ថ្នាក់​សិក្ខាសាលា
ការរៀនសូត្រដោយសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ


ការរៀនសូត្រដោយសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ

តួនាទីរបស់អ្នករៀន

រូបភាព
Youth studying the scriptures in their seminary class.

មេរៀននេះអាចជួយអ្នកឲ្យយល់ពីសារៈសំខាន់នៃការធ្វើសកម្មភាពដោយសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ពេលអ្នករៀននៅថ្នាក់សិក្ខាសាលា ។ កាលដែលអ្នកសិក្សាមេរៀននេះ អ្នកនឹងរៀនពីបៀបដើម្បីទទួលបានបទពិសោធន៍ច្រើនបំផុតនៅក្នុងសិក្ខាសាលារបស់អ្នក ។

សូមអានស្ថានភាពដូចតទៅនេះ ៖

យុវនារីពីរនាក់រៀននៅក្នុងថ្នាក់សិក្ខាសាលាដូចគ្នា ។ យុវនារីម្នាក់មានអារម្មណ៍ពីឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ និងសេចក្ដីស្រឡាញ់របស់ព្រះអម្ចាស់នៅក្នុងថ្នាក់សិក្ខាសាលា ។ នាងកំពុងស្វែងរកចម្លើយចំពោះសំណួររបស់នាង ហើយទីបន្ទាល់របស់នាងអំពីព្រះអង្គសង្គ្រោះ និងសាសនាចក្ររបស់ទ្រង់កំពុងតែរីកចម្រើនឡើង ហើយនាងកំពុងកែលម្អចំណុចសំខាន់ៗនៅក្នុងជីវិតនាង ។ ប៉ុន្តែ យុវនារីម្នាក់ទៀតតែងតែមានអារម្មណ៍ធុញទ្រាន់នឹងថ្នាក់សិក្ខាសាលា ហើយមានអារម្មណ៍ថា នាងមិនទទួលបានអ្វីច្រើនទេ ។

  • តើអាចមានហេតុផលអ្វីខ្លះ ដែលធ្វើឲ្យយុវនារីទាំងពីរនាក់នេះមានបទពិសោធន៍ខុសគ្នាបែបនេះនៅក្នុងថ្នាក់សិក្ខាសាលា ?

ដើម្បីជួយអ្នកឲ្យវាយតម្លៃលើការរៀនសូត្រដំណឹងល្អផ្ទាល់ខ្លួនរបស់អ្នក សូមគិតអំពីសំណួរខាងក្រោមនេះ ៖

  • តើអ្នកកំពុងធ្វើអ្វីនាពេលបច្ចុប្បន្នដើម្បីរៀនសូត្រខាងវិញ្ញាណ ?

  • តើអ្នកមានអារម្មណ៍ថា អ្នកកំពុងទទួលបានលទ្ធផលដែលអ្នកចង់បាន និងត្រូវការដែរឬទេ ?

នៅពេលអ្នកសិក្សាមេរៀននេះ សូមគិតអំពីវិធីដែលអ្នកចង់រៀន និងរីកចម្រើននៅក្នុងថ្នាក់សិក្ខាសាលាឆ្នាំនេះ ។ ការរៀនសូត្ររួមមានរបៀបនានា ដែលយើងធ្វើឲ្យជីវិតយើងបានប្រសើរឡើង ។ អ្នកក៏អាចគិតអំពីកង្វល់ ឬសំណួរដែលអ្នកមានផងដែរ ។ តាមរយៈការអធិស្ឋានដ៏ស្មោះសរ សូមស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យដឹងពីរបៀបអនុវត្តមេរៀននេះក្នុងជីវិតរបស់អ្នក ។

កត្តាមួយក្នុងចំណោមកត្តាដែលមានឥទ្ធិពលបំផុតនៅក្នុងការរៀនសូត្ររបស់យើងគឺថា តើយើងពឹងផ្អែក និងដើរតាមព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្តេច ។ គោលការណ៍មួយដែលមេរៀននេះនឹងផ្តោតលើនោះ គឺថា នៅពេលយើងខិតខំរៀនសូត្រយ៉ាងសកម្មដោយមានសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ នោះយើងអាចទទួលបានពរជ័យ និងកែលម្អដោយផ្ទាល់។កាលណាអ្នកអានឃ្លាខាងក្រោមដោយអែលឌើរ ដេវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ សូមរកមើលការយល់ដឹងអំពីអត្ថន័យនៃការរៀនសូត្រដោយសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។

រូបភាព
Elder David A. Bednar, Quorum of the Twelve Apostles official portrait. 2020.

នៅពេលយើងរៀបចំខ្លួនសម្រាប់ពេលអនាគត ហើយរំពឹងគិតទុកជាមុនអំពីពិភពលោកនេះដែលយើងនឹងរស់នៅថា តើវាកាន់តែស្មុគស្មាញ និងច្របូកច្របល់ខ្លាំងប៉ុណ្ណា នោះខ្ញុំជឿថា វានឹងចាំបាច់ដែលពួកយើងទាំងអស់គ្នាត្រូវបង្កើនសមត្ថភាពរបស់យើង ក្នុងការស្វែងរកការរៀនសូត្រដោយសេចក្តីជំនឿ ។… សេចក្ដីជំនឿពិតផ្ដោតនៅក្នុង និងទៅលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ និងតែងដឹកនាំទៅរកភាពសកម្មជានិច្ច ។… ការរៀនសូត្រដោយសេចក្ដីជំនឿតម្រូវឲ្យមានកិច្ចខិតខំខាងវិញ្ញាណ ខាងសតិអារម្មណ៍ និងខាងរូបកាយ ហើយពុំមែនគ្រាន់តែជាការទទួលភាពអកម្មនោះទេ ។ វាគឺនៅក្នុងសេចក្តីស្មោះត្រង់ និងភាពខ្ជាប់ខ្ជួននៃសកម្មភាពដែលបានបំផុសគំនិតយើងឲ្យមានសេចក្ដីជំនឿនោះ ដែលយើងបង្ហាញចំពោះព្រះវរបិតាសួគ៌ និងព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ អំពីការស្ម័គ្រចិត្តរបស់យើងដើម្បីរៀន និងទទួលយកការបង្ហាត់បង្រៀនពីព្រះវិញ្ញាណបរិសុទ្ធ ។

( ដេវីឌ អេ បែដណា « Seek Learning by Faith » Ensign Liahona ខែ កញ្ញា ឆ្នាំ ២០០៧ ទំព័រ ៦១, ៦៣–៦៤ )

  • តើអ្នកបានរៀនអ្វីខ្លះចេញពីសេចក្ដីថ្លែងការណ៍នេះ ?

អ្នកនឹងទទួលបានលទ្ធផលល្អបំផុតពីការរៀនសូត្រខាងវិញ្ញាណរបស់អ្នក នៅពេលអ្នកខិតខំរៀនសូត្រ និងផ្តោតការខិតខំរបស់អ្នកទៅលើព្រះយេស៊ូវគ្រីស្ទ ។ វគ្គបទគម្ពីរ និងវីដេអូខាងក្រោមនេះបង្ហាញពីបុគ្គលដែលបានមករកព្រះយេស៊ូវគ្រីស្ទ និងបានទទួលព្រះពរពីទ្រង់ ។ សូមអានបទគម្ពីរយ៉ាងហោចណាស់មួយ និងមើលវីដេអូយ៉ាងហោចណាស់មួយ ប្រសិនបើអាច ។ វីដេអូទាំងនេះអាចរកបាននៅលើគេហទំព័រ ChurchofJesusChrist.org ។ ពេលអ្នកអាន និងមើល សូមគិតអំពីរបៀបដែលបទពិសោធន៍របស់បុគ្គលទាំងនេះទាក់ទងនឹងការរៀនសូត្រដំណឹងល្អ ។

  • វីដេអូ ៖ « Staying Spiritually Fit » ( ៣:៣០ )

  • វីដេអូ ៖ « Ask of God ( 2017 Mutual Theme ) » ( ៣:២១ )

  • វីដេអូ ៖ « Seminary Can Change Lives » ( ៤:១៣ )

១. សូមជ្រើសរើសបុគ្គលម្នាក់ចេញពីដំណើររឿងក្នុងព្រះគម្ពីរដែលអ្នកបានសិក្សា ឬវីដេអូដែលអ្នកបានមើល រួចហើយឆ្លើយសំណួរខាងក្រោម ៖

  • តើបុគ្គលនៅក្នុងខគម្ពីរ ឬវីដេអូទាំងនេះបានធ្វើអ្វីខ្លះ ដើម្បីបង្ហាញពីសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទយ៉ាងសកម្ម ? តើសកម្មភាពរបស់ពួកគេបង្ហាញនូវសេចក្ដីជំនឿរបស់ពួកគេយ៉ាងដូចម្តេច ?

  • តើបុគ្គលនោះបានយកឈ្នះលើឧបសគ្គអ្វីខ្លះ ?

  • តើព្រះអម្ចាស់បានប្រទានពរដល់បុគ្គលទាំងនោះយ៉ាងដូចម្ដេច ?

  • តើអ្នកអាចរៀនអ្វីខ្លះចេញពីបទពិសោធន៍របស់បុគ្គលនេះ ដែលអ្នកអាចអនុវត្តចំពោះការរៀនសូត្រដំណឹងល្អផ្ទាល់ខ្លួនរបស់អ្នកបាន ?

សូមបំពេញសកម្មភាពខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

២.

សូមចែកក្រដាសមួយសន្លឹកជាបីជួរឈរ ហើយដាក់ឈ្មោះជួរឈរនោះថា មុនពេលរៀន អំឡុងពេលរៀន និង បន្ទាប់ពីរៀន ។ សូមគិតអំពីអ្វីដែលអ្នកបានធ្វើ ឬអាចធ្វើបានមុនពេលរៀន អំឡុងពេលរៀន និងបន្ទាប់ពីរៀន ដើម្បីជួយអ្នកឲ្យរៀនដោយមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ សូមអធិស្ឋានស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នកគិតពីឧទាហរណ៍នានា ហើយសូមសរសេរ ឬគូររូបនៃឧទាហរណ៍របស់អ្នកនៅក្នុងជួរឈរនីមួយៗ ។

គោលដៅផ្ទាល់ខ្លួនរបស់អ្នក

កាលដែលអ្នកសិក្សានៅក្នុងថ្នាក់សិក្ខាសាលា នោះអ្នកនឹងមានឱកាសច្រើនដើម្បី ៖

  • រៀបចំខ្លួនចូលរៀន ។ ការស្វែងរកវិវរណៈតាមរយៈព្រះវិញ្ញាណបរិសុទ្ធ និងការអានព្រះគម្ពីររៀងរាល់ថ្ងៃ គឺជាវិធីល្អបំផុតដើម្បីរៀបចំខ្លួន ។ អ្នកក៏អាចត្រូវបានអញ្ជើញឲ្យពិចារណាពីសំណួរមុនពេលរៀន ឬសិក្សាវគ្គខ្លីមួយពី ចូរមកតាមខ្ញុំ ផងដែរ ។

  • អនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទអំឡុងពេលរៀន ។ អ្នកនឹងត្រូវបានអញ្ជើញឲ្យអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ហើយរៀនយ៉ាងសកម្មស្របតាមការបង្រៀនរបស់ទ្រង់ តាមរយៈការសិក្សាព្រះគម្ពីរ ចែករំលែកគំនិតរបស់អ្នក និងស្វែងរកការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីអនុវត្តសេចក្តីពិតដែលអ្នកបានរៀនក្នុងជីវិតរបស់អ្នក ។

  • វាយតម្លៃលើអ្វីដែលអ្នកកំពុងរៀន ។ អ្នកនឹងមានឱកាសញឹកញាប់ដើម្បីដាក់គោលដៅផ្ទាល់ខ្លួន និងវាយតម្លៃការរៀនសូត្រ និងការរីកចម្រើនផ្ទាល់ខ្លួនរបស់អ្នក ។ អ្នកក៏អាចនឹងសួរសំណួរ និងស្វែងរកការណែនាំចំពោះបញ្ហា ឬចម្ងល់ណាមួយផងដែរ ។

  • ចែកចាយ ។ អ្នកនឹងត្រូវបានលើកទឹកចិត្តឲ្យចែករំលែកពីអ្វី ដែលអ្នកកំពុងរៀនជាមួយអ្នកដទៃ រួមទាំងគ្រួសាររបស់អ្នកផងដែរ ។

នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ឬនៅលើក្រដាសដែលអ្នកបានសរសេរ ឬគូរសកម្មភាពនានាដែលជួយអ្នកក្នុងការរៀនសូត្រ និងកាន់តែខិតទៅជិតព្រះអម្ចាស់ សូមសរសេរអ្វីដែលអ្នកចង់ធ្វើមុនពេល អំឡុងពេល និងបន្ទាប់ពីរៀនដើម្បីរៀនសូត្រដោយសេចក្តីជំនឿ ។ ការធ្វើបែបនេះអាចជារឿងសាមញ្ញ ដោយការគូសរង្វង់ ឬដាក់រូបផ្កាយនៅជាប់នឹងគំនិតដែលអ្នកមានអារម្មណ៍ថា ព្រះអម្ចាស់ចង់ឲ្យអ្នកព្យាយាម ។ សូមពិចារណាដាក់គោលដៅរបស់អ្នកនៅកន្លែងណាមួយ ដែលអ្នកនឹងមើលឃើញគោលដៅនោះញឹកញាប់ ហើយចងចាំគោលដៅនោះ ។

ជម្រើស ៖ ចង់រៀនបន្ថែមទៀតទេ ?

តើខ្ញុំអាចមានទំនួលខុសត្រូវកាន់តែខ្លាំងចំពោះការរៀនសូត្ររបស់ខ្ញុំដោយរបៀបណា ?

អែលឌើរ ដេវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖

រូបភាព
Elder David A. Bednar, Quorum of the Twelve Apostles official portrait. 2020.

សមាជិកម្នាក់ៗនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ មានទំនួលខុសត្រូវផ្ទាល់ខ្លួនក្នុងការរៀនសូត្រ និងការរស់នៅតាមការបង្រៀនរបស់ព្រះអម្ចាស់ ។… យើងមិនគួររំពឹងថា សាសនាចក្រគឺជាអង្គការមួយដែលត្រូវបង្រៀន ឬប្រាប់យើងនូវអ្វីគ្រប់យ៉ាងដែលយើងត្រូវដឹង និងធ្វើដើម្បីក្លាយជាសិស្សដែលមានការលះបង់ ហើយស៊ូទ្រាំយ៉ាងអង់អាចដល់ទីបញ្ចប់នោះទេ ។ ផ្ទុយទៅវិញ ការទទួលខុសត្រូវផ្ទាល់របស់យើងគឺត្រូវរៀនអ្វីដែលយើងគួររៀន រស់នៅតាមអ្វីដែលយើងដឹងថា យើងគួររស់នៅតាម ហើយក្លាយជាបុគ្គលម្នាក់ដែលលោកចៅហ្វាយចង់ឲ្យយើងប្រែក្លាយ ។

( ដេវីឌ អេ បែដណា « Prepared to Obtain Every Needful Thing »EnsignLiahonaខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១០២ )

ហេតុអ្វីខ្ញុំគួរតែខិតខំរៀនសូត្រយ៉ាងសកម្មនៅក្នុងថ្នាក់សិក្ខាសាលា ?

ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖

រូបភាព
Official portrait of President Russell M. Nelson taken January 2018

កាលណាអ្នកធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទកាន់តែច្រើន នោះអ្នកនឹងកាន់តែជោគជ័យ ។

បើដូច្នេះ តើអ្វីនឹងជួយអ្នកឲ្យក្លាយជាសិស្សដ៏ស្មោះត្រង់របស់ព្រះយេស៊ូវគ្រីស្ទ ? ចម្លើយមួយគឺថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន—មិនគ្រាន់តែចូលរៀនប៉ុណ្ណោះទេ ប៉ុន្តែត្រូវចូលរួមយ៉ាងសកម្មនៅក្នុងថ្នាក់ និងធ្វើតាមរាល់កិច្ចការដែលបានដាក់ឲ្យធ្វើដោយស្មោះត្រង់ផងដែរ ។…

ការបញ្ចប់ការសិក្សាពីថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាននឹងជួយពង្រីកសមត្ថភាពរបស់អ្នកក្នុងការធ្វើអ្វីដែលសំខាន់បំផុតក្នុងជីវិត ។ អំណរពិតប្រាកដនឹងក្លាយជារបស់អ្នក !

( រ័សុល អិម ណិលសុន « A Personal Invitation to Participate in Seminary and Institute » ថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០១៩ )

អែលឌើរ រីឆាដ ជី ស្កត ( ឆ្នាំ ១៩២៨–២០១៥ ) នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនអំពីការចូលរួមក្នុងបទពិសោធន៍នៃការរៀនសូត្រដំណឹងល្អដូចខាងក្រោម ៖

រូបភាព
Final official portrait of Elder Richard G. Scott of the Quorum of the Twelve Apostles, 2004. Passed away 22 September 2015.

ការសម្រេចចិត្តចូលរួម [ របស់សិស្ស ] គឺជាការអនុវត្តសិទ្ធិជ្រើសរើស ដែលអនុញ្ញតឲ្យព្រះវិញ្ញាណបរិសុទ្ធទាក់ទងសារលិខិតផ្ទាល់ខ្លួនមួយដែលត្រូវនឹងសេចក្តីត្រូវការផ្ទាល់ខ្លួន [ របស់សិស្ស ] ម្នាក់ៗ ។ ការបង្កើតបរិយាកាសនៃការចូលរួមមួយបង្កើននូវឱកាស ដែលព្រះវិញ្ញាណ នឹងបង្រៀនមេរៀនសំខាន់ៗបន្ថែមទៀតជាជាង [ គ្រូបង្រៀន ] អាចបង្រៀនបាន ។

ការចូលរួមនោះនឹងនាំទៅក្នុងជីវិតរបស់ [ សិស្ស ] នូវការដឹកនាំពីព្រះវិញ្ញាណ ។ នៅពេល … សិស្ស … លើកដៃឡើងឆ្លើយសំណួរមួយ ទាំងនៅពេលពួកគេនឹងមិនដឹងខ្លួន នោះពួកគេបង្ហាញប្រាប់ទៅព្រះវិញ្ញាណបរិសុទ្ធពីឆន្ទៈរៀនសូត្ររបស់ពួកគេ ។ ការប្រើសិទ្ធិជ្រើសរើសខាងសីលធម៌នោះ នឹងអនុញ្ញាតឲ្យព្រះវិញ្ញាណលើកទឹកចិត្តពួកគេ ហើយប្រទានការដឹកនាំដ៏មានព្រះចេស្ដាបន្ថែមទៀតដល់ពួកគេ អំឡុងពេលអ្នករៀនសូត្ររួមគ្នា ។ ការចូលរួមអនុញ្ញាតឲ្យបុគ្គលម្នាក់ៗដកពិសោធន៍ការដែលត្រូវបានដឹកនាំដោយព្រះវិញ្ញាណ ។ ពួកគេរៀនស្គាល់ និងដឹងថាការណែនាំខាងវិញ្ញាណគឺជាអ្វី ។

( រីឆាត ជី ស្កត « To Learn and to Teach More Effectively » [ Brigham Young University Education Week devotional ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០០៧ ] ទំព័រ ៤–៥ នៅលើគេហទំព័រ speeches.byu.edu )