« លោកុប្បត្តិ ២៥–២៧ ៖ យ៉ាកុប និងអេសាវ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៦ )
« លោកុប្បត្តិ ២៥–២៧ ៖ យ៉ាកុប និងអេសាវ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
លោកុប្បត្តិ ២៤–៣៣ ៖ មេរៀនទី ៣០
លោកុប្បត្តិ ២៥–២៧
យ៉ាកុប និងអេសាវ
ជាមួយការចាប់កំណើតនៃយ៉ាកុប និងអេសាវដែលជាកូនភ្លោះ នោះសេចក្តីសញ្ញានៃការសន្យាចំពោះរេបិកានិងអ៊ីសាកថានឹងមានកូន ជាចុងក្រោយក៏បានសម្រេច ។ អេសាវជាកូនភ្លោះច្បងនឹងមានសិទ្ធិទទួលបានអំណាចមរតកនៃបងច្បងដែលបានផ្តល់ដល់កូនប្រុសដែលបានកើតដំបូង ។ គួរឲ្យស្ដាយ អេសាវមិនបានផ្តល់អាទិភាពដល់ពរជ័យដ៏នៅអស់កល្បជានិច្ចរបស់គាត់នោះទេ ផ្ទុយទៅវិញ គាត់ខិតខំបំពេញនូវសេចក្តីប្រាថ្នាខាងលោកិយរបស់គាត់វិញ ។ មេរៀននេះអាចជួយសិស្សឲ្យផ្ដល់តម្លៃលើពរជ័យដ៏នៅអស់កល្បជានិច្ចរបស់ព្រះអម្ចាស់ ជាជាងលើបំណងប្រាថ្នាខាងលោកិយ ។
ការរៀបចំសិស្ស ៖ សូមលើកទឹកចិត្តសិស្សឲ្យវាយតម្លៃតុល្យភាពក្នុងជីវិតរបស់ពួកគេ ដោយអធិស្ឋានរវាងការណ៍ទាំងឡាយនៃព្រះ ( ឧ. ការអធិស្ឋាន ការសិក្សាព្រះគម្ពីរ សកម្មភាពសាសនាចក្រ ) និងការណ៍ទាំងឡាយនៃពិភពលោក ។ សូមអញ្ជើញពួកគេឲ្យស្វែងរកការរំខានខាងលោកិយណាមួយដែលអាចនឹងមានអាទិភាពលើការណ៍ដ៏អស់កល្បជានិច្ចទាំងឡាយ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការឲ្យតម្លៃលើការណ៍ទាំងឡាយនៃព្រះ
ដើម្បីជួយសិស្សឲ្យគិតអំពីរបៀបដែលតម្រូវការ ឬការចង់បានភ្លាមៗអាចប៉ះពាល់ដល់គោលដៅរយៈពេលវែង សូមគូរតារាងដូចខាងក្រោមនេះនៅលើក្ដារខៀន ៖
|
បច្ចុប្បន្នកាល |
អនាគតកាល |
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយគោលដៅដែលពួកគេមានសម្រាប់អនាគតរបស់ពួកគេ ។ សូមរាយបញ្ជីទាំងនេះនៅលើក្តារខៀននៅក្នុងជួរទីពីរ ។ សូមជ្រើសរើសគោលដៅមួយក្នុងជួរឈរទីពីរ ។ សូមអញ្ជើញសិស្សឲ្យគិតអំពីតម្រូវការ ឬការចង់បានភ្លាមៗដែលអាចរារាំងនរណាម្នាក់មិនឲ្យសម្រេចគោលដៅនោះបាន ប្រសិនបើធ្វើតាមតម្រូវការឬការចង់បានទាំងនេះ ។ សូមផ្តល់ឱកាសឲ្យសិស្សចែកចាយគំនិតផ្សេងគ្នាមួយចំនួន ។ សូមពិភាក្សាអំពីរបៀបដែលជម្រើសដែលយើងធ្វើឥឡូវនេះអាចជះឥទ្ធិពលលើគោលដៅនាពេលអនាគតរបស់យើង ហើយប្រហែលជារារាំងយើងមិនឲ្យសម្រេចគោលដៅទាំងនោះបានឡើយ ។
នៅពេលសិស្សបានធ្វើរួចរាល់ហើយ សូមពន្យល់ថា គំនិតនេះក៏អាចអនុវត្តចំពោះការខិតខំរបស់យើងដើម្បីស្វែងរកពរជ័យដ៏អស់កល្បជានិច្ចរបស់ព្រះផងដែរ ។ សូមអញ្ជើញសិស្សឲ្យបំពេញស្វ័យវាយតម្លៃខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
សូមជញ្ជឹងគិតដោយការអធិដ្ឋានអំពីសេចក្ដីថ្លែងការណ៍ដូចខាងក្រោមនេះ ។ សូមកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកពីរបៀបដែលសេចក្តីថ្លែងការណ៍ខាងក្រោមនេះអនុវត្តចំពោះអ្នក ដោយប្រើចម្លើយ « ប្រាកដណាស់ » « ភាគច្រើន » « បន្តិចបន្តួច » និង « មិនមែនទាំងអស់ » ។
-
ខ្ញុំស្ម័គ្រចិត្តលះបង់បំណងប្រាថ្នានៅលើផែនដីសម្រាប់ពរជ័យដ៏នៅអស់កល្បជានិច្ច ។
-
ខ្ញុំយល់ពីមូលហេតុដែលព្រះអម្ចាស់បង្គាប់ឲ្យខ្ញុំ ឲ្យតម្លៃលើពរជ័យដ៏នៅអស់កល្បជានិច្ចរបស់ទ្រង់ជាជាងលើអ្វីៗដែលខ្ញុំចង់បានឥឡូវនេះ ។
-
ខ្ញុំមើលឃើញពីពរជ័យដែលបានមក នៅពេលខ្ញុំដាក់អាទិភាពថ្វាយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ជាជាងលើការណ៍ទាំងឡាយនៃលោកិយនេះ ។
នៅពេលអ្នកសិក្សាថ្ងៃនេះ សូមយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យជួយអ្នកមើលឃើញពីតម្លៃនៃពរជ័យដ៏នៅអស់កល្បជានិច្ច ។ ស្វែងរកការបំផុសគំនិតអំពីរបៀបផ្ដល់អាទិភាពលើពរជ័យដ៏នៅអស់កល្បជានិច្ចជាជាងលើសេចក្តីប្រាថ្នានៅលើផែនដី ។
កេរដំណែល និងពរជ័យនៃអំណាចមរតកនៃបងច្បង
ដើម្បីជួយសិស្សឲ្យយល់អំពីសារៈសំខាន់នៃវប្បធម៌នៃការសម្រេចចិត្តដែលអេសាវ និងយ៉ាកុប បានធ្វើ សូមសង្ខេបកថាខណ្ឌខាងក្រោមនេះតាមពាក្យពេចន៍របស់អ្នកផ្ទាល់ ។
នៅសម័យព្រះគម្ពីរសញ្ញាចាស់ ជាទូទៅកូនប្រុសច្បងបានទទួលអំណាចមរតកនៃកូនច្បង ។ កេរដំណែលនៃអំណាចមរតកនៃបងច្បងរួមមានការទទួលបានចំណែកដី និងទ្រព្យសម្បត្តិទ្វេដង ។ អំណាចមរតកនៃបងច្បងនេះក៏រួមមាននូវការទទួលខុសត្រូវកាន់តែធំក្នុងការមើលថែម្តាយ និងគ្រួសារផ្សេងទៀត ក្រោយពីឪពុកទទួលមរណភាព ។ បន្ថែមពីលើមរតកខាងសាច់ឈាម ឪពុកនឹងផ្តល់ពរជ័យពីអំណាចមរតកនៃបងច្បង ដើម្បីប្រគល់សិទ្ធិអំណាចបព្វជិតភាពដល់កូនប្រុសច្បង ។ ពរជ័យនេះបានបង្កើតជំហររបស់កូនប្រុសក្នុងគ្រួសារក្នុងនាមជាគ្រូបង្រៀន និងជាអ្នកដឹកនាំ ។
រេបិកា និងអ៊ីសាកបានអធិស្ឋានអស់ជាច្រើនឆ្នាំទូលសូមពរដើម្បីមានកូនចៅសុចរិត ។ នៅទីបំផុត ពួកគាត់បានទទួលពរជ័យឲ្យមានកូនប្រុសភ្លោះពីរនាក់គឺ អេសាវ និងយ៉ាកុប ។ ដោយសារតែអេសាវបានកើតមុនគេ នោះគាត់ក្លាយជាកូនប្រុសដែលមានអំណាចមរតកនៃបងច្បង ។ ទោះជាយ៉ាងណា ព្រះអម្ចាស់បានបង្ហាញដល់រេបិកាថា យ៉ាកុបគឺជាកូនប្រុសដែលទទួលអំណាចមរតកនៃបងច្បង ( លោកុប្បត្ដិ ២៥:២២–២៣ ) ។
សូមអាន លោកុប្បត្តិ ២៥:២៧–៣៤ ដោយរកមើលពីរបៀបដែលអេសាវបង្ហាញថា លោកមិនបានឲ្យតម្លៃដល់ពរជ័យនៃអំណាចមរតកនៃបងច្បងរបស់គាត់ឡើយ ។ ( ដើម្បី « ស្លសំឡ » មានន័យថាចម្អិនស៊ុប ឬស្ងោរ ) ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
សូមអាន លោកុប្បត្តិ ២៦:៣៤–៣៥ ដោយស្វែងរកការសម្រេចចិត្តរបស់អេសាវ និងអារម្មណ៍ដែលឪពុកម្ដាយរបស់គាត់មានអំពីជម្រើសអាពាហ៍ពិពាហ៍របស់គាត់ ។ ( សាសន៍ហេត គឺជាពួកកាណាន ដែលថ្វាយបង្គំព្រះក្លែងក្លាយ ) ។
-
ហេតុអ្វីបានជារេបិកា និង អ៊ីសាកសោកសៅនឹងការសម្រេចចិត្តរបស់អេសាវ ?
ប្រសិនបើសិស្សមិនប្រាកដពីរបៀបឆ្លើយតបទៅនឹងសំណួរមុននោះទេ អ្នកអាចពន្យល់ថា ពួកកាណានបានថ្វាយបង្គំរូបព្រះ និងចូលរួមក្នុងការអនុវត្តអំពើបាបផ្សេងៗទៀត ។ ការរៀបការជាមួយស្ត្រីសាសន៍កាណានមានន័យថា អេសាវបានងាកចេញពីសេចក្តីសញ្ញាដែលព្រះបានធ្វើជាមួយអ័ប្រាហាំ និងកូនចៅរបស់លោក ។
ពរជ័យនៃការឲ្យតម្លៃលើការណ៍ទាំងឡាយរបស់ព្រះ
ដើម្បីជួយសិស្សឲ្យយល់ពីដំណើររឿងរបស់យ៉ាកុប និងអេសាវ សូមអាន ឬសង្ខេបកថាខណ្ឌខាងក្រោមនេះ ។ ឬអ្នកអាចចែកចាយវីដេអូ « Jacob and Esau » ( ២:០៦ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
ទោះបីអេសាវបានជ្រើសរើសធ្វើខុសក្ដី ក៏នៅក្នុងវ័យចំណាស់របស់គាត់ អ៊ីសាកបានកោះហៅអេសាវឲ្យផ្តល់ពរជ័យនៃអំណាចមរតកនៃបងច្បងដល់គាត់ ។ ពីមុនអេសាវមកដល់ រេបិកាបានឲ្យយ៉ាកុបក្លែងខ្លួនធ្វើជាបងប្រុសរបស់គាត់ ។ ដោយគិតថាយ៉ាកុបជាអេសាវ អ៊ីសាកបានផ្ដល់ពរអំណាចមរតកនៃបងច្បងដល់យ៉ាកុប ( សូមមើល លោកុប្បត្តិ ២៧:១–២៩ ) ។ « បន្ទាប់ពីអ៊ីសាកបានដឹងថា គាត់បានប្រសិទ្ធពរជ័យឲ្យយ៉ាកុបជំនួសឲ្យអេសាវ នោះគាត់បានបញ្ជាក់ថា យ៉ាកុប « នឹងបានពរមែន »( លោកុប្បត្តិ ២៧:៣៣ )—ដោយប្រាប់ថា ព្រះទ័យរបស់ព្រះនឹងបានសម្រេច » ( ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ទំព័រ ៣៩ ) ។
សូមអាន លោកុប្បត្តិ ២៧:៣៤, ៣៨ ដោយរកមើលប្រតិកម្មរបស់អេសាវ នៅពេលលោកបានដឹងថា អ៊ីសាកបានផ្តល់ពរនៃអំណាចមរតកនៃបងច្បងដល់យ៉ាកុប ។
-
តើអ្វីខ្លះលេចធ្លោចំពោះអ្នក ?
-
តើអ្នកនឹងសង្ខេបអ្វីដែលយើងរៀនមកពីដំណើររឿងនេះទៅជាសេចក្ដីថ្លែងការណ៍នៃសេចក្ដីពិតមួយយ៉ាងដូចម្ដេច ?
សូមប្រើពាក្យសម្ដីរបស់សិស្សដើម្បីកំណត់សេចក្ដីពិតមួយស្រដៀងនឹងសេចក្ដីពិតដូចតទៅនេះ ៖ ការជ្រើសយកនូវបំណងប្រាថ្នាភ្លាមៗ ឬខាងលោកិយជាជាងពរជ័យដ៏អស់កល្បជានិច្ចរបស់ព្រះអាចនាំឲ្យមានទុក្ខព្រួយ និងភាពសោកស្ដាយ ។
វាអាចមានចម្លើយជាច្រើនចំពោះសំណួរខាងក្រោមនេះ ។ ការលើកទឹកចិត្តសិស្សបីបួននាក់ឲ្យចែកចាយចម្លើយរបស់ពួកគេអាច ជួយសិស្សឲ្យមានអារម្មណ៍ថាមានសុវត្ថិភាពក្នុងការចែកចាយគំនិត និងទស្សនៈផ្សេងៗ ។
-
ហេតុអ្វីពេលខ្លះវាអាចពិបាកក្នុងការដាក់អាទិភាពទៅលើអ្វីដែលមានតម្លៃដ៏នៅអស់កល្បជានិច្ច ?
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖
នៅក្នុងភាពមមាញឹកនៃជីវិតប្រចាំថ្ងៃរបស់យើង និងភាពជ្រួលច្របល់នៃពិភពលោកបច្ចុប្បន្នដែលយើងរស់នៅនេះ យើងអាចត្រូវបានបង្វែរចេញពីអ្វីដែលអស់កល្បជានិច្ចដែលសំខាន់បំផុត ព្រោះតែការផ្គាប់ចិត្តខ្លួនឯង ភាពចម្រុងចម្រើន ការមានប្រជាប្រិយភាព និងការលើកកម្ពស់អាទិភាពចម្បងរបស់យើង ។ ការបណ្ដោយឲ្យខ្លួនយើងជាប់រវល់ជាមួយ« អ្វីៗទាំងឡាយនៃលោកិយនេះ » និង « កិត្តិយសនៃមនុស្សលោក » អាចនាំយើងឲ្យលក់អំណាចមរតកនៃបងច្បងខាងវិញ្ញាណរបស់យើងដូរយកសម្លធម្មតាមួយចានដែលមិនសូវមានតម្លៃទៅវិញ ។…
យើងម្នាក់ៗគួរតែវាយតម្លៃអាទិភាពខាងសាច់ឈាម និងខាងវិញ្ញាណរបស់យើងដោយស្មោះសរ និងដោយការអធិស្ឋានដើម្បីស្គាល់នូវអ្វីៗដែលអាចរារាំងពរជ័យដ៏ច្រើនក្នុងជីវិតយើងដែលព្រះវរបិតាសួគ៌ និងព្រះអង្គសង្រ្គោះមានព្រះឆន្ទៈប្រទានដល់យើង ។ ( « ឱ ! ក្រុងស៊ីយ៉ូនអើយ ចូរពាក់កម្លាំងរបស់ឯង » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៩៤ )
សូមឲ្យសិស្សចែកចាយនូវអ្វីដែលពួកគេចូលចិត្ត ឬបានរៀនពីសេចក្ដីថ្លែងការណ៍របស់អែលឌើរ បែដណា ។ បន្ទាប់មក សូមអញ្ជើញពួកគេឲ្យធ្វើកិច្ចការទាំងបីខាងក្រោមនេះដោយផ្ទាល់ ឬជាក្រុមតូចៗ ៖
-
បង្កើតសាច់រឿងមួយដែលមនុស្សម្នាក់មានវ័យស្រករអ្នកអាចត្រូវបានល្បួងឲ្យ « លក់អំណាចមរតកនៃបងច្បងខាងវិញ្ញាណរបស់យើងដូរយកសម្លធម្មតាមួយចានដែលមិនសូវមានតម្លៃទៅវិញ » ។
-
សូមគិតនូវគំរូមួយអំពីរបៀបដែលព្រះអង្គសង្គ្រោះបានកំណត់អាទិភាពលើព្រះរាជបំណងរបស់ព្រះវរបិតារបស់ទ្រង់ខ្ពស់ជាងបំណងប្រាថ្នាភ្លាមៗ ឬបំណងប្រាថ្នាខាងលោកិយ ។ ( ឧទាហរណ៍ សូមមើល ម៉ាថាយ ៤:២–១០ ឬ លូកា ២២:៤១–៤២ ) ។
-
សូមគិតអំពីគំរូសម័យទំនើបមួយរបស់មនុស្សម្នាក់ដែលដាក់អាទិភាពលើបំណងប្រាថ្នារបស់ព្រះខ្ពស់ជាងបំណងប្រាថ្នាភ្លាមៗ ឬខាងលោកិយ ។
សូមអញ្ជើញសិស្សឲ្យចែកចាយគំនិតរបស់ពួកគេ ។ ពេលសិស្សចែកចាយ អ្នកអាចចង្អុលបង្ហាញថា ការចូលរួមថ្នាក់សិក្ខាសាលានៅថ្ងៃនេះគឺជាគំរូដ៏ល្អមួយនៃការដាក់ព្រះជាទីមួយ ។ អ្នកអាចបង្ហាញវីដេអូ « No Regrets »( ៥:៣៨ ) ពី ChurchofJesusChrist.org ។ យុវជនម្នាក់បានជ្រើសរើសចូលរៀនថ្នាក់សិក្ខាសាលាជាជាងលេងកីឡាជិះក្ដារលើទឹករលក ។ លើកទឹកចិត្តសិស្សឲ្យរកមើលពរជ័យដែលគាត់ទទួលបានដោយសារជម្រើសនេះ ។
-
តើយើងអាចទទួលបានពរជ័យអ្វីខ្លះ នៅពេលនេះ និងនាពេលអនាគត ពេលយើងជ្រើសរើសកិច្ចការរបស់ព្រះជាជាងកិច្ចការរបស់លោកិយ ?
-
តើព្រះអង្គសង្រ្គោះបានដាក់ពរជ័យដ៏នៅអស់កល្បជានិច្ចលើសពីបំណងប្រាថ្នាភ្លាមៗយ៉ាងដូចម្ដេច ?
ដាក់ផែនការ
សូមអញ្ជើញសិស្សឲ្យបំពេញសកម្មភាពខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
សូមសរសេរអាទិភាពសំខាន់ៗទាំងប្រាំរបស់អ្នកតាមលំដាប់លំដោយពីធំមកតូច ។
ពេលអ្នកពិនិត្យមើលបញ្ជីនេះ សូមសង្កេតមើលពីការកែតម្រូវណាមួយដែលព្រះវិញ្ញាណបរិសុទ្ធបានបំផុសគំនិតអ្នក ។
នៅខាងក្រោមបញ្ជីនេះ សូមកត់ត្រាគំនិតផ្សេងទៀតដែលអ្នកមាន បន្ទាប់ពីធ្វើសកម្មភាពនេះ ។ តើអ្នកអាចកំណត់ជំហានបន្ទាប់ដ៏ច្បាស់លាស់មួយសម្រាប់ខ្លួនឯងដើម្បីដាក់អាទិភាពលើកិច្ចការរបស់ព្រះឲ្យច្រើនជាងកិច្ចការនានារបស់លោកិយបានដែរឬទេ ? ប្រសិនបើបាន សូមសរសេរវានៅកន្លែងណាមួយដែលអ្នកនឹងឃើញវាជាទៀងទាត់ ។
ដើម្បីបញ្ចប់ថ្នាក់ អ្នកអាចចែកចាយសក្ខីភាពរបស់អ្នកអំពីពរជ័យដែលអ្នកបានទទួលពេលអ្នកបានឲ្យតម្លៃទៅលើការណ៍ទាំងឡាយនៃព្រះខ្ពស់ជាងកិច្ចការនៃរបស់ផងលោកិយ ។