ថ្នាក់​សិក្ខាសាលា
សេចក្តី​ណែនាំ​ស្តីពី​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ


សេចក្តី​ណែនាំ​ស្តីពី​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

គោលបំណង​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ

រូបភាព
យុវជន​ម្នាក់​កំពុង​សិក្សា​ព្រះគម្ពីរ

មេរៀន​នេះ​នឹង​ណែនាំ​អ្នក​ឲ្យ​ស្គាល់​ពី​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​របៀប​ដែល​វា​អាច​ផ្តល់​ពរ​ដល់​ជីវិត​របស់​អ្នក និង​ជួយ​អ្នក​ឲ្យ​សង់​គ្រឹះ​ខាង​វិញ្ញាណ​របស់​អ្នក​លើ​ព្រះយេស៊ូវគ្រីស្ទ ។

សង់​គ្រឹះ​លើ​ព្រះយេស៊ូវគ្រីស្ទ

រូបភាព
ខ្យល់​គួច

អែលឌើរ នែល អិល អាន់ឌើរសិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ព្រមាន​អំពី​ទស្សនវិស័យ​របស់​ខ្យល់គួច​ខាង​វិញ្ញាណ ៖

រូបភាព
អែលឌើរ នែល អិល អាន់ឌើរសិន

កង្វល់​ដែល​ធំ​ជាង​ការរញ្ជួយ​ដី និង​សង្គ្រាម [ នៅក្នុង​ថ្ងៃ​ចុងក្រោយ ] ដែល​បាន​ព្យាករ​ទៅ​ទៀត​នោះ​គឺ ខ្យល់គួច​ខាង​វិញ្ញាណ​ដែល​អាច​ផ្ដាច់​អ្នក​ចេញ​ពី​គ្រឹះ​ខាង​វិញ្ញាណ​របស់​អ្នក ហើយ​ដាក់​វិញ្ញាណ​អ្នក​នៅ​ទី​ដែល​អ្នក​មិនដែល​នឹក​ស្មាន​មិន​ដល់ ពេលខ្លះ​អ្នក​មិន​បាន​ទាំង​ដឹង​ខ្លួន​ថា​អ្នក​ត្រូវ​បាន​ផ្ដាច់​ចេញ​ផង ។

( នែល អិល អាន់ឌើរសិន « Spiritual Whirlwinds » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១៨ ) ។

  • តើ​មាន​ខ្យល់គួច​ខាង​វិញ្ញាណ​មួយ​ចំនួន​អ្វី​ខ្លះ ដែលព្យាយាម​ដក​យើង​ចេញ​ពី​គ្រឹះ​ខាង​វិញ្ញាណ​របស់​យើង ?

សូម​គិត​អំពី​ខ្យល់គួច​ខាង​វិញ្ញាណ​ដែល​អ្នក​អាច​នឹង​កំពុង​ប្រឈម ។ សូមអាន ហេលេមិន ៥:១២ ហើយ​រកមើល​វិធី​ដើម្បី​ទប់ទល់​នឹង​ខ្យល់គួច​នេះ ។

  • តើ​អ្នក​បាន​កត់សម្គាល់​ឃើញ​អ្វី​ខ្លះ ដែល​អាច​ជួយ​អ្នក​ឲ្យ​ទប់ទល់​នឹង​ខ្យល់គួច​ខាង​វិញ្ញាណ​បាន ?

  • តើ​អ្នក​គិត​ថា ការ​សង់​គ្រឹះ​លើ​ព្រះយេស៊ូវគ្រីស្ទ​មាន​ន័យ​បែបណា ?

  • តើ​តាម​របៀប​ណាខ្លះ​ដែល​អ្នក​នឹង​ទទួល​បាន​ប្រយោជន៍​ដោយ​ផ្ទាល់ ពី​ការសង់​គ្រឹះ​ដ៏​រឹងមាំ​មួយ​លើ​ព្រះយេស៊ូវគ្រីស្ទ ?

គ្រឹះ​ខាង​វិញ្ញាណ​របស់​ខ្ញុំ

សូម​គិត​អំពី​គ្រឹះ​ខាង​វិញ្ញាណ​របស់​អ្នក ហើយ​វាយតម្លៃ​ខ្លួន​អ្នក​នៅលើ​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​ដោយ « យល់​ស្រប » « យល់​ស្រប​ខ្លះ » « មិន​យល់​ស្រប​ខ្លះ » ឬ « មិន​យល់​ស្រប » ។

  1. ខ្ញុំ​កំពុង​សង់​គ្រឹះ​ដ៏​រឹងមាំ​មួយ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។

  2. ខ្ញុំ​កំពុង​បង្កើន​ចំណេះដឹង​របស់​ខ្ញុំ​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​គោលលទ្ធិ​របស់​ទ្រង់ ។

  3. ខ្ញុំ​មាន​ទំនុកចិត្ត​ក្នុង​ការប្រើប្រាស់​ព្រះគម្ពីរ​ដើម្បី​ពន្យល់​អំពី​គោលលទ្ធិ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

  4. ខ្ញុំ​អាច​រក​ចម្លើយ​ចំពោះ​សំណួរ​ដែល​ខ្ញុំ ឬ​អ្នក​ផ្សេង​ទៀត​មាន​អំពី​ដំណឹងល្អ ។

ចំណេះចំណាន​ខាង​គោល​លទ្ធិ

ថ្នាក់​សិក្ខាសាលា​អាច​ជួយ​អ្នក​ឲ្យ​សង់​គ្រឹះ​របស់​អ្នក​លើ​ព្រះយេស៊ូវគ្រីស្ទ នៅពេល​ដែល​អ្នក​រៀន​ពី​គោលលទ្ធិ​របស់ទ្រង់ មក​រក​ទ្រង់ ហើយ​ក្លាយ​ជា​សិស្ស​របស់​ទ្រង់ ( សូមមើល នីហ្វៃ​ទី៣ ១១:៣៩ ) ។ សូម​អាន​កថាខណ្ឌ​ពីរ​ដំបូង​នៅក្នុង​ជំពូក « សេចក្តី​ណែនាំ​ស្តីពី​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ » នៃ ឯកសារគោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២២ ) ដោយ ស្វែងរក វិធី​នានា​ដែល​ថ្នាក់​សិក្ខាសាលា​អាច​ជួយ​អ្នក​សង់​គ្រឹះ​របស់​អ្នក​លើ​ព្រះយេស៊ូវគ្រីស្ទ ។

  • តើ​អ្នក​បាន​រកឃើញ​អ្វី​ខ្លះ ?

មាន​លទ្ធផល​ចម្បង​ពីរ​សម្រាប់​ចំណេះចំណាន​ខាង​គោលលទ្ធិ​ដែល​នឹង​ជួយ​អ្នក​សង់​គ្រឹះ​របស់​អ្នក​លើ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​អាន​លទ្ធផល​ទាំងពីរ​សម្រាប់​ចំណេះចំណាន​ខាង​គោលលទ្ធិ​នៅ​ក្នុង​ជំពូក « សេចក្តីណែនាំ​ស្ដីពី​ចំណេះចំណាន​ខាង​គោលលទ្ធិ » នៃ ឯកសារគោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។

ជា​រៀងរាល់​សប្តាហ៍​នៅក្នុង​ថ្នាក់​សិក្ខាសាលា អ្នក​នឹង​រៀន​អំពី​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ នៅក្នុង​មេរៀន​ទាំងនេះ​ភាគ​ច្រើន អ្នក​នឹង​សិក្សា​អំពី​វគ្គ​បទគម្ពីរ​មួយ​ក្នុង​ចំណោម​វគ្គ​បទគម្ពីរ ២៤ នៃ​ព្រះគម្ពីរ​សញ្ញា​ថ្មី ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ ដ្យាក្រាម​ខាង​ក្រោម​បង្ហាញ​ពី​អ្វី​ដែល​អ្នក​នឹង​ធ្វើ​នៅក្នុង​មេរៀន​ចំណេះចំណាន​ខាង​គោលលទ្ធិ ។

រូបភាព
លំហូរ​តារាង​ចំណេះចំណាន​ខាង​គោលលទ្ធិ

ស្គាល់ និង​ពន្យល់​ពី​គោលលទ្ធិ

នៅ​ដើម​មេរៀន អ្នក​បាន​វាយតម្លៃ​ខ្លួន​ឯង​ថា​តើ​អ្នក​មាន​អារម្មណ៍​ស្រណុក​ចិត្ត​យ៉ាង​ណា​ក្នុង​ការប្រើ​ព្រះគម្ពីរ​ដើម្បី​ពន្យល់​ពី​គោលលទ្ធិ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ មិន​ថា​អ្នក​វាយ​តម្លៃ​ខ្លួនឯង​យ៉ាង​ដូច​ម្ដេច​ទេ ការសិក្សា​អំពី​ចំណេះចំណាន​ខាង​គោលលទ្ធិ​នឹង​បង្កើន​ចំណេះដឹង​របស់​អ្នក​អំពី​ព្រះអង្គ​សង្រ្គោះ និង​គោលលទ្ធិ​របស់​ទ្រង់ ។ សមត្ថភាព​របស់​អ្នក​ក្នុង​ការពន្យល់​ពី​គោលលទ្ធិ​របស់​ទ្រង់​ដោយ​ប្រើ​ព្រះគម្ពីរ​នឹង​រីកចម្រើន​ឡើង ។

សូម​មើល​បញ្ជី​នៃ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ព្រះគម្ពីរ​សញ្ញា​ថ្មី និង​ឃ្លា​ព្រះគម្ពីរ​គន្លឹះ​របស់​វា ។ អ្នក​អាច​រក​ឃើញ​បញ្ជី​នេះ​នៅ​ជិត​ចុង​បញ្ចប់​នៃ ឯកសារគោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ សូម​ជ្រើសរើស​វគ្គ​បទគម្ពីរ​មួយ​ដែល​អ្នក​ឃើញ​ថា​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដែល​អាច​ជួយ​ដល់​តម្រូវការ​ផ្ទាល់​ខ្លួន ឬ​អាច​ជួយ​ដល់​សំណួរ​ដែល​អ្នក​មាន ។

១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​បាន​ជ្រើសរើស​វគ្គបទគម្ពីរ​មួយ​ណា ?

  • តើ​វគ្គ​បទគម្ពីរ​នេះ​បង្រៀន​អ្នក​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​គោលលទ្ធិ​របស់​ទ្រង់ ?

  • តើ​តាម​របៀប​ណា ដែល​ការដឹង​ពី​របៀប​ពន្យល់​អំពី​គោលលទ្ធិ​ចេញ​មក​ពី​វគ្គ​បទគម្ពីរ​នេះ​ផ្ដល់​ពរ​ដល់​ជីវិត​អ្នក ?

ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ

នៅក្នុង​មេរៀន​ចំណេះចំណាន​ខាង​គោលលទ្ធិ អ្នក​នឹង​មាន​ឱកាស​រៀន​បន្ថែម​ទៀត​អំពី​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ និង​អនុវត្ត​ការប្រើប្រាស់​វា​ដើម្បី​ជួយ​អ្នក​ឲ្យ​ឆ្លើយ​សំណួរ​ផ្ទាល់​ខ្លួន និង​សង្គម ព្រមទាំង​សំណួរ​អំពី​គោលលទ្ធិ ការអនុវត្ត ឬ​ប្រវត្តិ​សាសនាចក្រ ។ ការរៀន និង​ការប្រើ​គោលការណ៍​ទាំងនេះ​នឹង​ជួយ​អ្នក​សង់​គ្រឹះ​របស់​អ្នក​លើ​ព្រះអង្គ​សង្គ្រោះ ហើយ​បែរ​ទៅរក​ទ្រង់​នៅ​ពេល​អ្នក​ប្រឈម​នឹង​សំណួរ​នានា ។ គោលការណ៍​បី​ក្នុង​ចំណោម​គោលការណ៍​ទាំងឡាយ​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ដែល​អ្នក​នឹង​អនុវត្ត​ការប្រើប្រាស់​ក្នុង​ថ្នាក់​សិក្ខាសាលា​គឺ ៖

  • ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ ។

  • ពិនិត្យមើល​គោល​គំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​នៅអស់​កល្បជានិច្ច ។

  • ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព ។

ប្រសិន​បើ​អ្នក​មិន​ស្គាល់​គោលការណ៍​ទាំងនេះ​ទេ អ្នក​ប្រហែល​ជា​ចង់​អាន កថាខណ្ឌ​ទី ៥–១២ ក្នុង​ជំពូក « ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ » ក្នុង ឯកសារគោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។

២. សូម​ឆ្លើយ​យ៉ាងហោច​ណាស់​ពីរ​សំណួរ​ក្នុង​ចំណោម​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​ដឹង​អ្វី​ខ្លះ​អំពី​គោលការណ៍​ទាំងនេះ ?

  • តើ​អ្នក​មាន​បទពិសោធន៍​អ្វី​ខ្លះ​ជាមួយ​នឹង​គោលការណ៍​ទាំងនេះ ?

  • តើ​អ្នក​គិត​ថា គោលការណ៍​ទាំង​នេះ​អាច​ជួយ​អ្នក​ស្ថាបនា​មូលដ្ឋាន​គ្រឹះ​របស់​អ្នក​លើ​ព្រះគ្រីស្ទ និង​ទប់ទល់​នឹង​ខ្យល់គួច​ខាង​វិញ្ញាណ​យ៉ាង​ដូច​ម្ដេច ?

វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

ជារៀងរាល់​ឆ្នាំ នៅ​ក្នុង​ថ្នាក់​សិក្ខាសាលា​អ្នក​នឹង​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ទន្ទេញ​ឃ្លា​បទគម្ពីរ​សំខាន់​មួយ​សម្រាប់​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទាំង ២៤ ។

អែលឌើរ រីឆាដ ជី ស្កត ( ឆ្នាំ ១៩២៨–២០១៥ ) ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​អំពី​ការទន្ទេញ​បទគម្ពីរ ៖

រូបភាព
អែលឌើរ រីឆាដ ជី ស្កត

អំណាច​ដ៏​មហិមា​អាច​កើត​ឡើង​ពី​ការទន្ទេញ​បទគម្ពីរ ។ ការទន្ទេញ​បទគម្ពីរ​មួយ​គឺ​ជា​ការបង្កើត​មិត្ត​ភាព​មួយ​ថ្មី ។ វា​ដូចជា​ការរកឃើញ​បុគ្គល​ម្នាក់​ថ្មី​ដែល​អាចជួយ​ក្នុងពេល​ត្រូវការ ផ្ដល់​ការបំផុស​គំនិត និង​ការលួងលោម​ចិត្ត ហើយជា​ប្រភព​នៃ​ការលើក​ទឹកចិត្ត​សម្រាប់​ការផ្លាស់ប្ដូរ​ដែល​ចាំបាច់ ។

( រីឆាដ ជី ស្កត « The Power of Scripture » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៦ )

សូម​គិត​អំពី​សំណួរ​ខាងក្រោម​នេះ ៖

  • ហេតុអ្វី​អ្នក​គិត​ថា វា​នឹង​មាន​ប្រយោជន៍​ក្នុង​ការទន្ទេញ​ចាំ​វគ្គ​បទគម្ពីរ​ផ្សេងៗ ?

  • តើ​អ្នក​គិត​ថា ការទន្ទេញ​ចាំ​នូវ​បទគម្ពីរ​ទាំងឡាយ​អាច​ជួយ​អ្នក​ឲ្យ​ស្ថាបនា​មូលដ្ឋាន​គ្រឹះ​របស់​អ្នក​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ទប់ទល់​នឹង​ខ្យល់គួច​ខាង​វិញ្ញាណ​យ៉ាង​ដូច​ម្ដេច ?

សូម​ចំណាយ​ពេល​ពីរបី​នាទី​ដើម្បី​ពិនិត្យ​ឡើង​វិញ​នូវ​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទាំង ២៤ និង​ឃ្លា​បទគម្ពីរ​សំខាន់ៗ​សម្រាប់​វគ្គសិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី ។ អ្នក​អាច​ប្រើ​កម្មវិធី Doctrinal Mastery ឬ ឯកសារគោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ អ្នក​ប្រហែល​ជា​ចង់​ចាប់ផ្ដើម​ទន្ទេញ​បទគម្ពីរ​យោង និង​ឃ្លា​បទគម្ពីរ​សំខាន់ៗ​សម្រាប់​វគ្គ​បទគម្ពីរ​ដែល​អ្នក​បាន​ជ្រើសរើស​ពីមុន ។

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ដែរ​ឬ​ទេ ?

ហេតុអ្វី​ចំណេះចំណាន​ខាង​គោលលទ្ធិ​សំខាន់ ?

ប្រធាន អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
ប្រធាន អិម រ័សុល បាឡឺដ

[ ចំណេះចំណាន​ខាង​គោលលទ្ធិ ] នឹង​ផ្ដោត​ទៅលើ​ការស្ថាបនា និង​ការពង្រឹង​សេចក្ដី​ជំនឿ​របស់​សិស្ស​យើង​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ពង្រឹង​ពួកគេ​តាមរយៈ​ការបង្កើន​សមត្ថភាព​ក្នុង​ការរស់នៅ និង​ការអនុវត្ត​ដំណឹងល្អ​នៅក្នុង​ជីវិត​ពួកគេ ។ ពេល​ប្រើ​បទគម្ពីរ និង​ពាក្យ​សម្ដី​របស់​ពួកព្យាការី ពួកគេ​នឹង​រៀន​អំពី​របៀប ដើម្បី​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ​ទៅលើ​ព្រះគ្រីស្ទ ដើម្បី​ទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ និង​ការ​យល់ដឹង​អំពី​ដំណឹងល្អ​របស់​ទ្រង់ ។ ហើយ​ពួកគេ​នឹង​មាន​ឱកាស​ដើម្បី​រៀន​អំពី​របៀប​អនុវត្ត​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ និង​គោលការណ៍នៃ​ដំណឹងល្អ​ចំពោះ​សំណួរ និង​ឧបសគ្គ​នានា​ដែល​ពួកគេ​ស្ដាប់​ឮ និង​មើល​ឃើញ​ជា​រៀង​រាល់ថ្ងៃ​នៅក្នុង​ចំណោម​មិត្តភក្ដិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។

( អិម រ័សុល បាឡឺដ « The Opportunities and Responsibilities of CES Teachers in the 21st Century » [ ជំនួប​ជាមួយ​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ថ្ងៃ​ទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៦ ] នៅលើ​គេហទំព័រ ChurchofJesusChrist.org )