ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ៤ ៖ ក្រុមគ្រួសារ និង​ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា


មេរៀន​ទី 4

ក្រុមគ្រួសារ និង​ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា

សេចក្ដីផ្ដើម

ជាមួយ​នឹង​ការបង្កើត​អ័ដាម និង​អេវ៉ា នោះ​ក្រុមគ្រួសារ​នៃ​មនុស្ស​លោក ត្រូវបាន​ស្ថាបនា​ឡើង​នៅ​លើ​ផែនដី ។ ការធ្លាក់​របស់​អ័ដាម និង​អេវា បាន​ធ្វើ​ឲ្យ​មាន​កូន​ចៅ​នៅក្នុង​ពិភពលោក​នេះ ហើយ​ជា​ការតបស្នង​នោះ ដង្វាយធួន​ធ្វើ​ឲ្យ​យើង​ឈ្នះ​លើ​ឥទ្ធិពល​អវិជ្ជមាន​ទាំងឡាយ​នៃ​ការធ្លាក់ ។ មេរៀន​នេះ​នឹង​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់ ពី​របៀប​ដែល​ការបង្កបង្កើត ការធ្លាក់ និង​ដង្វាយធួន ធ្វើការ​រួម​គ្នា​សម្រាប់​សេចក្ដី​សង្គ្រោះ​ដល់​ក្រុមគ្រួសារ​ទាំងអស់ ។

ការអាន​ពី​សាវតា

  • អិម រ័សុល បាឡឺដ The Atonement and the Value of One Soul, Ensign or Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៨៤-៨៧ ។

  • ជូលី ប៊ី ប៊េក Teaching the Doctrine of the Family, Ensign ខែ មិនា ឆ្នាំ ២០១១ ទំព័រ ១២-១៧ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ូសេ ១:២៧–៣៩; គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤៩:១៥–១៧

ម៉ូសេ​បាន​រៀន​ពី​គោលបំណង​នៃ​ការបង្កើត​ផែនដី

សូម​យក​ខ្សាច់​មួយ​ធុង​តូច និង​ទឹក​មួយ​កែវ​មក​កាន់​ថ្នាក់រៀន ។ អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ជ្រលក់​ម្រាម​ដៃ​មួយ​ទៅក្នុង​ទឹក បន្ទាប់​មក​ទៅក្នុង​ខ្សាច់ ។ បន្ទាប់មក សុំ​សិស្ស​នោះ​ប៉ាន់​ស្មាន​មើល​ថា មាន​គ្រាប់​ខ្សាច់​ប៉ុន្មាន​គ្រាប់​ជាប់​នៅ​ម្រាម​ដៃ​នោះ ។

  • តើ​អ្នក​គិត​ថា មាន​គ្រាប់​ខ្សាច់​ប៉ុន្មាន​គ្រាប់​នៅក្នុង​ធុង​នោះ ? ចុះ​នៅលើ​ឆ្នេរ​សមុទ្រ ?

សូម​សុំ​សិស្ស​ឲ្យ​បើក​ទៅ ម៉ូសេ ១ ដែល​មាន​កត់ត្រា​ពី​ការនិមិត្ត​ជា​បន្តបន្ទាប់​ដែល​ម៉ូសេ​បាន​ឃើញ ។ សូម​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ូសេ ១:២៧-២៩ ឲ្យ​ឮៗ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្ហាញ​ដល់​ម៉ូសេ ។

  • ស្របតាម​ខ​ទាំង​នេះ តើ​ម៉ូសេ​បាន​ឃើញ​អ្វី​ខ្លះ​នៅក្នុង​ការនិមិត្ត ?

  • តើ​អ្នក​អាច​មាន​គំនិត​អ្វី​ខ្លះ ប្រសិន​បើ​អ្នក​បាន​មាន​ការនិមិត្ត​នេះ ?

សូម​សុំ​សិស្ស​ឲ្យ​អាន ម៉ូសេ ១:៣០ ហើយ​គូស​ចំណាំ​សំណួរ​ទាំង​ពីរ​ដែល​ម៉ូសេ​បាន​សួរ​ព្រះអម្ចាស់ ( ម្ដេច និង របៀបណា ដែល​ផែនដី និង​បណ្ដាជន​ដែល​នៅ​លើ​ផែនដី ត្រូវបាន​បង្កើត​ឡើង ? ) សូម​ជួយ​សិស្ស​ឲ្យ​អភិវឌ្ឍ​ជំនាញ​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន​របស់​ពួកគេ ដោយ​ការលើក​ទឹកចិត្ត​ពួកគេ​ឲ្យ​រកមើល​សំណួរ និង​ចម្លើយ​ទាំងឡាយ​នៅក្នុង​ព្រះគម្ពីរ ពេល​ពួកគេ​សិក្សា ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន ម៉ូសេ ១:៣១-៣៣ ហើយ​រកមើល​របៀប​ដែល​ព្រះអម្ចាស់​បាន​ឆ្លើយ​តប​ដល់​សំណួរ​ទាំងពីរ​របស់​ម៉ូសេ ។

  • យោង​តាម ខ ៣១ ហេតុអ្វី​បាន​ជា​ព្រះ​បង្កើត​ពិភពលោក​នេះ ?

  • តើ​គោលលទ្ធិ​អ្វី​ដែល ខ ៣២-៣៣ បង្រៀន អំពី​របៀប​ដែល​ព្រះវរបិតាសួគ៌​បាន​បង្កើត​ពិភពលោក​ទាំងឡាយ ? ( សិស្ស​គួរ​តែ​រកឃើញ​នូវ​គោលលទ្ធិ​ដូច​តទៅ​នេះ ៖ ក្រោម​ការដឹកនាំ​របស់​ព្រះវរបិតា ព្រះយេស៊ូវគ្រីស្ទ បាន​បង្កើត​ផែនដី និង​ពិភពលោក​ដ៏​ច្រើន​ឥត​គណនា ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន ម៉ូសេ ១:៣៦-៣៩ ហើយ​រកមើល​បំណង​ប្រាថ្នា​បន្ថែម​ទៀត​របស់​ម៉ូសេ និង​ការឆ្លើយ​តប​របស់​ព្រះអម្ចាស់ ។

  • តើ​អ្វី​ជា​គោលបំណង​របស់​ព្រះវរបិតាសួគ៌ ក្នុង​ការបង្កើត​ផែនដី និង​បណ្ដាជន​ដែល​នៅ​លើ​នោះ ? ( សិស្ស​គួរ​តែ​រកឃើញ​គោលលទ្ធិ​ដូច​តទៅ​នេះ ៖ ផែនដី​នេះ​ត្រូវបាន​បង្កើត​ឡើង ដើម្បី​ជួយ​នាំមក​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស ។ សូម​កត់​ចំណាំ​ថា អមតភាព គឺជា​ការរស់នៅ​ជា​រៀង​រហូត​នៅក្នុង​ស្ថានភាព​ដែល​បាន​រស់​ឡើង​វិញ​មួយ ខណៈ​ដែល ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច គឺជា​ការរស់នៅ​ដូច​ជា​ព្រះ​ទ្រង់​រស់នៅ មានន័យ​ថា ការរស់នៅ​ជារៀង​រហូត ជា​ផ្នែក​នៃ​ក្រុមគ្រួសារ​ដ៏​អស់កល្ប​ជានិច្ច​មួយ ) ។

  • តើ​ការបង្កើត​ផែនដី ជួយ​បំពេញ​កិច្ចការ និង​សិរីល្អ​របស់​ព្រះវរបិតាសួគ៌ ដោយ​របៀប​ណា ? ( សូម​ប្រើ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤៩:១៥–១៧ ដើម្បី​បង្ហាញ​ថា ផែនដី​នេះ​ត្រូវបាន​បង្កើត​ឡើង ជា​ទីកន្លែង​អាស្រ័យ​នៅ​នៃ​ជីវិត​រមែង​ស្លាប់​របស់​ក្រុមគ្រួសារ​ទាំងឡាយ ) ។

សូម​ថ្លែង​ទីបន្ទាល់​ថា ផែនដី​នេះ​ត្រូវបាន​បង្កើត​ឡើង ដើម្បី​ជួយ​នាំមក​ឲ្យ​មាន​នូវ​អមតភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​បុត្រា​បុត្រី​នៃ​ព្រះ ។ អង្គភាព​ក្រុមគ្រួសារ គឺ​ត្រូវបាន​រចនា​ឡើង ដើម្បី​ជួយ​យើង​ឲ្យ​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ដែល​មានន័យ​ថា យើង​រស់នៅ​ជារៀង​រហូត ជា​ផ្នែក​នៃ​ក្រុមគ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច—ជា​ជីវិត​ដែល​ព្រះ​ទ្រង់​មាន ។

នីហ្វៃទី២ ២:១៩–២៥; ម៉ូសេ ៣:១៦–១៧; ៥:៩–១១

ការធ្លាក់​របស់​អ័ដាម និង​អេវ៉ា គឺជា​ផ្នែក​មួយ​ដ៏​ចាំបាច់​នៃ​ផែនការ​របស់​ព្រះ

សូម​ពន្យល់​ថា ព្រះ​បាន​ប្រទាន​ការណែនាំ​ជាក់លាក់​ទាំងឡាយ​ដល់​អ័ដាម និង​អេវ៉ា​នៅក្នុង​សួនច្បារ​អេដែន ។ សូម​សុំ​ឲ្យ​សិស្ស​អាន ម៉ូសេ ៣:១៦–១៧ ហើយ​បន្ទាប់មក​សូម​សួរ ៖

  • តើ​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​អ័ដាម និង​អេវ៉ា បើ​ពួកគាត់​ទទួលទាន​ផ្លែឈើ​ហាមឃាត់ ?

សូម​ពន្យល់​ថា ពេល​អ័ដាម និង​អេវ៉ា បាន​ទទួលទាន​ផ្លែឈើ​ហាម​ឃាត់ នោះ​ពួកគាត់​បាន​នាំ​មក​នូវ​សេចក្ដី​ស្លាប់​ពីរ​យ៉ាង​ដល់​មនុស្ស​លោក ។

សូម​សរសេរ​អ្វី​ខាងក្រោម​នេះ​នៅលើ ក្ដារខៀន ៖

សេចក្តីស្លាប់​ខាង​វិញ្ញាណ = ការបែក​ចេញ​ពី​ព្រះ

ការ​ស្លាប់​ខាង​រូបកាយ = ការបំបែក​ចេញ​រវាង​វិញ្ញាណ និង​រូបកាយ​ខាង​សាច់​ឈាម

សូម​អញ្ជើញ​សិស្ស​សិក្សា នីហ្វៃទី២ ២:១៩–២៥ ហើយ​ធ្វើ​បញ្ជី​មួយ​អំពី​លទ្ធផល​បន្ថែម​ទៀត​នៃ​ការធ្លាក់ ។

  • តើ​ការទទួលទាន​ផ្លែឈើ​ហាមឃាត់ ធ្វើ​ឲ្យ​អ័ដាម និង​អេវ៉ា និង​មនុស្ស​លោក​ទាំងអស់ កាន់តែ​ក្លាយ​ដូចជា​ព្រះវរបិតាសួគ៌​យ៉ាង​ដូចម្ដេច ?

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« ការធ្លាក់ គឺជា​ផ្នែក​មួយ​ដ៏​ចាំបាច់​នៃ​ផែនការ​ដ៏​ទេវភាព​របស់​ព្រះវរបិតាសួគ៌ ។ បើ​គ្មាន​ការធ្លាក់​ទេ នោះ​គ្មាន​កូន​ចៅ​រមែង​ស្លាប់​ណា អាច​កើត​មក​ពី​អ័ដាម និង​អេវ៉ា ឡើយ ហើយ​នឹង​គ្មាន​ក្រុមគ្រួសារ​មនុស្ស​ណា ដើម្បី​ដក​បទពិសោធន៍​ភាពផ្ទុយគ្នា និង​ការលូតលាស់ សិទ្ធិជ្រើសរើស​ខាង​សីលធម៌ និង​សេចក្ដី​អំណរ​នៃ​ដំណើរ​រស់​ឡើង​វិញ សេចក្ដី​ប្រោសលោះ និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​បាន​ឡើយ » ( The Atonement of Jesus Christ, Ensign ខែ មិនា ឆ្នាំ ២០០៨ ទំព័រ ៣៥ ) ។

សូម​អាន ម៉ូសេ ៥:៩–១១ ជាមួយ​សិស្ស ។ សូម​ជួយ​សិស្ស​ឲ្យ​ថ្លែង​ពី​សេចក្ដី​ពិត ដែល​មាន​កត់ត្រា​នៅក្នុង​ខគម្ពីរ​ទាំងនេះ ដោយ​ការ​សួរ ៖

  • តើ​សេចក្ដី​ពិត​អ្វី​ខ្លះ ដែល​អ័ដាម និង​អេវ៉ា បាន​រៀន បន្ទាប់​ពី​ពួកគាត់​ត្រូវបាន​បណ្ដេញ​ចេញ​ពី​សួនច្បារ​អេដែន ? ( សិស្ស​គួរ​យល់​ពី​សេចក្ដីពិត​ដូច​តទៅ​នេះ ៖ ដោយសារ​ការធ្លាក់ អ័ដាម និង​អេវ៉ា អាច​មាន​កូន ហើយ​ពូជពង្ស​របស់​ពួកគាត់​អាច​រីក​ចម្រើន​ទៅកាន់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ រីឆាដ ជី ស្កត នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ សូម​សុំ​ឲ្យ​សិស្ស​រក​មើល​មូលហេតុ​ដែល​យើង​បាន​រំភើប​ចិត្ត​នឹង​មក​កាន់​ផែនដី ៖

រូបភាព
អែលឌើរ រីឆាដ ជី ស្កត

« គ្រា​មួយ​ដែល​សប្បាយ​រីករាយ​បំផុត​នៃ​ជីវិត​អ្នក—ជា​ពេល​ដែល​អ្នក​ពោរពេញ​ដោយ​ការប្រមើល​រំពឹងទុក ក្ដីរំភើប និង​ការដឹងគុណ—អ្នក​មិន​អាច​ចាំ​នោះ​ទេ ។ បទពិសោធន៍​នោះ បាន​កើត​ឡើង​នៅក្នុង​ជីវិត​មុន​ផែនដី​នេះ ពេលដែល​អ្នក​ត្រូវបាន​ប្រាប់​ថា ទីបំផុត​ពេល​វេលា​របស់​អ្នក​បាន​មក​ដល់​ហើយ ដើម្បី​ចាកចេញ​ពី​ពិភព​វិញ្ញាណ ដើម្បី​ទៅ​រស់នៅ​លើ​ផែនដី ជាមួយ​នឹង​រូបកាយ​រមែង​ស្លាប់ ។ អ្នក​បាន​ដឹង​ថា អ្នក​អាច​រៀន​បាន តាមរយៈ​បទពិសោធន៍​ផ្ទាល់​ខ្លួន មេរៀន​ដែល​នឹង​នាំ​មក​នូវ​សុភមង្គល​នៅលើ​ផែនដី ជា​មេរៀន​ទាំងឡាយ​ដែល​នឹង​ដឹកនាំ​អ្នក​ទៅកាន់​ការលើក​តម្កើង និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៅ​ទីបំផុត ជា​តួអង្គ​សេឡេស្ទាល មាន​សិរី​រុងរឿង នៅក្នុង​វត្តមាន​នៃ​ព្រះវរបិតា​ដ៏​បរិសុទ្ធ​របស់​អ្នក និង​ព្រះរាជបុត្រា​ជា​ទីស្រឡាញ់​របស់​ទ្រង់ » ( First Things First, Ensign ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ៦ ) ។

  • តើ​ការយល់​អំពី​គោលបំណង​នៃ​ការធ្លាក់ និង​ជីវិត​រមែង​ស្លាប់ ជះ​ឥទ្ធិពល​លើ​ការជ្រើសរើស​ដែល​អ្នក​ធ្វើ នៅក្នុង​ជីវិត​នេះ ដោយ​របៀប​ណា ?

នីហ្វៃទី២ ៩:៦–១២

ដង្វាយធួន​ឈ្នះ​លើ​ឥទ្ធិពល​នៃ​ការធ្លាក់

សូម​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម ដោយ អែលឌើរ អិម រ័សុល បាឡឺដ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ អិម រ័សុល បាឡឺដ

« កាលពី​ខែ មករា កន្លង​ទៅ​នេះ ក្រុមគ្រួសារ​របស់​យើង​បាន​រងទុក្ខ​ដ៏​ក្រៀមក្រំ​ដោយ​ការបាត់បង់​ដ៏​សោកនាដកម្ម​មួយ គឺ​ចៅប្រុស​របស់​យើង ណាថាន ដោយសារ​ការធ្លាក់​យន្តហោះ ។ ណាថាន បាន​បម្រើ​នៅក្នុង​បេសកកម្ម​បាលទិក និយាយ​ភាសា​រុស្សី ។ គាត់​ស្រឡាញ់​ប្រជាជន​នោះ ហើយ​បាន​ដឹង​ថា វា​ជា​ឯកសិទ្ធិ​មួយ​ដែល​បាន​បម្រី​ព្រះអម្ចាស់ ។ បី​ខែ​បន្ទាប់​ពី​ខ្ញុំ​បាន​ធ្វើ​ជា​ធិបតី​នៅ​អាពាហ៍ពិពាហ៍​អស់កល្ប​របស់​គាត់ ជាមួយ​នឹង​ភរិយា​ជេនីហ្វ័រ ដ៏​ជា​ទី​ស្រឡាញ់​របស់​គាត់ គ្រោះ​ថ្នាក់​នេះ​បាន​ឆក់​យក​ជីវិត​គាត់​ទៅ » ( The Atonement and the Value of One Soul, EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៨៤ ) ។

សូម​ពន្យល់​ថា ដោយសារ​តែ​ការធ្លាក់​នៃ​អ័ដាម និង​អេវ៉ា នោះ​យើង​ទាំងអស់​គ្នា​ស្ថិត​នៅក្រោម​បទពិសោធន៍​ដ៏​អកុសល និង​ដ៏​សោកនាដកម្ម​នានា ដូច​ជា​បទពិសោធន៍​មួយ​ដែល​បាន​កើត​ឡើង​នៅក្នុង​ក្រុមគ្រួសារ​អែលឌើរ បាឡឺដ ។ ជា​វាសនា​ល្អ ព្រះវរបិតាសួគ៌​បាន​ផ្ដល់​ផ្លូវ​មួយ ដើម្បី​ឲ្យ​យើង​ឈ្នះ​លើ​ឥទ្ធិពល​នៃ​ការធ្លាក់​នេះ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា នីហ្វៃទី២ ៩:៦–១២ ដោយ​រកមើល​របៀប​ដែល​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ អាច​ជួយ​យើង​ម្នាក់ៗ​ឲ្យ​ឈ្នះ​លើ​សេចក្ដី​ស្លាប់​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ ។ អ្នក​អាច​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ពិចារណា​អំពី​ការគូស​ចំណាំ​ពាក្យ និង​ឃ្លា​គន្លឹះ​ទាំងឡាយ នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ពេល​ដែល​ពួកគេ​អាន ។ បន្ទាប់​មក សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ការរកឃើញ​របស់​ពួកគេ ។

  • តើ​គោលលទ្ធិ​អ្វី ដែល​ខ​ទាំងនេះ​បង្រៀន​អំពី​ទំនាក់ទំនង​រវាង​ការធ្លាក់​របស់​អ័ដាម និង​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ? ( សូម​ប្រាកដ​ថា សិស្ស​យល់​ពី​ចំណុច​តទៅ​នេះ ៖ ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ផ្ដល់​ផ្លូវ​មួយ​សម្រាប់​បុត្រា​បុត្រី​ទាំងអស់​របស់​ព្រះវរបិតាសួគ៌ ដើម្បី​ឈ្នះ​ទាំង​លើ​ការស្លាប់​ខាង​ឈាច់ឈាម​ផង និង​ការស្លាប់​ខាង​វិញ្ញាណ​ផង ។ អ្នក​អាច​នឹង​ចង់​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​កត់​ចំណាំ​ទំនាក់ទំនង​ដែល​កើត​មាន​ជា​ញឹកញាប់​នៅក្នុង​ព្រះគម្ពីរ រវាង​ការធ្លាក់ និង​ដង្វាយធួន ពេល​ពួកគេ​សិក្សា​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។ សូម​ពិចារណា​អំពី​ការចែកចាយ​ការដកស្រង់​នេះ ៖ « ការទាក់ទង​គ្នា​មួយ​គឺជា​ទំនាក់ទំនង ឬ​បណ្ដាញ​មួយ រវាង​គំនិត​យោបល់ មនុស្ស វត្ថុ ឬ​ព្រឹត្តការណ៍​ទាំងឡាយ ។ … ការស្វែងរក​ប្រកប​ដោយ​ការអធិស្ឋាន ការរៀន និង​ការពិចារណា​អំពី​ការទាក់ទង​គ្នា​បែប​នេះ … នាំ​ទៅ​រក​ការយល់ដឹង​ដ៏​បំផុស​គំនិត​ទាំងឡាយ និង​រតនសម្បត្តិ​នៃ​ដំណេះដឹង​ដែល​បាន​លាក់ទុក » [ ដេវីឌ អេ បែដណា A Reservoir of Living Water ( ការប្រជុំ​ពិសេស​នៃ​ប្រព័ន្ធ​អប់រំ​សាសនាចក្រ សម្រាប់​យុវមជ្ឈិមវ័យ ថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០០៧ ) ទំព័រ ៤ lds.org/media-library ] ) ។

សូម​សុំ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែង​ការណ៍​ដូច​ខាង​ក្រោម​ដែល​ជា​ការបន្ត​ពី​សេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ អិម រ័សុល បាឡឺដ ៖

រូបភាព
អែលឌើរ អិម រ័សុល បាឡឺដ

« ការឆក់​យក​ជីវិត​ភ្លាមៗ​របស់​ណាថាន ពី​វត្តមាន​ខាង​ជីវិត​រមែង​ស្លាប់​របស់​យើង បាន​បង្វែរ​ចិត្ត និង​គំនិត​របស់​យើង​ម្នាក់ៗ ទៅកាន់​ដង្វាយធួន​របស់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។ …

« ការប្រសូត្រ និង​ព្រះជន្ម​ដ៏​មាន​តម្លៃ​របស់​ព្រះអង្គ​សង្គ្រោះ ដង្វាយធួន​នៅក្នុង​ច្បារ​គែតសេម៉ានី ការរងទុក្ខ​នៅលើ​ឈើ​ឆ្កាង ការបញ្ចុះ​ព្រះកាយ​នៅក្នុង​ផ្នូរ​របស់​យ៉ូសែប និង​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​ដ៏​មាន​សិរី​រុងរឿង ទាំងអស់​នេះ​បាន​ក្លាយ​ទៅ​ជា​ភាពពិត​ជា​ថ្មី​សម្រាប់​យើង ។ ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះអង្គ​សង្គ្រោះ អះអាង​បញ្ជាក់​ដល់​យើង​ទាំងអស់​គ្នា​ថា ថ្ងៃ​មួយ យើង​ផងដែរ​ក៏​នឹង​ធ្វើ​តាម​ទ្រង់ ហើយ​ដក​ពិសោធន៍​នូវ​ការរស់​ឡើង​វិញ​ដោយ​ខ្លួន​យើង​ផ្ទាល់ ។ ឱ​សេចក្ដី​សុខសាន្ដ ឱ​ការលួងលោម​នៃ​អំណោយ​ដ៏​អស្ចារ្យ​នេះ ដែល​បាន​មក​តាមរយៈ​ព្រះគុណ​ពេញ​ដោយ​ក្ដី​ស្រឡាញ់​នៃ​ព្រះយេស៊ូវគ្រីស្ទ ព្រះអង្គ​សង្គ្រោះ និង​ព្រះប្រោសលោះ​នៃ​មនុស្ស​ជាតិ​ទាំងអស់ ។ ដោយសារ​ទ្រង់ នោះ​យើង​ដឹង​ថា យើង​អាច​នៅ​ជាមួយ ណាថាន ម្ដង​ទៀត » ( The Atonement and the Value of One Soul ទំព័រ ៨៤ ) ។

  • តើ​ការឆ្លើយ​តប​របស់​ក្រុមគ្រួសារ​អែលឌើរ បាឡឺដ ចំពោះ​ការស្លាប់​របស់​សមាជិក​ក្រុមគ្រួសារ​របស់​ពួកគាត់ បង្ហាញ​ពី​របៀប​ដែល​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ អាច​ជួយ​ក្រុមគ្រួសារ​ទាំងឡាយ​ឲ្យ​ដោះស្រាយ​ជាមួយ​នឹង​ឥទ្ធិពល​ជា​សាកល​នៃ​ការធ្លាក់ យ៉ាង​ដូច​ម្ដេច​ដែរ ?

  • តើ​ដង្វាយធួន​ធ្វើ​ឲ្យ​អ្វី​កើត​ឡើង​បាន សម្រាប់​ក្រុមគ្រួសារ​របស់​ណាថាន និង​សម្រាប់​ក្រុមគ្រួសារ​របស់​យើង​ម្នាក់ៗ នៅក្នុង​ភាពអស់កល្ប​ជានិច្ច ?

សូម​ទុកពេល​មួយ​សន្ទុះ​ឲ្យ​សិស្ស​សញ្ជឹង​គិត​អំពី​សំណួរ​តទៅ​នេះ មុន​ពេល​ឲ្យ​ពួកគេ​ឆ្លើយ​តប ៖

  • តើ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ បាន​ជួយ​ក្រុមគ្រួសារ​អ្នក​ឲ្យ​យកឈ្នះ​លើ​ឥទ្ធិពល​មួយ​ចំនួន​នៃ​ការធ្លាក់​ដោយ​របៀប​ណា ? ( ជា​ផ្នែក​នៃ​ការពិភាក្សា សូម​ពន្យល់​ថា មាន​តែ​ពួកអ្នក​ដែល​បាន​ធ្វើ​ឲ្យ​ល្អ​ឥតខ្ចោះ​តាមរយៈ​អំណាច​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ ដែល​នឹង​អាច​រស់នៅ​ជាមួយ​គ្នា​អស់កល្ប​ជានិច្ច នៅក្នុង​អាពាហ៍ពិពាហ៍ និង​ក្រុមគ្រួសារ ) ។

សូម​បញ្ចប់ ដោយ​ធ្វើការ​បង្ហាញ ហើយ​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដី​ថ្លែងការណ៍​នេះ​ដោយ​ស៊ិស្ទើរ ជូលី ប៊ី ប៊េក ជា​អតីត​ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ ៖

រូបភាព
ជូលី ប៊ី ប៊េក

© Busath.com

« នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ យើង​មាន​សាសនាវិទ្យា​មួយ​អំពី​គ្រួសារ ដែល​វា​ផ្អែក​ទៅលើ​ការបង្កបង្កើត ការធ្លាក់ និង​ដង្វាយធួន ។ ការបង្កើត​ផែនដី បាន​ផ្ដល់​នូវ​កន្លែង​មួយ​ដែល​គ្រួសារ​ជាច្រើន​អាច​រស់នៅ​បាន ។ ព្រះ​បាន​បង្កើត​បុរស​ម្នាក់ និង​ស្ដ្រី​ម្នាក់​ដែល​ជា​ធាតុ​ដ៏​សំខាន់​ពីរ​រួមបញ្ចូល​គ្នា​នៃ​គ្រួសារ​មួយ ។ វា​គឺជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌​ដែល​ថា​អ័ដាម និង​អេវ៉ា ត្រូវបាន​ផ្សារភ្ជាប់ និង​បង្កើត​ជា​ក្រុមគ្រួសារ​ដ៏​អស់កល្ប​មួយ ។

« ការធ្លាក់​បាន​ផ្ដល់​នូវ​របៀប​មួយ​សម្រាប់​ឲ្យ​គ្រួសារ​រីកចម្រើន​ឡើង ។ អ័ដាម និង​អេវ៉ា គឺជា​អ្នក​ដឹកនាំ​គ្រួសារ ដែល​បាន​ជ្រើសរើស​ដើម្បី​ទទួល​បាន​នូវ​បទពិសោធន៍​ខាង​សាច់ឈាម​មួយ ។ ការធ្លាក់​បាន​ធ្វើ​ឲ្យ​ពួកគាត់​មាន​លទ្ធភាព ដើម្បី​មាន​កូនប្រុស និង​កូនស្រី​ទាំងឡាយ ។

« ដង្វាយធួន​អនុញ្ញាត​ឲ្យ​គ្រួសារ​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយ​គ្នា​ដ៏​អស់កល្ប​ជានិច្ច ។ វា​អនុញ្ញាត​ឲ្យ​គ្រួសារ​ទាំងឡាយ មាន​ការរីក​ចម្រើន និង​ភាពឥតខ្ចោះ​ដ៏​អស់កល្ប ។ ផែនការ​នៃ​សុភមង្គល ដែល​ត្រូវបាន​ហៅ​ថា​ជា​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​ផងដែរ គឺជា​ផែនការ​មួយ​ដែល​បាន​បង្កើត​ឡើង​សម្រាប់​ក្រុមគ្រួសារ » ( Teaching the Doctrine of the Family, Ensign ខែ មិនា ឆ្នាំ ២០១១ ទំព័រ ១២ ) ។

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​សញ្ជឹង​គិត​ពី​ទីបន្ទាល់​របស់​ពួកគេ អំពី​ការបង្កើត ការធ្លាក់ និង​ដង្វាយធួន ព្រមទាំង​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​អញ្ជើញ​អំណាច​នៃ​ដង្វាយធួន​ឲ្យ​ធ្វើ​ជា​កម្លាំង​ដ៏​កាន់តែ​អស្ចារ្យ នៅក្នុង​ជីវិត​របស់​ពួកគេ និង​ក្នុង​ជីវិត​របស់​ក្រុមគ្រួសារ​ពួកគេ ។

ការអាន​របស់​សិស្ស