ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ១៦ ៖ អំណាច​ដ៏​ពិសិដ្ឋ​នៃ​ការបង្កើត​កូន


មេរៀនទី ១៦

អំណាច​ដ៏​ពិសិដ្ឋ​នៃ​ការបង្កើត​កូន

សេចក្ដីផ្ដើម

« ព្រះ​បាន​បញ្ជា​ថា អំណាច​ពិសិដ្ឋ​នៃ​ការបង្កើត​កូន គឺ​ត្រូវបាន​ប្រើ​រវាង​តែ​បុរស និង​ស្ដ្រី​ដែល​បាន​រៀប​អាពាហ៍ពិពាហ៍​យ៉ាង​ស្របច្បាប់​ជា​ប្ដី និង​ប្រពន្ធ​ប៉ុណ្ណោះ » ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » EnsignLiahona, ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។ សម្រាប់​កូនចៅ​ទាំងអស់​របស់​ព្រះ ការរស់នៅ​តាម​ច្បាប់​ព្រហ្មចារីយភាព តម្រូវ​ឲ្យ​យើង​មាន​គុណធម៌​នៅក្នុង​ទង្វើ​ទាំងឡាយ​របស់​យើង​ក៏​ដូចជា​គំនិត​របស់​យើង​ផងដែរ ។ ភាពស្និទ្ធស្នាល​រវាង​ស្វាមី និង​ភរិយា​គឺ​ស្រស់​ផូផង់ និង​ពិសិដ្ឋ​ក្រៃលែង ហើយ​វា​ត្រូវបាន​តែងតាំង​ឡើង​ដោយ​ព្រះ​សម្រាប់​ការបង្កើត​កូន និង​ដើម្បី​បង្ហាញ​សេចក្ដីស្រឡាញ់ ។

ការអាន​ពី​សាវតា

  • ដាវីឌ អេ បែដណា We Believe in Being Chaste,EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤១–៤៤ ។

  • ដាល្លិន អេក អូក Pornography,EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៥ ទំព័រ ៨៧–៩០ ។

  • លីនដី អេស រីវ Protection from Pornography—a Christ-Focused Home,EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១៥–១៧ ។.

  • « ភាពបរិសុទ្ធ​ខាង​ផ្លូវភេទ » ដើម្បី​កម្លាំង​នៃ​យុវជន ( កូនសៀវភៅ ឆ្នាំ ២០១១ ) ទំព័រ ៣៥–៣៧ ។

យោបល់​សម្រាប់​ការបង្រៀន

ទំនុកដំកើង ២៤:៣–៤; ម៉ាថាយ ៥:៨; យ៉ាកុប ២:៣១–៣៥; អាលម៉ា ៣៩:៣–៥, ៩; គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:២២–២៤; ១២១:៤៥–៤៦

ច្បាប់​ព្រហ្មចារីយភាព​របស់​ព្រះអម្ចាស់

សូម​សរសេរ​ប្រយោគ​ខាងក្រោម​នេះ​ដាក់លើ​ក្ដារខៀន ហើយ​សូម​សួរ​សិស្ស​ថា​តើ​ពួកគេ​នឹង​បំពេញ​ប្រយោគ​នេះ​យ៉ាង​ដូចម្ដេច ៖

« អំពើបាប​ដ៏​ពិសពុល​នៃ​ជំនាន់​របស់​យើង​គឺ  » ។

សូម​បង្ហាញ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« អំពើបាប​ដ៏​ពិសពុល​នៃ​ជំនាន់​របស់​យើង​គឺ​ភាពអសីលធម៌​ខាង​ផ្លូវភេទ ។ ព្យាការី​យ៉ូសែប បាន​មាន​ប្រសាសន៍​ថា ការណ៍​នេះ​នឹង​ក្លាយទៅជា​ប្រភព​មួយ​នៃ​ការល្បួង​ដ៏​ច្រើន​ជាងមុន ការប៉ះទង្គិច​ច្រើន​ជាងមុន និង​មាន​ភាពលំបាក​កាន់​តែ​ខ្លាំង​សម្រាប់​ពួកអែលឌើរ​នៃ​អ៊ីស្រាអែល ជាង​អ្នកណា​ផ្សេង​ទៀត » ( Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ ២០១៤ ] ទំព័រ ២២០ ) ។

  • តើ​សេចក្ដីថ្លែងការណ៍​របស់​ប្រធាន ប៊ែនសឹន អនុវត្ត​ដល់​សង្គម​យើង​នា​ពេល​បច្ចុប្បន្ន​នេះ​បាន​យ៉ាង​ដូចម្ដេច ?

សូម​បង្ហាញ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​នេះ​មកពី​កូន​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ។ នៅពេល​ពួកគេ​ស្ដាប់ សូម​ឲ្យ​សិស្ស​ពិចារណា​អំពី​របៀប​ដែល​ពួកគេ​នឹង​សង្ខេប​ច្បាប់​ព្រហ្មចារីយភាព​របស់​ព្រះអម្ចាស់​ទៅជា​ប្រយោគ​មួយ ។

« បទដ្ឋាន​របស់​ព្រះអម្ចាស់ ទាក់ទង​ទៅនឹង​ភាពបរិសុទ្ធ​ខាង​ផ្លូវភេទ គឺ​មាន​ភាពច្បាស់លាស់ និង​មិន​មាន​ការផ្លាស់ប្ដូរ​ឡើយ ។ ចូរ​កុំ​ឲ្យ​មាន​ទំនាក់ទំនង​ខាង​ផ្លូវភេទ​ជាមួយ​អ្នកណា​ម្នាក់​មុន​រៀប​អាពាហ៍ពិពាហ៍ ហើយ​ចូរ​មាន​សេចក្ដីស្មោះត្រង់​យ៉ាងពេញលេញ​ចំពោះ​ប្ដី ឬ​ប្រពន្ធ​របស់​អ្នក​ក្រោយពី​រៀប​អាពាហ៍ពិពាហ៍​ហើយ ។ …

« … មុនពេល​រៀបអាពាហ៍ពិពាហ៍ ចូរ​កុំ​ចូលរួម​ក្នុង​ការថើប ដែល​ប្រកប​ដោយ​តណ្ហា កុំ​ដេកដួល​លើ​មនុស្ស​ផ្សេងទៀត ឬ​កុំ​ប៉ះពាល់​ផ្នែក​ពិសិដ្ឋ​ណាមួយ​នៃ​រាងកាយ​របស់​មនុស្ស​ផ្សេង​ទៀត ដោយ​មាន ឬ​ដោយ​គ្មាន​សំលៀកបំពាក់​ឲ្យ​សោះ ។ ចូរ​កុំ​ធ្វើ​អ្វី​មួយ​ដែល​បង្កើត​ឲ្យ​មាន​នូវ​អារម្មណ៍​ខាង​ផ្លូវភេទ ។ ចូរ​កុំ​បង្កើត​ឲ្យ​មាន​អារម្មណ៍​ទាំងនោះ​នៅក្នុង​រាងកាយ​របស់​អ្នក​ផ្ទាល់​ឡើយ » ( ដើម្បី​កម្លាំង​នៃ​យុវជន [ កូនសៀវភៅ ឆ្នាំ ២០១១ ] ទំព័រ ៣៥–៣៦ ) ។

  • តើ​អ្នក​នឹង​សង្ខេប​ច្បាប់​ព្រហ្មចារីយភាព​របស់​ព្រះអម្ចាស់​ទៅជា​ប្រយោគ​មួយ​យ៉ាង​ដូចម្ដេច ? ( នៅពេល​សិស្ស​ឆ្លើយតប សូម​សង្កត់ធ្ងន់​លើ​គោលលទ្ធិ​ខាងក្រោម​នេះ​ដែល​ចេញមកពី​ការប្រកាស​អំពី​ក្រុមគ្រួសារ ៖ « ព្រះ​បាន​បញ្ជា​ថា អំណាច​ពិសិដ្ឋ​នៃ​ការបង្កើត​កូន គឺ​ត្រូវបាន​ប្រើ​រវាង​តែ​បុរស និង​ស្ដ្រី​ដែល​បាន​រៀប​អាពាហ៍ពិពាហ៍​យ៉ាង​ស្របច្បាប់​ជា​ប្ដី និង​ប្រពន្ធ​ប៉ុណ្ណោះ » « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ] ) ។

  • តើ​បម្រាម​ទុក​ជាមុន ដែល​បាន​គ្រោង​ទុក​នៅក្នុង​កថាខណ្ឌ​ទីពីរ​នៃ​សម្ដី​ដកស្រង់​មកពី​កូន​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន អាច​ជួយ​រារាំង​បុគ្គលម្នាក់​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើបាប​ខាង​សីលធម៌​ដែល​ធ្ងន់ធ្ងរ​ជាងនេះ​បាន​ដោយ​របៀបណា ?

សូម​ចម្លង​តារាង​ខាងក្រោម​ដាក់​លើ​ក្ដារខៀន ។ សូម​ចែក​សិស្ស​ជា​ពីរ​ក្រុម ហើយ​សូម​ឲ្យ​សិស្ស​មួយក្រុម​សិក្សា​វគ្គ​ដែល​នៅក្រោម​ចំណងជើង « លទ្ធផល » និង​មួយ​ក្រុម​ទៀត​សិក្សា​វគ្គ​ទាំងឡាយ​ដែល​នៅក្រោម​ចំណងជើង « ពរជ័យ » ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​យោង​ទៅ​លេខយោង​បទគម្ពីរ នៅពេល​ពួកគេ​សិក្សា ។

លទ្ធផល​នៃ​ការរំលង​ច្បាប់​ព្រហ្មចារីយភាព ៖

យ៉ាកុប ២:៣១–៣៥

អាលម៉ា ៣៩:៣–៥,៩

គ. និង ស. ៤២:២២–២៤

ពរជ័យ​នៃ​ការកាន់តាម​ច្បាប់​ព្រហ្មចារីយភាព ៖

ទំនុកដំកើង ២៤:៣–៤

ម៉ាថាយ ៥:៨

គ. និង ស. ១២១:៤៥-៤៦

បន្ទាប់​ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ​នោះ សូម​ឲ្យ​សិស្ស​ពិភាក្សា​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។ សូម​សរសេរ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​លទ្ធផល​ទាំងឡាយ​នៃ​ការរំលង​ច្បាប់​ព្រហ្មចារីយភាព​ បង្ហាញ​ពី​សារៈសំខាន់​នៃ​ការកាន់តាម​បទបញ្ញត្តិ​នេះ​ដោយ​របៀបណា ?

  • តើ​អ្នក​បាន​ទទួល​បទពិសោធន៍​អំពី​ពរជ័យ​នៃ​ការគោរព​តាម​ច្បាប់​ព្រហ្មចារីយភាព​យ៉ាង​ដូចម្ដេច​ខ្លះ ?

សូម​បង្ហាញ​សេចក្ដីពិត​ខាងក្រោម​នេះ​ដែល​ចេញមកពី​ការប្រកាស​អំពី​ក្រុមគ្រួសារ ៖

« យើង​សូម​ប្រកាស​ថា មធ្យោបាយ​ដើម្បី​បង្កើត​ជីវិត​រមែងស្លាប់​នេះ គឺ​ត្រូវបាន​តែងតាំង​ឡើង​ដោយ​ព្រះ » (« ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។

  • តើ​ប្រយោគ​នេះ​មាន​អត្ថន័យ​យ៉ាង​ណា​ដែរ​ចំពោះ​អ្នក ?

សូម​ប្រើ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន និង ដាវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ដើម្បី​ជួយ​ឲ្យ​ការយល់ដឹង​របស់​សិស្ស​អំពី​សេចក្ដីពិត​កាន់តែ​ស៊ីជម្រៅ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​នេះ​ឮៗ ខណៈ​ដែល​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​នូវ​មូលហេតុ​ដែល​ថា ច្បាប់​ព្រហ្មចារីយភាព​មាន​សារៈសំខាន់​ដ៏​អស់កល្ប​ជានិច្ច ។

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« រូបរាងកាយ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ដល់​ដួងព្រលឹង ។ គោលលទ្ធិ​ដ៏​ច្បាស់ និង​ដ៏​មាន​សារៈសំខាន់​បំផុត​ចំពោះ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​នេះ គូសបញ្ជាក់​យ៉ាងច្បាស់​ពី​មូលហេតុ​ដែល​ថា អំពើបាប​ខាង​ផ្លូវភេទ​គឺ​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់ ។ យើង​សូម​ប្រកាស​ថា អ្នកណាមួយ​ដែល​ប្រើ​រូបរាងកាយ​របស់​អ្នកដទៃ​ដែល​ព្រះបាន​ប្រទាន​មក​នេះ ដោយ​គ្មាន​ការយល់ព្រម​ដ៏​ទេវភាព​ទេ​នោះ គេ​កំពុង​តែ​រំលោភ​បំពាន​លើ​ដួងព្រលឹង​របស់​បុគ្គល​នោះ គឺ​រំលោភបំពាន​លើ​គោលបំណង និង​ដំណើរការ​ដ៏​ចម្បង​នៃ​ជីវិត​នេះ ដែល​ជា ‹ កូនសោ​ដ៏​សំខាន់ › ចំពោះ​ជីវិត ដូចដែល​ប្រធាន ប៊យដ៍ ឃេ ផាកកឺ ធ្លាប់​បាន​ហៅ​វា​ដូច្នោះ ។ ពេល​មាន​ការកេងប្រវញ្ច​លើ​រូបរាងកាយ​របស់​អ្នកណា​មួយ​ផ្សេងទៀត — ដែល​មានន័យ​ថា​កេងប្រវញ្ច​លើ​ដួងព្រលឹង​របស់​គេ — នោះ​បុគ្គល​ដែល​រំលង​នោះ​កំពុង​តែ​ប្រមាថ​ដល់​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ ដែល​បាន​សង្គ្រោះ​ដល់​ព្រលឹង​រងគ្រោះ​នោះ ហើយ​ដែល​ធ្វើ​ឲ្យ​អំណោយទាន​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​កើតឡើង​បាន » ( ជែហ្វ្រី អ័រ ហូឡិន Personal Purity,Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៧៦ ) ។

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

« អាពាហ៍ពិពាហ៍​រវាង​បុរសម្នាក់ និង ស្ត្រី​ម្នាក់ គឺជា​របៀប​មួយ​ដែល​បាន​អនុញ្ញាត​ត្រឹមត្រូវ ដែល​តាម​រយៈ​របៀប​នេះ នោះ​វិញ្ញាណ​ទាំងឡាយ​ដែល​នៅក្នុង​ពិភព​មុន​ជីវិត​លើ​ផែនដី​នេះ​អាច​ចូល​មកក្នុង​ជីវិត​រមែង​ស្លាប់ ។ តំណម​មិន​ឲ្យ​មាន​រឿង​ខាងផ្លូវភេទ​ជា​ដាច់ខាត មុនពេល​រៀបការ ហើយ​ការមាន​ភក្តីភាព​ទាំងស្រុង​នៅក្នុង​រង្វង់​អាពាហ៍ពិពាហ៍ គឺជា​ការការពារ​ដល់​ភាពស័ក្ដិសិទ្ធិ​នៃ​របៀប​ដ៏​ពិសិដ្ឋ​នេះ ។

« អំណាច​នៃ​ការបង្កើតកូន មាន​សារៈសំខាន់​ខាង​វិញ្ញាណ​ជា​ខ្លាំង ។ ការប្រើប្រាស់​អំណាច​នេះ​ខុស គឺ​ជា​ការបំផ្លាញ​ចោល​នូវ​គោលបំណង​នៃ​ផែនការ​របស់​ព្រះវរបិតា និង​គោលបំណង​នៃ​ការរស់នៅ​ខាង​ជីវិត​រមែងស្លាប់​របស់យើង ។ ព្រះវរបិតាសួគ៌​របស់​យើង និង​ព្រះរាជបុត្រា​សំណព្វ​របស់​ទ្រង់ គឺជា​អង្គ​បង្កបង្កើត ហើយ​​បាន​ទុក​ព្រះទ័យ​លើ​យើង​ម្នាក់ៗ​ឲ្យ​មាន​នូវ​ចំណែក​មួយ​នូវអំណាច​នៃ​ការ​បង្កបង្កើត​របស់​ទ្រង់​នេះ ។ … របៀប​ដែល​យើង​មាន​អារម្មណ៍​អំពី និង​របៀប​ដែល​យើង​ប្រើប្រាស់​អំណាច​ដ៏​អស្ចារ្យ​នោះ នឹង​សម្រេច​ពី​សុភមង្គល​របស់​យើង​នៅក្នុង​ជីវិត​រមែងស្លាប់​នេះ និង​ជោគវាសនា​របស់​យើង​នៅក្នុង​ភាពដ៏​អស់កល្ប​ជានិច្ច នៅក្នុង​កម្រិត​មួយ​ដ៏​ធំ » ( ដាវីឌ អេ បែដណា We Believe in Being Chaste,EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤២ ) ។

  • តើ​ហេតុអ្វី​បានជា​ច្បាប់​ព្រហ្មចារីយភាព​មាន​សារៈសំខាន់​ដ៏​អស់កល្ប​បែបនេះ ?

  • តើ​ការប្រើប្រាស់​អំណាច​នៃ​ការបង្កើតកូន​របស់​យើង ប៉ះពាល់​ដល់​សុភមង្គល​របស់​យើង​នៅក្នុង​ជីវិត​រមែងស្លាប់​នេះ និង ភាព​ដ៏​អស់កល្ប​ជានិច្ច​ដោយ​របៀប​ណា ?

សូម​ឲ្យ​សិស្ស​មានពេល​មួយ​សន្ទុះ​ដើម្បី​សរសេរ​នូវ​បម្រាម​នានា ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​ជួយ​ពួកគេ​ឲ្យ​គោរព​តាម​ច្បាប់​ព្រហ្មចារីយភាព ។

ម៉ាថាយ ៥:២៧–២៨;រ៉ូម ៨:៦; គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៣:១៦

គ្រោះថ្នាក់​ទាំងឡាយ​នៃ​រឿង​អាសអាភាស

សូម​ឲ្យ​សិស្ស​អាន​ខគម្ពីរ​ដូច​ខាងក្រោម​នេះ៖ ម៉ាថាយ ៥:២៧–២៨; រ៉ូម ៨:៦; និង គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៣:១៦ ។ សូម​ពិចារណា​អំពី​ការសុំ​ឲ្យ​សិស្ស​រៀន​អនុវត្ត​ជំនាញ​សិក្សា​ព្រះគម្ពីរ​ដោយ​ការបង្កើត​ចំណង​ព្រះគម្ពីរ ដោយ​ការចាប់ផ្ដើម​ជាមួយ​នឹង​វគ្គ​ទីមួយ ដោយ​សរសេរ​វគ្គ​យោង​បទគម្ពីរ​មួយ​នៅក្បែរ​វគ្គ​បន្ទាប់ ហើយ​ធ្វើ​ដូច្នេះ​រហូតដល់​វគ្គ​គម្ពីរ​ចុងក្រោយ​បង្អស់ ។

  • តើ​វគ្គ​គម្ពីរ​ទាំងនេះ​ហាមប្រាម​នូវ​អាកប្បកិរិយា​អ្វីខ្លះ ? ( អាកប្បកិរិយា​មួយ​ដែល​សិស្ស​គួរ​តែ​រកឃើញ​នោះ​គឺ ការប្រើ​រឿង ឬ​រូប​អាសអាភាស ) ។

  • តើ​បទគម្ពីរ​ទាំងនេះ​រកឃើញ​នូវ​លទ្ធផល​នៃ​ការមើល ឬ​ការអាន​រឿង​អាសអាភាស​អ្វីខ្លះ ?

សូម​បង្ហាញ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដាល្លិន អេក អូក និង​អែលឌើរ រីឆាត ជី ស្កត នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ និង​ស៊ិស្ទើរ លីនដា អេស រីវេស ជា​ទីប្រឹក្សា​ទីពីរ​នៅក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ហើយ​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ស្វែងរក​លទ្ធផល​បន្ថែម​ផ្សេង​ទៀត​នៃ​ការប្រើប្រាស់​រឿង ឬ​រូប​អាសអាភាស ។

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« ការណ៍​អាសគ្រាម​បណ្ដាល​ឲ្យ​លទ្ធភាព​របស់​បុគ្គល​ម្នាក់ ចុះ​អន់ថយ​ក្នុង​ការរីករាយ​នឹង​ទំនាក់ទំនង​ខាង​អារម្មណ៍ ខាង​មនោសញ្ចេតនា និង ខាង​វិញ្ញាណ​ធម្មតា​មួយ​ជាមួយ​នឹង​មនុស្ស​ភេទ​ផ្ទុយ​គ្នា » ( ដាល្លិន អេក អូក Pornography,EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៥ ទំព័រ ៨៩ ) ។

រូបភាព
អែលឌើរ រីឆាត ជី ស្កត

« សាតាំង​បាន​ក្លាយទៅជា​ចៅហ្វាយ​ម្នាក់ ក្នុង​ការប្រើ​អំណាច​ញៀន​នៃ​រូបអាសគ្រាម ដើម្បី​បង្ខាំង​សមត្ថភាព​របស់​បុគ្គល​ម្នាក់​មិន​ឲ្យ​ត្រូវ​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​បាន ។ ការ​វាយ​ប្រយុទ្ធ​នៃ​រូបអាសគ្រាម នៅក្នុងគ្រប់​ទម្រង់​ដ៏ឃោឃៅ វិនាស និង​បំផ្លិចបំផ្លាញ​របស់​វា បានបណ្ដាល​ឲ្យ​អាពាហ៍ពិពាហ៍​ជាច្រើន​មាន​ការសោកសៅ ការរងទុក្ខ ការឈឺចាប់ និង​ប្រេះឆា » ( រីឆាត ជី ស្កត To Acquire Spiritual Guidance,”EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៨ ) ។

រូបភាព
ស៊ិស្ទើរ លីនដា អេស រីវេស

« [ កុមារ និង​យុវវ័យ ] ចាំបាច់​ត្រូវតែ​ដឹង​ពី​គ្រោះថ្នាក់​នៃ​រូបអាសគ្រាម និង របៀប​ដែល​វា​គ្រប់គ្រង​លើ​ជីវិត​យើង បណ្ដាល​ឲ្យ​យើង​បាត់បង់​ព្រះវិញ្ញាណ ខូច​អារម្មណ៍ បញ្ឆោត បំផ្លាញ​ទំនាក់​ទំនង បាត់បង់​ការគ្រប់គ្រង​លើ​ខ្លួនឯង ហើយ​បាត់បង់​ពេលវេលា ការគិត និង ថាមពល​ស្ទើរតែ​ទាំងអស់ » ( លីនដា អេស រីវេស Protection from Pornography—a Christ-Focused Home,EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១៥ ) ។

សូម​លើកទឹកចិត្ត​សិស្ស​ដែល​កំពុង​មាន​បញ្ហា​ជាមួយនឹង​ការប្រើ​ប្រាស់​រូប​អាសគ្រាម ឬ​គ្រប់​ទម្រង់​ផ្សេង​ទៀត​នៃ​ភាពអសីលធម៌ ឲ្យ​ទៅជួប​នឹង​ប៊ីស្សព ឬ​ប្រធាន​សាខា​របស់​ពួកគេ ។ សូម​អះអាង​ដល់​ពួកគេ​ថា ពួកគេ​អាច​ស្វែងរក​ផ្លូវ​ត្រឡប់​ទៅកាន់​សេចក្ដីសុខសាន្ដ និង​សុភមង្គល​តាមរយៈ​ការប្រែចិត្ត​វិញ​បាន ។ សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ដូច​តទៅ​នេះ ៖ ការចៀសវាង​ចេញពី​រូបអាសគ្រាម នឹង​នាំ​យើង​ទៅរក​សុភមង្គល​ដ៏​អស្ចារ្យ​នៅក្នុង​ជីវិត​នេះ និង ពេញ​ទាំង​ភាពអស់កល្ប ។ សូម​ពិចារណា​ពី​ការសរសេរ​គេហទំព័រ​របស់​សាសនាចក្រ​ខាងក្រោម​នេះ​ដាក់លើ​ក្ដារខៀន ដើម្បី​ជួយ​ដល់​សិស្ស​ដែល​ពាក់ព័ន្ធ​នៅក្នុង​ការប្រើប្រាស់​រូបអាសគ្រាម ៖

overcomingpornography.org

addictionrecovery.lds.org

លោកុប្បត្តិ ២:២១–២៤

តួនាទី​នៃ​ភាពស្និទ្ធស្នាល​នៅក្នុង​អាពាហ៍ពិពាហ៍

កំណត់​សម្គាល់ ៖ ដោយសារតែ​ធម្មជាតិ​ដ៏​ស្រួចស្រាល​នៃ​ផ្នែក​នេះ​នៃ​មេរៀន នោះ​សូម​ពឹងផ្អែក​ទៅលើ​ការបង្រៀន​ដ៏​ពោរពេញ​ដោយ​ការព្យាករ ហើយ​ចៀសវាង​នូវ​ការបង្រៀន​ដែល​ហួស​ពី​អ្វី​ដែល​មាន​នៅក្នុង​មេរៀន​នេះ រួម​ទាំង​ការចែកចាយ​នូវ​អ្វី​ដែល​លម្អិត​អំពី​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​នឹង​ប្ដី ឬ​ប្រពន្ធ​របស់​អ្នក​ផង ។

សូម​ថ្លែងទីបន្ទាល់​ថា ភាពស្និទ្ធស្នាល​ខាង​រាងកាយ​គឺ​ពិសិដ្ឋ សមរម្យ និង​ពិសេស​ណាស់ នៅពេល​វា​កើតមាន​នៅក្នុង​ចំណង​អាពាហ៍ពិពាហ៍ តាម​របៀប​ដែល​ព្រះអម្ចាស់​បាន​ដាក់​បញ្ញត្តិ​មក​នោះ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន លោកុប្បត្តិ ២:២១–២៤ ឮៗ ។

  • ថ្វីបើ​កត្តា​នេះ​មិន​ត្រូវ​បាន​លើកឡើង​យ៉ាងជាក់លាក់​ក្ដី តើ​ខគម្ពីរ​ទាំងនេះ​បង្កប់​នូវ​អត្ថន័យ​អ្វីខ្លះ ដែល​ជា​គោលបំណង​មួយ​នៃ​ភាពជិតស្និទ្ធ​ខាង​រាងកាយ​រវាង​ស្វាមី និង​ភរិយា ? ( ដើម្បី​ក្លាយ​ទៅជា​តែ​មួយ ជាមួយ​នឹង​ដៃគូ​ស្វាមីភរិយា​របស់​យើង ) ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« ភាពស្និទ្ធស្នាល​របស់​មនុស្ស ត្រូវបាន​រក្សា​ទុក​សម្រាប់​តែ​គូស្វាមី​ភរិយា​ដែល​បាន​រៀបការ ដោយសារ​វា​គឺជា​និមិត្តរូប​ដ៏​ខ្ពស់​បំផុត​នៃ​ការរួបរួម​ដ៏​ពេញលេញ ភាពពេញ​ទាំងស្រុង​មួយ និង​ជា​ការរួបរួម​មួយ​ដែល​ត្រូវបាន​តែងតាំង និង​ផ្ដល់​និយមន័យ​ដោយ​ព្រះ ។ តាំង​ពី​ជំនាន់​សួនច្បារ​អេដែន​មក អាពាហ៍ពិពាហ៍​មាន​បំណង​ដើម្បី​បំពេញ​ភាពពេញលេញ​ទាំងស្រុង​នៃ​បុរស​ម្នាក់ និង​ស្ដ្រី​ម្នាក់ — ដួងចិត្ត សេចក្ដីសង្ឃឹម ជីវិត ក្ដីស្រឡាញ់ គ្រួសារ អនាគត និង​រឿង​ទាំងឡាយ​របស់​ពួកគេ » ( Personal Purity,Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៧៦ ) ។

  • តើ​សេចក្ដីថ្លែងការណ៍​របស់​អែលឌើរ ហូឡិន បាន​ជួយ​ដល់​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​គោលបំណង​នៃ​ភាពស្និទ្ធស្នាល​ខាង​រាងកាយ​រវាង​ស្វាមី និង​ភរិយា​យ៉ាង​ដូចម្ដេច​ដែរ ? ( សិស្ស​គួរ​តែ​យល់​ពី​អ្វី​ដែល​មាន​ដូច​តទៅនេះ ៖ ភាពស្និទ្ធស្នាល​នៅក្នុង​រង្វង់​អាពាហ៍ពិពាហ៍​នឹង​ពង្រឹង​នូវ​ចំណង​ខាង​វិញ្ញាណ និង​សតិអារម្មណ៍​រវាង​ស្វាមី និង​ភរិយា ) ។

សូម​ពិចារណា​ពី​ការចែក​ជា​ក្រដាស​មួយ​ដែល​មាន​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​នេះ ។ សូម​ចែក​ច្បាប់​ចម្លង​មួយ​ដល់​សិស្ស​ម្នាក់ៗ ហើយ​សូម​ឲ្យ​សិស្ស​គូស​បន្ទាត់​ពី​ក្រោម​គោលបំណង​នៃ​ភាពស្និទ្ធស្នាល​ខាង​រាងកាយ​នៅក្នុង​រង្វង់​អាពាហ៍ពិពាហ៍ ។

រូបភាព
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល

« ការរួម​សង្វាស រវាង​ស្វាមី និង​ភរិយា ( ហើយ មានតែ ស្វាមី និង​ភរិយា​ប៉ុណ្ណោះ ) គឺ​ដើម្បី​គោលបំណង​ដ៏​ចម្បង​មួយ​ក្នុង​ការនាំ​កូនចៅ​មកកាន់​ពិភពលោក​នេះ ។ ព្រះអម្ចាស់​ទ្រង់​ពុំ​ដែល​មាន​ព្រះបំណង​ឲ្យ​បទពិសោធន៍​នៃ​ការរួមមេត្រី ដើម្បី​គ្រាន់តែ​ជា​ល្បែង​កំសាន្ដ ឬ​គ្រាន់តែ​ដើម្បី​បំពេញ​ចំណង់ និង​តណ្ហា​នោះ​ទេ » ( ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល The Lord’s Plan for Men and Women,Ensign ខែ តុលា ឆ្នាំ ១៩៧៥ ទំព័រ ៤ ) ។

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

« សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​មាន​បទដ្ឋាន​តែ​មួយ​គត់ មិន​ងាករេ​អំពី​សីលធម៌​ខាង​ផ្លូវ​ភេទ ៖ ទំនាក់ទំនង​ស្និតស្នាល​ដែល​ត្រឹមត្រូវ គឺ​មាន​តែ​រវាង​ស្វាមី និង ភរិយា ដែល​រួបរួមគ្នាក្នុង​ចំណង​នៃ​អាពាហ៍ពិពាហ៍​ដែល​ត្រូវបាន​ដាក់​បញ្ញត្តិ​មក​នៅក្នុង​ផែនការ​របស់​ព្រះ​តែ​ប៉ុណ្ណោះ ។ ទំនាក់ទំនង​បែប​នោះ គឺ​មិនមែន​គ្រាន់តែ​ជាចម្ងល់​មួយ​ដែល​ត្រូវ​រុករក​ចម្លើយ ចំណង់​មួយ​ដែល​ត្រូវបំពេញ ឬ​ប្រភេទ​នៃ​ការកំសាន្ដ​មួយ ឬ​ការកំដរ​អារម្មណ៍​ដែល​ត្រូវតែ​ទទួល​បាន​ដោយ​ភាព​អាត្មានិយម​នោះ​ឡើយ ។ … ប៉ុន្ដែ ទំនាក់ទំនង​នោះ​គឺ​ស្ថិត​នៅក្នុង​ជីវិត​រមែងស្លាប់ ជា​ការបង្ហាញ​អារម្មណ៍​ដ៏​ខ្ពង់ខ្ពស់​បំផុត​មួយ​នៃ​ធម្មជាតិ និង​សក្ដានុពលភាព​ដ៏​ទេវភាព​របស់​យើង ហើយ​វា​ជា​របៀប​មួយ​ដើម្បី​ពង្រឹងដល់​ចំណង​ខាង​សតិអារម្មណ៍ និង​ខាង​វិញ្ញាណ​រវាង​ស្វាមី និង​ភរិយា » ( ដាវីឌ អេ បែដណា We Believe in Being Chaste,EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤២ ) ។

សូម​ពិភាក្សា​ពី​អ្វី​ដែល​ជា​គោលបំណង​ក្នុង​ការដែល​សិស្ស​គូស​បន្ទាត់​ពី​ក្រោម​នោះ ។

សូម​ឲ្យ​សិស្ស​សញ្ជឹងគិត​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ច្បាប់​ព្រហ្មចារីយភាព ហើយ​បន្ទាប់មក សូម​សរសេរ​ចម្លើយ​ចំពោះ​សំណួរ​ខាងក្រោម​មួយ​នៅក្នុង​កំណត់ហេតុ​របស់​ពួកគេ ៖

  • តើ​ការយល់ដឹង​អំពី​ច្បាប់​ព្រហ្មចារីយភាព​បាន​ពង្រឹង​ដល់​ការប្ដេជ្ញា​ចិត្ត​របស់​អ្នក​ដើម្បី​រស់នៅ​ជីវិត​មួយ​ដ៏​សា្អតស្អំ​ខាង​សីលធម៌​មួយ​ដោយ​របៀបណា ?

  • តើ​មាន​មូលហេតុ​អ្វីខ្លះ ដែល​អ្នក​ត្រូវរស់​នៅ​តាម​ច្បាប់​ព្រហ្មចារីភាព ?

សូម​បញ្ចប់​ដោយ​ការចែកចាយ​នូវ​ទីបន្ទាល់​របស់​អ្នក​អំពី​គោលការណ៍​ទាំងឡាយ​ដែល​បាន​ពិភាក្សា​នៅក្នុង​ថ្នាក់ ។

ការអាន​របស់​សិស្ស​