ថ្នាក់​សិក្ខាសាលា
វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក ទី​៩


វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក ទី​៩

កូរិនថូស ទី១ ៨–១៦ និង កូរិនថូស ទី២

រូបភាព
យុវជន​ម្នាក់​កំពុង​សិក្សា​ព្រះគម្ពីរ

មេរៀន​នេះ​មាន​គោលបំណង​ជួយ​អ្នក​ឲ្យ​វាយតម្លៃ​គោលដៅ​ទាំងឡាយ​ដែល​អ្នក​បានដាក់ និង​ការរីក​ចម្រើន​ដែល​អ្នក​បាន​ដក​ពិសោធ អំឡុង​ការសិក្សា​ព្រះគម្ពីរ​សញ្ញាថ្មី​របស់​អ្នក ។

នៅ​ក្នុង​មេរៀន​នេះ អ្នក​នឹង​មាន​ឱកាស​ដើម្បី​វាយ​តម្លៃ​ការ​សិក្សា​របស់​អ្នក និង​របៀប​ដែល​អ្នក​បាន​អនុវត្ត​គោលការណ៍​ដែល​បាន​បង្រៀន​នៅ​ក្នុង កូរិនថូស ទី១ ៨–១៦ និង កូរិនថូស ទី២ ។ ការវាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​អាច​ជួយអ្នកឲ្យ​វិភាគ​ពី​របៀបដែល​ការសិក្សា​ព្រះគម្ពីរ​គឺ​កំពុងជួយ​អ្នកឲ្យ​កាន់តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ ។

វាយតម្លៃ​គោលដៅ​របស់អ្នក

សូម​ទាយ​ទៅមើល​ថា តើព្រះគម្ពីរប៊ីប ព្រះគម្ពីរមរមន ព្រះគម្ពីរ​គោលលទ្ធិ និងសេចក្តីសញ្ញា និង​ព្រះគម្ពីរ​មុក្តា​ដ៏​មាន​តម្លៃ​មហិមា​រួមបញ្ចូលគ្នា​មាន​ប៉ុន្មាន​ទំព័រ ។

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា ព្រះអម្ចាស់​បាន​ប្រទាន​ដល់​យើង​នូវ​ព្រះគម្ពីរ​ដ៏​ច្រើន​ទំព័រ​បែប​នេះ ?

  • តើ​អ្នក​អាចបង្ហាញ​ការដឹងគុណ​ចំពោះ​ព្រះបន្ទូល​របស់ទ្រង់​យ៉ាង​ដូចម្តេច ?

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុមនៃ​ពួកសាវក​ដប់ពីរនាក់ បាន​ពន្យល់​ពីមូលហេតុ​ដែល​ព្រះអម្ចាស់​បានប្រទាន​ព្រះបន្ទូល​ជាច្រើន​របស់​ទ្រង់​នៅក្នុង​ព្រះគម្ពីរ​ទាំងឡាយ ។ សូម​អាន​សេចក្តី​ថ្លែងការណ៍​ខាងក្រោម ឬមើល​វីដេអូ « The Blessings of Scripture » ( ៣:០៣ ) ដែល​មាននៅ​លើ​គេហទំព័រ ChurchofJesusChrist.org ។

រូបភាព
រូបថត​ផ្លូវការ​​របស់​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ។ បានថត​នៅ​ខែ មីនា ឆ្នាំ ២០២០ ។

សូម​ពិចារណា​អំពី​ទំហំ​នៃ​ពរជ័យ​របស់​យើង​ដែល​មាន … សំណេរ​ដ៏​បរិសុទ្ធ​ជាច្រើន ។ ហើយ​មិនត្រឹមតែ​ប៉ុណ្ណឹង​ទេ ប៉ុន្តែ​បុរស ស្ត្រី និង​កុមារ​គ្រប់រូប​អាចមាន និង​សិក្សា​ច្បាប់ចម្លង​ផ្ទាល់ខ្លួន​នៃ​អត្ថបទ​ដ៏​ពិសិដ្ឋទាំងនេះ ដែល​ភាគច្រើន​ជាភាសា​របស់​ពួកគាត់​ផ្ទាល់ ។ … ប្រាកដ​ណាស់ ជាមួយ​ពរជ័យ​នេះ ព្រះអម្ចាស់​កំពុង​មាន​ព្រះបន្ទូល​ប្រាប់​យើង​ថា សេចក្ដី​ត្រូវការ​របស់​យើង​ដើម្បី​ប្រើ​ព្រះគម្ពីរ​ឲ្យ​បាន​ញឹក​ញាប់​គឺ​ខ្លាំង​ជាង​ជំនាន់​ណាៗ​ទាំងអស់ ។ សូម​ឲ្យ​យើង​ទទួល​ទាន​ជា​បន្តបន្ទាប់​នូវ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ដែល​នឹង​ប្រាប់​យើង​នូវ​រាល់​កិច្ចការ​ដែល​យើង​គួរ​ធ្វើ ( សូមមើល នីហ្វៃទី២ ៣២:៣ ) ។

( ឌី ថត គ្រីស្តូហ្វឺសិន « The Blessing of Scripture » Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៣៥ )

១. សូម​ឆ្លើយ​សំណួរ​មួយ ឬ​ទាំងពីរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​គិតថា​ហេតុអ្វី​យើង​ត្រូវ​ងាក​ទៅរក « ព្រះគម្ពីរ [ នៅ​សព្វថ្ងៃ​នេះ ] ឲ្យ​បាន​ញឹក​ញាប់​គឺ​ខ្លាំង​ជាង​ជំនាន់​ណាៗ​ទាំងអស់ ? »

  • តើ​តម្រូវ​ការ​ផ្ទាល់​ខ្លួន​អ្វី​ខ្លះ​ដែល​បទគម្ពីរ​បំពេញ​ក្នុង​ជីវិត​របស់​អ្នក ឬ​តើ​តម្រូវ​ការ​អ្វី​ខ្លះ​ដែល​បទគម្ពីរ​អាច​បំពេញ​ឲ្យ​អ្នក​បាន ?

សូម​ចំណាយពេល​មួយនាទី​ដើម្បី​គិតពិចារណា​ពី​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​អ្នក ។ សូម​ប្រឹក្សា​ជាមួយ​ព្រះវរបិតាសួគ៌​អំពី​របៀប​ដែល​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​បំពេញ​តាម​តម្រូវការ​របស់​អ្នក ហើយ​តើ​អ្នក​ត្រូវ​ធ្វើ​ការ​កែសម្រួល​ណាមួយ​ដែរ​ឬអត់ ។ ប្រហែលជា​អ្នក​ត្រូវ​សិក្សាព្រះគម្ពីរ​ប្រចាំថ្ងៃ​របស់អ្នក​ឲ្យ​បាន​ជាប់លាប់ ឬ​បង្កើន​ការយល់ដឹង​របស់​អ្នក​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ចេញពី​ការសិក្សា​របស់​អ្នក ។ សូម​សរសេរ​ការកែតម្រូវ​ណាមួយ​ដែល​អ្នក​មានអារម្មណ៍​ថា​អ្នកគួរតែ​ធ្វើ ។ សូម​ពិចារណា​សូម​ជំនួយ​ពី​ក្រុមគ្រួសារ​របស់អ្នក គ្រូបង្រៀន​ថ្នាក់សិក្ខាសាលា​របស់អ្នក ឬ​ថ្នាក់​ដឹកនាំសាសនាចក្រ ឲ្យ​ជួយ​អ្នក​ជាមួយ​នឹង​គោលដៅ​សិក្សា​ព្រះគម្ពីរ​របស់អ្នក ។

ពឹងផ្អែក​លើ​ព្រះអង្គសង្គ្រោះ ហើយ​ស្វែងរក​ជំនួយ​របស់ទ្រង់

រូបភាព
ព្រះយេស៊ូវ​អភ័យទោស និង​ព្យាបាល​ដល់​បុរស​ម្នាក់ ។

នៅពេល​ប៉ុល​បាន​សរសេរ​ទៅ​ពួកបរិសុទ្ធ​នៅ​ក្រុង​កូរិនថូស លោក​បាន​ផ្តោត​លើ​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ​ប្រទានពរ និង​ជួយ​ដល់​យើង ។ ឧទាហរណ៍​មួយចំនួន​រួមមាន ការជួយយើងឲ្យ​រួចផុតពីការល្បួង ( សូមមើល កូរិនថូស ទី១ ១០:១៣ ) ការជួយ​យើង​ឲ្យ​អភិវឌ្ឍ​សេចក្ដីសប្បុរស ( សូមមើល កូរិនថូស ទី១ ១៣ ) ការប្រោស​យើង​ឲ្យ​រួច​ពី​សេចក្តីស្លាប់​តាមរយៈ​ការ​មាន​ព្រះជន្ម​រស់​ឡើងវិញ ( សូមមើល កូរិនថូស ទី១ ១៥ ) ការអញ្ជើញ​យើង​ឲ្យ​បាន​ជា​មេត្រី​នឹងទ្រង់ ( សូមមើល កូរិនថូស ទី២ ៥:១៦–២១; ៧:១–១០ ) និង​ការពង្រឹង​យើង​ឲ្យ​ស៊ូទ្រាំ​នឹង​ឧបសគ្គ​ដោយ​ស្មោះត្រង់ ( សូមមើល កូរិនថូស ទី២ ១១១២ ) ។

សូម​ចំណាយពេល​បន្តិច ដើម្បី​មើល​វគ្គបទគម្ពីរ​ដែល​អ្នក​បាន​គូស​សម្គាល់ ឬ​កំណត់​ចំណាំ​ដែល​អ្នកបាន​កត់ត្រា​ទុកនៅក្នុង កូរិនថូស ទី១ ៨–១៦ និង កូរិនថូស ទី២ ដែល​បាន​ជួយអ្នក​ឲ្យ​រៀន​អំពី​ព្រះអង្គសង្គ្រោះ ឬ​ពឹងផ្អែកទៅ​លើ​ទ្រង់ ។

សូម​រៀបចំ​សារលិខិត​រយៈពេល ៣ ទៅ ៥ នាទី​អំពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​ជួយអ្នក ។ សូម​បញ្ចូល​អ្វី​ដូច​ខាងក្រោម​នេះ ៖

  • វគ្គបទគម្ពីរ​មួយ ឬ​ច្រើន​ចេញពី កូរិនថូស ទី១ ៨–១៦កូរិនថូស ទី២ ដែល​មានន័យ​ចំពោះ​អ្នក

  • ការពន្យល់​អំពី​អ្វី​ដែលវគ្គ​បទគម្ពីរ​ទាំងនោះ​បង្រៀន​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​ជួយ និង​ពង្រឹងអ្នក

  • បទពិសោធន៍​ពី​ជីវិត​របស់អ្នក ឬ​គំរូ​មួយ​នៅក្នុង​បទគម្ពីរ​ដែលព្រះយេស៊ូវ​គ្រីស្ទ​បាន​ជួយ​តាម​របៀប​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​បទគម្ពីរ​ទាំងនោះ

  • របៀប​ដែល​អ្នក​អាចអញ្ជើញ​អ្នកដទៃ​ឲ្យ​ទទួល​ជំនួយ និង​កម្លាំង​របស់​ព្រះអង្គ​សង្គ្រោះ

២. សូម​សរសេរ​សារលិខិត​របស់អ្នក​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ។ សូម​រកមើល​ឱកាស​មួយ​ដើម្បី​ចែកចាយ​សារលិខិត​របស់អ្នក​ជាមួយ​គ្រួសារ​របស់អ្នក ជាមួយ​ថ្នាក់សិក្ខាសាលា​របស់អ្នក ឬ​នៅក្នុង​ថ្នាក់​នៅឯ​ព្រះវិហារ ។

កិច្ចការ​ពង្សប្រវត្តិ និង​ព្រះវិហារ​បរិសុទ្ធ និង​ការមាន​ព្រះជន្ម​រស់ឡើងវិញ

សូម​ជ្រើសរើស​សកម្មភាព ក ឬ ខ ។

រូបភាព
ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ

សកម្មភាព ក ៖ ការចូលរួម​នៅក្នុង​កិច្ចការ​ពង្សប្រវត្តិ និង​ព្រះវិហារ​បរិសុទ្ធ

ពីមុន អ្នក​ប្រហែល​ជា​បាន​សិក្សា កូរិនថូស ទី១ ១៥:២៩ រួច​មកហើយ ។ សូម​គិត​អំពី​របៀប​ដែល​ការមាន​ព្រះ​ជន្ម​រស់​ឡើងវិញ​របស់​ព្រះអង្គ​សង្គ្រោះ​មាន​ឥទ្ធិពល​លើ​បុព្វការីជន​របស់​អ្នក ។ សូម​មើល​វីដេអូ​នេះនៅ​ពេល​អ្នក​គិតពិចារណា ។

នៅពេល​អ្នក​សិក្សា កូរិនថូស ទី១ ១៥:២៩ អ្នក​ប្រហែល​ជា​បាន​បង្កើត​ផែនការ​មួយ​ដើម្បី​ចូលរួម​ក្នុង​កិច្ចការ​ពង្សប្រវត្តិ និង​ព្រះវិហារ​បរិសុទ្ធ ។ ប្រសិនបើ​អ្នកបានបង្កើត​ផែនការ​នោះ សូម​ចំណាយពេល​បន្តិច​ដើម្បី​ពិនិត្យមើល​ផែនការ​របស់អ្នក ហើយ​គិតពិចារណា​ពី​សកម្មភាព​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​អនុវត្ត​តាម​ផែនការ​នោះ ។ ប្រសិនបើ​អ្នក​មិន​បាន​បង្កើត​ទេ សូម​ពិចារណា​រៀបចំ​ផែនការ​មួយ​ឥឡូវនេះ​អំពី​របៀប​ដែល​អ្នក​អាច​ជួយ​បុព្វការីជន​របស់​អ្នក​ឲ្យ​ទទួល​បាន​ពរជ័យ​ទាំងអស់​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

៣. ប្រសិនបើ​អ្នកជ្រើសរើស​ជម្រើស​នេះ សូម​ធ្វើ​ដូច​ខាងក្រោម​នៅក្នុង​សៀវភៅសិក្សា​របស់អ្នក ៖

សូម​រាយការណ៍​អំពី​ផែនការ​របស់អ្នក ។

ប្រសិនបើ​អ្នក​បានធ្វើ​ផែនការ​រួចហើយ សូម​ចែកចាយ​នូវ​អ្វី​ដែល​បាន​ដំណើរការ​ល្អ និង​ឧបសគ្គ​អ្វីដែល​អ្នក​បាន​ជួប​ប្រទះ ។ តើ​មាន​ការ​កែ​តម្រូវ​ណា​មួយ​ដែល​អ្នក​មាន​អារម្មណ៍​ថា ព្រះវរបិតាសួគ៌​ចង់​ឲ្យ​អ្នក​ធ្វើ​ដែរ​ឬ​ទេ ? តើ​ការកែ​តម្រូវ​ទាំងនោះ​នឹង​ជួយ​ដល់​អ្នក​យ៉ាង​ដូចម្ដេច ?

ប្រសិនបើ​អ្នក​មិនបាន​បង្កើត​ផែនការ​ទេ សូម​ចែកចាយ​អ្វី​ដែល​អ្នក​ចង់​ធ្វើ និង​មូលហេតុ ។ តើ​អ្នក​គិតថា​ផែនការ​របស់អ្នក​នឹង​មាន​ឥទ្ធិពល​លើ​អ្នក និង​អ្នកដទៃ​យ៉ាងដូចម្តេច នៅពេល​អ្នក​អនុវត្ត​តាម​វា ?

សូម​ឆ្លើយ​សំណួរ​មួយ​ខាង​ក្រោម​នេះ ៖

  • តើ​ការ​ចូល​រួម​របស់​អ្នក​នៅ​ក្នុងកិច្ច​ការ​ពង្សប្រវត្តិ និង​ព្រះវិហារ​បរិសុទ្ធ​បង្ហាញ​ពី​ក្ដី​សង្ឃឹម​របស់​អ្នក​ចំពោះ​ការមាន​ព្រះជន្ម​រស់ឡើង​វិញ​យ៉ាង​ណា​ដែរ ?

  • តើ​ការ​ចូលរួម​របស់​អ្នក​នៅ​ក្នុង​កិច្ចការ​ពង្សប្រវត្តិ និង​ព្រះវិហារ​បរិសុទ្ធ​បាន​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ស្និទ្ធស្នាល​ជាមួយ​នឹង​ព្រះវរបិតា​សួគ៌ ហើយ​ក្លាយ​កាន់តែ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ?

សកម្មភាព ខ ៖ ពន្យល់​ពី​គោលលទ្ធិ​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ

៣. ប្រសិនបើ​អ្នក​រើស​យក​ជម្រើស​នេះ សូម​ឆ្លើយ​សំណួរ​ពីរក្នុង​ចំណោម​សំណួរ​ទាំងឡាយ​ខាងក្រោម​នេះនៅ​ក្នុង​សៀវភៅកំណត់​ហេតុការសិក្សា​របស់អ្នក ៖

  • ហេតុអ្វី​បាន​ជា​ការ​មានព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះអង្គ​សង្គ្រោះ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ដង្វាយធួន​របស់​ទ្រង់ ?

  • តើ​អ្នក​បានសិក្សា​អ្វីខ្លះ​នៅក្នុង កូរិនថូស ទី១ ៨–១៦កូរិនថូស ទី២ អំពីការ​មាន​ព្រះជន្ម​រស់ឡើងវិញ​ដែល​បាន​ជួយ​ដល់​អ្នក ?

  • តើ​ជម្រើស​អ្វី​ខ្លះ​ដែល​អ្នក​គិត​ថា​នឹង​ខុស​គ្នា​ក្នុង​ជីវិត​របស់​យើង ប្រសិនបើ​យើង​មិន​ជឿ​លើ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ដ៏​ពិត​ទេ​នោះ ?

  • ហេតុអ្វី​បាន​ជា​អ្នក​មាន​អំណរគុណ​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រទាន​ដល់​យើង​នូវ​អំណាច​លើ​សេចក្ដីស្លាប់ ? តើ​អ្នក​អាច​បង្ហាញ​ការដឹងគុណ​នោះ​យ៉ាង​ដូចម្ដេច ?