ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ៩ ៖ តួនាទី និង​ទំនួល​ខុស​ត្រូវ​ដ៏​ទេវភាព​របស់​បុរស


មេរៀន​ទី ៩

តួនាទី និង​ទំនួល​ខុស​ត្រូវ​ដ៏​ទេវភាព​របស់​បុរស

សេចក្ដីផ្ដើម

ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ផែនការ​នៃ​សុភមង្គល​របស់​ទ្រង់ ព្រះវរបិតាសួគ៌​បាន​ចាត់តាំង​បុរស​ឲ្យ​ក្លាយ​ជា​ស្វាមី និង​ឪពុក ។ មេរៀន​នេះ​ផ្តោត​ទៅ​លើ​ទំនួល​ខុសត្រូវ​របស់​ពួក​បុរសៗ ៖ « តាម​ការរៀបចំ​ដ៏​ទេវភាព​នេះ ឪពុក​ត្រូវ​បាន​ចាត់ឲ្យ​ធ្វើ​ជា​អ្នកដឹកនាំ នៅក្នុង​គ្រួសារ​របស់​ខ្លួន ដោយ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​សុចរិត ហើយ​មាន​ភារកិច្ច​ក្នុង​ការផ្គត់ផ្គង់​សេចក្ដី​ត្រូវការ​ក្នុង​ជីវិត ព្រមទាំង​ការពារ​ក្រុមគ្រួសារ​ខ្លួន​ផង » ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។

ការអាន​ពី​សាវតា

  • រីឆាត ជី ស្កត The Eternal Blessings of Marriage, EnsignLiahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៩៤–៩៧ ។

  • ឌី ថត គ្រីស្តូហ្វឺសិន Let Us Be Men, EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៤៦–៤៨ ។

  • លីនដា ខេ ប៊ើតុន We’ll Ascend Together, EnsignLiahona ខែ មិនា ឆ្នាំ ២០១៥ ទំព័រ ២៩–៣២ ។

  • ហាវើដ ដបុលយូ ហឹនធើរ Being a Righteous Husband and Father, Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៤ ទំព័រ ៦៦–៧០ ។

  • The Sacred Callings of Fathers and Mothers, ជំពូក​ទី ១៥ នៅក្នុង Teachings of Presidents of the Church: Ezra Taft Benson ( ឆ្នាំ ២០១៤ ) ទំព័រ ១៩១–៩៦ ។

យោបល់​សម្រាប់​ការបង្រៀន

អេភេសូរ ៥:២៥

បុរស​គឺ​ត្រូវ​រៀបការ និង​ស្រឡាញ់​លើក​ស្ទួយ​ភរិយា​របស់​ខ្លួន

សូម​ចាប់ផ្ដើម​ថ្នាក់​ដោយ​ការសួរ ៖

  • តើ​បុរស​បាន​ជះ​ឥទ្ធិពល​អ្វី​ខ្លះ​នៅក្នុង​ជីវិត​អ្នក ? ហេតុអ្វី​បាន​ជា​ពួកគេ​មាន​ឥទ្ធិពល​បែប​នោះ​ចំពោះ​អ្នក ?

សូម​ពន្យល់​ថា មេរៀន​នេះ​នឹង​ពិភាក្សា​ពី​តួនាទី​ដ៏​ទេវភាព​ដែល​បាន​ចាត់តាំង​ដល់​បុរស ។ សម្រាប់​បុរស ពុំ​មាន​តួនាទី​ណា​ទៀត​ដែល​សំខាន់​ជាង​តួនាទី​ជា​ស្វាមី និង​ឪពុក​នោះ​ឡើយ ។ ខណៈ​ដែល​បុរស​ព្យាយាម​បំពេញ​តួនាទី​ដ៏​សុចរិត​ទាំងនេះ ពួកគេ​ក្លាយ​កាន់តែ​ដូច​ជា​ព្រះវរបិតា​របស់​ពួកគេ​ដែល​គង់​នៅ​ស្ថានសួគ៌ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អេភេសូរ ៥:២៥ ឮៗ ។

  • តើ​គោលការណ៍​អ្វី ដែល​អ្នក​រៀន​ចេញ​ពី​បទគម្ពីរ​នេះ អំពី​របៀប​ដែល​ស្វាមី​គួរ​ប្រព្រឹត្ត ? ( ថ្វីបី​ពួកគេ​អាច​នឹង​ប្រើប្រាស់​ពាក្យ​ខុសគ្នា ក៏​សិស្ស​គប្បី​រកឃើញ​នូវ​គោលការណ៍​នេះ ៖ ស្វាមី​ត្រូវ​ស្រឡាញ់​ភរិយា​របស់​ខ្លួន ដូច​ព្រះយេស៊ូវ​ស្រឡាញ់​ពួកជំនុំ​របស់​ទ្រង់ ) ។

  • តើ​របៀប​មួយ​ចំនួន​ណា​ខ្លះ ដែល​ព្រះយេស៊ូវគ្រីស្ទ​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ដល់​សាសនាចក្រ​នេះ ?

  • តើ​ស្វាមី​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ ក្នុង​របៀប​ដែល​ពួកគេ​ប្រព្រឹត្ត​ចំពោះ​ភរិយា​គេ ?

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ឆ្នាំ ១៨៩៥–១៩៨៥ ) ហើយ​សូម​ឲ្យ​សិស្សម្នាក់​អាន​វា​ឮៗ ៖

រូបភាព
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល

« ព្រះគ្រីស្ទ​ស្រឡាញ់​សាសនាចក្រ និង​ប្រជាជន​របស់​សាសនាចក្រ​ខ្លាំង​ណាស់ រហូតដល់​ទ្រង់​បាន​ស្ម័គ្រ​ព្រះទ័យ​ស៊ូទ្រាំ​នឹង​ការបៀតបៀន​សម្រាប់​ពួកគេ បាន​រង​ការប្រមាថ​បន្ទាប​បន្ថោក​សម្រាប់​ពួកគេ បានអត់ទ្រាំ​នឹង​ការឈឺចាប់ និង​ការបំពាន​ខាង​រាងកាយ​សម្រាប់​ពួកគេ ហើយ​ទីបំផុត​បាន​ប្រទាន​នូវ​ព្រះជន្ម​ដ៏​មាន​តម្លៃ​ថ្លៃថ្លា​របស់​ទ្រង់​សម្រាប់​ពួកគេ ។

« ពេល​ស្វាមី​រៀបចំ​រួច​ជាស្រេច ដើម្បី​ប្រព្រឹត្ត​ចំពោះ​ក្រុមគ្រួសារ​គាត់​នៅក្នុង​លក្ខណៈ​បែបនោះ មិនមែន​តែ​ចំពោះ​ភរិយា​ទេ តែ​សមាជិក​គ្រប់គ្នា​ក្នុង​ក្រុមគ្រួសារ នឹង​ឆ្លើយតប​ទៅ​នឹង​ភាពជា​អ្នកដឹកនាំ​របស់​គាត់ » ( Home, the Place to Save Society, Ensign ខែ មករា ឆ្នាំ ១៩៧៥ ទំព័រ ៥ ) ។

  • តើ​គំនិត​អ្វី​ដែល​អ្នក​មាន​នៅពេល​អ្នក​ពិចារណា​អំពី​សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន ឃឹមបឹល ?

  • តើ​នៅក្នុង​របៀប​ណាខ្លះ ដែល​ឪពុក​ម្នាក់​អាច​ធ្វើ​ការលះបង់​សម្រាប់​ក្រុមគ្រួសារ​គាត់ នៅក្នុង​ជំនាន់​របស់​យើង​នេះ ?

សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​ចង់​ឲ្យ​បុរស​ពុះពារ​ព្យាយាម​ធ្វើ​ជា​ស្វាមី​ដ៏​សុចរិត ។

អេភេសូរ ៥:២៣; គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១២១:៣៦–៤៦

ឪពុក​គឺ​ត្រូវ​ធ្វើ​ជា​អធិបតី​ដោយ​សុចរិតភាព

សូម​សុំ​សិស្ស​ឲ្យ​មើល​ទៅ​កថាខណ្ឌ​ទី​ប្រាំពីរ​នៃ « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ដើម្បី​រៀន​ពី​អ្វី​ដែល​ព្រះវរបិតាសួគ៌​រំពឹង​ពី​ឪពុក​ទាំងឡាយ ។

  • តើ​ពាក្យ ធ្វើ​ជា​អធិបតី មានន័យ​ដូច​ម្ដេច ? ( ដើម្បី​ផ្ដល់​ការដឹកនាំ និង​ការណែនាំ​ដល់​អ្នក​ផ្សេង​ទៀត ) ។

  • តើ​ការចងចាំ​ឃ្លា « តាម​ការរៀបចំ​ដ៏​ទេវភាព » អាច​ជួយ​បុរស​ម្នាក់​ឲ្យ​បំពេញ​ទំនួលខុសត្រូវ​ដែល​ព្រះ​បាន​ប្រទាន​ដល់​ឪពុក ដោយ​របៀប​ណា ?

ដើម្បី​ជួយ​សិស្ស​យល់​កាន់តែ​ច្បាស់ ពី​របៀប​ដែល​ឪពុក​ម្នាក់​ត្រូវ​ធ្វើ​ជា​អធិបតី​នៅក្នុង​គេហដ្ឋាន នោះ​សុំ​សិស្ស​ម្នាក់​ឲ្យ​អាន អេភេសូរ ៥:២៣ ឮៗ ។ បន្ទាប់មក សុំ​សិស្ស​ម្នាក់​ទៀត​ឲ្យ​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ ដែល​ថ្លែង​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩-១៩៩៤ ) ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« សាវក​ប៉ុល ចង្អុល​បង្ហាញ​ថា ‹ ប្ដី​ជា​ក្បាល​នៃ​ប្រពន្ធ ដូចជា ព្រះគ្រីស្ទ​ទ្រង់​ជា​ព្រះសិរសា​នៃ​ពួកជំនុំ​ដែរ › ( អេភេសូរ ៥:២៣ អក្សរ​ត្រេត​ត្រូវបាន​បន្ថែម ) ។ នោះ​គឺ​ជា​គំរូ ដែល​យើង​ត្រូវ​ធ្វើតាម នៅក្នុង​តួនាទី​របស់​យើង​ក្នុងការ​ធ្វើ​ជា​អធិបតី​នៅក្នុង​គេហដ្ឋាន ។ យើង​ពុំ​ឃើញ​ថា ព្រះអង្គ​សង្គ្រោះ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​ដោយ​ព្រះហស្ដ​ដ៏​ឃោរឃៅ ឬ​គ្មាន​មេត្តា​ឡើយ ។ យើង​ពុំ​ឃើញ​ថា ព្រះអង្គ​សង្គ្រោះ​ប្រព្រឹត្ត​ចំពោះ​សាសនាចក្រ​របស់​ទ្រង់ ដោយ​ការមិន​គោរព ឬ​មិន​អើពើ​ឡើយ ។ យើង​ពុំ​ឃើញ​ថា ព្រះអង្គ​សង្គ្រោះ​ប្រើ​កម្លាំង ឬ​ការបង្ខិត​បង្ខំ ដើម្បី​សម្រេច​នូវ​ព្រះរាជបំណង​របស់​ទ្រង់​ឡើយ ។ មិន​មាន​នៅ​កន្លែង​ណា​សោះ ដែល​យើង​ឃើញ​ថា ព្រះអង្គ​សង្គ្រោះ​ធ្វើ​អ្វី​ក្រៅ​តែ​ពី​ប្រៀន​ប្រដៅ លើកទឹកចិត្ត លួងលោម និង​លើកតម្កើង​ពួកជំនុំ ។ … ទ្រង់​គឺជា​គំរូ ដែល​យើង​ត្រូវតែ​ធ្វើតាម ពេល​យើង​យក​នូវ​ការដឹកនាំ​ខាង​វិញ្ញាណ​ចូលទៅ​ក្នុង​ក្រុមគ្រួសារ​យើង » ( Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ ២០១៤ ] ទំព័រ ១៩៦ ) ។

  • តើ​អ្នក​នឹង​ថ្លែង​គោលការណ៍​មួយ​ដែល​បាន​បង្រៀន​ដោយ​សាវក​ប៉ុល និង​ប្រធាន ប៊ែនសឹន ដោយ​របៀប​ណា ? ( សិស្ស​គួរតែ​ថ្លែង​នូវ​គោលការណ៍​មួយ​ដូច​តទៅ​នេះ ៖ ពេល​បុរស​ម្នាក់​អនុវត្ត​បព្វជិតភាព​ដោយ​សក្ដិសម​នៅក្នុង​គេហដ្ឋាន​របស់​គាត់ គាត់​ជះ​ឥទ្ធិពល​យ៉ាង​សុចរិត​ដល់​ភរិយា និង​កូនៗ​គាត់ ។ បន្ថែម​ទៀត សូម​ចែកចាយ​គោលការណ៍​នេះ​ជាមួយ​សិស្ស ៖ ពេល​បុរស​ព្យាយាម​បំពេញ​តួនាទី​ជា​ស្វាមី និង​ឪពុក​ដោយ​សុចរិត នោះ​ពួកគេ​ក្លាយ​កាន់តែ​ដូច​ជា​ព្រះវរបិតា​របស់​ពួកគេ​ដែល​គង់​នៅ​ស្ថានសួគ៌ ) ។

ដើម្បី​ពន្យល់​បន្ថែម​ទៀត​ថា ស្វាមី និង​ឪពុក​ម្នាក់​ត្រូវ​ធ្វើ​ជា​អធិបតី​នៅក្នុង​គេហដ្ឋាន​ដោយ​របៀប​ណា សូម​ពិចារណា​ក្នុង​ការចែកចាយ​សេចក្ដី​ថ្លែងការណ៍​ដូច​ខាង​ក្រោម​នេះ ដែល​ថ្លែង​ដោយ​ប្រធាន ហាវើដ ដបុលយូ ហឹនធើរ ( ឆ្នាំ ១៩០៧-៩៥ ) ៖

រូបភាព
ប្រធាន ហាវើដ ដបុលយូ ហឹនធើរ

« ដោយ​ការចាត់តាំង​ដ៏​ទេវភាព នោះ​ទំនួលខុសត្រូវ​ដើម្បី​ធ្វើ​ជា​អធិបតី​នៅក្នុង​គេហដ្ឋាន គឺ​មាន​ដល់​អ្នក​កាន់បព្វជិតភាព ( សូមមើល ម៉ូសេ ៤:២២ ) ។ ព្រះអម្ចាស់​មាន​ព្រះរាជ​បំណង​ថា ភរិយា​គឺជា​ជំនួយ​មួយ​ដ៏​សម​សម្រាប់​បុរស ( ដ៏សម មានន័យ​ថា ស្មើគ្នា )—នោះ​គឺថា​ជា​ដៃគូ​ស្មើគ្នា និង​ចំបាច់​ក្នុង​ភាពជាដៃគូ​ដ៏​ពេញលេញ ។ ការធ្វើ​ជា​អធិបតី​នៅក្នុង​សេចក្ដី​សុចរិត តម្រូវ​ជា​ចាំបាច់​ឲ្យ​មាន​ទំនួលខុសត្រូវ​រួម​មួយ​រវាង​ស្វាមី និង​ភរិយា អ្នក​ធ្វើការ​រួម​គ្នា ជាមួយ​នឹង​ការចេះដឹង និង​ការចូលរួម​នៅក្នុង​គ្រប់​បញ្ហា​ទាំងអស់​របស់​ក្រុមគ្រួសារ ។ បុរស​ម្នាក់​ដែល​ធ្វើការ​ដោយ​ឯករាជ្យ ឬ​ដោយ​មិន​គិត​ពី​អារម្មណ៍ និង​ការប្រឹក្សា​របស់​ភរិយា​គាត់ នៅក្នុង​ការគ្រប់គ្រង​ក្រុមគ្រួសារ នោះ​គឺ​អនុវត្ត​អំណាច​ដោយ​មិន​សុចរិត​ហើយ » ( Being a Righteous Husband and Father, Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៤ ទំព័រ ៥០–៥១ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​បើក​ទៅ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១២១:៣៦–៤៦ ។ សូម​ផ្ដល់​យោបល់​ដល់​សិស្ស​ឲ្យ​ធ្វើ​សេចក្ដី​យោង អេភេសូរ ៥:២៣, ២៥ ជាមួយ​នឹង​ខ​ទាំងនេះ ។ ( សូម​ជួយ​សិស្ស​ឲ្យ​អភិវឌ្ឍ​ជំនាញ​សិក្សា​ព្រះគម្ពីរ អំពី​ការធ្វើ​បទគម្ពីរ​យោង ដោយ​ការអញ្ជើញ​ពួកគេ​ឲ្យ​បង្កើត​សេចក្ដី​យោង​ដូច​នោះ នៅ​គ្រប់​ពេល​ដែល​សមរម្យ ) ។

សូម​ទុក​ពេល​ឲ្យ​សិស្ស​ពីរបី​នាទី ដើម្បី​សិក្សា គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១២១:៣៦–៣៩ ហើយ​ពិចារណា​ថា ភាពជា​អ្នកដឹកនាំ​ដែល​បានពិពណ៌នា​នៅក្នុង​ខ​ទាំងនេះ ផ្ទុយ​គ្នា​ពី​ប្រភេទ​នៃ​ភាពជា​អ្នកដឹក​នាំ​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​ជា​គំរូ យ៉ាង​ដូច​ម្ដេច​ដែរ ។

  • តើ​អ្នក​គិត​ថា ឃ្លា « សិទ្ធិ​ទាំងឡាយ​នៃ​បព្វជិតភាព » មានន័យ​ដូច​ម្ដេច ? ( ពេល​បុរស​ម្នាក់​ទទួល​បព្វជិតភាព ព្រះ​ប្រទាន​នូវ​សិទ្ធិ និង​សិទ្ធិអំណាច​ជាក់លាក់​ដល់​គាត់ ។ បុរស​នោះ​អាច​អនុវត្ត​សិទ្ធិ​ទាំងនេះ​បាន មាន​តែ​នៅ​ពេល​ដែល​គាត់​ប្រព្រឹត្ត​ក្នុង​សេចក្ដី​សុចរិត​ប៉ុណ្ណោះ ) ។

  • តើ​មាន​អ្វី​កើត​ឡើង ពេល​អ្នក​កាន់​បព្វជិតភាព​ម្នាក់​ពុំ​រស់នៅ​ដោយ​សុចរិត ? ( ព្រះ​ដកយក​អំណាច​នៃ​ស្ថានសួគ៌​ពី​បុរស​នោះ​វិញ ហើយ​បុរស​នោះ​មិន​អាច​អនុវត្ត​សិទ្ធិអំណាច​បព្វជិតភាព​បាន​ទៀត​ឡើយ គាត់​ធ្វើ​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​សោក​សង្រេង​ហើយ ) ។

ដើម្បី​យល់​ថា ឪពុក​ម្នាក់​គប្បី​ដឹកនាំ​ក្រុមគ្រួសារ​គាត់​ដោយ​របៀប​ណា នោះ​សូម​សុំ​សិស្ស​បី​បួន​នាក់​ឲ្យ​ឆ្លាស់​វេន​គ្នា​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១២១:៤១–៤៦ ឮៗ ។

  • តើ​លក្ខណៈ​ដូច​ជា​ព្រះគ្រីស្ទ​មួយ​ចំនួន​អ្វី​ខ្លះ ដែល​ត្រូវបាន​ពិពណ៌នា​នៅក្នុង​ខ​ទាំងនេះ ? តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ឪពុក​ម្នាក់​ដែល​មាន​លក្ខណៈ​ទាំងនេះ អាច​មាន​លទ្ធភាព​ទាញ​យក​អំណាច​ពី​ស្ថានសួគ៌​បាន ?

  • តើ​លក្ខណៈ​ដូច​ព្រះគ្រីស្ទ​ទាំងនេះ នឹង​ជួយ​ដល់​ឪពុក​ឲ្យ​ធ្វើ​ជា​អធិបតី​នៅក្នុង​គេហដ្ឋាន​របស់​ពួកគេ​ដូច​ម្ដេច​ដែរ ? ( អ្នក​អាច​បញ្ជាក់​ថា លក្ខណៈ​ដូច​ព្រះគ្រីស្ទ​ទាំងនេះ ក៏​គួរតែ​ត្រូវបាន​ធ្វើ​ដោយ​ស្ត្រី​ឲ្យ​បាន​ប្រសើរ​ផងដែរ ) ។

  • សូម​ពិពណ៌នា​ថា វា​អាច​នឹង​មាន​អារម្មណ៍​បែបណា​ក្នុង​ការធ្វើ​ជា​ភរិយា ឬ​ជា​កូន​របស់​បុរស​ម្នាក់ ដែល​ព្យាយាម​ធ្វើតាម​គំរូ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ តាម​របៀប​ដែល​គាត់​ដឹកនាំ​ក្រុមគ្រួសារ​គាត់ ។

សូម​បង្ហាញ និង​ចែកចាយ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ ដែល​បាន​សរសេរ​ដោយ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ នៅក្នុង​ឆ្នាំ ១៩៧៣ ៖

« ភាពជា​ឪពុក​គឺជា​ភាពជា​អ្នកដឹកនាំ ជា​ប្រភេទ​នៃ​ភាពជា​អ្នកដឹកនាំ​ដ៏​សំខាន់​បំផុត ។ វា​តែងតែ​ដូច្នេះ ហើយ​វា​នឹង​តែងតែ​នៅ​ដូច្នេះ​ជានិច្ច ។ ចំពោះ​ឪពុក ដោយ​មាន​ជំនួយ និង​ការប្រឹក្សា និង​ការលើក​ទឹកចិត្ត​ពី​ដៃគូ​ដ៏​អស់កល្ប​ជានិច្ច​របស់​អ្នក អ្នក​ធ្វើ​ជា​អធិបតី​នៅក្នុង​គេហដ្ឋាន​របស់​អ្នក ។ វា​មិន​មែន​ជា​បញ្ហា​ថា​តើ​អ្នក​មាន​ភាពសក្ដិសម​បំផុត ឬ​មាន​គុណសម្បត្តិ​ល្អ​បំផុត​នោះ​ទេ ប៉ុន្តែ​វា​ជា​បញ្ហា​នៃ​ក្រឹត្យវិន័យ និង​ការតែងតាំង [ ដ៏ទេវភាព ] ( Father, Consider Your Ways, Ensign ខែ មិថុនា ឆ្នាំ ២០០២ ទំព័រ ១៦ ) ។

  • បងប្អូន​ស្រី តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​លើក​ទឹកចិត្ត​ដល់​យុវជន ឲ្យ​លើក​តម្កើង​ដល់​តួនាទី និង​ទំនួល​ខុសត្រូវ​ដ៏​ទេវភាព​របស់​ពួកគេ នៅក្នុង​ក្រុមគ្រួសារ​ក្នុង​ពេល​អនាគត​របស់​ពួកគេ ?

  • តើ​អ្នក​រាល់​គ្នា—ទាំង​បុរស និង​ស្ត្រី—អាច​ធ្វើ​អ្វី​នៅ​ពេល​ឥឡូវ​នេះ ដើម្បី​រៀបចំ​កាន់តែ​ប្រសើរ ដើម្បី​ដឹកនាំ​ក្រុមគ្រួសារ​ក្នុង​ពេល​អនាគត​របស់​អ្នក ?

ម៉ាថាយ ២:១៣–១៦; ធីម៉ូថេ ទី១ ៥:៨; គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៧៥:២៨; ៨៣:២, ៤

ឪពុក​ត្រូវ​ផ្គត់ផ្គង់ និង​ការពារ​ក្រុមគ្រួសារ​របស់​ពួកគេ

សូម​សុំ​សិស្ស​ឲ្យ​អាន ធីម៉ូថេ ទី១ ៥:៨ និង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៧៥:២៨; ៨៣:២, ៤ ហើយ​រកមើល​កាតព្វកិច្ច​ដ៏​សំខាន់​មួយ​ទៀត​របស់​ឪពុក​ទាំងឡាយ ។ ( អ្នក​អាច​ផ្ដល់​យោបល់​ឲ្យ​សិស្ស​ធ្វើ​សេចក្ដី​យោង​វគ្គ​បទគម្ពីរ​ទាំងនេះ ) ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់​រំពឹង​ឲ្យ​ឪពុក​ផ្គត់ផ្គង់​សេចក្ដី​ត្រូវការ​ក្នុង​ជីវិត​ដល់​ក្រុមគ្រួសារ​របស់​ពួកគេ ? ( ពេល​សិស្ស​ឆ្លើយ​តប សូម​ចង្អុល​បង្ហាញ​ថា នៅក្នុង​ផ្ទះ​ដែល​មាន​តែ​ម្ដាយ នោះ​ម្ដាយ​អាច​ផ្គត់ផ្គង់​សម្រាប់​ក្រុមគ្រួសារ​គាត់ ) ។

  • តើ​វគ្គ​នេះ​អាច​មាន​អត្ថន័យ​ដូច​ម្ដេច សម្រាប់​យុវជន​ម្នាក់​ដែល​មិន​ទាន់​រៀបការ ?

សូម​សុំ​សិស្ស​ឲ្យ​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដែល​ថ្លែង​ដោយ​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០–២០០៨ ) ៖

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« ចូរ​ខំប្រឹង​ស្វែងរក​ការអប់រំ ។ ចូរ​ទទួល​ការបំពាក់​បំប៉ន​ទាំងអស់​ដែល​អ្នក​អាច​ទទួល​បាន ។ ពិភពលោក​នេះ​នឹង​បង់ថ្លៃ​ដល់​អ្នក​នូវ​អ្វី​ដែល​វា​គិត​ថា អ្នក​មាន​តម្លៃ ។ … វា​គឺជា​កាតព្វកិច្ច​ដ៏​ចម្បង​របស់​អ្នក ក្នុង​ការផ្គត់ផ្គង់​ក្រុមគ្រួសារ​របស់​អ្នក » ( Living Worthy of the Girl You Will Someday Marry, Ensign ខែ ឧសភា ឆ្នាំ ១៩៩៨ ទំព័រ ៥០ ) ។

សូម​សង្កត់​ធ្ងន់​ដល់​សិស្ស​ថា សម្រាប់​ជា​សុវត្ថិភាព​ទៅ​ថ្ងៃ​អនាគត​សម្រាប់​ក្រុមគ្រួសារ​របស់​អ្នក វា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ទាំង​យុវជន និង​យុវនារី ក្នុង​ការទាញ​យក​ប្រយោជន៍​ក្នុង​ពេល​នេះ​ក្នុង​ជីវិត​របស់​ពួកគេ ដើម្បី​ទទួល​បាន​ការអប់រំ និង​ការបំពាក់​បំប៉ន​ការងារ​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។

សូម​ចង្អុល​បង្ហាញ​ថា នៅក្នុង​ការប្រកាស​អំពី​ក្រុមគ្រួសារ ថ្នាក់ដឹកនាំ​សាសនាចក្រ​បាន​បង្រៀន​ថា ឪពុក​ត្រូវ​ផ្គត់ផ្គង់ និង​ការពារ​ក្រុមគ្រួសារ​របស់​ពួកគេ ។

  • តើ​អ្វី​ខ្លះ​ជា​គ្រោះថ្នាក់​ដែល​គំរាមកំហែង​ដល់​ក្រុមគ្រួសារ​នៅ​សព្វថ្ងៃ​នេះ ?

  • តើ​អ្នក​ធ្លាប់​ឃើញ​ឪពុក​សុចរិត​ការពារ​ក្រុមគ្រួសារ​របស់​ពួកគេ​ដែរ​ឬ​ទេ ?

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដែល​ថ្លែង​ដោយ​ប្រធាន ហាវើដ ដបុលយូ ហឹនធើរ ហើយ​សុំ​សិស្ស​ម្នាក់​ឲ្យ​អាន​វា​ឮៗ ៖

រូបភាព
ប្រធាន ហាវើដ ដបុលយូ ហឹនធើរ

« ឪពុក​សុចរិត​ម្នាក់​ការពារ​កូនៗ​របស់​គាត់ ដោយ​ចំណាយ​ពេល​វេលា និង​វត្តមាន​របស់​គាត់ នៅក្នុង​សកម្មភាព និង​ទំនួល​ខុសត្រូវ​ខាង​សង្គម ខាង​អប់រំ និង​ខាង​វិញ្ញាណ​ទាំងឡាយ​របស់​ពួកគេ » ( Being a Righteous Husband and Father, Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៤ ទំព័រ ៥១ ) ។

  • តើ​អ្នក​អាច​អនុវត្ត​ដំបូន្មាន​នេះ​នៅក្នុង​ក្រុមគ្រួសារ​ក្នុង​ពេល​អនាគត ឬ​នៅក្នុង​ក្រុមគ្រួសារ​ឥឡូវ​នេះ​របស់​អ្នក ដោយ​របៀប​ណា​ដែរ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ពី​របៀប​ដែល​ពួកគេ​ព្យាយាម​ពង្រឹង និង​ការពារ​ដល់​ក្រុមគ្រួសារ​របស់​ពួកគេ ហើយ​បន្ទាប់​មក​កត់ត្រា​ចំណាប់​អារម្មណ៍​របស់​ពួកគេ ។

សូម​ពន្យល់​ថា យើង​អាច​រៀន​ពី​គោលការណ៍​ដ៏​សំខាន់​មួយ​ពី​ការខ្វល់ខ្វាយ​របស់​យ៉ូសែប ចំពោះ​ព្រះយេស៊ូវ​ដ៏​ក្មេង​ខ្ចី ។ សូម​សុំ​សិស្ស​ឲ្យ​អាន ម៉ាថាយ ២:១៣–១៦ ដោយ​រកមើល​អ្វី​ដែល​យ៉ូសែប​បាន​ធ្វើ ដើម្បី​ការពារ​ព្រះគ្រីស្ទ​ជា​កូន ពី​គ្រោះថ្នាក់ ។

សូម​ប្រាប់​សិស្ស​ថា ថ្វីបើ​ពួកគេ​មិន​ទំនង​ជា​នឹង​ត្រូវ​ផ្លាស់​ប្ដូរ​ទីលំនៅ ដើម្បី​ការពារ​ក្រុមគ្រួសារ​របស់​ខ្លួន​ក្ដី ក៏​ពួកគេ​អាច​ប្រៀប​ប្រដូច និង​អនុវត្ត​ខ​ទាំងនេះ​ទៅនឹង​ខ្លួន​ពួកគេ ដោយ​វិភាគ​នូវ​ព័ត៌មាន​ពិស្តារ​សំខាន់ៗ ៖

  • តើ​ព្រះអម្ចាស់​បាន​មាន​បន្ទូល​អ្វី ទៅកាន់​យ៉ូសែប នៅក្នុង ខ ១៣ ?

  • តើ​ពេល​ណា ហើយ​ដោយ​របៀប​ណា ដែល​យ៉ូសែប​បាន​ឆ្លើយតប​ទៅកាន់​ការព្រមាន​នេះ ?

  • តើ​នៅក្នុង​របៀប​ណា​ខ្លះ ដែល​ឪពុក​អាច​ធ្វើតាម​គំរូ​របស់​យ៉ូសែប នៅក្នុង​ការការពារ​ក្រុមគ្រួសារ​របស់​ពួកគេ ? ( សូម​ប្រាកដ​ថា សិស្ស​យល់​ពី​គោលការណ៍​តទៅ​នេះ ៖ ពេល​ឪពុក​ព្យាយាម និង​ធ្វើតាម​ការដឹកនាំ​ពី​ព្រះអម្ចាស់ ពួកគេ​អាច​ការពារ​ក្រុមគ្រួសារ​របស់​ពួកគេ​បាន​កាន់តែ​ល្អ ) ។

បុរស និង​ស្ត្រី​គប្បី​បំពេញ​តាម​ផែនការ​របស់​ព្រះអម្ចាស់

សូម​បង្ហាញ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ រីឆាត ជី ស្កត នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

រូបភាព
អែលឌើរ រីឆាត ជី ស្កត

« បើ​អ្នក​ជា​យុវជន​ដែល​មាន​អាយុ​សមរម្យ ហើយ​មិនទាន់​រៀបការ ចូរ​កុំ​ចំណាយ​ពេល​ឥត​ប្រយោជន៍​ក្នុង​ការតាម​រក​អ្វី​ដែល​ឥត​ប្រយោជន៍ ។ ចូរ​ធ្វើ​ឲ្យ​ជីវិត​ចម្រើន​ឡើង ហើយ​ផ្ដោត​លើ​ការរៀបការ ។ កុំ​ចេះតែ​រស់នៅ​ដោយ​មិន​ប្រឹងប្រែង​ដើម្បី​ភាពរីក​ចម្រើន​នៅក្នុង​ជីវិត​នេះ ។ យុវជន​អើយ ចូរ​បម្រើ​បេសកកម្ម​ដោយ​សក្ដិសម ។ បន្ទាប់​មក ចូរ​ដាក់​អាទិភាព​ខ្ពស់​បំផុត​របស់​អ្នក​ក្នុង​ការស្វែងរក​ដៃគូ​ដ៏​សក្ដិសម និង​អស់កល្ប​ជានិច្ច​ម្នាក់ ។ …

« … អាពាហ៍ពិពាហ៍​ផ្ដល់​នូវ​ឥរិយាបទ​ដ៏​វិសេសវិសាល​មួយ ដើម្បី​ឈ្នះ​លើ​ការទោរទន់​ទៅ​រក​ភាពអាត្មានិយម ឬ​ការផ្ដោត​តែ​ពី​ខ្លួន​ឯង ។ ខ្ញុំ​គិត​ថា មូលហេតុ​មួយ​ក្នុង​ចំណោម​នេះ ដែល​យើង​ត្រូវបាន​ទូន្មាន​ឲ្យ​រៀបការ​ឆាប់ៗ​នៅក្នុង​ជីវិត គឺ​ដើម្បី​ចៀសវាង​ពី​ការបង្កើត​នូវ​ចរិតលក្ខណៈ​មិន​សមរម្យ ដែល​ពិបាក​នឹង​កែប្រែ » ( The Eternal Blessings of Marriage, EnsignLiahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៩៥–៩៧ ) ។

  • នៅក្នុង​ពិភពលោក​សព្វ​ថ្ងៃ​នេះ តើ​មាន​សម្ពាធ​អ្វី​ខ្លះ សម្រាប់​យុវជន និង​យុវនារី ក្នុង​ការពន្យា​ពេល​ក្នុង​ការរៀបការ ?

  • ហេតុអ្វី​មារសត្រូវ​ព្យាយាម​ទាក់ទាង​យុវជន និង​យុវនារី​ឲ្យ​ងាកចេញ​ពី​ការតាមរក​ទំនាក់ទំនង​ដែល​អាច​ដឹកនាំ​ទៅកាន់​ការរៀបការ និង​បង្កើត​កូន ?

  • តើ​អ្នក​គិត​ថា ហេតុអ្វី​ថ្នាក់ដឹកនាំ​សាសនាចក្រ​ផ្ដល់​ដំបូន្មាន​ជានិច្ច​ដល់​យុវជន ឲ្យ​ស្វែងរក​យ៉ាង​សកម្ម​នូវ​ទំនាក់ទំនង​ដែល​អាច​ដឹកនាំ​ទៅកាន់​ការរៀបការ ?

កំណត់​ចំណាំ ៖ អំឡុង​ពេល​នៃ​ការពិភាក្សា​នេះ សូម​យោគយល់​ពី​ការពិត​ដែល​ថា យុវជន​ខ្លះ​នៅក្នុង​ថ្នាក់​របស់​អ្នក​ប្រហែល​ជា​មិន​ដែល​រៀបការ ឬ​ក្លាយ​ជា​ឪពុក​ឡើយ ដោយសារ​កាលៈទេសៈ​ទាំងឡាយ​ដែល​ហួស​ពី​ការគ្រប់គ្រង​របស់​ពួកគេ ) ។

កាលដែល​អ្នក​បញ្ចប់ សូម​គិត​អំពី​កាលៈទេសៈ​ទាំងឡាយ​របស់​សិស្ស​អ្នក ។ តើ​អ្នក​អាច​អញ្ជើញ​សិស្ស​ប្រុសៗ​របស់​អ្នក ឲ្យ​បំពេញ​កាតព្វកិច្ច​របស់​ពួកគេ​អ្វី​ខ្លះ ដើម្បី​ក្លាយ​ជា​ស្វាមី និង​ឪពុក​ដ៏​សុចរិត ? អ្នក​អាច​អញ្ជើញ​សិស្ស​ទាំងអស់​របស់​អ្នក ឲ្យ​ផ្ដោត​លើ​ការអភិវឌ្ឍ​គុណតម្លៃ​ដូច​ព្រះគ្រីស្ទ​មួយ​ដ៏​ជាក់លាក់ ដូចជា​ការអត់ធ្មត់ ឬ​ការបង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​អ្នក​ដទៃ ដែល​នឹង​ជា​ប្រយោជន៍​ដល់​ក្រុមគ្រួសារ​របស់​ពួកគេ ។

ការអាន​របស់​សិស្ស​