ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ១៧ ៖ ព្រះបញ្ញត្តិ​ដែលឲ្យ​បង្កើត​កូន​ជាច្រើន​ឡើង ហើយ​មាន​ពាសពេញ​លើ​ផែនដី


មេរៀនទី ១៧

ព្រះបញ្ញត្តិ​ដែលឲ្យ​បង្កើត​កូន​ជាច្រើន​ឡើង ហើយ​មាន​ពាសពេញ​លើ​ផែនដី

សេចក្ដីផ្ដើម

ព្រះបញ្ញត្តិ​ដែលឲ្យ​បង្កើត​កូន​ជាច្រើន​ឡើង ហើយ​មាន​ពាសពេញ​លើ​ផែនដី គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្រៃលែង​នៃ​ផែនការ​ដ៏​អស់កល្ប​ជានិច្ច​របស់​ព្រះវរបិតា​សួគ៌ ហើយ​នៅតែ​មាន​អានុភាព​នាពេល​សព្វថ្ងៃនេះ ។ មេរៀន​នេះ​នឹង​ជួយ​សិស្ស​ឲ្យ​ឃើញ​ថា ពួកគេ​អាច​ត្រូវបាន​ដឹកនាំ​នៅក្នុង​ការសម្រេចចិត្ត​របស់​ពួកគេ​អំពី​ការនាំ​កូនចៅ​មកកាន់​ផែនដី នៅពេល​ពួកគេ​សិក្សា​ប្រសាសន៍​របស់​ព្យាការី​ដែល​កំពុង​រស់នៅ​ទាំងឡាយ ហើយ​ស្វែងរក​ការដឹកនាំ​ពី​ព្រះវរបិតាសួគ៌​តាមរយៈ​ការអធិស្ឋាន ។

ការអាន​ពី​សាវតា​

  • នែល អិល អាន់ឌើរសិន Children,EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ២៨–៣១ ។

  • រ័សុល អិម ណិលសុន Abortion: An Assault on the Defenseless,Ensign ខែ តុលា ឆ្នាំ ២០០៨ ទំព័រ ៣២–៣៧ ។

យោបល់​សម្រាប់​ការបង្រៀន

លោកុប្បត្តិ ១:២៧–២៨; ៩:១; ៣៥:១១

ព្រះបញ្ញត្តិ​ដើម្បី​ឲ្យ​មាន​កូនចៅ នៅតែ​បន្ដ​មាន​អានុភាព

សូម​សរសេរ​ជួរ​ខាង​ក្រោម​នេះ​ពី « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​ក្ដារខៀន មុន​ចាប់ផ្ដើម​ថ្នាក់ ៖

« ព្រះបញ្ញត្តិ​ទីមួយ​ដែល​ព្រះ​បាន​ប្រទាន​ដល់​លោក​អ័ដាម និង​នាង​អេវ៉ា ទាក់ទង​ទៅនឹង​សមត្ថភាព​របស់​ពួកគេ​សម្រាប់​ភាពជា​ឪពុកម្ដាយ ក្នុង​នាម​ជា​ស្វាមី និង​ភរិយា ។ យើង​សូម​ប្រកាស​ថា ព្រះបញ្ញត្តិ​របស់​ព្រះ​សម្រាប់​កូនចៅ​របស់​ទ្រង់ ដើម្បី​បង្កើត​កូនចៅ​ឲ្យ​ចម្រើន​ជាច្រើន​ឡើង​ឲ្យ​មាន​ពាសពេញ​លើ​ផែនដី​នោះ នៅតែ​ឲ្យ​ប្រតិបត្តិ​នៅឡើយ » ។

សូម​ចាប់ផ្ដើម​បង្រៀន​ដោយ​ការសួរ ៖

  • តើ​អ្នក​មាន​គំនិត​អ្វីខ្លះ នៅពេល​អ្នក​ពិចារណា​ពី​ប្រយោគ​ទាំងពីរ​នេះ ?

សូម​ឲ្យ​សិស្ស​សិក្សា​ក្នុង លោកុប្បត្តិ ១:២៧–២៨, លោកុប្បត្តិ ៩:១ និង លោកុប្បត្តិ ៣៥:១១ ដោយ​រកមើល​ឈ្មោះ​របស់​បុគ្គល​ណា​ខ្លះ ដែល​ព្រះ​បាន​បញ្ជា​ឲ្យ​បង្កើត​កូន​ជាច្រើន​ឡើង ហើយ​មាន​ពាសពេញ​លើ​ផែនដី ។ អ្នក​អាច​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ភ្ជាប់​បទគម្ពីរ​យោង​ទាំងនេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ដោយ​បង្កើត​ជា​ចំណង​បទគម្ពីរ​មួយ ។ សូម​ប្រាកដ​ថា​សិស្ស​យល់​ថា បទបញ្ញត្តិ​នេះ​ត្រូវបាន​ប្រទាន​នៅ​រាល់​សម័យកាន់កាប់​ត្រួតត្រា​នៃ​ដំណឹងល្អ ។

សូម​បង្ហាញ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ នែល អិល អាន់ឌើរសិន នៃ កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

រូបភាព
អែលឌើរ នែល អិល អាន់ឌើរសិន

« វា​គឺជា​អភ័យឯកសិទ្ធិ​ដ៏​មហិមា​មួយ​ដែល​ស្វាមី និង​ភរិយា​មួយ​គូ អាច​មាន​កូន​ដើម្បី​ផ្ដល់​នូវ​រាងកាយ​ខាង​សាច់ឈាម​ដល់​កូនចៅ​ខាង​វិញ្ញាណ​ទាំងនេះ​របស់​ព្រះ​​ ។ យើង​ជឿ​លើ​ក្រុមគ្រួសារ​ទាំងឡាយ ហើយ​យើង​ជឿ​ជាក់​លើ​កូនចៅ​ទាំងអស់ ។

« នៅពេល​មាន​ទារក​មួយ​កើត​មក​ក្នុង​ចំណង​ប្ដី និង​ប្រពន្ធ នោះ ពួកគេ​កំពុង​តែ​បំពេញ​ផ្នែក​មួយ​នៃ​ផែនការ​របស់​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​ក្នុង​ការនាំ​កូនចៅ​មក​កាន់​ផែនដី » ( Children,EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ២៨ ) ។

សូម​សង្កត់​ធ្ងន់​លើ​ប្រយោគ​ចុងក្រោយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​ដោយ​បង្ហាញ​នូវ​គោលការណ៍​ដូច​តទៅ​នេះ ៖ នៅពេល​ប្ដី និង​ប្រពន្ធ​មួយ​គូ​នាំ​កូន​ម្នាក់​មក​កាន់​ផែនដី នោះ​ពួកគេ​កំពុង​តែ​បំពេញ​ផ្នែក​មួយ​នៃ​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតាសួគ៌ ។ សូម​យោងទៅ​ប្រយោគ​ទាំងឡាយ​ដែល​នៅលើ​ក្ដារខៀន ហើយ​សូម​សួរ ៖

  • តាមរយៈ​ពួក​ព្យាការី​សម័យ​ទំនើប​របស់​ព្រះអម្ចាស់ តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា ទ្រង់​បាន​បញ្ជា​នូវ​បទបញ្ញត្តិ​ដូចគ្នា​នេះ​ម្ដង​ហើយ​ម្ដង​ទៀត​ឲ្យ « បង្កើត​កូន​ជាច្រើន​ឡើង ហើយ​មាន​ពាសពេញ​លើ​ផែនដី » នៅក្នុង​សម័យ​ទំនើប​របស់​យើង​នេះ ? ( ជា​ឧទាហរណ៍​មួយ អ្នក​អាច​ប្រាប់​សិស្ស​ថា តាំង​ពី​ឆ្នាំ ១៩៦០ មក អត្រា​កំណើត​ដែល​មក​ពី​ម្ដាយ​ដែល​បាន​រៀបការ​រួច​នៅក្នុង​សហរដ្ឋ​អាមេរិក​បាន​ធ្លាក់​ចុះ​រហូតដល់ ៤៥ ភាគរយ ) ។

  • តើ​មាន​ហេតុផល​ដែល​អាច​មាន​ណាខ្លះ ដែល​បញ្ជាក់​ពី​មូលហេតុ​ក្នុង​ការមាន​ទំនោរ​មួយ​សម្រាប់​គូស្វាមីភរិយា​ដែល​បាន​រៀបការ​រួច​ឲ្យ​មាន​កូន​តែ​ពីរ​បី​នោះ ? ( ចម្លើយ​អាច​រួមមាន​នូវ​រឿង​ដូចជា កង្វះ​ខាង​ហិរញ្ញវត្ថុ បញ្ចប់​ការសិក្សា និង​រង់ចាំ​រហូតដល់​មាន​ការងារ​មួយ ) ។

  • តើ​ការយល់ដឹង​មួយ​អំពី​ផែនការ​របស់​ព្រះ​សម្រាប់​កូនចៅ​របស់​ទ្រង់ អាច​ជួយ​ដល់​ប្ដី និង​ប្រពន្ធ​ដែល​កំពុង​តែ​សម្រេចចិត្ត​ថា​មាន​កូន​នៅពេល​ណា និង​ត្រូវ​មាន​កូន​ចំនួន​ប៉ុន្មាន យ៉ាង​ដូច​ម្ដេច​ដែរ ?

សូម​ពន្យល់​ថា ប្ដី និង​ប្រពន្ធ​ទាំងឡាយ​នឹង​ទទួល​បាន​នូវ​ពរជ័យ​ជាច្រើន​ពី​ព្រះ ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​កាន់តាម​ព្រះបញ្ញត្តិ​នេះ​ឲ្យ​ចិញ្ចឹម​កូនៗ ទោះបីជា​អំឡុងពេល​នៃ​ការលំបាក​ក្ដី ។ សូម​ចែកចាយ​នូវ​បទពិសោធន៍​ខាងក្រោម​នេះ​មកពី​ជីវិត​របស់​អែលឌើរ ចេមស៍ អូ មេសឹន នៃ​ពួកចិតសិប​នាក់ ដែល​បាន​តំណាល​ដោយ​អែលឌើរ នែល អិល អាន់ឌើរសិន ៖

រូបភាព
អែលឌើរ នែល អិល អាន់ឌើរសិន

« អែលឌើរ មេសឹន បាន​មាន​នូវ​បទពិសោធន៍ [ មួយ ] គឺ​បន្ទាប់​ពី​ប៉ុន្មាន​សប្ដាហ៍​ក្រោយពី​អាពាហ៍ពិពាហ៍​របស់​លោក ដែល​បាន​ជួយ​លោក​ឲ្យ​ផ្ដល់​អាទិភាព​ទៅលើ​ទំនួលខុសត្រូវ​លើ​គ្រួសារ​របស់​លោក ។ លោក​បាន​មាន​ប្រសាសន៍ ៖

« ‹ មែរី និង​ខ្ញុំ​បាន​ដោះសារ​ថា ដើម្បី​ឲ្យ​ខ្ញុំ​ទៅ​រៀន​នៅ​សាលា​ពេទ្យ​បាន វា​ចាំបាច់​ឲ្យ​គាត់​នៅ​បន្ដ​ធ្វើការ ។ ទោះបីជា​ការណ៍​នេះ​មិនមែន​ជា​អ្វី​ដែល​ពួកយើង​[ ធ្លាប់ ] ចង់​ធ្វើ​ក្ដី ក៏​ការមាន​កូនចៅ​ត្រូវតែ​មក​តាម​ក្រោយ​ដែរ ។ [ ខណៈដែល​កំពុង​មើល​ទស្សនាវដ្ដី​សាសនាចក្រ​មួយ​នៅឯ​ផ្ទះ​ឪពុកម្ដាយ​របស់​ខ្ញុំ ] ខ្ញុំ​បាន​ឃើញ​នូវ​អត្ថបទ​មួយ​ដោយ​អែលឌើរ ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ដែល​កាលនោះ​លោក​នៅ​ក្នុង​កូរ៉ុម​នៃ​ពួកដប់ពីរ​នាក់​នៅឡើយ លោក​បាន [ បញ្ជាក់ ] ពី​ទំនួលខុសត្រូវ​ទាក់ទង​ទៅនឹង​អាពាហ៍ពិពាហ៍ ។ យោងតាម​អែលឌើរ ឃឹមបឹល នោះ​មាន​ការទទួលខុសត្រូវ​ដ៏​ពិសិដ្ឋ​មួយ​គឺ ដើម្បី​បង្កើត​កូនចៅ​ឲ្យ​ចម្រើន​ជាច្រើន​ឡើង​ឲ្យ​មាន​ពាសពេញ​លើ​ផែនដី ។ ផ្ទះ​ឪពុកម្ដាយ​របស់​ខ្ញុំ [ នៅក្បែរ ] អគារ​រដ្ឋបាល​របស់​សាសនាចក្រ ។ ភា្លមនោះ ខ្ញុំ​បាន​ដើរ​ទៅកាន់​ការិយាល័យ ហើយ ៣០ នាទី ក្រោយពី​បាន​អាន​អត្ថបទ​របស់​លោក ខ្ញុំ​បាន​ឃើញ​ថា​ខ្លួន​ខ្ញុំ​កំពុង​តែ​អង្គុយ​លើ​តុ​ទល់មុខ​តុធ្វើការ​របស់​អែលឌើរ ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល › ។ ( ហេតុការណ៍​នេះ​នឹង​មិន​បាន​ងាយ​យ៉ាង​នោះ​ទេ​នៅ​សព្វថ្ងៃនេះ ) ។

« ‹ ខ្ញុំ​បាន​ពន្យល់​ថា ខ្ញុំ​ចង់​ក្លាយជា​វេជ្ជបណ្ឌិត​ម្នាក់ ។ វា​គ្មាន​ជម្រើស​ណា​ផ្សេង​ឡើយ ក្រៅពី​ផ្អាក​ការមាន​កូន​សិន ។ អែលឌើរ ឃឹមបឹល បាន​ស្ដាប់​ដោយ​យកចិត្តទុកដាក់ ហើយ​បន្ទាប់មក បាន​ឆ្លើយ​ដោយ​សំឡេង​ដ៏​ស្រទន់​មួយ​ថា « បងប្រុស មេសឹន តើ​ព្រះអម្ចាស់​នឹង​ចង់​ឲ្យ​បងប្រុស​រំលង​ព្រះបញ្ញត្តិ​ដ៏​សំខាន់​មួយ​របស់​ទ្រង់ ដើម្បី​ឲ្យ​បងប្រុស​ក្លាយជា​វេជ្ជបណ្ឌិត​មួយ​រូប​ឬ ? ដោយ​មាន​ជំនួយ​ពី​ព្រះអម្ចាស់ បងប្រុស​អាច​មាន​គ្រួសារ​ផ្ទាល់ខ្លួន ហើយ​នៅតែ​ក្លាយទៅជា​វេជ្ជបណ្ឌិត​មួយ​រូប ។ តើ​សេចក្ដីជំនឿ​របស់​បងប្រុស​នៅ​ឯណា ? › »

« អែលឌើរ មេសឹន បាន​បន្ដ ៖ ‹ កូន​ទីមួយ​របស់​យើង​បាន​កើត​មក​មិន​ដល់​មួយ​ឆ្នាំ​ក្រោយ​ពី​នោះ​ផង ។ ម៉ារី និង​ខ្ញុំ​បាន​ខិតខំ​ធ្វើការ​ជាខ្លាំង ហើយ​ព្រះអម្ចាស់​បាន​បើក​បង្អួច​ទាំងឡាយ​នៃ​ស្ថានសួគ៌ › ។ គ្រួសារ​មេសឹន ត្រូវបាន​ប្រទានពរ​ឲ្យ​មាន​កូន​ពីរ​នាក់​បន្ថែម​ទៀត មុនពេល​លោក​បាន​រៀន​ចប់​ពី​សាលា​ពេទ្យ​បួន​ឆ្នាំ​ក្រោយមក » ( Children, ទំព័រ ២៩ ) ។

  • តើ​បទពិសោធន៍​នេះ​បាន​បំផុស​អ្នក​អ្វីខ្លះ ?

សូម​សង្កត់ធ្ងន់ថា ការរៀបការ​គឺជា​ផ្នែក​មួយ​ដ៏​ចាំបាច់​ក្នុង​ការកាន់តាម​ព្រះបញ្ញត្តិ​ដើម្បី​ឲ្យ​មាន​កូនចៅ ។ សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​នេះ​ដែល​ចេញមកពី​ការប្រកាស​អំពី​ក្រុមគ្រួសារ ៖

« កូនចៅ​មាន​សិទ្ធ​នឹង​ទទួល​កំណើត​មក​ក្នុង​ចំណង​នៃ​អាពាហ៍ពិពាហ៍ ហើយ​នឹង​ត្រូវបាន​ចិញ្ចឹម​បីបាច់​ដោយ​ឪពុកម្ដាយ ដែល​គោរព​ប្រតិបត្តិ​តាម​សច្ចា​នៃ​អាពាហ៍ពិពាហ៍​ដោយ​ស្មោះត្រង់​ទាំងស្រុង » ។

  • តើ​កូនចៅ​ទាំងឡាយ​ទទួល​បាន​នូវ​គុណប្រយោជន៍​អ្វីខ្លះ នៅពេល​ពួកគេ​បាន​កើត​មក « ក្នុង​ចំណង​នៃ​អាពាហ៍ពិពាហ៍ » ?

  • តើ​អ្នក​មាន​គំនិត និង អារម្មណ៍​អ្វី​ខ្លះ អំពី​ការជួយ​ព្រះវរបិតាសួគ៌​បំពេញ​តាម​ផែនការ​របស់​ទ្រង់ ដោយ​ការនាំ​យក​កូនចៅ​ទាំងឡាយ​មកក្នុង​ពិភពលោក​នេះ ?

នីហ្វៃទី ១ ១៥:១១; គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៦

ការស្វែងរក​ការដឹកនាំ​របស់​ព្រះអម្ចាស់

សូម​បង្ហាញ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​នេះ​ដែល​មកពី​អែលឌើរ នែល អិល អាន់ឌើរសិន ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ៖

រូបភាព
អែលឌើរ នែល អិល អាន់ឌើរសិន

« ពេលវេលា ដើម្បី​មាន​កូន និង ចំនួន​កូន​ដែល​ត្រូវ​មាន គឺជា​ការសម្រេចចិត្ត​ដ៏​សម្ងាត់​ដែល​ត្រូវ​ធ្វើឡើង​រវាង​ស្វាមី និង​ភរិយា និង​ព្រះអម្ចាស់ ។ ការណ៍​ទាំងនេះ​គឺជា​ការសម្រេចចិត្ត​ដ៏​ពិសិដ្ឋ — ជា​ការសម្រេចចិត្ត​ដែល​គួរតែ​ត្រូវបាន​ធ្វើ​ឡើង​ដោយ​មាន​ការអធិស្ឋាន​ដ៏​ស្មោះត្រង់ និង​ធ្វើ​ដោយ​មាន​សេចក្ដីជំនឿ​ដ៏​អស្ចារ្យ » ( Children, ទំព័រ ២៨; អក្សរទ្រេត​ត្រូវបាន​បន្ថែម ) ។

  • តើ​វា​មាន​ន័យ​យ៉ាង​ណា​ដែល​ថា​ការសម្រេចចិត្ត​ទាំងនេះ​គួរតែ « ធ្វើ​ដោយ​មាន​សេចក្ដីជំនឿ​ដ៏​អស្ចារ្យ » នោះ ?

សូម​ឲ្យ​សិស្ស​សិក្សា​នៅក្នុង នីហ្វៃទី ១ ១៥:១១ និង គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៩:៦ ដើម្បី​រៀន​ពី​គោលការណ៍​ខ្លះៗ​ដែល​ស្វាមី និង​ភរិយា​ទាំងឡាយ​អាច​ប្រើប្រាស់​បាន នៅពេល​ពួកគេ​កំពុងស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​អំពី ពេលវេលា ដើម្បី​មាន​កូន និង ចំនួន កូន​ដែល​ត្រូវ​មាន ។

  • តើ​អ្នក​បាន​រកឃើញ​គោលការណ៍​អ្វីខ្លះ​ចេញពី​​បទគម្ពីរ​ទាំងនេះ ដែល​អាច​ជួយ​ដល់​ស្វាមី និង​ភរិយា​ទាំងឡាយ​ដែល​សម្រេចចិត្ត​ថាត្រូវ​មាន​កូន​នៅពេល​ណា និង​ត្រូវ​មាន​កូន​ចំនួន​ប៉ុន្មាន​នោះ ? ( សូម​សង្កត់ធ្ងន់​ទៅលើ​គោលការណ៍​ខាងក្រោម​នេះ ៖ នៅពេល​ស្វាមី និង​ភរិយា អនុវត្ត​សេចក្ដីជំនឿ និង​ស្វែងរក​ព្រះអម្ចាស់​នៅក្នុង​ការអធិស្ឋាន នោះ​ទ្រង់​នឹង​ដឹកនាំ​ពួកគេ​នៅក្នុង​ការសម្រេចចិត្ត​របស់​ពួកគេ​អំពី​ការមាន​កូន ) ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​វា​សំខាន់​សម្រាប់​ស្វាមី និង​ភរិយា​ទាំងឡាយ​ត្រូវ​ប្រឹក្សា​ជាមួយ​នឹង​ព្រះអម្ចាស់​អំពី​បញ្ហា​ទាំងនេះ ?

សូម​បង្ហាញ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ហើយ​សូម​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« តើ​គូស្វាមីភរិយា​មួយ​គូ​គួរ​មាន​កូន​ចំនួន​ប៉ុន្មាន​នាក់ ? កូន​ទាំងអស់​ដែល​ពួកគេ​អាច​ថែទាំ​បីបាច់​បាន ! ពិតណាស់ ក្នុង​ការថែទាំ​កូនចៅ មិន​មាន​ន័យ​ត្រឹមតែ​គ្រាន់តែ​ផ្ដល់​កំណើត​ដល់​ពួកគេ​នោះទេ ។ កូនចៅ​ទាំងឡាយ​ត្រូវតែ​បាន​ទទួល​នូវ​ការស្រឡាញ់ ការថែទាំ​បីបាច់ ការបង្រៀន ការផ្គត់ផ្គង់​ចំណី​អាហារ សំលៀកបំពាក់ ផ្ទះ​ជ្រកកោន និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ក្លាយជា​ឪពុកម្ដាយ​ដ៏​ល្អ​ខ្លួន​ឯង​ផង » ( The Great Plan of Happiness,Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ទំព័រ ៧៥ ) ។

  • តើ​ការបង្រៀន​របស់​អែលឌើរ អូក អាច​ជួយ​ដល់​គូស្វាមី​ភរិយា​មួយគូ​ឲ្យ​សម្រេច​ចិត្ត​ពី​ចំនួន​កូន​ដែល​ត្រូវ​មាន​ដោយ​របៀបណា ?

អំឡុងពេល​មេរៀន​នេះ សូម​ប្រយ័ត្ន​ជាមួយ​នឹង​សិស្ស​ទាំងឡាយ​ដែល​មិន​អាច​មាន​ឱកាស​ដើម្បី​ក្លាយជា​ឪពុកម្ដាយ​នៅក្នុង​ជីវិត​នេះ ។ សេចក្ដីថ្លែងការណ៍​ខាងក្រោម​នេះ​ដែល​មកពី​អែលឌើរ នែល អិល អាន់ឌើរសិន អាច​ជា​ប្រយោជន៍​បាន ៖

រូបភាព
អែលឌើរ នែល អិល អាន់ឌើរសិន

« ការចិញ្ចឹម​កូន​អាច … ជា​ប្រធានបទ​ដ៏​ឈឺចាប់​មួយ​សម្រាប់​គូស្វាមីភរិយា​ដ៏​សុចរិត​ទាំងឡាយ ដែល​រៀបការ ហើយ​ដឹង​ថា ពួកគេ​មិន​អាច​មាន​កូនចៅ ដូច​ដែល​ពួកគេ​បាន​ទន្ទឹង​ចាំ​យ៉ាង​អន្ទះសារ​ជា​ខ្លាំង ឬ​សម្រាប់​ស្វាមី និង​ភរិយា​មួយ​គូ​ដែល​គ្រោង​មាន​គ្រួសារ​ដ៏​ធំ​មួយ ប៉ុន្ដែ​ត្រូវបាន​ប្រទាន​តែ​ត្រឹម​គ្រួសារ​តូច​មួយ​ប៉ុណ្ណោះ ។

« យើង​មិន​អាច​ពន្យល់បាន​ពី​ការលំបាក​ទាំងឡាយ​នៃ​ជីវិត​រមែងស្លាប់​របស់​យើង​ជានិច្ច​នោះទេ ។ ពេលខ្លះ​ជីវិត​មើល​ទៅ​ហាក់ដូចជា​មិន​យុត្តិធម៌​ទាល់តែ​សោះ — ជាពិសេស​នៅពេល​បំណងប្រាថ្នា​ដ៏​ធំ​បំផុត​របស់​យើង​គឺ​ដើម្បី​ធ្វើ​អ្វី​ដែល​ពិតជា​អ្វី​ដែល​ព្រះអម្ចាស់​បាន​បញ្ជា​មក ។ ក្នុងនាម​ជា​អ្នកបម្រើ​របស់​ព្រះអម្ចាស់ ខ្ញុំ​សូម​ធានា​ដល់​អ្នក​ថា សេចក្ដីសន្យា​នេះ​គឺ​ពិត​ប្រាកដ ៖ ‹ សមាជិក​ដ៏​ស្មោះត្រង់​ទាំងឡាយ​ដែល​កាលៈទេសៈ​មិន​បាន​អនុញ្ញាត​ឲ្យ​ពួកគេ​ទទួល​បាន​នូវ​ពរជ័យ​ទាំងឡាយ​នៃ​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច និង​ពរជ័យ​នៃ​ភាពជា​ឪពុកម្ដាយ​នៅក្នុង​ជីវិត​នេះ នោះ​ពួកគេ​នឹង​ទទួល​បាននូវ​ពរជ័យ​ដែល​បាន​សន្យា​ទាំងអស់​នៅក្នុង​ភាពដ៏​អស់កល្ប​ជានិច្ច [ នៅពេល ] ដែល​ពួកគេ​កាន់តាម​សេចក្ដីសញ្ញា​ទាំងឡាយ​ដែល​ពួកគេ​បាន​ធ្វើ​ជាមួយ​នឹង​ព្រះ › [ សៀវភៅ​ក្បួនខ្នាត​ភាគ ២ ៖ ការគ្រប់គ្រង​សាសនាចក្រ ( ឆ្នាំ ២០១០ ) ចំណុច ១.៣.៣ ] » (Children, ទំព័រ ៣០ )។

ទំនុកដំកើង ១២៧:៣; គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:៦

ភាពស័ក្ដិសិទ្ធិ​នៃ​ជីវិត

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ទំនុកដំកើង ១២៧:៣ ឮៗ ។

  • តើ​ឃ្លា « កូនចៅ​ជា​មរតក​មក​ពី​ព្រះយេហូវ៉ា » មានន័យ​ដូចម្ដេច ? ( កូនចៅ​គឺជា​អំណោយទាន​មួយ​មកពី​ព្រះ ) ។

សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​នេះ​ដែល​ចេញមកពី​ការប្រកាស​អំពី​ក្រុមគ្រួសារ ៖ « យើង​សូម​បញ្ជាក់​នូវ​ការញែក​ចេញ​ជា​បរិសុទ្ធ​នៃ​ជីវិត និង​សារៈសំខាន់​នៃ​ជីវិត​នៅក្នុង​ផែនការ​ដ៏​អស់កល្ប​ជានិច្ច​របស់​ព្រះ » ។ សូម​ថ្លែងទីបន្ទាល់​អំពី​គោលការណ៍​នេះ ៖ នៅពេល​យើង​យល់​ថា កូនចៅ​គឺជា​អំណោយ​មកពី​ព្រះ នោះ​យើង​យល់​កាន់តែ​ច្បាស់​អំពី​ការញែក​ចេញ​ជា​បរិសុទ្ធ​នៃ​ជីវិត​របស់​ពួកគេ ។ នៅក្នុង​ផ្នែក​ជាច្រើន​នៃ​ពិភពលោក​នេះ មាន​ការរំលូត​កូន​ដែល​គិត​ថា​ជា​ការទទួល​យក​បាន ហើយ​មាន​ការរំលូត​កូន​ជាច្រើន​លាន​ដង​ធ្វើឡើង​រាល់ឆ្នាំ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​គោលនយោបាយ​របស់​សាសនាចក្រ​ស្ដីពី​ការរំលូត​កូន នោះ​សូម​ចែកចាយ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​នេះ ហើយ​សូម​ឲ្យ​សិស្ស​ស្ដាប់​នូវ​កាលៈទេសៈ​នានា ដែល​ការរំលូត​កូន​មួយ​អាច​ត្រូវបាន​លើកលែង ៖

« ជីវិត​របស់​មនុស្ស គឺជា​អំណោយទាន​ដ៏​ពិសិដ្ឋ​មួយ​មកពី​ព្រះ ។ ការរំលូត​ដោយ​ជម្រើស​សម្រាប់​ភាពសុខស្រួល​របស់​បុគ្គល ឬ​សង្គម​នោះ គឺជា​ការផ្ទុយ​ទៅនឹង​ព្រះទ័យ និង​ព្រះបញ្ញត្តិ​របស់​ព្រះ ។ … ព្យាការី​ថ្ងៃចុងក្រោយ​បាន​បដិសេធ​នូវ​ការរំលូត​កូន ដោយ​យោង​ទៅតាម​សេចក្ដីប្រកាស​របស់​ព្រះអម្ចាស់​ថា ‹ អ្នក​មិន​ត្រូវ … សម្លាប់​ឲ្យ​សោះ ឬ​ប្រព្រឹត្ត​អំពើ​អ្វី​ដូច​នោះ​ឲ្យ​សោះ › ( គ. និង ស. ៥៩:៦ ) ។ ដំបូន្មាន​របស់​ពួកលោក​អំពី​បញ្ហា​នេះ​គឺ​ច្បាស់លាស់​ណាស់ ៖ សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ មិន​ត្រូវ​ចុះចូល ធ្វើ លើកទឹកចិត្ត បង់ថ្លៃ ឬ​រៀបចំ​ឲ្យ​មាន​ការរំលូត​កូន​ឡើយ ។ សមាជិក​សាសនាចក្រ​ដែល​លើកទឹកចិត្ត​ឲ្យ​មាន​ការរំលូត​កូន​តាម​របៀប​ណា​ក្ដី អាច​ទទួល​រង​នូវ​វិន័យ​របស់​សាសនាចក្រ ។

« អ្នកដឹកនាំ​សាសនាចក្រ​បាន​មាន​ប្រសាសន៍​ថា មាន​កាលៈទេសៈ​លើកលែង​ខ្លះ​អាច​អនុញ្ញាត​ឲ្យ​មាន​ការរំលូត​កូន​បាន ដូចជា​​ការមាន​គភ៌​ដែលជា​លទ្ធផល​នៃ​ការស្មន់ ឬ​ការរំលោភ នៅពេល​ដែល​ជីវិត ឬ​សុខភាព​របស់​ម្ដាយ​ត្រូវបាន​វិនិច្ឆ័យ​ដោយ​អ្នកមាន​អំណាច​ខាង​វេជ្ជសាស្ដ្រ​ថា​នឹង​រងគ្រោះថ្នាក់​ជា​ដំណំ ឬ​នៅពេល​ដែល​ទារក​នោះ​ត្រូវបាន​បញ្ជាក់​ដោយ​អ្នកមាន​អំណាច​ខាង​វេជ្ជសាស្ដ្រ​ថា​ទទួល​រងការខូចខាត​ជាខ្លាំង ដែល​នឹង​មិន​អាច​ឲ្យ​ទារក​នោះ​រស់​បាន ហួស​ពី​ការកើតមក​នោះ​ឡើយ ។ ប៉ុន្ដែ​ទោះបីជា​យ៉ាងណា កាលៈទេសៈ​ទាំងនេះ​មិន​បាន​លើកលែង​ដោយ​ស្វ័យប្រវត្តិ​ចំពោះ​ការរំលូត​កូន​នោះទេ ។ អស់​អ្នក​ដែល​ប្រឈម​មុខ​ទៅនឹង​កាលៈទេសៈ​បែបនេះ គួរតែ​គិត​អំពី​ការរំលូតកូន ទាល់តែ​ក្រោយពី​បាន​ពិភាក្សា​ជាមួយ​នឹង​អ្នកដឹកនាំ​សាសនាចក្រ​ក្នុង​តំបន់​របស់​ពួកគេ​ហើយ និង​ទទួល​បាន​ការបញ្ជាក់​តាមរយៈ​ការអធិស្ឋាន​ដ៏​ស្មោះត្រង់​តែ​ប៉ុណ្ណោះ » ( ប្រធានបទ​ដំណឹងល្អ “Abortion,lds.org/topics ) ។

  • តើ​នៅក្រោម​កាលៈទេសៈ​លើកលែង​ណាខ្លះ ដែល​ការរំលូតកូន​អាច​ត្រូវបាន​អនុញ្ញាត ?

  • ទោះបីជា​នៅពេល​ដែល​កាលៈទេសៈ​ទាំងនោះ​កើតមាន​ក្ដី តើ​អ្នកដែល​គិតពី​ការរំលូតកូន​ទាំងនោះ​ត្រូវ​ស្វែងរក​ការប្រឹក្សា​ដូចម្ដេច ?

សូម​ចែកចាយ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​នេះ​ដើម្បី​ជួយ​ឲ្យ​សិស្ស​យល់​ថា ការសុំកូន​មក​ចិញ្ចឹម​គឺជា​ជម្រើស​មួយ​មិន​សូវ​អាត្មានិយម​ឡើយ បើ​ប្រៀប​ទៅនឹង​ការរំលូត​កូន​នោះ ៖

« យើង … បង្ហាញ​នូវ​ការគាំទ្រ​របស់​យើង​ចំពោះ​ឪពុក ឬ​ម្ដាយ​ដែល​មិន​បាន​រៀបការ ដែល​ដាក់​កូនចៅ​របស់​ពួកគេ​ឲ្យ​គេ​សុំ​ទៅ​ចិញ្ចឹម​នៅក្នុង​គេហដ្ឋាន​ដ៏​កក់ក្ដៅ​ដោយ​មាន​ម្ដាយ និង​ឪពុក​ត្រឹមត្រូវ ។ យើង​ក៏​បង្ហាញ​ការគាំទ្រ​របស់​យើង​ដល់​ម្ដាយ និង​ឪពុក​ទាំងឡាយ​ដែល​បាន​រៀបការ​​ដែល​សុំ​កូន​ទាំងនេះ​មក​ចិញ្ចឹម​ផងដែរ ។

« … ការមាន​ទំនាក់ទំនង​ដ៏​ត្រឹមត្រូវ កក់ក្ដៅ និង​ថិតថេរ​ជាមួយ​ទាំង​ឪពុក និង​ម្ដាយ​នោះ វា​ជា​ការសំខាន់​មួយ​សម្រាប់​សុខុមាលភាព​របស់​កូន​ម្នាក់ ។ នៅពេល​ជ្រើសរើស​ដើម្បី​សុំ​កូន​មក​ចិញ្ចឹម នោះ​ឪពុកម្ដាយ​ដែល​មិន​បាន​រៀបការ បាន​ផ្ដល់​ដល់​កូន​របស់​ពួកគេ នូវ​ពរជ័យ​ដ៏​សំខាន់​បំផុត​នេះ ។ ការសុំ​កូន​មក​ចិញ្ចឹម​គឺ​មិន​មែន​អាត្មានិយម​នោះ​ទេ ប៉ុន្ដែ​ជា​ការសម្រេចចិត្ត​មួយ​ប្រកប​ដោយ​ក្ដីស្រឡាញ់ ដែល​ផ្ដល់​ពរ​ដល់​កូន​នោះ ឪពុកម្ដាយ​ពី​កំណើត និង​ឪពុកម្ដាយ​ចិញ្ចឹម​នៅក្នុង​ជីវិត​នេះ និង​ពេញ​ទាំងភាព​អស់កល្ប » ( សេចក្ដីថ្លែងការណ៍​របស់​គណៈប្រធាន​ទីមួយ ថ្ងៃទី ៤ ខែ តុលា ឆ្នាំ ២០០៦ ដូចដែល​បាន​ដកស្រង់​នៅក្នុង Ensign ខែ តុលា ឆ្នាំ ២០០៨ ទំព័រ ៣៧ ) ។

នៅពេល​អ្នក​បញ្ចប់​មេរៀន​នេះ សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​សេចក្ដីអំណរ​ដែល​កូនចៅ​ទាំងឡាយ​បាន​នាំ​មក​ដល់​ជីវិត​របស់​អ្នក ។ សូម​លើកទឹកចិត្ត​ដល់​សិស្ស​ឲ្យ​រៀបចំ​ដោយ​សក្ដិសម​សម្រាប់​ឱកាស​ដ៏​ពិសិដ្ឋ​ក្នុង​ការនាំ​កូនចៅ​មកកាន់​ពិភពលោក​នេះ ។

ការអាន​របស់​សិស្ស