ថ្នាក់​សិក្ខាសាលា
រ៉ូម ៨:១៨–៣៩ 


រ៉ូម ៨:១៨–៣៩

« សេចក្ដី​ស្រឡាញ់​របស់​ព្រះ ដែល​នៅ​ក្នុង​ព្រះ​គ្រីស្ទ » 

រូបភាព
ស្រ្តី​ម្នាក់​កំពុង​អង្គុយ​ម្នាក់​ឯង

តើ​អ្នក​ធ្លាប់បាន​ល្បួង​ឲ្យ​ឆ្ងល់​ថា តើ​ព្រះ​យក​ព្រះទ័យ​ទុក​ដាក់​ចំពោះ​អ្នក​ក្នុង​អំឡុង​ស្ថានភាព​តានតឹង ស្ថានភាព​អយុត្តិធម៌ ឬ​ស្ថានភាព​ពិបាកដែរ​ឬ​ទេ ? សំបុត្រ​របស់​ប៉ុល​ទៅកាន់​ពួក​បរិសុទ្ធ​នៅ​រ៉ូម ដែល​ខ្លះ​ត្រូវ​រង​ការ​សាកល្បង​ដ៏​គួរ​ឲ្យ​រន្ធត់ រួម​មាន​សារលិខិត​លួងលោម​សម្រាប់​នរណា​ម្នាក់​ដែល​រងទុក្ខ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍ថា​មាន​ក្តីសង្ឃឹម និង​ការលួងលោម​តាមរយៈ​សេចក្តី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​អ្នក​ប្រឈមមុខ​នឹង​ការសាកល្បង និង​ភាពមិន​ច្បាស់លាស់ ។ 

តើ​អ្នក​នឹង​ចេញ​វេជ្ជបញ្ជា​អ្វីខ្លះ ?

សូម​គិត​អំពី​អ្វី​ដែល​វេជ្ជបណ្ឌិត​អាច​ណែនាំ​ដើម្បី​ជួយ ពី​លក្ខខណ្ឌ​ដូច​ខាងក្រោម ៖

  • ជំងឺ​ក្រពះ

  • បាក់​ម្រាមជើង

  • ជំងឺ​ឈឺក្បាល​ប្រកាំង

  • ជំងឺ​ផ្ដាសាយ

សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

  • តើ​ដំបូន្មាន​ជាក់លាក់​ណាមួយ​អាច​ផ្តល់​ឲ្យ​សម្រាប់​ស្ថានភាព​ជំងឺ​នីមួយៗ ?

  • តើ​ដំបូន្មាន​ទូទៅ​អ្វី​ខ្លះ​ដែល​អាច​ជួយ​ព្យាបាល​គ្រប់​ស្ថានភាព​ជំងឺ​ទាំងនោះ ?

ជាការពិតណាស់ មិនមែន​គ្រប់​ការសាកល្បង​ទាំងអស់​សុទ្ធតែ​មាន​លក្ខណៈ​ខាង​រូបរាងកាយ​នោះ​ទេ ។ មនុស្ស​ជា​ច្រើន​បាន​រង​ទុក្ខ​ដោយ​បញ្ហា​ប្រឈម​ខាង​ផ្លូវ​ចិត្ត អារម្មណ៍ និង​ខាង​វិញ្ញាណ ។ ព្រះអង្គ​សង្គ្រោះ​របស់យើង​ញាណដឹង​ពី​របៀបជួយ និង​ពង្រឹង​យើង​ម្នាក់ៗ ទោះបី​ជា​យើង​កំពុងជួបបញ្ហា​អ្វីក៏ដោយ ។ ខណៈ​ពេល​ដែល​ការ​សាកល្បង​របស់​មនុស្ស​ម្នាក់ៗ​មាន​លក្ខណៈ​ពិសេស ព្រះ​បាន​បង្រៀន​យើង​អំពី​សេចក្ដី​ពិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ដែល​អាច​ជួយ និង​សម្រាល​ទុក្ខ​យើង​ក្នុង​ស្ថានភាព​លំបាក​ណា​មួយ ។ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក សូម​ធ្វើ​បញ្ជីខ្លីៗ​នៃ​ការសាកល្បង​ដែលអ្នក ឬ​មនុស្ស​ជាទីស្រឡាញ់​របស់​អ្នក​ត្រូវការ​ជំនួយ ។

  • តើ​អ្នក​ដឹង​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និង​ផែនការ​នៃ​សេចក្តីសង្គ្រោះ ដែល​ជួយ​អ្នក​ឲ្យ​ឆ្លង​កាត់​ការសាកល្បង​ទាំងនេះ ? តើ​ចំណេះ​ដឹង​នោះ​បាន​ជួយ​អ្នក​យ៉ាង​ដូចម្ដេច ?

ខណៈពេល​ដែល​ទីបន្ទាល់​របស់​អ្នក​មិន​កាត់​បន្ថយ​ការពិត ការឈឺចាប់ ឬ​ការលំបាក​នៃ​ការសាកល្បង​ដែល​អ្នក និង​មនុស្ស​ជាទីស្រឡាញ់​របស់​អ្នក​ជួបប្រទះ​នោះ តែ​វា​អាច​ផ្តល់​នូវ​ក្តីសង្ឃឹម ការលួងលោម និង​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយក្នុង​អំឡុង​ពេលនៃ​ការសាកល្បង​ទាំងនោះ​បាន ។

រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​បន្ទាប់​ពី​ប៉ុល​បាន​ផ្ញើ​សំបុត្រ​របស់​លោក​ទៅកាន់​ពួក​រ៉ូម នោះ​ពួកបរិសុទ្ធ​នៅ​រ៉ូម​បាន​រងទុក្ខ​នឹង​ការ​បៀតបៀននានា​ដ៏​គួរ​ឲ្យ​រន្ធត់ ។ សូមអាន រ៉ូម ៨:១៨, ២៤–២៥, ២៨, ៣១–៣៩ ហើយ​គូស​ចំណាំ​ឃ្លា​នីមួយៗ​ដែល​អ្នក​ជឿ​ថា​អាច​ជួយ ឬ​លួងលោម​នរណា​ម្នាក់​បាន មិន​ថា​ពួកគេ​មាន​ទុក្ខលំបាក​អ្វី​ឡើយ ។

១. សូម​បំពេញ​ឃ្លា​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • សូម​កត់ត្រា​ឃ្លា​មួយ​ចេញពី​ខគម្ពីរ​ទាំងនេះ ដែល​ធ្វើ​ឲ្យ​អ្នក​ចាប់​អារម្មណ៍ ។ ហេតុអ្វី​អ្នក​ជ្រើសរើស​ឃ្លា​នោះ ?

  • សូម​កត់ត្រា​ពី​របៀបដែល​ការដឹង​ពី​សេចក្ដីពិត​ដែល​បានបង្រៀន​នៅក្នុង​ឃ្លា​នោះ​អាច​ជួយអ្នក និង​មនុស្ស​ជាទីស្រឡាញ់​របស់អ្នក​ដែល​មាន​ទុក្ខលំបាក​ណាមួយ​របស់​ពួកគេ ។

  • សូម​ពិចារណា​ទន្ទេញ​ឃ្លាដែល​អ្នក​បាន​ជ្រើសរើស ។ អ្នក​ក៏​អាច​បង្កើត​ការជូនដំណឹង​ប្រចាំថ្ងៃ​អំពី​ឃ្លានេះ​នៅលើ​ឧបករណ៍​អេឡិចត្រូនិច ឬ​សរសេរ​វាទុក ហើយ​ដាក់​វា​នៅ​កន្លែង​ដែល​អ្នក​នឹង​ឃើញ​វាជា​រៀងរាល់​ថ្ងៃ​សម្រាប់​រយៈពេល​ជាច្រើន​ថ្ងៃបន្ទាប់​ផងដែរ ។

សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ

ឃ្លា​មួយ​ដែល​អ្នក​អាច​នឹង​គូស​ចំណាំ​ក្នុង​ខគម្ពីរ​ទាំងនេះ​បង្រៀន​ពី​សេចក្ដីពិត​ថា « [ គ្មាន​អ្វី​អាច ] នឹង​ពង្រាត់​យើង ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ » បានឡើយរ៉ូម ៨:៣៩ ) ។

ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ចង់​ឲ្យ​អ្នក​ដឹង​ថា​ទ្រង់​ទាំងទ្វេ​ស្រឡាញ់អ្នក ។ ទ្រង់​ទាំងទ្វេ​បង្ហាញ​សេចក្ដី​ស្រឡាញ់​នោះ​តាមរយៈ​សកម្មភាព និង​ព្រះបន្ទូល ។

  • យោង​តាម រ៉ូម ៨:៣២ តើ​ព្រះវរបិតាសួគ៌​បាន​ធ្វើ​អ្វីខ្លះ ដើម្បី​បង្ហាញ​ថា​ទ្រង់​ស្រឡាញ់​អ្នក ?

សូម​អាន​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​ដែល​មាន​នៅក្នុង យ៉ូហាន ៣:១៦ ហើយ​កត់ចំណាំ​ពីអ្វី​ដែល​ព្រះអង្គសង្គ្រោះ​បានបង្រៀន​អំពី​ហេតុផល​របស់​ព្រះវរបិតាសួគ៌​ក្នុងការ​បញ្ជូន​ព្រះរាជបុត្រា​ទ្រង់​មកផែនដី ។ អ្នក​អាច​នឹង​ចង់​ភ្ជាប់​សេចក្តីយោង​ឆ្លង ឬ​ភ្ជាប់​វគ្គ​បទគម្ពីរ​នេះ​ទៅ​ រ៉ូម ៨:៣២ ។

ព្រះទ័យ​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការ​ធួន​សម្រាប់​អំពើ​បាប​របស់​យើង​ក៏​ជា​ភស្ដុតាង​នៃ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង​ដែរ ( សូម​មើល រ៉ូម ៨:៣៤–៣៥; គោលលទ្ធិ និង សេចក្តីសញ្ញា ៣៤:១–៣ ) ។

  • តើ​ពេល​ណា​ដែល​អ្នក​ទទួល​អារម្មណ៍​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ​ក្នុង​ជីវិត​របស់​អ្នក ? តើ​សេចក្ដី​ស្រឡាញ់​របស់ពួកទ្រង់​បាន​ជួយ​អ្នក​ឲ្យ​ឆ្លង​កាត់​ទុក្ខ​វេទនា​តាម​របៀប​ណា ?

នៅក្នុង​សៀវភៅ​កំណត់​ហេតុការសិក្សា​របស់អ្នក សូម​កត់ត្រា​នូវ​អ្វី​ដែល​អ្នក​បានរៀន​នៅ​ថ្ងៃនេះ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​អ្នក​ចង់​ចង​ចាំ ។ អ្នក​ក៏​អាច​ពិចារណា​សរសេរ​សារខ្លីៗ ហើយ​ផ្តល់​ឲ្យ​សមាជិក​គ្រួសារ ឬ​មិត្តភក្តិ ដែល​អាច​ទទួលបាន​អត្ថប្រយោជន៍​ពី​អ្វី​ដែល​អ្នក​បានរៀន ឬ​បាន​ទទួល​អារម្មណ៍​នៅ​ថ្ងៃ​នេះ​ផងដែរ ។

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

តើ​វា​មាន​ន័យ​យ៉ាង​ណា​ដែល​ថា​ការ​រងទុក្ខ​ដែល​យើង​ឆ្លងកាត់​លើ​ផែនដីនេះជា « សេចក្តី​មិន​គួរ​ប្រៀបផ្ទឹម​នឹង​សិរីល្អ ដែល​នឹង​បើក​សម្ដែង​មក​ឲ្យ​យើង​រាល់​គ្នា​ឃើញ​នោះ​ទេ » ? ( រ៉ូម ៨:១៨ )

ស៊ីស្ទើរ លីនដា អេស រីវស៍ ជា​អតីត​ទីប្រឹក្សា​នៃ​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូ​ទៅ បាន​បង្រៀន ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្ដាល​ខ្លួន​របស់​លីនដា អេស រីវស៍ ដែល​បាន​គាំទ្រ​នៅ​ឯ​សន្និសីទ​ទូទៅ​ខែ មេសា ឆ្នាំ ២០១២ ជា​ទីប្រឹក្សា​ទីពីរ​នៅក្នុង​គណៈប្រធាន​សមាគម​សង្រ្គោះ​ទូទៅ នា​ខែ តុលា ឆ្នាំ ២០១២ ។ បាន​ដោះលែង​នៅក្នុង​សន្និសីទ​ទូទៅ​ខែ មេសា ឆ្នាំ ២០១៧ ។

ខ្ញុំ​មិនដឹង​ថា ហេតុអ្វី​យើង​មាន​ការ​សាក​ល្បង​ច្រើន​ដូច្នេះ​ទេ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ផ្ទាល់ខ្លួន​ថា រង្វាន់​មាន​សន្ធឹក​ណាស់ វា​នៅ​អស់កល្ប និង​ជា​និរន្ដរ៍ ពេញ​ដោយអំណរ ហើយ​ហួស​ពី​ការ​យល់ដឹង​របស់​យើង​នៅ​ក្នុង​ថ្ងៃ​នៃ​ការ​ទទួល​រង្វាន់​នោះ យើង​អាច​មាន​អារម្មណ៍​ចង់​ទូល​ទៅ​ព្រះវបិតា​ជាទី​ស្រឡាញ់ ប្រកប​ដោយ​ព្រះគុណ និង​ក្ដី​សប្បុរស​របស់​យើង​ថា « ត្រូវ​ធ្វើ តែ ប៉ុណ្ណឹង​ឬ ? » ខ្ញុំ​ជឿ​ថា ប្រសិន​បើ​យើង​ចងចាំ ហើយ​ទទួលស្គាល់​ជម្រៅ​នៃ​ក្ដី​ស្រឡាញ់​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះអង្គ​សង្គ្រោះ​របស់​យើង​មាន​ចំពោះ​យើង​ប្រចាំថ្ងៃ នោះ​យើង​នឹង​មាន​ឆន្ទៈ​ធ្វើ​អ្វីៗគ្រប់យ៉ាង ដើម្បី​ត្រឡប់​ទៅ​ទី​វត្តមាន​ទ្រង់​វិញ​ម្ដង​ទៀត ដែល​មាន​ពេញ​ដោយ​ក្ដីស្រឡាញ់​ដ៏​នៅអស់កល្ប​ជានិច្ច​របស់​ពួកទ្រង់ ។ តើ​អ្វី​ដែល​យើង​បាន​រងទុក្ខ​នៅ​ទី​នេះ​នឹង​សំខាន់យ៉ាងណា …​បើ​នៅ​ទី​បំផុត ការសាកល្បង​ទាំងនោះ​គឺ​ជា​រឿង​ដែល​ធ្វើ​ឲ្យ​យើង​ស័ក្ដិសម​ចំពោះ​ជីវិត​អស់កល្បជានិច្ច និង​ភាព​តម្កើង​ឡើង​នៅ​ក្នុង​នគរ​នៃ​ព្រះ​ជាមួយព្រះវរបិតា និង​ព្រះអង្គសង្គ្រោះ​របស់​យើងនោះ ?

( លីនដា អេស រីវស៍ន « Worthy of Our Promised Blessings » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១១ )

តើ​ការសាកល្បង​របស់​យើងអាច « ផ្សំគ្នា​សម្រាប់​ជា​សេចក្ដី​ល្អ​ដល់ [ យើង ] » យ៉ាងដូចម្តេច ? ( រ៉ូម ៨:២៨ )

អែលឌើរ ជេមស៍ ប៊ី ម៉ាទីណូ បាន​ថ្លែង ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្ដាល​ខ្លួន​របស់ អែលឌើរ ចេមស៍ ប៊ី ម៉ាទីណូ ។ បាន​ថត​នៅ​ខែ មីនា ឆ្នាំ ២០១៧ ។

ព្រះវរបិតាសួគ៌​យើង ដែល​ស្រឡាញ់យើង​អស់​ពី​ព្រះទ័យ និង​ឥតខ្ចោះ បាន​អនុញ្ញាត​ឲ្យ​យើងមាន​បទពិសោធន៍​ដែល​នឹង​នាំឲ្យ​យើង​អភិវឌ្ឍ​លក្ខណៈ និង​គុណលក្ខណៈ​ដែល​យើង​ត្រូវការ​ដើម្បី​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះគ្រីស្ទ ។ ការសាកល្បង​របស់យើង​កើតឡើង​តាម​ទម្រង់​ជាច្រើន ប៉ុន្តែ​វា​នឹង​អនុញ្ញាត​ឲ្យ​យើង​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះអង្គសង្គ្រោះ ពេល​យើង​រៀន​ស្គាល់​ពី​សេចក្ដីល្អ​ដែល​កើតចេញ​ពី​បទពិសោធន៍​នីមួយៗ ។ ពេល​យើង​យល់ដឹង​ពី​គោលលទ្ធិ​នេះ នោះ​យើង​ទទួល​បាន​ការបញ្ជាក់​ដ៏​ធំធេង​ពី​សេចក្ដីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​នៃ​យើង ។ យើង​មិន​អាច​ដឹង​នៅក្នុង​ជីវិត​នេះ​ថា តើ​ហេតុអ្វី​បានជា​យើង​ជួបប្រទះ​នូវ​រឿង​ទាំងនោះ​ឡើយ ប៉ុន្តែ​យើង​អាច​មាន​អារម្មណ៍​ជឿជាក់​ថា យើង​អាច​ទទួល​បានការរីកចម្រើន​ចេញពី​បទពិសោធន៍នោះ​បាន ។

( ជេមស៍ ប៊ី ម៉ាទីណូ « All Things Work Together for Good » Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ១០១ )

តើ​វា​មាន​ន័យ​យ៉ាង​ណា​ដែល​ថា​គ្មាន​អ្វី​អាច « ពង្រាត់​យើង​ចេញពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ » បាន​ឡើយ ? ( រ៉ូម ៨:៣៩ )

ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–ឆ្នាំ ២០១៨ ) បានថ្លែង ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​ប្រធាន ថូម៉ាស់ អេស ម៉នសុន ឆ្នាំ ២០០៨ ។

ព្រះវរបិតាសួគ៌​របស់​អ្នក​ស្រឡាញ់​អ្នក—គឺ​អ្នក​គ្រប់​គ្នា ។ ក្ដីស្រឡាញ់នោះ​មិន​ផ្លាស់ប្ដូរ​ឡើយ ។ វា​ពុំមែន​មាន​ឥទ្ធិពលតាម​រូបរាង ទ្រព្យសម្បត្តិ ឬ​ប្រាក់ដែល​អ្នកមាន​ក្នុង​គណនីធនាគារ​អ្នកឡើយ ។ វា​មិន​ផ្លាស់ប្ដូរ​តាម​ទេពកោសល្យ និង​សមត្ថភាព​អ្នកឡើយ ។ វា​កើត​មាន​យ៉ាង​សាមញ្ញ ។ វាកើត​មាន​សម្រាប់អ្នក ពេល​អ្នក​សោកសៅ ឬ​រីករាយ បាក់ទឹកចិត្ត ឬ​មាន​សង្ឃឹម ។ ក្ដី​ស្រឡាញ់​របស់ព្រះ​មាន​ចំពោះ​អ្នក មិនថាអ្នកដឹង​ថា​អ្នក​គួរ​ទទួល​បាន​ក្ដីស្រឡាញ់ ឬ​ក៏​អត់​នោះ​ទេ ។ វា​តែង​មាន​ជានិច្ច ។

( ថូម៉ាស អេស ម៉នសុន « We Never Walk Alone » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ១២៣–២៤ )

ដោយ​សារ​ព្រះ​ពេញ​ដោយ​សេចក្ដី​ស្រឡាញ់​ជា​ខ្លាំង តើ​ទ្រង់​នឹង​សង្គ្រោះ​​មនុស្ស​គ្រប់គ្នា​ដោយ​មិន​គិត​ពី​ជម្រើស​របស់​ពួក​គេ​ដែរ​ឬ​ទេ ?

អែលឌើ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះដូច​ខាង​ក្រោម​នេះ ៖

រូបភាព
រូបថត​ពាក់​កណ្ដាល​ខ្លួន​របស់​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ។ បាន​ថត​នៅ​ខែ មីនា ឆ្នាំ ២០២០ ។

សេចក្ដី​ស្រឡាញ់​របស់ [ ព្រះ ] បាន​ពិពណ៌នា​នៅក្នុង​ព្រះគម្ពីរ​ថា​ជា « សេចក្ដី​ស្រឡាញ់​ដ៏​ធំ និង​អស្ចារ្យ​ » « សេចក្ដី​ស្រឡាញ់​ដ៏​ឥត​ខ្ចោះ » « សេចក្ដី​ស្រឡាញ់​ដ៏​ប្រោសលោះ » និង «​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិតស្ថេរ​នៅ​អស់កល្ប » ។ ទាំង​នេះ​គឺជា​ពាក្យ​ដែល​ល្អ​ប្រសើរ​ជាង ពីព្រោះ​ពាក្យ ឥត​លក្ខខណ្ឌ អាច​បង្វែរ​ចំណាប់​អារម្មណ៍​អំពី​សេចក្ដីស្រឡាញ់​នៃ​ព្រះ​ដោយ​ខុសឆ្គង ដូចជា​ព្រះ​អត់ធ្មត់ ហើយ​លើក​លែង​ឲ្យ​អ្វីៗ​ដែល​យើង​ធ្វើ ដោយសារ​តែ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​គឺ​ឥត​លក្ខខណ្ឌ ឬ​ព្រះ​ពុំ​តម្រូវ​អ្វី​ពី​យើង​ទេ ដោយសារ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​គឺ​ឥត​លក្ខខណ្ឌ ឬ​មនុស្ស ទាំងអស់ ត្រូវ​បាន​សង្គ្រោះ​នៅក្នុង​នគរស្ថានសួគ៌​នៃ​ព្រះ ដោយសារ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​គឺ​ឥត​លក្ខខណ្ឌ ។ សេចក្ដីស្រឡាញ់​របស់​ព្រះ​គឺ​ឥត​ព្រំដែន ហើយ​នឹង​មាន​ជា​រៀង​រហូត ប៉ុន្តែ​វា​មាន​ន័យ​បែប​ណា​ចំពោះ​យើងម្នាក់ៗ​នោះ​គឺ​អាស្រ័យ​លើ​របៀប​ដែល​យើង​ឆ្លើយតប​ចំពោះ​សេចក្តីស្រឡាញ់​របស់​ទ្រង់ប៉ុណ្ណោះ ។

( ឌី ថត គ្រីស្តូហ្វឺសិន « Abide in My Love » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៤៨ )