ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ១៩:១–១២


ម៉ាថាយ ១៩:១–១២

អាពាហ៍ពិពាហ៍គឺត្រូវបានតែងតាំងមកពីព្រះ

រូបភាព
Temple Marriage

ព្រះយេស៊ូវគ្រីស្ទបានឆ្លើយសំណួរ ហើយបង្រៀនសេចក្ដីពិតអំពីអាពាហ៍ពិពាហ៍ និងការលែងលះ ។ មេរៀននេះអាចជួយអ្នកឲ្យយល់ពីរបៀបដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានប្រទានវិធីមួយ ដើម្បីជួយអ្នកឲ្យមានអាពាហ៍ពិពាហ៍ដ៏រីករាយ និងនៅអស់កល្បជានិច្ចនៅថ្ងៃអនាគតរបស់អ្នក ។

អាពាហ៍ពិពាហ៍គឺជាផ្នែកមួយនៃផែនការរបស់ព្រះ

រូបភាព
A bicycle wheel photographed against a white background.
  • តើនឹងមានអ្វីកើតឡើងចំពោះកង់នេះ ប្រសិនបើដុំកង់ ( ចំណុចកណ្តាលរបស់កង់ ) ត្រូវបានដកចេញនោះ ?

សូមអានកថាខណ្ឌទីមួយនៃ « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ដោយស្វែងរកអ្វីដែលសំខាន់ចំពោះផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ ។

យើងជាគណៈប្រធានទីមួយ និងក្រុមប្រឹក្សានៃពួកសាវកដប់ពីរនាក់នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ សូមប្រកាសជាឱឡារិកថា អាពាហ៍ពិពាហ៍រវាងបុរស និងស្ត្រី គឺត្រូវបានតែងតាំងឡើងដោយព្រះ ហើយថាគ្រួសារជាផ្នែកដ៏សំខាន់មួយនៅក្នុងផែនការរបស់ព្រះដ៏បង្កបង្កើតសម្រាប់គោលដៅដ៏នៅអស់កល្បជានិច្ចនៃកូនចៅរបស់ទ្រង់ ។

( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » នៅលើគេហទំព័រ ChurchofJesusChrist.org )

  • តើតួនាទីរបស់ក្រុមគ្រួសារនៅក្នុងផែនការរបស់ព្រះអាចប្រៀបធៀបទៅនឹងដុំកង់មួយដោយរបៀបណា ?

  • តើអ្នកគិតថា វាមានន័យដូចម្ដេចដែលថាអាពាហ៍ពិពាហ៍គឺត្រូវ « បានតែងតាំងមកពីព្រះ » ?

  • តើឃ្លាខាងក្រោមនេះមួយណា ដែលពិពណ៌នាអំពីអារម្មណ៍បច្ចុប្បន្នរបស់អ្នកចំពោះអាពាហ៍ពិពាហ៍ ? ( សូមជ្រើសរើសរាល់ចម្លើយដែលត្រឹមត្រូវ ) ។

  • រំភើប—« ខ្ញុំទន្ទឹងរង់ចាំដល់ពេលវេលាដែលនឹងមកដល់ » ។

  • ភ័យណាស់—« តើខ្ញុំនឹងរកឃើញដៃគូដ៏នៅអស់កល្បដែរឬទេ ? »

  • បារម្ភ—« ខ្ញុំឃើញអាពាហ៍ពិពាហ៍អភ័ព្វ និងការលែងលះច្រើនពេក » ។

  • ច្របូកច្របល់—« មានមតិផ្សេងគ្នាជាច្រើនអំពីអាពាហ៍ពិពាហ៍ » ។

អាពាហ៍ពិពាហ៍មានន័យថាអស់កល្បជានិច្ច

នៅសម័យព្រះគម្ពីរសញ្ញាថ្មី មនុស្សមួយចំនួនបានប្រកែកថា ក្រឹត្យវិន័យរបស់ម៉ូសេបានគាំទ្រដល់ការលែងលះ ដោយសារហេតុផលតូចតាច ឬអាត្មានិយមក៏ដោយ ។ ព្រះអង្គសង្គ្រោះបានបង្រៀនសេចក្ដីពិតសំខាន់ៗអំពីអាពាហ៍ពិពាហ៍ ដើម្បីឆ្លើយតបនឹងសំណួរពីសំណាក់ពួកផារិស៊ីអំពីការលែងលះ ។ នៅពេលអ្នកសិក្សាពីការបង្រៀនរបស់ទ្រង់ សូមសញ្ជឹងគិតពីរបៀបដែលអ្នកអាចទុកចិត្តលើការបង្រៀនរបស់ព្រះអង្គសង្គ្រោះអំពីអាពាហ៍ពិពាហ៍ ទោះបីជាវាខុសពីអ្វីដែលពិភពលោកបង្រៀនក៏ដោយ ។

សូមអាន ម៉ាថាយ ១៩:៣–៨ ។ សូមគូសចំណាំពាក្យ ឬឃ្លាដែលបង្ហាញពីរបៀបដែលព្រះអម្ចាស់ទតមើលទៅអាពាហ៍ពិពាហ៍ ។ សូមកត់ចំណាំថា « លែងប្រពន្ធ » នៅក្នុងខគម្ពីរទាំងនេះមានន័យថា ការលែងលះ ឯ « ពង្រាត់មនុស្ស » មានន័យថាបែកពីគ្នា ហើយ « ពីដើមមក » មានន័យថា ដូចដែលត្រូវបានបង្កើតឡើងដោយព្រះនៅពេលបង្កើតពិភពលោកនេះ ។

១. សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

  • តើសេចក្ដីពិតអ្វីខ្លះដែលព្រះយេស៊ូវគ្រីស្ទបានបង្រៀនអំពីអាពាហ៍ពិពាហ៍ និងការលែងលះ ដែលអ្នកប្រាថ្នាចង់ឲ្យមនុស្សកាន់តែច្រើនក្នុងពិភពលោកនេះបានយល់ ? ហេតុអ្វីទៅ ?

  • តើឃ្លាជាក់លាក់អ្វីខ្លះនៅក្នុងវគ្គបទគម្ពីរនេះ ដែលជួយអ្នកឲ្យយល់ពីអ្វីដែលព្រះយេស៊ូវបានបង្រៀន ?

  • ប្រសិនបើអ្នកអាចសួរសំណួរព្រះអង្គសង្គ្រោះអំពីអាពាហ៍ពិពាហ៍ និងគ្រួសារ ដូចមនុស្សបានធ្វើនៅក្នុង ម៉ាថាយ ១៩ តើអ្នកចង់ដឹងអ្វីខ្លះ ?

សេចក្តីពិតមួយដែលយើងអាចរៀនមកពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះគឺថា អាពាហ៍ពិពាហ៍រវាងបុរសម្នាក់ និង ស្ត្រីម្នាក់ គឺជាទំនាក់ទំនងដ៏ពិសិដ្ឋមួយដែលព្រះបានបង្កើតឡើង ហើយមានន័យថាស្ថិតស្ថេរជារៀងរហូត

  • តើសេចក្ដីពិតនេះអាចជួយឆ្លើយសំណួរខ្លះរបស់អ្នក ឬសំណួរដែលមនុស្សផ្សេងទៀតក្នុងពិភពលោកមានអំពីអាពាហ៍ពិពាហ៍យ៉ាងដូចម្ដេច ?

ព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យអាពាហ៍ពិពាហ៍ស្ថិតស្ថេរជារៀងរហូត ។ ខណៈពេលដែលការលែងលះគឺជារឿងធម្មតានៅក្នុងពិភពលោកសព្វថ្ងៃនេះនោះប្រធាន ដាល្លិន អេក អូក បានបង្រៀនថា « សម្រាប់បញ្ហាអាពាហ៍ពិពាហ៍ភាគច្រើន ដំណោះស្រាយមិនមែនជាការលែងលះទេ ប៉ុន្តែជាការប្រែចិត្តទៅវិញទេ » ( « Divorce » Ensign Liahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ៧១ ) ។ ព្រះវរបិតាសួគ៌របស់យើងបានធ្វើឲ្យអាពាហ៍ពិពាហ៍អាចនៅអស់កល្បជានិច្ចបាន ហើយធ្វើឲ្យគូស្វាមីភរិយាមានសុភមង្គល និងពេញលេញ នៅពេលពួកគេខិតខំរក្សាសេចក្ដីសញ្ញារបស់ពួកគេ រស់នៅតាមការបង្រៀនរបស់ព្រះអង្គសង្គ្រោះ និងអនុវត្តតាមគោលការណ៍នៃការប្រែចិត្តជាទៀងទាត់ ។ ជាអកុសល ពេលខ្លះការលែងលះគឺចាំបាច់ ។ ដូចដែលប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០–២០០៨ ) បានពន្យល់ថា « វាប្រហែលជាមានមូលហេតុស្របច្បាប់ម្ដងហើយម្ដងទៀតសម្រាប់ការលែងលះ » ( « What God Hath Joined Together » Ensign ខែ ឧសភា ឆ្នាំ ១៩៩១ ទំព័រ ៧៤ ) ។ ខណៈពេលដែលយើងគួរតែគេចពីការវិនិច្ឆ័យលើការសម្រេចចិត្តរបស់អ្នកដទៃ នោះយើងម្នាក់ៗអាចរៀបចំខ្លួនយើងឲ្យបានកាន់តែប្រសើរឡើងសម្រាប់អាពាហ៍ពិពាហ៍នាពេលអនាគត ដែលនឹងស្ថិតស្ថេរជារៀងរហូតបាន តាមរយៈការទុកចិត្តលើព្រះវរបិតាសួគ៌ និងព្រះរាជបុត្រារបស់ទ្រង់ ហើយរៀនធ្វើតាមទ្រង់ទាំងទ្វេដោយអស់ពីចិត្តរបស់យើង ។

  • តើអ្នករៀនបានអ្វីខ្លះអំពីព្រះវរបិតាសួគ៌ ដោយដឹងថាទ្រង់សព្វព្រះទ័យឲ្យអាពាហ៍ពិពាហ៍ស្ថិតស្ថេរជារៀងរហូត ?

សូមប្រើធនធានមួយចំនួនខាងក្រោម ដើម្បីស្វែងរកសេចក្ដីពិតបន្ថែមទៀត ដែលជួយឆ្លើយសំណួរដែលអ្នក ឬមនុស្សដទៃទៀតអាចមានអំពីអាពាហ៍ពិពាហ៍ ។ សូមសញ្ជឹងគិតពីរបៀបដែលចំណេះដឹងរបស់អ្នកអំពីផែនការនៃសេចក្តីសង្គ្រោះជួយឆ្លើយសំណួរខ្លះៗបាន ។ សូមរៀចំខ្លួនចែកចាយអ្វីដែលអ្នកបានរៀនសូត្រ ។

  • សុន្ទរកថាសន្និសីទទូទៅ ឬវីដេអូសាសនាចក្រដែលបង្រៀនអំពីអាពាហ៍ពិពាហ៍ ( ស្វែងរកនៅលើគេហទំព័រ ChurchofJesusChrist.org ឬនៅក្នុងលិបិក្រមប្រធានបទនៃច្បាប់សន្និសីទទូទៅក្នុង Liahona )

  • ដៃគូស្នេហាដែលអាចជឿទុកចិត្តបានដែលរៀបការដោយសុភមង្គល ដែលអ្នកអាចទាក់ទងទៅបានក្នុងអំឡុងពេលរៀនមេរៀននេះ

សេចក្តីថ្លែងការណ៍នៅក្នុងផ្នែកនៃមេរៀន « ជម្រើស ៖ ចង់រៀនសូត្របន្ថែមទៀតទេ ? »

២. សូមកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកយ៉ាងហោចណាស់សេចក្ដីពិតបន្ថែមចំនួនពីរដែលអ្នកបានរកឃើញ និងសំណួរអ្វីដែលសេចក្ដីពិតទាំងនោះអាចជួយឆ្លើយបាន ។

ការរៀនពីគំរូដ៏សុចរិត

ប៉ុលបានចង្អុលទៅសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះសម្រាប់សាសនាចក្រ ថាជាឧទាហរណ៍នៃសេចក្ដីស្រឡាញ់ដែលគួរមាននៅក្នុងចំណងអាពាហ៍ពិពាហ៍ ។ សូមអាន អេភេសូរ ៥:២៥ ហើយស្រមៃមើលថា តើអាពាហ៍ពិពាហ៍នឹងទៅជាយ៉ាងណា ប្រសិនបើស្វាមី និងភរិយាយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកតាមរបៀបដែលព្រះអង្គសង្គ្រោះយកចិត្តទុកដាក់ចំពោះសមាជិកនៃសាសនាចក្ររបស់ទ្រង់នោះ ។

ការផ្តោតទៅលើគំរូនៃអ្នកដែលមានអាពាហ៍ពិពាហ៍សុចរិតអាចពង្រឹងសេចក្ដីជំនឿរបស់យើងថា ព្រះនឹងផ្តល់ពរជ័យនេះដល់អស់អ្នកដែលស្វែងរកវាដោយស្មោះត្រង់ បើទោះបីជាអ្នកខ្លះត្រូវរង់ចាំពរជ័យនេះរហូតដល់បន្ទាប់ពីជីវិតរមែងស្លាប់របស់ពួកគេក៏ដោយ ។

អ្នកប្រហែលជាចង់មើលវីដេអូ « Expressions of Love » ( ៣:២៦ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ដោយរកមើលសេចក្តីអំណរដែលអាចកើតមានតាមរយៈអាពាហ៍ពិពាហ៍ដ៏សុចរិត និងពេញដោយសេចក្តីស្រឡាញ់ ។

រូបភាព
A bicycle wheel photographed against a white background.
  • តើនរណាជាគំរូដល់អ្នកក្នុងការបង្កើតអាពាហ៍ពិពាហ៍ដ៏រីករាយ និងសុចរិត ? តើគុណលក្ខណៈដូចជាព្រះគ្រីស្ទអ្វីខ្លះ ដែលបានជួយពួកគេឲ្យបង្កើតឲ្យមានអាពាហ៍ពិពាហ៍ដែលពួកគេរីករាយពេញចិត្តនោះ ?

  • ហេតុអ្វីបានជាវាសំខាន់សម្រាប់អ្នកដើម្បីរៀបចំនាពេលឥឡូវនេះសម្រាប់អាពាហ៍ពិពាហ៍នាពេលអនាគតរបស់អ្នក ?

សូមសញ្ជឹងគិតពីអ្វីដែលអ្នកបានរៀននៅក្នុងមេរៀននេះ អំពីតួនាទីនៃអាពាហ៍ពិពាហ៍នៅក្នុងផែនការរបស់ព្រះ និងពីអារម្មណ៍របស់អ្នក នៅពេលអ្នកទន្ទឹងរង់ចាំអនាគតរបស់អ្នក ។

  • តើអ្នកនឹងធ្វើអ្វីខ្លះនាពេលនេះ ដើម្បីរៀបចំខ្លួនអ្នកសម្រាប់អាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ចមួយ ?

  • តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីទទួលបានជំនួយពីព្រះអង្គសង្គ្រោះដើម្បីរៀបចំខ្លួន ?

ជម្រើស ៖ ចង់រៀនសូត្របន្ថែមទៀតទេ ?

តើមានអ្វីកើតឡើងចំពោះមនុស្សស្មោះត្រង់ ដែលមិនមានឱកាសរៀបអាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ចក្នុងជីវិតនេះ ?

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែង ៖

រូបភាព
Portrait of Elder D. Todd Christofferson. Photographed in March 2020.

បងប្អូនមួយចំនួនបានបដិសេធពរជ័យនៃអាពាហ៍ពិពាហ៍ដោយមូលហេតុជាច្រើន រួមទាំងការខ្វះការរំពឹងទុកស័ក្ដិសម ការស្រឡាញ់ភេទដូចគ្នា ពិការភាពខាងរូបកាយ និងខាងសតិអារម្មណ៍ ឬការខ្លាចនឹងភាពបរាជ័យ ដែលគ្របបាំងសេចក្ដីជំនឿមួយរយៈពេល ។ …

… ដោយទំនុកចិត្ត យើងថ្លែងទីបន្ទាល់ថា ដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ បានរំពឹងរង់ចាំជាមុន ហើយនៅទីបំផុត នឹងបង់សងរាល់ការខូចខាត និងការខ្វះខាត និងការបាត់បង់ទាំងអស់ចំពោះអ្នកទាំងឡាយដែលងាកទៅរកទ្រង់ ។ គ្មាននរណាម្នាក់ត្រូវបានតាំងជាមុនដើម្បីទទួលតិចជាងនូវអ្វីៗទាំងអស់ដែលព្រះបិតាមានសម្រាប់កូនចៅរបស់ទ្រង់ឡើយ ។

( ឌី ថត គ្រីស្តូហ្វឺសិន « Why Marriage, Why Family » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៥២ )

តើព្រះអម្ចាស់បានបង្រៀនអ្វីខ្លះ អំពីការដាក់អាពាហ៍ពិពាហ៍ភេទដូចគ្នាឲ្យស្របច្បាប់ ?

ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖

រូបភាព
Official portrait of President Russell M. Nelson taken January 2018

ក្នុងនាមជាសមាជិកសាសនាចក្រ យើងគោរពច្បាប់នៃដែនដី ហើយធ្វើតាមច្បាប់ទាំងនោះ រួមទាំងអាពាហ៍ពិពាហ៍ស៊ីវិលផងដែរ ។ សេចក្ដីពិតគឺថា ទោះជាយ៉ាងណាក៏ដោយ តាំងពីដើមមក—តាំងពីដើមមក—អាពាហ៍ពិពាហ៍ត្រូវបានតាំងឡើងដោយព្រះ ! ហើយរហូតមកដល់សព្វថ្ងៃនេះ អាពាហ៍ពិពាហ៍រវាងបុរសម្នាក់ និងស្រ្តីម្នាក់ត្រូវបានកំណត់ដោយទ្រង់ ។ ព្រះពុំបានផ្លាស់ប្ដូរនិយមន័យ របស់ទ្រង់ អំពីអាពាហ៍ពិពាហ៍នោះទេ ។

( រ័សុល អិម ណិលសុន « The Love and Laws of God » [ ការប្រជុំធម្មនិដ្ឋានសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩ ] នៅលើគេហទំព័រ speeches.byu.edu )

តើខ្ញុំអាចធ្វើអ្វីបាននៅពេលនេះ ដើម្បីជួយខ្ញុំឲ្យរកឃើញស្វាមី ឬភរិយាដ៏ល្អម្នាក់ នៅពេលដែលវេលាល្អមកដល់នោះ ?

ប្រធាន ថាត អរ ខាលីស្ទើរ អតីតប្រធានសាលាថ្ងៃអាទិត្យទូទៅ បានចែកចាយវិធីមួយដែលអាចធ្វើទៅបានដើម្បីឆ្លើយសំណួរនេះ ជាមួយនឹងអ្វីមួយដែលម្ដាយរបស់លោកបានបង្រៀនលោក នៅពេលលោកមានអាយុប្រហែល ១៧ ឆ្នាំ ៖

រូបភាព
Brother Tad R. Callister, Sunday school General President. Official Portrait 2018.

គាត់បាននិយាយថា « ថាត តើកូនកំពុងទូលសុំព្រះអម្ចាស់ឲ្យជួយកូនរកបានភរិយាដ៏ល្អម្នាក់ឬ ? »

… ខ្ញុំបានឆ្លើយតបថា « ទេ » គាត់ក៏បានតបថា « មែនហើយ កូនគួរអធិស្ឋានសុំបែបនោះ ព្រោះអី វាជាការសម្រេចចិត្តយ៉ាងសំខាន់បំផុត ដែលកូននឹងធ្វើក្នុងជីវិត » ។ ពាក្យសម្ដីទាំងនោះបានជ្រួតជ្រាបក្នុងដួងចិត្តខ្ញុំ យ៉ាងជ្រៅ ដូច្នេះហើយក្នុងរយៈពេលប្រាំមួយឆ្នាំក្រោយ ខ្ញុំបានអធិស្ឋានសុំព្រះឲ្យជួយខ្ញុំរកបានភរិយាដ៏ល្អម្នាក់ ។ ហើយ មើលចុះ ទ្រង់បានឆ្លើយតបនឹងការអធិស្ឋាននោះ ។

( ថាត អរ ខាលីស្ទើរ « Parents: The Prime Gospel Teachers of Their Children » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៣៣ )

ម៉ាថាយ ១៩:៩ ។ តើវាមិនអីទេឬ បើរៀបការម្ដងទៀតក្រោយការលែងលះ ?

ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយបានថ្លែង ៖

រូបភាព
Brother Tad R. Callister, Sunday school General President. Official Portrait 2018.

ប្រភេទនៃអាពាហ៍ពិពាហ៍ដែលតម្រូវឲ្យមានការលើកតម្កើងឡើង—ដ៏នៅអស់កល្បជានិច្ចនៅក្នុងពេលវេលា និងមានលក្ខណៈដូចជាព្រះនៅក្នុងគុណភាព—មិនមែនគិតអំពីការលែងលះនោះទេ ។ … [ ប៉ុន្តែ ] ដោយសារតែ « ចិត្ត [ របស់យើងរាល់គ្នា ] រឹងរបឹង » [ ម៉ាថាយ ១៩:៨ ] នោះព្រះអម្ចាស់មិនបានបង្គាប់ឲ្យមានផលវិបាកនៃបទដ្ឋានសេឡេស្ទាលនោះទេនាពេលថ្មីៗនេះ ។ ទ្រង់អនុញ្ញាតឲ្យមនុស្សដែលលែងលះគ្នារៀបការម្ដងទៀតបាន តែពុំត្រូវប្រឡូកប្រឡាក់នៃភាពអសីលធម៌ ដែលបានបញ្ជាក់នៅក្នុងក្រឹត្យវិន័យជាន់ខ្ពស់នោះទេ ។

( ដាល្លិន អេក អូក « Divorce » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ៧០ )

តើសេចក្ដីជំនឿរបស់ខ្ញុំទៅលើព្រះអង្គសង្គ្រោះអាចជួយខ្ញុំបានយ៉ាងដូចម្ដេច នៅពេលខ្ញុំស្វែងរកដៃគូដ៏នៅអស់កល្បនោះ ?

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖

រូបភាព
Official Portrait of Elder Jeffrey R. Holland. Photographed January 2018.

សូមជឿថា សេចក្ដីជំនឿរបស់អ្នកមាន សារៈសំខាន់ ជាខ្លាំងចំពោះស្នេហារបស់អ្នក ព្រោះវាពិតជាសំខាន់មែន ។ វាគឺជាគ្រោះថ្នាក់ខាងវិញ្ញាណ នៅពេលយើងគិតថា សេចក្ដីជំនឿ និងការដើរលេងជាគូគឺជារឿងពីរដាច់ពីគ្នានៅក្នុងជីវិតនៃភាពជាសិស្សរបស់អ្នក ។ ឬអាចនិយាយជាវិជ្ជមានជាងនេះទៅទៀតថា ព្រះយេស៊ូវគ្រីស្ទ ដែលជាពន្លឺនៃលោកិយ គឺជាចង្កៀងតែមួយគត់ដែលអ្នកអាចមើលឃើញផ្លូវនៃសេចក្ដីស្រឡាញ់ និងសុភមង្គលដ៏ជោគជ័យសម្រាប់អ្នក និង សម្រាប់គូស្នេហ៍របស់អ្នក ។

( ជែហ្វ្រី អ័រ ហូឡិន « How Do I Love Thee? » [ ការប្រជុំធម្មនិដ្ឋានសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០០០ ] នៅលើគេហទំព័រ speeches.byu.edu )