ថ្នាក់​សិក្ខាសាលា
សេចក្ដីណែនាំស្ដីពីព្រះគម្ពីរសញ្ញាថ្មី


សេចក្ដីណែនាំស្ដីពីព្រះគម្ពីរសញ្ញាថ្មី

ព្រះគម្ពីរសញ្ញាថ្មីជួយយើងឲ្យមករកព្រះគ្រីស្ទ

រូបភាព
Jesus Christ depicted standing with His arms outstretched as an invitation for people to come to Him. Several people are gathered around Christ. Most of the people are looking up at Christ. An elderly man is kneeling on the ground. The man is clasping the robe of Christ and resting his head against Christ’s side. Another elderly man is seated by Christ. He is resting his head on Christ’s other side.

ព្រះគម្ពីរសញ្ញាថ្មីគឺជាកំណត់ត្រានៃជីវិតរមែងស្លាប់ និងការងារបម្រើរបស់ព្រះយេស៊ូវគ្រីស្ទ និងពួកសាវករបស់ទ្រង់ ។ មេរៀននេះនឹងជួយរៀបចំអ្នកឲ្យមករកព្រះយេស៊ូវគ្រីស្ទ ហើយធ្វើតាមទ្រង់នៅពេលអ្នកសិក្សាព្រះគម្ពីរសញ្ញាថ្មី ។

សូមគិតអំពីចម្លើយរបស់អ្នកចំពោះសំណួរខាងក្រោមនេះ ៖

  1. តើអ្នកធ្វើអ្វីខ្លះ នៅពេលអ្នកមានអារម្មណ៍នឿយហត់ខាងផ្លូវកាយ ឬផ្លូវចិត្តនោះ ?

  2. តើអ្នកធ្វើអ្វីខ្លះ នៅពេលអ្នកមានអារម្មណ៍ថាខ្លាច ?

  3. តើអ្នកទៅរកនរណា នៅពេលអ្នកត្រូវការជំនួយ ?

  • តើសកម្មភាព ឬមនុស្សដែលអ្នកគិតដល់នោះ ជួយអ្នកក្នុងស្ថានភាពលំបាកទាំងឡាយយ៉ាងដូចម្តេច ?

  • តើអ្នកធ្លាប់មានតម្រូវការមួយដែលគ្មានសកម្មភាពណាមួយ ឬមនុស្សណាម្នាក់អាចជួយអ្នកដោះស្រាយបានដែរឬទេ?

ប្រធាន ជីន ប៊ី ប៊ីងហាំ អតីតប្រធានសមាគមសង្គ្រោះទូទៅ បានបង្រៀនពីរបៀបដែលយើងអាចបំពេញសេចក្តីត្រូវការដ៏សំខាន់បំផុតរបស់យើងបាន ។

រូបភាព
Official Portrait of Sister Jean B. Bingham. Photographed in 2017.

អំណរជានិរន្តរអាចរកឃើញដោយផ្ដោតលើព្រះយេស៊ូវគ្រីស្ទ ហើយរស់នៅតាមដំណឹងល្អដូចទ្រង់បានបង្ហាញ ហើយបង្រៀន ។ កាលណាយើង រៀន មានជំនឿ ហើយ ធ្វើតាម ព្រះយេស៊ូវគ្រីស្ទកាន់តែច្រើន នោះយើងបានយល់ដឹងថា ទ្រង់គឺជាប្រភពនៃរាល់ការព្យាបាល ក្ដីសុខ និងដំណើរការដ៏អស់កល្ប ។

( ជីន ប៊ី ប៊ីងហាំ « That Your Joy Might Be Ful » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៨៥ )

  • យោងទៅតាមសេចក្តីថ្លែងការណ៍នេះ តើយើងអាចទទួលបានពរជ័យអ្វីខ្លះដោយសារតែព្រះយេស៊ូវគ្រីស្ទ ?

  • តើពរជ័យមួយណាដែលសំខាន់បំផុតសម្រាប់អ្នកនាពេលបច្ចុប្បន្ននេះ ? ហេតុអ្វី ?

ការសិក្សាអំពីព្រះជន្មរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងព្រះគម្ពីរសញ្ញាថ្មី

នៅឆ្នាំនេះ យើងត្រូវបានអញ្ជើញឲ្យសិក្សាព្រះគម្ពីរសញ្ញាថ្មីនៅឯផ្ទះ ព្រះវិហារ និងថ្នាក់សិក្ខាសាលា ។ នៅពេលយើងខិតខំសិក្សាព្រះគម្ពីរសញ្ញាថ្មី ហើយរៀនដោយព្រះវិញ្ញាណបរិសុទ្ធ នោះការយល់ដឹង និងទីបន្ទាល់របស់យើងថាតើព្រះយេស៊ូវគ្រីស្ទជានរណា និងអ្វីដែលទ្រង់បានប្រទានដល់យើងនឹងកើនឡើង ។ យើងនឹងរៀនពីអ្វីដែលយើងអាចធ្វើបានដើម្បីទទួលបានអំណរ ការព្យាបាល និងសេចក្ដី សុខសាន្តដែលទ្រង់នឹងប្រទាន ។

  • តើអ្នកដឹងអ្វីខ្លះអំពីព្រះគម្ពីរសញ្ញាថ្មី ?

  • តើរឿងមួយចំនួនដែលអ្នកចូលចិត្តពីព្រះគម្ពីរសញ្ញាថ្មីមានអ្វីខ្លះ? ហេតុអ្វី ?

  • ហេតុអ្វីអ្នកគិតថា វាមានប្រយោជន៍ដើម្បីសិក្សាព្រះគម្ពីរសញ្ញាថ្មីនៅឆ្នាំនេះ ?

គម្ពីរបួនដំបូងនៃព្រះគម្ពីរសញ្ញាថ្មីមានដំណើររឿងបួនអំពីព្រះជន្មរបស់ព្រះអង្គសង្គ្រោះ ។ គម្ពីរទាំងនេះត្រូវបានគេស្គាល់ថាជាដំណឹងល្អ ។ គម្ពីរទាំងប៉ុន្មានទៀតក្នុងព្រះគម្ពីរសញ្ញាថ្មីមានការងារបម្រើ និងការបង្រៀនរបស់សាវកមួយចំនួនរបស់ព្រះអង្គសង្គ្រោះ និងថ្នាក់ដឹកនាំផ្សេងទៀតនៃសាសនាចក្រកាលពីបុរាណ ។

សម្រាប់ព័ត៌មានបន្ថែម សូមមើល « តើព្រះគម្ពីរសញ្ញាថ្មីត្រូវបានរៀបចំយ៉ាងដូចម្តេច ? » នៅក្នុងផ្នែក « ជម្រើស ៖ តើចង់រៀនបន្ថែមទៀតទេ ? » នៅចុងបញ្ចប់នៃមេរៀននេះ ។

នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ព្រះអង្គសង្គ្រោះប្រទានការអញ្ជើញមួយដែលយើងអាចទទួលយក ដើម្បីទទួលបានជំនួយដែលទ្រង់មានព្រះរាជបំណងចង់ប្រទានដល់យើង ។

សូមអាន ម៉ាថាយ ១១:២៨ ដោយរកមើលការអញ្ជើញរបស់ព្រះអង្គសង្គ្រោះ ។

១. សូមសរសេរចម្លើយរបស់អ្នកសម្រាប់សំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។

  • តើអ្នកគិតថាការ « មកឯ [ ព្រះគ្រីស្ទ ] » មានន័យដូចម្ដេច ?

  • តើអ្នកគិតថា ការសម្រាកបែបណាដែលព្រះអង្គសង្គ្រោះអាចប្រទានដល់យើង នៅពេលយើងមករកទ្រង់ ?

  • តើអ្នកបានទទួលពរជ័យអ្វីខ្លះនៅក្នុងជីវិតរបស់អ្នក នៅពេលអ្នកបានមករកព្រះយេស៊ូវគ្រីស្ទ ?

ការពង្រឹងភាពជាសិស្សរបស់អ្នក នៅពេលអ្នកសិក្សាព្រះគម្ពីរសញ្ញាថ្មី

បទពិសោធន៍របស់អ្នកក្នុងការសិក្សាព្រះគម្ពីរសញ្ញាថ្មីនៅឆ្នាំនេះ នឹងផ្តល់ឲ្យអ្នកនូវឱកាសជាច្រើនដើម្បីមករកព្រះយេស៊ូវគ្រីស្ទ ហើយធ្វើជាសិស្ស ឬអ្នកដើរតាមរបស់ទ្រង់ ។

នៅក្នុងការសិក្សារបស់អ្នក សូមយកចិត្តទុកដាក់មិនត្រឹមតែចំពោះអ្វីដែលអ្នកបានអាន និង ឮអំពីព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះអ្វីដែលព្រះវិញ្ញាណកំពុងបង្រៀនអ្នកអំពីទ្រង់ផងដែរ ។ សូមពិចារណាទុកពីរបីទំព័រនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ដើម្បីកត់ត្រាអ្វីដែលអ្នកកំពុងរៀន និងអារម្មណ៍របស់អ្នកអំពីទ្រង់ និងអ្វីដែលអ្នកកំពុងធ្វើដើម្បីដើរតាមទ្រង់ ។ នៅក្នុងឆ្នាំនេះ សូមបន្ថែមការធ្វើបច្ចុប្បន្នភាពលើទំព័រទាំងនេះ និងពិនិត្យមើលការរីកចម្រើនរបស់អ្នក ។

២. សូមចំណាយពេលបន្តិចដើម្បីគិតអំពីបទពិសោធន៍ដែលអ្នកនឹងមាននៅក្នុងការសិក្សាព្រះគម្ពីរសញ្ញាថ្មីនៅឆ្នាំនេះ តាមរយៈការឆ្លើយសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។

  • តើអ្វីខ្លះដែលអ្នកសង្ឃឹមថានឹងរៀន ឬដកបទពិសោធន៍ នៅពេលអ្នកសិក្សាពីព្រះជន្ម និងការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទនៅឆ្នាំនេះ ?

  • តើមានវិធីជាក់លាក់អ្វីខ្លះ ដែលអ្នកសង្ឃឹមថានឹងធ្វើឲ្យប្រសើរឡើងក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ ?

ជម្រើស ៖ តើចង់រៀនបន្ថែមទៀតទេ ?

តើព្រះគម្ពីរសញ្ញាថ្មីត្រូវបានរៀបចំយ៉ាងដូចម្តេច ?

គម្ពីរ ៤ ដំបូងនៃព្រះគម្ពីរសញ្ញាថ្មី ( ម៉ាថាយ ម៉ាកុស លូកា និង យ៉ូហាន ) ត្រូវបានគេស្គាល់ថាជាដំណឹងល្អ ។ ដំណឹងល្អគឺជាទីបន្ទាល់បួនអំពីព្រះជន្មរមែងស្លាប់ និងការងារបម្រើរបស់ព្រះយេស៊ូវ ។ នៅក្នុងភាសាក្រិកពាក្យ ដំណឹងល្អ មានន័យថា « សេចក្ដីល្អ » ។ សម្រាប់ព័ត៌មានបន្ថែមអំពីដំណឹងល្អទាំងបួន សូមមើលសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ « ដំណឹងល្អ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ។

ព្រះគម្ពីរសញ្ញាថ្មីដែលនៅសល់ ( គម្ពីរកិច្ចការដល់គម្ពីរវិវរណៈ ) មានសំណេរ និងការងារបម្រើនានារបស់អ្នកដឹកនាំសំខាន់ៗនៅក្នុងសាសនាចក្ររបស់ព្រះអង្គសង្រ្គោះ ។ គម្ពីរកិច្ចការកត់ត្រាសកម្មភាពផ្សព្វផ្សាយសាសនា និងអព្ភូតហេតុរបស់ពួកសាវក ។ ចាប់ពីគម្ពីររ៉ូមរហូតដល់គម្ពីរយូដាសគឺជាសំបុត្រ ឬលិខិតដែលប៉ុល និងពួកអ្នកដឹកនាំផ្សេងទៀតរបស់សាសនាចក្របានសរសេរដើម្បីណែនាំ ហើយស្អាងពួកបរិសុទ្ធ ។ គម្ពីរវិវរណៈមានវិវរណៈមួយដែលយ៉ូហានបានទទួលអំពីថ្ងៃចុងក្រោយ ។

តើសេចក្តីជំនឿរបស់ខ្ញុំលើព្រះយេស៊ូវគ្រីស្ទអាចត្រូវបានពង្រឹងតាមរបៀបណា នៅពេលខ្ញុំសិក្សាព្រះគម្ពីរសញ្ញាថ្មី ?

ប្រធាន ជីន ប៊ី ប៊ីងហាំ អតីតប្រធានសមាគមសង្គ្រោះទូទៅ បានចែករំលែកវិធីខ្លះៗដែលសេចក្ដីជំនឿរបស់យើងអាចត្រូវបានពង្រឹង នៅពេលយើងសិក្សាពីព្រះជន្ម និងការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ។

រូបភាព
Official Portrait of Sister Jean B. Bingham. Photographed in 2017.

ពេលបងប្អូនសិក្សាអំពីព្រះជន្ម និងការបង្រៀនរបស់ព្រះគ្រីស្ទតាមរបៀបជាច្រើន សេចក្ដីជំនឿរបស់បងប្អូនលើទ្រង់នឹងកើនឡើង ។ បងប្អូននឹងដឹងថា ទ្រង់ស្រឡាញ់បងប្អូន ហើយយល់ចិត្តបងប្អូនយ៉ាងល្អឥតខ្ចោះ ។ ក្នុងរយៈពេល ៣៣ ឆ្នាំនៃព្រះជន្មរមែងស្លាប់របស់ទ្រង់ ទ្រង់បានរងការបដិសេធ ការបៀតបៀន ការស្រេកឃ្លាន និងការនឿយហត់ ភាពឯកោ ការរំលោភបំពានខាងពាក្យសម្ដី និងខាងរូបកាយ ហើយទីបំផុត បានសុគតក្រោមដៃមនុស្សមានបាប ។ ក្នុងសួនច្បារគែតសេម៉ានី និងលើឈើឆ្កាងត្រង់កាលវ៉ារី ទ្រង់ជ្រាបនូវរាល់ការឈឺចាប់ ការរងទុក្ខ ការល្បួង ការឈឺ និងជំងឺ របស់យើង ។

មិនថាយើងបានរងទុក្ខអ្វីនោះទេ ទ្រង់គឺជាប្រភពនៃ ការព្យាបាល ។ អស់អ្នកដែលធ្លាប់ជួបការការរំលោភបំពាន ការបាត់បង់ដ៏ធំ ជំងឺរ៉ាំរៃ ឬពិការភាព ការចោទប្រកាន់មិនពិត ការបៀតបៀនដ៏សាហាវ ឬការបំផ្លិចបំផ្លាញខាងវិញ្ញាណដោយសារអំពើបាប ឬការយល់ខុសអាចបានជាសះស្បើយដោយសារព្រះដ៏ប្រោសលោះនៃពិភពលោក ។ ប៉ុន្តែ ទ្រង់នឹងពុំយាងចូលដោយគ្មានការអញ្ជើញឡើយ ។ យើងត្រូវមករកទ្រង់ ហើយឲ្យទ្រង់ធ្វើនូវអព្ភូតហេតុរបស់ទ្រង់ ។

( ជីន ប៊ី ប៊ីងហាំ « That Your Joy Might Be Full » Ensign Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៨៦ )

អែលឌើរ អិល ថម ភែរី ( ឆ្នាំ ១៩២២–២០១៥ ) នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែងទីបន្ទាល់ពីសារៈសំខាន់នៃការសិក្សាព្រះគម្ពីរសញ្ញាថ្មី ។

រូបភាព
Final official portrait of Elder L. Tom Perry of the Quorum of the Twelve Apostles, 2004. Passed away 30 May 2015.

ពិភពលោកសព្វថ្ងៃនេះពេញទៅដោយគោលលទ្ធិរបស់មនុស្សដែលវាងាយនឹងភ្លេច ហើយបាត់បង់សេចក្ដីជំនឿលើដំណើររឿងសំខាន់ៗទាំងអស់អំពីព្រះជន្ម និងការងារបម្រើរបស់ព្រះអង្គសង្រ្គោះ—ព្រះគម្ពីរសញ្ញាថ្មី ។ ដំណើររឿងដ៏ពិសិដ្ឋនេះគឺជាផ្នែកសំខាន់បំផុតនៃប្រវត្តិសាស្ត្ររបស់ព្រះគម្ពីរ ប្រៀបដូចជាព្រះអង្គសង្រ្គោះផ្ទាល់គួរតែជាចំណុចសំខាន់នៃជីវិតរបស់យើងដែរ ។ យើងត្រូវប្តេជ្ញាចិត្តខ្លួនឯង ដើម្បីសិក្សា ហើយទុកវាជារតនសម្បត្តិ !

( អិល ថម ភែរី « The Sabbath and the Sacrament » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៦ )