ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ១៩ ៖ ការស្ថាបនា​ជីវិត និង​គេហដ្ឋាន​ដែល​ផ្ដោតលើ​ព្រះគ្រីស្ទ


មេរៀនទី ១៩

ការស្ថាបនា​ជីវិត និង​គេហដ្ឋាន​ដែល​ផ្ដោតលើ​ព្រះគ្រីស្ទ

សេចក្ដីផ្ដើម

ព្យាការី​ហេលេមិន បាន​បង្រៀន​កូនប្រុស​ទាំងឡាយ​របស់​លោក​ថា ប្រសិនបើ​ពួកគេ​នឹង​សង់​ជីវិត​របស់​ពួកគេ​នៅលើ​គ្រឹះ​ដ៏​ខ្ជាប់ខ្ជួន​នៃ​ព្រះយេស៊ូវគ្រីស្ទ នោះ​សាតាំង​នឹង​គ្មាន​អំណាច​ដើម្បី​បំផ្លាញ​ពួកគេ​ឡើយ ( សូមមើល ហេលេមិន ៥:១២ ) ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​ពិភាក្សា​ពី​របៀប​ដើម្បី​សង់​ក្រុមគ្រួសារ​របស់​ពួកគេ​នៅលើ​គ្រឹះ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ នៅពេល​សមាជិក​គ្រួសារ​ផ្ដោត​ជីវិត​របស់​ពួកគេ​នៅលើ​ការបង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​ពួកគេ​អាច​ប៉ះប៉ូវ និង​ពង្រឹង​ដល់​ទំនាក់ទំនង​ទាំងអស់ ហើយ​រកឃើញ​នូវ​សុភមង្គល​កាន់តែ​អស្ចារ្យ​ជាង​នេះ ។

ការអាន​ពី​សាវតា

  • ហិនរី ប៊ី អាវរិង Our Perfect Example,EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៧០–៧៣ ។

  • រីឆាត ជី ស្កត For Peace at Home,EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ២៩–៣១ ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ូហាន ១៥:១–៥, ១០–១១; ហេលេមិន ៥:១២

ការស្ថាបនា​ជីវិត និង​គេហដ្ឋាន​ដែល​ផ្ដោតលើ​ព្រះគ្រីស្ទ

សូម​ចាប់ផ្ដើម​ថ្នាក់​ដោយ​ការគូរ​រូប​ផ្ទះ​សាមញ្ញ​មួយ ឬ​អគារ​ផ្សេងទៀត​នៅលើ​ក្ដារខៀន ។ សូម​ពិភាក្សា​ដូច​ខាង​ក្រោម​ជាមួយ​នឹង​សិស្ស ៖

  • តើ​គ្រឹះ​សម្រាប់​គេហដ្ឋាន​មួយ ឬ​សំណង់​ផ្សេង​ទៀត​មាន​តម្លៃ​អ្វី ?

  • ហេតុអ្វី​បានជា​សម្ភារ​អគារ​ខ្លះ ធ្វើ​ឲ្យ​គ្រឹះ​របស់​អគារ​នោះ​រឹងមាំ​ខ្លាំង​ជាង​អគារ​ផ្សេងទៀត ?

សូម​រំឭក​សិស្ស​ថា ក្រុមគ្រួសារ​ទាំងអស់​ជួបប្រទះ​នឹង​ភាពលំបាក​ដល់​កម្រិត​ខ្លះ ហើយ​សាតាំង​ព្យាយាម​បំផ្លាញ​ក្រុមគ្រួសារ​ទាំងអស់ ។ ចេញពី​ព្រះគម្ពីរ​មរមន យើង​អាច​រៀន​ពី​របៀប​ដ៏​ពិតប្រាកដ​ដើម្បី​កាត់បន្ថយ​នូវ​ឥទ្ធិពល​របស់​សាតាំង​មកលើ​ក្រុមគ្រួសារ​របស់​យើង ។

សូម​ឲ្យ​សិស្ស​សិក្សា ហេលេមិន ៥:១២ ដោយ​រកមើល​អ្វី​ដែល​ខគម្ពីរ​នេះ​បង្រៀន​អំពី​គ្រឹះ​មួយ ។

  • តើ​អ្នក​គិត​ថា ការសង់​គ្រឹះ​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ​មាន​ន័យ​បែបណា?

  • តើ​គ្រួសារ​មួយ​អាច​ធ្វើ​ដូចម្ដេច​ខ្លះ ដើម្បី​សង់​គ្រឹះ​លើ​ព្រះយេស៊ូវគ្រីស្ទ ? ( ចម្លើយ​ដែល​អាចរួមមាន​ដូច​តទៅ​នេះ ៖ សិក្សា និង​រស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ខិតខំ​ធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ និង​ចូលមក​ជិត​នឹងអំណាច​នៃ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ ) ។

  • តើ​សេចក្ដីសន្យា​ទាំងឡាយ​នៅក្នុង ហេលេមិន ៥:១២ អាច​អនុវត្ត​ដល់​គ្រួសារ​ទាំងឡាយ ដែល​ព្យាយាម​សង់​គ្រឹះ​របស់​ពួកគេ​នៅលើ​សិលា​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀបណា ? ( ចម្លើយ​ទាំងឡាយ​គួរ​បង្ហាញ​ពីការយល់ដឹង​នូវ​គោលការណ៍​ដូច​ខាងក្រោម​នេះ ៖ នៅពេល​គ្រួសារ​ទាំងឡាយ​សង់​គ្រឹះ​របស់​ពួកគេ​នៅលើ​ព្រះយេស៊ូវគ្រីស្ទ នោះ​សាតាំង​នឹង​គ្មាន​អំណាច​ដើម្បី​បំផ្លាញ​ពួកគេ​ឡើយ ) ។

សូម​ពន្យល់​ថា មិន​យូរ​ប៉ុន្មាន​មុនពេល​ការសុគត​របស់​ទ្រង់ ព្រះអង្គ​សង្គ្រោះ​បាន​តំណាល​រឿងប្រៀបធៀប​ដែល​អាច​ជួយ​ដល់​គ្រួសារ​ទាំងឡាយ​ឲ្យ​យល់​ពី របៀប​ដើម្បី​សង់​គ្រឹះ​របស់​ពួកគេ​នៅលើ​ទ្រង់ ។ សូម​ឲ្យ​សិស្ស​បីបួន​នាក់​អាន យ៉ូហាន ១៥:១–៥, ១០–១១ ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​ពិចារណា​ពី​របៀប​ដែល​រឿងប្រៀបធៀប​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​វគ្គ​បទគម្ពីរ​ទាំងនេះ អាច​អនុវត្ត​ដល់​គ្រួសារ​ទាំងឡាយ ដែល​ខិតខំ​សង់​គ្រឹះ​របស់​ពួកគេ​នៅលើ​ព្រះយេស៊ូវគ្រីស្ទ ។

  • ប្រសិនបើ​ព្រះយេស៊ូវគ្រីស្ទ គឺជា​ចម្ការ​ទំពាំងបាយជូរ ហើយ​យើង​គឺជា​ខ្នែង​របស់​វា​នោះ តើ​ផ្លែ​អាច​តំណាង​ឲ្យ​អ្វី ? ( ផ្លែ​អាច​តំណាង​ឲ្យ​កិច្ចការ​ល្អ និង​ទង្វើ​នៃ​ភាពជាសិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ) ។

សូមជួយ​សិស្ស​ឲ្យ​ទទួល​ស្គាល់​ថា ព្រះអង្គ​សង្គ្រោះ​បាន​ប្រើ​ពាក្យ « នៅជាប់​នឹង» ឬ « នៅជាប់​ក្នុង » ជាច្រើន​ដង​នៅក្នុង យ៉ូហាន ១៥:៤–១០ ។ សូម​ពន្យល់​ថា ពាក្យ នៅជាប់​នឹង នៅក្នុង​បរិបទ​នេះ មានន័យ​ថា បន្ដ​នៅ ហើយ « នៅ — ប៉ុន្ដែ​នៅ ជារៀង​រហូត » ដោយ​បង្កប់​នូវ​អត្ថន័យ​ថា យើង​គួរតែ​បន្ដ​នៅ​យ៉ាង​រឹងមាំ និង ឋិតថេរ​ជានិច្ច​ជាប់​នឹង​ព្រះយេស៊ូវគ្រីស្ទ និង​សាសនាចក្រ​របស់​ទ្រង់ ( ជែហ្វ្រី អ័រ ហូឡិន Abide in Me,EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៣២ ) ។ អ្នក​អាច​សង្ខេប​ដោយ​ខ្លី​ដល់​សិស្ស​ថា ការចេះប្រើ​ពាក្យ​ដដែល​នេះ គឺជា​ជំនាញ​សិក្សា​ព្រះគម្ពីរ​មួយ ដែល​ពួកគេ​អាច​ប្រើ​នៅក្នុង​ការសិក្សា​ផ្ទាល់ខ្លួន​របស់​ពួកគេ ។ ការប្រើ​ពាក្យ​ដដែល​មួយ​នៅក្នុង​ព្រះគម្ពីរ ជាញឹកញាប់​មានន័យ​ថា អ្នកនិពន្ធ​កំពុង​តែ​សង្កត់ធ្ងន់​លើ​គំនិត​ដ៏​សំខាន់​មួយ ។

  • ស្របតាមខទី ៥ និង ១១ តើ​អ្វីខ្លះ​ជា​ពរជ័យ​នៃ​ការនៅជាប់​នឹង​ព្រះអង្គ​សង្គ្រោះ ? ( ប្រសិនបើ​យើង​នៅជាប់​នឹង​ព្រះអង្គ​សង្គ្រោះ នោះ​យើង​អាច​នាំ​មក​នូវ​ផលផ្លែ​ជាច្រើន និង​ទទួល​បាន​ក្ដីអំណរ​ដ៏ពេញលេញ​មួយ ) ។

  • តើ​នឹង​មាន​ពរជ័យ​អ្វី​ខ្លះ ដែល​អ្នក​គិត​ថា នឹង​កើត​មាន​ដល់​ក្រុមគ្រួសារ នៅពេល​សមាជិក​គ្រួសារ​ទាំងឡាយ ខិតខំ​នៅជាប់​នឹង​ព្រះអង្គសង្គ្រោះ ?

សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ រីឆាត ជី ស្កត នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ ៖

រូបភាព
អែលឌើរ រីឆាត ជី ស្កត

« មិន​ថា​អ្នក​នៅក្នុង​កាលៈទេសៈ​បែប​ណា​នោះទេ អ្នក​អាច​ផ្ដោត​លើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​នៅក្នុង​ផ្ទះ​របស់​អ្នក ព្រមទាំង​ជីវិត​របស់​អ្នក​ផង ដោយសារ​ទ្រង់​គឺជា​ប្រភព​នៃ​សេចក្ដីសុខសាន្ដ​ដ៏​ពិត​នៅក្នុង​ជីវិត​នេះ » ( For Peace at Home,EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ២៩ ) ។

  • តើ​អ្នក​នឹង​រៀបរាប់​ពី​គេហដ្ឋាន​មួយ​ដែល​ផ្ដោតលើ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀប​ណា ? តើ​លក្ខណៈ​សម្បត្តិ​អ្វីខ្លះ ដែល​នឹង​ធ្វើ​ឲ្យ​គេហដ្ឋាន​មួយ​ក្លាយជា​គេហដ្ឋាន​មួយ​ដែល​ផ្ដោតលើ​ព្រះគ្រីស្ទ ?

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​សញ្ជឹងគិត​អំពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ ដើម្បី​នៅជាប់​នឹង​ព្រះអង្គ​សង្គ្រោះ​យ៉ាងពេញលេញ ហេតុដូច្នេះ​នឹង​អញ្ជើញ​នូវ​ឥទ្ធិពល​របស់​ព្រះអង្គ​សង្គ្រោះ​កាន់តែ​ខ្លាំង​មកក្នុង​គេហដ្ឋាន​របស់​ពួកគេ ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​គិត​អំពី​ការផ្លាស់ប្ដូរ ដែល​ពួកគេ​អាច​ធ្វើ​នៅក្នុង​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​នឹង​សមាជិក​គ្រួសារ​ទាំងឡាយ ។

ហេលេមិន ១៤:៣០–៣១; នីហ្វៃទី ៣ ១១:២៩–៣០

ការគ្រប់គ្រង​អារម្មណ៍​របស់​យើង ដោយ​ការប្រើ​ឯកសិទ្ធិ​របស់​យើង​យ៉ាង​សុចរិត

សូម​បន្ដ​ទៅ​ផ្នែក​បន្ទាប់ទៀត​នៃ​មេរៀន​នេះ ដោយ​ការនិយាយ​ឡើងវិញ​ថា ក្រុមគ្រួសារ​ទាំងឡាយ​ជួប​ប្រទះ​នឹង​ឧបសគ្គ​ជាច្រើន ។ ទោះបីជា​នៅពេល​សមាជិក​គ្រួសារ​កំពុងតែ​ព្យាយាម​ផ្ដោត​ជីវិត​របស់​ពួកគេ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ​ក្ដី ក៏​ពួកគេអាច​ជួប​នឹង​កាលៈទេសៈ​នានា ដែល​ល្បង​មើល​បំណងប្រាថ្នា​ដ៏​សុចរិត​របស់​ពួកគេ ។ សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ៖

« អ្នក​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ខឹង ! »

« អ្នក​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ទប់​កំហឹង​លែងបាន ! »

សូម​ឲ្យ​សិស្ស​សញ្ជឹងគិត​ថាតើ ប្រយោគ​ទាំងនេះ​ផ្អែកលើ​សេចក្ដីពិត​ឬ​យ៉ាងណា ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ហេលេមិន ១៤:៣០–៣១ ឮៗ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ពិចារណា ពី​របៀប​ដែល​ខគម្ពីរ​ទាំងនេះ​ទាក់ទង​ទៅនឹង​ប្រយោគ​ដែល​នៅលើ​ក្ដារខៀន ។

  • តើ​សេចក្ដីពិត​ដ៏​សំខាន់​អ្វី ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ដែល​អនុវត្ត​ដល់​ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​អ្នកដទៃ​នោះ ? ( សូម​សង្កត់ធ្ងន់​ទៅលើ​សេចក្ដីពិត​ខាងក្រោម​នេះ ៖ ដោយសារតែ​ព្រះវរបិតាសួគ៌​បានប្រទាន​ដល់​យើង​នូវ​ឯកសិទ្ធិ នោះ​យើង​អាច​ជ្រើសរើស​នឹង​ខឹងសម្បារ​ឬ​ក៏​អត់ ។ សូម​ពន្យល់​ថា អែលឌើរ លីន ជី រ៉ូប៊ីន នៃ​ពួកចិតសិប​នាក់​បាន​បង្រៀន​ថា « ការខឹង​សម្បារ គឺជា​ជម្រើស ជា​ការសម្រេចចិត្ត​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ដឹង​ខ្លួនឯង​ច្បាស់ ហេតុដូច្នេះ​ហើយ យើង​អាច​ជ្រើសរើស​មិន​ខឹង​សម្បារ​បាន ។ យើង​ជ្រើសរើស ! » Watch and Learn,Ensign ខែ ឧសភា ឆ្នាំ ១៩៩៨ ទំព័រ ៨០ ] ) ។

  • តើ​ការជឿ​ថា សកម្មភាព ឬ​ពាក្យសម្ដី​របស់​អ្នកដទៃ​អាច « ធ្វើឲ្យ » យើង​ខឹង​សម្បារ​បាន នាំ​មក​នូវ​បញ្ហា​អ្វីខ្លះ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី ៣ ១១:២៩–៣០ ដោយ​ស្ងាត់ស្ងៀម ។ សូម​ចង្អុល​បង្ហាញ​ពី​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​ថា កំហឹង​ទាស់ទែង​គ្នា​ទៅវិញទៅមក « ត្រូវ​លះបង់​ចោល​វិញ » ( នីហ្វៃទី ៣ ១១:៣០) ។ សូម​រំឭក​សិស្ស​ថា ការនិយាយ​សម្ដី​គ្រោតគ្រាត និង​អាកប្បកិរិយា​ដ៏​មិន​សុចរិត​ផ្សេងទៀត ដូចជា​ការរំលោភ​បំពាន​ខាង​អារម្មណ៍ និង​ខាង​រាងកាយ គឺ​មិនអាច​ដោះសារ​បានឡើយ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​ជួយ​ពួកគេ​ឲ្យ​ចងចាំ​ថា មិន​ត្រូវ​ជ្រើសរើស​ខឹង​សម្បារ​ឡើយ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​គំនិត​របស់​ពួកគេ ។ សូម​ឲ្យ​សិស្ស​ប្ដេជ្ញា​ចិត្ត​ដើម្បី​ប្រើ​ឯកសិទ្ធិ​របស់​ពួកគេ​យ៉ាង​សុចរិត ដោយ​ការជ្រើសរើស​មិន​ខឹង​សម្បារ ជាពិសេស​នៅក្នុង​រង្វង់​គ្រួសារ ។

នីហ្វៃទី ៣ ១២:២២–២៤; មរ៉ូណៃ ៧:៤៥, ៤៨; គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៩–១១; ៨៨:១១៩, ១២៣–២៥

ការប្រែចិត្ត និង​ការអភ័យទោស អាច​ព្យាបាល​ទំនាក់ទំនង​គ្រួសារ​ដែល​បាន​ប្រេះស្រាំ

សូម​សរសេរ​គោលការណ៍​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ៖

« សុភមង្គល​នៅក្នុង​ជីវិត​គ្រួសារ អាច​កើត​មានឡើង​បាន នៅពេល​ធ្វើ​តាម​ការបង្រៀន​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ » ។

សូម​ប្រាប់​សិស្ស​ថា ឃ្លា​នេះ​ដកចេញ​មកពី « ក្រុមគ្រួសារ ៖ ការប្រកាសដល់​ពិភពលោក »​EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​រកឃើញ​នូវ​ការបង្រៀន​ខ្លះៗ​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​អាច​នាំ​មក​នូវ​សុភមង្គល​ដ៏​ខ្លាំងក្លា​ដល់​ក្រុមគ្រួសារ​ទាំងឡាយ នោះ​សូម​ឲ្យ​សិស្ស​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១១៩, ១២៣–២៥ ដោយ​ស្ងាត់ស្ងៀម ។ សូម​ផ្ដល់​យោបល់​ថា ពួកគេ​គួរតែ​គូសចំណាំ ឬ​គូសបញ្ជាក់​ពី​ការបង្រៀន​គន្លឹះ​ទាំងឡាយ ។ បន្ទាប់មក​សុំ​សិស្ស​ឲ្យ​ពិភាក្សា​ពី​របៀប​ដែល​គ្រួសារ​ទាំងឡាយ អាច​ត្រូវបាន​ពង្រឹង​ឡើង ដោយ​ការរស់នៅ​តាម​ការបង្រៀន​ដែល​មាន​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។

សូម​រំឭក​សិស្ស​ថា បញ្ហា និង​ការលំបាក​នានា​តែង​កើតឡើង​នៅក្នុង​ក្រុមគ្រួសារ​ជារឿយៗ នៅពេល​ដែល​ការបង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ​ធ្វេសប្រហែស​មិន​បាន​អនុវត្ត​ពេញលេញ ។ សូម​បង្ហាញ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃ​គណៈប្រធាន​ទីមួយ ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

រូបភាព
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

« ទំនាក់ទំនង​ដែល​ប្រេះស្រាំ និង​បាក់បែក គឺ​វា​ចាស់​ដូចជា​មនុស្ស​យើង​ដែរ ។ … ខ្ញុំ​ស្រមៃ​ថា គ្រប់​មនុស្ស​នៅលើ​ផែនដី​នេះ បាន​រងទុក្ខ​តាម​របៀប​ជាច្រើន​ដោយសារ​វិញ្ញាណ​ដ៏​បំផ្លាញ​នៃ​កំហឹង​ទាស់ទែងគ្នា ការអន់ចិត្ត និង​ការសងសឹក ។ ប្រហែល​ជា មាន​ពេលខ្លះ នៅពេល​ដែល​យើង​ស្គាល់​ពី​វិញ្ញាណ​នេះ​នៅក្នុង​ខ្លួនយើង » ( The Merciful Obtain Mercy,EnsignLiahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៧០ ) ។

  • តើ​ការបង្រៀន​របស់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​អ្វីខ្លះ ដែល​អាច​ជួយ​ព្យាបាល​ដល់​ទំនាក់ទំនង​ដែល​ប្រេះស្រាំ ឬ​បែកបាក់​រវាង​សមាជិក​គ្រួសារ ?

សូម​សរសេរ​បទគម្ពីរ​យោង​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ។ សូម​ពន្យល់​ថា ខគម្ពីរ​នីមួយៗ​ទាំងនេះ មាន​នូវ​សេចក្ដីពិត​ទាំងឡាយ​ដែល​បាន​បង្រៀន​ដោយ​ព្រះអង្គ​សង្គ្រោះ ដែល​អាច​ពង្រឹង​ដល់​ទំនាក់ទំនង​គ្រួសារ​បាន ។

នីហ្វៃទី ៣ ១២:២២–២៤

មរ៉ូណៃ ៧:៤៥, ៤៨

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៩–១១

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​វគ្គ​ទាំងនេះ ហើយ​បន្ទាប់មក​ពិភាក្សា​ពី​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​ការបង្រៀន​អ្វីខ្លះ ដែល​ចេញ​មកពី​ខគម្ពីរ​ទាំងនេះ ដែល​អាច​ជួយ​ព្យាបាល​ទំនាក់ទំនង​គ្រួសារ ដែល​បាន​បាក់បែក​ដោយសារតែ​កំហឹងទាស់ទែង ការមិនមាន​សណ្ដានចិត្ត​ល្អ ឬក៏​ទង្វើ​ផ្សេងៗ​ទៀត ?

  • តើ​អ្នក​បាន​ឃើញ​ថា ការអភ័យទោស​ធ្វើ​ឲ្យ​ទំនាក់ទំនង​គ្រួសារ​ប្រសើរ​ឡើង​ដោយ​របៀបណា ?

  • ហេតុអ្វីបានជា​ពេលខ្លះ វា​ពិបាក​ខ្លាំង​ជាង​ធម្មតា ក្នុង​ការអភ័យទោស​ដល់​សមាជិក​គ្រួសារ ដែល​ប្រមាថ​យើង ជាង​អត់ទោស​ឲ្យ​អ្នកដទៃ ?

សូម​បង្ហាញ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ និង​ប្រធាន ហាវើដ ដបុលយូ ហឹនធើរ ( ឆ្នាំ ១៩០៧–៩៥ ) ហើយ​សូម​ឲ្យសិស្ស​ម្នាក់​អាន​វា​ឮៗ ៖

រូបភាព
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

« គ្មាន​ពួកយើង​ណាម្នាក់​គ្មាន​អំពើបាប​នោះឡើយ ។ ពួកយើង​ម្នាក់ៗ​ប្រព្រឹត្ត​កំហុស រួមទាំង​អ្នក និង​ខ្ញុំ​ផងដែរ ។ យើង​ទាំងអស់​គ្នា​បាន​មាន​របួស ។ យើង​ទាំងអស់​គ្នា​ធ្លាប់​បាន​ធ្វើ​ឲ្យ​អ្នកដទៃ​រងរបួស ។

« វា​គឺតាមរយៈ​ពលិកម្ម​របស់​ព្រះអង្គ​សង្គ្រោះ​របស់​យើង ដែល​យើង​អាច​ទទួល​បាន​ការលើក​តម្កើង និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ នៅពេល​ដែល​យើង​ទទួល​យក​ផ្លូវ​ទំាងឡាយ​របស់​ទ្រង់ ហើយ​យក​ឈ្នះ​លើ​អំនួត​របស់​យើង​ដោយ​បន្ទន់​ដួងចិត្ត​របស់​យើង នោះ​យើង​អាច​នំា​មក​នូវ​ការផ្សះផ្សារ​គ្នា និង​ការអភ័យ​ទោស​មក​ក្នុង​ក្រុមគ្រួសារ និង​ជីវិត​ផ្ទាល់​ខ្លួន​របស់​យើង​វិញ » ( ឌៀថើរ អេស្វ អុជដូហ្វ One Key to a Happy Family,Ensign ខែ តុលា ឆ្នាំ ២០១២ ទំព័រ ៦ ) ។

រូបភាព
ប្រធាន ហាវើដ ដបុលយូ ហឹនធើរ

« មិនថា​អ្វី​ដែល​ព្រះយេស៊ូវ​ដាក់​ព្រះហស្ដ​របស់​ទ្រង់​នៅលើ​នោះទេ វា​នឹង​រស់ ។ ប្រសិនបើ​ព្រះយេស៊ូវ​ដាក់​ព្រះហស្ដ​របស់​ទ្រង់​មកលើ​អាពាហ៍ពិពាហ៍​មួយ នោះ​វា​រស់​រវើក ។ ប្រសិនបើ​ទ្រង់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ដាក់​ព្រះហស្ដ​របស់​ទ្រង់​នៅលើ​ក្រុម​គ្រួសារ នោះ​វា​នឹង​រស់ » ( Teachings of Presidents of the Church: Howard W. Hunter [ ឆ្នាំ ២០១៥ ] ទំព័រ ១៥០ ) ។

  • តើ​គោលការណ៍​ខាងក្រោម​នេះ ដែល​បាន​ពិភាក្សា​គ្នា​នៅ​ថ្ងៃនេះ អាច​អនុញ្ញាត​ឲ្យ​ព្រះអង្គ​សង្គ្រោះ​ដាក់​ព្រះហស្ដ​របស់​ទ្រង់​មកលើ​គ្រួសារ​មួយ​ដោយ​របៀបណា ?

សូម​ឲ្យ​សិស្ស​ពិចារណា​ពី​របៀប​ដែល​គោលការណ៍​នៃ​ការប្រែចិត្ត និង​ការអភ័យទោស អាច​ជួយ​ប៉ះប៉ូវ ឬ​ពង្រឹង​ដល់​ទំនាក់ទំនង​គ្រួសារ​របស់​ពួកគេ​ផ្ទាល់ ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ធ្វើសកម្មភាព​ស្រប​តាម​ការបំផុសគំនិត ដើម្បី​អនុវត្ត​គោលការណ៍​ទាំង​នេះ​នៅក្នុង​ទំនាក់ទំនង​គ្រួសារ​របស់​ពួកគេ ។

ការអាន​របស់​សិស្ស