ថ្នាក់​សិក្ខាសាលា
ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ភាគ ១


ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ ភាគ ១

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

រូបភាព
យុវជន​សញ្ជឹង​គិត​អំពី​ព្រះគម្ពីរ

គោលបំណង​មួយ​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ គឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​រៀន និង​អនុវត្ត​តាម​គោលការណ៍​នានា​ក្នុង​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ដើម្បី​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ ។ មេរៀន​នេះ​មាន​គោលបំណង​ដើម្បី​ជួយ​អ្នក​ឲ្យ​យល់ ហើយ​អនុវត្ត​គោលការណ៍​ជាក់លាក់​នៃ​ការធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ នៅពេល​មាន​បញ្ហា​ប្រឈម​លំបាកៗ និង​មាន​សំណួរ​កើតឡើង ។

ពេល​ជួប​ឧបសគ្គ និង​សំណួរ​កើតឡើង

ក្នុង​អំឡុងពេល​ជីវិត​រមែង​ស្លាប់ យើង​ទាំងអស់​គ្នា​ជួបប្រទះ​នឹង​ឧបសគ្គ និង​សំណួរ​ទាំងឡាយ​ដែល​មិន​ងាយ​ស្រួល​ដោះស្រាយ ។ សូម​អាន​សាច់រឿង​ដូច​តទៅ​នេះ ខណៈ​កំពុង​គិត​អំពី​បទពិសោធន៍​ស្រដៀង​គ្នា​នេះ អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​ធ្លាប់​មាន ។

យុវជន​ម្នាក់​មាន​សំណួរ​ជា​ច្រើន​អំពី​គោលនយោបាយ​សាសនាចក្រ ហើយ​ចាប់ផ្ដើម​ឆ្ងល់​ថា​តើ​សាសនាចក្រ​ពិត​ដែល​ឬ​ទេ ។

យុវនារី​ម្នាក់​ឃើញ​ការបង្ហោះ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដែល​សួរ​សំណួរ​អំពី​គោលលទ្ធិ​នៃ​សាសនាចក្រ ។ ឥឡូវ​នាង​ចាប់ផ្ដើម​ឆ្ងល់​អំពី​គោលលទ្ធិ​នោះ​ខ្លួន​ឯង​ដែរ ។

យុវនារី​ម្នាក់​ឆ្ងល់​ថា​តើ​ការអធិស្ឋាន​ពិត​ជា​ត្រូវបាន​ឆ្លើយ បន្ទាប់​ពី​ប្អូនប្រុស​របស់​នាង​បានរងទុក្ខ និង​ស្លាប់​ដោយសារ​ជំងឺ ទោះបី​ជា​មាន​ការអធិស្ឋាន និង​ពរជ័យ​ដែល​បាន​ផ្តល់​ឲ្យ​ជំនួស​គាត់​ក៏​ដោយ ។

  • តើ​វិធី​ផ្សេងៗ​ទៀត​អ្វីខ្លះ ដែល​មនុស្ស​អាច​ជ្រើសរើស​ឆ្លើយតប នៅពេល​ដែល​ពួកគេ​ប្រឈមមុខ​នឹង​ឧបសគ្គ ឬ​សំណួរ​ដ៏​លំបាកៗ​ដូចនេះ ?

សូម​ចំណាយ​ពេល​មួយ​ភ្លែតដើម្បី​ជញ្ជឹងគិត​ពី​បទពិសោធន៍​របស់​អ្នក​ដែល​ប្រឈម​នឹង​ឧបសគ្គ និង​សំណួរ​លំបាកៗ ។ វា​អាច​ជា​ប្រយោជន៍ ដើម្បី​គិត​អំពី​សំណួរ​ដូច​តទៅនេះ​នេះ ៖ តើ​អ្នក​មាន​ជោគជ័យ​ក្នុង​ការស្វែងរក​ចម្លើយ​ដែរ​ឬ​ទេ ? តើ​អ្វី​ទៅ​ដែល​បាន​ជួយ​អ្នក​ស្វែងរក​ភាពសុខសាន្ត ? តើ​អ្វី​ដែល​មិន​បាន​ជួយ ?

  • តើ​មាន​សំណួរ ឬ​ឧបសគ្គ​អ្វី​ខ្លះ​ដែល​អ្នក​មាន ( ឬ​ដែល​មនុស្ស​ផ្សេងៗ​ទៀត​ដែល​អ្នក​ស្គាល់មាន ) ដែល​មិន​ងាយស្រួល​ដោះស្រាយ ?

  • ហេតុអ្វី​អ្នក​គិត​ថា ព្រះវរបិតាសួគ៌​អនុញ្ញាត​ឲ្យ​យើង​មាន​សំណួរ​ដែល​មិន​ទាន់​បាន​ដោះស្រាយ ជាជាង​តែងតែ​ផ្តល់​ចម្លើយ​ដល់​យើងជានិច្ច ?

ពេល​មាន​សំណួរ​កើតឡើង វា​សំខាន់​ក្នុង​ការចងចាំ​ថា ព្រះអម្ចាស់​ជំរុញ​ឲ្យ​យើង​សួរ​សំណួរ និង​ស្វែងរក​ចម្លើយ ( សូមមើល ម៉ាថាយ ៧:៧–៨; យ៉ាកុប ១:៥–៦; គោលលទ្ធិ និង សេចក្តី​សញ្ញា ៤២:៦១ ) ។ ការសួរ​សំណួរ និង​ការស្វែងរក​ចម្លើយ​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការខិតខំ​របស់​យើង​ដើម្បី​រៀន​សេចក្ដីពិត បន្ទាប់​មក​ដោយ​អនុវត្ត និង​រស់នៅ​តាម​អ្វី​ដែល​យើង​បានរៀន​នៅក្នុង​ដំណើរ​របស់​យើង​ដើម្បី​ក្លាយទៅ​ដូចជា​ព្រះអង្គ​សង្រ្គោះ និង​ព្រះវរបិតាសួគ៌​របស់​យើង ។

គោលការណ៍​បី​យ៉ាង​ដែល​អាច​ដឹកនាំ​យើង​នៅ​ពេល​យើង​ព្យាយាម​ដោះស្រាយ​សំណួរ ឬ​បញ្ហា​នានា ហើយ​រីកចម្រើន​ក្នុង​ការយល់ដឹង​របស់​យើង​អំពី​សេចក្ដីពិត​ដ៏​អស់កល្ប​ជានិច្ច រួមមាន ៖

  • ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ ។

  • ពិនិត្យមើល​គោល​គំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​នៅអស់​កល្បជានិច្ច ។

  • ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព ។

គោលការណ៍​ទាំង​បី​នេះ​អាច​មាន​សារៈសំខាន់​ដើម្បី​ប្រើប្រាស់ នៅពេល​អ្នក​ប្រឈម​នឹង​សំណួរ និង​កង្វល់​ទាំងឡាយ​ដែល​មិន​ងាយស្រួល​ដោះស្រាយ ឬ​នៅពេល​អ្នក​ជួប​ការសាកល្បង ។

ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ

មេរៀន​នេះ​មាន​បំណង​ជួយ​អ្នក​ឲ្យ​យល់​ពី​គោលការណ៍​ដូច​តទៅ​នេះ ៖ នៅពេល​យើង​ធ្វើ​សកម្មភាព​ដោយ​សេចក្តី​ជំនឿ នោះ​ព្រះអម្ចាស់​ប្រទាន​សេចក្ដីសុខ និង​កម្លាំង​ដល់​យើង ខណៈ​ដែល​យើង​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ និង​កង្វល់​ទាំងឡាយ​របស់​យើង ។

១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ។

  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាង​ណា​ដើម្បី​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ ?

សូម​ធ្វើ​ឲ្យ​ការយល់ដឹង​របស់អ្នក​កាន់តែ​ស៊ីជម្រៅ​អំពី​អត្ថន័យ​នៃការ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ ដោយ​បញ្ចប់​សកម្មភាព​រៀនសូត្រ​ខាងក្រោម​នេះ ។ វា​ប្រហែល​ជា​មាន​ប្រយោជន៍​ក្នុង​ការសិក្សា​ជាមួយ​នរណា​ម្នាក់​ទៀត ដើម្បី​អ្នក​អាច​អនុវត្ត​ការពន្យល់​ពី​ការយល់ដឹង​របស់​អ្នក និង​រៀន​ពី​អ្នក​ដទៃ​ទៀត ។

តើ​ការធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​មាន​ន័យ​ដូចម្ដេច ?

សូមអាន ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២២ ) « ការ​ទទួល​បាន​ចំណេះ​ខាងវិញ្ញាណ » កថាខណ្ឌ​ទី ១–២ និង ៥–៧ និង​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ នៅ​ពេល​អ្នក​សិក្សា សូម​រកមើល​អត្ថន័យ​នៃ​ការធ្វើ​សកម្មភាព​ដោយ​សេចក្តី​ជំនឿ និង​អ្វី​ដែល​អាច​ជួយ​អ្នក​ឲ្យ​អនុវត្ត​គោលការណ៍​នេះ នៅពេល​អ្នក​មាន​សំណួរ ។

រូបភាព
អែលឌើរ នែល អិល អាន់ឌើរសិន

សេចក្តី​ជំនឿ​ពុំ​មែន​កើត​មាន​ចំពោះ​យើង​ដោយ​ចៃដន្យ ឬ​នៅ​ជាប់​នឹង​យើង​ដោយសារ​តែ​មរតក​របស់​បង​ច្បង​ឡើយ ។ … សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អំណោយ​មួយ​ពី​ស្ថានសួគ៌​ដែល​ប្រទាន​មក នៅពេល​យើង​ជ្រើសរើស​​ជឿ និង​នៅពេល​យើង​ស្វះស្វែង​រក​វា ហើយតោង​ជាប់​នឹង​វា ។ អនាគត​នៃ​សេចក្តី​ជំនឿ​របស់​អ្នក គឺ​ពុំ​មែន​កើត​មក​ពី​ភាពចៃដន្យ​នោះ​ទេ ប៉ុន្តែ​មក​ពី​ជម្រើស​វិញ ។

សេចក្តី​ជំនឿ​ពុំ​ទាមទារ​នូវ​ចម្លើយ​ចំពោះ​គ្រប់​សំណួរ​នោះ​ទេ ប៉ុន្តែ​វា​ស្វែងរក​ការបញ្ជាក់ និង​ការលើក​ទឹកចិត្ត​ឲ្យ​ឈាន​ឆ្ពោះ​ទៅមុខ ទោះបី​ជា​ពេល​ខ្លះ​យើង​អាច​ទទួល​ស្គាល់​ថា « ខ្ញុំ​ពុំ​ចេះ​គ្រប់​យ៉ាង​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ដឹង​គ្រប់គ្រាន់ ដើម្បី​បន្ត​ដើរ​នៅលើ​ផ្លូវ​នៃ​ភាព​ជា​សិស្ស » ។

ការបន្ត​ជ្រមុជ​ខ្លួន​ឯង​នៅ​ក្នុង​មន្ទិល​សង្ស័យ​ឥត​ឈប់ឈរ នឹង​ធ្វើ​ឲ្យ​សេចក្តី​ជំនឿ​របស់​មនុស្ស​ម្នាក់​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ការស្តារ​ឡើង​វិញ​ទន់​ខ្សោយ ដោយសារ​ចម្លើយ​មក​ពី​មនុស្ស​ដែល​មាន​ជំនឿ​តិច និង​មនុស្ស​ដែល​គ្មាន​ជំនឿ ។ « មនុស្ស​ខាង​សាច់​ឈាម​គេ​មិន​ទទួល​សេចក្តី​ខាង​ឯ​ព្រះវិញ្ញាណ​នៃ​ព្រះ​ទេ ពី​ព្រោះ​ជា​សេចក្តី​ល្ងង់ល្ងើ​ដល់​គេ » [ កូរិនថូស ទី១ ២:១៤ ] ។ …

ទោះបីជា​ភ្លើង​នៃ​សេចក្តី​ជំនឿ​ដំបូង​របស់​អ្នក​អាច​មាន​តិចតួច​ក្តី ជម្រើស​សុចរិត​នាំមក​នូវ​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​លើ​ព្រះ ហើយ​សេចក្តី​ជំនឿ​របស់​អ្នក​រីកចម្រើន ។

( នែល អិល អាន់ឌើរសិន « Faith Is Not by Chance, but by Choice » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៦៥–៦៧ ) ។

  • ហេតុអ្វី​បាន​ជា​អ្នក​គិតថា វា​សំខាន់​ដើម្បី​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​នៅ​ពេល​យើង​មាន​សំណួរ និង​កង្វល់​នោះ ?

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​ពី​អត្ថបទ​អំណាន​ទាំងនេះ អំពី​អត្ថន័យ​នៃ​ការធ្វើ​សកម្មភាព​ដោយ​សេចក្តី​ជំនឿ ?

សូម​រំឭក​ពី​សំណួរ និង​ឧបសគ្គ​លំបាកៗ​ដែល​អ្នក​កំពុង​ប្រឈម ឬ​ពិនិត្យ​មើល​សាច់រឿង​នានា​ចាប់​តាំង​ពី​ដើម​មេរៀន​មក ។ ដោយ​ទុក​សាច់រឿង​មួយ​ក្នុង​ចំណោម​សាច់រឿង​ទាំងនេះ​នៅក្នុង​គំនិត សូម​ហាត់​អនុវត្ត​នូវ​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ការធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ ដោយ​ឆ្លើយតប​យ៉ាង​លម្អិត​តាម​ដែល​អ្នក​អាច​ធ្វើ​ទៅបាន​ចំពោះ​សំណួរ​ខាង​ក្រោម​នេះ ។

២. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្វី​ទៅ​ជា​ឧបសគ្គ ឬ​សំណួរ​ដែល​អ្នក​បានជ្រើសរើស​ដើម្បី​អនុវត្ត​ការធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ ?

  • តើ​មាន​វិធី​ពីរ ឬ​បី​យ៉ាង​អ្វី​ខ្លះ ដែល​មនុស្ស​ម្នាក់​អាច​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​នៅក្នុង​ស្ថានភាព​នេះ ?

  • តើ​មាន​អ្វី​អំពី​ស្ថានភាព​នេះ ដែល​អាច​នឹង​ធ្វើ​ឲ្យ​ការធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​មាន​ការពិបាក ? តើ​អ្នក​អាច​យកឈ្នះ​ឧបសគ្គ​ទាំងនេះ​ដោយ​របៀបណា ?

  • តើ​អ្វី​ទៅ​ដែល​អ្នក​ចង់​ចងចាំ​ជា​ពិសេស​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ខណៈ​ដែល​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​នេះ ? តើ​ការចងចាំ​រឿង​ទាំងនេះ​អាច​ជួយ​អ្នក​ដោយ​របៀប​ណា ?

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ដែរ​ឬ​ទេ ?

តើ​វា​ខុស​ឬ ប្រសិនបើ​មាន​សំណួរ​អំពី​ដំណឹងល្អ​នោះ ?

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ នៃ​គណៈប្រធាន​ទី​មួយ​បាន​បង្រៀន​អំពី​តម្លៃ​នៃ​សំណួរ​ដ៏​ស្មោះត្រង់ ៖

រូបភាព
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ

ជា​ធម្មតា​ទេ​ដែល​មាន​សំណួរ​នោះ—គ្រាប់​ពូជ​នៃ​សំណួរ​ស្មោះត្រង់​តែង​លេច​ពន្លក​ឡើង និង​លូតលាស់​ជា​ដើម​ឈើ​យល់ដឹង​មួយ​ដ៏​ធំ ។ មាន​សមាជិក​ខ្លះ​ពុំ​ស្វិតស្វាញ​នឹង​សំណួរ​ប្រាកដ​ប្រជា ឬ​ធ្វើ​ឲ្យ​អន់​ចិត្ត​ឡើយ​នៅ​ពេល​មួយ ឬ​ផ្សេង​ទៀត ។ គោល​បំណង​នៃ​សាសនាចក្រ​គឺ​បីបាច់ និង​បណ្ដុះ​គ្រាប់​ពូជ​នៃ​សេចក្ដី​ជំនឿ—សូម្បី​ពេល​ខ្លះ​ជា​ដី​ខ្សាច់​នៃ​មន្ទិល និង​ភាព​មិន​ប្រាកដ​ក្ដី ។ សេចក្ដី​ជំនឿ​គឺ​ត្រូវ​សង្ឃឹម​លើ​ការណ៍​ដែល​មើល​ពុំ​ឃើញ តែ​ពិត ។

ដូច្នេះ ប្អូនៗ​ប្រុស​ស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ—​មិត្ត​ជា​ទីស្រឡាញ់​ខ្ញុំ​អើយ—ទីមួយសូម​សង្ស័យ​ពីមន្ទិល​របស់​អ្នក​ពី​មុន​សង្ស័យ​ចំពោះសេចក្ដី​ជំនឿ​អ្នក ។ យើង​ពុំ​ត្រូវ​អនុញ្ញាត​ឲ្យ​មន្ទិល​ចាប់​យើង​ជា​អ្នក​ទោស ហើយ​បញ្ចៀស​យើង​ពី​សេច​ក្ដី​ស្រឡាញ់​ព្រះ ភាព​សុខសាន្ត និង​អំណោយ​ទាន ដែល​បាន​មក​ពី​សេច​ក្ដី​ជំនឿ​លើ​ព្រះ​យេស៊ូវគ្រីស្ទ​ជា​ដាច់​ខាត ។

( ឌៀថើរ អេស្វ អុជដូហ្វ « Come, Join with Us » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ២៣ )

តើ​ខ្ញុំ​អាច​បង្កើន​សមត្ថភាព​របស់​ខ្ញុំ​ក្នុង​ការធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​យ៉ាង​ដូចម្ដេច ?

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​អំពី​ដំណើរការ​មួយ ដែល​យើង​អាច​ធ្វើ​ដើម្បី​បង្កើន​ជំនឿ​របស់​យើង ៖

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

សេចក្ដីជំនឿ​របស់​យើង​ចម្រើន​ឡើង​គ្រប់ពេល ដែល​យើង អនុវត្ត សេចក្ដី​ជំនឿ​របស់​យើង​ទៅ​លើ​ទ្រង់ ។ នោះ​គឺជា​អត្ថន័យ​នៃ​ការ​រៀនសូត្រ​ដោយសារ​សេចក្ដីជំនឿ ។

ឧទាហរណ៍ ៖ រាល់​ពេល​ដែល​យើង​មាន​ជំនឿ​ដើម្បី​គោរព​តាមក្រឹត្យ​វិន័យ​របស់​ទ្រង់—ទោះ​ជា​ពេល​ដែល​គំនិត​លោកិយ​មិន​ឲ្យ​តម្លៃ​យើង—ឬ​រាល់​ពេល​ដែល​យើង​មិន​ព្រម​ធ្វើ​តាម​ការកម្សាន្ដ ឬ​ជំនឿ​ដែល​ធ្វើឡើង​ដើម្បី​បំបាក់​សេចក្ដីសញ្ញា នោះ​យើង​កំពុង អនុវត្ត សេចក្ដីជំនឿ​របស់​យើង ដែល​នឹង​នាំ​ឲ្យ ចម្រើន សេចក្ដី​ជំនឿ​របស់​យើង​ហើយ ។

( រ័សុល អិម ណិលសុន « Embrace the Future with Faith » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៧៥ )

សាច់រឿង​ជីវិត​ពិត​របស់​បុគ្គល​ទាំងឡាយ​ដែល​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

សូម​ពិចារណា​ក្នុង​ការមើល​វីដេអូ​មួយ ឬ​ទាំងពីរ​ខាងក្រោម​នេះ ដោយ​ស្វែងរក​អ្វី​ដែល​អ្នក​អាច​រៀន​ពី​បុគ្គល​ទាំងនេះ ដែល​អាច​ជួយ​អ្នក​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​នៅ​ពេល​អ្នក​មាន​សំណួរ ឬ​ឧបសគ្គ លំបាកៗ ។

ហេតុអ្វី​ខ្ញុំ​មិន​គួរ​ខ្លាច​សំណួរ​ដែល​មិន​ទាន់​បាន​ដោះស្រាយ ?