ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ៥ ៖ លក្ខខណ្ឌ​នៃ​ជីវិត​រមែង​ស្លាប់


មេរៀន​ទី ៥

លក្ខខណ្ឌ​នៃ​ជីវិត​រមែង​ស្លាប់

សេចក្ដីផ្ដើម

នៅក្នុង​ជីវិត​មុន​ផែនដី យើង « បាន​ទទួល​ផែនការ​របស់ [ ព្រះវរបិតាសួគ៌ ] ដែល​នាំ​ឲ្យ​កូនចៅ​ទាំងឡាយ​អាច​ទទួល​រូបកាយ ហើយ​និង​ទទួល​បទពិសោធន៍​នៅលើ​ផែនដី ដើម្បី​រីកចម្រើន​ទៅ​រក​ភាព​ល្អ​ឥតខ្ចោះ » ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។ រូបកាយ​រមែង​ស្លាប់​របស់​យើង គឺជា​ពរជ័យ​ដ៏​អស្ចារ្យ​មួយ ទោះ​យ៉ាង​ណា​ក្ដី ក៏​រូបកាយ​នោះ​ស្ថិត​នៅក្រោម​ការល្បួង​ជាច្រើន​របស់​សាតាំង ។ តាម​រយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ យើង​អាច​ឈ្នះ​លើ​ការល្បួង​ទាំងនេះ ហើយ​ត្រឡប់​ទៅ​កាន់​ព្រះវរបិតាសួគ៌​របស់​យើង​វិញ ។

ការអាន​ពី​សាវតា​

  • ដាវីឌ អេ បែដណា Things as They Really Are, Ensign ខែ មិថុនា ឆ្នាំ ២០១០ ទំព័រ ១៦-២៥ ។

  • ដេវីឌ អេ បែដណា « The Atonement and the Journey of Mortality » Ensign ខែ មេសា ឆ្នាំ ២០១២ ទំព័រ ៤០–៤៧ ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី២ ២:២៧–២៩; អ័ប្រាហាំ ៣:២៥

បទពិសោធន៍​រមែង​ស្លាប់​របស់​យើង គឺ​ចាំបាច់​សម្រាប់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច

សូម​បង្ហាញ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ អែលឌើរ ដាវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ហើយ​សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

« តើ​យើង​ពិតជា​ធ្លាប់​ពិចារណា​ទេ ថា​ហេតុអ្វី​ការមាន​រូបកាយ​សាច់ឈាម​សំខាន់​ម៉្លេះ ? … តើ​យើង​ពិតជា​យល់​ពី​មូលហេតុ​ដែល​រូបកាយ​គឺ​សំខាន់​ជាខ្លាំង ចំពោះ​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតា ដែរ​ឬ​ទេ ? តើ​យើង​ប្រហែល​ជា​ទន្ទេញ​ចម្លើយ​នេះ​យ៉ាង​ញឹកញាប់ និង​ជា​ទម្លាប់ រហូត​ដល់​យើង​មិនបាន​ដឹង​ពី​សារៈសំខាន់​ដ៏​ពិត​របស់​វា​ឬ ? ខ្ញុំ​ចង់​ឲ្យ​យើង​ជីក​កាន់តែ​ជ្រៅ​ទៅក្នុង​សំណួរ​ដ៏​សំខាន់​ដ៏​អស់កល្ប​នេះ អំពី​មូលហេតុ​ដែល​រូបកាយ​មួយ​មាន​សារៈសំខាន់​ជាខ្លាំង ។ នៅ​ទី​បំផុត ចម្លើយ​គឺ​ជះ​ឥទ្ធិពល​ដល់​អ្វី​គ្រប់​យ៉ាង​ដែល​យើង​ធ្វើ » ( Ye Are the Temple of God, Ensign ខែ កញ្ញា ឆ្នាំ ២០០១ ទំព័រ ១៤ ) ។

  • ស្របតាម​អែលឌើរ បែដណា ហេតុអ្វី​ក៏​យើង​គប្បី​ស្វែងរក​ចម្លើយ​ថា​មូលហេតុ​អ្វី​បាន​ជា​រូបកាយ​សាច់ឈាម​របស់​យើង​សំខាន់​ម៉្លេះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ចម្លើយ​មួយ​ចំពោះ​សំណួរ​ខាងក្រោម​នេះ ។ ពេល​ដែល​មេរៀន​នេះ​វិវឌ្ឍ​ទៅ​មុខ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​សរសេរ​គំនិត​បន្ថែម​ទៀត ។

  • តើ​ហេតុអ្វី​បាន​ជា​រូបកាយ​សាច់ឈាម​របស់​យើង សំខាន់​ជាខ្លាំង​ចំពោះ​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតា ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​កថាខណ្ឌ​ទី​បី​នៃ « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ដោយ​ស្ងាត់ស្ងៀម ហើយ​រកមើល​សេចក្ដី​ថ្លែង​ដែល​បញ្ជាក់​ពី​មូលហេតុ​ថា រូបកាយ​សាច់ឈាម​មួយ​ចាំបាច់​ចំពោះ​ការរីក​ចម្រើន​ដ៏​អស់កល្ប​របស់​យើង ។

សូមសុំ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដេវីឌ អេ បែដណា ។ សូម​សុំ​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ស្ដាប់ ហើយ​រក​មើល​មូលហេតុ​ដែល​រូបកាយ​របស់​យើង​សំខាន់​ក្រៃលែង​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។ សូម​ពិចារណា​ក្នុង​ការផ្ដល់​ច្បាប់​ចម្លង​នៃ​សេចក្ដី​ថ្លែងការណ៍​នេះ​ដល់​សិស្ស​ម្នាក់​មួយ​ច្បាប់ មុនពេល​អាន​វា ។

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

« រូបកាយ​សាច់ឈាម​របស់​យើង ធ្វើ​ឲ្យ​ទំហំ ជម្រៅ និង​ប្រពលភាព​នៃ​បទពិសោធន៍​អាច​កើត​ឡើង​បាន ដែល​មិន​អាច​ធ្វើ​បាន​នៅក្នុង​សភាវ​មុន​ជីវិត​រមែង​ស្លាប់ ។ ប្រធាន ប៊យដ៏ ឃេ ផាកកឺ ជា​ប្រធាន​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា ‹ វិញ្ញាណ និង​រូបកាយ​របស់​យើង ត្រូវបាន​ផ្គុំ​ចូលគ្នា​តាម​របៀប​មួយ​ដែល​រូបកាយ​យើង​ក្លាយ​ជា​ឧបករណ៍​មួយ​នៃ​គំនិត​យើង ហើយ​ជា​គ្រឹះ​នៃ​បុគ្គលិក​លក្ខណៈ​របស់​យើង › [ “The Instrument of Your Mind and the Foundation of Your Character” ( សន្ទុរកថា​ក្នុង​ការប្រជុំ​ពិសេស​នៅ​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ ថ្ងៃទី ២ ខែ កុម្ភៈ ឆ្នាំ ២០០៣ ), speeches.byu.edu ] ។ ហេតុ​ដូច្នោះ​ហើយ ទំនាក់ទំនង​របស់​យើង​ជាមួយ​មនុស្ស​ផ្សេង​ទៀត សមត្ថភាព​របស់​យើង​ក្នុង​ការដឹង និង​ប្រព្រឹត្ត​ឲ្យ​ស្រប​ទៅ​តាម​សេចក្ដី​ពិត និង​លទ្ធភាព​របស់​យើង​ក្នុង​ការគោរព​ប្រតិបត្តិ​ដល់​គោលការណ៍ និង​ពិធី​បរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ គឺ​ត្រូវបាន​ធ្វើ​ឲ្យ​រឹងមាំ​ឡើង​តាមរយៈ​រូបកាយ​សាច់ឈាម​របស់​យើង ។ នៅក្នុង​ថ្នាក់​រៀន​នៃ​ជីវិត​រមែង​ស្លាប់ យើង​ដក​ពិសោធន៍​ពី​ភាពទន់ភ្លន់ ក្ដី​ស្រឡាញ់ ចិត្ត​សប្បុរស សុភមង្គល ទុក្ខព្រួយ ការខកចិត្ត ការឈឺចាប់ និង​សូម្បី​តែ​ឧបសគ្គ​នានា​នៃ​ដែន​កំណត់​ខាង​សាច់ឈាម នៅក្នុង​របៀប​ទាំងឡាយ​ដែល​រៀបចំ​យើង​សម្រាប់​ភាពអស់កល្ប​ជានិច្ច ។ និយាយ​ឲ្យ​សាមញ្ញ​ទៅ មាន​មេរៀន​ជា​ច្រើន ដែល​យើង​ត្រូវតែ​រៀន និង​ដកពិសោធន៍ ដែល​យើង​ត្រូវតែ​មាន ដូច​ព្រះគម្ពីរ​ពិពណ៌នា​ថា ‹ ស្របតាម​សាច់ឈាម › ( នីហ្វៃទី១ ១៩:៦; អាលម៉ា ៧:១២–១៣ ) » ( Things as They Really Are, Ensign ខែ មិថុនា ឆ្នាំ ២០១០ ទំព័រ ១៦ ) ។

  • តើ​អែលឌើរ បែដណា បាន​បង្រៀន​អ្វីខ្លះ អំពី​មូលហេតុ​ដែល​រូបកាយ​សាច់ឈាម​មួយ​គឺជា​ការចាំបាច់​សម្រាប់​ការរីក​ចម្រើន​អស់កល្ប​ជានិច្ច​របស់​យើង​នោះ ? ( ថ្វីបើ​ចម្លើយ​អាច​នឹង​មាន​ផ្សេងៗ​គ្នា ក៏​សូម​សង្កត់​បញ្ជាក់​ពី​សេចក្ដីពិត​នេះ ៖ ជាមួយ​នឹង​រូបកាយ​សាច់ឈាម យើង​ដក​ពិសោធន៍​នូវ​លក្ខខណ្ឌ​នានា​នៃ​ជីវិត​រមែង​ស្លាប់ ដែល​អាច​រៀបចំ​យើង​សម្រាប់​ភាពអស់កល្ប​ជានិច្ច ) ។

  • តើ​នៅក្នុង​របៀប​ណា​ខ្លះ ដែល​រូបកាយ​របស់​យើង​ជា « ឧបករណ៍​មួយ​នៃ​គំនិត​យើង ហើយ​ជា​គ្រឹះ​នៃ​បុគ្គលិក​លក្ខណៈ​របស់​យើង » ?

  • តើ « លទ្ធភាព​របស់​យើង​ក្នុង​ការគោរព​ប្រតិបត្តិ​ដល់​គោលការណ៍ និង​ពិធី​បរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹងល្អ … គឺ​ត្រូវបាន​ធ្វើ​ឲ្យ​រឹងមាំ​ឡើង​តាមរយៈ​រូបកាយ​សាច់ឈាម​របស់​យើង » ដោយ​របៀបណា ? ( ចម្លើយ​ដែល​អាច​មាន រួម​មាន​ដូច​តទៅ​នេះ ៖ រូបកាយ​អាច​ជួយ​ឲ្យ​យើង​គោរព​ប្រតិបត្តិ​ដល់​បទបញ្ញត្តិ​ដែល​ឲ្យ​បង្កើត​កូន​ជា​ច្រើន​ឡើង ហើយ​មាន​ពេញពាស​លើ​ផែនដី ។ រូបកាយ​អនុញ្ញាត​ឲ្យ​យើង​ដក​ពិសោធន៍​សេចក្ដី​អំណរ​នៃ​ការរស់នៅ​ក្នុង​ក្រុមគ្រួសារ ជា​កន្លែង​ដែល​យើង​រៀន និង​អនុវត្ត​គោលការណ៍​នៃ​ដំណឹងល្អ​ទាំងឡាយ​នៅក្នុង​គេហដ្ឋាន—ឧទាហរណ៍ យើង​រៀន​របៀប​គ្រប់គ្រង​អារម្មណ៍​យើង​នៅក្នុង​ក្រុមគ្រួសារ​យើង ) ។

សូម​អញ្ជើញ​សិស្ស​មួយ​ចំនួន​ឲ្យ​ឆ្លាស់​វេន​គ្នា​អាន​ឮៗ ចេញពីអ័ប្រាហាំ ៣:២៥ និង នីហ្វៃទី២ ២:២៧–២៩ ខណៈ​ដែល​សិស្ស​ក្នុង​ថ្នាក់​ផ្សេង​ទៀត​រកមើល​របៀប​ដែល​វគ្គ​បទគម្ពីរ​ទាំងនេះ​រួមគ្នា​ជួយ​យើង ឲ្យ​យល់​បន្ថែម​ទៀត​ពី​គោលបំណង​នៃ​ការមាន​រូបកាយ​មួយ ។

  • ថ្វីបើ ការមាន​រូបកាយ​មួយ​គឺជា​ពរជ័យ​យ៉ាង​អស្ចារ្យ តើ​ការមាន​រូបកាយ​មួយ ជា​ផ្នែក​នៃ​ការសាកល្បង​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង​ដោយ​របៀប​ណា ? ( ការល្បួង​ជា​ច្រើន​របស់​សាតាំង ត្រូវបាន​ពង្រីក​ឡើង​ដោយ​ព្រោះ​យើង​មាន​រូបកាយ​នេះ​ដែរ ) ។

  • តើ​ការជ្រើសរើស « ស្របតាម​ចំណង់​របស់​សាច់ឈាម » ផ្ដល់ « អំណាច​ដល់​វិញ្ញាណ​អារក្ស​ឲ្យ​ចាប់​ឃុំឃាំង » យ៉ាង​ដូចម្ដេច ?

ម៉ូសាយ ៣:១៩; ម៉ូសេ ៦:៤៩, ៥៣–៥៥

« មនុស្ស​ខាង​សាច់ឈាម គឺជា​សត្រូវ​ដល់​ព្រះ »

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន ម៉ូសេ ៦:៥៣-៥៤ ឲ្យ​ឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​រក​មើល ហើយ​ពន្យល់​ពី​អ្វី​ដែល​ខ​ទាំងនេះ​បង្រៀន អំពី​លក្ខខណ្ឌ​របស់​យើង​នៅ​ពេល​នៃ​កំណើត​របស់​យើង ។ សូម​កត់ចំណាំ​ពាក្យ « សុទ្ធសាធ » នៅក្នុង​បរិបទ​នេះ​មានន័យ​ថា មាន​សេរីភាព​ពី​ឥទ្ធិពល​នៃ​ការរំលង​របស់​អ័ដាម ។

បន្ទាប់មក សុំ​សិស្ស​ម្នាក់​ឲ្យ​អាន ម៉ូសេ ៦:៤៩ និង ៥៥ ហើយ​សួរ​សមាជិក​ក្នុង​ថ្នាក់ ៖

  • តើ​ខ​ទាំងនេះ​បង្រៀន​អ្វីខ្លះ អំពី​របៀប​ដែល​ការធ្លាក់​របស់​អ័ដាម និង​អេវ៉ា ជះ​ឥទ្ធិពល​ដល់​យើង អស់​មួយ​ជីវិត​រមែង​ស្លាប់​របស់​យើង​នោះ ? ( ពេល​យើង​ចុះចូល​ទៅ​តាម​ការល្បួង​របស់​សាតាំង នោះ​យើង​ភ្លក់​នូវ​លទ្ធផល​ដ៏​ល្វីង នៃ​ជម្រើស​របស់​យើង ដែល​ជា​សាច់ឈាម ត្រេកត្រអាល និង​អាក្រក់ ។ អ្នក​អាច​យោង​ទៅ អេធើរ ៣:២ ដែល​បង្រៀន​ថា « ដោយសារ​ការធ្លាក់ នោះ​ធម្មជាតិ​នៃ​យើងខ្ញុំ​បាន​ក្លាយ​ទៅ​ជា​អាក្រក់​ជានិច្ច » ។

សូម​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន​ពីរ​បី​បន្ទាត់​ដំបូង​នៃ ម៉ូសាយ ៣:១៩ ។ សូម​សរសេរ​សំណួរ​ខាង​ក្រោម​នេះ​នៅលើ ក្តារខៀន ៖

តើ​អ្វី​ជា​មនុស្ស​ខាង​សាច់ឈាម ?

ហេតុអ្វី​មនុស្ស​ខាង​សាច់ឈាម គឺជា​សត្រូវ​ដល់​ព្រះ ?

សូម​ទុក​ពេក​ឲ្យ​សិស្ស​ពីរ​បី​នាទី ដើម្បី​ស្រាវជ្រាវ​រកមើល​ចម្លើយ​ចំពោះ​សំណួរ​ទាំងនេះ និង​ដើម្បី​ពង្រីក​ការយល់​ដឹង​របស់​ពួកគេ​អំពី​ពាក្យ « មនុស្ស​ខាង​សាច់ឈាម » ដោយ​ការសិក្សា​លេខ​យោង​ទាំងឡាយ​សម្រាប់ ខ ១៩ ( ជាពិសេស​លេខ​យោង ក៏​ដូច​ជា​វគ្គ​បទគម្ពីរ​ផ្សេងៗ​ទៀត​ដែល​មាន​នៅក្នុង​លេខ​យោង​នោះ ) ។ ក្រោយ​ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូម​ពិភាក្សា​ពី​ការរក​ឃើញ​របស់​សិស្ស ។ សូម​ចង្អុល​បង្ហាញ​ថា ពាក្យ​នេះ​ពិពណ៌នា​ពី​លក្ខខណ្ឌ​មួយ ដែល​អនុវត្ត​ស្មើ​គ្នា​ចំពោះ​បុរស និង​ស្ត្រី ។

  • បើ​មនុស្ស​ម្នាក់​មាន​ចរិត​លក្ខណៈ​នៃ​មនុស្ស​ខាង​សាច់​ឈាម តើ​ឥទ្ធិពល​អ្វី​ដែល​ចរិត​លក្ខណៈ​នេះ​អាច​មាន​ទៅលើ​អាពាហ៍ពិពាហ៍ និង​ក្រុមគ្រួសារ​មួយ ?

សូម​សុំ​សិស្ស​ដដែល​នោះ​ឲ្យ​អាន​បញ្ចប់ ម៉ូសាយ ៣:១៩ ហើយ​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ស្វែងរក​គោលការណ៍​មួយ​អំពី​របៀប​ដែល​យើង​អាច​ឈ្នះ​លើ​ភាព​ជា​មនុស្ស​ខាង​សាច់​ឈាម ។ ( ពេល​សិស្ស​ឆ្លើយ​តប សូម​សរសេរ​គោលការណ៍​នេះ​នៅ​លើ​ក្ដារខៀន ៖ តាមរយៈ​ការទទួល​យក​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ចុះចូល​តាម​ការបញ្ចុះ​បញ្ចូល​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​យើង​អាច​សម្រាត​នូវ​ភាពខាង​សាច់ឈាម ហើយ​ក្លាយជា​អ្នកបរិសុទ្ធ​ម្នាក់​បាន ។ )

សូម​ពន្យល់​ថា ក្នុង​បរិបទ​នេះ ចុះចូល មានន័យ​ថា ដាក់​ជូន​តាម ឬ​ព្រម​ទទួល​តាម​ការបំផុស​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  • តើ​មនុស្ស​ម្នាក់​អាច​ដឹង​ពី​អ្វី​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ កំពុង​បំផុស​គាត់​ឲ្យ​ធ្វើ​អ្វីមួយ ដោយ​របៀប​ណា ?

  • តើ​អ្នក​អាច​ចែកចាយ​បទពិសោធន៍​មួយ ដែល​មិន​ផ្ទាល់​ខ្លួន​ពេក កាល​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បំផុស​អ្នក​ឲ្យ​សម្រាត​ភាព​ខាង​សាច់ឈាម​ចេញ ?

សូម​ថ្លែង​ទីបន្ទាល់​ថា នៅពេល​យើង​ចុះចូល​តាម​ការបញ្ចុះ​បញ្ចូល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​យើង​អាច​ទទួល​បាន​អំណាច​នៃ​ដង្វាយធួន ។

ម៉ូសាយ ៣:១៩; ១៦:៣–៦

ការអនុវត្ត​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន ម៉ូសាយ ១៦:៣-៦ ឲ្យ​ឮៗ នៅពេល​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ដោយ​រកមើល​អ្វី​ដែល​នឹង​ជួយ​យើង​ឲ្យ​យក​ឈ្នះ​ឥទ្ធិពល​នៃ​ការធ្លាក់ នៅ​ក្នុង​ជីវិត​យើង ។

  • តើ​អ្វី​ការរៀបចំ​អ្វី នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ដែល​អាច​ធ្វើ​ឲ្យ​យើង​យក​ឈ្នះ​លើ​ធម្មជាតិ​ដែល​ធ្លាក់​របស់​យើង ? ( សូម​សរសេរ​គោលលទ្ធិ​ដូច​តទៅ​នេះ នៅ​លើ​ក្ដារខៀន ៖ តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ត្រូវបាន​ប្រោសលោះ​ចេញ​ពី​ស្ថានភាព​វង្វេង និង​ធ្លាក់​របស់​យើង ) ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ ដេវីឌ អេ បែដណា ហើយ​សុំ​សិស្ស​ម្នាក់​ឲ្យ​អាន​វា​ឮៗ ៖

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

« រាល់​ការស្រេក​ឃ្លាន ក្ដី​ប្រាថ្នា ទំនោរ​ចិត្ត និង​ការជំរុញ​នៃ​ភាព​ខាង​សាច់ឈាម គឺ​អាច​ត្រូវបាន​យក​ឈ្នះ​បាន​ដោយ និង​តាមរយៈ​ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ យើង​នៅ​រស់​លើ​ផែនដី ដើម្បី​អភិវឌ្ឍ​គុណសម្បត្តិ​ដូចជា​ព្រះ និង​ដើម្បី​ទប់​ចិត្ត​នឹង​រាល់​តណ្ហា​ខាង​សាច់​ឈាម​ទាំងឡាយ ។ ( We Believe in Being Chaste, EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤៣ ) ។

សូម​ពន្យល់​ដល់​សិស្ស​ថា ពេល​យើង​មាន​សេចក្ដី​ជំនឿ​លើ​ដង្វាយធួន នោះ​យើង​ទទួល​ព្រះគុណ​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​បាន​ធ្វើ​ឲ្យ​កើត​ឡើង​បាន​ដោយ​ការបូជា​ដ៏​ធួន​របស់​ទ្រង់ ។ គំនិត​ដ៏​សំខាន់​នៃ​ពាក្យ ព្រះគុណ គឺជា « មធ្យោបាយ​ដ៏​ទេវភាព​នៃ​ជំនួយ ឬ​កម្លាំង ដែល​ត្រូវបាន​ផ្តល់​ឲ្យ​តាមរយៈ​សេចក្តី​មេត្តា​ករុណា និង​សេចក្តី​ស្រឡាញ់​ដ៏​បរិបូរ​របស់​ព្រះយេស៊ូវគ្រីស្ទ » ។ វា​ជា « អំណាច​ដែល​ជួយ​ឲ្យ​ធ្វើ​ទៅ​បាន » ដែល​ជួយ​យើង​ឲ្យ​ប្រែ​ចិត្ត និង​អភិវឌ្ឍ​លក្ខណៈ​ទាំងឡាយ​ដែល​យើង​ពុំ​អាច​អភិវឌ្ឍ​បាន​ដោយ​ខ្លួន​ឯង ( សូម​មើល Bible Dictionary លើ​ពាក្យ “Grace” ( ព្រះគុណ ) ) ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​រកមើល​ឃើញ​លក្ខណៈ​ដូច​ព្រះគ្រីស្ទ ដែល​យើង​គប្បី​ត្រូវ​អភិវឌ្ឍ សូម​ឲ្យ​ពួកគេ​រំឭក​បញ្ជី​នៃ​គុណសម្បត្តិ ដែល​នាំ​យើង​ឲ្យ​ក្លាយ​ជា​អ្នក​បរិសុទ្ធ ដូច​មាន​នៅក្នុង ម៉ូសាយ ៣:១៩ ។

  • តើ​ព្រះអង្គសង្គ្រោះ​បាន​ជួយ​អ្នក ឲ្យ​អភិវឌ្ឍ​លក្ខណៈ​មួយ​ក្នុង​ចំណោម​លក្ខណៈ​ទាំងឡាយ​ដែល​មាន​ក្នុង ម៉ូសាយ ៣:១៩ ដោយ​របៀប​ណា ?

  • តើ​អ្នក​បាន​ឃើញ​បុគ្គល​ទាំងឡាយ ដែល​មាន​លក្ខណៈ​ទាំងនេះ​មួយ ឬ​ច្រើន​ជាង​នោះ ជា​ពរជ័យ​នៅក្នុង​ក្រុមគ្រួសារ​របស់​គេ​យ៉ាង​ដូច​ម្ដេច​ខ្លះ ?

  • តើ​ការអភិវឌ្ឍ​លក្ខណៈ​ទាំងនេះ​មួយ ឬ​ច្រើន​ជាង​នោះ តាមរយៈ​អំណាច​ដែល​ជួយ​ឲ្យ​ធ្វើ​ទៅ​បាន​នៃ​ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ អាច​ជួយ​អ្នក​ឲ្យ​ក្លាយ​ជា​ស្វាមី ឬ​ភរិយា ឪពុក ឬ​ម្ដាយ​កាន់តែ​ល្អប្រសើរ ដោយ​របៀប​ណា ?

សូម​ពន្យល់​ដល់​សិស្ស​ថា យើង​ម្នាក់ៗ​ត្រូវ​បាន​បន្សល់​ទុក​ឲ្យ​នូវ​សំណួរ​ដ៏​សំខាន់​មួយ ដើម្បី​ឲ្យ​យើង​ឆ្លើយ មក​ពី​មេរៀន​ថ្ងៃ​នេះ ។ សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ ដេវីឌ អេ បែដណា ហើយ​សុំ​សិស្ស​ឲ្យ​អាន​វា​ដោយ​ស្ងៀមស្ងាត់ ៖

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

« លក្ខណៈ​ដ៏​ជាក់លាក់​នៃ​ការសាកល្បង​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ អាច​សង្ខេប​ទៅជា​សំណួរ​ដូច​តទៅ​នេះ ៖ តើ​ខ្ញុំ​នឹង​ងាក​ចិត្ត​ទៅ​រក​ភាព​ខាង​សាច់ឈាម ឬ​ព្រម​ចុះចូល​តាម​ការបញ្ចុះ​បញ្ចូល​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​សម្រាត​ភាព​ខាង​សាច់​ឈាម ហើយ​ក្លាយជា​ពួកបរិសុទ្ធ​ម្នាក់​តាមរយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ​ជា​ព្រះអម្ចាស់​ដែល​ឬ​ទេ ( សូម​មើល ម៉ូសាយ ៣:១៩ ) ? នោះ​ជា​ការ​សាក​ល្បង » ( We Believe in Being Chaste ទំព័រ ៤៣ ) ។

សូម​ទុក​ពេល​ឲ្យ​សិស្ស​ពីរ​បី​នាទី ដើម្បី​សរសេរ​ចម្លើយ​មួយ​ចំពោះ​សំណួរ​របស់​អែលឌើរ បែដណា ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សញ្ជឹង​គិត​ពី​លក្ខណៈ​ដូច​ព្រះគ្រីស្ទ ដែល​មាន​ក្នុង ម៉ូសាយ ៣:១៩ ហើយ​ដាក់​ផែនការ​មួយ​ដើម្បី​ចាប់ផ្ដើម​អភិវឌ្ឍ​លក្ខណៈ​មួយ​នៃ​លក្ខណៈ​ទាំងនោះ ឲ្យ​បាន​កាន់តែ​ពេញលេញ ។

ការអាន​របស់​សិស្ស