ថ្នាក់​សិក្ខាសាលា
ភីលីព ៤


ភីលីព ៤

ការស្វែងរក​សេចក្តី​អំណរ និង​សេចក្ដី​សុខសាន្ត​នៅក្នុង​ព្រះយេ​ស៊ូវ​គ្រីស្ទ

រូបភាព
យុវនារី​កំពុង​សញ្ជឹង​គិត ។

តើ​អ្វី​ដែល​នាំ​សេចក្ដី​សុខសាន្ត និង​ការលួងលោមដល់អ្នក​ក្នុង​អំឡុង​ពេល​នៃ​ភាព​តានតឹង និង​ការសាកល្បង ? នៅ​ក្នុង​សំបុត្រ​របស់​លោក​ទៅ​កាន់ពួក​ភីលីព ប៉ុល​បាន​មាន​ប្រសាសន៍​ជា​ញឹក​ញាប់​អំពី​សេចក្ដីអំណរ និងសេចក្ដី​សុខសាន្ត ។ នៅ​ក្នុង​សេចក្តី​បញ្ចប់​នៃ​សំបុត្រ​របស់​លោក ប៉ុល​បាន​បង្រៀន​ថា ព្រះយេស៊ូវ​គ្រីស្ទ​ជា​ប្រភព​នៃ​សេចក្ដី​សុខសាន្ត និង​សេចក្តី​រីករាយ ហើយ​បាន​គូសបញ្ជាក់​ពី​អ្វី​ដែល​ពួកបរិសុទ្ធ​អាច​ធ្វើ​ដើម្បី​ទទួល​បាន​នូវ​សេចក្ដី​អំណរ និង « សេចក្ដី​សុខសាន្ត​របស់​ព្រះ » ( ភីលីព ៤:៧ ) ។ នៅពេល​អ្នក​សិក្សា សូម​ស្វែងរក​វិធី​ដែល​អ្នក​អាច​ទទួល​បាន​សេចក្ដី​អំណរ និង​សេចក្ដី​សុខសាន្ត​កាន់តែ​ច្រើន​តាមរយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៅក្នុង​ជីវិត​ផ្ទាល់ខ្លួន​របស់​អ្នក ។

បញ្ហា​ប្រឈម​របស់​ប៉ុល

សូម​ពិនិត្យ​មើល​រូបភាព​ខាង​ក្រោម​ដែល​តំណាង​ឲ្យ​សាវក​ប៉ុល និង​បញ្ហា​ប្រឈម​មួយ​ចំនួន​របស់​គាត់ និង​ការ​ព្រួយ​បារម្ភ​ដែល​កើត​មាន ។ សូម​ចងចាំ​ថា ទាំងនេះ​គឺ បន្ថែម​ពីលើ ប៉ុល​ដែល​ត្រូវ​បាន​គេ​ឃុំខ្លួន​ក្នុង​ផ្ទះ ពេល​កំពុង​សរសេរ​សំបុត្រ​របស់គាត់​ទៅកាន់​ពួក​បរិសុទ្ធ​ភីលីព ។ សូម​ពិចារណា​អំពី​របៀប​ដែល​បញ្ហា​ទាំងនេះ​អាច​ជា​ឧបសគ្គ​ចំពោះ​អារម្មណ៍​របស់​ប៉ុល ក្នុង​ការ​ធ្វើ​ឲ្យ​គាត់​មាន​សេចក្ដី​សុខសាន្ត និង​សេចក្ដី​អំណរ ។

រូបភាព
New Testament Seminary Teacher Manaul - 2023

នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក សូម​បង្កើត​រង្វង់​មួយ​ដែលមាន​រូបមនុស្ស​ចង្កឹះ ឬ​គូស​បន្ទាត់​ដែល​តំណាង​ឲ្យ​អ្នក ដូចជា​រូប​របស់​ប៉ុល​ជាដើម ។ នៅខាង​ក្រៅ​រង្វង់ ចូរ​សរសេរ​ពី​ការ​ព្រួយ​បារម្ភ ឬ​កង្វល់​របស់​អ្នក​ផ្ទាល់​ដែល​ពេល​ខ្លះ​វា​ពិបាក​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​សុខ​សាន្ត និង​រីករាយ ។

  • តើ​មនុស្ស​សម្លឹង​រក​មើល​សេចក្ដី​សុខសាន្ត និង​សេចក្តី​អំណរ​ដ៏​អស្ចារ្យ​ក្នុង​ជីវិត​នេះ​នៅ​ឯណា ? តើអ្នក​ស្វែងរក​សេចក្ដី​សុខសាន្ត និង​សេចក្ដី​អំណរ​នៅឯណា ? តើ​អ្នក​បាន​ជោគជ័យ​ក្នុង​ការ​ខិតខំ​របស់​អ្នក​ហើយ​ឬ​នៅ ?

សារលិខិត​នៃ​សេចក្ដី​អំណរ និង​សេចក្ដី​សុខសាន្ត

ថ្វីបើស្ថិត​នៅក្រោម​ការឃុំខ្លួន​ក្នុងផ្ទះ និង​ប្រឈមមុខ​នឹង​បញ្ហា​ផ្សេងៗ​ក៏ដោយ ក៏​ប៉ុល​បាន​និយាយ​អំពី​សេចក្តីអំណរ និង​សេចក្ដី​សុខសាន្ត​ជាញឹកញាប់​នៅក្នុង​សំបុត្រ​របស់​លោក​ទៅកាន់​សាសន៍ភីលីព ។ ខណៈ​ដែល​ប៉ុល​បាន​ប្រាប់​សាសន៍​ភីលីព​ថា លោក​បាន​រក​ឃើញ​សេចក្តី​អំណរ​នៅក្នុង​សេចក្តីសប្បុរស និង​ការយកចិត្តទុកដាក់​ដ៏​អស្ចារ្យ ចំពោះ​រូប​លោក ( សូមមើល ភីលីព ៤:១, ១០, ១៤–១៦ ) លោក​បាន​រំឭក​ពួកគេ​ជាប់​ជានិច្ច​អំពី​ប្រភព​នៃ​សេចក្តី​អំណរ​ដ៏​គ្មាន​ទីបញ្ចប់​របស់លោក ។

សូមអាន ភីលីព ៤:៤, ១០, ១៣ ហើយ​ពិចារណា​គូស​ចំណាំ​ថាតើ​នរណា​ដែល​ប៉ុល​បាន​ចាត់​ទុក​ថា​ជា​គុណ​លក្ខណៈ​នៃ​សេចក្ដី​អំណរ និង​កម្លាំង​របស់​លោក ។

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា ប៉ុល​បាន​និយាយ​ជា​ទៀងទាត់​អំពី​ព្រះយេស៊ូវគ្រីស្ទ​ជា​ប្រភព​នៃ​កម្លាំង អំណរ និង​សេចក្ដី​សុខសាន្ត​របស់​គាត់ ?

ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន​ពី​មូលហេតុ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ប្រភព​នៃ​សេចក្ដី​សុខសាន្ត និង​សេចក្តី​អំណរ ។

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់ ប្រធាន រ័សុល អិម ណិលសុន ដែល​បាន​ថត​នៅ​ខែ មករា ឆ្នាំ ២០១៨

បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ សេចក្តី​អំណរ​ដែល​យើង​មាន​មិន​សូវ​ទាក់ទង​នឹង​កាលៈទេសៈ​នៃ​ជីវិត​របស់​យើង​ទេ ប៉ុន្តែ​វា​ទាក់ទង​យ៉ាង​ខ្លាំង​ទៅ​នឹង​អ្វី​ដែល​ជីវិត​របស់​យើង​ផ្តោត​លើ ។

ពេល​ជីវិត​របស់​យើង​ផ្តោត​លើ​ផែនការ​នៃ​សេចក្តីសង្គ្រោះ​របស់​ព្រះ … និង ព្រះយេស៊ូវគ្រីស្ទ ព្រមទាំង​ដំណឹង​ល្អ​របស់​ទ្រង់ នោះ​យើង​អាច​មាន​អំណរ មិន​ថា​មាន​អ្វី​កំពុង​កើត​ឡើង—ឬ​មិន​កើត​ឡើង—នៅក្នុង​ជីវិត​យើង​នោះ​ទេ ។ អំណរ​កើត​មាន​ឡើង ហើយ​ដោយសារ​តែ​ទ្រង់ ។ ទ្រង់​គឺជា​ប្រភព​នៃ​អំណរ​ទាំង​អស់ ។ …

ដូចជា​ព្រះអង្គ​សង្គ្រោះ​ប្រទាន​ភាពសុខសាន្ត​ដែល « ហួសលើស​ពីអស់​ទាំង​គំនិត » ដែរ [ ភីលីព ៤:៧ ] នោះទ្រង់​ក៏ប្រទាន​អំណរ​ដ៏ខ្លាំងក្លា ជ្រាលជ្រៅ និង ច្រើន​អនេក ដែល​ផ្ទុយ​ពីហេតុផល ឬ ការយល់​ដឹង​របស់​មនុស្ស ។ ឧទាហរណ៍ វា​ទំនង​ជា​មិន​អាច​មាន​អំណរ​បាន​ឡើយ ពេល​កូន​របស់​បងប្អូន​រងទុក្ខ​ដោយសារ​ជំងឺ​ដែល​ពុំ​អាច​ព្យាបាល​បាន ឬ​ពេល​បងប្អូន​បាត់បង់​ការងារ ឬ ពេល​ស្វាមី ឬ​ភរិយា​បងប្អូន​ក្បត់​ចិត្ត​បងប្អូន​នោះ ។ ប៉ុន្តែ​នោះ​គឺ​ជា​អំណរ​ពិតប្រាកដ​ដែល​ព្រះអង្គសង្គ្រោះ​ប្រទាន​ឲ្យ ។ សេចក្តីអំណរ​របស់​ទ្រង់​គឺ​ស្ថិតស្ថេរ ដោយ​ធានា​ដល់​យើង​ថា « សេចក្ដី​ទុក្ខលំបាក​របស់​យើង​នោះ​គ្រាន់​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ​ទេ » [ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១២១:៧ ] ហើយ​ត្រូវបាន​ញែក​ជា​ប្រយោជន៍​ដល់​យើង [ សូមមើល នីហ្វៃទី២ ២:២ ] ។

( រ័សុល អិម ណិលសុន « Joy and Spiritual Survival » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨២ )

  • តើ ប្រធាន ណិលសុន បានបង្រៀន​អ្វី​ដែល​មាន​អត្ថន័យ​បំផុត​ចំពោះ​អ្នក ? ហេតុអ្វី ?

  • តើ​អ្នក​គិត​ថា ការ​យល់​ដឹង​ពិត​ប្រាកដ និង​ការអនុវត្ត​តាម​ការ​បង្រៀន​របស់ ប្រធាន ណិលសុន អាច​មាន​ឥទ្ធិពល​ដល់​ជីវិត​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

  • តើ​ព្រះយេស៊ូវគ្រីស្ទ​បាន​នាំ​មក​នូវ​សេចក្ដី​សុខសាន្ត និង​សេចក្តី​អំណរ​នៅ​ក្នុង​ជីវិត​របស់​អ្នក​ដោយ​របៀបណា ?

ការអះអាង​ពី​សេចក្តី​អំណរ​ដែល​បានប្រទាន​ឲ្យ​ដោយ​ព្រះយេស៊ូវ​គ្រីស្ទ

ទាំងប្រធាន ណិលសុន និង​សាវកប៉ុល បាន​ផ្តល់​ដំបូន្មាន​ជាក់លាក់​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ ដើម្បី​ទាមទារ​សេចក្ដី​សុខសាន្ត និង​សេចក្តីអំណរ​ដែល​អាច​កើតមាន​ដោយ​សារព្រះយេស៊ូវ​គ្រីស្ទ ។

សូមអាន ភីលីព ៤:៦–៩, ១១ និង​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ ប្រធាន ណិលសុន ដោយ​រកមើល​របៀប​ដែល​យើង​អាច​ស្វែងរក​សេចក្ដី​សុខសាន្ត និង​សេចក្ដី​អំណរ​នៅក្នុង​ព្រះយេស៊ូវ​គ្រីស្ទ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ឬ​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នកនូវ​អ្វី​ដែល​អ្នក​រកឃើញ ។ សូម​កំណត់ចំណាំ​ថា យ៉ូសែប ស្ម៊ីធ បាន​យោង​ទៅ ភីលីព ៤:៨ ថា​ជា « សេចក្ដី​ដាស់​តឿន​របស់​ប៉ុល » ហើយ​បាន​បញ្ចូល​វា​ជា​ផ្នែក​មួយ​ក្នុង​មាត្រា​ទីដប់បី​នៃ​សេចក្ដី​ជំនឿ ។

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់ ប្រធាន រ័សុល អិម ណិលសុន ដែល​បាន​ថត​នៅ​ខែ មករា ឆ្នាំ ២០១៨

អញ្ចឹង​តើយើង​អាច​ទទួល​អំណរ​នោះ​ដោយ​របៀបណា ? យើង​អាច​ចាប់​ផ្តើម​ដោយ « រំពឹង​មើល​ដល់​ព្រះយេស៊ូវ​ដ៏​ជា​មេ​ផ្តើម ហើយ​ជា​មេ​សម្រេច​សេចក្តី​ជំនឿ​របស់​យើង » [ ហេព្រើរ ១២:២ ] « នូវ​គ្រប់​ទាំង​គំនិត​របស់​យើង » [ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦:៣៦ ] ។ យើង​អាច​ថ្លែង​អំណរគុណ​ដល់​ទ្រង់​ក្នុង​ការអធិស្ឋាន​របស់​យើង និង​ដោយ​ការរក្សា​សេចក្តី​សញ្ញា​ដែល​យើង​បាន​ចុះ​ជាមួយ​ទ្រង់ និង​ព្រះវរបិតាសួគ៌​យើង ។ នៅ​ពេល​ព្រះអង្គ​សង្គ្រោះ​ប្រែ​កាន់​តែ​ពិត​ខ្លាំង​ឡើង​ចំពោះ​យើង ហើយ​នៅ​ពេល​យើង​ទូល​អង្វរ​សូម​ឲ្យ​ទ្រង់​ប្រទាន​សេចក្ដី​អំណរ​ដល់​យើង នោះ​សេចក្ដី​អំណរ​យើង​នឹង​កើន​ឡើង ។

( រ័សុល អិម ណិលសុន « Joy and Spiritual Survival » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨២ )

១. សូម​បំពេញ​សកម្មភាព​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

សូមពិនិត្យ​មើល​បញ្ជី ឬ​កំណត់ចំណាំ​ពី​ការសិក្សា​របស់​អ្នក​អំពី ភីលីព និង​ប្រសាសន៍​របស់ ប្រធាន ណិលសុន ដោយ​ការ​ពិចារណា​អំពី​អ្វី​ដែល​គួរ​ឲ្យចាប់​អារម្មណ៍​ជាងគេ​សម្រាប់​អ្នក និង​មូលហេតុ​អ្វី ។ សូម​ស្វែង​យល់​ពី​គោលការណ៍ ហើយ​សរសេរ​វា​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​របស់​អ្នក រួម​ជាមួយ​នឹង​សេចក្ដី​យោង​បទគម្ពីរ​ដែល​នៅ​ក្នុង​នោះ ។ សេចក្ដីពិត​ដ៏​ក្លាហាន​របស់​អ្នក​អាច​ចាប់​ផ្តើម​ដូចនេះ ៖

  • ខ្ញុំ​អាច​រីករាយ និង​ទទួល​បានសេចក្ដី​សុខសាន្ត​របស់​ព្រះ​កាន់​តែ​ច្រើន​នៅពេល​ខ្ញុំ …

សូម​ស្វែងរក​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ ដើម្បី​ពង្រឹង​ការយល់ដឹង​របស់​អ្នក​អំពី​សេចក្តីពិត​ដែល​អ្នក​បាន​រកឃើញ​តាមរយៈ​ការសិក្សា​បន្ថែម ។ វិធីខ្លះៗ​ដែលអ្នក​អាច​ធ្វើបាន​រួមមាន ៖

  • សូម​ស្វែងរក​សេចក្តីយោង​បទគម្ពីរ​ដែល​ពាក់ព័ន្ធ​នឹង​ព្រះគម្ពីរ ។ ទាំងនេះ​អាចជា​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ ឬ​បទគម្ពីរ​ដែលមាន​នៅក្នុង​លេខ​យោង ។ សូម​ពិចារណា​សរសេរ​សេចក្ដី​យោង​បទគម្ពីរ​ទាំងនេះ​នៅ​ជិត​ខគម្ពីរ​ដែល​អ្នក​បាន​រកឃើញ​គោលការណ៍​នេះ ។

  • ការរំឭក ដើម្បី​កម្លាំង​នៃយុវជន ( កូនសៀវភៅ ឆ្នាំ ២០១១ ) ឡើងវិញ ដោយ​ផ្តោតលើ « ការដឹងគុណ » « ភាពស្មោះត្រង់ និង​សុចរិតភាព » ឬ​បទដ្ឋាន​ផ្សេង​ទៀត​ដែលទាក់ទង​នឹង​គោលការណ៍​ដែលអ្នក​បាន​រកឃើញ ។

សូម​ចែកចាយ​អ្វីដែលអ្នក​បានរៀន​រួមមាន ៖

  • គោលការណ៍​ដែល​អ្នក​បាន​រក​ឃើញ និង​សេចក្ដី​យោង​បទគម្ពីរ​ដែល​បង្រៀន​វា ។

  • តើ​អ្នក​បាន​រក​ឃើញ ( សេចក្តីយោង​បទគម្ពីរ ជំនួយ​នៃ​ការសិក្សា​និង​ផ្សេងៗទៀត ) ដែល​ធ្វើ​ឲ្យ​ការ​យល់​ដឹង​របស់​អ្នក​កាន់តែ​ស៊ីជម្រៅ និង​មានការ​យល់​ដឹង​បន្ថែម​ទៀត​ដែល​អ្នក​បាន​មក​ពី​ធនធាន​នេះ​ឬទេ ។

  • របៀប​ដែល​ការ​អនុវត្ត​គោលការណ៍​នេះ​នឹង​ជួយ​អ្នក​ឲ្យ​រក​ឃើញ​សេចក្ដី​អំណរ និងសេចក្ដី​សុខសាន្ត​ដ៏មហិមា​នៅ​ក្នុង​ព្រះ ។

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

តើ​ខ្ញុំ​អាច​ធ្វើ​អ្វី នៅពេល​ដែល​ពិបាក​ក្នុង​ការ​ស្វែងរក​សេចក្ដី​សុខសាន្ត និង​សេចក្តី​សង្ឃឹម​នោះ ?

តើ​ខ្ញុំ​អាច​រកឃើញ​សេចក្ដី​សុខសាន្ត​នៅក្នុង​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀបណា ?

អែលឌើរ អូលីសេស សូរ៉េស ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់ អែលឌើរ អូលីសេស សូរ៉េស ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។

ការស្វែងរក​ព្រះគ្រីស្ទ​នៅ​គ្រប់​ទាំង​គំនិត ហើយ​ធ្វើ​តាម​ទ្រង់​ឲ្យ​អស់​ពី​ដួង​ចិត្ត​របស់​យើង​តម្រូវ​ឲ្យ​យើង​ធ្វើ​ឲ្យ​គំនិត និង​បំណង​ប្រាថ្នា​របស់​យើង​ស្រប​ទៅ​នឹងព្រះ​តម្រិះ និង​ព្រះទ័យ​របស់​ទ្រង់ ។ បទគម្ពីរ​សំដៅ​ទៅ​លើ​ការ​ធ្វើ​ស្រប​នេះ​ថា​ជា ការ​« [ កំពុង ] ឈរ​ឲ្យ​មាំមួន​ក្នុង​ព្រះអម្ចាស់ » [ ភីលីព ៤:១ ] ។ ដំណើរ​នៃ​សកម្មភាព​នេះ​បញ្ជាក់​ថា យើង​ត្រូវ​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​មាន​ភាព​សុខដុម​នឹង​ដំណឹងល្អ​របស់​ព្រះគ្រីស្ទ​ជានិច្ច​ហើយ​ផ្ដោត​លើ​អ្វី​ដែល​ជា​រឿង​ល្អៗ​ជា​ប្រចាំ ។ ធ្វើ​ដូច្នេះ​យើង​អាច​សម្រេច​បាន​នូវ « សេចក្តី​សុខសាន្ត​របស់​ព្រះ​ដែល​ហួសលើស ពីអស់ទាំង​គំនិត » ហើយ​ដែល​នឹង « ជួយ​ការពារចិត្ត ហើយ​និង​គំនិត [ របស់​យើង ] នៅ​ក្នុង​ព្រះគ្រីស្ទ​ព្រះយេស៊ូវ » [ ភីលីព ៤:៧ ] ។

( អូលីសេស សូរ៉េស « Seek Christ in Every Thought » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៨២–៨៣ )

ស៊ីស្ទើរ ជីន ប៊ី ប៊ីងហាំ ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​បាន​បង្រៀន ៖

រូបភាព
រូបភាព​ផ្លូវការពាក់​កណ្តាល​ខ្លួន​របស់ ស៊ីស្ទើរ ជីន ប៊ី ប៊ីងហាំ ។ បានថត​នៅ​ឆ្នាំ ២០១៧ ។

ព្រះយេស៊ូវ​គ្រីស្ទ​ក៏​ជា​ប្រភព​នៃ សេចក្ដី​សុខសាន្ត ផង​ដែរ ។ ទ្រង់​អញ្ជើញ​យើង​ឲ្យ « ពឹង​ផ្អែក​លើ​ព្រះហស្ដ [ ទ្រង់ ] » [ « Lean on My Ample Arm » Hymns ល.រ. ១២០ ] ហើយ​សន្យា​នូវ « សេចក្ដីសុខសាន្ត … ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត » [ ភីលីព ៤:៧ ] ជា​អារម្មណ៍​មួយ​ដែល​កើត​មាន​ពេល​ព្រះវិញ្ញាណ​ទ្រង់ « មាន​ព្រះ​បន្ទូល​នូវ​សេចក្ដី​សុខសាន្ត​ដល់​ព្រលឹង​របស់​យើង » [ អាលម៉ា ៥៨:១១ ] មិន​ថា​បញ្ហា​ជុំ​វិញ​ខ្លួន​យើង​ជា​អ្វី​ឡើយ ។ មិន​ថា​វា​ជា​បញ្ហា​ផ្ទាល់​ខ្លួន ឧបសគ្គ​ក្នុង​គ្រួសារ ឬ​វិបត្តិ​ក្នុង​សហគមន៍​នោះ​ទេ សេចក្ដី​សុខសាន្ត​នឹង​កើត​មាន​ពេល​យើង​ទុក​ចិត្ត​ថា ព្រះរាជ​បុត្រា​ស្ងួន​ភ្ញា​របស់​ព្រះ​មាន​ព្រះចេស្ដា​ដើម្បី​រម្ងាប់​ព្រលឹង​ឈឺចាប់​របស់​យើង​បាន ។

( ជីន ប៊ី ប៊ីងហាំ « That Your Joy Might Be Full » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៨៦ )

តើ​ពរជ័យ​អ្វីខ្លះ​នឹង​កើតមាន នៅពេល​ខ្ញុំ​ស្វែងរក​សេចក្ដី​សុខសាន្ត​នៅក្នុង​ព្រះយេស៊ូវគ្រីស្ទ ?

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់ ប្រធាន រ័សុល អិម ណិលសុន ដែល​បាន​ថត​នៅ​ខែ មករា ឆ្នាំ ២០១៨

ឥឡូវ បង​ប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់​អើយ ខ្ញុំ​សូម​ប្រទានពរ​ឲ្យ​បងប្អូន​ត្រូវ​បាន​ពេញ​ទៅដោយ​សេចក្ដីសុខសាន្ដ​នៃ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។ សេចក្ដី​សុខសាន្ដ​របស់​ទ្រង់ គឺ​មាន​ហួស​ពី​ការយល់ដឹង​នៃជីវិត​រមែង​ស្លាប់​ទាំងអស់ ។ ខ្ញុំ​សូម​ប្រទានពរ​ដល់​បងប្អូន​ឲ្យ​មាន​បំណងប្រាថ្នា និង​សមត្ថភាព​កាន់តែ​ខ្លាំង​ដើម្បី​គោរព​តាម​ព្រះបញ្ញត្តិ​នៃ​ព្រះ ។ ខ្ញុំ​សូម​សន្យា​ថា នៅពេល​បងប្អូន​ធ្វើ​ដូច្នោះ នោះ​បងប្អូន​នឹង​ត្រូវ​បាន​ចាក់ស្រោច​ដោយ​ពរជ័យ​ទាំងឡាយ រួមទាំង​ការមានភាព​ក្លាហាន​កាន់តែ​ខ្លាំង និង​ចម្រើន​វិវរណៈ​ផ្ទាល់ខ្លួន មាន​ក្ដី​សុខុដុម​កាន់តែ​ផ្អែមល្ហែម​នៅក្នុង​គេហដ្ឋាន និង​មាន​សេចក្ដី​អំណរ​នៅកណ្ដាល​នៃ​ភាព​មិន​ប្រាកដ​ប្រជា ។

( រ័សុល អិម ណិលសុន « A New Normal » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ១១៩ )