ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ៧ ៖ អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ត្រូវបាន​តែងតាំង​ឡើយ​ដោយ​ព្រះ


មេរៀន​ទី ៧

អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ត្រូវបាន​តែងតាំង​ឡើយ​ដោយ​ព្រះ

សេចក្ដីផ្ដើម

ព្រះវរបិតា​បាន​បង្កើត​គំរូ​ដ៏​ទេវភាព​នៃ​អាពាហ៍ពិពាហ៍​ជាមួយ​នឹង​អ័ដាម និង​អេវ៉ា​នៅក្នុង​សួនច្បារ​អេដែន ។ នៅ​ជំនាន់​របស់​យើង គណៈប្រធាន​ទី​មួយ និង​កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់ បាន​បញ្ជាក់​ពី​គំរូ​នេះ ដោយ​ថ្លែង​ថា « អាពាហ៍ពិពាហ៍​រវាង​បុរស និង​ស្ត្រី គឺ​ត្រូវបាន​តែងតាំង​ឡើង​ដោយ​ព្រះ » ( « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។ ថ្វីបើ ច្បាប់​របស់​មនុស្ស​អាច​នឹង​ព្យាយាម​ផ្លាស់ប្ដូរ​និយមន័យ​នេះ​ក្ដី ក៏​ក្រឹត្យវិន័យ​របស់​ព្រះ​បន្ត​នៅ​ដដែល​ជា​រៀង​រហូត ។

ការអាន​ពី​សាវតា​

  • ឌី ថត គ្រីស្តូហ្វឺសិន Why Marriage, Why Family, EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៥០-៥៣ ។

  • ដាល្លិន អេក អូក No Other Gods, EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៧២-៧៥ ។

  • សឺរី អិល ឌូវ It Is Not Good for Man or Woman to Be Alone, Ensign ខែ វិច្ឆិកា ឆ្នាំ ២០០១ ទំព័រ ១២–១៤ ។

  • The Divine Institution of Marriage,mormonnewsroom.org/article/the-divine-institution-of-marriage ។

  • Gospel Topics, “Same-Sex Marriage,lds.org/topics ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៩:១៥–១៧; ម៉ូសេ ៣:២១–២៤

អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ត្រូវបាន​តែងតាំង​ឡើយ​ដោយ​ព្រះ

សូម​សរសេរ​គោលលទ្ធិ​ដូច​តទៅ​នេះ នៅលើ​ក្ដារខៀន ៖ « អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ត្រូវបាន​តែងតាំង​ឡើយ​ដោយ​ព្រះ » ។ សូម​សួរ​សិស្ស​ថា ពាក្យ តែងតាំង​មានន័យ​ដូចម្ដេច​នៅក្នុង​ប្រយោគ​នេះ ។ ( ចម្លើយ​ដែល​អាច​មាន រួម​មាន​ដូច​តទៅ​នេះ ៖ បង្គាប់ ចេញក្រឹត្យ ឬ​តាំង ដោយ​គុណធម៌​នៃ​សិទ្ធិអំណាច​ដ៏​ឧត្ដុង្គឧត្តម ) ។ សូម​សួរ​សិស្ស​ថា និយមន័យ​នេះ​ជួយ​ពួកគេ​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​គោលលទ្ធិ​ដែល​នៅលើ​ក្ដារខៀន​យ៉ាង​ដូច​ម្ដេច​ដែរ ។ សូម​ឲ្យ​សិស្ស​អាន​ដោយ​ស្ងាត់ៗ​នៅក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤៩:១៥–១៧ ដើម្បី​រកមើល​ការថ្លែង​ឡើង​វិញ​ក្នុង​ព្រះគម្ពីរ​អំពី​គោលលទ្ធិ​នេះ ។

សូម​សុំ​សិស្ស​ម្នាក់​ឲ្យ​អាន ម៉ូសេ ៣:២១–២៤ ឮៗ ។ សូម​អញ្ចើញ​សិស្ស​រក​មើល​ជំហាន​ដ៏​សំខាន់​មួយ​ណា​នៅក្នុង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ដែល​ត្រូវ​បាន​ពិពណ៌នា​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។ ( ពេល​សិស្ស​ឆ្លើយ​តប សូម​ពន្យល់​ថា សេចក្ដីយោង​ដល់​ឆ្អឹង​ជំនីរ​របស់​អ័ដាម គឺ​ជា​និមិត្តរូប—តាមពិត​ព្រះ​មិន​បាន​ដក​យក​ឆ្អឹង​ជំនីរ​របស់​អ័ដាម​នោះ​ទេ ។ អ្នក​អាច​នឹង​ចង់​ឲ្យ​យោបល់​សិស្ស​ឲ្យ​សរសេរ​និយមន័យ​នៃ​ពាក្យ នៅជាប់នឹង នៅ​គែម​ព្រះគម្ពីរ​របស់​ពួកគេ ដូច​តទៅ​នេះ ៖ « បង្កើត​នូវ​ការរួបរួម​គ្នា​មួយ​ដែល​ជិតស្និត ជាប់លាប់ និង​ឥតងាករេ » ) ។

  • តើ​អ្នក​គិតថា ព្រះ​មាន​ព្រះទ័យ​ចង់​បង្រៀន​យើង​អំពី​អ្វី ដោយ​ការពិពណ៌នា​ពី​ការបង្ក​បង្កើត​ខាង​រូបកាយ​របស់​អេវ៉ា តាម​របៀប​នេះ ? ( អែលឌើរ រ័សុល អិម ណិលសុន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បានបង្រៀន ៖ « ឆ្អឹងជំនីរ ចេញមក​ដូច​ជា​វា​នៅ​ខាង​ចំហៀង ហាក់បី​ដូច​ជា​ចង្អុល​ប្រាប់​ពី​ភាពជា​ដៃគូ ។ ឆ្អឹង​ជំនីរ​ពុំ​មែន​មានន័យ​ថា​អំណាច​ត្រួតត្រា ហើយ​ក៏​មិនមែន​ជា​ការនៅ​ក្រោម​អំណាច​នោះ​ដែរ ប៉ុន្តែ​ជា​ទំនាក់ទំនង​មួយ​ស្មើ​ភាព​គ្នា​ក្នុង​នាម​ជា​ដៃគូ ដើម្បី​ធ្វើ​កិច្ចការ និង​រស់នៅ​ទន្ទឹម​គ្នា [ Lessons from Eve, Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៧ ទំព័រ ៨៧ ] ) ។

  • តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ចេញ​ពី ម៉ូសេ ៣:២៤ ? ( អែលឌើ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍​ថា ព្រះ « បាន​ចង​ភ្ជាប់ [ អ័ដាម និង​អេវ៉ា ] ជា​ស្វាមី និង​ភរិយា ។ … មិន​ថា​យើង ឬ​មនុស្ស​ជីវិត​រមែង​ស្លាប់​ណា​នោះទេ គឺ​ពួកគេ​មិន​អាច​ផ្លាស់ប្ដូរ​លំដាប់​នៃ​អាពាហ៍ពិពាហ៍​របស់​ព្រះ​នេះ​បាន​ទេ ។ វា​មិនមែន​ជា​ការបង្កើត​របស់​មនុស្ស​លោក​នោះ​ទេ » [ Why Marriage, Why Family, EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៥២ ] ) ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ អែលឌើរ ដាវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ។ សូម​សុំ​សិស្ស​ក្នុង​ថ្នាក់ ឲ្យ​រក​មើល​ការយល់ដឹង​មួយ​ដ៏​ជ្រៅជ្រះ ទៅក្នុង​មូលហេតុ​ដែល​ព្រះ​បាន​តែងតាំង​អាពាហ៍ពិពាហ៍​នោះ ដែល​កើត​ឡើង​បាន​តែ​រវាង​បុរស​ម្នាក់ និង ស្ត្រី​ម្នាក់ ។

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

« បន្ទាប់​ពី​ផែនដី​ត្រូវ​បាន​បង្កើត អ័ដាម​ត្រូវ​បាន​ដាក់​ក្នុង​សួន​ច្បារ​អេដែន ។ ប៉ុន្តែ​ការសំខាន់​នោះ​គឺ ព្រះ​ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា ‹ វា​មិន​ល្អ​ទេ​ដែល​បុរស​នេះ​ត្រូវ​នៅ​តែ​ម្នាក់​ឯង › ( ម៉ូសេ ៣:១៨; សូម​មើល​ផង​ដែរ លោកុប្បត្តិ ២:១៨ ) ហើយ​អេវ៉ា​បាន​ក្លាយ​ជា​ប្រពន្ធ និង​ដៃគូ​របស់​អ័ដាម ។ ការរួមគ្នា​ដែល​មិន​អាច​ប្រៀប​ផ្ទឹម​បាន​នៃ​សមត្ថភាព​ខាង​វិញ្ញាណ រូបកាយ គំនិត និង​ចិត្ត រវាង​បុរស និង​ស្ត្រី​ជា​កត្តា​ដ៏​ចាំបាច់​ដើម្បី​ធ្វើ​ឲ្យ​ផែនការ​នៃ​សុភមង្គល​កើត​ឡើង ។ ‹ ប៉ុន្តែ​ក្នុង​ព្រះអម្ចាស់ នោះ​បុរស​មិន​មែន​ជា​ឥត​ទីពឹង​អាស្រ័យ​ដល់​ស្ត្រី​ឡើយ ហើយ​ស្ត្រី​កី​មិន​មែន​ជា​ឥត​ពឹង​អាស្រ័យ​ដល់​បុរស​ដែរ › ( កូរិនថូស ទី១ ១១:១១ ) ។ បុរស និង​ស្ត្រី​ត្រូវ​បាន​បម្រុង​ទុក​ឲ្យ​រៀន ពង្រឹង ហើយ​បំពេញ​គ្នា​ទៅ​វិញ​ទៅ​មក » ( We Believe in Being Chaste, EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤១–៤២ ) ។

  • ផ្អែក​លើ​ការយល់​ដឹង​របស់​អ្នក​អំពី​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតាសួគ៌ ហេតុ​អ្វី​អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ត្រូវបាន​តែងតាំង​ឡើយ​ដោយ​ទ្រង់ ?

ម៉ូសេ ៣:១៨; ៥:១–៥, ១២, ១៦

ស្វាមី និង ភរិយា​គឺ​ជា​ដៃគូ​ស្មើ​គ្នា

  • តើ​វា​មាន​តម្លៃ​ប៉ុណ្ណា​ក្នុង​ការធ្វើ​តាម​គំរូ​មួយ ពេល​ធ្វើ​អ្វី​មួយ​ដូច​ជា​សំលៀកបំពាក់ ?

  • តើ​វា​មាន​តម្លៃ​ប៉ុណ្ណា​ក្នុង​ការសិក្សា​ពី​គំរូ​ដ៏​វិសេស​វិសាល​នៃ​អាពាហ៍ពិពាហ៍ ?

សូម​ពន្យល់​ថា អាពាហ៍ពិពាហ៍​របស់​អ័ដាម និង​អេវ៉ា បង្ហាញ​គំរូ​របស់​ព្រះអម្ចាស់ អំពី​អ្វី​ដែល​ជា​អាពាហ៍ពិពាហ៍ ។ សូម​សុំ​សិស្ស​ម្នាក់​ឲ្យ​អាន ម៉ូសេ ៣:១៨ ឮៗ ។

  • តើ​អ្នក​យល់​យ៉ាង​ណា​អំពី​វាក្យសព្ទ « ជំនួយ​មួយ​ដ៏​សម » ? ( « ជំនួយ » ត្រូវបាន​បកប្រែ​មក​ពី​ពាក្យ​ឫស​នៃ​ភាសា​ហេព្រើរ​ពីរ​ផ្គុំ​គ្នា មួយ​មានន័យ​ថា សង្គ្រោះ ហើយ​ន័យ​មួយ​ទៀត​គឺ​រឹងមាំ ។ « ដ៏​សម » ត្រូវបាន​បកប្រែ​មក​ពី​ពាក្យ​ភាសា​ហេព្រើរ ដែល​ប្រាប់​ថា​ជា​សមរម្យ និង​ស្មើគ្នា ។ ហេតុ​ដូច​នោះ​ហើយ « ជំនួយ​មួយ​ដ៏​សម » គឺជា​ដៃគូ​ដែល​សមរម្យ និង​ស្មើ​គ្នា ដែល​មាន​អំណាច​ដើម្បី​សង្គ្រោះ ។ សូម​ផ្ដល់​យោបល់​ដល់​សិស្ស​ឲ្យ​សរសេរ​និយមន័យ​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​ក្បែរ ម៉ូសេ ៣:១៨ ។ សូមមើល​ផងដែរ ហាវើដ ដបុលយូ ហឹនធើរ Being a Righteous Husband and Father, Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៤ ទំព័រ ៥១ ។

  • តើ​ទំនាក់ទំនង​បែប​ណា ដែល​វាក្យសព្ទ​នេះ​ប្រាប់ អំពី​ស្វាមី និង ភរិយា ? ( សូម​សង្ខេប​ចម្លើយ​របស់​សិស្ស ដោយការ​សរសេរ​គោលលទ្ធិ​ដូច​តទៅ​នេះ​នៅលើ​ក្ដារខៀន ៖ព្រះវរបិតា​បាន​តែងតាំង​ថា ស្វាមី និង​ភរិយា​គឺ​ជា​ដៃគូ​ស្មើ​គ្នា ) ។

  • តើ​អ្នក​គិត​ថា វា​មានន័យ​យ៉ាង​ណា ដែល​ស្វាមី និង​ភរិយា​គឺ​ជា​ដៃគូ​ស្មើ​គ្នា ?

សូម​បែងចែក​សិស្ស​ក្នុង​ថ្នាក់​ជា​ក្រុម​តូចៗ ប្រហែល​ជា​បី ឬ​បួន​នាក់​ក្នុង​មួយ​ក្រុម ។ សូម​សុំ​សិស្ស​ឲ្យ​អាន​ត្រួសៗ​លើ ម៉ូសេ ៥:១–៥, ១២, និង ១៦ ដោយ​រកមើល​របៀប​ទាំងឡាយ ដែល​អ័ដាម និង​អេវ៉ា បាន​ធ្វើ​ជាមួយ​គ្នា ក្នុង​នាម​ជា​ដៃគូ​ស្មើ​គ្នា​ហើយ​ពិភាក្សា​ពី​ការរក​ឃើញ​របស់​ពួកគេ​នៅក្នុង​ក្រុម​ពួកគេ ។

សូម​បង្ហាញ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) និង​បងស្រី សឺរី អិល ឌូវ ជា​អតីត​ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« ចេញពី​កំណត់ត្រា​ដ៏​បំផុស​គំនិត​នេះ [ ម៉ូសេ ៥:១–២, ៤, ១២, ១៦ ] យើង​ឃើញ​ថា អ័ដាម និង​អេវ៉ា បាន​ផ្ដល់​ដល់​យើង​នូវ​គំរូ​ដ៏​វិសេស​វិសាល​អំពី​ទំនាក់ទំនង​អាពាហ៍ពិពាហ៍​ក្នុង​សេចក្ដី​សញ្ញា​មួយ ។ ពួកគាត់​បាន​ធ្វើការ​រួម​គ្នា ពួកគាត់​បាន​មាន​កូនចៅ​ជាមួយ​គ្នា ពួកគាត់​បាន​អធិស្ឋាន​រួមគ្នា ហើយ​ពួកគាត់​បាន​បង្រៀន​កូនចៅ​ពួកគាត់​នូវ​ដំណឹងល្អ—រួម​គ្នា ។ នេះ​ជា​គំរូ ដែល​ព្រះ​ឲ្យ​បុរស និង​ស្ត្រី​សុចរិត​ទាំងអស់​ធ្វើ​តាម » ( Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ ២០១៤ ] ទំព័រ ១៨៣ ) ។

រូបភាព
សឺរី អិល ឌូវ

« សូម​សញ្ជឹង​គិត​អំពី​ដំណើរ​រឿង​ទាំងឡាយ​ក្នុង​ព្រះគម្ពីរ អំពី​អ័ដាម និង​អេវ៉ា ហើយ​មើល​ពី​អ្វី​ដែល​ព្រះអម្ចាស់​នឹង​បង្រៀន​អ្នក ដែល​នឹង​ពង្រឹង​អាពាហ៍ពិពាហ៍ [ និង ] ក្រុមគ្រួសារ​របស់​អ្នក ។ … គំរូ​របស់​ព្រះវរិបតា​យើង​ជួយ​យើង​ឲ្យ​ចៀសវាង​ពី​ការបោក​បំភាន់ ។ ដើម្បី​ស្វែងរក​គំនិត និង​ឧត្ដមគតិ​អំពី​បុរស និង​ស្ត្រី សូម​សម្លឹង​ទៅ​កាន់​ព្រះអម្ចាស់ មិន​មែន​ទៅកាន់​លោកិយ​ទេ » ( សឺរី អិល ឌូវ It Is Not Good for Man or Woman to Be Alone, Ensign ខែ វិច្ឆិកា ឆ្នាំ ២០០១ ទំព័រ ១៤ ) ។

  • តើ​ពេលណា​ដែល​អ្នក​បាន​ឃើញ ដែល​ស្វាមី និង​ភរិយា ធ្វើការ​ជាមួយ​គ្នា​ជា​ដៃគូ​ស្មើ​គ្នា ?

  • តើ​អ្នក​គិត​ថា ការយល់​ពី​គំរូ​ដ៏​ទេវភាព​នៃ​អាពាហ៍ពិពាហ៍ អាច​ជះ​ឥទ្ធិពល​យ៉ាង​ណា​ដល់​អនាគត​របស់​អ្នក ?

សូម​ទុក​ពេល​ឲ្យ​សិស្ស​ពីរបី​នាទី ដើម្បី​ធ្វើ​បញ្ជី​ពីរ ៖ (១) ចរិតលក្ខណៈ​ដែល​ពួកគេ​មាន​ឥឡូវ​នេះ ដែល​នឹង​ជួយ​នាំ​ពួកគេ​ទៅកាន់​អាពាហ៍ពិពាហ៍​ដែល​ត្រូវបាន​តែងតាំង​ដោយ​ព្រះ និង (២) ចរិតលក្ខណៈ​ដែល​ពួកគេ​អាច​នឹង​ត្រូវការ ដើម្បី​ផ្លាស់​ប្ដូរ ដើម្បី​ខិត​កាន់តែ​ជិត​គោលដៅ​នោះ ។ សូម​បញ្ហាញ​ភាពជឿជាក់​ថា ព្រះអម្ចាស់​នឹង​ប្រទានពរ​ដល់​ពួក​គេ​ក្នុង​ការ​ខិតខំ​របស់​គេ ។

មរមន ៩:៩

ការ​បង្រៀន​របស់​ព្រះអម្ចាស់​ទាក់ទង​នឹង​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា

កំណត់ចំណាំ ៖ សូម​យោគយល់​ចំពោះ​សិស្ស ដែល​បង្ហាញ​យោបល់​ខុស​គ្នា​លើ​បញ្ហា​នេះ ។ សូម​ផ្ដោត​លើ​ការពិភាក្សា​របស់​ថ្នាក់ លើ​សេចក្ដី​ថ្លែងការណ៍​របស់​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​នៃ​សាសនាចក្រ ) ។

  • តើ​គំរូ​ដែល​ត្រូវបាន​តែងតាំង​របស់​ព្រះ អំពី​អាពាហ៍ពិពាហ៍ ត្រូវបាន​ជះ​ឥទ្ធិពល​យ៉ាង​ណា ពេល​ដែល​រដ្ឋាភិបាល​បាន​ចេញ​ប្រកាស​មួយ ដែល​ធ្វើ​ឲ្យ​ស្រប​ច្បាប់​នូវ​ការប្រព្រឹត្ត​ដែល​ផ្ទុយ​ពី​គំរូ​នេះ ? ( ពេលដែល​សិស្ស​ឆ្លើយ​តប សូម​ប្រើប្រាស់ មរមន ៩:៩ ដើម្បី​បង្ហាញ​ថា ព្រះ និង​ក្រឹត្យវិន័យ​របស់​ទ្រង់​មិន​ផ្លាស់​ប្ដូរ​ឡើយ ។ ធម្មជាតិ​ដែល​មិន​ផ្លាស់​ប្ដូរ​របស់​ព្រះ ជួយ​យើង​ឲ្យ​មាន​ទំនុកចិត្ត និង​សេចក្ដី​ជំនឿ​លើ​ទ្រង់ ) ។

សូម​ចែក​ដល់​សិស្ស​នូវ​ច្បាប់​ចម្លង​នៃ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម មកពី​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​មូលហេតុ ដែល​ថ្នាក់ដឹកនាំ​សាសនាចក្រ បាន​មាន​ប្រសាសន៍​អំពី​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា ៖

« ដំណើរការ​ផ្នែក​ច្បាប់ និង​សកម្មភាព​ខាង​នីតិបញ្ញត្តិ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន បាន​ផ្តល់​នូវ​ការ​ទទួលស្គាល់​ជា​សាធារណៈ​ទៅ​ដល់​ទំនាក់ទំនង​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា ហើយ​សំនួរ​អំពី​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​ត្រូវ​បាន​បន្ត​ពិភាក្សា​វែកញែក​យ៉ាង​ទូលំទូលាយ ។ នៅ​ពេល​យើង​ជួប​បញ្ហា​នេះ និង​បញ្ហា​ដទៃ​ទៀត យើង​សូម​លើក​ទឹកចិត្ត​អ្នក​ទាំងអស់​គ្នា​ឲ្យចាំ​ក្នុង​គំនិត​យើង​នូវ​ព្រះរាជ​បំណង​របស់​ព្រះវរបិតាសួគ៌​ក្នុង​ការបង្កើត​ផែនដី និង​ការផ្តល់​ដល់​យើង​នូវ​ជីវិត​រមែង​ស្លាប់ រួមទាំង​បទពិសោធន៍​នៅ​ទីនេះ​ក្នុង​នាម​ជា​បុត្រាបុត្រី​របស់​ទ្រង់ [ សូមមើល លោកុប្បត្តិ ១:២៧–២៨; ២:២៤ ] ។ … អាពាហ៍ពិពាហ៍​រវាង​ប្រុស​ម្នាក់ និង​ស្ត្រី​ម្នាក់ គឺ​ត្រូវ​បាន​តាំង​ឡើង​ដោយ​ព្រះ ហើយ​គឺ​សំខាន់​ចាំបាច់​ណាស់​ក្នុង​ផែនការ​របស់​ទ្រង់​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់ និង​សម្រាប់​សុខុមាលភាព​នៃ​សង្គម ។ ក្រុមគ្រួសារ​ដែល​រឹងមាំ ដែល​ត្រូវ​បាន​ដឹកនាំ​ដោយ​ឪពុក និង​ម្តាយ​ជា​ទីស្រឡាញ់ ដែល​បម្រើ​ជា​ស្ថាប័ន​ដ៏​សំខាន់​ក្នុង​ការចិញ្ចឹម​បីបាច់​កូនចៅ ការបណ្តុះ​សេចក្តី​ជំនឿ និង​ការផ្ទេរ​ដល់​មនុស្ស​ជំនាន់​ក្រោយ​នូវ​កម្លាំង​ផ្នែក​សីលធម៌ និង​គុណតម្លៃ​ទាំងឡាយ ដែល​វា​មាន​សារៈសំខាន់​ចំពោះ​អារ្យធម៌ និង ចាំបាច់​ចំពោះ​សេចក្តី​សង្គ្រោះ​ដ៏​អស់កល្បជានិច្ច ។

« ការផ្លាស់ប្ដូរ​ក្នុង​ច្បាប់​ស៊ីវិល មិន​អាច​ផ្លាស់​ប្ដូរ​ក្រឹត្យវិន័យ​ខាង​សីលធម៌ ដែល​ព្រះ​បាន​បង្កើត​ឡើយ ។ ព្រះ​រំពឹង​ឲ្យ​យើង​គាំទ្រ ហើយ​រក្សា​ព្រះបញ្ញត្តិ​ទ្រង់ មិន​ថា​ទស្សនៈ និង​និន្នាការ​ក្នុង​សង្គម​មាន​ភាពខុស​គ្នា​យ៉ាងណា​នោះទេ ។ ច្បាប់​ព្រហ្មចារីភាព​របស់​ទ្រង់​បាន​បញ្ជាក់​យ៉ាង​ច្បាស់ ៖ ទំនាក់ទំនង​ខាង​ផ្លូវ​ភេទ​ដែល​ត្រឹមត្រូវ មាន​តែ​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ ដែល​បាន​រៀបការ​ស្រប​តាម​ច្បាប់​ជា​ប្ដី​ប្រពន្ធ​ប៉ុណ្ណោះ » ( បាន​ដកស្រង់​ពី Gospel Topics, Same-Sex Marriage,lds.org/topics ) ។

  • តើ​ការយល់​ពី​ផែនការ និង​គោលលទ្ធិ​របស់​ព្រះ ជួយ​យើង​ឲ្យ​ដឹង​ពី​សារៈសំខាន់​នៃ​អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​យ៉ាង​ដូចម្ដេច​ខ្លះ ?

សូម​ចែក​ឲ្យ​សិស្ស​ម្នាក់ៗ​នូវ​ច្បាប់​ចម្លង​នៃ​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម ដែល​បាន​មក​ពី​ឯកសារ​ដែល​ត្រូវបាន​បោះពុម្ព​ដោយ​សាសនាចក្រ ដែល​មាន​ចំណងជើង​ថា « The Divine Institution of Marriage » ។ សូម​សុំ​សិស្ស​ឲ្យ​រកមើល​មូលហេតុ​ទាំងឡាយ ដែល​និយមន័យ​នៃ​អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ គប្បី​ត្រូវបាន​ថែរក្សា​នៅក្នុង​ច្បាប់ និង​គោលនយោបាយ​ទាំងឡាយ ៖

« អាពាហ៍ពិពាហ៍​គឺ​លើស​ពី​កិច្ច​សន្យា​មួយ​រវាង​បុគ្គល​ទាំងឡាយ ដើម្បី​ឲ្យ​សច្ចានុមតិ​អំពី​សេចក្ដី​ស្រឡាញ់​របស់​ពួកគេ ហើយ​ផ្ដល់​នូវ​កាតព្វកិច្ច​ទាំង​សង​ខាង​ទៅ​ទៀត ។ ផ្ទុយ​ទៅ​វិញ អាពាហ៍ពិពាហ៍ និង​ក្រុមគ្រួសារ គឺ​ជា​ស្ថាប័ន​ដ៏​សំខាន់​បំផុត​មួយ សម្រាប់​ការចិញ្ចឹម​បីបាច់​កូនចៅ ហើយ​បង្រៀន​ពួកគេ ឲ្យ​ក្លាយ​ជា​មនុស្ស​ពេញ​វ័យ​ដែល​មាន​ទំនួល​ខុស​ត្រូវ ។ ក្នុង​ប្រវត្តិសាស្ត្រ រដ្ឋាភិបាល​គ្រប់​ប្រភេទ​បាន​ទទួល​ស្គាល់​ថា អាពាហ៍ពិពាហ៍​គឺ​ជា​ការ​ដ៏​ចាំបាច់ ក្នុង​ការរក្សា​ឲ្យ​មាន​ស្ថេរភាព​សង្គម និង​រក្សា​ជីវិត​របស់​វា​ឲ្យ​នៅ​គង់វង្ស ។ ដូច្នេះ​ហើយ មិន​ថា​អាពាហ៍ពិពាហ៍​នោះ ត្រូវបាន​ធ្វើ​ឡើង​បែប​ជា​ពិធី​សាសនា ឬ​បែប​ស៊ីវិល​នោះ​ទេ អាពាហ៍ពិពាហ៍​ស្ទើរតែ​នៅក្នុង​គ្រប់​វប្បធម៌ ត្រូវបាន​ការពារ និង​យល់​ស្រប​ដោយ​រដ្ឋាភិបាល ជា​ចម្បង គឺ​ដើម្បី​ថែរក្សា និង​បីបាច់​ស្ថាប័ន ដែល​សំខាន់​បំផុត​ក្នុង​ការចិញ្ចឹម​បីបាច់​កូនចៅ និង​បង្រៀន​ពួកគេ​អំពី​គុណតម្លៃ​នៃ​សីលធម៌ ដែល​គាំទ្រ​ដល់​អារ្យធម៌ ។ …

« ដោយសារ​ទំនាក់ទំនង​ដ៏​ជិតស្និត​ដែល​មាន​ជា​យូរ​មក​ហើយ រវាង​អាពាហ៍ពិពាហ៍ ការបង្កើត​កូន ភេទ និង​ការធ្វើ​ជា​ឪពុក​ម្ដាយ នោះ​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា ពុំ​អាច​ត្រូវបាន​ចាត់ទុក​ជា​ការផ្ដល់​ឲ្យ​នូវ ‹ សិទ្ធិ › ថ្មី​នោះ​ទេ ។ វា​គឺ​ជា​ការឲ្យ​និយមន័យ​ឡើង​វិញ ដែល​ហួស​ពេក​ពី​ធម្មជាតិ​នៃ​អាពាហ៍ពិពាហ៍​ផ្ទាល់ ។ វា​គូស​សម្គាល់​នូវ​ការផ្លាស់​ប្ដូរ​គ្រឹះ​នៅក្នុង​ស្ថាប័ន​អាពាហ៍ពិពាហ៍ នៅក្នុង​របៀប​ទាំងឡាយ​ដែល​ផ្ទុយ​ពី​គោលបំណង​របស់​ព្រះ សម្រាប់​បុត្រា​បុត្រី​ទ្រង់ ហើយ​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​ដ៏​យូរ​អង្វែង​របស់​សង្គម » ( “The Divine Institution of Marriage,mormonnewsroom.org/article/the-divine-institution-of-marriage ) ។

  • តើ​មូលហេតុ​មួយ​ចំនួន​អ្វី​ខ្លះ ដែល​សង្គម​ជាច្រើន​បាន​យល់ស្រប​ជា​ប្រពៃណី ហើយ​បាន​ការពារ​ដល់​អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ ?

  • តើ​មនុស្ស​ម្នាក់​អាច​ដឹង​ពី​សេចក្ដី​ពិត​អំពី​ជំហរ​របស់​សាសនាចក្រ អំពី​បញ្ហា​ដ៏​សំខាន់​នេះ ដោយ​របៀប​ណា ?

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ពិចារណា​ពី​របៀប​ដែល​យោបល់​របស់​ពួកគេ​ខុស​គ្នា ឬ​ដូច​គ្នា​ទៅ​នឹង​ការបង្រៀន​របស់​ព្រះ អំពី​អាពាហ៍ពិពាហ៍ ដូច​ដែល​បាន​បង្រៀន​ដោយ​ថ្នាក់​ដឹកនាំ​សាសនាចក្រ ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ថា ការជឿ​លើ និង​ការគាំទ្រ​គំរូ​របស់​ព្រះ​សម្រាប់​អាពាហ៍ពិពាហ៍ នឹង​នាំមក​នូវ​ពរជ័យ​ដ៏​អស់កល្ប​ជានិច្ច ។

ការ​អាន​របស់​សិស្ស