ថ្នាក់​សិក្ខាសាលា
កូល៉ុស ១–២


កូល៉ុស ១–២

« បាន​ចាក់​ឫស ហើយ​ស្អាង​ឡើង​ក្នុង​ទ្រង់ »

រូបភាព
រូប​កាត់ចូលក្នុង​ដី​​ដើម្បី​បង្ហាញ​ពី​ឫស​ដើមឈើ​ដែល​ដុះ​ក្នុង​ស្ថានភាព​ខ្យល់ ។

ធម្មជាតិ​មាន​ថាមពល​ដែល​អាច​រំលើង​ទាំងឫស ឬ​បំផ្លាញទាំងដើម ដូច​គ្នា​ផង​ដែរ ​មាន​ថាមពល​ជា​ច្រើន​ដែល​ព្យាយាម​រំលើង​ឫស​យើង​ម្នាក់ៗ​ចេញ​ពី​គ្រឹះ​ខាង​វិញ្ញាណ​របស់​យើង​នៅក្នុង​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល ហេលេមិន ៥:១២ ) ។ ប៉ុល​បាន​សរសេរ​សំបុត្រ​របស់​លោក​ទៅ​កាន់​ពួក​កូល៉ុស ដោយសារ​សេចក្ដី​ជំនឿ​របស់​ពួកគេ​ត្រូវ​បាន​គំរាម​កំហែង​ដោយ​ការ​បង្រៀន និង​ការអនុវត្ត​ខុស​ឆ្គង ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ស្គាល់​ពី​ថាមពល​ដែល​គំរាមកំហែង​សេចក្តី​ជំនឿ​របស់​អ្នក និង​វិធី​ដែល​អ្នក​អាច​មាន​ភាពខ្ជាប់ខ្ជួន​ជាងមុន​នៅក្នុង​ព្រះយេស៊ូវគ្រីស្ទ ។

តើ​អ្នក​ដូចជា​ដើមឈើ​នោះ​យ៉ាង​ដូចម្ដេច ?

១. សូម​គូរ​រូបភាព​ដើម​​ឈើ​ហូប​ផ្លែ​ដែល​អ្នក​ចូលចិត្ត ហើយ​ធ្វើ​តាម​សេចក្ដី​ណែនាំ​ដើម្បី​បន្ថែម​វា​ចូល​ក្នុង​មេរៀន​ទាំងមូល ៖

  • សូម​គិត​អំពី​របៀប​ដែល​អ្នក​ប្រៀប​ដូចជា​ដើម​ឈើនេះ ។ ឧទាហរណ៍ សូម​គិត​អំពី​ឋាមពល​ដែល​ព្យាយាម​រំលើងឬស​ឬ​បំផ្លាញ​សេចក្ដី​ជំនឿ​របស់​អ្នក​ទៅ​លើ​ព្រះគ្រីស្ទ ។ សូម​គិត​អំពី​មូលហេតុ​ដែល​អ្នក​ត្រូវ​ការ​ជំនួយដើម្បី​ឈរ​យ៉ាង​រឹងមាំ​ប្រឆាំង​នឹង​ឋាមពល​ទាំងនោះ ដើម្បី​រីករាយ​នឹង​ផលផ្លែ​នៃ​ដំណឹងល្អ ។

ប៉ុល​បាន​ប្រើ​និមិត្តសញ្ញា​ដើមឈើ​មួយ​ដើម​ដើម្បី​ជួយ​ពួកបរិសុទ្ធ​នៅ​ទីក្រុង​កូល៉ុស​ឲ្យ​មើល​ឃើញ​ពី​សារៈសំខាន់​នៃ​ទំនាក់​ទំនង​របស់​ពួកគេ​ជាមួយ​ព្រះយេស៊ូវគ្រីស្ទ​កាន់តែ​ច្បាស់ ។ ទ្រង់​ក៏​បាន​ប្រើ​វា​ដើម្បី​ពង្រឹង​ពួកគេ​ប្រឆាំង​នឹង​ការបង្រៀន និង​ការអនុវត្ត​ខុស​ឆ្គង​ដែល​កំពុង​គំរាមកំហែង​ដល់​សេចក្តីជំនឿ​របស់​ពួកគេទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ​ផងដែរ ។ សូម​ស្វែងរក​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​យល់​កាន់តែ​ច្បាស់​ពី​ពាក្យសំដី​របស់​ប៉ុល ហើយ​ខិតខំ​អនុវត្ត​វា ។

ផលផ្លែ​នៃ​ដើមឈើ​

សូម​គិត​អំពី​ផ្លែឈើ​ដែល​ចេញ​ផ្លែ​មក​ពី​ដើមឈើ​ដែល​អ្នក​បានគូរ ហើយ​ហេតុអ្វី​បានជា​អ្នក​ចូលចិត្ត​វា ។

សូម​អាន កូល៉ុស ១:១០–២២ ។ សូម​រកមើល « ផ្លែឈើ » ( ឬពរជ័យ ) ដែលប៉ុល​ពិពណ៌នា ហើយ​គិត​អំពី​មូលហេតុ​ដែល​អ្នក​ចង់បាន​ផ្លែឈើ​ទាំងនេះ ។ សូម​គូរ​ផ្លែឈើ​នៅលើ​ដើមឈើ​របស់អ្នក ហើយ​បិទស្លាក​វា​ជាមួយ​នឹង​ការបង្រៀន​របស់​ប៉ុល ។

  • តើ​ប៉ុល​រកឃើញ​ផល​ផ្លែ ឬ​ពរជ័យ​អ្វីខ្លះ ?

  • តើ​ពេល​នេះ​អ្នក​ពេញ​ចិត្ត​នឹង​ផ្លែឈើ​មួយ​ណា ?

  • តើ​ផ្លែ​មួយណា​ដែល​អ្នកចង់​រីករាយ​ជាមួយ ? ហេតុអ្វី ?

សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក​នូវ​សេចក្តីថ្លែងការណ៍​ខាងក្រោម ហើយ​បញ្ចូល​ចម្លើយ​របស់អ្នក​ទៅ​ក្នុង​សំណួរមុនៗ​នៅក្នុង​ចន្លោះ​ទំនេរ​ទីមួយ ៖

  • ប្រសិនបើខ្ញុំចង់ ខ្ញុំត្រូវតែ

សូម​អាន កូល៉ុស ១:២៣ រកមើល​អ្វី​ដែល​ប៉ុល​បាន​មាន​ប្រសាសន៍​អំពី​តម្រូវការ​ដែល​យើង​ត្រូវ​ធ្វើ ដើម្បី​ទទួល​បាន​ផ្លែឈើ​ទាំងនេះ ។ សូម​បំពេញ​នៅ​ក្នុង​ចន្លោះ​ទីពីរ នូវ​អ្វី​ដែល​អ្នក​រកឃើញ​ ៖

  • តើ​ឃ្លា « បាន​ចាក់គ្រឹះ​ហើយ​មាំ​មួន​នៅក្នុង​សេចក្ដី​ជំនឿ » មានន័យ​យ៉ាងណា ? ( កូល៉ុស ១:២៣ ) ។

  • តើ​អ្នក​ដឹង​អ្វីខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ ដែល​លើក​ទឹកចិត្ត​អ្នក​ឲ្យ​ចាក់គ្រឹះ ហើយ​មាំ​មួន​នៅក្នុង​ទ្រង់ ?

  • តើ​សេចក្ដីពិត​បន្ថែម​អ្វី​ខ្លះ​អំពី​ទ្រង់​ដែល​អ្នក​បាន​រកឃើញ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ដែល​បង្កើន​ទំនុកចិត្ត ឬ​បំណង​ប្រាថ្នា​របស់​អ្នក​ដើម្បី​បាន​ចាក់គ្រឹះ​ហើយ​មាំ​មួន​នៅក្នុង​ទ្រង់ ?

សូមអាន កូល៉ុស ២:៦–៧ ដោយ​រកមើល​អ្វី​ដែល​ប៉ុល​បានបង្រៀន​អំពី​ឫស​នៃ​ដើម​ឈើ​របស់​យើង ។ សូម​ដាក់ស្លាក​លើ​បរិវេណ​ជុំវិញ​ដើមឈើ​របស់អ្នក​ដោយ​ផ្អែកលើ​អ្វីដែល​លោក​បាន​មាន​ប្រសាសន៍ ។

  • តើ​នៅ​កន្លែង​ណាដែល​ប៉ុល​បង្រៀន​ថា​យើង​ត្រូវ​តែ​ចាក់ឫស​របស់​យើង ?

  • តើ​អ្នក​គិត​ថា « បាន ចាក់ឫស » នៅក្នុង​ព្រះគ្រីស្ទ មាន​ន័យ​ដូចម្ដេច ?

  • តើ​ការ​ចាក់​ឫស​របស់​យើង​ទៅ​ក្នុង​ព្រះយេស៊ូវ​គ្រីស្ទ​ជួយ​យើង​ឲ្យ​បាន​ចាក់គ្រឹះ​ហើយ​មាំ​មួន​ដោយ​របៀបណា ? តើ​វា​មាន​លក្ខណៈ​បែបណា ?

សូម​គិត​អំពី​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​ថា​ជា​អ្នក​ដែល​បង្ហាញ​ពី​ការ​បាន​ចាក់គ្រឹះ​យ៉ាង​មាំមួន និង​ចាក់​ឫស​នៅ​ក្នុង​ព្រះគ្រីស្ទ ។

ឧទាហរណ៍​ទាំងពីរ​ខាងក្រោម​របស់​មនុស្ស​ពីរ​នាក់​ដែល​បាន​ចាក់​ឫស​នៅក្នុង​ព្រះ​គ្រីស្ទ ។ ស្ទីវីន ជេ ឡាន់ ជាប្រធាន​យុវជន​ទូទៅ​បាន​ចែកចាយ​ឧទាហរណ៍​មួយ​អំពី​កូនប្រុស​របស់គាត់​ដែល​ឈឺយ៉ាង​ខ្លាំង ប៉ុន្តែ​នៅតែ បន្ត​បំពេញ​កាតព្វកិច្ច​បព្វជិតភាព​របស់​គាត់​ដោយ​ស្មោះត្រង់ ។ ប្រសិន​បើអាច​សូម​មើល​វីដេអូ « Finding Joy in Christ » ចាប់ពី​នាទី​ទី ០:០៩ ដល់នាទីទី ៣:៥៧ ដើម្បី​ស្តាប់​ដំណើរ​រឿងនេះ ។

បងប្រុស អិម យ៉ូសែប ប្រ៊ូ ដែលបានបម្រើ​នៅក្នុង​គណៈ​ប្រធាន​យុវជនទូទៅ បាន​ចែកចាយ​ដំណើរ​រឿង​មួយ​អំពី​កូនស្រី​វ័យ​ជំទង់​របស់​គាត់ ដែល​ស្មោះត្រង់​ក្នុង​ការស៊ូទ្រាំ​នឹង​បញ្ហា​ប្រឈម​នៃ​ការផ្លាស់​ទៅ​តំបន់ថ្មី​ហើយ​ជ្រើស​រើស​បម្រើ​បេសកកម្ម ។ ប្រសិន​បើអាច សូមមើល​វីដេអូ « Lift Up Your Head and Rejoice » ចាប់ពី​​នាទី​ទី ៥:៤៨ ដល់​នាទី​ទី ៧:៤៨ ដើម្បីស្តាប់​ដំណើរ​រឿងនេះ ។

សូម​គូរឫស​ដែល​ជ្រៅ និង​រឹងមាំ​សម្រាប់​ដើមឈើ​របស់អ្នក ។ សូម​ដាក់ស្លាក​ឫស​មួយចំនួន​ជាមួយនឹង​គុណលក្ខណៈ​ដែល​មនុស្ស​ទាំងនេះ​មាន ឬអំពើ​ដែលពួកគេធ្វើ ដែល​អ្នក​មាន​អារម្មណ៍ថា​ភ្ជាប់​ពួកគេ​យ៉ាងរឹងមាំ​ទៅនឹង​ព្រះយេស៊ូវគ្រីស្ទ ។

សូម​រំឭក កូល៉ុស ១:២៣; ២:៦–៧ ។ បន្ទាប់មក សូមអាន កូល៉ុស ២:៨, ១២ និង​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ ប្រធាន ដាល្លិន អេក អូក នៃ​គណៈប្រធាន​ទីមួយ ។ សូម​ដាក់ស្លាក​ឫស​នៃមែកធាង​របស់​អ្នក​ជាមួយ​នឹង​វិធី​បន្ថែម​ដែលយើង​អាច​ភ្ជាប់ខ្លួន​យើងទៅ​នឹង​ព្រះអង្គ​សង្គ្រោះ​កាន់​តែរឹងមាំ ។

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់ ប្រធាន ដាល្លិន អេក អូក ដែល​បាន​ថត​នៅ ខែ មីនា ឆ្នាំ ២០១៨ ។

យើង​ត្រូវតែ​ព្យាយាម​ចាក់​ឫស​ដ៏រឹងមាំ ហើយ​ប្រែចិត្តជឿ​លើដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល កូល៉ុស ២:៦–៧ ) ។ យើង​ត្រូវសម្រេច​ឲ្យ​បាននូវ​ការប្រែចិត្តជឿ​នេះ ដោយ​ការអធិស្ឋាន ការអាន​ព្រះគម្ពីរ ការបម្រើ និង​ដោយការ​ទទួលទាន​សាក្រាម៉ង់​ជាប្រចាំ ដើម្បីមាន​ព្រះវិញ្ញាណ​របស់​ទ្រង់នៅ​ជាមួយនឹង​យើង​ជានិច្ច ។ យើងក៏​ត្រូវស្វែងរក​នូវ​ការ​ផ្លាស់ប្តូរ​យ៉ាងធំ​នៃដួង​ចិត្ត ( សូមមើល អាលម៉ា ៥:១២–១៤ ) ដែល​ជំនួសឲ្យ​សេចក្តី​ប្រាថ្នា​ដែល​អាក្រក់ និង​សេចក្តីកង្វល់​ដែល​គិត​តែ​ពី​ខ្លួន​ឯង ជាមួយនឹង​សេចក្តី​ស្រឡាញ់​របស់​ព្រះ និង​សេចក្តី​ប្រាថ្នា ដើម្បី​បម្រើ​ទ្រង់​និង​កូនចៅ​របស់ទ្រង់​វិញ ។

( ដាល្លិន អេក អូក « The Parable of the Sower » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៣៥ )

  • តើ​ជីវិត​របស់​អ្នក​នឹង​ខុស​គ្នា​យ៉ាង​ណា ប្រសិន​បើ​អ្នក​ចាក់ គ្រឹះ​កាន់​តែ​រឹងមាំ ហើយ​មាំមួន​ក្នុង​ព្រះគ្រីស្ទ ?

មនុស្ស​ជា​ច្រើន​អាច​នឹង​ធ្វើ​ការជ្រើសរើស​ដែល​អាច​ចាក់​ឫស​របស់​ពួក​គេ​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ព្រះគ្រីស្ទ ប៉ុន្តែ​វិធី​ដែល​ពួក​គេ​ធ្វើ​តាម​ការ​ជ្រើសរើស​ទាំង​នោះ​ពិត​ជា​មិន​បាន​បង្កើត​លទ្ធផល​ដ៏​មាន​អត្ថន័យ​នោះ​ទេ ។ ឧទាហរណ៍ មនុស្ស​ម្នាក់​អាចអាន​ព្រះគម្ពីរ​របស់​ពួកគេ​ជារៀង​រាល់ថ្ងៃ ប៉ុន្តែ​មិនចំណាយ​ពេល​ស្វែងយល់​ពិចារណា និង​អនុវត្ត​សេចក្តី​ពិត​នៃ​ព្រះគម្ពីរ​នោះទេ ។ សូម​ពិចារណា​ពីរបៀប​ដែល​អ្នកបាន​ធ្វើតាម​ជម្រើស​របស់អ្នក ហើយពិចារណា​​ប្រសិន​បើ​ជម្រើស​ទាំងនោះ​ត្រូវការ​ការផ្លាស់ប្តូរ ។

ការ​ទប់ទល់នឹង​ឋាមពល​ដែលរំលើង​ឫស

គឺ​ដូច​ជា​មាន​ថាមពល​ធម្មជាតិ​ដែល​អាចរំលើង​ឫស ឬ​បំផ្លិច​បំផ្លាញ​ដើម​ឈើ​ដែរ ទន្ទឹម​នឹង​នោះ​ក៏​មាន​ថាមពល​ដែល​ព្យាយាម​រំលើង​ឫស​យើង​ចេញ​ពី​គ្រឹះ​ខាង​វិញ្ញាណ​របស់​យើង​នៅ​ក្នុង​ព្រះយេស៊ូវគ្រីស្ទ​ផងដែរ ។

នៅជុំវិញ​ដើម​ឈើ​របស់​អ្នក សូម​គូររូប​ខ្យល់ ឬព្យុះ​ដែលអាច​រំលើង​ឫស​ដើមឈើ​របស់អ្នក ។ សូម​ដាក់ស្លាក​ខ្យល់ និង​ព្យុះ​ទាំងនេះ​ជាមួយ​នឹង​ថាមពល​ដែល​អាច​រំលើង​ឫស​អ្នក​ចេញ​ពី​ការ​ចាក់​គ្រឹះ​ហើយ​មាំមួន​នៅក្នុង​ព្រះយេស៊ូវគ្រីស្ទ ។ អ្នក​អាច​នឹង​ចង់​អាន កូល៉ុស ២:៤, ៨ ដើម្បី​មើល​ឃើញ​ពី​ឋាមពល​មួយ​ចំនួន​ដែល​ពួកបរិសុទ្ធ​នៅ​កូល៉ុស​កំពុង​ជួបប្រទះ ។

  • តើ​ឫស​ដែល​អ្នក​បាន​រក​ឃើញ​នៅ​ថ្ងៃ​នេះ​អាច​ជួយ​អ្នក​ទទួល​បាន​ព្រះ​ចេស្តា​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​ឈរ​យ៉ាង​រឹងមាំ​ប្រឆាំង​នឹង​ថាមពល​ដែល​អ្នក​បាន​ជួប​ដោយ​របៀបណា ?

បើអាច សូម​មើល​វីដេអូ « Spiritual Whirlwinds » ( ២:២៤ ) ។ សូម​ស្វែង​យល់​ពី​របៀប​ដែល​ការចាក់​គ្រឹះ​ហើយ​មាំ​មួន​នៅក្នុង​ព្រះគ្រីស្ទ​អាច​ជួយ​អ្នក​បាន ។

សូម​ស្វែងរក​ជំនួយ​ពី​ព្រះវរបិតាសួគ៌ តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ ដើម្បី​ដឹង​ពី​អ្វី​ដែល​អ្នក​កំពុង​តែធ្វើ​បានល្អ និង​អ្វី​ដែលអ្នក​អាច​ធ្វើ​បានកាន់​តែប្រសើរ ដើម្បី​កាន់​តែ​អាច​ចាក់​គ្រឹះ​មាំមួន​នៅក្នុង​ព្រះយេស៊ូវគ្រីស្ទ ។ សូម​សរសេរ​គំនិត និង​ចំណាប់​អារម្មណ៍​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ហើយ​ប្តេជ្ញា​ចិត្ត​ដើម្បី​តាម​ដានវា ។

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ? 

ហេតុអ្វី​យើងចាំបាច់​ត្រូវ​ចាក់ឫស​នៅ​ក្នុងព្រះគ្រីស្ទ ?

អែលឌើរ នែល អេ ម៉ាក់ស្វែល ( ឆ្នាំ ១៩២៦–២០០៤ ) ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ដូចនេះ ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​ចុងក្រោយ​​របស់ ប្រធាន នែល អេ ម៉ាក់ស្វែល ឆ្នាំ ១៩៩២ ។

ព្រឹត្តិការណ៍ និង​កាលៈទេសៈ​នា​ថ្ងៃ​ចុង​ក្រោយ​នេះ ធ្វើ​ឲ្យ​មាន​ភាពចាំបាច់​សម្រាប់​យើង​ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ ដើម្បី​ចាក់គ្រឹះ ចាក់ឫស បង្កើត និង​មាំមួន​កាន់​តែ​ខ្លាំង ( សូម​មើល កូល៉ុស ១:២៣; ២:៧; ពេត្រុស ទី២ ១:១២ ) ។ ព្រះយេស៊ូវ​មានបន្ទូល​ទៅកាន់​សិស្ស​ទ្រង់​ថា « ចូរ​មាំមួន​នៅក្នុង​ដួងចិត្ត​របស់​អ្នក ដើម្បី​អ្នកនឹង​ធ្វើ​នូវរឿង​ទាំងឡាយ ដែល​យើងនឹង​បង្រៀន ហើយ​បង្គាប់​ដល់អ្នក » [ Joseph Smith Translation Luke 14:28 ] ។ បើ​មិន​មាំមួន​ទេ ភាព​ចលាចល​នឹង​ធ្ងន់ធ្ងរ ។ ប្រសិនបើ​មាំមួន​នោះ​យើង​នឹង​មិន​ត្រូវ​បាន « បោក ហើយ​ផាត់​ចុះ​ឡើង » [ អេភេសូរ ៤:១៤ ] មិន​ថា​ដោយ​ពាក្យ​ចចាមអារ៉ាម គោលលទ្ធិ​ខុស​ឆ្គង ឬ​ដោយ​ឥរិយាបថ និង​ដោយ​បញ្ញា​របស់​លោកិយ៍​នោះ​ទេ ។ …

ទោះ​ជាយ៉ាងណា​យើង​មិន​អាច​មាំមួន ដោយ​ធ្វើ​តាម​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​បង្គាប់​ឡើយ លុះ​ត្រា​តែ​ យើង​មាំមួន​នៅ​ក្នុង​ទ្រង់​ជាមុន​សិន ។ ​… ដូច្នេះ ភារកិច្ច​របស់​យើង​គឺ « សម្រុះសម្រួល​ [ ខ្លួន​យើង ] ទៅតាម​បំណង​នៃព្រះ មិន​មែន​តាមបំណង​នៃ​ … ​​ខាងសាច់ឈាម​ទេ » ( នីហ្វៃទី២ ១០:២៤ ) ។

( នែល អេ ម៉ាក់ស្វែល « Overcome … Even As I Also Overcame » Liahona ខែ ឧសភា ឆ្នាំ ១៩៨៧ ទំព័រ ៧០ )

អ្នក​ក៏​ប្រហែល​ជា​ចង់​មើល « Finding Refuge from the Storms of Life » ចាប់ពី​នាទី​ទី ០:០០ ដល់​នាទី​ទី ៣:៤៩ ដើម្បី​មើល អែលឌើរ រីកាដូ ភី ហ្គីមីណេស ផ្ដល់​ការយល់​ដឹង​បន្ថែម​ទៀត ។

កូល៉ុស ២:១៣–១៥ ។ តើ​ប៉ុល​បាន​បង្រៀន​ពួកបរិសុទ្ធ​នៅ​ក្រុង​កូល៉ុស​អ្វីខ្លះ​អំពី​និមិត្តរូប​នៃ​ការ​ឆ្កាង​របស់​ព្រះអង្គ​សង្គ្រោះ ?

ប៉ុល​បាន​រំឭក​ពួកបរិសុទ្ធ​នៅ​ទីក្រុង​កូល៉ុស​ថា ព្រះ​បាន​អត់ទោស​ដល់​ពួកគេ ( សូមមើល កូល៉ុស ១:១៤, ២០, ២២ ) ។ រូបភាព​ដែល​ប៉ុល​បាន​ប្រើ​ក្នុង កូល៉ុស ២:១៤–១៥ បញ្ជាក់​ពី​របៀប​ដែល​ដង្វាយធួន​របស់​ព្រះគ្រីស្ទ​ធ្វើ​ឲ្យ​យើង​បាន​លើកលែង​ទោស​ពីអំពើ​បាប​របស់យើង ។ នៅ​សម័យ​របស់​ប៉ុល វា​ជា​ទម្លាប់​សម្រាប់​ជនជាតិ​រ៉ូមក្នុ​ង​ការ​សរសេរ​នៅ​លើ​ផ្ទាំង​បដា​​នូវ​បទ​ឧក្រិដ្ឋ​ដែល​បុគ្គល​ជាប់ទោស​បាន​ប្រព្រឹត្ត ។ នៅ​ពេល​អ្នក​ប្រព្រឹត្ត​ខុស​ត្រូវ​បាន​គេ​ឆ្កាង នោះ​បដា​ក៏​ត្រូវ​បាន​ដោត​ជាប់​នឹង​ឈើឆ្កាង​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​មើល​ឃើញ ( សូមមើល យ៉ូហាន ១៩:១៩–២២ ) ។ ប៉ុល​បាន​ប្រើ​រូបភាព​នេះ​នៅ​ក្នុង ខទី ១៣–១៥ ដើម្បី​បង្រៀន​ពួក​កូល៉ុស​ថា​ពួកគេ​បាន​ទទួល​ការ​លើកលែង​ទោស ។ វាហាក់​ដូចជា​បញ្ជី​នៃ​ការកាត់​ទោស និង​ការចោទប្រកាន់​ខាងវិញ្ញាណ​ទាំងអស់​ប្រឆាំង​នឹង​ពួកបរិសុទ្ធ​ក្រុង​កូល៉ុស ត្រូវបាន​ដាក់​នៅលើផ្ទាំង​បដាមួយ ហើយ​បាន​ដោត​ជាប់​នឹង​ឈើឆ្កាង ។ តាមរយៈ​ការ​ឆ្កាង​ព្រះយេស៊ូវ​គ្រីស្ទ នោះ​គ្រប់​យ៉ាង​ត្រូវ​បាន​លុបចេញ ឬ​បំភ្លេច​ចោល ។