើញថាអ្នកមិនបង្ហាញព្រះបន្ទូលទាំងនោះដល់អ្នកណាឡើយ រហូតដល់យើងបញ្ជាអ្នក គឺលើកលែងតែចំពោះពួកអ្នកដែលជឿប៉ុណ្ណោះ។ អាម៉ែន ៕)