ថ្នាក់​សិក្ខាសាលា
ការរំឭកចំណេះចំណានខាងគោលលទ្ធិ ៧


ការរំឭកចំណេះចំណានខាងគោលលទ្ធិ ៧

រូបភាព
Open scriptures that have been highlighted, on table with ribbon bookmark and yellow pencil. (horiz)

គោលបំណងមួយនៃចំណេះចំណានខាងគោលលទ្ធិ គឺដើម្បីជួយអ្នកឲ្យរៀនពីរបៀបអនុវត្តគោលលទ្ធិ ដែលបានបង្រៀននៅក្នុងព្រះគម្ពីរទៅនឹងស្ថានភាពដែលអ្នក ឬមនុស្សជុំវិញអ្នកអាចនឹងជួប ។ មេរៀននេះនឹងផ្តល់ឱកាសឲ្យអ្នករៀនអនុវត្តគោលលទ្ធិមួយចំនួន ដែលអ្នកបានសិក្សានៅឆ្នាំនេះទៅក្នុងជីវិតរបស់អ្នក ។

ការជួយអ្នកដទៃ

សូមស្រមៃថា អ្នកផ្ដល់ការងារបម្រើដល់គ្រួសារមួយក្នុងវួដរបស់អ្នក ដែលឪពុករបស់គាត់បានបាត់បង់ការងារនាពេលថ្មីៗនេះ ។ ឪពុករូបនេះបាក់ទឹកចិត្តយ៉ាងខ្លាំង ហើយបានឈប់ទៅព្រះវិហារ ឈប់អធិស្ឋាន និងឈប់អានព្រះគម្ពីរ ។ ក្នុងគ្រួសារនេះមានកូន ៣ នាក់ ៖ យុវនារីអាយុ ១៧ ឆ្នាំម្នាក់ យុវជនអាយុ ១៥ ឆ្នាំម្នាក់ និងក្មេងស្រីអាយុ ១០ ឆ្នាំម្នាក់ ។ ក្មេងអាយុ ១០ ឆ្នាំ និងម្ដាយរបស់នាងទៅព្រះវិហារម្ដងម្កាល ។ ក្មេងជំទង់ទាំងពីរនាក់ធ្លាប់ទៅជាញឹកញាប់ដែរ ប៉ុន្តែដោយសារឪពុករបស់ពួកគេនៅតែគ្មានការងារធ្វើ នោះពួកគេបានឈប់មកហើយ ។

នៅពេលអ្នកពិនិត្យមើលបញ្ជីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិខាងក្រោមនេះ សូមគិតអំពីអារម្មណ៍ និងបញ្ហាប្រឈមដែលមនុស្សម្នាក់ៗក្នុងគ្រួសារនេះអាចនឹងកំពុងជួបប្រទះ ។ សូមគិតថាតើសេចក្ដីពិតណាខ្លះចេញពីបទគម្ពីរទាំងនេះ ដែលអាចមានប្រយោជន៍បំផុតសម្រាប់មនុស្សម្នាក់ៗ និងមូលហេតុ ។

សេចក្ដីយោងបទគម្ពីរ

ឃ្លាបទគម្ពីរគន្លឹះ

ម៉ាថាយ ១១:២៨–៣០

« អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក » ។

ម៉ាថាយ ១៦:១៥–១៩

ព្រះយេស៊ូវបានមានបន្ទូលថា « ខ្ញុំនឹងឲ្យកូនសោនៃនគរស្ថានសួគ៌ដល់អ្នក » ។

ម៉ាថាយ ២២:៣៦–៣៩

« ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯង ។ … ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង » ។

លូកា ២២:១៩–២០

ព្រះយេស៊ូវគ្រីស្ទបានបង្គាប់ថា ចូរទទួលទានសាក្រាម៉ង់ « ដើម្បីរំឭកពីខ្ញុំចុះ » ។

យ៉ូហាន ៧:១៧

« បើអ្នកណាចង់ធ្វើតាមព្រះហឫទ័យទ្រង់ នោះនឹងបានដឹងជាសេចក្តីបង្រៀននេះមកពីព្រះ » ។

១. សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

  • តើបុគ្គលនៅក្នុងគ្រួសារនេះអាចមានអារម្មណ៍ និងបញ្ហាប្រឈមអ្វីខ្លះ ?

  • ហេតុអ្វីបានជាវាមានប្រយោជន៍ក្នុងការគិតអំពីអារម្មណ៍ និងបញ្ហាប្រឈមទាំងនេះ មុននឹងសម្រេចចិត្តថា តើសេចក្ដីពិតក្នុងព្រះគម្ពីរមួយណាដែលអាចមានប្រយោជន៍បំផុត ?

២. សូមបំពេញសកម្មភាពខាងក្រោម ហើយឆ្លើយសំណួរដែលភ្ជាប់មកជាមួយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

សូមជ្រើសរើសកូនម្នាក់ និងឪពុក ឬម្តាយពីគ្រួសារនៅក្នុងសាច់រឿងនេះ ។ សូមជ្រើសរើសវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងសេចក្តីពិតមួយ ដែលអ្នកមានអារម្មណ៍ថាមានប្រយោជន៍បំផុតសម្រាប់ពួកគេម្នាក់ៗ ។

  • តើអ្នកជ្រើសរើសយកអ្នកណា ? តើវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងសេចក្តីពិតអ្វី ដែលអ្នកនឹងចែកចាយជាមួយពួកគេ ? ហេតុអ្វីទៅ ?

សូមគិតអំពីបុគ្គលម្នាក់ៗដែលអ្នកបានជ្រើសរើស ។

  • ប្រសិនបើមានគេសួរ តើសកម្មភាពជាក់លាក់អ្វីខ្លះ ដែលអ្នកនឹងអញ្ជើញពួកគេម្នាក់ៗឲ្យធ្វើ ដើម្បីរស់នៅតាមសេចក្តីពិតដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំងនេះ ?

  • តើសកម្មភាពទាំងនេះអាចជួយពួកគេឲ្យទទួលបានអំណាច និងកម្លាំងពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានយ៉ាងដូចម្ដេច ?

ការអនុវត្តបន្ថែម

៣. សូមធ្វើលំហាត់ខាងក្រោម ៖

សូមជ្រើសរើសវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ដែលអ្នកមិនបានប្រើក្នុងសកម្មភាពមុននេះ ។ សូមគិតអំពីស្ថានភាពមួយ ដែលអត្ថបទនេះអាចជួយនរណាម្នាក់ឲ្យស្វែងរកចម្លើយចំពោះសំណួរ ឬធ្វើការឆ្លងកាត់ឧបសគ្គមួយ ។ សូមកត់ត្រាគំនិតរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។