មេរៀនសម្រាប់មជ្ឈិមវ័យ ៖ មេរៀនបណ្តុះបណ្តាលសម្រាប់ឪពុកម្តាយស្តីពីបច្ចេកវិទ្យា
I. សេចក្តីផ្តើម
ក្នុងនាមជាឪពុកម្តាយ យើងចង់បានអ្វីដែលល្អបំផុតសម្រាប់កូនៗរបស់យើង ហើយការណ៍នោះរួមមានការបង្រៀនពួកគេពីរបៀបរុករកផ្លូវក្នុងពិភពឌីជីថលដោយសុវត្ថិភាព ។ នៅក្នុងមេរៀននេះ យើងនឹងពិភាក្សាអំពីរបៀបដែលយើងអាចជួយកូនៗឲ្យចេះគ្រប់គ្រងលើការប្រើប្រាស់បច្ចេកវិទ្យារបស់ពួកគេ ដើម្បីកុំឲ្យវាគ្រប់គ្រងលើកូនៗយើង ។ យើងនឹងរៀនវិធីសាស្រ្ត និងបច្ចេកទេសជាក់ស្តែងដែលអាចជួយណែនាំកូនៗឲ្យប្រើប្រាស់បច្ចេកវិទ្យាដោយចេតនា និងវិជ្ជមាន ។
II. អត្ថប្រយោជន៍ និងគុណវិបត្តិនៃបច្ចេកវិទ្យា
អត្ថប្រយោជន៍
-
សាសនាចក្រប្រើបច្ចេកវិទ្យាដើម្បីប្រាស្រ័យទាក់ទងជាសកល និងផ្សព្វផ្សាយដំណឹងល្អ ។
-
បច្ចេកវិទ្យាផ្តល់ឲ្យយើងនូវការចូលទៅកាន់ចំណេះដឹងរួមរបស់ពិភពលោក ហើយវាមានទំហំល្មមចូលទៅក្នុងហោប៉ៅរបស់យើង ។
គុណវិបត្តិ
-
គុណវិបត្តិនៃបច្ចេកវិទ្យាគឺជាពេលវេលា និងការយកចិត្តទុកដាក់របស់យើង ឬដែលកាន់តែអាក្រក់ជាងនេះ គឺការខ្ជះខ្ជាយឱកាស និងពរជ័យនានា ។
-
ប្រសិនបើយើងមិនប្រុងប្រយ័ត្នទេ យើងអាចផ្ដោតអារម្មណ៍ទៅលើរឿងដែលគ្មានតម្លៃ ដែលមិនសមនឹងការយកចិត្តទុកដាក់របស់យើង ឬថែមទាំងបង្វែរយើងចេញពីសេចក្ដីសញ្ញា និងគុណតម្លៃរបស់យើងទៀតផង ។
-
មួយទៀតបងប្អូនអើយ ឯសេចក្តីណាដែលពិត សេចក្តីណាដែលគួររាប់អាន សេចក្តីណាដែលសុចរិត សេចក្តីណាដែលបរិសុទ្ធ សេចក្តីណាដែលគួរស្រឡាញ់ សេចក្តីណាដែលមានឈ្មោះល្អ បើមានសគុណណា ឬជាសេចក្តីសរសើរណា នោះចូរពិចារណាពីសេចក្តីទាំងនោះចុះ ។
III. បញ្ហាប្រឈមនៃបច្ចេកវិទ្យា
អ្នកស្រាវជ្រាវ វិទ្យាសាស្រ្ត និងការរចនាសិក្សាពីបច្ចេកទេសដើម្បីជួយមនុស្សឲ្យផ្តោតការយកចិត្តទុកដាក់រយៈពេលយូរ និងមានអារម្មណ៍ពេញចិត្ត ។ វាស្រដៀងទៅនឹងឧស្សាហកម្មម្ហូបអាហារដែរ ។ វិទ្យាសាស្រ្តបានជួយអាជីវកម្មឲ្យធ្វើវិស្វកម្មទៅលើអាហារឲ្យឈានដល់ « ចំណុចពេញចិត្តខ្លាំង » ឬជាដំណាក់កាលដែលអាហារមានរសជាតិគួរឲ្យចង់ញ៉ាំបំផុត ។ តើវាជាកំហុសរបស់អ្នកឬ ដែលដូចជាចង់បរិភោគមួយចានទៀតរហូតអ៊ីចឹង ?
មែនហើយ បាទ/ចាស … និងទេ ។ បច្ចេកវិទ្យាមាន « ចំណុចពេញចិត្តខ្លាំង » ផ្ទាល់ខ្លួនរបស់វា ហើយវាដឹកនាំអារម្មណ៍ និងសារធាតុគីមីក្នុងរាងកាយរបស់យើងឲ្យគាំទ្រវា ។ តើអ្នកខូចខាតទេ ប្រសិនបើអ្នកពិបាកក្នុងការឈប់ប្រើបច្ចេកវិទ្យា ? តើអ្នកគ្រាន់តែទន់ខ្សោយខាងវិញ្ញាណមែនទេ ? មិនមែននោះទេ ។ ការរីករាយក្នុងការប្រើប្រាស់បច្ចេកវិទ្យាគឺជារឿងធម្មតាទេ ប៉ុន្តែការគ្រប់គ្រងលើការប្រើប្រាស់បច្ចេកវិទ្យារបស់យើងអាចជាបញ្ហាពិតមែន ។ យើងកំពុងប្រឆាំងនឹងវិទ្យាសាស្រ្ត សារធាតុគីមីក្នុងខួរក្បាល និងឧស្សាហកម្មដែលប្រកួតប្រជែងដើម្បីទទួលបានការយកចិត្តទុកដាក់របស់យើង—វាមិនមែនជាការប្រយុទ្ធដោយយុត្តិធម៌នោះទេ ។
វាជារឿងសំខាន់ក្នុងការទទួលស្គាល់ថា មជ្ឈិមវ័យអាចមានបញ្ហាជាមួយបច្ចេកវិទ្យាដូចកុមារដែរ ។ យើងក៏អាចលង់ចូលទៅក្នុង « ចំណុចពេញចិត្តខ្លាំង » នៃបច្ចេកវិទ្យា ហើយខ្ជះខ្ជាយពេលវេលាដូចជាយុវវ័យ និងកុមារដែរ ។
« ចំណុចពេញចិត្តខ្លាំង » នៃបច្ចេកវិទ្យា
-
បច្ចេកវិទ្យាគឺជាឧបករណ៍មួយ ដែលផ្តល់ឲ្យយើងនូវការចូលទៅកាន់ចំណេះដឹងរួមរបស់ពិភពលោក ហើយអាចប្រើសម្រាប់សេចក្ដីល្អបាន ។
-
ពេលយើងយកចិត្តទុកដាក់លើបច្ចេកវិទ្យាកាន់តែខ្លាំង នោះអ្នកបង្កើតបច្ចេកវិទ្យាមានចំណូលកាន់តែច្រើន ។
-
អ្នកស្រាវជ្រាវ និងអ្នករចនាប្រើបច្ចេកទេសដើម្បីរក្សាយើងឲ្យនៅចូលរួម និងពេញចិត្តនឹងបច្ចេកវិទ្យា ដែលស្រដៀងទៅនឹង « ចំណុចពេញចិត្តខ្លាំង » របស់ឧស្សាហកម្មម្ហូបអាហារដែរ ។
-
ព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះរបស់យើងជ្រាបពីការតស៊ូរបស់យើងជាមួយបច្ចេកវិទ្យា ហើយទ្រង់នឹងពង្រឹងយើង ។
-
តែទ្រង់មានព្រះបន្ទូលមកខ្ញុំថា គុណរបស់យើងល្មមដល់ឯងហើយ ដ្បិតកម្លាំងយើងបានពេញខ្នាត ដោយសេចក្តីកម្សោយ ។ ដូច្នេះ ខ្ញុំនឹងស៊ូអួតពីសេចក្តីកម្សោយរបស់ខ្ញុំ ដោយអំណរជាខ្លាំង ដើម្បីឲ្យព្រះចេស្តានៃព្រះគ្រីស្ទបានសណ្ឋិតនៅនឹងខ្ញុំ ។
ការយកឈ្នះលើ « ចំណុចពេញចិត្តខ្លាំង »
-
សូមទទួលស្គាល់ថា បច្ចេកវិទ្យាមាន « ចំណុចពេញចិត្តខ្លាំង » ផ្ទាល់ខ្លួនរបស់វា ដែលដឹកនាំអារម្មណ៍ និងសារធាតុគីមីក្នុងរាងកាយរបស់យើង ។
-
វាជារឿងធម្មតាទេ ដែលយើងតស៊ូជាមួយនឹងបច្ចេកវិទ្យា ។ ហើយយើងកំពុងប្រឆាំងនឹងវិទ្យាសាស្រ្ត សារធាតុគីមីក្នុងខួរក្បាល និងឧស្សាហកម្មដែលប្រកួតប្រជែងដើម្បីទទួលបានការយកចិត្តទុកដាក់របស់យើង ។
-
យើងអាចគ្រប់គ្រងលើបច្ចេកវិទ្យារបស់យើងបាន ដោយការសួរខ្លួនឯងនូវសំណួរដែលមានគោលបំណង ការធ្វើផែនការ និងការផ្អាកមើលនៅពេលចាំបាច់ ។
-
ការយកចិត្តទុកដាក់លើមាតិកាដែលយើងប្រើប្រាស់ និងការបង្កើតតំបន់ដែលមិនអនុញ្ញាតឲ្យប្រើបច្ចេកវិទ្យានៅក្នុងផ្ទះរបស់យើង ក៏អាចជួយយើងឲ្យយកឈ្នះលើ « ចំណុចពេញចិត្តខ្លាំង » នៃបច្ចេកវិទ្យាបានផងដែរ ។
-
ចូរចាំយាម ហើយអធិស្ឋានចុះ ដើម្បីមិនឲ្យកើតសេចក្តីល្បួងនាំចិត្តឡើយ ឯវិញ្ញាណក៏ប្រុងជាស្រេចមែន តែសាច់ឈាមខ្សោយទេ ។
ក្នុងនាមជាឪពុកម្តាយ យើងអាចធ្វើជាគំរូសម្រាប់កូនៗរបស់យើងបាន ដោយការគិតគូរពីការប្រើប្រាស់បច្ចេកវិទ្យាផ្ទាល់ខ្លួនរបស់យើង ។ ការទទួលស្គាល់ថា តើការប្រើប្រាស់បច្ចេកវិទ្យាត្រូវមានដែនកំណត់នៅកន្លែងណា និងការចាត់វិធានការដើម្បីយកឈ្នះលើបំណងចង់ប្រើប្រាស់លើសកម្រិត ឬហួសប្រមាណនៃបច្ចេកវិទ្យា អាចបង្កើតទំនាក់ទំនងដ៏ល្អជាមួយបច្ចេកវិទ្យាសម្រាប់ខ្លួនយើង និងក្រុមគ្រួសាររបស់យើងបាន ។ សូមចាំថា យើងគ្រប់គ្រងលើបច្ចេកវិទ្យារបស់យើង ហើយវាមិនគ្រប់គ្រងលើយើងនោះទេ ។
IV. ការទទួលខុសត្រូវលើបច្ចេកវិទ្យា
ក. គោលបំណង ៖ ប្រើបច្ចេកវិទ្យាដោយមានចេតនាដើម្បីរៀន និងបង្កើត ។
-
ហើយការអ្វីដែលត្រូវធ្វើក៏ដោយ ចូរធ្វើឲ្យអស់ពីចិត្ត ទុកដូចជាធ្វើថ្វាយដល់ព្រះអម្ចាស់ មិនមែនដល់មនុស្សទេ ។
-
សូមសួរខ្លួនឯងនូវសំណួរដូចជា « ហេតុអ្វីបានជាខ្ញុំប្រើឧបករណ៍របស់ខ្ញុំឥឡូវនេះ ? » និង « តើខ្ញុំមានអារម្មណ៍ល្អអំពីអ្វីដែលខ្ញុំកំពុងធ្វើដែរឬទេ ? »
ការណែនាំដែលអាចអនុវត្តបានសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យាដោយចេតនារួមមាន ការផ្ញើសារវិជ្ជមាន ការស្តាប់តន្ត្រីដែលស្ងប់ស្ងាត់ និងការបង្កើតមាតិកាផ្ទាល់ខ្លួនរបស់អ្នក ។ តើអ្នកអាចរកឃើញការប្រើប្រាស់អ្វីផ្សេងទៀតទេ ?
ខ. ដាក់ផែនការ ៖ រៀបចំផែនការជាមុនសម្រាប់ជម្រើសកាន់តែប្រសើរ ។
-
ចូរទុកដាក់អស់ទាំងការឯងនៅនឹងព្រះយេហូវ៉ាចុះ នោះអស់ទាំងគំនិតរបស់ឯងនឹងបានសម្រេច ។
-
សូមសួរខ្លួនឯងនូវសំណួរដូចជា « តើអ្វីទៅជាផែនការរបស់ខ្ញុំក្នុងការប្រើប្រាស់ឧបករណ៍របស់ខ្ញុំ ? » និង « តើខ្ញុំកំពុងបង្ហាញសញ្ញាអ្វីខ្លះដល់ព្រះអំពីរបៀបដែលខ្ញុំប្រើពេលវេលារបស់ខ្ញុំ ? »
ការណែនាំដែលអាចអនុវត្តបានសម្រាប់ការរៀបចំផែនការជាមុនសម្រាប់ជម្រើសកាន់តែប្រសើរ រួមមានការដាក់ដែនកំណត់ប្រចាំថ្ងៃលើខ្លួនឯងសម្រាប់ពេលវេលាមើលអេក្រង់ តាមដាន និងភ្ជាប់ទំនាក់ទំនងតែជាមួយគ្រួសារ និងមិត្តភក្តិជិតស្និទ្ធប៉ុណ្ណោះ មានតំបន់ដែលមិនអនុញ្ញាតឲ្យប្រើឧបករណ៍នៅក្នុងផ្ទះ រៀបចំកន្លែងសាកថ្មជាលក្ខណៈគ្រួសារ និងប្រើតម្រង ។ តើមានយុទ្ធសាស្រ្តអ្វីផ្សេងទៀតដែលអាចជួយអ្នក និងកូនរបស់អ្នកឲ្យធ្វើការជ្រើសរើសកាន់តែប្រសើរទាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យា ?
គ. ផ្អាក ៖ សម្រាកនៅពេលចាំបាច់ ។
-
ចូរបង្អង់សិន ឲ្យបានដឹងថា យើងជាព្រះ ។
-
សូមសួរខ្លួនឯងនូវសំណួរដូចជា « តើខ្ញុំចៀសវាងមាតិកាដែលខ្ញុំដឹងថាមិនត្រឹមត្រូវ ឬគ្មានគោលបំណងដែរទេ ? » និង « តើខ្ញុំមានអារម្មណ៍ថា ព្រះវិញ្ញាណកំពុងចាកចេញដែរឬទេ ? »
ការណែនាំដែលអាចអនុវត្តបានសម្រាប់ការផ្អាកពីបច្ចេកវិទ្យារួមមាន ការដាក់ឧបករណ៍របស់អ្នកចុះ ហើយដើរចេញ អធិស្ឋានទូលសូមកម្លាំង និងនិយាយជាមួយនរណាម្នាក់ ។ តើគ្រួសាររបស់អ្នកអាចផ្អាកពីបច្ចេកវិទ្យានៅពេលចាំបាច់ដោយរបៀបណា ?
V. ការពិភាក្សាជាក្រុម
ឥឡូវនេះ ដោយសារយើងបាននិយាយអំពីវិធីសាស្រ្តជាក់ស្តែងមួយចំនួនសម្រាប់ការទទួលខុសត្រូវលើការប្រើប្រាស់បច្ចេកវិទ្យា ដូច្នេះសូមបើកការពិភាក្សានេះជាក្រុម ។ ខ្ញុំចង់ឮពីអ្នកទាំងអស់គ្នាអំពីបទពិសោធន៍របស់អ្នកជាមួយបច្ចេកវិទ្យា និងរបៀបដែលអ្នកគ្រប់គ្រងវានៅក្នុងជីវិតរបស់អ្នក ។
-
តើអ្វីជាបញ្ហាប្រឈមដ៏ធំបំផុត ដែលអ្នកពិបាកក្នុងការគ្រប់គ្រងបច្ចេកវិទ្យានៅក្នុងផ្ទះរបស់អ្នក ?
-
តើអ្នកចង់បណ្ដុះគុណតម្លៃអ្វីខ្លះដល់កូនៗរបស់អ្នក នៅពេលយើងនិយាយអំពីការប្រើប្រាស់បច្ចេកវិទ្យា ?
-
តើបច្ចេកវិទ្យាប៉ះពាល់ដល់ទំនាក់ទំនង និងការប្រាស្រ័យទាក់ទងក្នុងគ្រួសាររបស់អ្នកយ៉ាងដូចម្តេច ?
-
តើអ្នកប្រើបច្ចេកវិទ្យាជាគ្រួសារតាមវិធីអ្វីខ្លះ ? តើវាផ្តល់អត្ថប្រយោជន៍ ឬកាត់បន្ថយពេលវេលាដ៏មានតម្លៃរបស់អ្នកជាមួយគ្នាយ៉ាងដូចម្តេច ?
-
តើអ្នកអាចធ្វើឲ្យមានតុល្យភាពរវាងអត្ថប្រយោជន៍ និងគុណវិបត្តិនៃការប្រើប្រាស់បច្ចេកវិទ្យាក្នុងជីវិតប្រចាំថ្ងៃរបស់គ្រួសារអ្នកដោយរបៀបណា ?
-
តើអ្នកឃើញថា បច្ចេកវិទ្យាដើរតួនាទីអ្វីខ្លះនៅក្នុងការអប់រំរបស់កូនអ្នក ? តើអ្នកធានាបានដោយរបៀបណាថា ពួកគេនឹងប្រើវាប្រកបដោយប្រសិទ្ធភាពនោះ ?
-
តើបច្ចេកវិទ្យាប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់កូនអ្នកយ៉ាងដូចម្តេច ? តើអ្នកចាត់វិធានការអ្វីខ្លះ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានណាមួយ ?
-
តើអ្នកមានព្រំដែនអ្វីខ្លះ សម្រាប់ការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងផ្ទះរបស់អ្នក ? តើអ្នកអនុវត្តច្បាប់ទាំងនោះដោយរបៀបណា ?
-
តើអ្នកធ្វើជាគំរូក្នុងការប្រើប្រាស់បច្ចេកវិទ្យាដោយមានការទទួលខុសត្រូវសម្រាប់កូនៗរបស់អ្នកដោយរបៀបណា ?
-
តើអ្នកត្រូវការធនធាន ឬការគាំទ្រអ្វីខ្លះ ដើម្បីគ្រប់គ្រងបច្ចេកវិទ្យានៅក្នុងផ្ទះរបស់អ្នកប្រកបដោយប្រសិទ្ធភាព ?
-
តើបច្ចេកវិទ្យាបានប៉ះពាល់ដល់ទំនាក់ទំនងរបស់ខ្ញុំជាមួយកូនៗរបស់ខ្ញុំយ៉ាងដូចម្តេច ?
-
តើមានហានិភ័យអ្វីខ្លះដែលអាចកើតឡើងបាន ដែលទាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងផ្ទះ ? តើអ្នកអាចកាត់បន្ថយហានិភ័យទាំងនោះដោយរបៀបណា ?
-
តើអ្នកចង់បណ្ដុះគុណតម្លៃអ្វីខ្លះដល់កូនៗរបស់អ្នក ជុំវិញប្រធានបទអំពីការប្រើប្រាស់បច្ចេកវិទ្យា ? តើអ្នកអាចធ្វើជាគំរូអំពីគុណតម្លៃទាំងនោះដោយខ្លួនឯងដោយរបៀបណា ?
-
តើអ្នកអាចបង្កើតផែនការបច្ចេកវិទ្យាសម្រាប់គ្រួសាររបស់អ្នក ដែលអាចបត់បែនបានគ្រប់គ្រាន់ដើម្បីសម្របសម្រួលការផ្លាស់ប្តូរ និងបញ្ហាប្រឈមនានា ប៉ុន្តែនៅតែផ្តល់ជាគ្រោងការ និងព្រំដែនកំណត់ដោយរបៀបណា ?
-
តើអ្នកអាចប្រើបច្ចេកវិទ្យាជាឧបករណ៍មួយដើម្បីបង្កើនការរៀនសូត្រ និងការអភិវឌ្ឍដល់របស់កូនៗអ្នក ជាជាងគ្រាន់តែជាប្រភពមួយនៃការកម្សាន្ត ឬការរំខានដោយរបៀបណា ?
VI. យោបល់សម្រាប់ការបង្រៀនអំពីការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងផ្ទះ
សូមចាប់ផ្តើមដោយការពិភាក្សាអំពីតួនាទីរបស់បច្ចេកវិទ្យានៅក្នុងជីវិតរបស់យើង និងរបៀបដែលវាអាចប៉ះពាល់ដល់ឥរិយាបថ និងសតិអារម្មណ៍បាន ។
ក. ពន្យល់ពីសារៈសំខាន់នៃការទទួលខុសត្រូវលើបច្ចេកវិទ្យា
ចែកចាយពីរបៀបដែលបច្ចេកវិទ្យាអាចក្លាយជាឧបករណ៍មួយសម្រាប់សេចក្ដីល្អ ប៉ុន្តែវាក៏អាចក្លាយជាបញ្ហាបានផងដែរ នៅពេលដែលវាគ្រប់គ្រងលើយើង ។ ពន្យល់ថា វាជារឿងសំខាន់ក្នុងការទទួលខុសត្រូវលើបច្ចេកវិទ្យា ដូច្នេះវាមិនគ្រប់គ្រងលើយើងនោះទេ ។
ខ. បង្រៀនពីការណែនាំដែលអាចអនុវត្តបានសម្រាប់ការទទួលខុសត្រូវលើបច្ចេកវិទ្យា
ពិនិត្យមើលការណែនាំនីមួយៗសម្រាប់ការទទួលខុសត្រូវលើបច្ចេកវិទ្យា ដែលបានរាយនៅក្នុងកំណត់ចំណាំនៃអត្ថបទនេះ ( គោលបំណង ផែនការ និងផ្អាក ) ។ ពន្យល់ពីរបៀបដែលការណែនាំនីមួយៗអាចជួយពួកគេឲ្យគ្រប់គ្រងលើការប្រើប្រាស់បច្ចេកវិទ្យាបាន ។
គ. រិះរកគំនិតពីវិធីដើម្បីអនុវត្តតាមគោលការណ៍ទាំងនេះនៅផ្ទះ
ពិភាក្សាអំពីស្ថានភាពផ្សេងៗដែលបច្ចេកវិទ្យាអាចជាបញ្ហា ដូចជាការចំណាយពេលច្រើនពេកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ឬលេងវីដេអូហ្គេមជាច្រើនម៉ោងជាដើម ។
រិះរកគំនិតពីវិធីដើម្បីអនុវត្តតាមគោលការណ៍នៃការទទួលខុសត្រូវលើបច្ចេកវិទ្យានៅក្នុងស្ថានភាពទាំងនេះ ដូចជាការដាក់ដែនកំណត់ប្រចាំថ្ងៃ បង្កើតតំបន់ដែលមិនអនុញ្ញាតឲ្យប្រើឧបករណ៍ ឬសម្រាកនៅពេលចាំបាច់ ។
ឃ. លើកទឹកចិត្តឲ្យមានការប្រាស្រ័យទាក់ទងបើកចំហ និងមានទំនួលខុសត្រូវ
ពន្យល់ថា វាជារឿងសំខាន់ក្នុងការនិយាយដោយបើកចំហអំពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងគ្រួសារ និងជួយគ្នាទៅវិញទៅមកឲ្យចេះទទួលខុសត្រូវក្នុងការប្រើប្រាស់បច្ចេកវិទ្យាដោយមានទំនួលខុសត្រូវ ។
ដាក់ការរំពឹងទុក និងសេចក្ដីណែនាំសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងផ្ទះ និងលើកទឹកចិត្តសមាជិកគ្រប់គ្នាឲ្យធ្វើការរួមគ្នាដើម្បីធ្វើតាមការរំពឹងទុក និងសេចក្ដីណែនាំទាំងនោះ ។
ង. តាមដាន និងត្រួតពិនិត្យ
តាមដានកូនៗរបស់អ្នកជារឿយៗដើម្បីដឹងថា តើពួកគេធ្វើបានល្អប៉ុណ្ណាហើយ ក្នុងការទទួលខុសត្រូវលើបច្ចេកវិទ្យា ។ លើកទឹកចិត្តពួកគេឲ្យសុំជំនួយ ប្រសិនបើពួកគេត្រូវការជំនួយ និងមានឆន្ទៈក្នុងការផ្តល់ការគាំទ្រ និងការណែនាំតាមតម្រូវការ ។
ច. គំរូនៃការប្រើប្រាស់បច្ចេកវិទ្យាឲ្យបានត្រឹមត្រូវ
ពន្យល់ពីតួនាទីដ៏សំខាន់របស់ឪពុកម្តាយក្នុងការធ្វើជាគំរូក្នុងការប្រើប្រាស់បច្ចេកវិទ្យាឲ្យបានត្រឹមត្រូវ ។ ការណ៍នេះមានន័យថា ត្រូវប្រុងប្រយ័ត្នអំពីការប្រើប្រាស់បច្ចេកវិទ្យាផ្ទាល់ខ្លួនរបស់ពួកគេ និងការធ្វើជាគំរូល្អ ។ ឪពុកម្តាយអាចបង្ហាញកូនៗថា ពួកគេអាចរីករាយជាមួយបច្ចេកវិទ្យា ដោយមិនឲ្យបច្ចេកវិទ្យាគ្រប់គ្រងលើជីវិតរបស់ពួកគេឡើយ ហើយការប្រើប្រាស់បច្ចេកវិទ្យាអាចមានតុល្យភាពជាមួយនឹងសកម្មភាព និងទំនាក់ទំនងសំខាន់ៗផ្សេងទៀតបាន ។
ឆ. ប្រើយុទ្ធសាស្ដ្រពង្រឹងឡើងវិញដែលវិជ្ជមាន
ពិភាក្សាអំពីរបៀបដែលអាចប្រើយុទ្ធសាស្ដ្រពង្រឹងឡើងវិញវិជ្ជមាន ដើម្បីបង្កើត និងពង្រឹងទម្លាប់ និងឥរិយាបថល្អៗ ។ នៅពេលកូនៗខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងលើការប្រើប្រាស់បច្ចេកវិទ្យារបស់ពួកគេ និងប្រើប្រាស់វាដោយការទទួលខុសត្រូវ វាជារឿងសំខាន់ក្នុងការសរសើរ និងលើកទឹកចិត្តដល់ពួកគេ ។
ជ. ធ្វើឲ្យវាជាកិច្ចខិតខំជាលក្ខណៈគ្រួសារ
លើកទឹកចិត្តមនុស្សគ្រប់គ្នានៅក្នុងគ្រួសារឲ្យធ្វើការរួមគ្នា ដើម្បីបង្កើតទំនាក់ទំនងដ៏ល្អជាមួយបច្ចេកវិទ្យា ។ ការទទួលខុសត្រូវលើបច្ចេកវិទ្យាគឺមិនត្រឹមតែជាកិច្ចខិតខំប្រឹងប្រែងបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាកិច្ចខិតខំទាំងគ្រួសារ ។ ការណ៍នេះអាចពាក់ព័ន្ធនឹងការដាក់ច្បាប់គ្រួសារ និងព្រំដែនជុំវិញការប្រើប្រាស់បច្ចេកវិទ្យា ស្វែងរកសកម្មភាពជំនួសដើម្បីធ្វើជាគ្រួសារ និងមានការប្រាស្រ័យទាក់ទងបើកចំហ និងស្មោះត្រង់អំពីបញ្ហាប្រឈម និងភាពជោគជ័យនៃការប្រើប្រាស់បច្ចេកវិទ្យាដោយមានទំនួលខុសត្រូវ ។
ឈ. មានការអត់ធ្មត់ និងការយោគយល់
រៀបចំផែនការជាមួយឪពុកម្តាយពីរបៀបដែលពួកគេអាចផ្លាស់ប្តូរទម្លាប់ និងឥរិយាបថជុំវិញការប្រើប្រាស់បច្ចេកវិទ្យា ។ ជួយពួកគេឲ្យយល់ថា ការណ៍នេះនឹងត្រូវការពេលវេលា និងការខិតខំ ។ វាជារឿងសំខាន់ដែលត្រូវមានការអត់ធ្មត់ និងការយោគយល់ នៅពេលដែលកូនៗខិតខំគ្រប់គ្រងលើការប្រើប្រាស់បច្ចេកវិទ្យារបស់ពួកគេ ។ ឪពុកម្ដាយអាចផ្តល់ការគាំទ្រ និងការណែនាំក្នុងដំណើរការនេះបាន ហើយអបអរចំពោះជោគជ័យតូចៗ នៅពេលដែលកូនៗរីកចម្រើនឆ្ពោះទៅរកទំនាក់ទំនងជាមួយបច្ចេកវិទ្យាដែលល្អប្រសើរជាងមុន ។
VII. សេចក្តីសន្និដ្ឋាន
បច្ចេកវិទ្យាគឺជាឧបករណ៍ដ៏អស្ចារ្យមួយ ប៉ុន្តែវាក៏អាចជាបន្ទុកផងដែរ នៅពេលដែលយើងមិនប្រើវាដោយមានចេតនា ។ តាមរយៈការគ្រប់គ្រងលើការប្រើប្រាស់បច្ចេកវិទ្យារបស់យើង និងការណែនាំដល់កូនៗឲ្យធ្វើដូចគ្នា នោះយើងអាចធានាបានថា បច្ចេកវិទ្យាមិនគ្រប់គ្រងលើយើងនោះទេ ។ សូមកុំភ្លេចប្រើបច្ចេកវិទ្យាដោយមានគោលបំណង ដើម្បីរៀន និងបង្កើត រៀបចំផែនការជាមុនសម្រាប់ជម្រើសកាន់តែប្រសើរ និងសម្រាកនៅពេលចាំបាច់ ។ សូមចងចាំផងដែរនូវបទគម្ពីរដែលលើកទឹកចិត្តយើងឲ្យផ្តោតលើអ្វីដែលជាការពិត ស្មោះត្រង់ យុត្តិធម៌ បរិសុទ្ធ គួរឲ្យស្រឡាញ់ និងមានកេរ្តិ៍ឈ្មោះល្អ ។ តាមរយៈការធ្វើដូច្នេះ យើងអាចជួយកូនៗឲ្យប្រើប្រាស់បច្ចេកវិទ្យាបានដោយសុវត្ថិភាព និងវិជ្ជមាន ។