ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ៦:១៩–៣៤


ម៉ាថាយ ៦:១៩–៣៤

« ចូរស្វែងរកនគរនៃព្រះជាមុនសិន »

រូបភាព
Christ teaches that all things shall be added unto those who seek the kingdom of God.

ជាផ្នែកមួយនៃទេសនកថានៅលើភ្នំ ព្រះយេស៊ូវគ្រីស្ទបានបង្រៀនពួកសិស្សរបស់ទ្រង់ឲ្យ « ស្វែងរក [ ដើម្បីស្ថាបនា ] … នគរនៃព្រះជាមុនសិន » ( ម៉ាថាយ ៦:៣៣ ) ។ នៅក្នុងមេរៀននេះ អ្នកនឹងមានឱកាសសញ្ជឹងគិត និងចែករំលែកសារៈសំខាន់នៃការដាក់ព្រះជាចម្បងនៅក្នុងជីវិតរបស់អ្នក ។

សូមអានសាច់រឿងនៃជីវិតពិតដូចខាងក្រោម ៖

  • យុវជនម្នាក់នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក គឺជាអ្នកពូកែខាងជិះក្ដាររអិលលើទឹក ប៉ុន្តែថ្នាក់សិក្ខាសាលាត្រូវបានកំណត់ពេលវេលាដូចគ្នានឹងការហាត់សម្រាប់ក្រុមក្ដាររអិលលើទឹកនៅវិទ្យាល័យរបស់គាត់ ។

  • នារីវ័យក្មេងម្នាក់នៅក្នុងប្រទេសប្រេស៊ីល ត្រូវបានគេអញ្ជើញឲ្យចូលរួមកន្លែងកិត្តិយសនៅឯពិធីខួបកំណើតគម្រប់ខួប ១៥ ឆ្នាំ របស់មិត្តរបស់នាង ប៉ុន្តែនាងត្រូវគេតម្រូវឲ្យស្លៀកសម្លៀកបំពាក់ដែលមិនស្របតាមបទដ្ឋានរបស់នាង ។

  • យុវជនម្នាក់នៅប្រទេសនូវែលសេឡង់គឺជាកីឡាករបាល់ឱបដ៏មានទេពកោសល្យមា្នក់ ដែលគិតថា គេនឹងទទួលយកគាត់ជាអ្នកលេងលក្ខណៈអាជីព ប៉ុន្តែគាត់មានអាយុគ្រប់គ្រាន់ដើម្បីទៅបម្រើបេសកកម្មពេញម៉ោង ។

ទាំងនេះជាឧទាហរណ៍នៃស្ថានភាព ដែលយុវវ័យអាចជ្រើសរើសយកព្រះជាចម្បងនៅក្នុងជីវិតរបស់ពួកគេ ទោះបីវាមិនងាយស្រួលក៏ដោយ ។

  • តើសំណួរ ឬកង្វល់អ្វីខ្លះដែលយុវវ័យនៅក្នុងស្ថានភាពទាំងនេះអាចមាន អំពីការដាក់ព្រះជាចម្បងនៅក្នុងជីវិតរបស់ពួកគេ ?

  • តើអ្នក និងមិត្តភក្តិរបស់អ្នកអាចមានសំណួរ ឬកង្វល់អ្វីខ្លះអំពីការដាក់ព្រះជាចម្បងនៅក្នុងជីវិតរបស់អ្នក ?

នៅពេលអ្នកសិក្សាមេរៀននេះ សូមទូលទៅព្រះអម្ចាស់ឲ្យជួយអ្នកដោះស្រាយកង្វល់របស់អ្នក ហើយទទួលអារម្មណ៍ពីសារៈសំខាន់នៃការដាក់ទ្រង់ជាចម្បង ។សូមសិក្សាបណ្ដុំខគម្ពីរណាមួយនៅខាងក្រោមនេះ ។ សូមស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យស្វែងរក និងយល់ពីសេចក្តីពិត ដែលព្រះអង្គសង្គ្រោះបានបង្រៀន ដែលអាចជួយអ្នកឲ្យដាក់ព្រះជាចម្បងនៅក្នុងជីវិតរបស់អ្នក ។

សិស្សអាចជ្រើសរើសបណ្ដុំណាមួយដែលពួកគេចង់សិក្សា ឬពួកគេអាចត្រូវបានចាត់ឲ្យសិក្សាជម្រើស ក ឬ ជម្រើស ខ ។ វាអាចមានគុណប្រយោជន៍ក្នុងការបង្ហាញជម្រើសខាងក្រោមនៅលើក្តារខៀន ។

ជម្រើស ក ៖ ម៉ាថាយ ៦:១៩–២៤នៅក្នុងខគម្ពីរទាំងនេះ ព្រះអង្គសង្រ្គោះបានប្រើពាក្យ ទ្រព្យសម្បត្តិ ដើម្បីមានន័យថា អ្វីដែលយើងឲ្យតម្លៃខ្លាំង និង ភ្នែក ដើម្បីជានិមិត្តរូបនៃចក្ខុវិស័យ ឬការផ្តោតអារម្មណ៍របស់យើងនៅក្នុងជីវិត ។ ការបកប្រែដោយ យ៉ូសែប ស៊្មីធ បានបញ្ជាក់ច្បាស់ពីអ្វីដែលព្រះអម្ចាស់បានបង្រៀននៅក្នុង ខទី ២២ ថា « បើសិនជាភ្នែករបស់យើងស្មោះស្ម័គ្រទាំងស្រុងទៅចំពោះ សិរីល្អនៃព្រះ នោះរូបកាយយើងទាំងមូលនឹងបានពោរពេញទៅដោយពន្លឺ » ( ការបកប្រែដោយ យ៉ូសែប ស៊្មីធ ម៉ាថាយ ៦:២២ [ នៅក្នុង ឧបសម្ព័ន្ធការបកប្រែដោយ យ៉ូសែប ស៊្មីធ ]; សូមមើលផងដែរ គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៦៧ ) ។ ដូចគ្នានេះផងដែរ វាអាចមានគុណប្រយោជន៍ក្នុងការកត់សម្គាល់ថាពាក្យ ទ្រព្យសម្បត្តិ សំដៅទៅលើភាពលោកីយ៍ ឬភាពមានបាន ( សូមមើល ម៉ាថាយ ៦:២៤ ) ។

ជម្រើស ខ ៖ ម៉ាថាយ ៦:២៥–៣៤ការបកប្រែដោយ យ៉ូសែប ស៊្មីធ នៃខគម្ពីរទាំងនេះបញ្ជាក់ច្បាស់ថា ព្រះអម្ចាស់កំពុងតែមានបន្ទូលទៅកាន់ពួកសាវករបស់ទ្រង់ អំពីការទទួលខុសត្រូវរបស់ពួកគេដើម្បី « ចូល … ទៅក្នុងពិភពលោក … បង្រៀនប្រជាជន » ( ការបកប្រែដោយ យ៉ូសែប ស៊្មីធ ម៉ាថាយ ៦:២៥–២៦ [ នៅក្នុងឧបសម្ព័ន្ធការបកប្រែដោយ យ៉ូសែប ស៊្មីធ ] ) ។ ការណែនាំរបស់ព្រះអម្ចាស់គឺជាក់លាក់ចំពោះសាវកទាំងដប់ពីរនាក់នៅពេលនេះ ប៉ុន្តែគោលការណ៍ដែលទ្រង់បានបង្រៀនក៏អនុវត្តចំពោះយើងផងដែរ ។ សូមកត់សម្គាល់គំរូអំពីរបៀបដែលព្រះថែរក្សាការបង្កបង្កើតរបស់ទ្រង់ រួមទាំងយើងផងដែរ ។ នៅពេលអ្នកសិក្សា សូមយកចិត្តទុកដាក់លើ ខទី ៣៣ ៖ ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ នៃខនេះចាប់ផ្តើមថា « ហេតុដូច្នោះហើយ ចូរកុំស្វែងរកអ្វីៗនៃលោកិយនេះឡើយ ប៉ុន្តែចូរអ្នកស្វែងរកដើម្បីកសាងនគរព្រះ » ( ការបកប្រែដោយ យ៉ូសែប ស៊្មីធ ម៉ាថាយ ៦:៣៨ [ នៅក្នុងឧបសម្ព័ន្ធការបកប្រែដោយ យ៉ូសែប ស៊្មីធ ] ) ។

  • ពេលអ្នកអានបន្ទូលរបស់ព្រះអង្គសង្គ្រោះ ហើយអញ្ជើញការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ តើអ្នករកឃើញអ្វីខ្លះដែលមានន័យសម្រាប់អ្នក ? ហេតុអ្វីវាមានអត្ថន័យ ?

ព្រះអង្គសង្គ្រោះបានបង្រៀនគោលការណ៍ពិតនៅក្នុងខគម្ពីរទាំងនេះ រួមមានគោលការណ៍ដែលថា យើងមិនអាចបម្រើព្រះផង និងទ្រព្យសម្បត្តិផង ( ឬលោកិយ ) បានទេ ហើយថា ប្រសិនបើយើងស្វែងរកដើម្បីកសាងនគរព្រះជាមុនសិន នោះទ្រង់នឹងប្រទានពរដល់យើងនូវអ្វីដែលទ្រង់ជ្រាបថាយើងត្រូវការ ។

  • តើអ្នកដឹងអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដែលនឹងជំរុញអ្នកឲ្យដាក់ទ្រង់ទាំងទ្វេជាចម្បងនៅក្នុងជីវិតរបស់អ្នក ?

ប្រសិនបើអាច សូមមើលវីដេអូមួយក្នុងចំណោមវីដេអូខាងក្រោម អំពីយុវវ័យដែលដាក់ព្រះជាចម្បង ។ វីដេអូទាំងឡាយត្រូវនឹងស្ថានភាពនៅដើមមេរៀននេះ ។ ( វីដេអូទាំងអស់មាននៅលើគេហទំព័រ ChurchofJesusChrist.org ) ។

« No Regrets » ( ៥:៣៨ ) ៖ យុវជនដែលជិះក្ដាររអិលលើទឹក ។

« Virtuous Young Women » ( ៣:៥០ ) ៖ យុវនារីដែលត្រូវបានគេស្នើសុំឲ្យស្លៀកសម្លៀកបំពាក់មិនសមរម្យ ។

« Your Day for a Mission » ( ៣:៣១ ) ៖ យុវជនដែលលេងបាល់ឱប ។

2. Complete the following activity in your study journal.

  • តើអ្នកចូលចិត្តអ្វីខ្លះអំពីវីដេអូ ? តើអ្នកបានរៀនអ្វីខ្លះអំពីការដាក់ព្រះជាចម្បង ?

  • តើអ្នកបានដាក់ព្រះជាចម្បងក្នុងជីវិតរបស់អ្នកនៅពេលណា ?

  • តើពរជ័យអ្វីខ្លះដែលអ្នកបានឃើញ ជាលទ្ធផលនៃការសម្រេចចិត្តរបស់អ្នក ?

សូមចំណាយពេលបន្តិចដើម្បីគិតអំពីរបៀបដែលការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ឲ្យដាក់ព្រះជាចម្បងក្នុងជីវិតរបស់អ្នក អនុវត្តចំពោះអ្នក ។ សូមបន្តស្វែងរកការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នកបញ្ចប់មេរៀននេះ ។

សូមស្រមៃថា គណៈប្រធានស្តេក ឬគណៈប្រធានមណ្ឌលរបស់អ្នកបានអញ្ជើញកូរ៉ុម ឬថ្នាក់របស់អ្នកឲ្យបង្កើតវីដេអូមួយ ដើម្បីជួយយុវជនក្នុងតំបន់របស់អ្នកឲ្យមានអារម្មណ៍ជំរុញឲ្យដាក់ព្រះជាចម្បងក្នុងជីវិតរបស់ពួកគេ ។ គណៈប្រធានគ្រោងនឹងបង្ហាញវីដេអូនេះនៅក្នុងព្រឹត្តិការណ៍យុវវ័យមួយ ។

២ . សូមបំពេញសកម្មភាពខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។

សូមបង្កើតគ្រោងលម្អិតសម្រាប់វីដេអូអ្នក ។ ( អ្នកមិនចាំបាច់ថតវីដេអូទេ អ្នកគ្រាន់តែត្រូវរៀបចំផែនការប៉ុណ្ណោះ ) ។ សូមរួមបញ្ចូលចំណុចខាងក្រោមនៅក្នុងគម្រោងរបស់អ្នក ៖

  • យ៉ាងហោចណាស់មានសេចក្តីពិតមួយ ដែលព្រះអង្គសង្គ្រោះបានបង្រៀននៅក្នុង ម៉ាថាយ ៦ និងការពន្យល់ពីរបៀបដែលវាអាចជួយយុវវ័យ ឲ្យដាក់ព្រះជាចម្បងនៅក្នុងជីវិតរបស់ពួកគេ ។

  • ឧទាហរណ៍ពីមនុស្សសម័យថ្មីដែលគេដាក់ព្រះជាចម្បងនៅក្នុងជីវិតរបស់ពួកគេ ។ ឧទាហរណ៍នេះអាចជាបទពិសោធន៍ផ្ទាល់ខ្លួន ឬបទពិសោធន៍របស់នរណាម្នាក់ដែលអ្នកស្គាល់ ។ សូមសរសេរឧទាហរណ៍សង្ខេបសាមញ្ញមួយ ។

សូមដាក់បញ្ចូលគម្រោងខាងក្រោមនេះមួយ ឬច្រើននៅក្នុងគម្រោងរបស់អ្នក ៖

  • សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំសាសនាចក្រ

  • រូបភាព ឬការបង្ហាញឲ្យឃើញ ដែលអ្នកអាចនឹងដាក់បញ្ចូល និងពេលវេលាដែលអ្នកដាក់បញ្ចូលវា

  • ទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នក

អ្នកប្រហែលជាចង់ចែករំលែកគម្រោងរបស់អ្នកសម្រាប់វីដេអូនេះជាមួយគ្រួសារ និងមិត្តភក្តិ ។ ពេលវេលាល្អដើម្បីធ្វើដូចនេះ អាចជាពេលពិភាក្សាពីប្រធានបទនេះជាមួយក្រុមគ្រួសាររបស់អ្នក នៅក្នុងការសិក្សា ចូរមកតាមខ្ញុំ របស់អ្នក ។

ប្រសិនបើអ្នកមានសមត្ថភាព សូមពិចារណាធ្វើវីដេអូរបស់អ្នក ហើយចែករំលែកវាជាមួយអ្នកដទៃ ។

សូមជ្រើសរើសប៊ូតុង បញ្ជូនកិច្ចការ ឬផ្ទាំង ការបញ្ជូន ដើម្បីដាក់បញ្ចូលគម្រោងរបស់អ្នក ។