ថ្នាក់​សិក្ខាសាលា
វិវរណៈ ៨–១១


វិវរណៈ ៨–១១

ការបើកត្រាទីប្រាំពីរ

រូបភាព
A Girl/Young Woman lying on a bed reading scriptures.

ព្រះគម្ពីរផ្តល់ឱកាសជាច្រើនដើម្បីរៀនមេរៀនសំខាន់ៗពីអ្នកដែលបានរស់នៅក្នុងអតីតកាល ។ ពួកគេក៏បង្រៀនយើងអំពីព្រឹត្តិការណ៍ដែលបានព្យាករណ៍ថានឹងកើតឡើងនៅពេលអនាគតផងដែរ ។ នៅក្នុង វិវរណៈ ៨–១១ យ៉ូហានបានកត់ត្រាការព្យាករអំពីព្រឹត្តិការណ៍សំខាន់ៗ និងដ៏ពិបាកដែលនឹងកើតឡើងនៅមុនការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យទទួលអារម្មណ៍នៃអំណាចរបស់ព្រះអម្ចាស់ និងសមត្ថភាពរបស់ទ្រង់ក្នុងការការពារយើងពីគ្រោះមហន្តរាយ និងអំពើអាក្រក់នៅថ្ងៃចុងក្រោយ ។

ព្រឹត្តិការណ៍អព្ភូតហេតុនៃថ្ងៃចុងក្រោយ

  • តើកិច្ចការដ៏អស្ចារ្យអ្វីខ្លះដែលព្រះអម្ចាស់បានធ្វើកាលពីអតីតកាល ទាំងសម្រាប់អ្នកដទៃ ឬក្នុងជីវិតរបស់អ្នកផ្ទាល់ ?

ប្រធាន រ័សុល អិម ណិលសុន បានចែកចាយការយល់ដឹងដ៏សំខាន់មួយអំពីព្រឹត្តិការណ៍ដែលនឹងកើតឡើង មុនពេលការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ៖

រូបភាព
Official portrait of President Russell M. Nelson taken January 2018

ព្រះអង្គសង្គ្រោះ និងព្រះដ៏ប្រោសលោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ នឹងធ្វើកិច្ចការដ៏អស្ចារ្យបំផុតរបស់ទ្រង់មួយចំនួន នៅចន្លោះពេលនេះរហូតដល់ពេលទ្រង់យាងមកម្ដងទៀត ។ យើងនឹងឃើញការបង្ហាញដ៏អស្ចារ្យថា ព្រះជាព្រះវរបិតា និងព្រះរាជបុត្រារបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ធ្វើជាអធិបតីលើសាសនាចក្រនេះដោយភាពរុងរឿង និងសិរីល្អ ។

( រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៦ ) 

  • តើអ្នកមានគំនិត ឬអារម្មណ៍អ្វីខ្លះ ពេលអ្នកអានសេចក្ដីថ្លែងការណ៍នេះ ?

  • តើកិច្ចការដ៏អស្ចារ្យអ្វីខ្លះដែលអ្នកដឹងថា ព្រះអម្ចាស់នឹងធ្វើមុនការយាងមកជាលើកទីពីររបស់ទ្រង់ ?

ចេញពីសេចក្ដីថ្លែងការណ៍របស់ប្រធាន ណិលសុន យើងដឹងថា ព្រះអម្ចាស់នឹងធ្វើកិច្ចការដ៏អស្ចារ្យបំផុតមួយចំនួនរបស់ទ្រង់ មុនពេលទ្រង់យាងមកម្ដងទៀត ។ នៅក្នុងមេរៀននេះ អ្នកនឹងសិក្សាអំពីកិច្ចការដ៏អស្ចារ្យមួយចំនួនទាំងនេះ ។ សូមយកចិត្តទុកដាក់លើអ្វីដែលអ្នករៀនអំពីព្រះ ឫទ្ធានុភាពរបស់ទ្រង់ និងសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះយើងនៅពេលអ្នកសិក្សា ។

យ៉ូហានឃើញការបើកត្រាទីប្រាំពីរ

អ្នកប្រហែលជាចាំថា ក្នុងការនិមិត្តរបស់លោកដែលបានកត់ត្រានៅក្នុងគម្ពីរវិវរណៈ យ៉ូហានបានឃើញគម្ពីរមួយដែលមានត្រាប្រាំពីរ ។ ត្រានីមួយៗតំណាងឲ្យរយៈពេល ១,០០០ ឆ្នាំនៅលើផែនដី ( សូមមើល វិវរណៈ ៥ ; គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧:៦–៧ ) ។ រូបភាពខាងក្រោមនេះអាចជួយអ្នកឲ្យស្រមៃឃើញពីការសង្កត់ធ្ងន់ដែលយ៉ូហានបានដាក់នៅលើរយៈពេលនីមួយៗ ។

រូបភាព
A diagram of John’s vision of the 7 seals in the book of revelation including scripture verse reference
  • ហេតុអ្វីបានជាវាអាចមានប្រយោជន៍សម្រាប់អ្នកក្នុងការដឹងថា យ៉ូហានបានផ្តោតការសរសេរភាគច្រើនរបស់គាត់ទៅលើព្រឹត្តិការណ៍ដែលទាក់ទងនឹងការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ជាជាងលើព្រឹត្តិការណ៍ដែលទាក់ទងនឹងត្រាពីមុនៗ ?

នៅក្នុង វិវរណៈ ១១ យ៉ូហានបានព្យាករនូវគ្រាមួយដែលកងទ័ពដ៏អស្ចារ្យមួយដែលមាន « ប្រជាជន និងពូជសាសន៍ និងភាសា និងប្រជាជាតិ » ជាច្រើន ( វិវរណៈ ១១:៩ ) នឹងប៉ុនប៉ងបំផ្លាញក្រុងយេរូសាឡិម ( សូមមើលផងដែរ អេសេគាល ៣៨:៤–៦, ១៤–១៦ ; យ៉ូអែល ២:១–៩ ; វិវរណៈ ៩:១៦–១៧ ; ១១:២ ) ។ ប៉ុន្តែការសរសេររបស់យ៉ូហានបង្ហាញថា សាក្សីពីរនាក់ដែលព្រះបានបញ្ជូនមកនឹងរារាំងកងទ័ពនេះមិនឲ្យសម្រេចគោលបំណងរបស់ពួកគេបានទេក្នុងរយៈពេល ៤២ ខែ ( សូមមើល វិវរណៈ ១១:២–៣ ) ។

សូមអាន វិវរណៈ ១១:៣–៦ និង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧:១៥ ដោយរកមើលព័ត៌មានលម្អិតអំពីសាក្សីទាំងពីរនេះ ។

  • តើអ្នកបានរៀនអ្វីខ្លះអំពីសាក្សីទាំងពីរនេះ ?

  • តើភស្ដុតាងអ្វីខ្លះដែលអ្នកឃើញថាព្រះចេស្ដានៃព្រះនឹងនៅជាមួយពួកគេ ?

សូមអាន វិវរណៈ ១១:៧–១០ ដោយរកមើលអ្វីដែលយ៉ូហានបានព្យាករថានឹងកើតឡើងចំពោះព្យាការីទាំងពីររូបនេះ បន្ទាប់ពីពួកលោកបានបញ្ចប់ការងារបម្រើរបស់ពួកលោកក្នុងចំណោមសាសន៍យូដាហើយនោះ ។

  • តើខគម្ពីរទាំងនេះផ្ដល់យោបល់អ្វីខ្លះ អំពីស្ថានភាពខាងវិញ្ញាណនៃមនុស្សជាច្រើនដែលនឹងរស់នៅលើផែនដីនៅពេលនោះ ?

ព្រះគម្ពីរបង្ហាញថា ក្នុងអំឡុងពេល « បីថ្ងៃកន្លះ » ( វិវរណៈ ១១:៩ ) នៅពេលដែលព្យាការីទាំងនេះនឹងដេកស្លាប់នៅតាមផ្លូវ នោះកងទ័ពដ៏ខ្លាំងនឹងបង្វែរការយកចិត្តទុកដាក់របស់ពួកគេម្តងទៀតទៅដណ្តើមយកក្រុងយេរូសាឡិម ( សូមមើល សាការី ១៤:២ ) ។

រូបភាព
Photo of the Mount of Olives

នេះជារូបភាពភ្នំអូលីវនៅក្រុងយេរូសាឡិម ។ នៅលើភ្នំនេះ ព្រះអង្គសង្គ្រោះបានរងទុក្ខនៅក្នុងសួនច្បារគែតសេម៉ានី ជាផ្នែកមួយនៃដង្វាយធួនរបស់ទ្រង់ ( សូមមើល លូកា ២២:៣៩–៤៤ ) ។ ភ្នំអូលីវក៏ជាកន្លែងដែលព្រះអង្គសង្គ្រោះនឹង « ចេញទៅច្បាំងនឹងសាសន៍ទាំងនោះ » ( សាការី ១៤:៣–៤ ) ដែលព្យាយាមបំផ្លាញសាសន៍យូដាមុនការបង្ហាញព្រះកាយរបស់ទ្រង់មកកាន់ពិភពលោកទាំងមូលផងដែរ ។

សូមអានវគ្គបទគម្ពីរខាងក្រោម ដោយរកមើលព័ត៌មានលម្អិតអំពីកិច្ចការដ៏អស្ចារ្យដែលព្រះអម្ចាស់នឹងធ្វើនៅក្រុងយេរូសាឡិម និងនៅភ្នំអូលីវ មុនការយាងមកជាលើកទីពីររបស់ទ្រង់ ។

វិវរណៈ ១១:១១–១៣

សាការី ១៤:៣–៥

គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:៤៨–៥៣

១. សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

  • តើព្រឹត្តិការណ៍ដែលបានកត់ត្រានៅក្នុងវគ្គបទគម្ពីរទាំងនេះនឹងមានឥទ្ធិពលអ្វីទៅលើមនុស្សដែលនៅក្នុងព្រឹត្តិការណ៍ទាំងនោះ ?

  • តើព្រឹត្តិការណ៍ដែលបានព្យាករទាំងនេះជួយអ្នកឲ្យយល់ ឬមានអារម្មណ៍យ៉ាងណាដែរអំពីព្រះអង្គសង្គ្រោះ ?

  • ហេតុអ្វីបានជាវាសំខាន់ដែលអ្នកត្រូវយល់ និងដឹងពីរឿងទាំងនេះ អំពីព្រះអង្គសង្គ្រោះនៅក្នុងជីវិតរបស់អ្នកនៅពេលនេះ ?

ការការពារពួកបរិសុទ្ធនៃព្រះ

ទោះបីជាអំពើទុច្ចរិត សង្គ្រាម និងការបំផ្លិចបំផ្លាញនឹងកើតឡើងមុនការយាងមកជាលើកទីពីរក៏ដោយ ក៏វាសំខាន់ផងដែរក្នុងការចងចាំថា ព្រះអម្ចាស់បានសន្យាថានឹងផ្តល់ជំនួយ និងការការពារខាងវិញ្ញាណដល់អ្នកដែលជ្រើសរើសដើរតាមទ្រង់ ( សូមមើល វិវរណៈ ១៧:១៤ ; នីហ្វៃទី១ ២២:១៦–១៧ ) ។ កន្លែងមួយដែលមានសន្តិភាព ជាទីជម្រក និងសុវត្ថិភាពនោះគឺទីក្រុងស៊ីយ៉ូន ទីក្រុងយេរូសាឡិមថ្មី ដែលនឹងមានទីតាំងនៅលើទ្វីបអាមេរិក ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:៦៦ ; មាត្រានៃសេចក្តីជំនឿ ១:១០ ) ។ ព្រះអម្ចាស់មិនទាន់បានបើកសម្ដែងព័ត៌មានលម្អិតជាច្រើនអំពីទីក្រុងអនាគតនេះទេ ប៉ុន្តែទ្រង់បានបង្រៀនអំពីការការពារដែលនឹងមាននៅទីនោះ ។

សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៦៦–៧១ ដោយស្វែងរករបៀបដែលព្រះអម្ចាស់បានពិពណ៌នាអំពីទីក្រុងស៊ីយ៉ូននេះ ។

  • តើពាក្យ ឬឃ្លាសំខាន់ៗអ្វីខ្លះដែលអ្នករកឃើញនៅក្នុងខគម្ពីរទាំងនេះ ?

  • តើមនុស្សសុចរិតនៃក្រុងស៊ីយ៉ូននឹងមកពីណា ?

  • តើព្រះអម្ចាស់កំពុងធ្វើអ្វីនៅពេលនេះ ដើម្បីរៀបចំយើងសម្រាប់ពេលអនាគតនេះ និងដើម្បីការពារយើងពីអំពើអាក្រក់ និងគ្រោះថ្នាក់នៅសម័យរបស់យើង ?

ការគិតអំពីអ្វីដែលអ្នកបានរៀន

សូមមើលសេចក្ដីថ្លែងការណ៍របស់ ប្រធាន ណិលសុន នៅដើមមេរៀននេះ ហើយគិតអំពីអ្វីដែលអ្នកបានសិក្សាថ្ងៃនេះអំពីកិច្ចការដ៏អស្ចារ្យដែលព្រះអម្ចាស់នឹងធ្វើ ។

២. សូមបំពេញការបំផុសគំនិតខាងក្រោមយ៉ាងហោចណាស់ឲ្យបានពីរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

រឿងមួយចំនួនដែលលេចធ្លោជាងគេសម្រាប់ខ្ញុំមកពីការសិក្សារបស់ខ្ញុំថ្ងៃនេះគឺ …

ថ្ងៃនេះ ខ្ញុំបានរៀន ឬមានអារម្មណ៍ថា ព្រះអម្ចាស់ …

ដោយសារអ្វីដែលខ្ញុំបានរៀន ឬមានអារម្មណ៍នៅថ្ងៃនេះ ខ្ញុំចង់…