« បុព្វកថាទៅកាន់ទំនុកដំកើង ផ្នែកទី ២ ៖ ថ្វាយបង្គំព្រះអម្ចាស់ ហើយសរសើរដល់ព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« បុព្វកថាទៅកាន់ទំនុកដំកើង ផ្នែកទី ២ ៖ ថ្វាយបង្គំព្រះអម្ចាស់ ហើយសរសើរដល់ព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ទំនុកដំកើង ១–២; ៨; ១៩–៣៣; ៤០; ៤៦ ៖ មេរៀនទី ១០១
បុព្វកថាទៅកាន់ ទំនុកដំកើង ផ្នែកទី ២
ថ្វាយបង្គំព្រះអម្ចាស់ ហើយសរសើរដល់ព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់
របៀបមួយដើម្បីថ្វាយបង្គំព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ គឺដើម្បីបង្ហាញសេចក្តីស្រឡាញ់ និងភក្តីភាពរបស់អ្នកចំពោះទ្រង់ ។ ទំនុកដំកើងជាច្រើនជាគំរូកំណាព្យនៃការថ្វាយបង្គំព្រះវរបិតា និងព្រះរាជបុត្រាក្នុងការសរសើរ ការអង្វរ និងការអធិស្ឋាន ។ មេរៀននេះអាចជួយសិស្សបង្ហាញពីអារម្មណ៍នៃការថ្វាយបង្គំចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ការរៀបចំសិស្ស ៖ សូមឲ្យសិស្សដឹងថា ពួកគេនឹងមានឱកាសជញ្ចឹងគិតពីគំនិត និងអារម្មណ៍របស់ពួកគេអំពីព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និងកិច្ចការពិសិដ្ឋ ក្នុងការរៀបចំដើម្បីចែកចាយអារម្មណ៍ទាំងនោះនៅក្នុងមេរៀននេះ ។ លើកទឹកចិត្តសិស្សឲ្យស្តាប់តន្ត្រីដ៏គារវភាព ហើយពិនិត្យមើលបទគម្ពីរដែលចូលចិត្ត សម្រង់សម្តី ឬរូបភាពពិសិដ្ឋ ដោយរកមើលអ្វីដែលពួកគេប្រហែលជាចង់ចែកចាយ ។ ការធ្វើបែបនេះអាចរៀបចំចិត្ត និងគំនិតរបស់ពួកគេសម្រាប់សកម្មភាពនៅក្នុងមេរៀននេះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការថ្វាយបង្គំព្រះ
ចំណាំ ៖ សកម្មភាពនៅចុងបញ្ចប់នៃមេរៀននេះនឹងជាផ្នែកមួយនៃការឆ្លុះបញ្ចាំងនៅក្នុងមេរៀនទី ១១២ ៖ « វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៧ » ។ ត្រូវប្រាកដថាទុកពេលឲ្យបានច្រើនសម្រាប់សិស្សចាប់ផ្តើមធ្វើសកម្មភាពក្នុងពេលរៀន ។
សូមចាប់ផ្ដើមបង្រៀនដោយឲ្យសិស្សមួយនាទីដើម្បីជញ្ជឹងគិតសំណួរខាងក្រោមនេះ ៖
-
តើការ« ថ្វាយបង្គំព្រះ »មានន័យយ៉ាងណាចំពោះអ្នក ?
អែលឌើរ ឌីន អិម ដេវីស ដែលនៅពេលនោះបម្រើក្នុងគណៈប្រធានប៊ីស្សព បានចែកចាយរបៀបមួយចំនួនដែលយើងអាចថ្វាយបង្គំព្រះ នៅពេលគាត់បង្រៀន ៖
ពេលយើងថ្វាយបង្គំព្រះ យើងទៅរកទ្រង់ដោយសេចក្ដីស្រឡាញ់ដ៏គារវភាព ចិត្តរាបសា និងភាពអស្ចារ្យ ។ យើងទទួលស្គាល់ ហើយទទួលយកទ្រង់ជាស្ដេច ជាព្រះបង្កបង្កើតសកលលោក ជាព្រះវរបិតារបស់យើង ។
យើងគោរព ហើយមានគារវភាពចំពោះទ្រង់ ។
យើងបន្ទាបខ្លួនចំពោះទ្រង់ ។
យើងបើកដួងចិត្តរបស់យើងក្នុងការអធិស្ឋានដ៏ខ្លាំងក្លា ស្រឡាញ់បន្ទូលទ្រង់ រីករាយចំពោះព្រះគុណទ្រង់ ហើយតាំងចិត្តដើរតាមទ្រង់ដោយភាពស្មោះស្ម័គ្រ ។ ( « The Blessings of Worship » Liahona ខែវិច្ឆិកា ឆ្នាំ២០១៦ ទំព័រ ៩៤ )
-
តើអ្នកនឹងពិពណ៌នាពីភាពខុសគ្នារវាងការគ្រាន់តែចូលរួមក្នុងសាសនាចក្រ ព្រះវិហារបរិសុទ្ធ ឬថ្នាក់សិក្ខាសាលាធៀបនឹងការថ្វាយបង្គំព្រះនៅពេលអ្នកចូលរួមដូចម្ដេចដែរ ?
សូមចែកចាយដោយសង្ខេបៗជាមួយសិស្សនូវរបៀបមួយ ឬពីរដែលអ្នកចូលចិត្តដែលមនុស្សបានបង្ហាញពីអារម្មណ៍នៃការថ្វាយបង្គំចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ឧទាហរណ៍រួមមាន កំណាព្យ វីដេអូ ស្នាដៃសិល្បៈ ផ្នែកនៃស្នាដៃនិពន្ធ ឬផ្នែកនៃតន្រ្តីពិសិដ្ឋ ។ អ្នកអាចបញ្ចូលអ្វីដែលអ្នកបានសរសេរ ឬបង្កើតដោយខ្លួនឯងបាន ។ សូមពន្យល់សិស្សថា មានរបៀបជាច្រើនដែលនរណាម្នាក់អាចបង្ហាញពីអារម្មណ៍នៃការថ្វាយបង្គំចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
សូមលើកទឹកចិត្តសិស្សឲ្យគិតពិចារណាអំពីរបៀបដែលពួកគេអាចបង្ហាញពីអារម្មណ៍នៃការថ្វាយបង្គំចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ក្នុងមេរៀននេះទាំងមូល សូមយកចិត្តទុកដាក់ និងងាយដឹងចំពោះសិស្សដែលប្រហែលជាមិនមានអារម្មណ៍ថា មានទំនាក់ទំនងជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនៅពេលនេះ ។
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមជ្រើសរើសសំណួរខាងក្រោមមួយ ឬច្រើនដើម្បីឆ្លើយ ។ អ្នកអាចប្រើសារលិខិតមួយចំនួនរបស់អែលឌើរ ដេវីស ឬពាក្យពេចន៍ផ្ទាល់របស់អ្នក ដើម្បីសង្ខេបអារម្មណ៍របស់អ្នក ។
-
តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និងវត្ថុពិសិដ្ឋ ?
-
តើអ្នកបង្ហាញសេចក្ដីស្រឡាញ់ ការគោរព ឬគារវភាពចំពោះព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ ឬពរជ័យខាងវិញ្ញាណយ៉ាងដូចម្ដេច ?
នៅចុងបញ្ចប់នៃមេរៀននៅថ្ងៃនេះ អ្នកនឹងចាប់ផ្តើមបង្កើតការបង្ហាញពីអារម្មណ៍របស់អ្នក ។ សូមចងចាំការណ៍នេះក្នុងចិត្ត នៅពេលអ្នកសិក្សា ។ គិតអំពីរបៀបដែលអ្នកប្រហែលជាចង់បង្ហាញពីអ្វីដែលអ្នករៀន និងទទួលអារម្មណ៍ ។ សូមយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យជួយអ្នកក្នុងការខិតខំរបស់អ្នក ។
ថ្វាយបង្គំព្រះអម្ចាស់ក្នុងទំនុកដំកើង
ទំនុកដំកើងជាច្រើនគឺជាកំណាព្យ ការបង្ហាញការអធិស្ឋាននៃគំនិត អារម្មណ៍ ក្ដីសង្ឃឹម និងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់អ្នកនិពន្ធ ។ ខណៈដែលបទគម្ពីរជាច្រើនកត់ត្រាព្រះបន្ទូលរបស់ព្រះអម្ចាស់ចំពោះយើង ទំនុកដំកើងតែងតែឆ្លុះបញ្ចាំងពីពាក្យសម្ដីរបស់អ្នកនិពន្ធទៅកាន់ទ្រង់ ។ សូមអាន ទំនុកដំកើង ១៨:១–៦ ដោយស្វែងរកពាក្យ និងឃ្លាដែលដាវីឌបានប្រើដើម្បីបង្ហាញពីអារម្មណ៍របស់លោកអំពីព្រះអម្ចាស់ ។
សូមអញ្ជើញសិស្សឲ្យសរសេរពាក្យ និងឃ្លាដែលពួកគេបានរកឃើញនៅលើក្ដារខៀន ។ សិស្សអាចស្វែងរកឃ្លាផ្សេងគ្នាជាច្រើនដូចជា ៖
-
ឱព្រះយេហូវ៉ាដ៏ជាកំឡាំងនៃទូលបង្គំអើយ ( ខទី ១ ) ។
-
ព្រះយេហូវ៉ាទ្រង់ជាថ្មដា ជាបន្ទាយ ហើយជាអ្នកជួយសង្គ្រោះរបស់ទូលបង្គំ គឺជាព្រះនៃទូលបង្គំ ជាថ្មដាដែលទូលបង្គំយកជាទីពឹងក៏ជាខែល ជាស្នែងនៃសេចក្តីសង្គ្រោះរបស់ទូលបង្គំ ហើយជាប៉មយ៉ាងខ្ពស់ផង ( ខទី ២ ) ។
-
ទូលបង្គំនឹងអំពាវនាវដល់ព្រះយេហូវ៉ា ( ខទី ៣ ) ។
-
ទ្រង់ក៏ឮសំឡេងទូលបង្គំ ( ខទី ៦ ) ។
សិស្សដែលបានសរសេរឃ្លាអាចចែកចាយពីមូលហេតុដែលដាវីឌប្រហែលជាចង់ឲ្យទស្សនិកជនរបស់លោកដឹងពីការណ៍នេះអំពីព្រះអម្ចាស់ ។ សូមពិចារណាសួរសិស្សអំពីរបៀបដែលព្រះអម្ចាស់បានបំពេញតួនាទីទាំងនេះនៅក្នុងជីវិតរបស់ពួកគេ ។
សូមអញ្ជើញសិស្សឲ្យជ្រើសរើសវគ្គបទគម្ពីរមួយក្នុងចំណោមវគ្គបទគម្ពីរខាងក្រោមនេះ ដើម្បីសិក្សាជាមួយដៃគូ ។ លើកទឹកចិត្តពួកគេឲ្យផ្អាកជាញឹកញាប់ ហើយចែកចាយគ្នាទៅវិញទៅមកនូវគំនិត និងអារម្មណ៍របស់ពួកគេ ។
ទំនុកដំកើងបង្ហាញពីរបៀបជាច្រើនដែលយើងអាចចែកចាយអារម្មណ៍របស់យើងចំពោះព្រះអម្ចាស់ ។ សូមសិក្សាវគ្គមួយក្នុងចំណោមវគ្គខាងក្រោមនេះយឺតៗ ដោយគូសចំណាំពាក្យ និងឃ្លាដែលឆ្លុះបញ្ចាំងពីអារម្មណ៍របស់អ្នកអំពីព្រះអម្ចាស់ ។
ទំនុកដំកើង ៨:១–៩
ទំនុកដំកើង ២៧:១–៩
ទំនុកដំកើង ៣០:១–១២
ទំនុកដំកើង ៤៦:១–១១
សូមពិចារណាពីការបង្ហាញដល់សិស្សនូវរបៀបផ្សេងទៀតក្រៅពីការសរសេរដើម្បីបង្ហាញពីការថ្វាយបង្គំ ។ អ្នកអាចជ្រើសរើសវីដេអូដែលបង្ហាញពីអារម្មណ៍ចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ តាមរយៈរបាំ តន្ត្រី ឬសិល្បៈ ដូចជាវីដេអូខាងក្រោមដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិតពីអ្វីដែលពួកគេគិតថា អ្នកបង្កើតកំពុងបង្ហាញតាមរយៈអត្ថបទចម្រៀង គំនូរ ជាដើម ។
-
របាំ ៖ « Trust in the Lord: Music Video » ( ៤:១១ )
-
តន្ត្រី ៖ « Here I Am, I Will Follow Jesus Christ »( ៣:០៧ ) ឬ « Peace in Christ » ( ៤:០៩ )
-
សិល្បៈ ៖ ស៊ីស្ទើរ គ្រីស្ទីន អិម យី ចែកចាយគំនូររបស់ព្រះអង្គសង្គ្រោះនៅលើហ្វេសប៊ុក ( https://www.facebook.com/reel/1240140883346653?mibextid=kcDB8O )
បង្ហាញពីអារម្មណ៍នៃការថ្វាយបង្គំរបស់អ្នក
សូមឲ្យសិស្សនូវពេលវេលាក្នុងថ្នាក់ដែលនៅសេសសល់ ដើម្បីចាប់ផ្ដើមបង្កើតអ្វីមួយដែលឆ្លុះបញ្ចាំងពីអារម្មណ៍របស់ពួកគេចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ វាយតម្លៃតម្រូវការរបស់សិស្សអ្នក ហើយបង្ហាញជម្រើសមួយចំនួន ឬទាំងអស់ខាងក្រោម ។
អ្នកអាចផ្តល់សម្ភារសិល្បៈដូចជា ក្រដាស ខ្មៅដៃពណ៌ ហ្វឺត និងសម្ភារផ្សេងៗទៀតសម្រាប់សិស្សដែលចង់បង្កើតរូបភាពតំណាងឲ្យអារម្មណ៍របស់ពួកគេ ។
ដោយសារតែនេះជាគម្រោងបុគ្គល អ្នកអាចដើរចុះឡើងនៅក្នុងថ្នាក់ ហើយផ្តល់ជំនួយ ការណែនាំ និងការលើកទឹកចិត្តតាមការចាំបាច់ ។ ប្រសិនបើសមរម្យ សូមពិចារណាចាក់ភ្លេងស្រទន់ និងពិសិដ្ឋក្នុងអំឡុងពេលធ្វើសកម្មភានេះ។
ការធ្វើបែបនេះអាចនឹងជួយបង្ហាញសេចក្តីស្រឡាញ់ និងទំនុកចិត្តរបស់អ្នកចំពោះសិស្សទាំងឡាយណាដែលអាចនឹងកំពុងពុះពារជាមួយនឹងគំនិត ឬអារម្មណ៍របស់ពួកគេអំពីព្រះអម្ចាស់ ។ សកម្មភាពទី ៦ អាចជាជម្រើសដ៏ល្អមួយសម្រាប់សិស្សដែលនៅតែមិនច្បាស់អំពីសេចក្តីជំនឿរបស់ពួកគេ ។
សូមចំណាយពេលខ្លះដើម្បីបង្ហាញពីគំនិត និងអារម្មណ៍របស់អ្នកអំពីព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និងកិច្ចការពិសិដ្ឋ ។ ប្រើជម្រើសមួយក្នុងចំណោមជម្រើសខាងក្រោម ឬបង្កើតមួយដោយខ្លួនឯង ។ អ្នកប្រហែលជាមិនមានពេលដើម្បីបញ្ចប់ការងាររបស់អ្នកនៅក្នុងថ្នាក់នៅថ្ងៃនេះទេ ប៉ុន្តែអ្នកអាចចាប់ផ្តើមនិពន្ធចម្រៀង ឬកំណាព្យ ឬបង្កើតគំនិតគំនូរ ឬវីដេអូ ។ អ្នកអាចបន្តធ្វើការលើការបង្ហាញរបស់អ្នកនៅក្រោយម៉ោងរៀន ។ អ្នកអាចជ្រើសរើសរួមបញ្ចូលបទគម្ពីរពីទំនុកដំកើងដែលអ្នករកឃើញថាមានអត្ថន័យ ។
-
តែងកំណាព្យ ឬចម្រៀងដែលបង្ហាញពីអារម្មណ៍របស់អ្នកអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
-
បង្កើតវីដេអូ ឬថតសំឡេង ដែលអ្នកចែកចាយអារម្មណ៍របស់អ្នកអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សម្រាប់វីដេអូ អ្នកអាចបញ្ចូលរូបភាពពិសិដ្ឋដែលអ្នកចូលចិត្តពីបណ្ណាល័យដំណឹងល្អ ។
-
អ្នកនិពន្ធទំនុកដំកើងតែងតែប្រៀបធៀបព្រះអង្គសង្គ្រោះទៅនឹងអ្វីផ្សេងទៀត ដើម្បីបង្ហាញថាទ្រង់មានសារៈសំខាន់យ៉ាងណាចំពោះពួកគេ ។ ឧទាហរណ៍រួមមាន « ព្រះយេហូវ៉ាទ្រង់ជាថ្មដា ជាបន្ទាយ » ( ទំនុកដំកើង ១៨:២ ) និង « ព្រះយេហូវ៉ាទ្រង់ជាពន្លឺ » ( ទំនុកដំកើង ២៧:១ ) ។ សូមធ្វើបញ្ជីនៃរឿងនានាក្នុងជីវិតរបស់អ្នក ដែលអាចតំណាងឲ្យអារម្មណ៍របស់អ្នកចំពោះព្រះអម្ចាស់ ។
-
បង្កើតរូបគូរ គំនូរ meme រូបភាព ឬស្នាដៃសិល្បៈផ្សេងៗដែលឆ្លុះបញ្ចាំងពីអារម្មណ៍របស់អ្នកអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
-
ស្វែងរករូបភាពពិសិដ្ឋជាច្រើន ហើយបង្កើតរូបភាពភ្ជាប់ ។ ជ្រើសរើសរូបភាពដែលតំណាងឲ្យអ្វីៗអំពីព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដែលមានសារៈសំខាន់សម្រាប់អ្នក ។ បង្កើតកំណត់ចំណាំសម្រាប់រូបភាពនីមួយៗ សង្ខេបគំនិត និងអារម្មណ៍របស់អ្នក ។
-
សូមសរសេរគំនិតរបស់អ្នកអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ អ្នកប្រហែលជាចង់ចែកចាយបទពិសោធន៍ដែលមានឥទ្ធិពលលើអារម្មណ៍របស់អ្នកចំពោះទ្រង់ ។
អ្នកអាចអនុញ្ញាតឲ្យសិស្សចែកចាយនូវអ្វីដែលពួកគេបានបង្កើតនៅថ្ងៃនេះ ។ អ្នកអាចទុកពេលសម្រាប់សិស្សដើម្បីចែកចាយការងាររបស់ពួកគេក្នុងអំឡុងពេលសិក្សាមេរៀននាពេលអនាគត បន្ទាប់ពីពួកគេបានបញ្ចប់ការបង្កើតរបស់ពួកគេ ។ សូមពិចារណាអញ្ជើញសិស្សឲ្យបន្ថែមលើអ្វីដែលពួកគេកំពុងបង្កើត នៅពេលពួកគេបន្តរៀនអំពីព្រះយេស៊ូវគ្រីស្ទអំឡុងមេរៀនជាច្រើនបន្ទាប់ទៀត ។ សូមប្រាប់សិស្សថា ពួកគេនឹងឆ្លុះបញ្ចាំងពីបទពិសោធន៍ប្រកបដោយការច្នៃប្រឌិតនេះនៅក្នុងមេរៀនទី ១១២ ៖ « វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៧ » ។