ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១៣ ៖ ការធ្វើ​ឲ្យ​ការថ្វាយ​បង្គំ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​កាន់តែ​ប្រសើរ​ឡើង


មេរៀន​ទី ១៣

ការធ្វើ​ឲ្យ​ការថ្វាយ​បង្គំ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​កាន់តែ​ប្រសើរ​ឡើង

សេចក្ដីផ្ដើម

ការថ្វាយ​បង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដ៏​បរិសុទ្ធ រៀបចំ​យើង​ឲ្យ​ក្លាយជា​សិស្ស​កាន់តែ​ប្រសើរ​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ « ពិធី​បរិសុទ្ធ និង​សេចក្តី​សញ្ញា​ដ៏​ពិសិដ្ឋ​ទាំង​ប៉ុន្មាន ដែល​មាន​នៅ [ ទីនោះ ] ធ្វើឲ្យ​បុគ្គល​ម្នាក់ៗ អាច​វិល​ត្រឡប់​ទៅ​វត្តមាន​នៃ​ព្រះ​វិញ » (« ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។ ប្រធាន ហាវើដ ដបុលយូ ហឹនធើរ ( ឆ្នាំ ១៩០៧-៩៥ ) បានលើក​ទឹកចិត្ត​សមាជិក​សាសនាចក្រ ឲ្យ​ទុក​ព្រះវិហារ​បរិសុទ្ធ​ជា « និមិត្តរូប​ដ៏​អស្ចារ្យ​នៃ​សមាជិភាព​របស់​ពួកគេ » ( The Great Symbol of Our Membership, Ensign ខែ តុលា ឆ្នាំ ១៩៩៤ ទំព័រ ២ ) ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​រៀន​ពី​របៀប ដើម្បី​ពង្រីក​ការថ្វាយបង្គំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ពួកគេ ដើម្បី​នាំ​មក​នូវ​ពរជ័យ​កាន់តែ​អស្ចារ្យ​ចូល​ក្នុង​ជីវិត​ក្រុមគ្រួសារ​របស់​ពួកគេ ។

ការអាន​ពី​សាវតា

  • រីឆាត ជី ស្កត Temple Worship: The Source of Strength and Power in Times of Need, EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៤៣–៤៥ ។

  • អិល លីអូណិល ខិនឌ្រិក Enhancing Our Temple Experience, Ensign ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ៧៨-៧៩ ។

  • ការរៀបចំ​ខ្លួន​ដើម្បី​ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ ( កូនសៀវភៅ ឆ្នាំ ២០០២ ) ។

យោបល់​សម្រាប់​ការបង្រៀន

ទំនុកដំកើង ២៤:៣–៥; យ៉ូហាន ២:១៣–១៦; គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១០៩:១០–១៣, ២០–២២

ភាព​សក្ដិសម​ដើម្បី​ចូល​ទៅ​ព្រះវិហារបរិសុទ្ធ

សូម​បង្ហាញ​រូបភាព​ព្រះវិហារ​បរិសុទ្ធ​មួយ ដែល​ជិត​ផ្ទះ​អ្នក​បំផុត ។ សូម​ចង្អុល​បង្ហាញ​ថា ឃ្លា បរិសុទ្ធ​ថ្វាយ​ព្រះអម្ចាស់ គឺ​ត្រូវបាន​ឆ្លាក់​នៅលើ​ផ្ទៃ​ខាងក្រៅ នៃ​គ្រប់​ព្រះវិហារ​បរិសុទ្ធ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន យ៉ូហាន ២:១៣-១៦ ហើយ​ពិចារណា​ពី​របៀប​ដែល​ដំណើរ​រឿង​នេះ បង្ហាញ​ពី​ធម្មជាតិ​ដ៏​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ។

  • តើ​ដំណើរ​រឿង​នេះ បង្ហាញ​ពី​អាកប្បកិរិយា​យ៉ាង​ណា ដែល​យើង​គប្បី​មាន​ចំពោះ​ព្រះវិហារ​បរិសុទ្ធ ?

  • តើ​នៅក្នុង​របៀប​ណា​ខ្លះ ដែល​មនុស្ស​សព្វថ្ងៃ​នេះ អាច​នឹង​បង្ហាញ​ការមិន​គោរព​ដល់​ព្រះវិហារ​បរិសុទ្ធ ?

សូម​សុំ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១០៩:២០ ដែល​ជា​ផ្នែក​នៃ​ការអធិស្ឋាន​ឧទ្ទិស​សម្រាប់​ព្រះវិហារ​បរិសុទ្ធ ខឺតឡង់ ៖

  • តើ​គោលការណ៍​អ្វី​ខ្លះ ដែល​យើង​អាច​រៀន​មកពី​ខ​នេះ ? ( ចម្លើយ​របស់​សិស្ស​គួរ​បញ្ចូល​នូវ​គោលការណ៍​នេះ ៖ ព្រះ​បាន​បញ្ជា​ថា គ្មាន​អ្វី​ដែល​ពុំ​ស្អាត ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលទៅ​ក្នុង​ព្រះដំណាក់​របស់​ទ្រង់​ឡើយ ។ សូម​ចង្អុល​បង្ហាញ​ថា នៅក្នុង​ព្រះគម្ពីរ ព្រះវិហារ​បរិសុទ្ធ គឺ​តែង​ត្រូវបាន​បង្ហាញ​ថា​ជា​កន្លែង​នៃ​ភាពស្អាតស្អំ បរិសុទ្ធ ស័ក្ដិសិទ្ធ និង​ភាពសក្ដិសម ។ អ្នក​អាច​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​រកមើល​ទំនាក់ទំនង​នេះ ពេល​ពួកគេ​អាន​អំពី​ព្រះវិហារ​បរិសុទ្ធ ។

  • តើ​បទដ្ឋាន​នៃ​ភាពសក្ដិសម​មួយ​ចំនួន​ណាខ្លះ ដែល​បុគ្គល​ម្នាក់ៗ​ត្រូវតែ​បំពេញ មុនពេល​ដែល​ពួកគេ​អាច​ចូល​ទៅក្នុង​ព្រះវិហារ​បរិសុទ្ធ​បាន ?

សូម​ទុក​ពេល​ឲ្យ​សិស្ស​ពីរបី​នាទី ដើម្បី​សិក្សា គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១០៩:១០-១៣, ២១-២២ និង ទំនុកដំកើង ២៤:៣–៥ ហើយ​រកមើល​ពរជ័យ​ទាំងឡាយ ដែល​ទាក់ទង​នឹង​ការថ្វាយបង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដោយ​ភាពសក្ដិសម ។ អ្នក​អាច​ផ្ដល់​យោបល់​ឲ្យ​សិស្ស​គូសចំណាំ​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​ការសន្យា​អ្វី​ខ្លះ ដែល​ត្រូវបាន​ផ្ដល់​ឲ្យ​នៅក្នុង​ខ​ទាំងនេះ ដល់​ពួកអ្នក​ដែល​ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដោយ​ភាពសក្ដិសម​នោះ ? ( សិរីល្អ​របស់​ព្រះអម្ចាស់ នឹង​ស្ថិត​នៅ​លើ​រាស្ត្រ​របស់​ទ្រង់ ពួក​អ្នក​ដែល​ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ នឹង​ទទួល​អារម្មណ៍​នៃ​ព្រះចេស្ដា​របស់​ព្រះអម្ចាស់ ហើយ​ទទួល​ស្គាល់​ថា វា​ជា​កន្លែង​ដែល​ត្រូវបាន​បន្សុទ្ធ ហើយ​បរិសុទ្ធ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ព្រះអម្ចាស់​នឹង​ដាក់​ព្រះនាម​ទ្រង់​នៅលើ​យើង ហើយ​យើង​នឹង​ត្រូវបាន​បំពាក់​ដោយ​ព្រះចេស្ដា​របស់​ទ្រង់ ហើយ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​អាច​ទទួល​បាន​នូវ​ពរជ័យ និង​សេចក្ដី​សុចរិត​ទាំងឡាយ​ពី​ព្រះអម្ចាស់ ) ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ការសន្យា​ទាំងនេះ ផ្អែក​ទៅលើ​ភាពសក្ដិសម​របស់​យើង ?

  • តើ​អ្នក​នឹង​និយាយ​យ៉ាង​ដូច​ម្ដេច បើ​មាន​មនុស្ស​ម្នាក់​កំពុង​ឆ្ងល់​ថា​បើ​ការធ្វើ​ឲ្យ​មាន​ភាពសក្ដិសម​ដើម្បី​បាន​បណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ សម​នឹង​តម្លៃ​នៃ​ការប្រឹងប្រែង​នោះ​ឬ​ទេ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ដូច​ខាង​ក្រោម​ដោយ​ប្រធាន ថូម៉ាស អេស ម៉នសុន ៖

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« ពួកអ្នក​ដែល​យល់​ពី​ពរជ័យ​ដ៏​អស់កល្ប​ជានិច្ច ដែល​មកពី​ព្រះវិហារ​បរិសុទ្ធ ដឹងថា​គ្មាន​ការពលិកម្ម​ណាមួយ​មហិមា​ខ្លាំងពេក គ្មាន​តម្លៃ​ណា​ធ្ងន់ធ្ងរ​ពេក និង​គ្មាន​ការ​ពុះពារ​ណា​លំបាក​ពេក ក្នុងការ​ទទួល​ពរជ័យ​ទាំងនោះ​ឡើយ ។ … ពួកគេ​យល់​ថា ពិធីបរិសុទ្ធ​នៃ​សេចក្តី​សង្គ្រោះ​ទាំងឡាយ ដែល​បាន​ទទួល​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ដែល​អនុញ្ញាត​ឲ្យ​យើង​ត្រឡប់​ទៅ​ព្រះវរបិតាសួគ៌​របស់​យើង នៅក្នុង​ទំនាក់ទំនង​ក្រុមគ្រួសារ​ដ៏​អស់កល្ប​ជានិច្ច​មួយ ហើយ​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​ជាមួយ​នឹង​ពរជ័យ និង​ព្រះចេស្ដា​ពី​ស្ថាន​ខ្ពស់ ដែល​សក្ដិសម​ចំពោះ​ការលះបង់ និង​ការខិតខំ​ទាំង​អស់ » ( The Holy Temple—A Beacon to the World, EnsignLiahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៩២ ) ។

  • តើ​ពរជ័យ​អ្វីខ្លះ ដែល​អ្នក​បានទទួល ពេលដែល​អ្នក​បាន​ចូលរួម​ក្នុង​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ?

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ទទួល និង​រក្សា​បណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​សុពលភាព​មួយ អស់​មួយ​ជីវិត​របស់​ពួកគេ ។ សូម​សង្កត់​បញ្ជាក់​ថា នៅពេល​ពួកគេ​ថ្វាយបង្គំ​ព្រះអម្ចាស់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់ ដោយ​រាបទាប នោះ​ពួកគេ​នឹង​ទទួល​បាន​នូវ​ពរជ័យ​ដែល​មាន​សម្រាប់​តែ​អ្នក​ស្មោះត្រង់​នៅក្នុង​ព្រះដំណាក់​ដ៏​បរិសុទ្ធ​នៃ​ទ្រង់ ។

នីហ្វៃទី៣ ១៧:១-៣

ការធ្វើ​ឲ្យ​ការថ្វាយ​បង្គំ​របស់​យើង​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​បាន​ប្រសើរ​ឡើង

សូម​សរសេរ​ដូច​ខាងក្រោម​នេះ​នៅលើ ក្ដារខៀន ហើយ​សួរ​សិស្ស​ថា តើ​ពួកគេ​នឹង​បំពេញ​ប្រយោគ​នេះ​ដោយ​របៀប​ណា ៖

អ្វី​ដែល​យើង​ទទួល​បាន​ពី​ព្រះវិហារ​បរិសុទ្ធ នឹង​ផ្អែក​ទៅ​លើ

បន្ទាប់​ពី​ទទួល​បាន​ចម្លើយ​មួយ​ចំនួន​ហើយ សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ប៊យដ៍ ឃេ ផាកកឺ នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ៖

រូបភាព
ប្រធាន ប៊យដ៍ ឃេ ផាកកឺ

« អ្វី​ដែល​យើង​ទទួល​បាន ពី ព្រះវិហារ​បរិសុទ្ធ នឹង​ពឹង​ផ្អែក​មួយ​ភាគ​ធំ​ទៅលើ​អ្វី​ដែល​យើង​យក​ទៅ ព្រះវិហារ​បរិសុទ្ធ នៅក្នុង​របៀប​នៃ​ការបន្ទាបខ្លួន និង​គារវភាព និង​បំណង​ប្រាថ្នា​ដើម្បី​រៀន ។ បើ​យើង​ងាយ​ទទួល​ការបង្រៀន នោះ​យើង​នឹង​ត្រូវបាន​បង្រៀន​ដោយ​ព្រះវិញ្ញាណ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ » ( The Holy Temple [ ឆ្នាំ ១៩៨០ ] ទំព័រ ៤២ ) ។

  • តើ​អ្នក​គិត​ថា បទពិសោធន៍​របស់​អ្នក​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ នឹង​មាន​ឥទ្ធិពល​យ៉ាង​ណា បើ​អ្នក​ទៅ​ទីនោះ​ជាមួយ​នឹង​ស្មារតី​នៃ « ការបន្ទាបខ្លួន និង​គារវភាព និង​បំណង​ប្រាថ្នា​ដើម្បី​រៀន » នោះ ? ( នៅពេល​សិស្ស​ឆ្លើយ សូម​សរសេរ​គោលការណ៍​ដូច​តទៅ​នេះ​នៅលើ​ក្ដារខៀន ៖ បើ​យើង​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​នឹង​ការបន្ទាបខ្លួន និង​គារវភាព និង​បំណង​ប្រាថ្នា​ដើម្បី​រៀន នោះ​យើង​នឹង​ត្រូវបាន​បង្រៀន​ដោយ​ព្រះវិញ្ញាណ ) ។

សូម​ពន្យល់​ទៅ​សិស្ស​ថា ពេល​ព្រះអង្គ​សង្គ្រោះ​បាន​យាង​ទៅ​ជួប​ពួកសាសន៍​នីហ្វៃ ទ្រង់​បាន​បង្រៀន​ពួកគេ​ពី​គំរូ​មួយ ដើម្បី​ឲ្យ​យល់​ពី​ការណ៍​ដ៏​ពិសិដ្ឋ​ទាំងឡាយ ដែល​យើង​អាច​ធ្វើតាម ពេល​ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន នីហ្វៃទី៣ ១៧:១–៣ ឮៗ ។

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ដល់​ពួក​អ្នក​ស្ដាប់​ទ្រង់ ឲ្យ​ធ្វើ​អ្វី ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​រៀបចំ​ដើម្បី​យល់​ពី​ការណ៍​ដ៏​ពិសិដ្ឋ​ទាំងឡាយ ?

  • តើ​យើង​អាច​ធ្វើតាម​គំរូ​នេះ​បាន​យ៉ាង​ដូចម្ដេច ដើម្បី​ធ្វើ​ឲ្យ​គុណភាព​នៃ​បទពិសោធន៍​របស់​យើង​នៅ​ព្រះវិហារ​បរិសុទ្ធ​បាន​ប្រសើរ​ឡើង ? ( យើង​គួរតែ​សញ្ជឹង​គិត ពី​អ្វី​ដែល​យើង​មាន​បទពិសោធន៍​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ អធិស្ឋាន​ដើម្បី​បាន​យល់ រៀបចំ​ដើម្បី​ចូលរួម​លើកក្រោយ​ទៀត ហើយ​ត្រឡប់​ទៅ​វិញ​ឲ្យ​បាន​ញឹកញាប់​តាម​ដែល​កាលៈទេសៈ​ផ្ដល់​ឲ្យ ) ។

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ អិល លីអូណិល ខិនឌ្រិក នៃ​ពួក​ចិតសិប​នាក់ ហើយ​សុំ​សិស្ស​ឲ្យ​ស្ដាប់​រក​ឃ្លា​ទាំងឡាយ ដែល​ប្រាប់​ពី​របៀប​នានា​ដែល​យើង​អាច​ធ្វើ​ឲ្យ​ការថ្វាយបង្គំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​យើង​បាន​ប្រសើរ​ឡើង ។

រូបភាព
អែលឌើរ អិល លីអូណិល ខិនឌ្រិក

« មាន​ភាពខុសគ្នា​មួយ ក្នុង​ការគ្រាន់តែ​ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ការមាន​បទពិសោធន៍​ខាង​វិញ្ញាណ​ដ៏​បរិបូរ ។ ពរជ័យ​ដ៏​ពិត​នៃ​ព្រះវិហារ​បរិសុទ្ធ​បាន​មក ពេលដែល​យើង​ធ្វើ​ឲ្យ​បទពិសោធន៍​ព្រះវិហារ​បរិសុទ្ធ​របស់​យើង​ប្រសើរ​ឡើង ។ ដើម្បី​ធ្វើ​ដូច្នោះ យើង​ត្រូវតែ​មាន​អារម្មណ៍​ពី​វិញ្ញាណ​នៃ​គារវភាព​សម្រាប់​ព្រះវិហារ​បរិសុទ្ធ និង​វិញ្ញាណ​នៃ​ការថ្វាយបង្គំ ។ …

« ការមាន​គារវភាព គឺ​មិនមែន​គ្រាន់តែ​ស្ងៀមស្ងាត់​ប៉ុណ្ណោះ​ទេ ។ វា​រួម​បញ្ចូល​ទាំង​ការដឹង​ពី​អ្វី​ដែល​កំពុង​កើតឡើង ។ វា​រួមបញ្ចូល​នូវ​បំណង​ប្រាថ្នា​ដ៏​ទេវភាព​មួយ ដើម្បី​រៀន ហើយ​ងាយ​ទទួល​បាន​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ ។ វា​រួមបញ្ចូល​នូវ​ការពុះពារ​ដើម្បី​ស្វែងរក​ពន្លឺ និង​ការយល់ដឹង​បន្ថែម ។ ការពុំ​មាន​គារវភាព គឺ​មិន​គ្រាន់តែ​ជា​ទង្វើ​នៃ​ការមិន​គោរព​ព្រះអាទិទេព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ធ្វើ​មិន​ឲ្យ​ព្រះវិញ្ញាណ​បង្រៀន​យើង​អំពី​ការណ៍​ទាំងឡាយ ដែល​យើង​ត្រូវ​ដឹង​ទៀត​ផង » ( Enhancing Our Temple Experience, Ensign ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ៧៨ ) ។

  • តើ​ឃ្លា​ណា​ខ្លះ នៅក្នុង​សេចក្ដី​ថ្លែងការណ៍​នេះ ដែល​មាន​អត្ថន័យ​ជា​ពិសេស​ចំពោះ​អ្នក ? ហេតុអ្វី ?

សូម​អាន​ដំបូន្មាន​ខាងក្រោម​ពី​អែលឌើរ រីឆាត ជី ស្កត នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ហើយ​សុំ​សិស្ស​ឲ្យ​ស្ដាប់​រក​យោបល់​ទាំងឡាយ ដែល​ពួកគេ​គួរ​យក​មក​អនុវត្ត ពេល​ដែល​ពួកគេ​ទៅ​ព្រះវិហារ​បរិសុទ្ធ ៖

រូបភាព
អែលឌើរ រីឆាត ជី ស្កត

« • យល់ពី​គោលលទ្ធិ​ដែល​ទាក់ទង​នឹង​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ជាពិសេស សារៈសំខាន់​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។

« • នៅ​ពេល​យើង​ចូលរួម​ក្នុង​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ សូម​ពិចារណា​ពី​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ព្រះយេស៊ូវគ្រីស្ទ និង​ទំនាក់ទំនង​របស់​ទ្រង់​ជាមួយ​ព្រះវរបិតាសួគ៌​របស់​យើង ។ ទង្វើ​ដ៏​សាមញ្ញ​នេះ នឹង​ដឹកនាំ​យើង​ទៅកាន់​ការយល់ដឹង​កាន់តែ​ធំធេង អំពី​ធម្មជាតិ​ដ៏​ទេវភាព​នៃ​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ។

« • តែងតែ​បង្ហាញ​ការដឹងគុណ​ប្រកប​ដោយ​ការអធិស្ឋាន សម្រាប់​ពរជ័យ​ដែល​មិន​អាច​ប្រៀបផ្ទឹម​បាន ដែល​បាន​មក​ពី​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ។ សូម​រស់នៅ​រាល់ថ្ងៃ ដូចជា​ការថ្វាយ​ភស្ដុតាង​ដល់​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌ និង​ព្រះរាជបុត្រា​សំណព្វ​របស់​ទ្រង់ ថា​ពរជ័យ​ទាំងនោះ​មានន័យ​ខ្លាំង​យ៉ាង​ណា​ចំពោះ​អ្នក ។

« • ដាក់​កាលវិភាគ​ជា​ទៀតទាត់​ដើម្បី​ទៅ​ព្រះវិហារ​បរិសុទ្ធ ។

« • ទុក​ពេល​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​កុំ​ឲ្យ​ប្រញាប់​ប្រញាល់​នៅក្នុង​ជញ្ជាំង​ព្រះវិហារ​បរិសុទ្ធ ។

« • ផ្លាស់ប្ដូរ​សកម្មភាព ដើម្បី​អ្នក​អាច​ចូលរួម​នៅក្នុង​ពីធី​បរិសុទ្ធ​ទាំងអស់​នៃ​ព្រះវិហារ​បរិសុទ្ធ ។

« • ដោះ​នាឡិកា​របស់​អ្នក​ចេញ ពេល​អ្នក​ចូល​ទៅក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ ។

« • ស្ដាប់​ដោយ​យកចិត្ត​ទុកដាក់ ដល់​ការបង្ហាញ​នៃ​ធាតុ​និមួយៗ​នៃ​ពិធី​បរិសុទ្ធ ជាមួយ​នឹង​គំនិត និង​ដួងចិត្ត​បើក​ចំហ ។

« • សូម​គិតគូរ​ពី​បុគ្គល​ដែល​អ្នក​កំពុង​ធ្វើ​ពិធីបរិសុទ្ធ​ផ្សេងៗ​ជំនួស​នោះ ។ សូម​អធិស្ឋាន​នៅពេល​ខ្លះ​ថា គាត់ ឬ​នាង នឹង​ទទួលស្គាល់​ពី​សារៈសំខាន់​នៃ​ពិធី​បរិសុទ្ធ​ទាំងឡាយ ហើយ​មាន​ភាពសក្ដិសម ឬ​រៀបចំ​ដើម្បី​មាន​ភាពសក្ដិសម​នឹង​ទទួល​ផលប្រយោជន៍​ពី​ពិធី​បរិសុទ្ធ​ទាំងនោះ » ( Temple Worship: The Source of Strength and Power in Times of Need, EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៤៣-៤៤ ) ។

  • តើ​ផ្នែក​មួយ​ណា​នៃ​គំនិត​ទាំងនេះ ដែល​អាច​ជា​ប្រយោជន៍​ដ៏​ធំ​បំផុត​សម្រាប់​អ្នក​ដើម្បី​យក​មក​អនុវត្ត ?

  • តើ​អ្នក ឬ​អ្នក​ផ្សេង​ទៀត បាន​ធ្វើ​អ្វី​ខ្លះ ដើម្បី​ធ្វើ​ឲ្យ​ការថ្វាយ​បង្គំ​នៅក្នុង​ព្រះដំណាក់​នៃ​ព្រះអម្ចាស់ កាន់តែ​មាន​អត្ថន័យ ? តើ​មាន​ភាពខុស​គ្នា​អ្វី ពេលដែល​អ្នក​ធ្វើ​កិច្ចការ​ទាំងនោះ ? ( ជា​ផ្នែក​នៃ​ការពិភាក្សា​នេះ សូម​ពិចារណា​ពី​ការពិភាក្សា​សេចក្ដី​ថ្លែងការណ៍​តទៅ​នេះ​មកពី​គណៈប្រធាន​ទីមួយ ៖ « នៅ​ពេល​សមាជិក​ទាំងឡាយ​នៃ​សាសនាចក្រ​រកឃើញ​ឈ្មោះ​ជីដូនជីតា​របស់​ខ្លួន ហើយ​យក​ឈ្មោះ​ទាំងនោះ​ទៅ​កាន់​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ធ្វើ​ពិធី​បរិសុទ្ធ នោះ​នឹង​ទទួល​បាន​នូវ​បទពិសោធន៍​នៃ​ព្រះវិហារ​បរិសុទ្ធ​យ៉ាង​លើស​លប់ » [ លិខិត​របស់​គណៈប្រធាន​ទីមួយ ចុះ​ថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០១២ ] ) ។

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​សរសេរ​អ្វី​ដែល​ពួកគេ​បាន​ទទួល​អារម្មណ៍​បំផុស​ឲ្យ​ធ្វើ ដើម្បី​ធ្វើ​ឲ្យ​បទពិសោធន៍​ព្រះវិហារ​បរិសុទ្ធ​របស់​ពួកគេ​ប្រសើរ​ឡើង ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ធ្វើតាម​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៩:៨

កន្លែង​មួយ​នៃ​វិវរណៈ

សូម​ពន្យល់​ថា នៅក្នុង​ការអធិស្ឋាន​ឧទ្ទិស​សម្រាប់​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ព្យាការី យ៉ូសែប ស៊្មីធ បាន​ពិពណ៌នា​ពី​គោលបំណង​មួយ​ចំនួន​នៃ​ព្រះវិហារ​បរិសុទ្ធ ។ សូម​សុំ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៩:៨ ។ សូម​ចង្អុល​បង្ហាញ​ថា គោលបំណង​មួយ​ក្នុង​ចំណោម​គោលបំណង​ទាំងឡាយ គឺ​ជា « ដំណាក់​នៃ​ការរៀនសូត្រ » ។

  • តើ​យើង​អាច​រំពឹង​ថា​នឹង​រៀន​អ្វី​ខ្លះ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ?

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០–២០០៨ ) ហើយ​សុំ​សិស្ស​ម្នាក់​ឲ្យ​អាន​វា​ឮៗ ៖

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« ព្រះដំណាក់​ដ៏​ពិសិដ្ឋ​នេះ ក្លាយ​ជា​សាលា​នៃ​ការណែនាំ​អំពី​ការណ៍​ដ៏​ផ្អែមល្អែម និង​ពិសិដ្ឋ​ទាំងឡាយ​របស់​ព្រះ ។ នៅ​ទី​នេះ យើង​គូសបញ្ជាក់​ពី​ផែនការ​របស់​ព្រះវរបិតា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ជំនួស​ឲ្យ​បុត្រា និង​បុត្រី​នៃ​គ្រប់​ជំនាន់​ទាំងអស់ ។ នៅ​ទី​នេះ យើង​សង្ខេប​នៅ​ចំពោះ​មុខ​យើង​នូវ​ដំណើរ​នៃ​ជីវិត​ដ៏​អស់កល្ប​ជានិច្ច​របស់​មនុស្ស​ម្នាក់ តាំង​ពី​ជីវិត​មុន​ផែនដី រហូត​ដល់​ជីវិត​នេះ និង​ដល់​ជីវិត​ក្រោយ​ទៀត ។ សេចក្ដី​ពិត​ជា​គ្រឹះ និង​ជា​មូលដ្ឋាន​ដ៏​អស្ចារ្យ ត្រូវបាន​បង្រៀន​ដោយ​ភាពច្បាស់លាស់ និង​សាមញ្ញ ដែល​អាច​យល់​បាន​ដោយ​អ្នក​ដែល​ស្ដាប់ឮ » ( The Salt Lake Temple, Ensign ខែ មិនា ឆ្នាំ ១៩៩៣ ទំព័រ ៥–៦ ) ។

  • តើ​ការចូលរួម​ក្នុង​ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ ជួយ​យើង​ឲ្យ​រៀន​ពី​សេចក្ដី​ពិត​ជា​គ្រឹះ​ដ៏​អស្ចារ្យ​របស់​ព្រះវរបិតាសួគ៌ យ៉ាង​ដូច​ម្ដេច ?

  • តើ​ការធ្វើតាម​គំរូ​ដែល​មាន​កត់ត្រា​នៅក្នុង នីហ្វៃទី៣ ១៧:១-៣ អាច​ជួយ​យើង​ឲ្យ​រៀន​បន្ថែម​ទៀត ខណៈ​យើង​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ដោយ​របៀប​ណា ?

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ហ្គរដិន ប៊ី ហ៊ីងគ្លី ៖

រូបភាព
ប្រធាន ហ្គរដិន ប៊ី ហ៊ីងគ្លី

« មាន​មនុស្ស​ជាច្រើន​ដែល​មាន​ទម្ងន់​ក្នុង​ចិត្ត ពេល​ត្រូវ​ធ្វើ​ការសម្រេច​ចិត្ត​ដែល​ពិបាកៗ និង​ត្រូវ​ដោះស្រាយ​ជាមួយ​នឹង​បញ្ហា​អល់អែក បានមក​កាន់​ព្រះវិហារ​បរិសុទ្ធ​ដោយ​វិញ្ញាណ​នៃ​ការតម និង​អធិស្ឋាន ដើម្បី​ស្វែងរក​ការដឹកនាំ​ដ៏​ទេវភាព ។ មនុស្ស​ជា​ច្រើន​បាន​ថ្លែង​ទីបន្ទាល់​ថា ពេល​ដែល​មិន​បាន​ឮ​សំឡេង​នៃ​វិវរណៈ នោះ​ការបំផុស​ទាក់ទង​នឹង​បញ្ហា​នោះ​នឹង​បាន​ទទួល​នៅពេល​នោះ ឬ​ពេលក្រោយ ដែល​ក្លាយ​ជា​ចម្លើយ​ដល់​ការអធិស្ឋាន​របស់​ពួកគេ » ( The Salt Lake Temple, Ensign ខែ មិនា ឆ្នាំ ១៩៩៣ ទំព័រ ៦ ) ។

សូម​បញ្ចប់​ដោយ​ការសួរ​សិស្ស​ថា បើ​មាន​ពួកគេ​ណា​ម្នាក់​ចង់​ចែកចាយ​ពី​អារម្មណ៍ និង​ទីបន្ទាល់​របស់​គេ​អំពី​ព្រះវិហារ​បរិសុទ្ធ ។ សូម​សង្កត់​បញ្ជាក់​ថា ពួកគេ​នៅ​ក្នុង​ពេលវេលា​ដ៏​សំខាន់​ខ្លាំងណាស់​នៃ​ជីវិត​របស់​ពួកគេ ពេលដែល​ត្រូវ​ធ្វើ​ការសម្រេច​ចិត្ត​ជាច្រើន ។ សូម​ថ្លែង​ទីបន្ទាល់​ថា នៅក្នុង​ព្រះដំណាក់​នៃ​ព្រះអម្ចាស់ ពួកគេ​អាច​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​នៃ​ព្រះ ការលួងលោម និង​ការដឹកនាំ ។

ការអាន​របស់​សិស្ស