ថ្នាក់​សិក្ខាសាលា
រ៉ូម ៨:១–១៧


រ៉ូម ៨:១–១៧

« អ្នកគ្រង​មរតក​នៃ​ព្រះ​ជាមួយ​នឹង​ព្រះគ្រីស្ទ » 

រូបភាព
បុរស​និយាយ​ភាសា​អេស្ប៉ាញ​ម្នាក់​ឱប​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ ។ ព្រះគ្រីស្ទ​គ្រង​ព្រះពស្ត្រ​ពណ៌​ស ។

នៅ​គ្រា​ដែល​សមាជិក​សាសនាចក្រ​នៅ​រ៉ូម​ខ្វះ​សាមគ្គីភាព​គ្នា ហើយ​បាន​បែងចែក​បក្សពួក​លើ​បញ្ហា​សំខាន់ៗ​មួយ​ចំនួន នោះ​ប៉ុល​បាន​សរសេរ​ទៅ​ពួកគេ​អំពី​របៀប​ដែល​ពួកគេ​អាច​ធ្វើ​តាម​ព្រះវិញ្ញាណ ដើម្បី​ទទួលបាន​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​យកឈ្នះ​លើ​ធម្មជាតិ​ដែល​ធ្លាក់​របស់​ពួកគេ​បាន ។ ប៉ុល​បាន​សន្យា​ថា ប្រសិនបើ​ពួកគេ​ធ្វើ​ដូច្នេះ នោះ​ពួកគេ​នឹងទៅ​ជា​អ្នកគ្រង​មរតក​នៃ​ព្រះ​ជាមួយ​នឹង​ព្រះគ្រីស្ទ​នូវ​អ្វីៗ​ទាំងអស់​ដែល​ព្រះវរបិតាសួគ៌​មាន ។ នៅពេល​អ្នក​សិក្សា សូម​ព្យាយាម​បង្កើន​បំណង​ដើម្បី​ធ្វើតាម​ព្រះវិញ្ញាណ ហើយ​ទទួល​បាន​អ្វីៗ​ទាំងអស់​ដែល​ព្រះវរបិតាសួគ៌​មាន ។

តើ​អ្នក​ចង់​បាន​មរតក​អ្វី​ខ្លះ ?

  • បើ​អ្នក​អាច​ជ្រើស​រើស​នរណា​ម្នាក់​ដើម្បី​ទទួល​មរតក​អ្វី​មួយ តើ​អ្នក​នឹង​ជ្រើស​រើស​នរណា ? ហេតុអ្វី ?

  • តើ​អ្នក​នឹង​ចង់​បាន​មរតក​អ្វី​ខ្លះ​ពី​បុគ្គល​រូប​នេះ ?

សាវក​ប៉ុល​បាន​សរសេរ​ទៅ​ពួកបរិសុទ្ធ​នៅ​រ៉ូម​អំពី​មរតក​ដែល​ព្រះវរបិតាសួគ៌​ប្រទាន​ដល់​បុត្រាបុត្រី​របស់​ទ្រង់​ម្នាក់ៗ ។ សូមអាន រ៉ូម ៨:១៦–១៧, ៣២ ហើយ​គូស​ចំណាំ​អ្វី​ដែល​ព្រះវរបិតាសួគ៌​ប្រទាន​ដល់​យើង ។ វា​ប្រហែល​ជា​មាន​ប្រយោជន៍​ក្នុង​ការ​ដឹង​ថា អ្នកគ្រង​មរតក​គឺជា « ជន​ដែល​ត្រូវ​បាន​គ្រង​អំណោយ​ទាន​ខាង​សាច់ឈាម ឬ​ខាង​វិញ្ញាណ​ទុកជា​មរតក » ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « អ្នក​គ្រង​មរតក » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។

  • តើ​ពាក្យ ឬ ឃ្លា​អ្វីខ្លះ​ដែល​អ្នក​បាន​គូស​ចំណាំ ?

  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាង​ណា​ដែលក្លាយជា​អ្នកគ្រង​មរតក​នៃ​ព្រះ​ជាមួយ​នឹង​ព្រះគ្រីស្ទ ?

សេចក្តីពិត​មួយ​នៃ​ខគម្ពីរ​ទាំងនេះ​ជួយ​យើង​ឲ្យ​យល់​ថា ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​ចង់​ប្រទានពរ​ដល់​យើង​នូវ​អ្វី​ៗទាំងអស់​ដែល​ទ្រង់​មាន ( សូម​មើល​ផងដែរ គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៥៥; ៨៤:៣៨ ) ។

ដោយ​យោង​ទៅ​លើ​មរតក​ដែល​ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ប្រទាន​ដល់​យើង ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែល​កាល​នោះ​នៅក្នុង​គណៈប្រធាន​ទីមួយ​បាន​បង្រៀន ៖

រូបភាព
រូប​ថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ឆ្នាំ ២០០៦ ។ ត្រូវបាន​ហៅ​បម្រើ​ជា​ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​ទីមួយ នៅ​ថ្ងៃ​ទី ៣ ខែ កុម្ភៈ ឆ្នាំ ២០០៨ ។ រូបថត​ផ្លូវការ​ពាក់កណ្តាល​ខ្លួន​នៅក្នុង​ឆ្នាំ ២០០៨ ជំនួស​រូបថត​ពាក់កណ្តាល​ខ្លួន​ដែល​បាន​ថត​នៅក្នុង​ឆ្នាំ ២០០៤ ។

ខ្ញុំ​មិន​អាច​ស្រមើ​ស្រមៃ​ឃើញ​ពីអ្វីៗ​គ្រប់​យ៉ាង​ដែល​ការសន្យា​នេះ​ផ្ដល់ឲ្យ​ឡើយ ។ តែ​ខ្ញុំ​ដឹង​យ៉ាង​ច្បាស់​ថា វា​អស្ចារ្យ ទេវភាព អស់​កល្ប ហើយ​មាន​តម្លៃ​ស័ក្ដិសម​នឹង​រាល់​ការ​ខិតខំ​របស់​យើង​ក្នុង​ជីវិត ។

( ឌៀថើរ អេហ្វ អុជដូហ្វ « Four Titles » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៦០ )

សូម​ចំណាយពេល​មួយភ្លែត ដើម្បី​គិត​អំពី​អត្ថន័យ​នៃ​ការទទួល​មរតក​ទាំងអស់​ដែល​ព្រះវរបិតាសួគ៌​មាន ហើយ​ពិចារណា​អំពី​សំណួរ​ថាតើ​អ្នក​អាច​មាន​សំណួរ​អ្វីខ្លះ​អំពី​សេចក្ដីពិត​នេះ ។ សូម​ពិចារណា​អំពី​បុគ្គលិកលក្ខណៈ គុណលក្ខណៈ និង​ពរជ័យ​ផ្សេងទៀត​ដែល​អ្នក​ចង់​ទទួល​មរតក​ពី​ព្រះវរបិតាសួគ៌ ។ នៅ​ពេល​អ្នក​បន្ត​ការ​សិក្សា​នៅ​ថ្ងៃ​នេះ សូម​រកមើល​សេចក្ដីពិត​នានា​ដែល​អាច​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​មរតក​ដែល​ព្រះវរបិតាសួគ៌​មាន​ព្រះ​រាជបំណង​ប្រទានពរ​ដល់​អ្នក និង​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ទទួល​មរតក​នេះ ។

សូម​សិក្សាបន្ថែម​អំពី​មរតក​របស់​ព្រះវរបិតាសួគ៌

សូម​បង្កើត​តារាង​ដូច​ខាង​ក្រោម​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

ពរជ័យ​ដែល​ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​យើង​ទទួល​មរតក

អ្វីដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ទទួល​មរតក​នេះ

នៅក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​របស់​យើង ព្រះអម្ចាស់​បាន​បើក​សម្ដែង​បន្ថែម​ទៀត​អំពី​មរតក​ដែល​ព្រះវរបិតាសួគ៌​មាន​ព្រះរាជបំណង​ប្រទាន​ឲ្យ​យើង ។ ជា​ផ្នែក​មួយ​នៃ​វិវរណៈ​ដែល​បាន​ប្រទាន​ដល់​ព្យាការី យ៉ូសែប ស្ម៊ីធ ហើយ​បាន​កត់ត្រា​នៅ​ក្នុង​អ្វី​ដែល​ឥឡូវ​នេះ​គឺជា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦ ព្រះអម្ចាស់​បាន​ពិពណ៌នា​អំពី​អ្នក​ដែល​នឹង​ទទួល​មរតក​នៅ​នគរ​សេឡេស្ទាល​នៅ​ថ្ងៃ​ណាមួយ ។

សូម​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៥០–៧០ ព្រមទាំង​ការបង្រៀន​ជាច្រើន​ទៀត​របស់​ប៉ុល​នៅ​ក្នុង រ៉ូម ៨:១, ៥–៩, ១៣–១៤ រួមមាន​ការបកប្រែ​របស់​យ៉ូសែប ស្មីធ​សម្រាប់ រ៉ូម ៨:៨–៩ ដែលមាន​នៅក្នុង​លេខយោង ។ នៅពេល​អ្នក​សិក្សា សូម​បន្ថែម​ទៅ​ក្នុង​តារាង​របស់អ្នក​នូវ​ការសន្យា​ដែល​អ្នក​បាន​អាន និង​អ្វីដែល​ខគម្ពីរ​និយាយ​ថា​អ្នក​អាច​ធ្វើ​បាន ដើម្បី​មានលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ការសន្យា​ទាំងនោះ ។ សូម​ចងចាំ​ថា ទោះបីជា​ខគម្ពីរ​ទាំងនេះ​ខ្លះ​ប្រើ​ពាក្យ​ដូចជា « កូនប្រុស » និង « បុរស » ក៏ដោយ ក៏​ការសន្យា​របស់​ព្រះ​អនុវត្ត​ស្មើៗ​គ្នា​ចំពោះ​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌​ទាំងអស់​ដែរ ( សូម​មើល គោលលទ្ធិ និង សេចក្តីសញ្ញា ២៥:១ ) ។ វា​ក៏​ប្រហែលជា​មាន​ប្រយោជន៍​ផងដែរ​ក្នុងការ​ដឹងថា​ពាក្យ « ខាងសាច់ឈាម » ដែល​បានរៀបរាប់​នៅក្នុង រ៉ូម ៨ សំដៅ​ទៅលើ​នរណា​ម្នាក់​ដែល​ផ្តោត​លើ​រឿង​លោកិយ ឬ​ខាង​សាច់ឈាម ។ វា​ក៏​អាច​យោង​ទៅ​លើ​ចំណង់​នៃ​សាច់​ឈាម​ផង​ដែរ ( សូម​មើល​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ខាង​រូបកាយ » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។

  • តើ​ខគម្ពីរ​ណា​ខ្លះ​មកពី​ការ​សិក្សា​របស់​អ្នក​មាន​អត្ថន័យ​បំផុត​ចំពោះ​អ្នក ? ហេតុអ្វី ?

  • តើ​ខគម្ពីរ​ទាំងនេះ​បាន​ជួយ​អ្នក​ឲ្យ​យល់​អ្វីខ្លះ​កាន់តែ​ច្បាស់ ទាក់ទង​នឹង​មរតក​ដែលព្រះ​មាន​ព្រះ​រាជ​បំណង​ប្រទាន​ដល់​អ្នក ? តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ទទួល​មរតក​នោះ ?

នៅក្នុង​តារាង​ដែល​អ្នក​បានធ្វើ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក សូម​ពិនិត្យមើល​អ្វី​ដែល​អ្នក​បាន​សរសេរ រួមទាំង​ពរជ័យ​នានា​ដែល​ព្រះវរបិតាសួគ៌​សព្វព្រះទ័យ​ឲ្យ​អ្នក​ទទួល​មរតក ។

  • តើ​ពរជ័យ​ដែល​បាន​សន្យា​ទាំងនេះ​ជួយ​ឲ្យ​អ្នក​យល់​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​ព្រះអង្គ​សង្គ្រោះ​មាន​តួនាទី​អ្វី​ខ្លះ​ក្នុង​ការ​ជួយ​យើង​ឲ្យ​ទទួល​មរតក​នេះ ? ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៦៩ ) ។

តើ​វា​បាន​ជះ​ឥទ្ធិពល​ដល់​ជីវិត​អ្នក​យ៉ាង​ដូចម្តេច ?

សូម​គិត​មួយ​ភ្លែត​អំពី​របៀប​ដែល​ការ​យល់​ដឹង​ពី​មរតក​ដែល​ព្រះវរបិតាសួគ៌​មាន​ព្រះរាជបំណង​ប្រទាន​ដល់​អ្នក អាច​មាន​ឥទ្ធិពល​ដល់​ជីវិត​របស់​អ្នក និង​ជម្រើស​ដែល​អ្នក​រើស ។

ឥឡូវនេះ សូម​ពិចារណា​អំពី​របៀប​ដែល​សេចក្តីពិត​ដែល​អ្នក​បាន​សិក្សា​ថ្ងៃនេះ​អាច​ជះឥទ្ធិពល​ដល់​ក្មេងជំទង់​នៅក្នុង​សាច់រឿង​ដូច​ខាងក្រោម​នេះ ៖

  1. អេស្ទេល បាន​ឆ្លងកាត់​ការលំបាក​ជាច្រើន​ក្នុង​ជីវិត​របស់នាង ហើយ​មាន​អារម្មណ៍​បាក់​ទឹកចិត្ត ។ នាង​ឆ្ងល់​ថា​តើ​ការ​បន្ត​ចូល​ព្រះវិហារ និង​រក្សា​បទបញ្ញត្តិ​មាន​តម្លៃ​ឬ​អត់ ?

  2. ខាវិន ចូលចិត្ត​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ​ដែល​ពិភពលោក​កំពុង​ប្រើប្រាស់ ។ គាត់​ចំណាយពេល​ភាគច្រើន​របស់គាត់​លេង​វីដេអូហ្គេម ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ឬ​មើលវីដេអូ​នានា ។

  3. លីស តែងតែ​ពុះពារ​នឹង​អារម្មណ៍​ថា​ខ្លួន​មិនសូវ​មាន​តម្លៃ ហើយ​ងឿងឆ្ងល់​ថាតើ​ពិត​ជា​មាន​នរណា​ម្នាក់​ខ្វាយខ្វាយ​ពី​នាង​មែន​ឬ​អត់ ។

១. សូមឆ្លើយ​ដូចតទៅ​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

សូម​ជ្រើសរើស​សាច់រឿង​មួយ​ចេញ​ពី​សាច់រឿង​មុនៗ ( ឬ​គិត​ពី​សាច់រឿង​ផ្សេង​ខុសៗគ្នា ) ។ សូម​សរសេរ​លិខិត​ខ្លីមួយ​ទៅកាន់​បុគ្គល​នៅក្នុង​សាច់រឿង​ដែល​អ្នក​ជ្រើសរើស ដោយ​ការចែកចាយ​សេចក្តីពិត និង​ខគម្ពីរ​ដែល​អ្នក​បាន​សិក្សា​នៅក្នុង​មេរៀន​នេះ​ដែល​នឹង​ជួយ​បុគ្គល​នោះ​ឆ្លងកាត់​ស្ថានភាព​របស់​ពួកគេ ។ សំណួរ​ដូច​ខាងក្រោម​នេះ​អាចមាន​ប្រយោជន៍​សម្រាប់​អ្នក​ក្នុងការ​ពិចារណា​នៅពេល​អ្នក​សរសេរ​លិខិត​ខ្លី​របស់​អ្នក ។

  • តើ​វា​មានន័យ​យ៉ាងណា​ចំពោះអ្នក ដែល​យើង​អាច​ទទួល​បាន​អ្វីៗ​ទាំងអស់​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទមាន ?

  • តើ​ការយល់ដឹង​អំពី​មរតក​នេះ​អាច​ជួយ​មនុស្ស​នៅក្នុង​សាច់រឿង​ដែល​អ្នក​បាន​ជ្រើសរើស​ដោយ​របៀប​ណា ?

  • តើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​អ្វីខ្លះ ដើម្បី​ធ្វើ​ឲ្យ​យើង​អាច​ទទួល​បាន​ពរជ័យ​ទាំងនេះ ?

  • តើ​អ្វីជា​រឿង​សាមញ្ញ​មួយ​ចំនួន​ដែល​បុគ្គល​ក្នុងសាច់រឿង​របស់​អ្នក​អាច​ចាប់ផ្ដើម​ធ្វើ​បាន ដើម្បី​ជួយ​ពួកគេ​ក្នុង​ស្ថានភាព​របស់​ពួកគេ ?

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

តើ​ការ​ចងចាំ​ពី​មរតក​របស់​យើង​អាច​ជួយ​យើង​យ៉ាង​ដូចម្ដេច ?

ប្រធាន អេលែន អេស ដាល់ថុន អតីត​ប្រធាន​យុវនារីទូទៅ បានចែកចាយ​រឿង​មួយ​អំពី​ស្តេច​មួយអង្គ​ដែល​អធិប្បាយ​អំពី​មេរៀន​នេះ ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្ដាល​ខ្លួន​ចុងក្រោយ​របស់​ស៊ីស្ទើរ អេលែន អេស ដាល់ថុន គណៈប្រធាន​យុវនារី​ទូទៅ ឆ្នាំ ២០០៨ ។ បាន​ដោះលែង​ពី​ទីប្រឹក្សា​ទីពីរ ហើយ​បាន​តែងតាំង​ជា​ទីប្រឹក្សា​ទីមួយ​នៅ​ឯ​សន្និសីទ​ទូទៅ​ខែ មេសា ឆ្នាំ ២០០៧ ។ បាន​គាំទ្រ​ជា​ប្រធាន​នៅ​ក្នុង​សន្និសីទ​ទូទៅ​ខែ មេសា ឆ្នាំ ២០០៨ ។ បាន​ដោះលែង​ជា​ប្រធាន​នៅ​សន្និសីទ​ទូទៅ​ខែ មេសា ឆ្នាំ ២០១៣ ។

[ ស្តេច ] មាន​ព្រះ​ប្រាជ្ញាញាណ​ដ៏​លើសលប់​អំពី​អត្តសញ្ញាណ​របស់​ទ្រង់ ។ កាល​ពី​នៅ​ក្មេង ពួក​មនុស្ស​អាក្រក់​ដែល​បាន​ផ្តួលរំលំ​បិតា​របស់​ទ្រង់​ដែល​ជា​ស្តេច បាន​ចាប់​ទ្រង់ ។ បុរស​ទាំង​នេះ​បាន​ដឹង​ថា ប្រសិនបើ​ពួកគេ​អាច​បំផ្លាញ​សីលធម៌​របស់​ទ្រង់ នោះ​ទ្រង់​នឹង​មិនអាច​គ្រង​បល្ល័ង្ក​បាន​ទេ ។ អស់​រយៈពេល​ប្រាំមួយខែ ពួកគេ​បាន​ឃុំ​ទ្រង់​ឲ្យ​ភ្លក់​រសជាតិ​ជីវិត​ដ៏​អប្រិយ ប៉ុន្តែ​ទ្រង់​មិន​ដែល​ទទួល​រង​នូវ​សម្ពាធ​នោះ​ទេ ។ ការណ៍នេះ​ធ្វើឲ្យ​អ្នក​ឃុំ​ទ្រង់​មាន​ការងឿង​ឆ្ងល់ ហើយ​បន្ទាប់ពី​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដែល​ពួកគេ​អាច​គិតឃើញ ពួកគេ​បាន​សួរទ្រង់​ថា​ហេតុអ្វី​បាន​ជា​ទ្រង់​មាន​កម្លាំង​សីលធម៌​ដ៏​រឹងមាំ​បែប​នេះ ។ ចម្លើយ​របស់​ទ្រង់​គឺ​សាមញ្ញ ។ ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា « យើង​មិន​អាច​ធ្វើ​តាម​អ្វី​ដែល​អ្នក​សុំ​បាន​ទេ ដ្បិត​យើង​កើត​មក​ដើម្បី​ធ្វើ​ជា​ស្ដេច » [ សូមមើល វ៉ន ចេ ហ្វ៊ែឌើស្តូន « The King’s Son » New Era ខែ វិច្ឆិកា ឆ្នាំ ១៩៧៥ ទំព័រ ៣៥ ] ។

ដូច​ជា​ព្រះរាជបុត្រា​របស់​ស្តេច យើង​រាល់​គ្នា​បាន​គ្រង​អំណាច​មរតក​របស់​បង​ច្បង ។ យើងម្នាក់ៗ​មាន​មរតក​ដ៏​ទេវភាព ។

( អេលែន អេស ដាល់ថុន « Remember Who You Are! » Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ១២១ )

តើ​តម្រូវ​ឲ្យ​មាន​ការ​ខិតខំ​បែប​ណា ដើម្បី​ធ្វើ​តាម​ព្រះវិញ្ញាណ​ជា​និច្ច ហើយ​ទទួល​បាន​អ្វី​ៗ​ទាំងអស់​ដែល​ព្រះវរបិតាសួគ៌​មាន ?

កាល​កំពុង​បម្រើ​ជា​សមាជិក​ម្នាក់​នៃ​ពួក​ចិត​សិបនាក់ អែលឌើរ ប្រ៊ូស ស៊ី ហាហ្វេន បាន​ពន្យល់ ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្ដាល​ខ្លួន​ចុងក្រោយ​របស់​អែលឌើរ ប្រូស ស៊ី ហាហ្វិន នៃ​ពួក​ចិតសិប​នាក់​ក្រុម​ទីមួយ ឆ្នាំ ២០០៧ ។ បានហៅធ្វើ​ជា​ប្រធាន​ព្រះវិហារ​បរិសុទ្ធ សេន​ចច យូថាហ៍ នៅ​ដើម​ខែ​វិច្ឆិកា ឆ្នាំ ២០១០ ។ ផ្ដល់​ងារ​កិត្តិយស​នៅ​ឯ​សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០១០ ។

ប្រសិន​បើ​យើង​ប្រាថ្នា​ចង់​បាន « អ្វី​ៗទាំងអស់​ដែល [ ព្រះវរបិតា ] មាន » [ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:៣៨ ] នោះ​ព្រះ​នឹង​បង្គាប់ អ្វីៗ​ទាំងអស់​ដែល​យើង​មាន ។ ដើម្បី​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ទទួល​កំណប់ទ្រព្យ​ដ៏​ប្រពៃ​បែបនេះ ទោះជា​យើង​ធ្វើ​តាម​របៀប​ណា​ក៏​ដោយ យើង​ត្រូវតែ​ធ្វើ​តាម​របៀប​ដែល​ព្រះគ្រីស្ទ​បាន​ប្រទាន—រាល់​ដំណក់​ដែល​ទ្រង់​មាន ៖ « ជ្រួត​ជ្រាប​ដល់​ណា​នោះ អ្នក​មិន​ដឹង​ទេ មែន​ហើយ ធ្ងន់ធ្ងរ​ដល់​ណា​នោះ អ្នកមិន​ដឹង​ទេ » [ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:១៥ ] ។ ប៉ុល​បាន​ថ្លែង​ថា « ឲ្យ​តែ​យើង​ទទួល​រង​ទុក្ខ​ជា​មួយ​នឹង​ទ្រង់​ » នោះ​យើងគឺ​ជា « អ្នកគ្រង​មរតក​នៃ​ព្រះ​ជាមួយ​នឹង​ព្រះគ្រីស្ទ » [ រ៉ូម ៨:១៧ ] ។ អស់​ពី​ព្រះទ័យ​របស់​ទ្រង់ អស់​ពីដួង​ចិត្ត​របស់​យើង ។

( ប្រូស ស៊ី ហាហ្វិន « The Atonement: All for All » Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៩៨ )

ហេតុអ្វី​បាន​ជា​ប៉ុល​បង្រៀន​ថា យើង​ត្រូវ​ក្លាយ​ជា​កូន​របស់​ព្រះ ពេល​យើង​ទាំងអស់​គ្នាគឺ​ជា​បុត្រាបុត្រី​របស់​ទ្រង់​នោះ ?

ទោះ​ជា​មនុស្ស​គ្រប់​រូប​ជា​កូន​វិញ្ញាណ​របស់​ព្រះ​មាតាបិតា​សួគ៌​ក៏ដោយ ក៏​ការ​បង្រៀន​របស់​ប៉ុល​អំពី « និស្ស័យ​ជា​កូន​ចិញ្ចឹម » និង ការក្លាយ​ជា បុត្រា [ និង​បុត្រី ] របស់​ព្រះ » ( សូមមើល រ៉ូម ៨:១៤–១៥ ) ជួយ​យើង​ឲ្យ​យល់​ការណ៍​នេះ​ដែរ​ថា យើង​អាច​កើត​ខាង​វិញ្ញាណ​ម្ដងទៀត ឬ​ជា​កូន​ចិញ្ចឹម​ក្នុង​នាម​ជា​បុត្រា​បុត្រី​របស់​ព្រះ​គ្រីស្ទ​នៅ​ក្នុង​សេចក្ដី​សញ្ញា​នៃ​ដំណឹង​ល្អ ( សូម​មើលសេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ « សេចក្តី​សញ្ញា » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។

ប្រជាជន​របស់​ស្ដេច​បេនយ៉ាមីន​បាន​ដកពិសោធន៍​ការ​កើត​ខាង​វិញ្ញាណ​ម្ដងទៀត​បែប​នេះ ដែល​បណ្ដាល​ឲ្យ​បេនយ៉ាមីន​សង្កេត​ថា « ហើយ​ឥឡូវ​នេះ មក​ពី​សេចក្ដី​សញ្ញា​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាន​ហៅ​ថា​ជា​កូន​ចៅ​នៃ​ព្រះ​គ្រីស្ទ គឺជា​បុត្រា​របស់​ទ្រង់ និង​បុត្រី​របស់​ទ្រង់ ដ្បិត​មើល​ចុះ ថ្ងៃ​នេះ​ទ្រង់​បាន​បង្កើត​អ្នក​ខាង​វិញ្ញាណ​ហើយ » ( ម៉ូសាយ ៥:៧ ) ។ ការក្លាយជា​បុត្រាបុត្រី​នៃ​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​ការកើត​ខាងវិញ្ញាណ​ម្ដងទៀត គឺ​ចាំបាច់​សម្រាប់​ការមាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ទទួល​អ្វីៗ​ទាំងអស់​ដែល​ព្រះវរបិតា​សួគ៌​មាន ( សូមមើល ម៉ូសាយ ២៧:២៥–២៦ ) ។