ជំពូកទី ២
យ៉ាកុបស្អប់ខ្ពើមសេចក្ដីស្រឡាញ់ទ្រព្យ ការឆ្មើងឆ្មៃ និងភាពអព្រហ្មចារី — មនុស្សលោកអាចស្វែងរកទ្រព្យដើម្បីជួយមនុស្សទូទៅ — យ៉ាកុបដាក់ទោសដល់ការរៀបអាពាហ៍ពិពាហ៍យកប្រពន្ធច្រើនដែលគ្មានការអនុញ្ញាត — ព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យចំពោះព្រហ្មចារីភាពរបស់ស្ត្រី។ ប្រមាណជាឆ្នាំ ៥៤៤–៤២១ ម.គ.ស.។
១តទៅនេះគឺជាពាក្យទាំងឡាយដែលយ៉ាកុប ជាប្អូនប្រុសរបស់នីហ្វៃ បាននិយាយទៅប្រជាជននីហ្វៃ ក្រោយពីមរណភាពរបស់នីហ្វៃ ៖
២ឥឡូវនេះ បងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំ យ៉ាកុប ស្របតាមការទទួលខុសត្រូវដែលខ្ញុំមានចំពោះព្រះ ដើម្បីតម្កើងការងាររបស់ខ្ញុំដោយម៉ឺងមាត់ ហើយដើម្បីឲ្យខ្ញុំអាចកម្ចាត់សំលៀកបំពាក់របស់ខ្ញុំពីអំពើបាបទាំងឡាយរបស់បងប្អូនរាល់គ្នា នោះខ្ញុំឡើងមកឯព្រះវិហារបរិសុទ្ធក្នុងថ្ងៃនេះ ដើម្បីខ្ញុំអាចប្រកាសប្រាប់បងប្អូនរាល់គ្នា អំពីព្រះបន្ទូលនៃព្រះ។
៣ហើយបងប្អូនរាល់គ្នាក៏ដឹងហើយថា រហូតមកដល់ពេលនេះ ខ្ញុំបានព្យាយាមបំពេញកិច្ចការក្នុងការងាររបស់ខ្ញុំ ប៉ុន្តែថ្ងៃនេះ ខ្ញុំផ្ទុកទៅដោយបំណង និងការបារម្ភដ៏លើសលែងទៅទៀតចំពោះសុខុមាលភាពដល់ព្រលឹងបងប្អូនរាល់គ្នា ជាងពេលណាៗទាំងអស់។
៤ត្បិតមើលចុះ រហូតមកដល់ពេលនេះ អ្នករាល់គ្នាបានគោរពតាមព្រះបន្ទូលនៃព្រះអម្ចាស់ ដែលខ្ញុំបានប្រគល់ឲ្យអ្នក។
៥ប៉ុន្តែមើលចុះ ចូរអ្នករាល់គ្នាប្រុងស្ដាប់តាមខ្ញុំចុះ ហើយដឹងថា ដោយជំនួយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាទាំងអស់ ដែលបង្កើតផ្ទៃមេឃ និងផែនដី នោះខ្ញុំអាចប្រាប់អ្នកអំពីគំនិតទាំងឡាយរបស់អ្នកថា អ្នករាល់គ្នាកំពុងតែចាប់ផ្ដើមប្រព្រឹត្តអំពើបាប ហើយអំពើបាបនោះមានសភាពដ៏គួរខ្ពើមឆ្អើមណាស់ចំពោះខ្ញុំ មែនហើយ ហើយព្រមទាំងដ៏គួរខ្ពើមឆ្អើមចំពោះព្រះដែរ។
៦មែនហើយ វាធ្វើឲ្យព្រលឹងខ្ញុំកើតទុក្ខ ហើយបណ្ដាលឲ្យខ្ញុំរួញដោយអៀនខ្មាសនៅចំពោះវត្តមាននៃព្រះ ដែលបានបង្កើតខ្ញុំមក ដែលខ្ញុំត្រូវតែធ្វើបន្ទាល់ចំពោះសេចក្ដីទុច្ចរិតនៃចិត្តអ្នករាល់គ្នា។
៧ហើយវាក៏ធ្វើឲ្យខ្ញុំកើតទុក្ខ ដែលខ្ញុំត្រូវប្រើពាក្យដ៏ធ្ងន់ធ្ងរដល់អ្នកនៅចំពោះមុខប្រពន្ធរបស់អ្នក និងកូនចៅរបស់អ្នក ដែលភាគច្រើនមានអារម្មណ៍ទន់ភ្លន់ និងបរិសុទ្ធ និងចិត្តទោរទន់នៅចំពោះព្រះ គឺជាការណ៍ដែលសព្វព្រះហឫទ័យព្រះដល់ព្រះ
៨ហើយខ្ញុំសន្និដ្ឋានថា ពួកគេបានឡើងមកទីនេះដើម្បីស្ដាប់នូវព្រះបន្ទូលដ៏ផ្អែមល្ហែមនៃព្រះ មែនហើយ ជាព្រះបន្ទូលដែលធ្វើឲ្យជាស្បើយព្រលឹង ដែលមានរបួសឈឺចាប់។
៩ហេតុដូច្នោះហើយ វាផ្ទុកក្នុងព្រលឹងខ្ញុំ រហូតដល់ខ្ញុំត្រូវជំរុញ គឺដោយសារព្រះបញ្ញត្តិដ៏តឹងរឹង ដែលខ្ញុំបានទទួលមកពីព្រះ ឲ្យព្រមានដាស់តឿនដល់អ្នករាល់គ្នា ស្របតាមទោសទាំងឡាយរបស់អ្នក ដើម្បីពង្រីកមុខរបួសដល់អ្នកណាដែលមានរបួស ជាជាងលួងលោម ហើយមើលឲ្យមុខរបួសទាំងនោះជាវិញ រីឯអស់អ្នកណាដែលពុំទាន់ត្រូវរបួសទេនោះ ជាជាងបណ្ដោយឲ្យពួកគេទទួលទាននូវព្រះបន្ទូលដ៏ផ្អែមល្ហែមនៃព្រះ នោះបានដាក់កាំបិតស្នៀត ឲ្យចាក់ទំលុះព្រលឹងទាំងឡាយរបស់ពួកគេ ហើយធ្វើឲ្យគំនិតដ៏ទោរទន់របស់ពួកគេរបួសឈឺចាប់វិញដែរ។
១០ប៉ុន្តែ ទោះជាភារកិច្ចរបស់ខ្ញុំមានទំហំធំយ៉ាងនេះក៏ដោយ គង់តែខ្ញុំត្រូវតែធ្វើតាមព្រះបញ្ញត្តិដ៏តឹងរឹងនៃព្រះ ហើយប្រាប់អ្នករាល់គ្នាអំពីអំពើទុច្ចរិត និងអំពើគួរខ្ពើមឆ្អើមទាំងឡាយរបស់អ្នកនៅចំពោះវត្តមាននៃពួកអ្នកដែលមានចិត្តជ្រះថ្លា និងពួកអ្នកដែលមានចិត្តសង្រេង ហើយនៅក្រោមការក្រឡេកដោយព្រះនេត្រដ៏មុត នៃព្រះដ៏មានមហិទ្ធិឫទ្ធិដែរ។
១១ហេតុដូច្នោះហើយ ខ្ញុំត្រូវប្រាប់អ្នករាល់គ្នាពីសេចក្ដីពិត ស្របតាមសេចក្ដីច្បាស់លាស់នៃព្រះបន្ទូលនៃព្រះ។ ត្បិតមើលចុះ កាលខ្ញុំសូមដល់ព្រះអម្ចាស់ នោះទ្រង់មានព្រះបន្ទូលមកខ្ញុំដូច្នេះថា ៖ យ៉ាកុបអើយ ចូរអ្នកឡើងទៅឯព្រះវិហារបរិសុទ្ធនៅថ្ងៃស្អែក ហើយប្រកាសនូវពាក្យដែលយើងនឹងឲ្យដល់អ្នកទៅប្រជាជននេះ។
១២ហើយឥឡូវនេះ មើលចុះ ឱបងប្អូនទាំងឡាយរបស់ខ្ញុំអើយ នេះគឺជាព្រះបន្ទូលដែលខ្ញុំប្រកាសដល់អ្នកថា បងប្អូនរាល់គ្នាជាច្រើនបានចាប់ផ្ដើមស្វែងរកមាស និងរកប្រាក់ និងរកជាតិរ៉ែដ៏មានតម្លៃគ្រប់យ៉ាង ដែលដែនដីនេះជាដែនដីសន្យាដល់អ្នក និងដល់កូនចៅអ្នក មានជាច្រើនអនេក។
១៣ហើយបាតដៃនៃទិព្វញ្ញាណបានញញឹមមកលើអ្នករាល់គ្នា ដើម្បីជួយឲ្យអ្នករកបានទ្រព្យជាច្រើន ហើយដោយមកពីពួកអ្នកខ្លះរកបានបរិបូរច្រើនជាងបងប្អូនអ្នក នោះអ្នករាល់គ្នាលើកខ្លួនឡើងក្នុងការឆ្មើងឆ្មៃនៃចិត្តរបស់អ្នក ហើយធ្វើករឹងព្រមទាំងងើយក្បាល ដោយព្រោះប្រដាប់ស្លៀកពាក់របស់ខ្លួនមានតម្លៃខ្ពស់ ហើយក៏បៀតបៀនបងប្អូនខ្លួន ព្រោះអ្នកគិតស្មានថា ខ្លួនគ្រាន់បើជាងគេ។
១៤ហើយឥឡូវនេះ ឱបងប្អូនទាំងឡាយរបស់ខ្ញុំអើយ ចុះតើអ្នកគិតស្មានថា ព្រះទ្រង់ចាត់អំពើរបស់បងប្អូននេះទុកជាសុចរិតឬអី? មើលចុះ ខ្ញុំប្រាប់អ្នកថា ៖ ទេ។ ប៉ុន្តែទ្រង់នឹងកាត់ទោសអ្នក ហើយបើសិនជាអ្នករាល់គ្នានៅតែទទូចធ្វើការនេះតទៅទៀត នោះសេចក្ដីជំនុំជំរះរបស់ទ្រង់ នឹងត្រូវតែធ្លាក់មកលើអ្នកយ៉ាងឆាប់រហ័ស។
១៥ឱសូមឲ្យទ្រង់បង្ហាញដល់អ្នកថា ទ្រង់អាចចាក់ទំលុះអ្នក ហើយគ្រាន់តែមួយក្រឡេកនៃព្រះនេត្ររបស់ទ្រង់ នោះទ្រង់ក៏អាចវាយអ្នកឲ្យទៅជាធូលីដីដែរ!
១៦ឱសូមឲ្យទ្រង់ដោះអ្នកចេញពីអំពើទុច្ចរិត និងពីអំពើគួរខ្ពើមឆ្អើមនេះចុះ។ ហើយឱសូមឲ្យអ្នករាល់គ្នាស្ដាប់តាមព្រះបន្ទូលនៃព្រះបញ្ញត្តិទ្រង់ ហើយសូមកុំឲ្យសេចក្ដីឆ្មើងឆ្មៃនៃចិត្តអ្នក បំផ្លាញព្រលឹងទាំងឡាយរបស់អ្នកឡើយ!
១៧ចូរគិតពីបងប្អូនរបស់ខ្លួនដូចជាខ្លួនអ្នកដែរ ហើយចូររាប់អានបងប្អូនទាំងអស់ ហើយមានចិត្តទូលំទូលាយចំពោះទ្រព្យរបស់អ្នក ដើម្បីឲ្យគេអាចមានទ្រព្យដូចជាអ្នកដែរ។
១៨ប៉ុន្តែមុនអ្នករាល់គ្នាស្វែងរកទ្រព្យសម្បត្តិ ចូរអ្នករាល់គ្នាស្វែងរកនគរនៃព្រះសិន។
១៩ហើយបន្ទាប់ពីអ្នករាល់គ្នាបានសេចក្ដីសង្ឃឹមនៅក្នុងព្រះគ្រីស្ទ នោះអ្នករាល់គ្នានឹងបានទ្រព្យសម្បត្តិ បើសិនជាអ្នករាល់គ្នាស្វែងរករបស់ទាំងនោះ ហើយអ្នករាល់គ្នានឹងស្វែងរកទ្រព្យសម្បត្តិដោយមានបំណងចង់ធ្វើល្អ — គឺដើម្បីបំពាក់ពួកអ្នកអាក្រាត ហើយចិញ្ចឹមពួកអ្នកដែលអត់ឃ្លាន ហើយរំដោះពួកអ្នកដែលត្រូវជាប់ឃុំឃាំង ហើយជួយសង្គ្រោះដល់ពួកអ្នកឈឺ និងពួកអ្នកកម្សត់ទុគ៌ត។
២០ហើយឥឡូវនេះ ឱបងប្អូនទាំងឡាយរបស់ខ្ញុំអើយ ខ្ញុំបាននិយាយអំពីសេចក្ដីឆ្មើងឆ្មៃ ហើយអ្នកណាដែលបានធ្វើទុក្ខដល់អ្នកជិតខាងខ្លួន ហើយបៀតបៀនគេពីព្រោះតែអ្នកមានចិត្តក្រអឺតចំពោះវត្ថុទាំងឡាយ ដែលព្រះទ្រង់បានប្រទានដល់អ្នកនោះ ចុះតើអ្នកនិយាយយ៉ាងណាដែរអំពីរឿងនេះ?
២១ចុះតើអ្នកមិនគិតស្មានទេឬថា ការណ៍ទាំងនេះគួរឲ្យខ្ពើមឆ្អើមចំពោះព្រះដែលបានបង្កើតសាច់ឈាមទាំងអស់មក? ហើយនៅក្រោមព្រះនេត្រទ្រង់ មនុស្សណាក៏មានតម្លៃដូចជាមនុស្សណាដែរ។ ហើយសាច់ឈាមទាំងអស់ គឺបានមកពីធូលីដី ហើយមកពីបំណងនោះហើយ ទើបទ្រង់បានបង្កើតគេមក ដើម្បីឲ្យគេកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ហើយសរសើរតម្កើងដល់ទ្រង់ជារៀងដរាប។
២២ហើយឥឡូវនេះ ខ្ញុំសូមបញ្ចប់នូវការនិយាយទៅដល់អ្នករាល់គ្នា អំពីការឆ្មើងឆ្មៃតែត្រឹមនេះ។ ហើយបើខ្ញុំមិនត្រូវនិយាយទៅអ្នកអំពីទោសធ្ងន់ដ៏លើសលែងទៅទៀត នោះចិត្តខ្ញុំនឹងរីករាយយ៉ាងក្រៃលែងពីព្រោះអ្នក។
២៣ប៉ុន្តែព្រះបន្ទូលនៃព្រះផ្ទុកមកលើខ្ញុំ ពីព្រោះតែទោសដ៏ធ្ងន់លើសលែងទៅទៀតរបស់អ្នករាល់គ្នា។ ត្បិតមើលចុះ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដូច្នេះថា ៖ រាស្ត្រនេះចាប់ផ្ដើមកើនអំពើទុច្ចរិត គេមិនយល់ព្រះគម្ពីរទេ ព្រោះគេរកអត់ឱនឲ្យខ្លួនក្នុងការប្រព្រឹត្តសហាយស្មន់ ពីព្រោះតែរឿងដែលបានសរសេរអំពីហ្លួងដាវីឌ និងសាឡូម៉ូន ជាបុត្រទ្រង់។
២៤មើលចុះ ហ្លួងដាវីឌ និងសាឡូម៉ូន ពិតជាមានភរិយា និងស្រីស្នំជាច្រើនមែន ហើយជាអំពើគួរខ្ពើមឆ្អើមចំពោះយើង ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នោះ។
២៥ហេតុដូច្នោះហើយ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដូច្នេះថា ៖ យើងបាននាំរាស្ត្រនេះ ចេញពីដែនដីយេរូសាឡិមមកដោយអំណាចនៃដៃយើង ដើម្បីយើងអាចបង្កើតសម្រាប់យើង នូវមែកដ៏សុចរិតមួយ ដែលចេញមកពីផលនៃពោះយ៉ូសែប។
២៦ហេតុដូច្នោះហើយ យើងជាព្រះអម្ចាស់ដ៏ជាព្រះ នឹងមិនទ្រាំឲ្យប្រជាជននេះធ្វើដូចមនុស្សជំនាន់ដើមឡើយ។
២៧ហេតុដូច្នោះហើយ ឱបងប្អូនទាំងឡាយរបស់ខ្ញុំអើយ ចូរស្ដាប់តាមខ្ញុំ ហើយប្រុងស្ដាប់តាមព្រះបន្ទូលនៃព្រះអម្ចាស់ដែលថា ៖ ត្បិតមិនត្រូវមានបុរសណាមួយឡើយនៅក្នុងចំណោមអ្នកដែលត្រូវមាន លើកលែងតែមានប្រពន្ធមួយប៉ុណ្ណោះ រីឯស្រីស្នំក៏គេមិនត្រូវ មានសោះឡើយដែរ
២៨ត្បិតយើងជាព្រះអម្ចាស់ដ៏ជាព្រះ សព្វព្រះហឫទ័យនឹងព្រហ្មចារីភាពនៃស្ត្រី។ ឯអំពើសហាយស្មន់ទាំងឡាយ គឺជាអំពើគួរខ្ពើមឆ្អើមចំពោះយើង ព្រះអម្ចាស់នៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថាដូច្នោះ។
២៩ហេតុដូច្នោះហើយ ព្រះអម្ចាស់នៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា ៖ រាស្ត្រនេះត្រូវកាន់តាមបញ្ញត្តិទាំងឡាយរបស់យើង បើពុំនោះសោតទេ ដែនដីនេះនឹងត្រូវប្រទេចផ្ដាសា ដោយសារពួកគេ។
៣០ត្បិតព្រះអម្ចាស់នៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា ៖ បើសិនជាយើងនឹងចិញ្ចឹមពូជមួយសម្រាប់យើង នោះយើងនឹងដាក់បញ្ញត្តិដល់រាស្ត្រយើង បើពុំនោះសោតទេ គេនឹងត្រូវប្រុងស្ដាប់រឿងទាំងនេះ។
៣១ត្បិតមើលចុះ យើងជាព្រះអម្ចាស់ បានឃើញសេចក្ដីសោកសៅ ហើយបានឮការទួញសោកនៃពួកកូនស្រីរបស់រាស្ត្រយើងនៅលើដែនដីយេរូសាឡិម មែនហើយ ហើយនៅគ្រប់ដែនដីនានានៃរាស្ត្រយើង ដោយសារអំពើទុច្ចរិត និងអំពើគួរខ្ពើមឆ្អើមទាំងឡាយនៃប្ដីរបស់គេ។
៣២ហើយព្រះអម្ចាស់នៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា ៖ យើងនឹងមិនទ្រាំឲ្យសម្រែកនៃពួកកូនស្រីដ៏ស្រស់ល្អៗនៃរាស្ត្រនេះ ដែលយើងបាននាំចេញពីដែនដីយេរូសាឡិមមក នឹងឮឡើងមកដល់យើងទាស់នឹងពួកបុរសនៃរាស្ត្រយើងឡើយ ព្រះអម្ចាស់នៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថាដូច្នោះ។
៣៣ត្បិតពួកគេមិនត្រូវនាំយកពួកកូនស្រីនៃរាស្ត្រយើងទៅជាប់ឃុំឃាំង ពីព្រោះតែភាពទន់ភ្លន់របស់គេឡើយ បើពុំនោះសោតទេ យើងនឹងមកពិនិត្យពិច័យពួកគេដោយបណ្ដាសាដ៏ធ្ងន់ គឺដល់សេចក្ដីបំផ្លិចបំផ្លាញបង់ ត្បិតពួកគេមិនត្រូវប្រព្រឹត្តអំពើសហាយស្មន់ទាំងឡាយ ដូចកាលមនុស្សជំនាន់ដើមនោះឡើយ ព្រះអម្ចាស់នៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថាដូច្នោះ។
៣៤ហើយឥឡូវនេះ មើលចុះ ឱបងប្អូនទាំងឡាយរបស់ខ្ញុំអើយ អ្នករាល់គ្នាដឹងថា ព្រះបញ្ញត្តិទាំងនេះ ត្រូវបានប្រទានទៅដល់លីហៃ ឪពុករបស់យើង ហេតុដូច្នោះហើយ អ្នករាល់គ្នាបានស្គាល់ព្រះបញ្ញត្តិទាំងនេះមកហើយ ហើយអ្នករាល់គ្នាបានទទួលការជាប់ទោសដ៏ធំ ព្រោះអ្នករាល់គ្នាបានប្រព្រឹត្តអំពើទាំងនេះ ដែលអ្នករាល់គ្នាពុំត្រូវប្រព្រឹត្តនោះ។
៣៥មើលចុះ អ្នករាល់គ្នាបានប្រព្រឹត្តអំពើទុច្ចរិតលើសជាងពួកសាសន៍លេមិន ដែលជាបងប្អូនយើងទៅទៀត។ អ្នកបានធ្វើឲ្យភរិយាដ៏ទន់ភ្លន់របស់អ្នកខូចចិត្ត ហើយធ្វើឲ្យកូនចៅអ្នកគ្មានសេចក្ដីទុកចិត្ត ព្រោះតែគំរូដ៏អាក្រក់របស់អ្នកនៅចំពោះពួកគេ ហើយសំឡេងដង្ហក់នៃបេះដូងគេ បានឮឡើងទៅដល់ព្រះទាស់នឹងអ្នក ហើយដោយសារតែភាពតឹងរឹងនៃព្រះបន្ទូលនៃព្រះដែលចុះមកទាស់នឹងអ្នក នោះបេះដូងជាច្រើនបានស្លាប់ ដោយត្រូវចាក់ទំលុះឲ្យមានរបួសយ៉ាងជ្រៅ៕