ថ្នាក់​សិក្ខាសាលា
លូកា ១៧:១១–១៩


លូកា ១៧:១១–១៩

« សេចក្តីជំនឿអ្នកបានសង្គ្រោះអ្នកហើយ »

រូបភាព
Two leperous men kneeling before Christ. The men are extending their arms and beseeching the Lord to heal them. Christ, with His arm raised, stands before them. A crowd of several men are approaching from behind Christ.

ពេលធ្វើដំណើរពីស្រុកកាលីឡេទៅក្រុងយេរូសាឡិម ព្រះយេស៊ូវបានប្រោសមនុស្សឃ្លង់ ១០ នាក់ឲ្យជា ។ មានតែម្នាក់ប៉ុណ្ណោះក្នុងចំណោមអ្នកដែលបានជាសះស្បើយបានត្រឡប់មកអរព្រះគុណព្រះយេស៊ូវវិញ ។ មេរៀននេះអាចជួយអ្នកឲ្យចេះអារម្មណ៍ដឹងគុណ និងបង្ហាញការដឹងគុណចំពោះព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និងអ្នកដទៃទៀត ។

អារម្មណ៍បច្ចុប្បន្នរបស់អ្នកអំពីការដឹងគុណ

សូមប្រើពាក្យ « ជាធម្មតា » « ពេលខ្លះ » ឬ « មិនដែលសោះ » នៅក្នុងការវាយតម្លៃខ្លួនឯងនៅក្នុងសេចក្តីថ្លែងការណ៍ដូចខាងក្រោម ៖

  • ខ្ញុំមានអារម្មណ៍ដឹងគុណចំពោះព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និងអ្នកដទៃទៀត ។

  • ខ្ញុំបង្ហាញអារម្មណ៍នៃការដឹងគុណ ។

  • ការបង្ហាញការដឹងគុណមានឥទ្ធិពលវិជ្ជមាននៅក្នុងជីវិតរបស់ខ្ញុំ ។

នៅពេលអ្នកបន្តការសិក្សា សូមស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធដើម្បីជួយអ្នកឲ្យដឹងពីរបៀបបង្ហាញការដឹងគុណ ដែលអាចប្រទានពរដល់ជីវិតរបស់អ្នកបាន ។

រោគឃ្លង់

  • តើអ្នកដឹងអ្វីខ្លះអំពីរោគឃ្លង់ ?

រោគឃ្លង់ត្រូវបានគេស្គាល់ទូទៅកាលពីសម័យបុរាណ ជាងនៅសម័យបច្ចុប្បន្ន វាគឺជាជំងឺស្បែកដែលអាចបណ្តាលឲ្យខូចទ្រង់ទ្រាយរាងកាយ និងស្លាប់បាន ។ នៅសម័យព្រះគម្ពីរប៊ីប មនុស្សដែលមានជំងឺឃ្លង់ត្រូវបានដាក់ដោយឡែកពីមនុស្សដទៃទៀតក្នុងសង្គម ហើយត្រូវបានគេតម្រូវឲ្យហៅថា « ស្មោកគ្រោក ! » ដើម្បីព្រមាននរណាម្នាក់ដែលកំពុងតែចូលមកជិតពួកគេ ( សូមមើល Bible Dictionary « Leper » « Leprosy » ) ។

  • តើមនុស្សឃ្លង់នៅសម័យព្រះគម្ពីរប៊ីបអាចមានអារម្មណ៍ និងបទពិសោធន៍ប្រចាំថ្ងៃយ៉ាងណាខ្លះ ?

  • តើមានមូលហេតុអ្វីខ្លះដែលយុវជនអាចជួបប្រទះនឹងអារម្មណ៍ស្រដៀងគ្នានេះនៅជំនាន់របស់យើង ?

សូមអាន លូកា ១៧:១១–១៤ ដោយគិតយ៉ាងប្រុងប្រយ័ត្នអំពីអ្វីដែលអ្នកបានអាន ។ ការអានយ៉ាងប្រុងប្រយ័ត្ន ការយកចិត្តទុកដាក់លើព័ត៌មានលម្អិត និងការស្រមៃឃើញអ្វីដែលអ្នកបានអាន អាចនាំឲ្យមានបទពិសោធន៍ដ៏កាន់តែមានអត្ថន័យក្នុងការសិក្សាព្រះគម្ពីរ ។បន្ទាប់ពីអានខគម្ពីរទាំងនេះហើយ សូមព្យាយាមឆ្លើយសំណួរទាំងប្រាំបន្ទាប់នេះ អំពីព័ត៌មានលម្អិតនៅក្នុង លូកា ១៧:១១–១៤ តាមដែលអ្នកអាចធ្វើបានដោយមិនបើកមើលព្រះគម្ពីរ ។

អានយ៉ាងប្រុងប្រយ័ត្ន ដោយយកចិត្តទុកដាក់លើព័ត៌មានលម្អិត

  1. តើមនុស្សឃ្លង់ទាំងនោះបានចូលទៅជិតព្រះអង្គសង្គ្រោះប៉ុណ្ណាដែរ ?

  2. តើមនុស្សឃ្លង់ទាំងនោះបានទូលសូមអ្វីខ្លះដល់ព្រះអង្គសង្គ្រោះ ?

  3. តើព្រះអង្គសង្គ្រោះបានមានបន្ទូលអ្វីខ្លះទៅកាន់ពួកគេ ?

  4. តើមានមនុស្សឃ្លង់ប៉ុន្មាននាក់ដែលមានសេចក្ដីជំនឿ ដើម្បីធ្វើអ្វីដែលព្រះអង្គសង្គ្រោះបានបង្គាប់ ?

  5. តើមនុស្សឃ្លង់ទាំងនោះបានធ្វើអ្វីខ្លះ នៅពេលដែលពួកគេបានជាសះស្បើយ ?

ស្រមៃអ្វីដែលអ្នកអាន

សូមស្រមៃថាខ្លួនអ្នកជាមនុស្សឃ្លង់ម្នាក់ដែលត្រូវបានសម្អាត ។

  • តើការដែលបានប្រោសឲ្យជាពីជំងឺឃ្លង់អាចមានលក្ខណៈដូចម្តេចទៅ ? តើអ្នកនឹងមានអារម្មណ៍ដូចម្តេច ?

  • ហេតុអ្វីបានជាអ្នកគិតថា ការជាសះស្បើយនៅក្នុងដំណើររឿងនេះកើតឡើង « លុះគេកំពុងតែដើរទៅ » ? ( ខទី ១៤ ) ។

  • តើអ្នកគិតថាអ្នកនឹងធ្វើអ្វីខ្លះ នៅពេលអ្នកបានដឹងថាព្រះអង្គសង្គ្រោះបានព្យាបាលអ្នកឲ្យជានោះ ?

សូមអាន លូកា ១៧:១៥–១៩ ដោយប្រុងប្រយ័ត្ន ដោយបន្តរៀនស្រមៃមើលអ្វីដែលអ្នកបានអាន ហើយស្វែងរកព័ត៌មានលម្អិតសំខាន់ៗ ។

  • តើសេចក្ដីលម្អិតអ្វីខ្លះចេញពីខគម្ពីរទាំងនេះ ដែលហាក់ដូចជាសំខាន់បំផុតចំពោះអ្នក ?

  • តើអ្នកបានរៀនអ្វីខ្លះអំពីការបង្ហាញការដឹងគុណ និងពរជ័យដែលការដឹងគុណអាចនាំមកនោះ ?

  • តើយើងរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ចេញពីការឆ្លើយតបរបស់ទ្រង់ចំពោះអ្នកដែលបានត្រឡប់មកវិញ ?

ព្រះវរបិតាសួគ៌សព្វព្រះទ័យប្រទានពរដល់យើង ហើយទ្រង់ប្រទានពរដល់យើងតាមវិធីជាច្រើន ។ ទ្រង់ក៏បានបញ្ជូនព្រះអង្គសង្រ្គោះព្រះយេស៊ូវគ្រីស្ទ និងប្រទានពរដល់បុត្រាបុត្រីរបស់ទ្រង់តាមរយៈព្រះអង្គសង្គ្រោះផងដែរ ។ សេចក្តីពិតមួយដែលយើងរៀនមកពីដំណើររឿងនេះបានគឺថា នៅពេលយើងបង្ហាញការដឹងគុណចំពោះពរជ័យដែលយើងទទួលបានពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នោះយើងអាចបានសង្គ្រោះ

វាអាចមានប្រយោជន៍ក្នុងការដឹងថា ប្រសិនបើមនុស្សឃ្លង់ធ្លាប់ជាសះស្បើយពីជំងឺឃ្លង់ នោះតាមក្រឹត្យវិន័យរបស់ម៉ូសេ ពួកគេត្រូវបានតម្រូវ ឲ្យបង្ហាញខ្លួនដល់ពួកសង្ឃដើម្បីប្រកាសថាបានជាស្អាត ហើយត្រឡប់ទៅផ្ទះ និងសង្គមរបស់ពួកគេវិញ ( សូមមើល លេវីវិន័យ ១៤ ) ។ យើងមិនដឹងពីមូលហេតុដែលបុរសប្រាំបួននាក់ផ្សេងទៀត មិនបានត្រឡប់មកអរព្រះគុណវិញនោះទេ ។ ពួកគេបានបង្ហាញសេចក្ដីជំនឿទៅលើព្រះអង្គសង្គ្រោះ បានស្តាប់បង្គាប់ ហើយបានជាសះស្បើយ ប៉ុន្តែព្រះអង្គសង្គ្រោះបានប្រាប់អ្នកដែលបានត្រឡប់មកវិញ ហើយអរព្រះគុណទ្រង់ ដែលជាសាសន៍សាម៉ារីនោះថា សេចក្ដីជំនឿរបស់គាត់បានធ្វើឲ្យគាត់ « បានសង្គ្រោះ » ហើយ ( លូកា ១៧:១៩ ) ។

  • តើអ្វីអាចជាភាពខុសគ្នារវាងការជាសះស្បើយពីជំងឺឃ្លង់ និងការបានសង្គ្រោះ ?

  • តើអ្នកបានរៀនអ្វីខ្លះចេញពីដំណើររឿងនេះ ដែលអាចមានឥទ្ធិពលដល់ទំនាក់ទំនងរបស់អ្នកជាមួយព្រះអង្គសង្គ្រោះ ?

  • តើការអានដោយប្រុងប្រយ័ត្ន ការកត់សម្គាល់សេចក្តីលម្អិត និងការស្រមៃឃើញខគម្ពីរទាំងនេះ មានឥទ្ធិពលលើបទពិសោធន៍រៀនសូត្ររបស់អ្នកយ៉ាងដូចម្តេច ?

សូមអានសេចក្តីថ្លែងការណ៍ពីព្យាការីនៅខាងក្រោមនេះដោយពិចារណាថា តើការបង្រៀនអំពីការដឹងគុណទាំងនេះ អនុវត្តចំពោះមនុស្សឃ្លង់ម្នាក់ និងចំពោះជីវិតផ្ទាល់ខ្លួនរបស់អ្នកយ៉ាងដូចម្តេច ។ប្រធាន ថូម៉ាស អេស ម៉នសុន បានបង្រៀន ៖

រូបភាព
Official portrait of President Thomas S. Monson, 2008.

ការអរព្រះគុណដោយស្មោះមិនត្រឹមតែជួយយើងឲ្យទទួលស្គាល់ពរជ័យរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយបើកទ្វារស្ថានសួគ៌ និងជួយយើងឲ្យទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះផងដែរ ។

( ថូម៉ាស អេស ម៉នសុន « The Divine Gift of Gratitude » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៨៧ )

ប្រធាន រ័សុល អិម ណិលសុន បានសង្កត់ធ្ងន់លើតម្លៃនៃការមានអារម្មណ៍ដឹងគុណចំពោះព្រះអម្ចាស់ ។ សូមមើលវីដេអូ « President Russell M. Nelson on the Healing Power of Gratitude » ពីលេខកូដម៉ោង ៣:៤២ ដល់ ៤:២៨ ឬអានអត្ថបទខាងក្រោម ។

ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតទេ ?

លូកា ១៧:១៤ ។ តើវាសំខាន់ទេដែលថា មនុស្សឃ្លង់ដែលត្រឡប់មកវិញនោះគឺជាសាសន៍សាម៉ារី ?

សាសន៍សាម៉ារីគឺជាអ្នកដែលរស់នៅក្នុងប្រទេសសាម៉ារីដែល « សាសនារបស់គេគឺជាសាសនាលាយឡំនឹងជំនឿកាន់តាមរបស់ពួកសាសន៍យូដា និងរបស់សាសន៍ដទៃ » ( សូមមើល សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « សាសន៍សាម៉ារី » ) ។ ជាញឹកញាប់ ពួកគេត្រូវបានមើលងាយដោយពួកសាសន៍យូដាភាគច្រើន ។ សូមគិតអំពីមូលហេតុដែលលូកាបានរៀបរាប់ថា មនុស្សឃ្លង់ដែលដឹងគុណនោះគឺជាសាសន៍សាម៉ារី ។ តើសេចក្តីលម្អិតនេះបន្ថែមអ្វីខ្លះដល់ការយល់ដឹងរបស់អ្នកអំពីដំណើររឿងនេះ ? តើការណ៍នេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះអង្គសង្គ្រោះ ?

តើការដឹងគុណខុសពីការនិយាយថាអរគុណយ៉ាងដូចម្តេច ?

ប្រធាន ដេវីឌ អូ មិកឃេ បានបង្រៀនអំពីការដឹងគុណ និងការចេះអរគុណ ៖

រូបភាព
Crop of portrait of President David O. McKay wearing a dark blue suit and seated in a chair with his hands are clasped.

ការដឹងគុណគឺជ្រាលជ្រៅជាងការអរគុណ ។ ការចេះអរគុណគឺជាការចាប់ផ្ដើមនូវការដឹងគុណ ។ ការដឹងគុណគឺជាភាពពេញលេញនៃការចេះអរគុណ ។ ការចេះអរគុណអាចមានត្រឹមតែពាក្យសម្ដី ។ ការដឹងគុណបង្ហាញឲ្យឃើញនៅក្នុងសកម្មភាពប្រព្រឹត្ដ ។

( ដេវីឌ អូ មិកឃេ « The Meaning of Thanksgiving » Improvement Era ខែ វិច្ឆិកា ឆ្នាំ ១៩៦៤ ទំព័រ ៩១៤ )

តើការដឹងគុណអាចមានឥទ្ធិពលដល់ជីវិតខ្ញុំយ៉ាងដូចម្តេច ?

វីដេអូខាងក្រោមនេះបង្ហាញពីឥទ្ធិពលនៃការដឹងគុណ ។