ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ១:១–១៧


ម៉ាថាយ ១:១–១៧

ព្រះយេស៊ូវគឺជាព្រះមែស៊ីដែលបានសន្យា

រូបភាព
Jesus teaches about the Good Shepherd and His other sheep.

ម៉ាថាយក៏ត្រូវបានស្គាល់ថាជាលេវីផងដែរ ដែលជាអ្នកនិពន្ធដំណឹងល្អដំបូងគេនៃព្រះគម្ពីរសញ្ញាថ្មី ។ គោលបំណងមួយរបស់លោកក្នុងការនិពន្ធគឺដើម្បីបង្ហាញថា ព្រះយេស៊ូវបានបំពេញការព្យាករនៅក្នុងព្រះគម្ពីរសញ្ញាចាស់អំពីព្រះមែស៊ី ។ ក្នុងមេរៀននេះ អ្នកនឹងអាចរៀនអំពីព្រះយេស៊ូវគ្រីស្ទ ជាព្រះមែស៊ីដែលបានសន្យា ហើយមានអារម្មណ៍ថាមានអំណរគុណចំពោះទ្រង់កាន់តែខ្លាំង ។

ហេតុអ្វីបានជាព្រះយេស៊ូវគ្រីស្ទមានសារៈសំខាន់ចំពោះអ្នក

នៅសម័យរបស់យើង « មានមនុស្សមួយចំនួននៅលើផែនដីនេះស្គាល់ព្រះយេស៊ូវគ្រីស្ទតិចតួចណាស់ » ( នែល អិល អាន់ឌើរសិន « We Talk of Christ » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៨៨ ) ។

  • ហេតុអ្វីបានជាអ្នកគិតថា មានមនុស្សជាច្រើននៅលើផែនដីនេះ ដែលស្គាល់ព្រះយេស៊ូវគ្រីស្ទតិចតួចខ្លាំងយ៉ាងនេះ ?

សូមបំពេញកិច្ចការខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

១.

សូមស្រមៃគិតថា អ្នកមានពេលមួយនាទីដើម្បីប្រាប់ទៅនរណាម្នាក់ដែលមិនស្គាល់ព្រះយេស៊ូវគ្រីស្ទថា តើព្រះអង្គសង្គ្រោះជានរណា ហើយហេតុអ្វីបានជាទ្រង់មានសារៈសំខាន់ចំពោះអ្នក ។ សូមសរសេរ « ព្រះយេស៊ូវគ្រីស្ទ » នៅកណ្តាលសន្លឹកក្រដាស ឬក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ សូមសរសេរនៅជុំវិញព្រះនាមរបស់ទ្រង់នូវព័ត៌មានលម្អិតសំខាន់ៗ ដែលអ្នកចង់ចែករំលែកក្នុងរយៈពេល ៦០ វិនាទី ។ សូមពិចារណាបន្ថែមព័ត៌មានលម្អិតផ្សេងទៀតទៅក្នុងក្រដាសរបស់អ្នកពេញមួយមេរៀននេះ ។

អ្នកនឹងមានឱកាសបន្ថែមដើម្បីដាក់ស្នើនេះនៅចុងបញ្ចប់មេរៀននេះ ។

អ្នកគួរមើលវីដេអូ « Who Is Jesus Christ ? A 60-Second Overview » ( ១:២២ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ ពេលអ្នកមើល សូមគិតអំពីមូលហេតុដែលព្រះយេស៊ូវគ្រីស្ទនៅតែមានសារៈសំខាន់ចំពោះពិភពលោកសព្វថ្ងៃ សូម្បីតែអ្នកដែលមិនស្គាល់ពីទ្រង់ក៏ដោយ ។

ម៉ាថាយបានថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះមែស៊ី

ដូចជានៅលើពិភពលោកសព្វថ្ងៃនេះដែលមានមនុស្សជាច្រើន ដែលមិនទាន់យល់ពីសារៈសំខាន់របស់ព្រះយេស៊ូវគ្រីស្ទដែរ នោះមនុស្សជាច្រើនដែលបានរស់នៅក្នុងសម័យរបស់ព្រះអង្គសង្រ្គោះក៏មិនបានដឹងពីសារៈសំខាន់របស់ទ្រង់ដែរ ។

ម៉ាថាយគឺជាសាវកម្នាក់ក្នុងចំណោមសាវកដប់ពីរនាក់របស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល ម៉ាថាយ ១០:២–៤ ) ហើយជាសាក្សីម្នាក់ ដែលបានឃើញហេតុការណ៍ជាច្រើនដែលលោកបានពិពណ៌នាចេញពីព្រះជន្មរបស់ព្រះអង្គសង្រ្គោះ ។ លោកបានសរសេរដំណឹងល្អរបស់ម៉ាថាយដើម្បីជួយមនុស្ស ជាពិសេសសាសន៍យូដាដែលមិនជឿលើព្រះអង្គសង្គ្រោះ ឲ្យទទួលស្គាល់ព្រះយេស៊ូវគ្រីស្ទថាទ្រង់ជានរណា ។ ម៉ាថាយបានគូសបញ្ជាក់យ៉ាងជាក់លាក់អំពីការពិតដែលថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះមែស៊ីដែលបានសន្យា ដោយការយោងជាញឹកញាប់ទៅការព្យាករពីបុរាណអំពីព្រះមែស៊ី ដែលព្រះយេស៊ូវគ្រីស្ទបានបំពេញ ។

ម៉ាថាយបានចាប់ផ្តើមដំណើររឿងរបស់លោក ដោយកត់ត្រាពីប្រវត្តិគ្រួសាររបស់ព្រះយេស៊ូវ ។ លោកបានដាក់បញ្ចូលមនុស្សសំខាន់ៗ និងព័ត៌មានលម្អិត ( សូមមើល ម៉ាថាយ ១:១–១៧ ) ។; សូមអាន ម៉ាថាយ ១:១៦ ដោយរកមើលឃ្លា « ព្រះយេស៊ូវ ដែលហៅថាព្រះគ្រីស្ទ » ។ សូមពិចារណាគូសបន្ទាត់ពីក្រោមឃ្លានោះនៅក្នុងព្រះគម្ពីររបស់អ្នក ។

  • តើអ្នកដឹងអ្វីខ្លះអំពីអត្ថន័យនៃព្រះបរមងារ « ព្រះគ្រីស្ទ » ?

ភាសាហេព្រើរសម្រាប់ពាក្យ « ព្រះគ្រីស្ទ » គឺ « ព្រះមែស៊ី » ។ សូមអានសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ព្រះមែស៊ី » ដើម្បីរៀនបន្ថែមទៀតអំពីអត្ថន័យនៃព្រះបរមងារនេះ និងហេតុផលដែលសាសន៍យូដាមិនទទួលយកព្រះយេស៊ូវជាព្រះគ្រីស្ទ ។

  • តើអ្នករៀនអ្វីខ្លះអំពីបេសកកម្មរបស់ព្រះអង្គសង្គ្រោះ តាមរយៈការយល់ពីព្រះបរមងាររបស់ទ្រង់ « ព្រះគ្រីស្ទ » និង « ព្រះមែស៊ី » ?

កាលពីបុរាណ មនុស្សត្រូវបានចាក់ប្រេងតាំងដើម្បីរៀបចំបំពេញភារកិច្ចពិសេសៗ ។ ដំណឹងល្អរបស់ម៉ាថាយគឺពោរពេញដោយគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ដែលបានបំពេញការព្យាករពីបុរាណអំពីអ្វីដែលទ្រង់ត្រូវបានចាក់ប្រេងតាំងឲ្យធ្វើ ។ សូមរកមើលគំរូពីរ ឬបីនៃគំរូទាំងនេះនៅក្នុងព្រះគម្ពីររបស់អ្នក ( សូមមើលតារាងខាងក្រោម ) ។ សូមគិតអំពីមូលហេតុដែលព្រះវរបិតាសួគ៌បានបើកសម្ដែងសេចក្ដីលម្អិត អំពីអ្វីដែលព្រះគ្រីស្ទនឹងធ្វើជាច្រើនឆ្នាំមុនពេលដែលព្រះគ្រីស្ទបានយាងមក ។

ការព្យាករក្នុងព្រះគម្ពីរសញ្ញាចាស់អំពីព្រះមែស៊ី

ការបំពេញតាមរយៈព្រះយេស៊ូវគ្រីស្ទ

ព្រះមែស៊ីនឹងជាពូជពង្សរបស់អ័ប្រាហាំ និងដាវីឌ ( សូមមើល យេរេមា ២៣:៥–៦ ; លោកុប្បត្តិ ២២:១៨ ) ។;

ម៉ាថាយ ១:១, ៦, ១៧

ព្រះមែស៊ីនឹងប្រសូតពីស្ត្រីព្រហ្មចារីម្នាក់ ( សូមមើល អេសាយ ៧:១៤ ; អាលម៉ា ៧:១០ ) ។;

ម៉ាថាយ ១:២១–២៣

ព្រះមែស៊ីនឹងប្រសូតនៅភូមិបេថ្លេហិម ( សូមមើល មីកា ៥:២ ) ។;

ម៉ាថាយ ២:៤–៦

ព្រះមែស៊ីនឹងមកពីស្រុកណាសារ៉ែត ( សូមមើល នីហ្វៃទី១ ១១:១៣ ) ។;

ម៉ាថាយ ២:២៣

ព្រះមែស៊ីនឹងព្យាបាលអ្នកឈឺ ( សូមមើល អេសាយ ៥៣:៤ ; ម៉ូសាយ ៣:៥ ) ។;

ម៉ាថាយ ៨:១៦–១៧

ព្រះមែស៊ីនឹងបង្រៀនដោយប្រើរឿងប្រៀបប្រដូច ( សូមមើល ទំនុកដំកើង ៧៨:២ ) ។;

ម៉ាថាយ ១៣:៣៥

ព្រះមែស៊ីនឹងយាងចូលក្រុងយេរូសាឡិមដោយគង់លើសត្វលា ( សូមមើល សាការី ៩:៩ ) ។;

ម៉ាថាយ ២១:១–៧

ព្រះយេស៊ូវគ្រីស្ទថ្លែងទីបន្ទាល់ថា ទ្រង់គឺជាព្រះមែស៊ី

ការបំពេញមួយទៀតនៃការព្យាករក្នុងព្រះគម្ពីរសញ្ញាចាស់ត្រូវបានកត់ត្រានៅក្នុង លូកា ៤:១៦–២១ ។; នៅពេលព្រះយេស៊ូវបានយាងទៅលេងស្រុកកំណើតរបស់ទ្រង់នៅឯណាសារ៉ែត នោះទ្រង់បានចូលរួមក្នុងសាលាប្រជុំ ( ព្រះវិហារ ) ហើយអានក្នុងគម្ពីរអេសាយនូវការព្យាករអំពីបេសកកម្មដ៏ទេវភាពរបស់ព្រះមែស៊ី ។ ក្រោយពីអានរួច ព្រះយេស៊ូវបានប្រកាសថា ទ្រង់គឺជាព្រះមែស៊ីដោយថ្លែងថា ការព្យាកររបស់អេសាយឥឡូវនេះត្រូវបានបំពេញហើយ ។

សូមអាន អេសាយ ៦១:១–២ ដោយរកមើលអ្វីដែលអេសាយបានព្យាករថា ព្រះមែស៊ីត្រូវបានចាក់ប្រេងតាំងឲ្យធ្វើ ។ សូមគូសចំណាំពាក្យ ឬឃ្លាដែលអ្នកមានអារម្មណ៍ថា វាបង្ហាញថា ព្រះយេស៊ូវគ្រីស្ទសមនឹងការពិពណ៌នាដែលអេសាយបានកត់ត្រា ។

អ្នកគួរមើលវីដេអូ « Jesus Declares He Is the Messiah » ពីលេខកូដម៉ោង ០:០០ ដល់ ២:០៥ ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។

  • តើពាក្យ ឬឃ្លាអ្វីខ្លះពី អេសាយ ៦១:១–២ ជាភស្ដុតាងចំពោះអ្នកថា ព្រះយេស៊ូវគ្រីស្ទជាព្រះមែស៊ីដែលបានព្យាករពិតមែននោះ ?

  • តើព្រះអង្គសង្គ្រោះបានបំពេញការព្យាករណាមួយនៅក្នុងជីវិតរបស់អ្នក ឬនៅក្នុងជីវិតរបស់នរណាម្នាក់ដែលអ្នកស្គាល់យ៉ាងដូចម្តេច ?

សូមបន្ថែមព័ត៌មានលម្អិតអំពីព្រះយេស៊ូវគ្រីស្ទទៅក្នុងសន្លឹកក្រដាស ដែលអ្នកបានចាប់ផ្តើមធ្វើការនៅដើមមេរៀន ។ សូមឆ្លើយសំណួរខាងក្រោម ដើម្បីជួយអ្នកឲ្យគិតពីព័ត៌មានលម្អិតដែលត្រូវបន្ថែម ។

  • តើអ្នកបានរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ចេញពីការព្យាករទាំងនេះអំពីព្រះមែស៊ី និងការបំពេញតាមការព្យាករទាំងនេះ ?

  • តើព្រះយេស៊ូវគ្រីស្ទបានយាងមកផែនដីដើម្បីធ្វើអ្វី ? ហេតុអ្វីវាសំខាន់ដើម្បីយល់ពីបេសកកម្មរបស់ទ្រង់ ?

  • ហេតុអ្វីព្រះយេស៊ូវគ្រីស្ទមានសារៈសំខាន់ចំពោះអ្នក ?

ជម្រើស ៖ តើចង់រៀនបន្ថែមទៀតទេ ?

ហេតុអ្វីព្រះយេស៊ូវគ្រីស្ទនៅតែមានសារៈសំខាន់នាសព្វថ្ងៃនេះ ?

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែកចាយទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទដូចតទៅនេះ ៖

រូបភាព
Official portrait of Elder Neil L. Andersen of the Quorum of the Twelve Apostles, 2010, August.

ព្រះយេស៊ូវគ្រីស្ទបំភ្លឺផ្លូវយើង ដូចជាផ្កាយនាំផ្លូវនៅលើមេឃដ៏ច្បាស់ ។ ទ្រង់យាងមកផែនដីក្នុងក្រោលមួយដ៏រាបទាប ។ ទ្រង់បានរស់នៅក្នុងព្រះជន្មដ៏ឥតខ្ចោះ ។ ទ្រង់បានព្យាបាលអ្នកឈឺឲ្យជា ហើយប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ។ ទ្រង់គឺជាមិត្តភក្តិដល់អ្នកដែលគេបំភ្លេចចោល ។ ទ្រង់បានបង្រៀនយើងឲ្យធ្វើអំពើល្អ គោរពប្រតិបត្តិ និងឲ្យស្រឡាញ់គ្នាទៅវិញទៅមក ។ ទ្រង់ត្រូវបានគេឆ្កាងលើឈើឆ្កាង តែមានព្រះជន្មរស់ឡើងវិញយ៉ាងអស្ចារ្យនៅបីថ្ងៃក្រោយនោះ ដែលអនុញ្ញាតឲ្យយើង និងអស់អ្នកដែលយើងស្រឡាញ់បានរស់នៅហួសពីជីវិតរមែងស្លាប់នេះ ។ ដោយសារសេចក្ដីមេត្តាករុណា និងព្រះគុណដែលមិនអាចប្រៀបផ្ទឹមបានរបស់ទ្រង់ នោះទ្រង់បានទទួលដាក់មកលើអង្គទ្រង់នូវអំពើបាប និងការរងទុក្ខរបស់យើង ដោយនាំមកនូវការអភ័យទោស នៅពេលយើងប្រែចិត្ត ហើយមានសន្តិភាពនៅក្នុងព្យុះជីវិត ។ យើងស្រឡាញ់ទ្រង់ ។ យើងថ្វាយបង្គំទ្រង់ ។ យើងធ្វើតាមទ្រង់ ។ ទ្រង់គឺជាយុថ្កានៃព្រលឹងរបស់យើង ។

( នែល អិល អាន់ឌើរសិន « We Talk of Christ » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៨៨ ) ។

ហេតុអ្វីក៏វាសំខាន់ដែលព្រះយេស៊ូវគ្រីស្ទជាពូជពង្សរបស់ដាវីឌ ?

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ( ១៩១៥–៨៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ថា

រូបភាព
Head and shoulders portrait of Elder Bruce R. McConkie.

គ្មានគោលគំនិតមួយណាត្រូវបានដាក់ក្នុងគំនិតរបស់សាសន៍យូដានៅជំនាន់របស់ព្រះយេស៊ូវ ជាងជំនឿជាសកលដែលថា ព្រះមែស៊ីរបស់ពួកគេនឹងជាបុត្ររបស់ដាវីឌឡើយ ។ ពួកគេបានស្វែងរកអ្នករំដោះខាងសាច់ឈាម ដែលនឹងលែងនឹមនៃទាសភាពពីពួករ៉ូម៉ាំង និងដោះលែងសាសន៍អ៊ីស្រាអែលម្តងទៀត ។ ពួកគេបានស្វែងរកអ្នកគ្រប់គ្រង ដែលនឹងស្តារសិរីរុងរឿងនោះឡើងវិញ និងឥទ្ធិពល ព្រមទាំងកិត្យានុភាពទូទាំងពិភពលោកដែលបានធ្វើឲ្យពួកគេត្រេកអរ នៅពេលដែលបុត្ររបស់អ៊ីសាយគង់លើបល្ល័ង្ករបស់អ៊ីស្រាអែល ។

( ប្រ៊ូស អ័រ ម៉ាក់ខន់ឃី The Promised Messiah [ ឆ្នាំ ១៩៧៨ ] ទំព័រ ១៨៨ )

តើស្ត្រីដែលម៉ាថាយបានបញ្ចូលក្នុងពង្សាវតាររបស់ព្រះគ្រីស្ទគឺជានរណា ?

« តាម៉ារ មកពីអាឌូឡាមនៅក្នុងទឹកដីកាណាន ( សូមមើល លោកុប្បត្តិ ៣៨ ) រ៉ាហាប ជាជនជាតិកាណាននៃក្រុងយេរីខូ ( សូមមើល យ៉ូស្វេ ២:១–៧ ) នាងរស់ ជាជនជាតិម៉ូអាប់ មុនពេលប្តូរទៅសាសនាយូដា ( សូមមើល នាងរស់ ១:៤ ) និងបាតសេបា ជាប្រពន្ធរបស់អ៊ូរីជាជនជាតិហេត ( សូមមើល សាំយូអែល ទី២ ១១:៣ ) ។; ដូច្នេះ [ ស្ត្រី ] ទាំងបួននាក់មិនមែនជាជនជាតិអ៊ីស្រាអែល ឬជាប់ទាក់ទងជាមួយជនជាតិមិនមែនអ៊ីស្រាអែលទេ » (New Testament Student Manual [ ឆ្នាំ ២០១៨ ] ទំព័រ ១៣ ) ។ ការដាក់បញ្ចូលស្ត្រីទាំងនេះទៅក្នុងពង្សាវតាររបស់ព្រះយេស៊ូវគ្រីស្ទអាចបង្រៀនយើងថា ព្រះធ្វើការជាមួយមនុស្សទាំងអស់ និងតាមរយៈរបៀបដែលមិនបានរំពឹងទុក ។

វាក៏ជាភស្ដុតាងផងដែរថា « ភាពសុចរិតផ្ទាល់ខ្លួនមិនអាស្រ័យលើការមានពូជពង្ស ‹ ល្អឥតខ្ចោះ› នោះទេ ព្រោះត្រកូលរបស់ព្រះយេស៊ូវគ្រីស្ទមិនល្អឥតខ្ចោះឡើយ ។ [ ហើយ ] ការដាក់បញ្ចូលស្ត្រីនៅក្នុង [ ប្រវត្តិគ្រួសារ ] របស់ព្រះអង្គសង្គ្រោះ ឆ្លុះបញ្ចាំងពីសេចក្តីពិតដ៏សំខាន់ថា បុរស និងស្ត្រីគឺស្មើភាពគ្នាចំពោះព្រះនេត្រនៃព្រះ » ( New Testament Student Manual ទំព័រ ១៣ ) ។