ថ្នាក់​សិក្ខាសាលា
ម៉ូសេ ៦:១–៣៩ ៖ ការហៅ​របស់​ហេណុក


« ម៉ូសេ ៦:១–៣៩ ៖ ការហៅ​របស់​ហេណុក » សៀវភៅសិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៦ )

« ម៉ូសេ ៦:១–៣៩ ៖ ការហៅ​របស់​ហេណុក » សៀវភៅសិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់សិក្ខាសាលា

លោកុប្បត្តិ ៥; ម៉ូសេ ៦ ៖ មេរៀន​ទី ១៣

ម៉ូសេ ៦:១–៣៩

ការហៅ​របស់​ហេណុក

ហេណុក​អធិប្បាយ​អំពី​ការប្រែ​ចិត្ត

ពេល​ហេណុក​ត្រូវ​បាន​ហៅ​ឲ្យ​ផ្សាយ​ពី​ការប្រែចិត្ត​ដល់​ក្រុម​មនុស្ស​ទុច្ចរិត លោក​មាន​អារម្មណ៍​ថា​មិន​ល្អ​គ្រប់គ្រាន់​នោះ​ទេ ។ ព្រះអម្ចាស់​បាន​ជួយ និង​ពង្រឹង​លោក​ឲ្យ​សម្រេច​នូវ​អ្វី​ដែល​លោក​គិត​ថា លោក​មិន​អាច​ធ្វើ​បាន ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍​ជឿជាក់​លើ​ព្រះអម្ចាស់ និង​ព្រះចេស្ដា​របស់​ទ្រង់ ក្នុង​ការជួយ និង​ពង្រឹង​ពួកគេ ។

ការរៀបចំ​របស់​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​គ្រា​ដែល​មនុស្ស​បានដកពិសោធន៍​នូវ​ព្រះចេស្ដា​របស់​ព្រះអម្ចាស់ នៅពេល​ទ្រង់​បាន​ជួយ​ពួកគេ​យក​ឈ្នះ​លើ​ការលំបាក​នានា ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​រកមើល​ឧទាហរណ៍​នៅក្នុង​ព្រះគម្ពីរ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

អារម្មណ៍​នៃ​ភាព​មិន​ល្អ​គ្រប់គ្រាន់

សូមពិចារណា​បង្ហាញ​នៅលើ​ក្ដារខៀន​នូវ​ប្រយោគ​ដូច​តទៅ​នេះ ៖ ខ្ញុំ​មិន​អាច ។ ខ្ញុំ​មិន​ល្អ​គ្រប់គ្រាន់​ទេ ។ វា​លំបាក​ខ្លាំង​ណាស់ ។

  • តើ​ស្ថានភាព​បែប​ណា​ដែល​ក្មេង​វ័យ​ជំទង់​អាច​ជួប​ប្រទះ​នឹង​អារម្មណ៍​ទាំងនេះ ?

អ្នក​អាច​បង្កើត​បញ្ជី​មួយ​អំពី​ស្ថានភាព​ដែល​សិស្ស​ចែកចាយ​នៅលើ​ក្ដាខៀន ។

សូម​គិត​អំពី​ស្ថានភាព​មួយ​ក្នុង​ជីវិត​របស់​អ្នក ដែល​អាច​បណ្តាល​ឲ្យ​អ្នក​មាន​អារម្មណ៍​មិន​ល្អ​គ្រប់គ្រាន់ ឬ​ចាញ់ច្រាប ។ សូម​ចំណាយ​ពេល​បន្តិច ហើយ​ពិចារណា​សំណួរ​នេះ ៖

  • តើ​អ្នក​មាន​ទំនុក​ចិត្ត​ប៉ុនណា​ដែល​ថា​ព្រះអម្ចាស់​នឹង​ជួយ​អ្នក​ក្នុង​ស្ថានភាព​នេះ ?

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​គិត​អំពី​ស្ថានភាព​របស់​ពួកគេ​ផ្ទាល់ នៅពេល​ពួកគេ​សិក្សា​អំពី​ការហៅ​របស់​ហេណុក ឲ្យ​ធ្វើ​ជា​ព្យាការី ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​បង្កើន​ទំនុកចិត្ត​របស់​ពួកគេ​លើ​សមត្ថភាព​របស់​ព្រះអម្ចាស់​ក្នុង​ការជួយ និង​ពង្រឹង​ពួកគេ ។

ហេណុក​ទទួល​បទពិសោធន៍​នូវ​ព្រះចេស្ដា​របស់​ព្រះអម្ចាស់

ប៉ុន្មាន​ជំនាន់​ក្រោយ​បន្ទាប់ពី​លោក​អ័ដាម កូនចៅ​ជំនាន់​ក្រោយ​របស់​លោក​ម្នាក់​ដែល​មានឈ្មោះ​ថា​ហេណុក បាន​រស់នៅ​ក្នុង​ចំណោម​មនុស្ស​ទុច្ចរិត និង​មាន​ចិត្ត​រឹងរូស ។ សូម​អាន ម៉ូសេ ៦:២៦–២៨ ដោយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​ហៅ​ហេណុក ឲ្យ​ធ្វើ ។

  • ប្រសិន​បើ​អ្នក​ជា​ហេណុក​វិញ តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា ? ហេតុអ្វី ?

រូបតំណាង​សំណៅ​មេរៀន ដើម្បី​ជួយ​សិស្ស​សិក្សា​អំពី​បទពិសោធន៍​របស់​ហេណុក​ជាមួយ​នឹង​ព្រះអម្ចាស់ សូម​ពិចារណា​ប្រើ​សំណៅ​មេរៀន​ដែល​មាន​ចំណងជើង​ថា « ហេណុក​ទទួល​បទពិសោធន៍​នូវ​ព្រះចេស្ដា​របស់​ព្រះអម្ចាស់ » ។ សិស្ស​អាច​ស្វែងយល់​អំពី​សំណៅ​មេរៀន​នោះ​ជាមួយ​ដៃគូ​បាន ។ ដើម្បី​បាន​គំនិត​ចម្រុះ ពួកគេ​អាច​ប្តូរ​ដៃគូ​បាន បន្ទាប់ពី​សកម្មភាព​សិក្សា​នីមួយៗ ។ អ្នក​ក៏​អាច​ប្រើ​គំនិត​នៅ​លើ​សំណៅ​មេរៀន​នេះ ដើម្បី​ជួយ​សិស្ស​សិក្សា​រួមគ្នា​ជា​ថ្នាក់​ទាំងមូល​អំពី​បទពិសោធន៍​របស់​ហេណុក ។

រូបតំណាង​ការបំពាក់បំប៉ន សិស្ស​មួយ​ចំនួន​នឹង​ជួប​ការលំបាក​ក្នុង​ការដឹង​ពី​របៀប​ចាប់ផ្តើម​ការសន្ទនា​ដែល​ផ្តោត​លើ​ដំណឹងល្អ ។ សំណួរ​ពិភាក្សា​មួយ​ចំនួន​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅក្នុង​សំណៅ​មេរៀន​នោះ ។ ការផ្តល់​សំណួរ​ពិភាក្សា​ដូចនេះ​អាច​ជួយ​សិស្ស​ឲ្យ​អនុវត្ត​ការចែក​ចាយ​គំនិត និង​អារម្មណ៍​របស់​ពួកគេ​អំពី​អ្វី​ដែល​ពួកគេ​សិក្សា​នៅក្នុង​ព្រះគម្ពីរ ឬ​ប្រសាសន៍​របស់​ព្យាការី ។ ( សម្រាប់​ការបំពាក់​បំប៉ន​បន្ថែម​លើ​ការពិភាក្សា​នេះ សូម​មើល « លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ចែកចាយ​សេចក្តីពិត​ដែល​ពួកគេ​កំពុង​រៀន » នៅក្នុង​ផ្នែក ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន ) ។

សំណៅ​មេរៀន​ទី ១

សូម​ផ្តល់​ពេលវេលា​ដល់​សិស្ស​ដើម្បី​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​ការសិក្សា និង​ការពិភាក្សា​របស់​ពួកគេ រួមទាំង​សេចក្ដីពិត​ដែល​ពួកគេ​បាន​រកឃើញ​នៅក្នុង​សកម្មភាព​សិក្សា​ទី ៤ ។ ដោយ​ប្រើ​ពាក្យពេចន៍​ផ្ទាល់​ខ្លួន​របស់​ពួកគេ សិស្ស​អាច​រកឃើញ​សេចក្ដីពិត​មួយ​ស្រដៀង​នឹង​សេចក្ដីពិត​ដូច​តទៅ​នេះ ៖ ប្រសិនបើ​យើង​ធ្វើ​តាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់​ដោយ​ស្មោះត្រង់ នោះ​ទ្រង់​នឹង​ប្រទាន​ជំនួយ និង​កម្លាំង​ដល់​យើង ។

ជំនួយ និង​កម្លាំង​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​អ្នក

ដើម្បី​ជួយ​សិស្ស​យល់​ពី​គោលការណ៍​ខាងលើ អ្នក​អាច​បង្ហាញ​ឧទាហរណ៍​ពី​បទគម្ពីរ ឬ​ឧទាហរណ៍​សម័យ​ទំនើប​មួយ​ចំនួន​បាន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន ( ឬ​មើល ) ឧទាហរណ៍​នោះ ហើយ​រៀបចំ​ខ្លួន​ដើម្បី​ចែកចាយ​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ជួយ និង​ពង្រឹង​មនុស្ស​នៅក្នុង​ឧទាហរណ៍​នោះ ។ ឧទាហរណ៍​អាច​រួម​មាន នីហ្វៃ​ និង​គ្រួសារ​លោក​នៅ​ទីរហោស្ថាន ( សូមមើល នីហ្វៃទី១ ៥:៧–៨; ៧:១៦–១៨; ១៧:១–៣; ១៨:១–៤ ) អាលម៉ា និង​ប្រជាជន​របស់​លោក​នៅក្នុង​សេវកភាព ( សូម​មើល ម៉ូសាយ ២៤:១០–២២ ) ឬ​ព្យាការី យ៉ូសែប ស្ម៊ីធ នៅ​ក្នុង​គុក​លិបើទី ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២១:១–១០; ១២២:៧–៩ ) ។ អ្នក​ក៏​អាច​ពិចារណា​បង្ហាញ​ឧទាហរណ៍​ដែល​ប្រធាន រ័សុល អិម ណិលសុន បាន​ចែកចាយ​អំពី​ជីវិត​របស់​លោក​នៅក្នុង​វីដេអូ « Becoming True Millennials » ( នាទី​ទី ៩:០៥ ដល់​ ១២:២៩ ) ។ វីដេអូ​នេះ​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

30:35
  • តើ​អ្នក​បាន​ឃើញ ឬ​ទទួល​បទពិសោធន៍​ពី​ព្រះចេស្ដា​របស់​ព្រះអម្ចាស់​ក្នុងការ​ផ្តល់​ជំនួយ និង​កម្លាំង​ក្នុង​ជីវិត​អ្នក​យ៉ាង​ដូចម្ដេច ?

សូម​ពិចារណា​ចែកចាយ​បទពិសោធន៍​ជាមួយ​នឹង​ព្រះចេស្ដា​របស់​ព្រះអម្ចាស់​របស់​អ្នក​ផ្ទាល់ ។

សូម​គិត​ពិចារណា​ពី​អ្វី​ដែល​អ្នក​បាន​រៀន

សូម​ផ្តល់​ពេល​ឲ្យ​សិស្ស​គិត​ពិចារណា​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន និង​ទទួល​អារម្មណ៍​នៅ​ថ្ងៃ​នេះ​ពី​ព្រះគម្ពីរ ពី​គ្នា​ទៅវិញ​ទៅមក និង​ពី​ព្រះវិញ្ញាណ ។ របៀប​មួយ​ដែល​អ្នក​អាច​ធ្វើ​បែប​នេះ គឺ​បង្ហាញ​សំណួរ​ខាងក្រោម ហើយ​ផ្តល់​ពេល​ឲ្យ​សិស្ស​កត់ត្រា​ចម្លើយ​របស់​ពួកគេ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

  • តើ​ខ្ញុំ​បាន​រៀន ឬ​ទទួល​អារម្មណ៍​អ្វី​ខ្លះ​នៅ​ថ្ងៃ​នេះ​អំពី​ព្រះអម្ចាស់ ដែល​អាច​ជួយ​ខ្ញុំ​នៅពេល​ខ្ញុំ​មាន​អារម្មណ៍​ថា​មិន​ល្អ​គ្រប់គ្រាន់ បាក់​ទឹកចិត្ត ឬ​មិន​រឹងមាំ​គ្រប់គ្រាន់​នោះ ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ពីរបី​នាក់​ដែល​ស្ម័គ្រចិត្ត​ឲ្យ​មក​ចែកចាយ​អំពី​អ្វី​ដែល​ពួកគេ​បាន​សរសេរ​ជាមួយ​នឹង​ថ្នាក់​ទាំងមូល ។ សូម​ថ្លែង​ទីបន្ទាល់​អំពី​ព្រះអង្គសង្គ្រោះ និង​ព្រះចេស្ដា​របស់​ទ្រង់​ក្នុងការ​ផ្តល់​កម្លាំង និង​ជំនួយ​ដល់​យើង ។